សូមកុំចុះញ៉មនឹងការប្រណាំងចំពោះជីវិត!
«ត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់»។—ហេព្រើរ ១២:១
១, ២. តើព្រឹត្ដិការណ៍ដ៏រំភើបអ្វី ដែលធ្វើឲ្យពួកអ្នកបំរើនៃព្រះយេហូវ៉ាបានរំភើបចិត្តក្នុងកំឡុងថ្ងៃចុងបញ្ចប់?
យើងរស់នៅក្នុងគ្រាដ៏រំភើបហើយដ៏ពិបាកមួយ។ ជាង៨០ឆ្នាំមកនេះ ក្នុងឆ្នាំ១៩១៤ ព្រះយេស៊ូបានត្រូវសោយរាជ្យជាស្តេចនៃព្រះរាជាណាចក្ររបស់ព្រះនៅស្ថានសួគ៌។ «ថ្ងៃរបស់ព្រះអម្ចាស់» និង«គ្រាចុងបញ្ចប់»នៃរបបលោកីយ៍នេះ ក៏បានចាប់ផ្ដើមឡើង។ (វិវរណៈ ១:១០; ដានីយ៉ែល ១២:៩) តាំងពីពេលនោះមក ការប្រណាំងរបស់គ្រីស្ទានចំពោះជីវិត មានភាពបន្ទាន់កាន់តែច្រើនឡើង។ ពួកអ្នកបំរើរបស់ព្រះបានខំប្រឹងណាស់ ដើម្បីរត់ឲ្យទាន់រទេះនៅស្ថានសួគ៌របស់ព្រះយេហូវ៉ា គឺអង្គការនៅស្ថានសួគ៌របស់ទ្រង់ ដែលកំពុងឆ្ពោះទៅមុខជានិច្ច ដើម្បីបំពេញគោលបំណងរបស់ព្រះយេហូវ៉ា។—អេសេគាល ១:៤-២៨; កូរិនថូសទី១ ៩:២៤
២ តើរាស្ត្ររបស់ព្រះមានអំណរ កាលដែលគេ‹រត់ប្រណាំង›ឆ្ពោះទៅជីវិតដ៏អស់កល្បជានិច្ចនេះទេ? ត្រូវហើយ គឺមានអំណរមែន! ពួកគេបានរំភើបចិត្តណាស់ ដោយឃើញការប្រមូលនៃពួកសំណល់នៃបងប្អូនរបស់ព្រះយេស៊ូ ហើយគេក៏មានចិត្តសប្បាយដែរ ដោយដឹងថា ការបោះត្រាចុងបញ្ចប់នៃពួកសំណល់នៃពួក១៤៤.០០០នាក់ គឺកាន់តែជិតអស់ហើយ។ (វិវរណៈ ៧:៣, ៤) ម្យ៉ាងវិញទៀត គេក៏បានរំភើបចិត្តដែរ ដោយដឹងថា ស្តេចដែលព្រះយេហូវ៉ាបានរើសតាំង បានលូកកណ្ដៀវទ្រង់ដើម្បីច្រូត‹ប្រមូលនៅផែនដី›។ (វិវរណៈ ១៤:១៥, ១៦) ហើយនេះជាការប្រមូលច្រូតដ៏ធំមែន! (ម៉ាថាយ ៩:៣៧) មកដល់ឥឡូវនេះ មានមនុស្សជាង៥លាននាក់ ត្រូវបានប្រមូលចូលហើយ—«មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ (វិវរណៈ ៧:៩) គ្មាននរណាម្នាក់អាចនិយាយថា មនុស្សហ្វូងធំនឹងមានប៉ុន្មាននាក់នៅទីបំផុតទេ ពីព្រោះឥតមានមនុស្សណាម្នាក់ដែលអាចរាប់បានឡើយ។
៣. ទោះជាមានឧបសគ្គអ្វីដែលយើងត្រូវតែបណ្ដុះឲ្យមានចិត្តដ៏អំណរជានិច្ច?
៣ ត្រូវហើយ សាតាំងបានខំប្រឹងធ្វើឲ្យយើងជំពប់ដួល កាលដែលយើងកំពុងតែមានល្បឿនលឿនក្នុងការប្រណាំងនេះ។ (វិវរណៈ ១២:១៧) ហើយមិនជាការស្រួលប៉ុន្មានទេ ក្នុងការឆ្លងកាត់សង្គ្រាម ការអត់បាយ និងរោគរាតត្បាត ហើយសេចក្ដីទុក្ខលំបាកផ្សេងៗទៀត ដែលមានក្នុងគ្រាចុងបញ្ចប់។ (ម៉ាថាយ ២៤:៣-៩; លូកា ២១:១១; ធីម៉ូថេទី២ ៣:១-៥) ប៉ុន្តែ យើងនៅមានអំណរ កាលដែលទីបញ្ចប់នៃការប្រណាំងកាន់តែជិតមកដល់។ យើងខំប្រឹងបង្ហាញនូវគំនិតដែលប៉ុលបានដាស់តឿនពួកគ្រីស្ទានគ្នីគ្នាក្នុងសម័យលោកថា៖ «ចូរអរសប្បាយ ក្នុងព្រះអម្ចាស់ជានិច្ច ខ្ញុំប្រាប់ម្ដងទៀតថា ចូរអរសប្បាយឡើង»!—ភីលីព ៤:៤
៤. តើពួកគ្រីស្ទានក្នុងក្រុងភីលីពបានបង្ហាញចិត្តគំនិតបែបណា?
