ជំពូកទី៤
ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
«ចូរគោរពមនុស្សគ្រប់ប្រភេទ»។—ពេត្រុសទី១ ២:១៧
១, ២. (ក) ស្តីអំពីការគោរពអ្នកដែលមានអំណាចលើយើង តើយើងប្រឈមមុខការពិបាកអ្វី? (ខ) តើយើងនឹងឆ្លើយសំណួរអ្វីខ្លះ?
ពេលឪពុកម្ដាយសុំកូនតូចឲ្យធ្វើអ្វីមួយដែលកូនមិនចង់ធ្វើ តើកូនមានប្រតិកម្មយ៉ាងណា? ទឹកមុខរបស់កូនប្រហែលជាបង្ហាញច្បាស់អំពីការប្រទាញប្រទង់ដែលកំពុងកើតឡើងក្នុងចិត្តគាត់។ កូនឮសំឡេងឪពុកម្ដាយ ហើយដឹងថាគួរគោរពសិទ្ធិអំណាចរបស់ពួកគាត់។ ប៉ុន្តែក្នុងករណីនេះ គាត់មិនចង់ស្ដាប់ឪពុកម្ដាយទេ។ ការពិបាករបស់កូនតូចមួយរូបនេះ បញ្ជាក់ការពិតមួយដែលយើងទាំងអស់គ្នាប្រឈមមុខម្ដងម្កាល។
២ ការគោរពអ្នកដែលមានអំណាចaលើយើង មិនតែងតែស្រួលទេ។ ជួនកាល តើអ្នកពិបាកគោរពអ្នកដែលមានអំណាចលើអ្នកមួយកម្រិតឬទេ? បើដូច្នេះ មិនមានតែអ្នកប៉ុណ្ណោះទេ ដែលមានការពិបាកនេះ។ យើងកំពុងរស់នៅសម័យមួយដែលការគោរពអ្នកដែលមានអំណាចបានថយចុះដល់កម្រិតទាបបំផុត។ ប៉ុន្តែគម្ពីរបង្ហាញថាយើងត្រូវគោរពអ្នកដែលមានអំណាចលើយើង។ (សុភាសិត ២៤:២១) តាមពិត បើយើងចង់រក្សាខ្លួនជាមនុស្សដែលព្រះស្រឡាញ់ យើងចាំបាច់គោរពអ្នកដែលមានអំណាចលើយើង។ ដូច្នេះ នេះនាំឲ្យមានសំណួរខ្លះៗ។ ហេតុអ្វីជួនកាលការគោរពអ្នកដែលមានអំណាចលើយើងគឺពិបាកម្ល៉េះ? ហេតុអ្វីព្រះយេហូវ៉ាតម្រូវឲ្យយើងធ្វើដូច្នេះ? តើអ្វីនឹងជួយយើងធ្វើតាមតម្រូវការនេះ? ហើយតើយើងអាចបង្ហាញយ៉ាងដូចម្ដេចថាយើងគោរពអ្នកដែលមានអំណាចលើយើង?
ហេតុអ្វីយើងពិបាកគោរពអ្នកមានអំណាចលើយើង?
៣, ៤. តើភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះបានចាប់ផ្ដើមមានតាំងពីពេលណា? ហើយហេតុអ្វីភាពខុសឆ្គងរបស់យើងធ្វើឲ្យយើងពិបាកគោរពអ្នកដែលមានអំណាចលើយើង?
៣ សូមពិចារណាយ៉ាងខ្លីអំពីមូលហេតុពីរយ៉ាង ដែលជួនកាលយើងពិបាកគោរពអ្នកដែលមានអំណាចលើយើង។ ទី១ យើងមិនមែនល្អឥតខ្ចោះទេ។ ទី២ អ្នកដែលមានអំណាចលើយើងក៏មិនល្អឥតខ្ចោះដែរ។ ភាពខុសឆ្គងនិងភាពមិនល្អឥតខ្ចោះចាប់ផ្ដើមមានតាំងពីយូរយារមកហើយនៅសួនអេដែន ពេលដែលអាដាមនិងអេវ៉ាបានប្រឆាំងអំណាចរបស់ព្រះ។ ដូច្នេះ ភាពខុសឆ្គងបានផ្ដើមចេញពីការប្រឆាំងអំណាច។ តាំងតែពីពេលនោះរហូតដល់សព្វថ្ងៃនេះ យើងកើតមកទាំងមានចិត្តចង់ប្រឆាំងអ្នកដែលមានអំណាចលើយើង។—លោកុប្បត្តិ ២:១៥-១៧; ៣:១-៧; ទំនុកតម្កើង ៥១:៥; រ៉ូម ៥:១២
