-
តើគម្ពីរចែងយ៉ាងណាអំពីការរួមភេទ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
មេរៀនទី៤១
តើគម្ពីរចែងយ៉ាងណាអំពីការរួមភេទ?
ធម្មតាមនុស្សជាច្រើនមិនចូលចិត្តនិយាយចំៗអំពីការរួមភេទទេ។ ប៉ុន្តែ ពេលគម្ពីរលើកឡើងអំពីការរួមភេទ គម្ពីរប្រាប់យ៉ាងចំៗ តែតាមរបៀបថ្លៃថ្នូរ។ អ្វីដែលគម្ពីរចែងផ្ដល់ប្រយោជន៍ដល់យើង។ ហេតុអ្វី? ដោយសារព្រះយេហូវ៉ាដែលជាអ្នកបង្កើតយើង លោកជាអ្នកនិពន្ធគម្ពីរ។ ដូច្នេះ លោកដឹងអ្វីដែលល្អបំផុតសម្រាប់យើង។ លោកប្រាប់យើងអំពីអ្វីដែលយើងគួរធ្វើដើម្បីឲ្យលោកពេញចិត្ត និងអំពីអ្វីដែលជួយយើងឲ្យសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់។
១. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាអំពីការរួមភេទ?
ព្រះយេហូវ៉ាចង់ឲ្យបុរសនិងស្ត្រីដែលរៀបការហើយសប្បាយរួមភេទជាមួយគ្នា។ ហេតុអ្វី? ដោយសារការរួមភេទជាអំណោយមួយពីលោក។ ព្រះមិនគ្រាន់តែឲ្យអំណោយនេះដើម្បីឲ្យប្ដីប្រពន្ធមានកូនប៉ុណ្ណោះទេ តែក៏ដើម្បីឲ្យពួកគេបង្ហាញអារម្មណ៍ស្នេហានិងសេចក្ដីស្រឡាញ់ចំពោះគ្នាដោយក្ដីរីករាយដែរ។ ហេតុនេះហើយបានជាបណ្ដាំរបស់ព្រះចែងថា៖ «សូមឲ្យកូនសប្បាយរីករាយជាមួយនឹងប្រពន្ធ ដែលកូនបានរួមរស់តាំងពីកូននៅក្មេង»។ (សុភាសិត ៥:១៨, ១៩) ព្រះយេហូវ៉ាតម្រូវឲ្យគ្រិស្តសាសនិករក្សាភាពស្មោះត្រង់ចំពោះគូអាពាហ៍ពិពាហ៍របស់ខ្លួន។ យ៉ាងនេះ ពួកគេនឹងមិនផិតក្បត់គ្នាឡើយ។—សូមអាន ហេប្រឺ ១៣:៤
២. តើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទជាអ្វី?
គម្ពីរប្រាប់យើងថា៖ «អ្នកដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ . . . នឹងមិនទទួលរាជាណាចក្ររបស់ព្រះជាមត៌កឡើយ»។ (កូរិនថូសទី១ ៦:៩, ១០) អ្នកសរសេរគម្ពីរបានប្រើពាក្យផូនៀ ជាភាសាក្រិច ដើម្បីរៀបរាប់អំពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ ពាក្យនោះរួមបញ្ចូល (១) ការរួមភេទaជាមួយមនុស្សដែលមិនមែនជាគូអាពាហ៍ពិពាហ៍ (២) ការរួមភេទជាមួយមនុស្សដែលមានភេទដូចគ្នា និង (៣) ការរួមភេទជាមួយសត្វ។ ពេលយើង«ជៀសចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ» នោះយើងធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយយើងក៏ទទួលប្រយោជន៍ដែរ។—ថែស្សាឡូនិចទី១ ៤:៣
បង្កើនចំណេះ
សូមពិចារណាអំពីរបៀបដែលអ្នកអាចជៀសវាងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ និងរបៀបដែលអ្នកអាចទទួលប្រយោជន៍ដោយរក្សាសីលធម៌ស្អាតស្អំ។
៣. ចូររត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ
បុរសស្មោះត្រង់ម្នាក់ឈ្មោះយ៉ូសែប បានខំព្យាយាមរក្សាសីលធម៌ស្អាតស្អំ។ សូមអាន ដើមកំណើត ៣៩:១-១២ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្វីបានជំរុញចិត្តយ៉ូសែបឲ្យរត់ចេញពីប្រពន្ធប៉ូទីផា? (សូមមើលខ៩)
តើអ្នកគិតថាយ៉ូសែបបានសម្រេចចិត្តត្រឹមត្រូវឬទេ? ហេតុអ្វី?
