ចូរកាន់តាមយ៉ាងខ្ជាប់ខ្ជួនហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញ
«[ម៉ូសេ]លោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។—ហេព្រើរ ១១:២៧
១. តើសេចក្ដីថ្លែងដ៏អស្ចារ្យណាអំពីព្រះ ដែលព្រះយេស៊ូបានមានបន្ទូលប្រាប់ក្នុងធម្មទាននៅលើភ្នំនោះ?
ព្រះយេហូវ៉ាជាព្រះដ៏មើលមិនឃើញ។ នៅពេលដែលម៉ូសេបានទូលសុំចង់ឃើញសិរីរុងរឿងរបស់ទ្រង់ នោះព្រះយេហូវ៉ាបានតបឆ្លើយថា៖ «ឯងពុំអាចនឹងមើលមុខអញបានឡើយ ដ្បិតមនុស្សជាតិនឹងឃើញអញ ហើយរស់នៅមិនបានទេ»។ (និក្ខមនំ ៣៣:២០) ហើយសាវ័កយ៉ូហានបានសរសេរថា៖ «គ្មានអ្នកណាដែលឃើញព្រះឡើយ»។ (យ៉ូហាន ១:១៨) កាលដែលព្រះយេស៊ូគ្រីស្ទធ្លាប់ជាមនុស្សនៅលើផែនដីនេះ សូម្បីតែទ្រង់ក៏មិនអាចទតឃើញព្រះទេ។ ប៉ុន្តែ នៅធម្មទាននៅលើភ្នំ ព្រះយេស៊ូបានមានបន្ទូលថា៖ «មានពរហើយ អស់អ្នកដែលមានចិត្តបរិសុទ្ធ ដ្បិតអ្នកទាំងនោះនឹងបានឃើញព្រះ»។ (ម៉ាថាយ ៥:៨) តើព្រះយេស៊ូចង់មានន័យយ៉ាងណា?
២. ហេតុអ្វីបានជាយើងមិនអាចមើលឃើញព្រះនឹងភ្នែកផ្ទាល់របស់យើង?
២ បទគម្ពីរសម្គាល់ព្រះយេហូវ៉ាជាវិញ្ញាណមួយដ៏មើលមិនឃើញ។ (យ៉ូហាន ៤:២៤; កូល៉ុស ១:១៥; ធីម៉ូថេទី១ ១:១៧) ដូច្នេះហើយ ព្រះយេស៊ូមិនចង់បានន័យថា យើងជាមនុស្សអាចមើលឃើញព្រះយេហូវ៉ានឹងភ្នែកផ្ទាល់នោះទេ។ ពិតហើយ ពួកគ្រីស្ទានចាក់ប្រេងតាំងនឹងមើលឃើញព្រះយេហូវ៉ានៅស្ថានសួគ៌ ក្រោយពីពួកគេបានត្រូវប្រោសឲ្យរស់ឡើងវិញ ជាសត្តនិករវិញ្ញាណ។ ក៏ប៉ុន្តែ មនុស្សណាដែល«មានចិត្តបរិសុទ្ធ» និងមានសេចក្ដីសង្ឃឹមរស់នៅជានិរន្តរ៍លើផែនដីនេះ ក៏អាច«ឃើញ»ព្រះបានដែរ។ តើអាចមានលទ្ធភាពយ៉ាងដូចម្ដេចទៅ?
៣. តើមនុស្សលោកអាចស្គាល់គុណសម្បត្ដិខ្លះៗរបស់ព្រះយ៉ាងដូចម្ដេចបាន?