៤ ដោយសារយើងមានភាពខុសឆ្គង នោះយើងងាយចាប់ផ្ដើមក្រអឺតក្រអោង ហើយមានមោទនភាពហួសហេតុពេក រីឯចិត្តរាបទាបវិញ នោះជាគុណសម្បត្ដិដែលកម្រមាន ហើយយើងត្រូវខំប្រឹងខ្លាំងណាស់ ទើបយើងអាចមាននិងអាចបង្ហាញគុណសម្បត្ដិនេះជានិច្ច។ ទោះជាយើងធ្លាប់បម្រើព្រះយ៉ាងស្មោះត្រង់អស់ច្រើនឆ្នាំហើយក្ដី យើងអាចបែរជារឹងចចេស ហើយអាចចាញ់ឥទ្ធិពលនៃមោទនភាពរបស់យើង។ ជាឧទាហរណ៍ សូមគិតអំពីកូរ៉ាដែលបានស្មោះត្រង់នឹងរាស្ត្រព្រះយេហូវ៉ាក្នុងគ្រាមានទុក្ខលំបាកជាច្រើន។ ទោះជាយ៉ាងនោះក៏ដោយ គាត់ស្រេកឃ្លានអំណាច ហើយបានបំបះបំបោរបណ្ដាជនដោយឥតកោតក្រែង ឲ្យប្រឆាំងម៉ូសេដែលជាបុរសសុភាពបំផុតនៅលើផែនដីនៅពេលនោះ។ (ជនគណនា ១២:៣; ១៦:១-៣) ម្យ៉ាងទៀត សូមគិតអំពីស្តេចអូសៀសដែលបានត្រូវជំរុញដោយមោទនភាពរបស់គាត់ឲ្យចូលវិហាររបស់ព្រះយេហូវ៉ា ហើយបំពេញកិច្ចការពិសិដ្ឋមួយដែលមានតែពួកសង្ឃប៉ុណ្ណោះមានសិទ្ធិធ្វើ។ (របាក្សត្រទី២ ២៦:១៦-២១) កូរ៉ានិងអូសៀសបានទទួលទោសធ្ងន់ដោយសារពួកគេបានប្រឆាំងអ្នកដែលមានអំណាចលើខ្លួន។ ប៉ុន្តែគំរូអាក្រក់របស់ពួកគេជួយរំលឹកយើងថា យើងត្រូវខំប្រឹងព្យាយាមកុំឲ្យមោទនភាពធ្វើឲ្យយើងពិបាកគោរពអ្នកដែលមានអំណាចលើយើង។
៥. តើមនុស្សមិនល្អឥតខ្ចោះធ្លាប់ប្រើអំណាចរបស់ខ្លួនក្នុងផ្លូវខុសយ៉ាងដូចម្ដេច?
៥ ភាពមិនល្អឥតខ្ចោះរបស់ពួកអ្នកដែលមានអំណាច ជាមូលហេតុសំខាន់មួយទៀតដែលធ្វើឲ្យមនុស្សពិបាកគោរពអ្នកដែលមានអំណាចលើខ្លួន។ មនុស្សជាច្រើនដែលមានអំណាចបានប្រព្រឹត្តដោយឃោរឃៅ ផ្ដាច់ការ ឬប្រើអំណាចរបស់ខ្លួនដើម្បីធ្វើបាបអ្នកឯទៀត។ តាមពិត បើយើងពិនិត្យមើលកំណត់ហេតុអំពីប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ យើងនឹងឃើញថានោះច្រើនតែបញ្ជាក់អំពីការប្រើអំណាចក្នុងផ្លូវខុស។ (សូមអាន សាស្ដា ៨:៩) ជាឧទាហរណ៍ នៅដើមដំបូងពេលដែលព្រះយេហូវ៉ាជ្រើសរើសសូលឲ្យធ្វើជាស្តេច គាត់ជាមនុស្សល្អហើយមានចិត្តរាបទាប។ ក៏ប៉ុន្តែគាត់បានចាញ់ឥទ្ធិពលនៃមោទនភាពរបស់ខ្លួន ហើយចាប់ផ្ដើមមានចិត្តច្រណែនទៀតផង។ ក្រោយមក គាត់បៀតបៀនដាវីឌដែលជាអ្នកស្មោះត្រង់នឹងព្រះ។ (សាំយូអែលទី១ ៩:២០, ២១; ១០:២០-២២; ១៨:៧-១១) ដាវីឌបានទៅជាស្តេចល្អបំផុតមួយនៅអ៊ីស្រាអែល តែដាវីឌក៏បានប្រើអំណាចរបស់គាត់ក្នុងផ្លូវខុសដែរ ពេលដែលគាត់លួចប្រពន្ធរបស់អ៊ូរីសាសន៍ហេត ហើយចាត់អ៊ូរីជាមនុស្សស្លូតត្រង់ឲ្យទៅសមរភូមិប្រយុទ្ធនៅជួរខាងមុខនៃកងទ័ពដើម្បីឲ្យគាត់ស្លាប់។ (សាំយូអែលទី២ ១១:១-១៧) គំរូទាំងនេះបង្ហាញយ៉ាងច្បាស់ថា ភាពមិនល្អឥតខ្ចោះធ្វើឲ្យមនុស្សពិបាកប្រើអំណាចឲ្យបានត្រឹមត្រូវ។ ម្យ៉ាងទៀត បើអ្នកដែលមានអំណាចមិនគោរពព្រះយេហូវ៉ា ពួកគេប្រើអំណាចរបស់ខ្លួនដើម្បីធ្វើអំពើអាក្រក់ជាងនោះទៅទៀត។ អ្នកនយោបាយជនជាតិអង់គ្លេសម្នាក់ធ្លាប់រៀបរាប់អំពីរបៀបដែលសម្ដេចប៉ាបខ្លះនៃសាសនាកាតូលិកបានញុះញង់បណ្ដាជនឲ្យបៀតបៀនអ្នកឯទៀត។ គាត់សរសេរថា៖ «អំណាចអាចបំពុលចិត្តគំនិតរបស់មនុស្សមួយកម្រិត តែបើមនុស្សមានអំណាចផ្ដាច់ការ នោះបំពុលចិត្តគំនិតពួកគេទាំងស្រុង»។ ដោយឃើញថាមនុស្សធ្លាប់ប្រើអំណាចរបស់ខ្លួនក្នុងផ្លូវខុស សូមគិតអំពីសំណួរថា ហេតុអ្វីយើងគួរគោរពអ្នកដែលមានអំណាចលើខ្លួន?
