ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ!
«ពួកស្ងួនភ្ងាអើយ! ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ! . . . ឲ្យបានជីវិតអស់កល្បជានិច្ចវិញ»។—យូដាស ២០
១, ២. តើអ្នកអាចរក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបានយ៉ាងណា?
ព្រះយេហូវ៉ាស្រឡាញ់មនុស្សលោកដល់ម្ល៉េះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះអាចមានជីវិតជារៀងរហូត។ (យ៉ូហាន ៣:១៦) គឺអស្ចារ្យណាស់ដែលព្រះយេហូវ៉ាស្រឡាញ់យើងដូច្នេះ! បើអ្នកជាអ្នកបម្រើព្រះយេហូវ៉ា អ្នកច្បាស់ជាចង់ទទួលសេចក្ដីស្រឡាញ់នោះជារៀងរហូត។
២ លោកយូដាសបានពន្យល់អំពីរបៀបអ្នកអាចស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបាន។ គាត់សរសេរថា៖ «ចូររក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះចុះ! ព្រមទាំងរង់ចាំសេចក្ដីមេត្ដាករុណារបស់ព្រះយេស៊ូវគ្រីស្ទជាព្រះអម្ចាស់នៃយើងឲ្យបានជីវិតអស់កល្បជានិច្ចវិញ ដោយស្អាងចិត្តឡើងក្នុងសេចក្ដីជំនឿដ៏បរិសុទ្ធបំផុតរបស់អ្នករាល់គ្នា ហើយទាំងអធិស្ឋានដោយនូវព្រះវិញ្ញាណបរិសុទ្ធផង»។ (យូដាស ២០, ២១) ការសិក្សាព្រះបន្ទូលរបស់ព្រះនិងការផ្សព្វផ្សាយដំណឹងល្អអាចជួយអ្នកស្អាងឬពង្រឹងកម្លាំងចិត្តទៅលើ«ជំនឿដ៏បរិសុទ្ធបំផុត» ដែលជាសេចក្ដីបង្រៀនរបស់ពួកគ្រិស្តសាសនិក។ បើអ្នកចង់រក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា អ្នកត្រូវអធិស្ឋាន«ដោយនូវព្រះវិញ្ញាណបរិសុទ្ធ» គឺក្រោមអំណាចនៃវិញ្ញាណនោះ។ ហើយបើអ្នកចង់បានជីវិតអស់កល្បជានិច្ចឬជីវិតជារៀងរហូត អ្នកក៏ត្រូវបង្ហាញពីជំនឿរបស់ខ្លួនទៅលើយញ្ញបូជាលោះរបស់ព្រះយេស៊ូគ្រិស្ត។—យ៉ូហានទី១ ៤:១០
៣. ហេតុអ្វីបានជាបងប្អូនខ្លះលែងធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាទៀត?
៣ បងប្អូនខ្លះធ្លាប់មានជំនឿប៉ុន្មានឆ្នាំហើយ តែមិនបានរក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាទេ។ ដោយសារពួកគេបានជ្រើសរើសយកការប្រព្រឹត្តអំពើបាប នោះពួកគេក៏លែងធ្វើជាស្មរបន្ទាល់ព្រះយេហូវ៉ាទៀត។ តើអ្នកអាចជៀសវាងទង្វើនោះបានយ៉ាងណា? ការរំពឹងគិតអំពីចំណុចផ្សេងៗដូចតទៅនេះអាចជួយអ្នកជៀសវាងពីការធ្វើអំពើបាប ហើយជួយអ្នករក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបាន។
ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះ
៤. តើការស្ដាប់បង្គាប់ព្រះគឺសំខាន់ប៉ុណ្ណា?
៤ ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាដោយស្ដាប់បង្គាប់ទ្រង់។ (ម៉ាថាយ ២២:៣៧) សាវ័កយ៉ូហានបានសរសេរថា៖ «នេះហើយជាសេចក្ដីស្រឡាញ់ដល់ព្រះ គឺឲ្យយើងកាន់តាមអស់ទាំងបញ្ញត្តរបស់ទ្រង់ ឯបញ្ញត្តទ្រង់នោះមិនមែនជាបន្ទុកដ៏ធ្ងន់ទេ»។ (យ៉ូហានទី១ ៥:៣) បើអ្នកមានទម្លាប់ស្ដាប់បង្គាប់ព្រះយេហូវ៉ា នេះអាចពង្រឹងកម្លាំងចិត្តអ្នកឲ្យបដិសេធនឹងសេចក្ដីល្បួង ហើយនេះនឹងនាំឲ្យមានអំណរផង។ អ្នកតែងបទទំនុកដំកើងមានប្រសាសន៍ថា៖ «មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មានរបស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប . . . អ្នកនោះត្រេកអរតែនឹងក្រិត្យវិន័យរបស់ព្រះយេហូវ៉ាវិញ»។—ទំនុកដំកើង ១:១, ២
៥. តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានឹងជំរុញចិត្តអ្នកឲ្យប្រព្រឹត្តយ៉ាងណា?