នៅសព្វថ្ងៃនេះ តើយុវវ័យអាចធ្វើតាមគំរូយ៉ូសែបដោយរត់ចេញពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទយ៉ាងដូចម្ដេច? លេងវីដេអូ។
ព្រះយេហូវ៉ាចង់ឲ្យយើងទាំងអស់គ្នាបដិសេធអំពើប្រាសចាកសីលធម៌។ សូមអាន កូរិនថូសទី១ ៦:១៨ រួចពិភាក្សាសំណួរដូចតទៅ៖
តើក្នុងស្ថានភាពណាខ្លះដែលអាចនាំឲ្យបុគ្គលម្នាក់ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ?
តើតាមរបៀបណាអ្នកអាចរត់ចេញពីអំពើប្រាសចាកសីលធម៌?
៤. អ្នកអាចយកឈ្នះការល្បួង
តើអ្វីអាចធ្វើឲ្យអ្នកពិបាកយកឈ្នះការល្បួងឲ្យប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ? លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
ពេលបុរសក្នុងវីដេអូនេះដឹងថាគំនិតនិងការប្រព្រឹត្តរបស់គាត់អាចនាំឲ្យគាត់លែងស្មោះត្រង់ចំពោះប្រពន្ធ តើគាត់បានធ្វើអ្វី?
ជួនកាល គ្រិស្តសាសនិកដែលស្មោះត្រង់ក៏ពិបាករក្សាចិត្តគំនិតស្អាតស្អំដែរ។ តើតាមរបៀបណាយើងអាចឈប់គិតអំពីអ្វីៗដែលប្រាសចាកសីលធម៌? សូមអាន ភីលីព ៤:៨ រួចពិភាក្សាសំណួរដូចតទៅ៖
តើយើងគួរគិតអំពីអ្វី?
តើការអានគម្ពីរនិងការជាប់រវល់ជានិច្ចក្នុងកិច្ចបម្រើព្រះយេហូវ៉ាអាចជួយយើងឲ្យយកឈ្នះការល្បួងឲ្យប្រព្រឹត្តអំពើខុសឆ្គងយ៉ាងដូចម្ដេច?
៥. ខ្នាតតម្រារបស់ព្រះយេហូវ៉ាផ្ដល់ប្រយោជន៍ដល់យើង
ព្រះយេហូវ៉ាដឹងច្បាស់នូវអ្វីដែលល្អបំផុតសម្រាប់យើង។ លោកប្រាប់យើងអំពីរបៀបដែលយើងអាចរក្សាសីលធម៌ស្អាតស្អំនិងប្រយោជន៍ដែលយើងអាចទទួលពីការធ្វើដូច្នោះ។ សូមអាន សុភាសិត ៧:៧-២៧ ឬលេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើយុវជននោះបានដើរចូលទៅក្នុងស្ថានភាពដែលនាំឲ្យមានការល្បួងយ៉ាងដូចម្ដេច? (សូមមើល សុភាសិត ៧:៨, ៩)
សុភាសិត ៧:២៣, ២៦ បានរៀបរាប់អំពីផលវិបាកយ៉ាងធ្ងន់ធ្ងរដែលមកពីការប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ។ បើយើងរក្សាសីលធម៌ស្អាតស្អំ តើយើងអាចជៀសផុតពីបញ្ហាអ្វីខ្លះ?
តើតាមរបៀបណាការមានសីលធម៌ស្អាតស្អំអាចជួយយើងឲ្យសប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់?
មនុស្សខ្លះគិតថាអ្វីដែលគម្ពីរចែងអំពីការរួមភេទជាមួយមនុស្សដែលមានភេទដូចគ្នា គឺមិនប្រកបដោយសេចក្ដីស្រឡាញ់ទេ។ ប៉ុន្តែ ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីស្រឡាញ់ ហើយលោកចង់ឲ្យមនុស្សទាំងអស់សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់។ ដើម្បីមានជីវិតបែបនោះ យើងត្រូវរស់នៅស្របតាមខ្នាតតម្រារបស់លោក។ សូមអាន កូរិនថូសទី១ ៦:៩-១១ រួចពិភាក្សាសំណួរនេះ៖
តាមខគម្ពីរទាំងនេះ តើព្រះមិនពេញចិត្តចំពោះតែការរួមភេទរវាងមនុស្សដែលមានភេទដូចគ្នាប៉ុណ្ណោះឬ?