៣ យើងរៀនអ្វីមួយអំពីព្រះយេហូវ៉ា ដោយសង្កេតមើលយ៉ាងល្អិតល្អន់នូវអ្វីៗដែលទ្រង់បានបង្កើតមក។ ដូច្នេះយើងអាចមានចិត្តស្ងើចនឹងព្រះចេស្ដាទ្រង់ និងបានជំរុញចិត្តឲ្យទទួលស្គាល់ទ្រង់ជាព្រះដ៏ជាអ្នកបង្កើត។ (ហេព្រើរ ១១:៣; វិវរណៈ ៤:១១) ក្នុងករណីនេះ សាវ័កប៉ុលបានសរសេរថា៖ «ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយមក ទោះទាំងព្រះចេស្ដាដ៏នៅអស់កល្បជានិច្ច នឹងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក»។ (រ៉ូម ១:២០) ដូច្នេះ បន្ទូលរបស់ព្រះយេស៊ូអំពីការមើលឃើញព្រះ រួមបញ្ចូលនឹងសមត្ថភាពទទួលស្គាល់គុណសម្បត្ដិខ្លះៗរបស់ព្រះយេហូវ៉ា។ ការមើលឃើញបែបនេះ គឺមានមូលដ្ឋានលើចំណេះត្រឹមត្រូវ និងបានត្រូវស្គាល់ខាងវិញ្ញាណដោយ‹ភ្នែកចិត្ត›។ (អេភេសូរ ១:១៨) ពាក្យបន្ទូលនិងការប្រព្រឹត្តរបស់ព្រះយេស៊ូ ក៏លាតត្រដាងយ៉ាងច្រើនអំពីព្រះដែរ។ ដូច្នេះហើយ ព្រះយេស៊ូបានមានបន្ទូលថា៖ «អ្នកណាដែលឃើញខ្ញុំ នោះក៏បានឃើញព្រះវរបិតាដែរ»។ (យ៉ូហាន ១៤:៩) ព្រះយេស៊ូបានសម្ដែងឲ្យឃើញដោយធ្វើឲ្យដូចបេះបិទនឹងបុគ្គលិកលក្ខណៈរបស់ព្រះយេហូវ៉ា។ ដូច្នេះហើយ ចំណេះអំពីព្រះជន្មនិងការបង្រៀនរបស់ព្រះយេស៊ូ អាចជួយយើងឲ្យឃើញ ឬឲ្យស្គាល់គុណសម្បត្ដិខ្លះៗរបស់ព្រះដែរ។
ភាពខាងវិញ្ញាណគឺសំខាន់ចាំបាច់
៤. តើការខ្វះភាពខាងវិញ្ញាណដែលមនុស្សជាច្រើនសព្វថ្ងៃនេះមាន បានឃើញជាក់ស្តែងយ៉ាងណា?
៤ សព្វថ្ងៃនេះ ជំនឿនិងភាពខាងវិញ្ញាណដ៏ស្មោះ គឺប្រាកដជាកម្រមានណាស់។ ប៉ុលបានមានប្រសាសន៍ថា៖ «មិនមែនមនុស្សទាំងអស់ ដែលមានសេចក្ដីជំនឿទេ»។ (ថែស្សាឡូនីចទី២ ៣:២) មនុស្សជាច្រើនជាប់រវល់ទាំងស្រុងនឹងការស្វះស្វែងផ្ទាល់ខ្លួន និងឥតមានជំនឿលើព្រះឡើយ។ ការប្រព្រឹត្តដ៏មានបាបនិងការខ្វះភាពខាងវិញ្ញាណ បង្ការគេពីការឃើញទ្រង់ដោយការយល់ ដ្បិតសាវ័កយ៉ូហានបានសរសេរថា៖ «អ្នកណាដែលប្រព្រឹត្តអាក្រក់ នោះមិនបានឃើញព្រះឡើយ»។ (យ៉ូហានទី៣ ១១) ពីព្រោះមនុស្សបែបនេះមើលមិនឃើញព្រះនឹងភ្នែកផ្ទាល់របស់គេទេ ពីព្រោះគេប្រព្រឹត្តហាក់ដូចជាទ្រង់ទតមិនឃើញនូវអ្វីដែលគេកំពុងតែធ្វើអ៊ីចឹង។ (អេសេគាល ៩:៩) ពួកគេមើលងាយលើរបស់ខាងវិញ្ញាណ ដូច្នេះពួកគេមិនអាចទទួល«ចំណេះដ៏សំខាន់អំពីព្រះ»ឡើយ។ (សុភាសិត ២:៥, ព.ថ.) អ៊ីចឹងហើយ ដោយសមហេតុផល នោះប៉ុលបានសរសេរថា៖ «មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្ដីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្ដីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្ដីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ»។—កូរិនថូសទី១ ២:១៤
៥. មនុស្សដែលប្រុងស្មារតីលើរបស់ខាងវិញ្ញាណ គឺប្រុងប្រយ័ត្ននឹងហេតុការណ៍អ្វី?