ហេតុអ្វីគួរគោរពអ្នកដែលមានអំណាចលើយើង?
៦, ៧. (ក) តើសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាជំរុញយើងឲ្យធ្វើអ្វី? ហើយហេតុអ្វី? (ខ) តើការចុះចូលមានន័យដូចម្ដេច? ហើយតើយើងបង្ហាញថាយើងចុះចូលយ៉ាងដូចម្ដេច?
៦ សេចក្ដីស្រឡាញ់ជាមូលហេតុសំខាន់បំផុតដែលយើងគួរគោរពអ្នកដែលមានអំណាចលើយើង ពោលគឺស្រឡាញ់ព្រះយេហូវ៉ា មនុស្សឯទៀត និងខ្លួនយើងទៀតផង។ ដោយសារយើងស្រឡាញ់ព្រះយេហូវ៉ាជាងអ្វីៗឯទៀតទាំងអស់ នោះយើងចង់ធ្វើឲ្យចិត្តលោកបានរីករាយ។ (សូមអាន សុភាសិត ២៧:១១; ម៉ាកុស ១២:២៩, ៣០) យើងដឹងថា សិទ្ធិរបស់ព្រះយេហូវ៉ាក្នុងការគ្រប់គ្រងសកលលោកបានត្រូវចោទប្រកាន់នៅផែនដី តាំងពីមានការប្រឆាំងអំណាចរបស់លោកនៅសួនអេដែន។ យើងក៏ដឹងដែរថា មនុស្សភាគច្រើនបានចូលខាងសាថានហើយបដិសេធការគ្រប់គ្រងរបស់ព្រះយេហូវ៉ា។ យើងសប្បាយចិត្តដែលអាចគាំទ្រខាងព្រះយេហូវ៉ាវិញ។ ពេលយើងអានពាក្យពីរោះនៅការបើកបង្ហាញ ៤:១១ នោះធ្វើឲ្យយើងរំភើបចិត្ត។ យើងយល់ច្បាស់ថា ព្រះយេហូវ៉ាជាអ្នកដែលមានសិទ្ធិត្រឹមត្រូវក្នុងការគ្រប់គ្រងសកលលោក! យើងគាំទ្រការគ្រប់គ្រងរបស់ព្រះយេហូវ៉ាដោយស្មោះអស់ពីចិត្ត ហើយចុះចូលនឹងការគ្រប់គ្រងនោះក្នុងជីវិតប្រចាំថ្ងៃ។
៧ ការគោរពអំណាចរបស់ព្រះយេហូវ៉ាមានន័យថាយើងស្ដាប់បង្គាប់លោក ហើយក៏រួមបញ្ចូលអ្វីផ្សេងទៀតដែរ។ យើងស្ដាប់បង្គាប់ព្រះយេហូវ៉ាដោយស្មោះ ពីព្រោះយើងស្រឡាញ់លោក។ ប៉ុន្តែគង់តែនឹងមានពេលខ្លះដែលការស្ដាប់បង្គាប់គឺពិបាកណាស់ចំពោះយើង។ នៅពេលនោះ យើងនឹងត្រូវរៀនឲ្យចេះចុះចូល ដូចកូនតូចក្នុងឧទាហរណ៍នៅវគ្គទី១។ យើងចាំថា លោកយេស៊ូបានចុះចូលធ្វើតាមបំណងប្រាថ្នារបស់បិតាលោក ទោះជានោះមើលទៅជាការពិបាកណាស់ក៏ដោយ។ លោកជម្រាបបិតាថា៖ «សូមឲ្យបំណងប្រាថ្នារបស់លោកបានសម្រេច មិនមែនបំណងប្រាថ្នារបស់ខ្ញុំទេ»។—លូកា ២២:៤២
៨. (ក) សព្វថ្ងៃនេះ តើការចុះចូលនឹងអំណាចរបស់ព្រះយេហូវ៉ាច្រើនតែតម្រូវឲ្យយើងធ្វើអ្វី? ហើយតើព្រះយេហូវ៉ាមានអារម្មណ៍យ៉ាងណាអំពីរឿងនេះ? (ខ) តើអ្វីអាចជួយយើងឲ្យស្ដាប់ឱវាទនិងព្រមទទួលការប្រដៅ? (សូមមើលប្រអប់ដែលមានចំណងជើងថា «ចូរស្ដាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ»)
៨ ពិតមែនតែព្រះយេហូវ៉ាមិនមានប្រសាសន៍មកយើងម្នាក់ៗដោយឡែកនៅសព្វថ្ងៃនេះទេ ប៉ុន្តែព្រះយេហូវ៉ាប្រើបណ្ដាំរបស់លោកនិងមនុស្សដែលជាតំណាងលោកនៅផែនដី។ ដូច្នេះ ក្នុងករណីភាគច្រើនយើងបង្ហាញថាយើងចុះចូលនឹងអំណាចរបស់ព្រះយេហូវ៉ា ដោយគោរពមនុស្សដែលលោកបានតែងតាំងឬដែលលោកអនុញ្ញាតឲ្យមានអំណាចលើយើង។ បើយើងប្រឆាំងមនុស្សទាំងនោះ ជាឧទាហរណ៍ ដោយមិនព្រមទទួលការកែតម្រង់ឬឱវាទពីគម្ពីរ នោះយើងធ្វើឲ្យព្រះរបស់យើងទាស់ចិត្ត។ ពេលដែលជនជាតិអ៊ីស្រាអែលបានរអ៊ូរទាំ ហើយប្រឆាំងម៉ូសេ ព្រះយេហូវ៉ាចាត់ទុកថាពួកគេកំពុងប្រឆាំងលោកវិញ។—ជនគណនា ១៤:២៦, ២៧