យើងទាំងអស់គ្នាត្រូវធ្វើការកែប្រែ ដើម្បីឲ្យព្រះពេញចិត្ត។ ហេតុអ្វីការធ្វើដូច្នេះមានប្រយោជន៍? សូមអាន ចម្រៀងសរសើរព្រះ ១៩:៨, ១១ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកគិតថាខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ាសមហេតុសមផលឬទេ? ហេតុអ្វី?
មនុស្សខ្លះនិយាយថា៖ «ឲ្យតែគេស្រឡាញ់គ្នា គេអាចរួមភេទជាមួយគ្នាបាន»។
តើអ្នកគិតយ៉ាងណា?
សេចក្ដីសង្ខេប
ការរួមភេទគឺជាអំណោយពីព្រះយេហូវ៉ាសម្រាប់ឲ្យប្ដីប្រពន្ធសប្បាយរីករាយជាមួយគ្នា។
រៀនសាឡើងវិញ
តើអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទរួមបញ្ចូលអ្វីខ្លះ?
តើយើងអាចធ្វើអ្វីដើម្បីជៀសវាងពីអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ?
ពេលយើងធ្វើតាមខ្នាតតម្រាសីលធម៌របស់ព្រះយេហូវ៉ា តើយើងនឹងទទួលប្រយោជន៍អ្វីខ្លះ?
ស្វែងយល់ថែមទៀត
សូមពិចារណាអំពីមូលហេតុសំខាន់ដែលព្រះចង់ឲ្យបុរសនិងស្ត្រីរៀបការសិន មុននឹងរួមរស់ជាមួយគ្នា។
«តើគម្ពីរចែងយ៉ាងណាអំពីការរស់នៅជាមួយគ្នាដោយមិនរៀបការ?» (អត្ថបទក្នុងគេហទំព័រ)
សូមពិចារណាអំពីមូលហេតុដែលគម្ពីរមិនគាំទ្រការស្រឡាញ់ភេទដូចគ្នា តែមិនមានន័យថាគម្ពីរបង្រៀនឲ្យស្អប់មនុស្សបែបនោះទេ។
«តើការស្រឡាញ់ភេទដូចគ្នាជាការខុសទេ?» (អត្ថបទក្នុងគេហទំព័រ)
សូមរៀនថា តើច្បាប់របស់ព្រះស្ដីអំពីអំពើប្រាសចាកសីលធម៌គ្រប់បែបយ៉ាង ការពារយើងយ៉ាងដូចម្ដេច?
«តើការរួមភេទតាមមាត់ជាការរួមភេទទេ?» (អត្ថបទក្នុងគេហទំព័រ)
សូមមើលអ្វីដែលជំរុញចិត្តបុរសម្នាក់ដែលស្រឡាញ់ភេទដូចគ្នា ឲ្យកែខ្លួនដើម្បីផ្គាប់ចិត្តព្រះ ក្នុងអត្ថបទ«ពួកគេបានប្រព្រឹត្តចំពោះខ្ញុំយ៉ាងថ្លៃថ្នូរ»។
a ការរួមភេទដែលព្រះមិនពេញចិត្តរួមបញ្ចូលទង្វើផ្សេងៗដូចជា ការរួមភេទតាមមាត់ ការរួមភេទតាមផ្លូវបាត និងការស្ទាបអង្អែលអវយវៈភេទរបស់អ្នកឯទៀត។
-
-
តើគម្ពីរចែងយ៉ាងណាអំពីការនៅលីវនិងការរៀបការ?សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
-
-
មេរៀនទី៤២
តើគម្ពីរចែងយ៉ាងណាអំពីការនៅលីវនិងការរៀបការ?
ក្នុងវប្បធម៌ខ្លះ មនុស្សគិតថាបើអ្នកណាមិនរៀបការ អ្នកនោះគ្មានសុភមង្គលទេ។ ប៉ុន្តែ មិនមែនអ្នកដែលរៀបការទាំងអស់មានសុភមង្គលឡើយ ហើយក៏មិនមែនអ្នកដែលនៅលីវទាំងអស់គ្មានសុភមង្គលដែរ។ តាមពិត គម្ពីរចាត់ទុកការនៅលីវនិងការរៀបការជាអំណោយពីព្រះយេហូវ៉ា។
១. តើការនៅលីវមានប្រយោជន៍អ្វីខ្លះ?