៤ ប្រាកដហើយ ពួកគ្រីស្ទានដែលប៉ុលបានសរសេរពាក្យទាំងនោះ គឺមានអំណរក្នុងជំនឿរបស់គេ ពីព្រោះប៉ុលបានមានប្រសាសន៍ទៅគេថា៖ «ចូរអរសប្បាយក្នុងព្រះអម្ចាស់ចុះ»។ (ភីលីព ៣:១) ពួកគ្រីស្ទានក្នុងក្រុងភីលីពគឺជាក្រុមជំនុំដែលប្រកបដោយសប្បុរសនិងដ៏ស្រឡាញ់ ដែលបានបំរើដោយចិត្តខ្នះខ្នែងនិងដ៏សាទរ។ (ភីលីព ១:៣-៥; ៤:១០, ១៤-២០) ប៉ុន្តែ មិនមែនពួកគ្រីស្ទានទាំងអស់មានចិត្តគំនិតដូចនេះទេ។ ជាឧទាហរណ៍ ពួកគ្រីស្ទានជាតិយូដាខ្លះដែលប៉ុលបានសរសេរសៀវភៅហេព្រើរ គឺមានអ្វីមួយដែលគួរឲ្យខ្វល់ខ្វាយ។
«ប្រុងប្រយ័តលើសទៅទៀត»
៥. (ក) តើពួកគ្រីស្ទានហេព្រើរមានចិត្តគំនិតយ៉ាងណា ពេលដែលក្រុមជំនុំគ្រីស្ទានទីមួយបានស្ថាបនានោះ? (ខ) សូមរៀបរាប់ចិត្តគំនិតដែលពួកគ្រីស្ទានហេព្រើរខ្លះមានក្នុងឆ្នាំ៦០ស.យ.។
៥ ក្រុមជំនុំគ្រីស្ទានទីមួយក្នុងប្រវត្ដិសាស្ត្រលោក គឺមានពួកយូដានិងពួកដែលចូលសាសនាយូដា ហើយត្រូវបានស្ថាបនាឡើងក្នុងក្រុងយេរូសាឡិមក្នុងឆ្នាំ៣៣ស.យ.។ តើពួកគេមានចិត្តគំនិតយ៉ាងណា? យើងគ្រាន់តែអានក្នុងជំពូកដើមនៃសៀវភៅកិច្ចការ នោះនឹងដឹងថាគេប្រកបដោយចិត្តសាទរនិងអំណរ ទោះជាបានប្រឈមការធ្វើទុក្ខបៀតបៀនក៏ដោយ។ (កិច្ចការ ២:៤៤-៤៧; ៤:៣២-៣៤; ៥:៤១; ៦:៧) ប៉ុន្តែ កាលដែលច្រើនទសវត្សបានកន្លងទៅ ស្ថានការណ៍ក៏បានផ្លាស់ប្ដូរ ហើយពួកគ្រីស្ទានជាតិយូដាជាច្រើនបានបង្អង់ក្នុងការប្រណាំងចំពោះជីវិត។ ឯកសារស្រាវជ្រាវមួយបានចែងអំពីស្ថានការណ៍របស់គេ ដែលមានប្រហែលក្នុងឆ្នាំ៦០ស.យ.៖ «ស្ថានភាពនៃការស្ពឹកនិងការនឿយហត់ និងការទន្ទឹងចាំដែលមិនបានសម្រេច សេចក្ដីសង្ឃឹមដែលបានពន្យារ បរាជ័យដ៏ចេតនានិងជំនឿដ៏ឥតមានប្រយោជន៍។ ពួកគេជាគ្រីស្ទាន ប៉ុន្តែមានការអបអរតិចតួចណាស់នៃសិរីល្អនៃការត្រាស់ហៅខាងស្ថានសួគ៌របស់គេ»។ តើពួកគ្រីស្ទានចាក់ប្រេងតាំងទាំងនេះ បានក្លាយទៅជាមានសភាពបែបហ្នឹងយ៉ាងដូចម្ដេច? ការពិចារណាមើលផ្នែកនៃសំបុត្ររបស់ប៉ុលដល់ពួកហេព្រើរ (ដែលបានសរសេរក្នុងឆ្នាំ៦១ ស.យ.) នឹងជួយយើងឲ្យឆ្លើយសំនួរនោះ។ ការពិចារណាមើលបែបនេះ នឹងជួយយើងទាំងអស់គ្នាសព្វថ្ងៃនេះ ឲ្យជៀសវាងពីការធ្លាក់ចូលក្នុងសភាពទន់ខ្សោយខាងវិញ្ញាណដូចនេះ។
៦. តើមានការខុសគ្នាយ៉ាងណាខ្លះរវាងការថ្វាយបង្គំក្រោមក្រិត្យវិន័យម៉ូសេ និងការថ្វាយបង្គំដែលមានជំនឿលើព្រះយេស៊ូគ្រីស្ទ?