៥ សេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានឹងជំរុញចិត្តអ្នកឲ្យជៀសវាងពីការធ្វើអំពើបាបធ្ងន់ធ្ងរដែលនាំឲ្យព្រះអបយស។ លោកអេគើរបានអធិស្ឋានថា៖ «សូមកុំឲ្យទូលបង្គំមានសេចក្ដីទាល់ក្រឬជាអ្នកមានដែរ សូមគ្រាន់តែចិញ្ចឹមទូលបង្គំដោយអាហារដែលត្រូវការប៉ុណ្ណោះ ក្រែងទូលបង្គំបានឆ្អែតហើយបោះបង់ចោលទ្រង់ដោយពាក្យថា៖ ‹ព្រះយេហូវ៉ាជាអ្នកណាហ្ន៎?› ឬក្រែងទូលបង្គំមានសេចក្ដីទាល់ក្រហើយទៅជាលួចគេ ព្រមទាំងប្រើព្រះនាមនៃព្រះជាទីមើលងាយផង»។ (សុភាសិត ៣០:១, ៨, ៩) ចូរតាំងចិត្តជៀសវាងទង្វើណាក៏ដោយដែលអាចនាំឲ្យមនុស្ស‹មើលងាយព្រះនាមនៃព្រះ›។ ផ្ទុយទៅវិញ ចូរខំព្យាយាមធ្វើអ្វីត្រឹមត្រូវដែលសរសើរទ្រង់។—ទំនុកដំកើង ៨៦:១២
៦. បើបងប្អូនណាចាប់ផ្ដើមធ្វើអំពើបាបដោយចេតនា តើអាចមានលទ្ធផលអ្វី?
៦ ចូរអធិស្ឋានជារឿយៗទូលព្រះវរបិតានៅស្ថានសួគ៌ដែលប្រកបទៅដោយសេចក្ដីស្រឡាញ់ ហើយសូមទ្រង់ជួយអ្នកទប់ទល់នឹងអ្វីដែលល្បួងឲ្យធ្វើអំពើបាប។ (ម៉ាថាយ ៦:១៣; រ៉ូម ១២:១២) ចូរធ្វើតាមដំបូន្មានរបស់ព្រះយេហូវ៉ាជានិច្ច ដើម្បីកុំឲ្យមានអ្វីបង្អាក់ដល់សេចក្ដីអធិស្ឋានរបស់អ្នក។ (ពេត្រុសទី១ ៣:៧) បើអ្នកចាប់ផ្ដើមធ្វើអំពើបាបដោយចេតនា នោះនឹងមានលទ្ធផលខ្លោចផ្សា ពីព្រោះព្រះយេហូវ៉ាអាចធ្វើហាក់ដូចជាគ្រលុំឬបាំងអង្គទ្រង់ដោយពពក ដើម្បីកុំឲ្យសេចក្ដីអធិស្ឋានរបស់មនុស្សបះបោរចូលទៅដល់ទ្រង់ឡើយ។ (បរិទេវ ៣:៤២-៤៤) ដូច្នេះ ចូរមានចិត្តរាបទាបហើយអធិស្ឋានសូមកុំឲ្យមានអ្វីរារាំងការអធិស្ឋានរបស់អ្នកទូលថ្វាយព្រះ។—កូរិនថូសទី២ ១៣:៧
ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះបុត្រារបស់ព្រះ
៧, ៨. តើការធ្វើតាមឱវាទរបស់ព្រះយេស៊ូអាចជួយយើងបដិសេធនឹងអំពើបាបបានយ៉ាងណា?
៧ ចូរបង្ហាញសេចក្ដីស្រឡាញ់ចំពោះព្រះយេស៊ូគ្រិស្តដោយធ្វើតាមបង្គាប់ទ្រង់ ដ្បិតនេះអាចជួយអ្នកបដិសេធនឹងអំពើបាប។ ព្រះយេស៊ូមានបន្ទូលថា៖ «បើអ្នករាល់គ្នាកាន់តាមបញ្ញត្តខ្ញុំ នោះនឹងនៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ខ្ញុំ ដូចជាខ្ញុំបានកាន់តាមបញ្ញត្តនៃព្រះវរបិតាខ្ញុំ ហើយក៏នៅជាប់ក្នុងសេចក្ដីស្រឡាញ់របស់ទ្រង់ដែរ»។ (យ៉ូហាន ១៥:១០) តើការធ្វើតាមបន្ទូលរបស់ព្រះយេស៊ូអាចជួយអ្នកស្ថិតនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបានយ៉ាងណា?