គម្ពីរចែងថា៖ «អ្នកណាដែលរៀបការ អ្នកនោះក៏សម្រេចការបានល្អដែរ តែអ្នកណាដែលមិនរៀបការ អ្នកនោះនឹងសម្រេចការបានល្អជាង»។ (សូមអាន កូរិនថូសទី១ ៧:៣២, ៣៣, ៣៨) តើអ្នកនៅលីវអាច«សម្រេចការបានល្អជាង»តាមវិធីណាខ្លះ? គ្រិស្តសាសនិកដែលនៅលីវ ពួកគេគ្មានគូដែលត្រូវថែរក្សាទេ។ ម្ល៉ោះហើយ ពួកគេមានសេរីភាពច្រើនជាង។ ជាឧទាហរណ៍ បងប្អូនខ្លះអាចធ្វើច្រើនជាងក្នុងកិច្ចបម្រើព្រះដូចជា ទៅផ្សព្វផ្សាយដំណឹងល្អនៅប្រទេសផ្សេងជាដើម។ បន្ថែមទៅទៀត ពួកគេអាចចំណាយពេលច្រើនជាងដើម្បីមានចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។
២. តើការរៀបការស្របច្បាប់មានប្រយោជន៍អ្វីខ្លះ?
ដូចការនៅលីវ ការរៀបការក៏មានប្រយោជន៍ដែរ។ គម្ពីរចែងថា៖ «មានគ្នាពីរនាក់ប្រសើរជាងនៅតែឯង»។ (អ្នកទូន្មាន ៤:៩) ជាពិសេស បើគ្រិស្តសាសនិកធ្វើតាមគោលការណ៍គម្ពីរក្នុងចំណងអាពាហ៍ពិពាហ៍របស់ពួកគេ នោះពួកគេនឹងមានអារម្មណ៍ដូចបទគម្ពីរនោះចែង។ គូដែលរៀបការស្របច្បាប់សន្យាថា ពួកគេនឹងស្រឡាញ់ថ្នាក់ថ្នម ហើយគោរពគ្នា ព្រមទាំងថែរក្សាគ្នាទៅវិញទៅមក។ ជាលទ្ធផល ពួកគេមានអារម្មណ៍ថាមានសុវត្ថិភាពនិងមានទំនុកចិត្តច្រើនជាង គូដែលរស់នៅជាមួយគ្នាដោយមិនរៀបការ ហើយកូនៗរបស់ពួកគេក៏ធំឡើងក្នុងបរិយាកាសល្អនិងមានអារម្មណ៍កក់ក្ដៅដែរ។
៣. តើព្រះយេហូវ៉ាមានទស្សនៈយ៉ាងណាចំពោះអាពាហ៍ពិពាហ៍?
ពេលព្រះយេហូវ៉ារៀបចំគូអាពាហ៍ពិពាហ៍ដំបូង លោកមានប្រសាសន៍ថា៖ «បុរសត្រូវចាកចេញពីឪពុកម្ដាយខ្លួន ហើយនៅជាប់ជាមួយនឹងប្រពន្ធរបស់គាត់»។ (ដើមកំណើត ២:២៤) ព្រះយេហូវ៉ាចង់ឲ្យប្ដីប្រពន្ធស្រឡាញ់គ្នានិងជិតស្និទ្ធគ្នា ដរាបណាពួកគេនៅមានជីវិត។ លោកអនុញ្ញាតឲ្យប្ដីប្រពន្ធលែងលះគ្នា លុះត្រាតែគូរបស់ខ្លួនប្រព្រឹត្តអំពើផិតក្បត់។ ក្នុងករណីនេះ ព្រះយេហូវ៉ាឲ្យគូដែលគ្មានកំហុសមានសិទ្ធិសម្រេចចិត្តថា គាត់លែងលះឬមិនលែងលះគូរបស់គាត់។a (ម៉ាថាយ ១៩:៩) ព្រះយេហូវ៉ាមិនអនុញ្ញាតឲ្យគ្រិស្តសាសនិកមានប្ដីឬប្រពន្ធលើសពីមួយទេ។—ធីម៉ូថេទី១ ៣:២
បង្កើនចំណេះ
សូមរៀនអំពីរបៀបដែលអ្នកអាចមានសុភមង្គល និងអំពីរបៀបដែលអ្នកអាចធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្ត ទោះជាអ្នកនៅលីវឬរៀបការហើយក៏ដោយ។
៤. ចូរប្រើភាពនៅលីវឲ្យមានប្រយោជន៍ច្រើនបំផុត
លោកយេស៊ូបានចាត់ទុកភាពនៅលីវថាជាអំណោយមួយ។ (ម៉ាថាយ ១៩:១១, ១២) សូមអាន ម៉ាថាយ ៤:២៣ រួចពិភាក្សាសំណួរនេះ៖
តើលោកយេស៊ូបានប្រើភាពនៅលីវដើម្បីបម្រើព្រះយេហូវ៉ានិងជួយអ្នកឯទៀតយ៉ាងដូចម្ដេច?