៦ ពួកគ្រីស្ទានហេព្រើរបានចាកចេញពីការនិយមយូដា ជារបបដែលបានអះអាងគោរពតាមក្រិត្យវិន័យ ដែលព្រះយេហូវ៉ាបានប្រទានតាមរយៈម៉ូសេ។ ក្រិត្យវិន័យនោះហាក់ដូចជានៅមានការទាក់ទាញពួកគ្រីស្ទានយូដាទាំងឡាយ ប្រហែលជាច្រើនសតវត្សមកហើយ ដែលនេះជាផ្លូវតែមួយគត់ក្នុងការមកឯព្រះយេហូវ៉ា ហើយនេះជារបបដ៏ស្ងើចនៃការថ្វាយបង្គំ ដែលមានភាពសង្ឃ យញ្ញបូជាជារឿយៗ ហើយព្រះវិហារដ៏ល្បីក្នុងក្រុងយេរូសាឡិម។ សាសនាគ្រីស្ទានគឺខុសពីនេះ។ គឺតម្រូវទស្សនៈខាងវិញ្ញាណ ដូចលោកម៉ូសេ ដែល«សម្លឹងចំទៅឯរង្វាន់» ហើយ«បានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។ (ហេព្រើរ ១១:២៦, ២៧) យ៉ាងច្បាស់ណាស់ ដែលពួកគ្រីស្ទានជាច្រើនឥតមានទស្សនៈខាងវិញ្ញាណបែបនេះ។ ពួកគេមានចិត្តស្ទាក់ស្ទើរ ជាជាងចូលរត់ប្រណាំងតាមរបៀបដ៏មានគោលបំណង។
៧. តើតាមរបៀបណាដែលរបបសម័យដែលយើងបានចាកចេញ មានឥទ្ធិពលលើរបៀបដែលយើងរត់ប្រណាំងចំពោះជីវិត?
៧ តើមានស្ថានការណ៍ស្រដៀងគ្នាសព្វថ្ងៃនេះទេ? ស្ថានការណ៍សព្វថ្ងៃនេះ គឺមិនដូចគ្នាចំៗនោះទេ។ ប៉ុន្តែ ពួកគ្រីស្ទានបានចាកចេញពីរបបលោកីយ៍ដែលមានការអួតជាខ្លាំង។ លោកីយ៍នេះផ្ដល់ឲ្យឱកាសដ៏រំភើបជាច្រើន ប៉ុន្តែ ក្នុងពេលដំណាលគ្នា វាមានបន្ទុកដ៏ធ្ងន់លើមនុស្ស។ ថែមទៀតនោះ យើងជាច្រើនរស់នៅក្នុងស្រុក ដែលមានអាកប្បកិរិយាដ៏សង្ស័យពាសពេញ ហើយមនុស្សមានអាកប្បកិរិយាដ៏កំណាញ់ ដែលចង់បានតែលេខមួយ។ ប្រសិនបើយើងអនុញ្ញាតខ្លួនយើងឲ្យរបបបែបនេះមានឥទ្ធិពលលើយើង នោះ‹ភ្នែកចិត្តរបស់អ្នក› អាចទៅជាស្ពឹកយ៉ាងស្រួល។ (អេភេសូរ ១:១៨) តើតាមរបៀបណាដែលយើងនឹងរត់ឲ្យបានស្រួលក្នុងការប្រណាំងចំពោះជីវិត បើយើងមិនអាចមើលឃើញច្បាស់ទីកន្លែងដែលយើងត្រូវទៅនោះ?
៨. តើផ្លូវណាខ្លះដែលសាសនាគ្រីស្ទាន គឺខ្ពង់ខ្ពស់ជាងការថ្វាយបង្គំក្រោមក្រិត្យវិន័យ?
៨ ដើម្បីនឹងលើកទឹកចិត្តពួកគ្រីស្ទានយូដា ប៉ុលបានរំឭកគេអំពីភាពខ្ពង់ខ្ពស់នៃប្រព័ន្ធគ្រីស្ទានលើក្រិត្យវិន័យម៉ូសេ។ ត្រូវហើយ ពេលដែលសាសន៍អ៊ីស្រាអែលខាងសាច់ឈាមជារាស្ត្ររបស់ព្រះយេហូវ៉ានៅក្រោមក្រិត្យវិន័យ នោះព្រះយេហូវ៉ាមានបន្ទូលដល់គេតាមរយៈព្យាការីជាច្រើន។ ប៉ុន្តែ ប៉ុលមានប្រសាសន៍ថា សព្វថ្ងៃនេះទ្រង់មានបន្ទូល«ដោយសារព្រះរាជបុត្រាវិញ ដែលទ្រង់បានដំរូវឲ្យបានគ្រងរបស់ទាំងអស់ ទុកជាមរដក ព្រមទាំងបង្កើតលោកីយ ដោយសារព្រះរាជបុត្រានោះដែរ»។ (ហេព្រើរ ១:២) ម្យ៉ាងវិញទៀត ព្រះយេស៊ូគឺខ្ពង់ខ្ពស់ជាងស្តេចទាំងឡាយនៃជួរដាវីឌ «ពួកសំឡាញ់»នៃទ្រង់។ ទ្រង់ថែមទាំងខ្ពង់ខ្ពស់ជាងពួកទេវតាទៅទៀត។—ហេព្រើរ ១:៥, ៦, ៩
៩. ហេតុអ្វីក៏យើង ដូចពួកគ្រីស្ទានសាសន៍យូដានៃសម័យប៉ុល ត្រូវតែ«ប្រុងប្រយ័ត្នឲ្យលើសទៅទៀត» ដល់អ្វីដែលព្រះយេហូវ៉ាមានបន្ទូល?