៩. ហេតុអ្វីសេចក្ដីស្រឡាញ់ចំពោះអ្នកឯទៀតជំរុញយើងឲ្យគោរពអ្នកដែលមានអំណាចលើយើង? សូមឲ្យឧទាហរណ៍។
៩ មូលហេតុមួយទៀតដែលយើងគោរពអ្នកដែលមានអំណាចលើយើង គឺដោយសារយើងស្រឡាញ់អ្នកឯទៀត។ ហេតុអ្វី? សូមស្រមៃគិតថាអ្នកជាកូនទាហានក្នុងកងទ័ព។ កងទ័ពនោះទំនងជាមិនអាចដណ្ដើមយកជ័យជម្នះ ឬរួចជីវិតបានទេ បើកូនទាហានម្នាក់ៗមិនព្រមសហការ ស្ដាប់បង្គាប់ ឬគោរពអ្នកដែលជាមេរបស់ខ្លួនតាមលំដាប់ស័ក្ដិនោះ។ បើអ្នកមិនព្រមចុះចូលតាមលំដាប់ស័ក្ដិ នោះអាចបង្កគ្រោះថ្នាក់ដល់កូនទាហានទាំងអស់ដែលនៅក្នុងអង្គភាពជាមួយនឹងអ្នក។ ពិតមែនតែសព្វថ្ងៃនេះកងទ័ពរបស់មនុស្សបំផ្លិចបំផ្លាញពិភពលោកយ៉ាងសាហាវ ប៉ុន្តែព្រះយេហូវ៉ាមានកងទ័ពដែលតែងតែផ្ដល់ប្រយោជន៍ដល់មនុស្ស។ រាប់រយដង គម្ពីរហៅព្រះថា«ព្រះយេហូវ៉ានៃពួកពលបរិវារ»ឬកងទ័ព។ (សាំយូអែលទី១ ១:៣) ព្រះយេហូវ៉ាជាមេបញ្ជាការនៃពលទ័ពដ៏ធំមួយ ដែលជាបុគ្គលវិញ្ញាណដ៏ខ្លាំងក្លា។ ជួនកាល ព្រះយេហូវ៉ាក៏ប្រដូចអ្នកបម្រើរបស់លោកនៅផែនដីទៅនឹងកងទ័ពដែរ។ (អេសេគាល ៣៧:១-១០) បើយើងប្រឆាំងមនុស្សដែលព្រះយេហូវ៉ាបានតែងតាំងឲ្យមានអំណាចលើយើង នោះយើងអាចបង្កគ្រោះថ្នាក់ដល់បងប្អូនរួមជំនឿដែលនៅក្នុងកងទ័ពរបស់ព្រះដែរ មែនទេ? ពេលដែលគ្រិស្តសាសនិកពិតម្នាក់ប្រឆាំងអ្នកចាស់ទុំដែលបានត្រូវតែងតាំងក្នុងក្រុមជំនុំ នោះសមាជិកឯទៀតក្នុងក្រុមជំនុំប្រហែលជានឹងទទួលផលវិបាក។ (កូរិនថូសទី១ ១២:១៤, ២៥, ២៦) នៅពេលកូនប្រឆាំងឪពុកម្ដាយ នោះក្រុមគ្រួសារទាំងមូលអាចទទួលផលវិបាក។ ដូច្នេះ យើងបង្ហាញថាយើងស្រឡាញ់អ្នកឯទៀតដោយអប់រំខ្លួនឲ្យចេះគោរពនិងសហការជាមួយនឹងអ្នកដែលមានអំណាចលើយើង។
១០, ១១. សូមពន្យល់អំពីមូលហេតុដែលការចង់ទទួលប្រយោជន៍អាចជំរុញយើងឲ្យស្ដាប់បង្គាប់អ្នកដែលមានអំណាចលើយើង។
១០ មូលហេតុមួយទៀតដែលយើងគោរពអ្នកដែលមានអំណាចលើយើង គឺពីព្រោះនោះផ្ដល់ប្រយោជន៍ឲ្យយើង។ ច្រើនដង ពេលដែលព្រះយេហូវ៉ាប្រាប់យើងឲ្យគោរពអ្នកដែលមានអំណាចលើយើង លោកក៏ប្រាប់អំពីប្រយោជន៍ដែលយើងនឹងទទួលដែរ។ ជាឧទាហរណ៍ លោកប្រាប់កូនឲ្យស្ដាប់បង្គាប់ឪពុកម្ដាយដើម្បីមានជីវិតដ៏សប្បាយនិងយូរអង្វែង។ (ចោទិយកថា ៥:១៦; អេភេសូរ ៦:២, ៣) លោកប្រាប់យើងឲ្យគោរពអ្នកចាស់ទុំក្នុងក្រុមជំនុំ ពីព្រោះការមិនគោរពពួកគាត់នឹងបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ (ហេប្រឺ ១៣:៧, ១៧) ម្យ៉ាងទៀត លោកប្រាប់យើងឲ្យស្ដាប់បង្គាប់ពួកអាជ្ញាធរ ពីព្រោះនោះការពារយើង។—រ៉ូម ១៣:៤
១១ ពេលយើងដឹងអំពីមូលហេតុដែលព្រះយេហូវ៉ាចង់ឲ្យយើងស្ដាប់បង្គាប់ នោះជួយយើងគោរពអ្នកដែលមានអំណាចលើយើង មែនទេ? ឥឡូវសូមពិចារណាអំពីរបៀបដែលយើងអាចគោរពអ្នកដែលមានអំណាចលើយើងក្នុងរឿងបីយ៉ាងក្នុងជីវិត។
របៀបបង្ហាញការគោរពក្នុងរង្វង់គ្រួសារ
១២. តើព្រះយេហូវ៉ាកំណត់ឲ្យប្ដីនិងឪពុកមានតួនាទីអ្វីក្នុងក្រុមគ្រួសារ? ហើយតើបុរសត្រូវបំពេញតួនាទីរបស់ខ្លួនយ៉ាងដូចម្ដេច?