គ្រិស្តសាសនិកអាចសប្បាយនឹងភាពនៅលីវដូចលោកយេស៊ូដែរ។ លេងវីដេអូ រួចពិភាក្សាសំណួរដូចតទៅ៖
តើតាមរបៀបណាគ្រិស្តសាសនិកអាចប្រើភាពនៅលីវដែលនាំឲ្យខ្លួនស្កប់ចិត្ត?
តើអ្នកដឹងទេ?
គម្ពីរមិនបានកំណត់អាយុដែលត្រូវរៀបការទេ។ ប៉ុន្តែ គម្ពីរលើកទឹកចិត្តមនុស្សវ័យក្មេងឲ្យរង់ចាំរហូតដល់ផុតគ្រាយុវវ័យឬ«មិនក្មេងពេក» ព្រោះនោះជាគ្រាដែលមានចំណង់ខ្លាំងខាងផ្លូវភេទ ដែលអាចធ្វើឲ្យមនុស្សវ័យក្មេងពិបាកសម្រេចចិត្តដោយប្រាជ្ញា។—កូរិនថូសទី១ ៧:៣៦
៥. ចូរជ្រើសរើសគូដោយឈ្លាសវៃ
ការជ្រើសរើសគូអាពាហ៍ពិពាហ៍ គឺជាការសម្រេចចិត្តដ៏សំខាន់បំផុតមួយ។ សូមអាន ម៉ាថាយ ១៩:៤-៦, ៩ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីគ្រិស្តសាសនិកមិនគួរប្រញាប់រៀបការពេក?
គម្ពីរអាចជួយអ្នកឲ្យដឹងអំពីរបៀបរកបានគូអាពាហ៍ពិពាហ៍ល្អ។ សំខាន់បំផុត គឺរកអ្នកដែលស្រឡាញ់ព្រះយេហូវ៉ា។b សូមអាន កូរិនថូសទី១ ៧:៣៩ និងកូរិនថូសទី២ ៦:១៤ រួចពិភាក្សាសំណួរដូចតទៅ៖
ហេតុអ្វីយើងគួររៀបការតែជាមួយអ្នកកាន់តាមលោកម្ចាស់ប៉ុណ្ណោះ?
តើអ្នកគិតថាព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណា បើអ្នករៀបការជាមួយអ្នកដែលមិនស្រឡាញ់លោក?
៦. ទស្សនៈរបស់ព្រះយេហូវ៉ាអំពីអាពាហ៍ពិពាហ៍
នៅអ៊ីស្រាអែលសម័យបុរាណ បុរសខ្លះលែងលះប្រពន្ធដោយសារគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួន។ សូមអាន ម៉ាឡាគី ២:១៣, ១៤, ១៦ រួចពិភាក្សាសំណួរនេះ៖
ហេតុអ្វីព្រះយេហូវ៉ាស្អប់ការលែងលះដែលមិនមានមូលដ្ឋានពីគម្ពីរ?
លេងវីដេអូ រួចពិភាក្សាសំណួរនេះ៖
បើគូរបស់អ្នកមិនមែនជាអ្នកស្រឡាញ់ព្រះយេហូវ៉ាទេ តើអ្នកអាចធ្វើអ្វីដើម្បីមានសុភមង្គលក្នុងចំណងអាពាហ៍ពិពាហ៍?