៩ ដូច្នេះ ប៉ុលបានឲ្យទូន្មានបងប្អូនគ្រីស្ទានថា៖ «ដោយហេតុនោះ បានជាគួរឲ្យយើងរាល់គ្នាប្រុងប្រយ័តលើសទៅទៀត ចំពោះសេចក្ដីដែលយើងរាល់គ្នាបានឮ ក្រែងយើងរសាត់ចេញពីសេចក្ដីទាំងនោះ»។ (ហេព្រើរ ២:១) ទោះជាការរៀនដឹងអំពីព្រះគ្រីស្ទជាពរដ៏អស្ចារ្យក៏ដោយ ប៉ុន្តែ គឺត្រូវការថែមទៀត។ ពួកគេត្រូវតែប្រុងប្រយ័ត្នលើបន្ទូលរបស់ព្រះ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃវិស័យយូដា ដែលមាននៅជុំវិញគេ។ យើងក៏ត្រូវតែ«ប្រុងប្រយ័ត្នលើសទៅទៀត»ដែរ ដល់អ្វីដែលព្រះយេហូវ៉ាមានបន្ទូល ដោយសារឃោសនាទាំងឡាយ ដែលយើងឃើញពីលោកីយ៍នេះ។ នេះមានន័យថា ស្ថាបនាទម្លាប់នៃការសិក្សាឲ្យបានល្អ និងរក្សាគម្រោងការណ៍នៃការអានព្រះគម្ពីរ។ ដូចប៉ុលមានប្រសាសន៍ក្រោយមកក្នុងសំបុត្ររបស់គាត់ដល់ពួកហេព្រើរ នេះក៏មានន័យឲ្យយើងមកឯកិច្ចប្រជុំ និងប្រកាសជំនឿរបស់យើងជារឿយៗដែរ។ (ហេព្រើរ ១០:២៣-២៥) សកម្មភាពបែបនេះនឹងជួយយើងឲ្យប្រុងប្រយ័ត្នជាដរាបខាងវិញ្ញាណ ដើម្បីកុំយើងបាត់បង់នៃសេចក្ដីសង្ឃឹមដ៏រុងរឿងរបស់យើង។ ប្រសិនបើយើងដាក់គំនិតរបស់ព្រះយេហូវ៉ាក្នុងយើង នោះយើងនឹងមិនបានទៅជាសន្ធប់លើឬគ្មានចិត្តនឹងនរ ដោយអ្វីៗដែលលោកីយ៍នេះធ្វើដល់យើង។—ទំនុកដំកើង ១:១-៣; សុភាសិត ៣:១-៦
«កំឡាចិត្តគ្នាទៅវិញទៅមក»
១០. (ក) តើអ្វីដែលអាចកើតឡើងដល់បុគ្គលដែលឥតប្រុងប្រយ័ត្នដល់បន្ទូលរបស់ព្រះយេហូវ៉ា? (ខ) តើតាមរបៀបណាដែលយើងអាច«កំឡាចិត្តគ្នាទៅវិញទៅមក»?
១០ ប្រសិនបើយើងមិនប្រុងប្រយ័ត្ននឹងរបស់ខាងវិញ្ញាណទេ នោះសេចក្ដីសន្យារបស់ព្រះប្រហែលដូចជាឥតពិតទេ។ នេះក៏បានកើតឡើងក្នុងសតវត្សទីមួយដែរ ពេលដែលក្រុមជំនុំទាំងមូល គឺមានសុទ្ធតែពួកគ្រីស្ទានចាក់ប្រេងតាំង ហើយពួកសាវ័កខ្លះៗបាននៅរស់ផង។ ប៉ុលបានព្រមានប្រាប់ពួកហេព្រើរថា៖ «បានជាអញស្បថទាំងកំហឹងថា វារាល់គ្នាមិនត្រូវចូលទៅក្នុងសេចក្ដីសំរាករបស់អញសោះឡើយ។ តែចូរកំឡាចិត្តគ្នាទៅវិញទៅមកជារាល់ថ្ងៃវិញ ក្នុងកាលដែលនៅតែហៅថា‹ថ្ងៃនេះ› នៅឡើយ ក្រែងអ្នករាល់គ្នាណាមួយមានចិត្តរឹងរូស ដោយសេចក្ដីបញ្ឆោតរបស់អំពើបាប»។ (ហេព្រើរ ៣:១២, ១៣) ពាក្យរបស់ប៉ុល ដែលថា‹ចូរប្រុងប្រៀប› បញ្ជាក់នូវការប្រុងប្រយ័ត្ន។ គឺមានការគំរាមកំហែងដ៏គ្រោះថ្នាក់! ការឥតមានជំនឿ—«បាប»—អាចដុះក្នុងចិត្តរបស់យើង ហើយយើងអាចដកខ្លួនចេញពីព្រះ ជាជាងទៅជិតឯទ្រង់។ (យ៉ាកុប ៤:៨) ប៉ុលរំឭកយើងឲ្យ«កំឡាចិត្តគ្នាទៅវិញទៅមក»។ យើងត្រូវការការកក់ក្ដៅពីបងប្អូនរបស់យើង។ «អ្នកណាដែលញែកខ្លួនចេញពីអ្នកដទៃ នោះជាអ្នករកបំពេញតែចិត្តខ្លួនឯងទេ ហើយក៏បានចិត្តគ្នាន់ក្នាញ់ទាស់នឹងអស់ទាំងសេចក្ដីដែលមានទំនង»។ (សុភាសិត ១៨:១) សេចក្ដីត្រូវការចូលរួមបែបនេះ ជំរុញឲ្យពួកគ្រីស្ទានសព្វថ្ងៃនេះមកឯកិច្ចប្រជុំក្នុងក្រុមជំនុំ សន្និបាត និងមហាសន្និបាតជារឿយៗ។
១១, ១២. ហេតុអ្វីក៏យើងមិនត្រូវពេញចិត្តតែ នឹងចំណេះនៃសេចក្ដីបង្រៀនគ្រីស្ទាននោះ?