១២ ព្រះយេហូវ៉ាជាអ្នកផ្ដើមបង្កើតឲ្យមានក្រុមគ្រួសារ។ ដោយសារព្រះតែងតែប្រព្រឹត្តដោយរបៀបរៀបរយ នោះលោកបានរៀបចំក្រុមគ្រួសារដើម្បីដំណើរការល្អ។ (កូរិនថូសទី១ ១៤:៣៣) លោកផ្ដល់សិទ្ធិអំណាចឲ្យប្ដីនិងឪពុកធ្វើជាមេគ្រួសារ។ ប្ដីបង្ហាញថាគាត់គោរពគ្រិស្តយេស៊ូដែលជាប្រមុខរបស់គាត់ ដោយយកតម្រាប់តាមរបៀបដែលលោកយេស៊ូប្រើអំណាចជាប្រមុខលើក្រុមជំនុំ។ (អេភេសូរ ៥:២៣) ដូច្នេះ ប្ដីមិនត្រូវបដិសេធភារកិច្ចរបស់ខ្លួនទេ តែគាត់ត្រូវតាំងចិត្តរឹងមាំរែកពុនបន្ទុករបស់ខ្លួន។ ប្ដីក៏មិនត្រូវឃោរឃៅឬប្រើសិទ្ធិអំណាចតាមរបៀបផ្ដាច់ការដែរ តែគាត់ត្រូវប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ ដោយស្លូតបូត សមហេតុផល។ ប្ដីចាំមិនភ្លេចថា អំណាចរបស់គាត់គឺតិចជាងអំណាចរបស់ព្រះយេហូវ៉ា។
ឪពុកដែលជាគ្រិស្តសាសនិកប្រើសិទ្ធិអំណាចជាប្រមុខសមស្របតាមគំរូរបស់គ្រិស្ត
១៣. តើប្រពន្ធនិងម្ដាយអាចបំពេញតួនាទីរបស់ខ្លួនក្នុងក្រុមគ្រួសារយ៉ាងដូចម្ដេចដើម្បីឲ្យព្រះយេហូវ៉ាពេញចិត្ត?
១៣ ប្រពន្ធនិងម្ដាយត្រូវធ្វើជាអ្នកជួយប្ដី។ នាងក៏មានសិទ្ធិអំណាចក្នុងក្រុមគ្រួសារដែរ ព្រោះគម្ពីរចែងអំពី«សេចក្ដីដំបូន្មានរបស់ម្ដាយ»។ (សុភាសិត ១:៨) ប៉ុន្តែសិទ្ធិអំណាចរបស់នាងគឺតិចជាងអំណាចរបស់ប្ដី។ ប្រពន្ធដែលជាគ្រិស្តសាសនិកបង្ហាញថានាងគោរពសិទ្ធិអំណាចរបស់ប្ដី ដោយជួយគាត់បំពេញតួនាទីរបស់គាត់ជាមេគ្រួសារ។ នាងមិននិយាយមើលងាយគាត់ ប្រើកលល្បិចដើម្បីឲ្យប្ដីធ្វើតាមចិត្តនាង ហើយមិនខំដណ្ដើមយកតួនាទីជាមេគ្រួសារពីប្ដីទេ។ ផ្ទុយទៅវិញ នាងគាំទ្រប្ដី ហើយសហការជាមួយនឹងគាត់។ ពេលដែលប្ដីធ្វើការសម្រេចចិត្តដែលនាងមិនពេញចិត្ត នោះនាងអាចប្រាប់អំពីគំនិតរបស់នាងដោយរបៀបដែលបង្ហាញការគោរព ប៉ុន្តែនាងនៅតែចុះចូល។ បើប្ដីរបស់នាងមិនមែនជាអ្នកជឿ នោះនាងប្រហែលជានឹងប្រឈមមុខការពិបាកផ្សេងៗ ប៉ុន្តែបើនាងចុះចូលនឹងប្ដី នោះអាចជំរុញគាត់ឲ្យស្វែងរកព្រះយេហូវ៉ា។—សូមអាន ពេត្រុសទី១ ៣:១
១៤. តើកូនអាចធ្វើឲ្យឪពុកម្ដាយនិងព្រះយេហូវ៉ាសប្បាយចិត្តយ៉ាងដូចម្ដេច?
