ជូនចំពោះគ្រិស្តសាសនិកជនជាតិហេប្រឺ
១២ ដូច្នេះ ដោយសារមានសាក្សីមួយក្រុមធំ*យ៉ាងនេះនៅជុំវិញយើង ចូរយើងចោលអ្វីៗទាំងអស់ដែលធ្ងន់ និងការខុសឆ្គងដែលទាក់យើងយ៉ាងងាយនោះ+ ហើយចូរយើងរត់ដោយស៊ូទ្រាំក្នុងការប្រណាំងដែលព្រះបានកំណត់ឲ្យយើង។+ ២ ដំណាលគ្នានោះ យើងសម្លឹងមើលទៅលោកយេស៊ូ ជាមេដឹកនាំដែលធ្វើឲ្យយើងមានជំនឿ និងដែលធ្វើឲ្យជំនឿរបស់យើងបានពេញលក្ខណៈ។+ ដោយសារអំណរដែលនៅខាងមុខលោក លោកបានស៊ូទ្រាំលើបង្គោលទារុណកម្ម* ក៏មិនបានអាម៉ាស់ខ្មាសដែរ ហើយឥឡូវលោកបានអង្គុយនៅខាងស្ដាំបល្ល័ង្កនៃព្រះ។+ ៣ ចូរពិចារណាឲ្យបានដិតដល់អំពីលោកដែលបានស៊ូទ្រាំនឹងសម្ដីប្រឆាំងពីពួកអ្នកប្រព្រឹត្តអំពើខុសឆ្គង+ ជាសម្ដីដែលពួកគេផ្ដន្ទាទោសខ្លួនឯង។ ការដែលអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នានឹងមិនល្វើយ ហើយមិនឈប់ព្យាយាម។+
៤ ក្នុងការតស៊ូនឹងភាពខុសឆ្គងនោះ អ្នករាល់គ្នាមិនទាន់តស៊ូរហូតដល់ស្លាប់ទេ។ ៥ ម្យ៉ាងទៀត អ្នករាល់គ្នាបានភ្លេចទាំងស្រុងនូវដំបូន្មានទៅកាន់អ្នករាល់គ្នា ដូចជាពាក្យទូន្មានរបស់ឪពុកទៅកាន់កូនថា៖ «កូនអើយ កុំមើលងាយការប្រដៅពីព្រះយេហូវ៉ា*ឡើយ ហើយកុំឈប់ព្យាយាម ពេលដែលលោកកែតម្រង់កូន។ ៦ ព្រោះព្រះយេហូវ៉ា*ប្រៀនប្រដៅអស់អ្នកដែលលោកស្រឡាញ់ តាមការពិត អស់អ្នកដែលលោកទទួលជាកូន លោកវាយនឹងរំពាត់»។+
៧ អ្នករាល់គ្នាត្រូវស៊ូទ្រាំ ព្រោះនោះទុកជាការប្រៀនប្រដៅ។* ព្រះកំពុងប្រព្រឹត្តចំពោះអ្នករាល់គ្នាដូចកូន។+ តើមានឪពុកណាដែលមិនប្រៀនប្រដៅកូនឬទេ?+ ៨ ក៏ប៉ុន្តែ ប្រសិនបើអ្នករាល់គ្នាមិនទទួលការប្រៀនប្រដៅ នោះអ្នករាល់គ្នាជាកូនឥតស្របច្បាប់ ហើយមិនមែនជាកូនពិតទេ។ ៩ ម្យ៉ាងទៀត យើងមានឪពុកជាមនុស្សដែលធ្លាប់ប្រដៅយើង ហើយយើងបានគោរពពួកគាត់ ទម្រាំតែបិតាដែលណែនាំជីវិតយើងដោយឫទ្ធានុភាពរបស់លោកដើម្បីឲ្យយើងនៅរស់ យើងក៏ត្រូវចុះចូលនឹងលោកជាងនោះទៅទៀត មែនទេ?