៥ យ៉ាងណាក៏ដោយ បើយើងប្រុងស្មារតីលើរបស់ខាងវិញ្ញាណ នោះយើងនឹងប្រុងប្រយ័ត្នជាដរាបថា ថ្វីបើព្រះយេហូវ៉ាមិនមែនជាព្រះដែលរកតែកំហុសយើងក៏ដោយ ក៏ទ្រង់ជ្រាបដឹងបានដែរ បើកាលណាយើងប្រព្រឹត្តដោយមានគំនិតនិងសេចក្ដីប្រាថ្នាដ៏អាក្រក់នោះ។ ប្រាកដហើយ «អស់ទាំងផ្លូវរបស់មនុស្សសុទ្ធតែច្បាស់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ទ្រង់ក៏ស្ទង់មើលអស់ទាំងផ្លូវច្រករបស់គេដែរ»។ (សុភាសិត ៥:២១) ប្រសិនបើអំពើបាបមានជ័យជំនះលើយើង នោះយើងនឹងបានត្រូវជំរុញឲ្យប្រែចិត្ត និងទូលសុំការអត់ឱនទោសពីព្រះយេហូវ៉ា ពីព្រោះយើងស្រឡាញ់ទ្រង់ និងមិនចង់ធ្វើឲ្យទ្រង់ឈឺព្រះទ័យឡើយ។—ទំនុកដំកើង ៧៨:៤១; ១៣០:៣
តើអ្វីដែលធ្វើឲ្យយើងបានខ្ជាប់ខ្ជួន?
៦. តើសេចក្ដីខ្ជាប់ខ្ជួនមានន័យយ៉ាងណា?
៦ ថ្វីបើយើងមើលព្រះយេហូវ៉ាមិនឃើញក៏ដោយ ចូរឲ្យយើងចងចាំជានិច្ចថា ទ្រង់អាចទតឃើញយើងបាន។ ការយល់ដឹងអំពីអត្ថិភាពរបស់ទ្រង់ និងជំនឿស៊ប់ថាទ្រង់គង់នៅជិតអស់អ្នកដែលអំពាវនាវរកទ្រង់ នឹងជួយយើងឲ្យមានចិត្តខ្ជាប់ខ្ជួន រឹងប៊ឹងមាំមួន ដោយមានសេចក្ដីស្មោះត្រង់នឹងទ្រង់។ (ទំនុកដំកើង ១៤៥:១៨) យើងក៏អាចដូចលោកម៉ូសេដែរ ដែលប៉ុលបានសរសេរអំពីលោកថា៖ «ដោយសារសេចក្ដីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្ដីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»។—ហេព្រើរ ១១:២៧
៧, ៨. តើអ្វីដែលបានឲ្យលោកម៉ូសេមានចិត្តក្លាហាននៅពីមុខស្តេចផារ៉ោន?
៧ ក្នុងការធ្វើតាមកិច្ចការដែលព្រះបានប្រទានឲ្យ ដើម្បីនាំពួកអ៊ីស្រាអែលចេញពីសេវកភាពពីសាសន៍អេស៊ីបនោះ លោកម៉ូសេតែងតែបានឡើងបង្ហាញខ្លួននៅពីមុខស្តេចផារ៉ោនដ៏ជិះជាន់នោះនៅឯព្រះរាជវាំង ដែលមានពេញទៅដោយមហាសេដ្ឋីខាងសាសនានិងខាងទាហាន។ ជញ្ជាំងវាំងប្រហែលជាមានពេញដោយរូបចម្លាក់ហើយ។ ទោះជាលោកមើលទ្រង់មិនឃើញក៏ដោយ ប៉ុន្តែព្រះយេហូវ៉ាជាបុគ្គលដ៏ពិតចំពោះលោកម៉ូសេ មិនដូចរូបចម្លាក់ទាំងប៉ុន្មានដែលតំណាងព្រះដ៏ឥតមានជីវិតនៅស្រុកអេស៊ីបនោះទេ។ គឺគ្មានអ្វីប្លែកទេ ដែលលោកម៉ូសេមិនមានចិត្តខ្លាចស្តេចផារ៉ោននោះ!