៧. ចូរធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាសម្រាប់អាពាហ៍ពិពាហ៍
បុគ្គលម្នាក់ប្រហែលជាត្រូវព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ាក្នុងជីវិតអាពាហ៍ពិពាហ៍។c ប៉ុន្តែ ព្រះយេហូវ៉ានឹងឲ្យពរដល់អ្នកដែលធ្វើដូច្នោះ។ លេងវីដេអូ។
សូមអាន ហេប្រឺ ១៣:៤ រួចពិភាក្សាសំណួរដូចតទៅ៖
តើអ្នកគិតថាខ្នាតតម្រារបស់ព្រះយេហូវ៉ាសម្រាប់អាពាហ៍ពិពាហ៍គឺសមហេតុសមផលឬទេ? ហេតុអ្វី?
បើគ្រិស្តសាសនិករៀបការឬលែងលះគ្នា ព្រះយេហូវ៉ាតម្រូវឲ្យពួកគេធ្វើសំបុត្រអាពាហ៍ពិពាហ៍ឬសំបុត្រលែងលះ។ រដ្ឋាភិបាលនៅប្រទេសភាគច្រើន ក៏តម្រូវឲ្យពលរដ្ឋធ្វើដូច្នេះដែរ។ សូមអាន ទីតុស ៣:១ រួចពិភាក្សាសំណួរនេះ៖
បើអ្នករៀបការហើយ តើអ្នកបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋឬទេ?
មនុស្សខ្លះប្រហែលជាសួរថា៖ «បើមនុស្សពីរនាក់ស្រឡាញ់គ្នាហើយរស់នៅជាមួយគ្នា ហេតុអ្វីចាំបាច់រៀបការ?»។
តើអ្នកនឹងឆ្លើយយ៉ាងណា?
សេចក្ដីសង្ខេប
ការនៅលីវនិងការរៀបការជាអំណោយពីព្រះយេហូវ៉ា។ អ្នកដែលនៅលីវនិងអ្នកដែលរៀបការហើយ អាចមានសុភមង្គលនិងជីវិតស្កប់ចិត្ត បើពួកគេធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ា។
រៀនសាឡើងវិញ
តើតាមរបៀបណាបុគ្គលដែលនៅលីវអាចប្រើភាពនៅលីវរបស់ខ្លួនឲ្យមានប្រយោជន៍ច្រើនបំផុត?
ហេតុអ្វីគម្ពីរប្រាប់ឲ្យរៀបការតែជាមួយអ្នកកាន់តាមលោកម្ចាស់ប៉ុណ្ណោះ?
ក្នុងគម្ពីរ តើមូលហេតុតែមួយដែលអាចលែងលះគ្នាជាអ្វី?
ស្វែងយល់ថែមទៀត
តើការរៀបការតែជាមួយ«អ្នកកាន់តាមលោកម្ចាស់»ប៉ុណ្ណោះមានន័យយ៉ាងណា?
សូមមើលឈុតសម្ដែងពីរដែលអាចជួយអ្នកឲ្យធ្វើការសម្រេចចិត្តត្រឹមត្រូវអំពីការស្វែងយល់ចិត្តគ្នានិងការរៀបការ។
សូមរៀនអំពីមូលហេតុដែលបុរសម្នាក់មានអារម្មណ៍ថាអ្វីដែលព្រះយេហូវ៉ាបានឲ្យគាត់ មានតម្លៃច្រើនជាងអ្វីដែលគាត់បានលះបង់។
មុនអ្នកណាម្នាក់សម្រេចចិត្តរស់នៅបែកគ្នាឬលែងលះគ្នា តើគាត់គួរគិតពិចារណាចំណុចអ្វីខ្លះ?
a សូមមើលកំណត់នៅចុងសៀវភៅ លេខ៤ អំពីការរស់នៅបែកគ្នា មិនមែនដោយសារមូលហេតុផិតក្បត់ទេ។
b ក្នុងវប្បធម៌ខ្លះ ឪពុកម្ដាយគឺជាអ្នករៀបចំគូស្រករឲ្យកូនរបស់ពួកគេ។ ក្នុងកាលៈទេសៈបែបនេះ ឪពុកម្ដាយដែលស្រឡាញ់កូនមិនគួរគិតអំពីលុយឬឋានៈរបស់បុគ្គលនោះទេ តែគួរគិតជាមុនថា តើគាត់ស្រឡាញ់ព្រះយេហូវ៉ាឬយ៉ាងណា។
c ប្រសិនបើអ្នកកំពុងរស់នៅជាមួយគ្នាដោយមិនបានរៀបការ អ្នកផ្ទាល់ត្រូវសម្រេចចិត្តថាអ្នកនឹងចាកចេញពីគាត់ ឬរៀបការជាមួយគាត់។
-