+ ១០ ព្រោះអស់មួយរយៈពេលខ្លី ពួកគាត់ធ្លាប់ប្រៀនប្រដៅយើងតាមតែពួកគាត់គិតថាល្អ តែព្រះប្រៀនប្រដៅយើងជាប្រយោជន៍ដល់យើង ដើម្បីឲ្យយើងរួមចំណែកក្នុងសេចក្ដីបរិសុទ្ធរបស់លោក។+ ១១ ពិតមែន ពេលទទួលការប្រៀនប្រដៅ នោះធ្វើឲ្យកើតទុក្ខ* មិនមែនធ្វើឲ្យមានអំណរទេ។ ប៉ុន្តែ ក្រោយមកអ្នកដែលសុខចិត្តទទួលការប្រៀនប្រដៅនោះ នឹងទទួលផលជាសេចក្ដីសុខសាន្តនិងរបៀបរស់នៅដ៏សុចរិត។
១២ ដូច្នេះ ចូរធ្វើឲ្យដៃដែលស្រយុតនិងជង្គង់ដែលទន់បានមាំមួនឡើង+ ១៣ ហើយចូរបន្តធ្វើផ្លូវឲ្យត្រង់សម្រាប់ជើងអ្នករាល់គ្នា+ ដើម្បីកុំឲ្យអវយវៈដែលរបួសនោះភ្លាត់ឆ្អឹង តែដើម្បីឲ្យជាឡើងវិញ។ ១៤ ចូរខំប្រឹងឲ្យមានសន្តិភាពជាមួយនឹងមនុស្សទាំងអស់+ ហើយខំប្រឹងឲ្យមានសេចក្ដីបរិសុទ្ធ+ ព្រោះអ្នកណាដែលគ្មានសេចក្ដីបរិសុទ្ធ អ្នកនោះនឹងមិនឃើញលោកម្ចាស់ទេ។ ១៥ ចូរប្រុងប្រយ័ត្ន កុំឲ្យអ្នកណាបាត់បង់គុណដ៏វិសេសលើសលប់របស់ព្រះ ដើម្បីកុំឲ្យឫសដែលមានពិសពុលអាចដុះឡើងបង្កើតបញ្ហា ហើយធ្វើឲ្យមនុស្សជាច្រើនស្មោកគ្រោក។+ ១៦ ចូរប្រយ័ត្ន កុំឲ្យមានអ្នកណាក្នុងចំណោមអ្នករាល់គ្នាប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* ឬមានអ្នកណាដែលមិនឲ្យតម្លៃទៅលើអ្វីដែលពិសិដ្ឋ ដូចអេសាវនោះឡើយ ព្រោះគាត់បានប្រគល់សិទ្ធិជាកូនច្បងដើម្បីប្ដូរយកអាហារតែមួយពេល។+ ១៧ ពីព្រោះអ្នករាល់គ្នាដឹងថា ក្រោយមកពេលដែលគាត់ចង់ទទួលពរនោះជាមត៌ក គាត់បានត្រូវបដិសេធ។ ទោះជាគាត់ស្រក់ទឹកភ្នែក ហើយខំប្រឹងអស់ពីចិត្តដើម្បីធ្វើឲ្យឪពុកដូរគំនិតក៏ដោយ+ គាត់ធ្វើមិនបានសម្រេចទេ។
១៨ ព្រោះអ្នករាល់គ្នាមិនបានចូលទៅជិតភ្នំមួយដែលអ្នករាល់គ្នាអាចពាល់បាន+ ហើយជាភ្នំដែលបានត្រូវធ្វើឲ្យមានភ្លើងឆេះ+ មានពពកខ្មៅ មានភាពងងឹតសូន្យសុង និងមានព្យុះបក់បោកទេ+ ១៩ ហើយក៏មិនបានចូលទៅជិតភ្នំនោះដែលមានសំឡេងត្រែ+ និងមានសំឡេងមួយបន្លឺទៅកាន់ពួកគេដែរ។+ ក្រោយពីឮសំឡេងនោះហើយ ពួកគេអង្វរសុំកុំឲ្យសំឡេងនោះបន្លឺទៅកាន់ពួកគេទៀត។+ ២០ ព្រោះពួកគេខ្លាចបង្គាប់ដែលថា៖ «ប្រសិនបើមានសត្វណាប៉ះភ្នំនេះ ត្រូវគប់ថ្មសម្លាប់សត្វនោះចោល»។+ ២១ ម្យ៉ាងទៀត ការនោះគួរឲ្យខ្លាចដល់ម្ល៉េះបានជាម៉ូសេនិយាយថា៖ «ខ្ញុំភ័យខ្លាច ក៏ញ័ររន្ធត់ផង»។+ ២២ ប៉ុន្តែ អ្នករាល់គ្នាបានចូលទៅជិតភ្នំស៊ីយ៉ូន+ និងក្រុងរបស់ព្រះដែលមានជីវិតរស់នៅ ជាក្រុងយេរូសាឡិមនាស្ថានសួគ៌+ ព្រមទាំងទេវតាជាច្រើនអនេក*ដែលនៅជុំគ្នា+ ២៣ និងក្រុមជំនុំរបស់បុត្រច្បងដែលមានឈ្មោះកត់ទុកនៅស្ថានសួគ៌ ព្រមទាំងព្រះដែលជាចៅក្រមរបស់បុគ្គលគ្រប់រូប+ និងមនុស្សសុចរិតដែលបានកើតពីឫទ្ធានុភាព+ ហើយដែលបានត្រូវធ្វើឲ្យល្អឥតខ្ចោះ+ ២៤ និងលោកយេស៊ូជាអ្នកសម្រុះសម្រួល+កិច្ចព្រមព្រៀងថ្មី+ ព្រមទាំងឈាមដែលលោកបានប្រោះមកលើយើង ជាឈាមដែលនិយាយអំពីអ្វីដែលប្រសើរជាងឈាមរបស់អេបិល។+
២៥ ចូរប្រយ័ត្ន កុំឲ្យអ្នករាល់គ្នារកលេសមិនស្ដាប់បង្គាប់លោកដែលកំពុងមានប្រសាសន៍ឡើយ។ ព្រោះប្រសិនបើអស់អ្នកដែលបានរកលេសមិនស្ដាប់បង្គាប់អ្នកដែលប្រាប់សេចក្ដីព្រមានរបស់ព្រះនៅផែនដី ពួកគេមិនអាចគេចពីទោសនៅពេលនោះ ទម្រាំតែយើងវិញ យើងច្បាស់ជាមិនអាចគេចពីទោសបានឡើយ ប្រសិនបើយើងបែរចេញពីលោកដែលមានប្រសាសន៍ចេញពីស្ថានសួគ៌!+ ២៦ នៅពេលនោះ សំឡេងរបស់លោកបានធ្វើឲ្យផែនដីរញ្ជួយ+ ប៉ុន្តែឥឡូវលោកបានសន្យាថា៖ «ខ្ញុំនឹងអង្រួនមេឃនិងផែនដីម្ដងទៀត»។+ ២៧ ពាក្យថា«ម្ដងទៀត» បញ្ជាក់អំពីការដកចេញនូវអ្វីដែលនឹងត្រូវធ្វើឲ្យរញ្ជួយ ជាអ្វីដែលបានត្រូវបង្កើត ដើម្បីឲ្យអ្វីដែលនឹងមិនត្រូវធ្វើឲ្យរញ្ជួយនៅស្ថិតស្ថេរ។ ២៨ យើងឃើញថាយើងនឹងទទួលរាជាណាចក្រដែលមិនអាចត្រូវធ្វើឲ្យរញ្ជួយឡើយ។ ហេតុនេះ ចូរយើងបន្តទទួលគុណដ៏វិសេសលើសលប់ជានិច្ច ហើយតាមរយៈគុណដ៏វិសេសលើសលប់នោះ យើងអាចបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះតាមរបៀបដែលលោកពេញចិត្ត។ យើងធ្វើដូច្នេះដោយកោតខ្លាចនិងស្ញប់ស្ញែង។ ២៩ ព្រោះព្រះរបស់យើងប្រៀបដូចជាភ្លើងឆេះសន្ធោសន្ធៅ។+