១៤ ពេលដែលកូនស្ដាប់បង្គាប់ឪពុកម្ដាយ នោះធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្ត។ ពេលកូនស្ដាប់បង្គាប់ ពួកគេក៏ធ្វើឲ្យឪពុកម្ដាយសប្បាយចិត្តដែរ ហើយបង្ហាញថាពួកគេគោរពឪពុកម្ដាយ។ (សុភាសិត ១០:១) បើក្រុមគ្រួសារនោះមានតែម្ដាយប៉ុណ្ណោះឬមានតែឪពុកប៉ុណ្ណោះ នោះកូនក៏គួរធ្វើតាមគោលការណ៍ស្តីអំពីការស្ដាប់បង្គាប់ដែរ ដោយដឹងថាឪពុកឬម្ដាយរបស់ពួកគេប្រហែលជាត្រូវការឲ្យកូនគាំទ្រនិងសហការខ្លាំងជាងធម្មតា។ បើសមាជិកទាំងអស់ក្នុងក្រុមគ្រួសារធ្វើតាមតួនាទីដែលព្រះបានកំណត់ឲ្យពួកគេ នោះក្រុមគ្រួសារមានអំណរនិងសេចក្ដីសុខ។ នេះនាំឲ្យព្រះយេហូវ៉ាដែលជាអ្នកផ្ដើមបង្កើតឲ្យមានក្រុមគ្រួសារ បានទទួលនូវការលើកតម្កើង។—អេភេសូរ ៣:១៤, ១៥
របៀបបង្ហាញការគោរពក្នុងក្រុមជំនុំ
១៥. (ក) ក្នុងក្រុមជំនុំ តើយើងអាចបង្ហាញយ៉ាងដូចម្ដេចថា យើងគោរពអំណាចរបស់ព្រះយេហូវ៉ា? (ខ) តើគោលការណ៍អ្វីខ្លះអាចជួយយើងឲ្យស្ដាប់បង្គាប់ពួកអ្នកដែលនាំមុខ? (សូមមើលប្រអប់ដែលមានចំណងជើងថា «ចូរស្ដាប់បង្គាប់ . . . ពួកអ្នកដែលនាំមុខអ្នករាល់គ្នា»)
១៥ ព្រះយេហូវ៉ាបានតែងតាំងបុត្ររបស់លោកជាអ្នកគ្រប់គ្រងក្រុមជំនុំនៃគ្រិស្តសាសនិកពិត។ (កូឡុស ១:១៣) បន្ទាប់មក លោកយេស៊ូបានតែងតាំង«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា» ដើម្បីជួយរាស្ត្ររបស់ព្រះយេហូវ៉ាគោរពប្រណិប័តន៍លោក។ (ម៉ាថាយ ២៤:៤៥-៤៧) គណៈអភិបាលនៃសាក្សីព្រះយេហូវ៉ាជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ ដូចក្នុងក្រុមជំនុំគ្រិស្តសាសនិកនៅសតវត្សរ៍ទី១នោះ អ្នកចាស់ទុំសព្វថ្ងៃនេះទទួលការណែនាំនិងឱវាទពីគណៈអភិបាលដោយផ្ទាល់ ឬតាមរយៈតំណាងរបស់ពួកគេ ដូចជាអ្នកធ្វើដំណើរត្រួតពិនិត្យជាដើម។ ពេលដែលយើងម្នាក់ៗគោរពសិទ្ធិអំណាចរបស់អ្នកចាស់ទុំក្នុងក្រុមជំនុំគ្រិស្តសាសនិកពិត នោះយើងកំពុងស្ដាប់បង្គាប់ព្រះយេហូវ៉ា។—សូមអាន ថែស្សាឡូនិចទី១ ៥:១២; ហេប្រឺ ១៣:១៧
១៦. តើអ្នកចាស់ទុំបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធរបស់ព្រះក្នុងន័យអ្វី?
១៦ អ្នកចាស់ទុំនិងជំនួយការខាងកិច្ចបម្រើគឺមិនល្អឥតខ្ចោះទេ។ ពួកគាត់មានកំហុសដូចយើងដែរ។ ប៉ុន្តែអ្នកចាស់ទុំជា«អំណោយជាមនុស្ស» ដែលបានត្រូវផ្ដល់ដើម្បីជួយក្រុមជំនុំរក្សាចំណងមិត្តភាពដ៏រឹងមាំជាមួយនឹងព្រះយេហូវ៉ា។ (អេភេសូរ ៤:៨) អ្នកចាស់ទុំបានត្រូវតែងតាំងដោយសកម្មពលបរិសុទ្ធ។ (សកម្មភាព ២០:២៨) តើពួកគាត់បានត្រូវតែងតាំងយ៉ាងដូចម្ដេច? គឺបុរសទាំងនេះត្រូវមានគុណសម្បត្ដិដែលបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះក្នុងបណ្ដាំរបស់លោក។ (ធីម៉ូថេទី១ ៣:១-៧, ១២; ទីតុស ១:៥-៩) ម្យ៉ាងទៀត ពេលអ្នកចាស់ទុំជួបជុំគ្នាដើម្បីពិនិត្យមើលគុណសម្បត្ដិរបស់បុរសណាម្នាក់ ពួកគាត់អធិដ្ឋានយ៉ាងស្មោះអស់ពីចិត្ត សុំទទួលការណែនាំពីសកម្មពលបរិសុទ្ធរបស់ព្រះយេហូវ៉ា។
១៧. ក្នុងកិច្ចបម្រើគ្រិស្តសាសនិក ហេតុអ្វីជួនកាលស្ត្រីពាក់អ្វីលើក្បាល?