១១ ក្រោយមកក្នុងសំបុត្ររបស់គាត់ ប៉ុលបានឲ្យឱវាទដ៏មានតម្លៃទៀតថា៖ «គួរឲ្យអ្នករាល់គ្នាបានធ្វើជាគ្រូ ដោយព្រោះជឿជាយូរមកហើយ តែអ្នករាល់គ្នាត្រូវការ ឲ្យគេបង្រៀនទាំងខ្លឹមរបស់បឋមសិក្សា នៃព្រះបន្ទូលម្ដងទៀត ហើយមិនត្រូវការនឹងអាហាររឹង គឺត្រូវការនឹងទឹកដោះវិញ . . . ឯអាហាររឹង នោះសំរាប់តែមនុស្សធំ ដែលបានបង្ហាត់ឥន្ទ្រីយ ដោយធ្លាប់ខ្លួនហើយ ដើម្បីឲ្យបានដឹងខុសត្រូវ»។ (ហេព្រើរ ៥:១២-១៤) យ៉ាងច្បាស់ណាស់ ពួកគ្រីស្ទានជាតិយូដាខ្លះ មិនបានចំរើនការយល់របស់គេទេ។ ពួកគេមានការយឺតនឹងទទួលពន្លឺដែលបានភ្លឺឡើង ចំពោះច្បាប់និងការកាត់ស្បែក។ (កិច្ចការ ១៥:២៧-២៩; កាឡាទី ២:១១-១៤; ៦:១២, ១៣) អ្នកខ្លះប្រហែលនៅចាត់ទុកទម្លាប់ខាងប្រពៃណីដ៏សំខាន់ណាស់ ដូចជាថ្ងៃសំរាកប្រចាំអាទិត្យ និងថ្ងៃបុណ្យធួននឹងបាបជាឧឡារិកប្រចាំឆ្នាំ។—កូល៉ុស ២:១៦, ១៧; ហេព្រើរ ៩:១-១៤
១២ ដូច្នេះហើយ ប៉ុលមានប្រសាសន៍ថា៖ «ចូរឲ្យយើងឈប់ ខាងឯសេចក្ដីបឋមសិក្សានៃព្រះបន្ទូលព្រះគ្រីស្ទ ហើយខំឲ្យបានជឿនទៅមុខ ដរាបដល់ពេញខ្នាតចុះ»។ (ហេព្រើរ ៦:១) អ្នករត់ប្រណាំងឆ្ងាយម្នាក់ ដែលប្រុងប្រយ័ត្ននឹងអាហាររបស់គាត់ នោះនឹងអាចស៊ូទ្រាំបានល្អជាង ក្នុងការរត់ប្រណាំងឆ្ងាយដ៏លំបាកនោះ។ ស្រដៀងគ្នាដែរ គ្រីស្ទានម្នាក់ដែលប្រុងប្រយ័ត្ននឹងអាហារខាងវិញ្ញាណ—មិនគ្រាន់តែពេញចិត្តនឹង‹បឋមសិក្សា›—នោះនឹងអាចនៅក្នុងដំណើររត់ប្រណាំង ហើយនឹងអាចចប់បាន។ (ប្រៀបធៀប ធីម៉ូថេទី២ ៤:៧) នេះមានន័យថា បណ្ដុះឲ្យមានការចាប់អារម្មណ៍ពី«ទទឹងបណ្ដោយ ជំរៅ នឹងកំពស់»នៃសេចក្ដីពិត ដើម្បីឲ្យលូតលាស់ជឿនទៅមុខ។—អេភេសូរ ៣:១៨
‹អ្នករាល់គ្នាត្រូវការការស៊ូទ្រាំ›
១៣. តើពួកគ្រីស្ទានហេព្រើរបានបង្ហាញជំនឿរបស់គេ នៅពេលមុនៗដោយយ៉ាងដូចម្ដេច?