៨ ការយកចិត្តទុកដាក់ចំពោះបន្ទូលរបស់ព្រះយេស៊ូអាចជួយអ្នកធ្វើតាមគោលការណ៍សីលធម៌។ ក្រឹត្យវិន័យដែលព្រះយេហូវ៉ាឲ្យដល់ពួកអ៊ីស្រាអែលបានបង្គាប់ថា៖ «កុំឲ្យផិតគ្នាឲ្យសោះ»។ (និក្ខមនំ ២០:១៤) ប៉ុន្តែ ព្រះយេស៊ូបានសំដៅទៅលើគោលការណ៍សំខាន់របស់ច្បាប់នោះថា៖ «សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រីហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថាបានប្រព្រឹត្តសេចក្ដីកំផិតនឹងនាងនោះនៅក្នុងចិត្តខ្លួនហើយ»។ (ម៉ាថាយ ៥:២៧, ២៨) សាវ័កពេត្រុសប្រាប់ថា បងប្អូនខ្លះក្នុងក្រុមជំនុំនៅសតវត្សរ៍ទីមួយនោះ ចេះតែ«នឹកឃើញតែស្រីសំផឹង»ឬ«គិតតែពីរំពៃមើលស្រីៗដោយចិត្តស្រើបស្រាល»។ គាត់មានប្រសាសន៍ទៀតថា អ្នកទាំងនោះបាន«បិទនុយចាប់ព្រលឹងមនុស្សដែលមិនខ្ជាប់ខ្ជួន»ឬ«ទាក់ទាញចិត្តអស់អ្នកដែលមានជំនឿទន់ខ្សោយ»។ (ពេត្រុសទី២ ២:១៤; ខ.ស.) ប៉ុន្តែ បើអ្នកស្រឡាញ់ព្រះយេហូវ៉ានិងព្រះគ្រិស្ត ទាំងតាំងចិត្តរក្សាឲ្យមានចំណងមិត្តភាពល្អជាមួយនឹងទ្រង់ នោះអ្នកអាចជៀសវាងអំពើបាបដែលខុសពីសីលធម៌ ហើយមិនធ្វើដូចពួកអ្នកទាំងនោះដែលនៅសតវត្សរ៍ទីមួយឡើយ។
ចូរឲ្យវិញ្ញាណរបស់ព្រះយេហូវ៉ាដឹកនាំអ្នក
៩. បើបងប្អូនណាចេះតែធ្វើអំពើបាបដោយចេតនា តើអាចមានលទ្ធផលអ្វីស្តីអំពីវិញ្ញាណបរិសុទ្ធ?
៩ ចូរអធិស្ឋានសូមវិញ្ញាណបរិសុទ្ធរបស់ព្រះ ហើយអនុញ្ញាតឲ្យវិញ្ញាណនោះដឹកនាំអ្នក។ (លូកា ១១:១៣; កាឡាទី ៥:១៩-២៥) បើអ្នកចេះតែធ្វើអំពើបាបម្ដងហើយម្ដងទៀតដោយចេតនា នោះព្រះយេហូវ៉ាប្រហែលជានឹងដកវិញ្ញាណទ្រង់ចេញពីអ្នក។ ក្រោយស្តេចដាវីឌបានធ្វើអំពើបាបជាមួយនាងបាតសេបា ទ្រង់បានអង្វរព្រះយេហូវ៉ាថា៖ «សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីទូលបង្គំឡើយ»។ (ទំនុកដំកើង ៥១:១១) រីឯស្តេចសូលវិញ ទ្រង់លែងមានវិញ្ញាណរបស់ព្រះយេហូវ៉ាទៀតពីព្រោះទ្រង់បានធ្វើអំពើបាបដោយឥតប្រែចិត្ត។ សូលបានធ្វើបាបដោយថ្វាយតង្វាយដុត ព្រមទាំងមិនប្រហារជីវិតស្តេចសាសន៍អាម៉ាលេក ហើយមិនបានបំផ្លាញអស់ទាំងហ្វូងចៀមហ្វូងគោផង។ ក្រោយមក ព្រះយេហូវ៉ាបានដកយកវិញ្ញាណបរិសុទ្ធរបស់ទ្រង់ចេញពីសូល។—សាំយូអែលទី១ ១៣:១-១៤; ១៥:១-៣៥; ១៦:១៤-២៣
១០. ហេតុអ្វីយើងមិនគួរគិតសោះថាចង់ធ្វើអំពើបាបម្ដងហើយម្ដងទៀតដោយចេតនា?