១៧ ម្ដងម្កាលក្នុងក្រុមជំនុំ ប្រហែលជាមានពេលណាមួយដែលគ្មានអ្នកចាស់ទុំឬជំនួយការខាងកិច្ចបម្រើដែលអាចបំពេញភារកិច្ចរបស់ពួកគេ ដូចជាការដឹកនាំប្រជុំសម្រាប់កិច្ចផ្សព្វផ្សាយជាដើម។ ក្នុងករណីបែបនេះ បងប្អូនប្រុសឯទៀតដែលបានទទួលការជ្រមុជទឹកអាចបំពេញកិច្ចការនោះជំនួសបាន។ បើគ្មានបងប្អូនប្រុសទេ នោះបងប្អូនស្រីដែលមានគុណសម្បត្ដិគ្រប់គ្រាន់អាចបំពេញកិច្ចការចាំបាច់នោះជំនួសបាន។ ក៏ប៉ុន្តែ ពេលដែលស្ត្រីម្នាក់បំពេញតួនាទីណាមួយដែលធម្មតាត្រូវបំពេញដោយបុរសដែលបានទទួលការជ្រមុជទឹកហើយនោះ នាងត្រូវពាក់អ្វីមួយលើក្បាល។b (កូរិនថូសទី១ ១១:៣-១០) តម្រូវការនេះមិនបន្ទាបបន្ថោកស្ត្រីភេទទេ។ ផ្ទុយទៅវិញ នេះផ្ដល់ឱកាសឲ្យនាងបង្ហាញថានាងគោរពរបៀបរៀបចំរបស់ព្រះយេហូវ៉ាស្តីអំពីប្រមុខភាព ក្នុងក្រុមគ្រួសារនិងក្នុងក្រុមជំនុំផងដែរ។
របៀបបង្ហាញការគោរពចំពោះពួកអាជ្ញាធរ
១៨, ១៩. (ក) តើអ្នកនឹងបកស្រាយគោលការណ៍នៅរ៉ូម ១៣:១-៧យ៉ាងដូចម្ដេច? (ខ) តើយើងបង្ហាញការគោរពចំពោះពួកអាជ្ញាធរយ៉ាងដូចម្ដេច?
១៨ គ្រិស្តសាសនិកពិតប្រកាន់ខ្ជាប់តាមគោលការណ៍នៅរ៉ូម ១៣:១-៧។ (សូមអាន) កាលដែលអ្នកអានខទាំងនោះ អ្នកនឹងឃើញថា«ពួកអាជ្ញាធរ»ដែលបានត្រូវរៀបរាប់ក្នុងខទាំងនោះ សំដៅទៅលើរដ្ឋាភិបាលមនុស្ស។ ដរាបណាដែលព្រះយេហូវ៉ាអនុញ្ញាតឲ្យមានរដ្ឋាភិបាលមនុស្ស រដ្ឋាភិបាលទាំងនេះបំពេញតួនាទីសំខាន់ ដោយរក្សាឲ្យមានសណ្ដាប់ធ្នាប់មួយកម្រិត ហើយរៀបចំឲ្យមានសេវាកម្មចាំបាច់ផ្សេងៗ។ យើងបង្ហាញការគោរពចំពោះអាជ្ញាធរទាំងនេះ ដោយគោរពច្បាប់។ យើងបង់ពន្ធដាដែលយើងត្រូវបង់ បំពេញយ៉ាងត្រឹមត្រូវនូវឯកសារណាដែលរដ្ឋាភិបាលតម្រូវឲ្យបំពេញ ហើយគោរពច្បាប់ណាដែលទាក់ទងនឹងយើង ក្រុមគ្រួសារ ជំនួញ ឬទ្រព្យសម្បត្ដិរបស់យើង។ ក៏ប៉ុន្តែយើងមិនចុះចូលនឹងពួកអាជ្ញាធរទេ បើពួកគេសុំយើងធ្វើអ្វីដែលខុសច្បាប់ព្រះ។ ផ្ទុយទៅវិញ យើងតបឆ្លើយដូចសាវ័កនៅសម័យបុរាណដែលថា៖ «យើងត្រូវស្ដាប់បង្គាប់ព្រះជាអ្នកគ្រប់គ្រង ជាជាងមនុស្ស» (សូមមើលប្រអប់ដែលមានចំណងជើងថា «តើខ្ញុំគួរគោរពសិទ្ធិអំណាចរបស់អ្នកណា?»)។—សកម្មភាព ៥:២៨, ២៩