១៣ ក្នុងរយៈពេលក្រោយពីបុណ្យភិន្ដាកុសឆ្នាំ៣៣ ស.យ.ភ្លាម ពួកគ្រីស្ទានយូដាបានឈរមាំមួន ទោះជាមានការប្រឆាំងយ៉ាងខ្លាំងក៏ដោយ។ (កិច្ចការ ៨:១) ប្រហែលជាប៉ុលចង់និយាយអំពីរឿងនេះ ពេលដែលគាត់បានសរសេរថា៖ «ចូរនឹកចាំពីជាន់មុន គឺពីកាលដែលអ្នករាល់គ្នាទើបនឹងបានភ្លឺឡើង នោះក៏ទ្រាំនឹងទុក្ខលំបាក ទាំងតតាំងជាខ្លាំងដែរ»។ (ហេព្រើរ ១០:៣២) ការស៊ូទ្រាំដ៏ស្មោះត្រង់បែបនេះ បង្ហាញនូវសេចក្ដីស្រឡាញ់របស់គេចំពោះព្រះ ហើយឲ្យគេមានសិទ្ធិសេរីក្នុងការទូលដល់ទ្រង់។ (យ៉ូហានទី១ ៤:១៧) ប៉ុលដាស់តឿនគេឲ្យកុំបោះបង់ចោលសេរីភាពនោះ ដោយសារឥតជំនឿ។ គាត់ដាស់តឿនគេថា៖ «អ្នករាល់គ្នាត្រូវការនឹងសេចក្ដីអត់ធ្មត់ ដើម្បីឲ្យបានទទួលសេចក្ដីដែលបានសន្យា ដោយធ្វើតាមព្រះហឫទ័យព្រះ ពីព្រោះ‹នៅតែបន្ដិចទៀត នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ› »។—ហេព្រើរ ១០:៣៥-៣៧
១៤. តើអ្វីជាហេតុការណ៍ពិតដែលជួយយើងឲ្យស៊ូទ្រាំ ទោះជាបានបំរើព្រះយេហូវ៉ាជាយូរឆ្នាំមកហើយក៏ដោយ?
១៤ ចុះយ៉ាងណាដែរ ចំពោះយើងសព្វថ្ងៃនេះ? យើងភាគច្រើនបានខ្នះខ្នែង ពេលដែលយើងបានរៀនអំពីសេចក្ដីពិតនៅដើមដំបូង។ តើយើងនៅមានចិត្តខ្នះខ្នែងនោះទេ? ឬក៏ហើយបាន‹បោះចោលសេចក្ដីស្រឡាញ់ដែលយើងមាននៅដើមដំបូង›? (វិវរណៈ ២:៤) តើយើងបានទៅជាត្រជាក់ ប្រហែលក្លាយទៅជាតូចចិត្តឬអស់កម្លាំងនៃការរង់ចាំអើម៉ាគេដូនឬ? សូម ឈប់ហើយគិតអំពីរឿងនេះ។ សេចក្ដីពិតគឺនៅអស្ចារ្យ ដូចនៅពេលមុនៗដដែល។ ព្រះយេស៊ូគឺនៅតែជាស្តេចរបស់យើងនៅស្ថានសួគ៌។ យើងនៅមានសង្ឃឹមចំពោះជីវិតដ៏អស់កល្បជានិច្ចលើផែនដីមនោរម្យ ហើយយើងនៅមានទំនាក់ទំនងជាមួយព្រះយេហូវ៉ា។ ហើយសូមកុំឲ្យភ្លេចថា៖ «នោះព្រះអង្គដែលត្រូវមក ទ្រង់នឹងយាងមកមែនឥតបង្អង់ឡើយ»។
១៥. ដូចព្រះយេស៊ូ តើពួកគ្រីស្ទានបានស៊ូទ្រាំការបៀតបៀនយ៉ាងខ្លាំងបែបណា?
១៥ ដូច្នេះ ពាក្យរបស់ប៉ុលដែលបានកត់ទុកនៅហេព្រើរ ១២:១, ២ គឺសមត្រឹមត្រូវណាស់៖ «ត្រូវឲ្យយើងចោលអស់ទាំងបន្ទុក នឹងអំពើបាប[ការខ្វះជំនឿ] ដែលរុំយើងជុំវិញជាងាយម្ល៉េះនោះចេញ ហើយត្រូវរត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់ ទាំងរំពឹងមើលដល់ព្រះយេស៊ូដ៏ជាមេផ្ដើម ហើយជាមេសម្រេចសេចក្ដីជំនឿរបស់យើង ដែលទ្រង់បានរងទ្រាំនៅឈើឆ្កាង ទាំងមើលងាយចំពោះសេចក្ដីអាម៉ាស់ខ្មាសនោះ ឲ្យតែបានសេចក្ដីអំណរដែលនៅចំពោះទ្រង់ រួចទ្រង់ក៏គង់ខាងស្ដាំបល្ល័ង្កនៃព្រះ»។ គឺមានរបស់ច្រើនណាស់ ដែលពួកអ្នកបំរើរបស់ព្រះបានស៊ូទ្រាំក្នុងថ្ងៃជាន់ក្រោយបង្អស់។ ដូចព្រះយេស៊ូ ដែលបាននៅស្មោះត្រង់រហូតដល់ការសោយទិវង្គតដ៏ឈឺចាប់ នោះពួកបងប្អូនប្រុសស្រីរបស់យើងខ្លះ ក៏បានស៊ូទ្រាំយ៉ាងស្មោះត្រង់នឹងសេចក្ដីបៀតបៀនដ៏សាហាវ—តាមជំរំក្នុងគុក ទទួលទារុណកម្ម ការចាប់រំលោភ និងសេចក្ដីស្លាប់។ (ពេត្រុសទី១ ២:២១) តើយើងមិនមានចិត្តពេញដោយសេចក្ដីស្រឡាញ់ដល់គេទេឬ ពេលដែលយើងពិនិត្យមើលចិត្តស្មោះគ្រប់ល័ក្ខណ៍របស់គេ?