១០ សូម្បីតែការគិតចង់ធ្វើអំពើបាបម្ដងហើយម្ដងទៀត នោះកុំគិតឲ្យសោះ! សាវ័កប៉ុលបានសរសេរថា៖ «ក្រោយដែលយើងបានទទួលស្គាល់សេចក្ដីពិតហើយ បើយើងធ្វើបាបស្ម័គ្រពីចិត្តទៀត នោះគ្មានយញ្ញបូជាណាសំរាប់នឹងលោះបាបទៀតទេ»។ (ហេព្រើរ ១០:២៦-៣១) គួរឲ្យស្ដាយណាស់ បើបងប្អូនណាធ្វើអំពើបាបម្ដងហើយម្ដងទៀតដោយចេតនា!
ចូរបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះចំពោះអ្នកដទៃ
១១, ១២. តើសេចក្ដីស្រឡាញ់និងការឲ្យតម្លៃចំពោះភាពពិសិដ្ឋនៃចំណងអាពាហ៍ពិពាហ៍អាចជួយបង្ការកុំឲ្យធ្វើអ្វីដែលខុសពីសីលធម៌យ៉ាងដូចម្ដេច?
១១ ការស្រឡាញ់អ្នកដទៃនឹងជួយបង្ការកុំឲ្យអ្នកចង់ធ្វើអ្វីដែលខុសពីសីលធម៌។ (ម៉ាថាយ ២២:៣៩) សេចក្ដីស្រឡាញ់បែបនេះនឹងជំរុញអ្នកឲ្យប្រុងប្រយ័ត្នកុំមានចិត្តចង់ធ្វើអ្វីដែលនាំឲ្យស្វាមីឬភរិយារបស់អ្នកដទៃស្រឡាញ់អ្នក។ បើធ្វើដូច្នេះ នេះអាចនាំឲ្យអ្នកប្រព្រឹត្តអំពើបាបជាការផិត។ (សុភាសិត ៤:២៣; យេរេមា ៤:១៤; ១៧:៩, ១០) ចូរធ្វើដូចលោកយ៉ូបដែលជាមនុស្សទៀងត្រង់ ដ្បិតក្រៅពីភរិយាគាត់ គាត់មិនព្រមមើលស្ត្រីណាទៀតដោយចាប់ចិត្តទេ។—យ៉ូប ៣១:១
១២ ការឲ្យតម្លៃចំពោះភាពពិសិដ្ឋនៃចំណងអាពាហ៍ពិពាហ៍អាចជួយអ្នកជៀសវាងពីអំពើបាបធ្ងន់ធ្ងរ។ ព្រះយេហូវ៉ាមានបំណងឲ្យចំណងអាពាហ៍ពិពាហ៍និងការរួមដំណេកមានភាពថ្លៃថ្នូរ ហើយជាវិធីបន្តពូជ។ (លោកុប្បត្តិ ១:២៦-២៨) ចូរចាំថា ប្រដាប់បន្តពូជគឺទាក់ទងនឹងជីវិតដែលជាអ្វីពិសិដ្ឋ។ មនុស្សកំផិតនិងអ្នកដែលធ្វើអំពើអសីលធម៌ជាមនុស្សដែលមិនស្ដាប់បង្គាប់ព្រះ ហើយគេធ្វើឲ្យការរួមភេទក្លាយជាអ្វីថោកទាប ទាំងមិនបង្ហាញការគោរពចំពោះភាពពិសិដ្ឋនៃចំណងអាពាហ៍ពិពាហ៍ ហើយក៏ធ្វើបាបដល់រូបកាយខ្លួនផង។ (កូរិនថូសទី១ ៦:១៨) ប៉ុន្តែ បើមនុស្សស្រឡាញ់ព្រះយេហូវ៉ានិងអ្នកជិតខាង ព្រមទាំងមានចិត្តចង់ស្ដាប់បង្គាប់ព្រះ នេះនឹងជួយគាត់ទប់ចិត្តកុំធ្វើអ្វីដែលអាចនាំឲ្យក្រុមជំនុំបណ្ដាច់មិត្តភាពជាមួយគាត់។
១៣. តើមនុស្សគ្មានសីលធម៌«ស៊ីបង្ហិនទ្រព្យសម្បត្ដិ»យ៉ាងដូចម្ដេច?