៨ តើអ្វីដែលបានឲ្យលោកម៉ូសេមានចិត្តក្លាហាន ឡើងទៅបង្ហាញខ្លួនជាញឹកញាប់នៅពីមុនស្តេចផារ៉ោន? បទគម្ពីរចែងប្រាប់យើងថា«រីឯម៉ូសេលោកសុភាពណាស់ លើសអស់ទាំងមនុស្សនៅលើផែនដី»។ (ជនគណនា ១២:៣) យ៉ាងច្បាស់ហើយ ភាពខាងវិញ្ញាណដ៏មាំមួនរបស់គាត់ និងជំនឿស៊ប់ថាព្រះបានគង់ជាមួយគាត់ បានឲ្យលោកម៉ូសេនូវកម្លាំងចាំបាច់ ដើម្បីតំណាង‹ព្រះដ៏មើលមិនឃើញ›នៅពីមុខស្តេចដ៏សាហាវរបស់ស្រុកអេស៊ីប។ តើមានវិធីណាខ្លះចំពោះអស់អ្នកដែល«ឃើញ»ព្រះដ៏មើលមិនឃើញ សម្ដែងជំនឿលើទ្រង់សព្វថ្ងៃនេះ?
៩. តើអ្វីជាវិធីមួយដែលយើងអាចបន្តកាន់យ៉ាងខ្ជាប់ខ្ជួន?
៩ វិធីមួយដើម្បីសម្ដែងជំនឿនិងបន្តកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញ នោះគឺដោយផ្សព្វផ្សាយយ៉ាងក្លាហានទោះជាមានការបៀតបៀនក៏ដោយ។ ព្រះយេស៊ូបានព្រមានសិស្សទ្រង់ថា៖ «មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ»។ (លូកា ២១:១៧) ទ្រង់ក៏បានមានបន្ទូលប្រាប់គេថា៖ «បាវមិនមែនធំជាងចៅហ្វាយទេ បើគេបានបៀតបៀនដល់ខ្ញុំ នោះគេនឹងបៀតបៀនដល់អ្នករាល់គ្នា . . . ដែរ»។ (យ៉ូហាន ១៥:២០) ស្របនឹងបន្ទូលរបស់ព្រះយេស៊ូមែន នោះក្រោយបន្ដិចពីទ្រង់សោយទិវង្គតទៅ នោះអ្នកកាន់តាមទ្រង់បានរងការបៀតបៀន តាមរយៈការគំរាមកំហែង ចាប់ដាក់គុក និងការវាយធ្វើបាប។ (កិច្ចការ ៤:១-៣, ១៨-២១; ៥:១៧, ១៨, ៤០) ពួកសាវ័កនិងសិស្សឯទៀតរបស់ព្រះយេស៊ូ បានបន្តផ្សព្វផ្សាយដំណឹងល្អដោយចិត្តក្លាហាន ទោះជាមានការផ្ទុះឡើងនៃការបៀតបៀនក៏ដោយ។—កិច្ចការ ៤:២៩-៣១
១០. តើទំនុកចិត្តលើការថែរក្សាការពារពីព្រះយេហូវ៉ា ជួយយើងក្នុងកិច្ចបំរើយ៉ាងដូចម្ដេច?