១៦, ១៧. (ក) តើពួកគ្រីស្ទានភាគច្រើនបានប្រឈមការប្រកួតដល់ជំនឿគេយ៉ាងណា? (ខ) ដោយចងចាំអ្វីដែលនឹងជួយយើងឲ្យបន្តរត់ប្រណាំងចំពោះជីវិត?
១៦ យ៉ាងណាក៏ដោយ ចំពោះគ្រីស្ទានភាគច្រើន ពាក្យរបស់ប៉ុលជាបន្តគឺទាក់ទងដល់គេ៖ «ដ្បិតអ្នករាល់គ្នាមិនទាន់តយុទ្ធនឹងអំពើបាប ដល់ទៅហូរឈាមនៅឡើយទេ»។ (ហេព្រើរ ១២:៤) ប៉ុន្តែ ក្នុងរបបលោកីយ៍នេះ ផ្លូវនៃសេចក្ដីពិតគឺមិនមែនជាស្រួលសំរាប់យើងរាល់គ្នាឡើយ។ អ្នកខ្លះបានធ្លាក់ទឹកចិត្តដោយ«ពួកមនុស្សមានបាប ដែលធ្វើទទឹងទទែង» នៅឯកន្លែងធ្វើការ ឬនៅសាលារៀន ដោយអត់ទ្រាំនឹងសេចក្ដីមើលងាយ ឬទប់ទល់នឹងសេចក្ដីបង្ខំឲ្យប្រព្រឹត្តអំពើបាប។ (ហេព្រើរ ១២:៣) សេចក្ដីល្បួងដ៏ខ្លាំងបានធ្វើឲ្យរំលាយដល់ការតាំងចិត្តនៃពួកខ្លះ ក្នុងការរក្សាខ្នាតគំរូដ៏ខ្ពង់ខ្ពស់របស់ព្រះ។ (ហេព្រើរ ១៣:៤, ៥) ពួកអ្នកក្បត់ជំនឿបានមានឥទ្ធិពលលើភាពនឹងនរខាងវិញ្ញាណនៃអស់អ្នក ដែលស្ដាប់ដល់ឃោសនាដ៏ពុលរបស់គេ។ (ហេព្រើរ ១៣:៩) បញ្ហាខាងបុគ្គលិកលក្ខណៈបានបង្ការអ្នកខ្លះពីអំណរ។ ការគិតលើតែគ្រឿងកំសាន្ត បានធ្វើឲ្យគ្រីស្ទានខ្លះទៅជាខ្សោយ។ ហើយអ្នកខ្លះមានការពិបាកយ៉ាងខ្លាំងនៃការប្រកបជីវិតក្នុងរបបលោកីយ៍នេះ។
១៧ ត្រូវហើយ គ្មានស្ថានការណ៍ណាមួយទាំងនេះ ជា‹ការទប់ទល់ដែលស្តីអំពីឈាមឡើយ›។ ហើយស្ថានការណ៍ខ្លះអាចតាមដានដល់សេចក្ដីសម្រេចចិត្តខុស ដែលយើងបានធ្វើខ្លួនយើង។ ប៉ុន្តែ ទាំងអស់គឺជាការប្រកួតដល់ជំនឿរបស់យើង។ ដូច្នេះហើយបានជាយើងត្រូវមើលគំរូដ៏អស្ចារ្យរបស់ព្រះយេស៊ូនៃការស៊ូទ្រាំ។ សូមឲ្យយើងកុំភ្លេចអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យរបស់យើង។ សូមឲ្យយើងកុំបោះបង់ចោលការជឿស៊ប់របស់យើង ដែលថាព្រះយេហូវ៉ា«ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) រួចមក យើងនឹងមានកម្លាំងខាងវិញ្ញាណ ដើម្បីបន្តការរត់ប្រណាំងសំរាប់ជីវិត។
យើងអាចស៊ូទ្រាំ
១៨, ១៩. តើព្រឹត្ដិការណ៍អ្វីក្នុងប្រវត្ដិសាស្ត្រដែលបង្ហាញថាពួកគ្រីស្ទានហេព្រើរក្នុងយេរូសាឡិម ធ្វើតាមឱវាទរបស់ប៉ុល?
១៨ តើពួកគ្រីស្ទានជាតិយូដាប្រតិកម្មយ៉ាងដូចម្ដេចដល់សំបុត្ររបស់ប៉ុល? ប្រមាណប្រាំមួយឆ្នាំក្រោយពីសំបុត្របានសរសេរទៅពួកហេព្រើរ ស្រុកយូដាបានមានសង្គ្រាម។ ក្នុងឆ្នាំ៦៦ ស.យ. កងទ័ពរ៉ូម៉ាំងបានឡោមព័ទ្ធក្រុងយេរូសាឡិម ដែលសម្រេចបន្ទូលរបស់ព្រះយេស៊ូ៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ»។ (លូកា ២១:២០) ប៉ុន្តែ សំរាប់ប្រយោជន៍ដល់ពួកគ្រីស្ទានដែលនៅក្នុងក្រុងយេរូសាឡិមនៅពេលនោះ ព្រះយេស៊ូបានមានបន្ទូលថា៖ «គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយអ្នកអ្នកនៅកណ្ដាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ»។ (លូកា ២១:២១) ដូច្នេះ សង្គ្រាមច្បាំងជាមួយស្រុករ៉ូម ផ្ដល់ការសាកល្បងមួយ៖ តើពួកគ្រីស្ទានជាតិយូដាទាំងនោះនឹងបោះបង់ចោលក្រុងយេរូសាឡិម ជាមណ្ឌលនៃការថ្វាយបង្គំ ហើយជាកន្លែងនៃព្រះវិហារដ៏រុងរឿងនោះទេ?