១៣ បើយើងមិនចង់បង្កហេតុឲ្យពួកសម្លាញ់មានការឈឺចាប់ យើងត្រូវតែទប់ចិត្តកុំឲ្យមានគំនិតគិតចង់ធ្វើអំពើបាប។ សុភាសិត ២៩:៣ ចែងថា៖ «អ្នកណាដែលគប់រកស្រីសំផឹង នោះស៊ីបង្ហិនទ្រព្យសម្បត្ដិគាត់វិញ»។ មនុស្សដែលប្រព្រឹត្តអំពើកំផិតដោយឥតប្រែចិត្តនឹងស៊ីបង្ហិនចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា ហើយក៏បង្ខូចចំណងអាពាហ៍ពិពាហ៍ផងដែរ។ ភរិយាមានសិទ្ធិលែងលះស្វាមីដែលជាអ្នកកំផិត។ (ម៉ាថាយ ១៩:៩) មិនថាជាស្វាមីឬភរិយាក្ដីដែលបានប្រព្រឹត្តអំពើកំផិតនោះ ការបែកបាក់គ្រួសារអាចធ្វើឲ្យគូដែលគ្មានកំហុស ព្រមទាំងកូននិងអ្នកឯទៀតមានការឈឺចាប់ខ្លាំងណាស់។ ការដឹងថាអំពើអសីលធម៌នាំឲ្យមានការហិនហោចដល់ម្ល៉េះ គួរជំរុញយើងឲ្យចង់ទប់ចិត្តទាំងស្រុងពីទង្វើបែបនោះ មែនទេ?
១៤. តើសុភាសិត ៦:៣០-៣៥ មានមេរៀនអ្វីស្តីអំពីការធ្វើអំពើបាប?
១៤ ដោយសារគ្មានវិធីសោះឲ្យអ្នកកំផិតសងជំងឺចិត្តនោះ នេះគួរជំរុញយើងឲ្យជៀសឆ្ងាយពីអំពើនេះដែលបង្ហាញថា អ្នកប្រព្រឹត្តមានភាពអាត្មានិយមខ្លាំងណាស់។ សុភាសិត ៦:៣០-៣៥បង្ហាញថា មនុស្សប្រហែលជាត្រាប្រណីចំពោះចោរដែលលួចដោយសារស្រេកឃ្លាន តែមនុស្សនឹងស្អប់អ្នកណាដែលលួចប្រពន្ធគេឬធ្វើអំពើកំផិតដោយព្រោះមានបំណងចិត្តអាក្រក់។ អ្នកកំផិតមាន«ឈ្មោះថា ចង់បំផ្លាញជីវិតខ្លួនហើយ»។ បើធ្វើតាមក្រឹត្យវិន័យម៉ូសេវិញ គេនឹងសម្លាប់អ្នកកំផិតចោល។ (លេវីវិន័យ ២០:១០) មនុស្សកំផិតធ្វើឲ្យអ្នកដទៃមានការឈឺចាប់ដោយព្រោះតែចង់បំពេញតណ្ហារបស់ខ្លួន ហើយអ្នកកំផិតដែលឥតប្រែចិត្តវិញ នោះមិនអាចរក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះបានទេ តែត្រូវបណ្ដេញចេញពីក្រុមជំនុំស្អាតស្អំនៃពួកគ្រិស្តសាសនិកវិញ។
ចូររក្សាឲ្យមានមនសិការជ្រះថ្លា
១៥. បើមនសិការយើង«រលាក»នោះ តើនឹងទៅជាយ៉ាងណា?
១៥ បើយើងចង់រក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះ យើងមិនគួរអនុញ្ញាតឲ្យមនសិការយើងទៅជាស៊ាំនឹងអំពើខុសទំនងដែលលែងធ្វើទុក្ខដល់យើងពេលធ្វើអំពើបាប។ គឺច្បាស់ហើយ យើងមិនគួរយល់ព្រមនឹងទស្សនៈរបស់លោកិយនេះចំពោះអំពើអសីលធម៌នោះទេ ហើយក៏ត្រូវប្រយ័ត្នពេលសម្រេចចិត្តអំពីអ្នកណាដែលយើងសេពគប់ជាមួយ អ្វីដែលយើងអាន ហើយក្នុងការជ្រើសរើសការកម្សាន្តផងដែរ។ ប៉ុលបានព្រមានថា៖ «នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្ដីជំនឿដោយស្ដាប់តាមវិញ្ញាណបញ្ឆោតនឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស ដោយសារពុតមាយារបស់ពួកអ្នកដែលពោលតែពាក្យកុហកទាំងមានបញ្ញាចិត្តរលាក»។ (ធីម៉ូថេទី១ ៤:១, ២) ក្រោយពីមានស្នាមដោយសាររលាកស្បែក ពេលយើងប៉ះវានោះមិនឈឺឬមានអារម្មណ៍អ្វីឡើយ។ ដូចគ្នាដែរ បើមាន«បញ្ញាចិត្តរលាក» នោះមនសិការនឹងលែងធ្វើទុក្ខដល់ខ្លួនទៀត ហើយមិនព្រមានយើងឲ្យជៀសចេញពីអ្នកក្បត់ជំនឿឬស្ថានភាពណាទៀតដែលអាចនាំឲ្យយើងលះបង់ជំនឿ។
១៦. ហេតុអ្វីក៏សំខាន់ម្ល៉េះឲ្យយើងមានមនសិការជ្រះថ្លា?