១៩ យើងក៏បង្ហាញថាយើងគោរពពួកអាជ្ញាធរតាមរយៈអាកប្បកិរិយានិងពាក្យសម្ដីរបស់យើងដែរ។ ពេលខ្លះ យើងត្រូវទាក់ទងដោយផ្ទាល់នឹងមន្ត្រីរាជការ។ សាវ័កប៉ូលបានជួបដោយផ្ទាល់នឹងអ្នកគ្រប់គ្រងផ្សេងៗដូចជាស្តេចហេរ៉ូឌអាគ្រីប៉ានិងអភិបាលភេស្ទុស។ បុរសទាំងនោះមានកំហុសធ្ងន់ធ្ងរ ប៉ុន្តែប៉ូលនៅតែបាននិយាយទៅកាន់ពួកគេដោយគោរព។ (សកម្មភាព ២៦:២, ២៥) យើងធ្វើតាមគំរូរបស់ប៉ូល ទោះជាអ្នកដែលយើងនិយាយទៅកាន់នោះជាអ្នកគ្រប់គ្រងដែលមានអំណាចឬគ្រាន់តែជានគរបាលក្នុងសហគមន៍យើងក៏ដោយ។ នៅសាលារៀន យុវគ្រិស្តសាសនិកបង្ហាញការគោរពដូចនោះដែរចំពោះលោកគ្រូអ្នកគ្រូ និងបុគ្គលិកឯទៀតនៅសាលា។ ម្យ៉ាងទៀត យើងមិនគ្រាន់តែបង្ហាញការគោរពចំពោះអ្នកដែលចូលចិត្តជំនឿរបស់យើងប៉ុណ្ណោះទេ តែយើងក៏មានអាកប្បកិរិយានិងពាក្យសម្ដីគោរពចំពោះអ្នកដែលប្រឆាំងសាក្សីព្រះយេហូវ៉ាដែរ។ តាមពិត ជាទូទៅអ្នកមិនជឿគួរមានអារម្មណ៍ថាយើងគោរពពួកគេ។—សូមអាន រ៉ូម ១២:១៧, ១៨; ពេត្រុសទី១ ៣:១៥
២០, ២១. បើយើងបង្ហាញការគោរពយ៉ាងត្រឹមត្រូវចំពោះអ្នកដែលមានអំណាចលើយើង តើយើងទទួលពរអ្វីខ្លះ?
២០ កុំឲ្យយើងស្ទាក់ស្ទើរក្នុងការបង្ហាញនូវការគោរព។ សាវ័កពេត្រុសបានសរសេរថា៖ «ចូរគោរពមនុស្សគ្រប់ប្រភេទ»។ (ពេត្រុសទី១ ២:១៧) ពេលមនុស្សមានអារម្មណ៍ថាយើងគោរពពួកគេដោយស្មោះ នោះអាចធ្វើឲ្យពួកគេស្ងើចសរសើរយើង។ សូមចាំថា សព្វថ្ងៃនេះមានមនុស្សកាន់តែតិចទៅៗដែលបង្ហាញការគោរព។ ដូច្នេះ បើយើងបង្ហាញការគោរព យើងកំពុងធ្វើតាមបញ្ញត្ដិរបស់លោកយេស៊ូដែលថា៖ «ចូរឲ្យមនុស្សទាំងអស់ឃើញពន្លឺរបស់អ្នក។ យ៉ាងនោះ ពួកគេនឹងសរសើរបិតារបស់អ្នកដែលនៅស្ថានសួគ៌ ពេលដែលឃើញការល្អដែលអ្នករាល់គ្នាប្រព្រឹត្ត»។—ម៉ាថាយ ៥:១៦
២១ ពិភពលោកនេះស្ថិតក្នុងភាពងងឹត តែពន្លឺពីព្រះទាក់ទាញមនុស្សដែលមានចិត្តគំនិតត្រឹមត្រូវ។ ដូច្នេះពេលយើងបង្ហាញការគោរពក្នុងក្រុមគ្រួសារ ក្នុងក្រុមជំនុំ និងចំពោះពួកអាជ្ញាធរ នេះអាចទាក់ទាញមនុស្សខ្លះឲ្យចង់ដើរក្នុងពន្លឺជាមួយនឹងយើង។ នេះជាលទ្ធផលដ៏អស្ចារ្យណាស់! ប៉ុន្តែ ទោះជាពួកគេមិនចូលក្នុងពន្លឺក៏ដោយ យើងនៅតែអាចប្រាកដថា ពេលយើងគោរពមនុស្សឯទៀត នោះធ្វើឲ្យព្រះយេហូវ៉ាពេញចិត្ត ហើយជួយយើងរក្សាខ្លួនជាមនុស្សដែលលោកស្រឡាញ់។ គ្មានរង្វាន់អ្វីដែលប្រសើរជាងនោះឡើយ មែនទេ?
a ក្នុងជំពូកនេះ ពាក្យអំណាច បានត្រូវប្រើក្នុងអត្ថន័យទូលំទូលាយ ហើយសំដៅទៅអ្នកដែលមានសិទ្ធិអំណាចក្នុងក្រុមគ្រួសារឬក្នុងក្រុមជំនុំ។
b សេចក្ដីពន្យល់បន្ថែមដែលមានចំណងជើងថា «តើស្ត្រីត្រូវពាក់អ្វីលើក្បាលនៅពេលណា ហើយហេតុអ្វី?» មានឧទាហរណ៍ខ្លះអំពីរបៀបដែលស្ត្រីអាចអនុវត្តតាមគោលការណ៍នេះ។