១៩ មួយរំពេចនោះ ដោយឥតដឹងមូលហេតុអ្វីផង ពួករ៉ូមបានដកទ័ពចេញ។ ពួកយូដាដែលកាន់សាសនា ប្រហែលគិតថានេះជាភស្តុតាងថាព្រះការពារទីក្រុងដ៏បរិសុទ្ធរបស់គេ។ ចុះយ៉ាងណាវិញចំពោះពួកគ្រីស្ទាន? ប្រវត្ដិសាស្ត្រប្រាប់យើង ថាគេបានរត់ចេញ។ បន្ទាប់មក ក្នុងឆ្នាំ៧០ ស.យ. ពួករ៉ូមបានត្រឡប់មកវិញ ហើយបានកំទេចក្រុងយេរូសាឡិមអស់រលីង ដែលមានមនុស្សបាត់បង់ជីវិតជាច្រើន។ «ថ្ងៃនៃព្រះយេហូវ៉ា» ដែលបានទាយប្រាប់ដោយយ៉ូអែលបានធ្លាក់មកដល់ពួកយេរូសាឡិម។ ប៉ុន្តែ ពួកគ្រីស្ទានស្មោះត្រង់ ឥតរស់នៅកន្លែងនោះទៀតទេ។ ពួកគេ‹បានគេចរួចផុតជីវិត›។—យ៉ូអែល ២:៣០-៣២; កិច្ចការ ២:១៦-២១
២០. ដោយដឹងថា«ថ្ងៃនៃព្រះយេហូវ៉ា»គឺកាន់តែជិត គួរតែជំរុញយើងតាមរបៀបណាខ្លះ?
២០ សព្វថ្ងៃនេះ យើងដឹងថា«ថ្ងៃនៃព្រះយេហូវ៉ា»មួយទៀត នឹងមានឥទ្ធិពលលើរបបលោកីយ៍នេះទាំងមូល។ (យ៉ូអែល ៣:១២-១៤) យើងឥតដឹងថានៅពេលណា ដែលថ្ងៃនោះនឹងមកដល់ទេ។ ប៉ុន្តែបន្ទូលរបស់ព្រះធានាអះអាងយើង ថាថ្ងៃនោះនឹងមកដល់ជាមិនខាន! ព្រះយេហូវ៉ាមានបន្ទូលថា នឹងឥតរារង់ឡើយ។ (ហាបាគុក ២:៣; ពេត្រុសទី២ ៣:៩, ១០) ដូច្នេះ សូមឲ្យយើង‹ប្រុងប្រយ័ត្នលើសទៅទៀតដល់អ្វីដែលយើងឮ›។ សូមជៀសវាងពីការឥតជំនឿ ‹បាបដែលទាក់ទាញយើង›។ ចូរតាំងចិត្តឲ្យស៊ូទ្រាំ រហូតដល់ពេលមកដល់។ សូមចាំថា អង្គការនៅស្ថានសួគ៌ដែលមានសភាពដូចរទេះចម្បាំងរបស់ព្រះយេហូវ៉ា គឺមានល្បឿនទៅមុខ។ អង្គការនេះនឹងសម្រេចគោលបំណងរបស់ខ្លួន។ ដូច្នេះ សូមឲ្យយើងបន្តរត់ ហើយកុំចុះញ៉មនឹងការប្រណាំងចំពោះជីវិត!
តើអ្នកនៅចាំទេ?
◻ ការធ្វើតាមឱវាទមួយណារបស់ប៉ុលដល់ពួកភីលីព ដែលនឹងជួយយើងឲ្យស៊ូទ្រាំក្នុងការប្រណាំងចំពោះជីវិត?
◻ តើអ្វីដែលនឹងជួយយើងឲ្យទប់ទល់ទំនោរនៃលោកីយ៍នេះ ដែលចង់រំខានយើងនោះ?
◻ តើតាមរបៀបណាដែលយើងអាចជួយគ្នាទៅវិញទៅមក ឲ្យស៊ូទ្រាំក្នុងការប្រណាំង?
◻ តើអ្វីខ្លះដែលអាចធ្វើគ្រីស្ទានម្នាក់អស់កម្លាំង?
◻ តើតាមរបៀបណាដែលគំរូរបស់ព្រះយេស៊ូ ជួយយើងឲ្យស៊ូទ្រាំនោះ?
[រូបភាពនៅទំព័រ១០]
គ្មានអ្វីដែលអាចបង្ការរទេះចម្បាំងនៅស្ថានសួគ៌របស់ព្រះយេហូវ៉ា ពីការសម្រេចនៃគោលបំណងរបស់ទ្រង់ឡើយ
[រូបភាពនៅទំព័រ១២, ១៣]
ពួកគ្រីស្ទាន ដូចពួកអ្នករត់មិនត្រូវឲ្យអ្វីមករំខានគេឡើយ