១៦ យើងត្រូវមានបញ្ញាចិត្តឬមនសិការជ្រះថ្លាទើបអាចទទួលសេចក្ដីសង្គ្រោះបាន។ (ពេត្រុសទី១ ៣:២១) ដោយសារយើងមានជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូដែលទ្រង់បង្ហូរចេញនោះ នេះបានសម្អាតមនសិការយើងពីអស់ទាំងការស្លាប់ឬការឥតប្រយោជន៍ «ដើម្បីឲ្យ[យើង]បំរើព្រះដ៏មានព្រះជន្មរស់»។ (ហេព្រើរ ៩:១៣, ១៤) បើយើងធ្វើអំពើបាបដោយចេតនា មនសិការរបស់យើងនឹងទៅជាស្មោកគ្រោក ហើយយើងលែងមានសិទ្ធិធ្វើកិច្ចបម្រើព្រះទៀត ពីព្រោះយើងមិនស្អាតស្អំហើយ។ (ទីតុស ១:១៥) ប៉ុន្តែ យើងអាចមានមនសិការជ្រះថ្លាបាន ដោយទទួលជំនួយពីព្រះយេហូវ៉ា។
វិធីបង្ការផ្សេងៗពីការប្រព្រឹត្តអាក្រក់
១៧. តើការ«ប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក»មានប្រយោជន៍អ្វី?
១៧ ចូរ«ប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូក» ដូចលោកកាលែបពីសាសន៍អ៊ីស្រាអែលសម័យបុរាណ។ (ចោទិយកថា ១:៣៤-៣៦) ចូរធ្វើតាមអ្វីដែលព្រះយេហូវ៉ាតម្រូវពីអ្នក ហើយកុំគិតឲ្យសោះពីការបរិភោគនៅ«តុរបស់អារក្ស»។ (កូរិនថូសទី១ ១០:២១) ចូរបដិសេធទាំងស្រុងនូវអ្វីៗដែលទាក់ទងនឹងពួកអ្នកក្បត់ជំនឿ។ បើអ្នកទទួលអាហារខាងវិញ្ញាណដោយចិត្តកតញ្ញូពីតុរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ អ្នកនឹងមិនចាញ់បញ្ឆោតគ្រូក្លែងក្លាយនិងពួកវិញ្ញាណអាក្រក់ទេ។ (អេភេសូរ ៦:១២; យូដាស ៣, ៤) ចូរផ្ដោតអារម្មណ៍លើអ្វីៗដែលទាក់ទងនឹងជំនឿរបស់ខ្លួន ដូចជាការសិក្សាព្រះគម្ពីរ ការចូលរួមកិច្ចប្រជុំនិងកិច្ចការផ្សព្វផ្សាយជាដើម។ អ្នកច្បាស់ជានឹងមានសុភមង្គលមែន បើអ្នកប្រព្រឹត្តតាមព្រះយេហូវ៉ាគ្រប់ជំពូកហើយខំប្រឹងធ្វើការព្រះអម្ចាស់ផង។—កូរិនថូសទី១ ១៥:៥៨
១៨. តើការកោតខ្លាចព្រះនឹងមានឥទ្ធិពលយ៉ាងណាលើការប្រព្រឹត្តរបស់អ្នក?
១៨ ចូរតាំងចិត្ត«បំរើព្រះបែបឲ្យទ្រង់សព្វព្រះហឫទ័យ ទាំងមានចិត្តគោរពប្រតិបត្ដិហើយកោតខ្លាចដល់ទ្រង់»។ (ហេព្រើរ ១២:២៨) ការកោតខ្លាចព្រះយេហូវ៉ានឹងជំរុញអ្នកឲ្យបដិសេធនឹងការប្រព្រឹត្តណាដែលទ្រង់មិនសព្វព្រះហឫទ័យ។ ការកោតខ្លាចទ្រង់នឹងជួយអ្នកប្រព្រឹត្តស្របទៅតាមឱវាទរបស់ពេត្រុសដែលជូនចំពោះបងប្អូនអ្នកចាក់ប្រេងតាំងរបស់គាត់ថា៖ «បើសិនជាអ្នករាល់គ្នាអំពាវនាវដល់ទ្រង់ ទុកដូចជាព្រះវរបិតាដែលទ្រង់ជំនុំជំរះតាមការដែលគេប្រព្រឹត្តរៀងខ្លួន ឥតរើសមុខអ្នកណា នោះត្រូវតែប្រព្រឹត្តដោយកោតខ្លាចក្នុងកាលដែលនៅសំណាក់ក្នុងជីវិតនេះនៅឡើយចុះ»។—ពេត្រុសទី១ ១:១៧
១៩. ហេតុអ្វីអ្នកគួរអនុវត្តតាមជានិច្ចនូវអ្វីដែលអ្នកកំពុងតែរៀនពីព្រះបន្ទូលរបស់ព្រះ?
១៩ ចូរខំអនុវត្តជានិច្ចតាមអ្វីដែលអ្នកកំពុងតែរៀនពីព្រះបន្ទូលរបស់ព្រះ។ នេះអាចជួយអ្នកជៀសវាងអំពើបាបធ្ងន់ធ្ងរពីព្រោះអ្នកបង្ហាញថាខ្លួនកំពុងស្ថិតក្នុងចំណោម«មនុស្សធំដែលបានបង្ហាត់ឥន្ទ្រីយដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។ (ហេព្រើរ ៥:១៤) ជាជាងនិយាយនិងប្រព្រឹត្តដោយឥតបើគិត ចូរយកចិត្តទុកដាក់ជានិច្ចឲ្យរបៀបរស់នៅបង្ហាញថាអ្នកជាមនុស្សមានប្រាជ្ញា «ទាំងលៃយកឱកាសឲ្យទាន់ពេល»ក្នុងសម័យដ៏អាក្រក់នេះ។ ចូរ‹ខំស្វែងយល់បំណងព្រះហឫទ័យរបស់ព្រះ› ហើយធ្វើតាមព្រះហឫទ័យទ្រង់ជានិច្ចចុះ!—អេភេសូរ ៥:១៥-១៧; ពេត្រុសទី២ ៣:១៧
២០. ហេតុអ្វីបានជាយើងគួរទប់ទល់កុំឲ្យមានចិត្តលោភលន់?
២០ ចូរទប់ទល់យ៉ាងខ្លាំងក្លាកុំឲ្យមានចិត្តលោភចង់បានរបស់របរនៃមនុស្សដទៃ។ ក្រឹត្យវិន័យទាំង១០ប្រការមានច្បាប់មួយដែលបង្គាប់ថា៖ «កុំឲ្យលោភចង់បានផ្ទះអ្នកជិតខាងខ្លួនឲ្យសោះ ក៏កុំឲ្យលោភចង់បានប្រពន្ធគេ ឬបាវប្រុសបាវស្រីគេក្ដី ឬគោ លា ឬរបស់អ្វីផងអ្នកជិតខាងខ្លួនឲ្យសោះ»។ (និក្ខមនំ ២០:១៧) ច្បាប់នេះបានការពារផ្ទះ ប្រពន្ធ បាវបម្រើនិងសត្វជាដើមរបស់ប្រជាជន។ ប៉ុន្តែ សំខាន់បំផុតគឺជាបន្ទូលរបស់ព្រះយេស៊ូដែលថា ចិត្តលោភលន់នឹងធ្វើឲ្យមនុស្សស្មោកគ្រោក។—ម៉ាកុស ៧:២០-២៣
២១, ២២. តើគ្រិស្តសាសនិកអាចចាត់វិធានការអ្វីដើម្បីការពារខ្លួនកុំឲ្យធ្វើអំពើបាប?
២១ ចូរចាត់វិធានការការពារខ្លួនកុំឲ្យក្ដីប្រាថ្នាក្នុងចិត្តនាំឲ្យធ្វើអំពើបាបឡើយ។ យ៉ាកុបបានសរសេរថា៖ «គ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញហើយលួងលោមទេ រួចកាលណាសេចក្ដីប៉ងប្រាថ្នាជាប់មានជាផ្ទៃ នោះសំរាលចេញមកជាអំពើបាប ហើយកាលណាបាបបានពោរពេញឡើង នោះក៏បង្កើតជាសេចក្ដីស្លាប់»។ (យ៉ាកុប ១:១៤, ១៥) ជាឧទាហរណ៍ ចំពោះមនុស្សដែលធ្លាប់ប្រមឹកស្រាពីមុន គាត់ប្រហែលជាសម្រេចចិត្តមិនអនុញ្ញាតឲ្យមានស្រាសោះក្នុងផ្ទះរបស់គាត់។ ហើយចំពោះគ្រិស្តសាសនិកម្នាក់ដែលមានចិត្តទាក់ទាញឲ្យធ្វើអំពើអសីលធម៌ គាត់ប្រហែលជាសម្រេចចិត្តរកការងារផ្សេងឬប្ដូរទីតាំងទៅកន្លែងផ្សេងដែលមិនមានការល្បួងទៀត។—សុភាសិត ៦:២៣-២៨
២២ សូម្បីតែទង្វើណាដែលមិនទាន់រាប់ជាអំពើបាបក្ដី ក៏កុំធ្វើដែរ ដូចជាការចែចង់និងការស្រមើស្រមៃពីអ្វីដែលខុសពីសីលធម៌ ដ្បិតនេះអាចនាំឲ្យធ្វើអំពើអសីលធម៌ឬការផិត។ រីឯមនុស្សដែលភូតភរបន្ដិចបន្តួច យូរៗទៅគេប្រហែលជាហ៊ាននិយាយកុហកអំពីរឿងសំខាន់ៗទៀត ឬរហូតដល់ធ្វើអំពើបាបដោយមានទម្លាប់ភូតកុហកជានិច្ច។ ណាមួយទៀត ការលួចរបស់តិចតួចអាចនាំឲ្យមនសិការលែងធ្វើទុក្ខដល់ម្ល៉េះបានជាយើងហ៊ានលួចរបស់ដែលមានតម្លៃជាង។ ហើយការមិនប្រកាន់ចំពោះពួកអ្នកក្បត់ជំនឿក៏អាចបើកផ្លូវឲ្យខ្លួនក្បត់ជំនឿដែរ។—សុភាសិត ១១:៩; វិវរណៈ ២១:៨
ចុះយ៉ាងណាបើអ្នកបានធ្វើអំពើបាបហើយ?
២៣, ២៤. តើយើងអាចទទួលការសម្រាលទុក្ខអ្វីពីរបាក្សត្រទី២ ៦:២៩, ៣០ និងសុភាសិត ២៨:១៣?
២៣ មនុស្សទាំងអស់សុទ្ធតែមានភាពមិនគ្រប់លក្ខណ៍។ (សាស្ដា ៧:២០) ប៉ុន្តែ បើអ្នកបានធ្វើអំពើបាបធ្ងន់ធ្ងរហើយ សេចក្ដីអធិស្ឋានរបស់ស្តេចសាឡូម៉ូនពេលបានធ្វើពិធីសម្ពោធន៍ព្រះវិហាររបស់ព្រះយេហូវ៉ាអាចជួយសម្រាលទុក្ខរបស់អ្នកបាន។ សាឡូម៉ូនបានអធិស្ឋានទូលព្រះថា៖ «បើមនុស្សណាឬបណ្ដាពួកអ៊ីស្រាអែលជារាស្ត្រទ្រង់ដែលស្គាល់សេចក្ដីវេទនានឹងសេចក្ដីទុក្ខលំបាកនៅក្នុងចិត្តខ្លួនគេលើកដៃប្រទូលដំរង់មកឯព្រះវិហារនេះហើយអធិស្ឋានឬទូលសូមអ្វីក៏ដោយ នោះសូមទ្រង់ប្រោសស្ដាប់ពីលើស្ថានសួគ៌ជាទីលំនៅរបស់ទ្រង់ ហើយអត់ទោសព្រមទាំងសងដល់គ្រប់គ្នាតាមអំពើប្រព្រឹត្តរបស់គេ តាមតែទ្រង់ជ្រាបចិត្តគេ (ដ្បិតគឺទ្រង់តែមួយដែលជ្រាបចិត្តនៃពួកមនុស្សលោកទាំងអស់)»។—របាក្សត្រទី២ ៦:២៩, ៣០
២៤ ពិតមែន ព្រះយេហូវ៉ាអាចមើលចិត្តមនុស្សបាន ហើយទ្រង់ក៏សព្វព្រះហឫទ័យអត់ទោសឲ្យយើងផងដែរ។ សុភាសិត ២៨:១៣ ចែងថា៖ «អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះនឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួហើយលះបង់អំពើនោះ នឹងប្រទះបានសេចក្ដីមេត្ដាករុណាវិញ»។ បើមនុស្សប្រែចិត្តនិងលន់តួឬសារភាពបាបរបស់ខ្លួន ព្រមទាំងលះបង់អំពើបាបដែលខ្លួនបានប្រព្រឹត្តហើយ នោះព្រះយេហូវ៉ាប្រហែលជានឹងបង្ហាញព្រះទ័យមេត្ដាករុណាចំពោះគេវិញ។ ប៉ុន្តែ ចុះយ៉ាងណាបើអ្នកមានភាពខ្សោយខាងវិញ្ញាណ? តើមានជំនួយអ្វីទៀតឲ្យអ្នករក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះបាន?
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើយើងអាចរក្សាខ្លួនក្នុងសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាបានយ៉ាងណា?
• តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ានិងព្រះគ្រិស្តជួយយើងបានយ៉ាងណាដើម្បីបដិសេធនឹងអំពើបាប?
• ហេតុអ្វីក៏សេចក្ដីស្រឡាញ់ចំពោះអ្នកដទៃអាចជួយបង្ការកុំឲ្យយើងធ្វើអ្វីដែលខុសពីសីលធម៌?
• តើមានវិធីបង្ការអ្វីខ្លះឲ្យយើងជៀសវាងពីការប្រព្រឹត្តអាក្រក់?
[រូបភាពនៅទំព័រ១៧]
ចូរអធិស្ឋានសូមជំនួយជារឿយៗដើម្បីទប់ទល់នឹងសេចក្ដីល្បួង