១០ ពួកសិស្សដំបូងរបស់ព្រះយេស៊ូក៏មិនភ័យខ្លាច ចំពោះពួកសត្រូវដ៏មើលឃើញរបស់គេដូចជាលោកម៉ូសេនោះដែរ។ សិស្សរបស់ព្រះយេស៊ូមានជំនឿលើព្រះ ហើយជាលទ្ធផល ពួកគេអាចស៊ូទ្រាំនឹងការបៀតបៀនយ៉ាងខ្លាំង។ ត្រូវហើយ ពួកគេបានកាន់យ៉ាងខ្ជាប់ខ្ជួនហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញ។ សព្វថ្ងៃនេះ ការយល់ដឹងជានិច្ចអំពីការថែរក្សាការពារពីព្រះយេហូវ៉ា នឹងពង្រឹងកម្លាំងយើង ដោយឲ្យយើងនូវចិត្តក្លាហាននិងការឥតភ័យខ្លាច ក្នុងកិច្ចការផ្សព្វផ្សាយព្រះរាជាណាចក្រ។ ព្រះបន្ទូលចែងថា៖ «ការដែលខ្លាចចំពោះមនុស្ស នោះនាំឲ្យជាប់អន្ទាក់ តែអ្នកណាដែលទុកចិត្តដល់ព្រះយេហូវ៉ាពិត នោះនឹងបានសុខវិញ»។ (សុភាសិត ២៩:២៥) ដូច្នេះហើយ យើងនឹងមិនថយទៅវិញដោយការខ្លាចនឹងការបៀតបៀនឡើយ។ ហើយយើងក៏មិនអាម៉ាស់មុខនឹងកិច្ចបំរើយើងដែរ។ ជំនឿរបស់យើងជំរុញយើងឲ្យធ្វើបន្ទាល់យ៉ាងក្លាហានដល់អ្នកជិតខាង អ្នកធ្វើការជាមួយ មិត្តរួមថ្នាក់ និងអ្នកផ្សេងទៀត។—រ៉ូម ១:១៤-១៦
ព្រះអង្គដ៏មើលមិនឃើញដឹកនាំរាស្ត្រទ្រង់
១១. យោងទៅតាមពេត្រុសនិងយូដាស តើតាមរបៀបណាដែលអ្នកខ្លះ ដែលធ្លាប់ចូលរួមនឹងក្រុមជំនុំគ្រីស្ទាន បង្ហាញនូវការខ្វះភាពខាងវិញ្ញាណ?
១១ ជំនឿជួយយើងឃើញថាព្រះយេហូវ៉ា ជាព្រះដែលកំពុងតែដឹកនាំអង្គការរបស់ទ្រង់លើផែនដីនេះ។ ដូច្នេះហើយ យើងក៏ជៀសវាងមានចិត្តដ៏រិះគន់នឹងអស់អ្នកដែលមើលខុសត្រូវក្នុងក្រុមជំនុំ។ សាវ័កពេត្រុសនិងយូដាសដ៏ជាប្អូនរបស់ព្រះយេស៊ូខាងម្ដាយ បានព្រមានអំពីបុគ្គលខ្លះៗដែលគ្មានភាពខាងវិញ្ញាណដល់ម្ល៉េះ ដែលគេបានជេរប្រមាថដល់អស់អ្នកដែលនាំមុខក្នុងចំណោមពួកគ្រីស្ទាន។ (ពេត្រុសទី២ ២:៩-១២; យូដាស ៨) បើពួកគេមើលឃើញព្រះយេហូវ៉ា ថាទ្រង់មានវត្តមាននៅទីនោះ តើពួកអ្នករកកំហុសបែបនេះនឹងនិយាយអ៊ីចឹងឬទេ? មិនទាល់តែសោះ! តែដោយមើលមិនឃើញព្រះ នោះពួកបុរសដែលគិតខាងសាច់ឈាម បានខកខានគិតនូវការទទួលខុសត្រូវចំពោះទ្រង់។
១២. តើយើងគួរសម្ដែងអាកប្បកិរិយាបែបណាចំពោះអស់អ្នក ដែលនាំមុខក្នុងក្រុមជំនុំនោះ?
១២ ពិតហើយ ក្រុមជំនុំគ្រីស្ទានគឺមានមនុស្សឥតគ្រប់ល័ក្ខណ៍។ អស់អ្នកដែលបំរើជាពួកអ្នកចាស់ទុំ ក៏ធ្វើខុស ហើយជួនកាលអាចមានអានុភាពលើយើងផ្ទាល់។ យ៉ាងណាក៏ដោយ ព្រះយេហូវ៉ាកំពុងតែប្រើបុរសបែបនេះ ជាអ្នកគង្វាលរបស់ហ្វូងចៀមទ្រង់។ (ពេត្រុសទី១ ៥:១, ២) បុរសនិងស្ត្រីដែលប្រុងស្មារតីលើរបស់ខាងវិញ្ញាណ ទទួលស្គាល់ថានេះជាខ្សែរយៈមួយ ដែលព្រះយេហូវ៉ាដឹកនាំរាស្ត្រទ្រង់។ ដូច្នេះហើយ ជាពួកគ្រីស្ទាន យើងជៀសវាងគំនិតដ៏រិះគន់និងចេះតែត្អូញត្អែរ តែផ្ទុយទៅវិញត្រូវបង្ហាញនូវការគោរពចំពោះរបៀបរៀបចំខាងព្រះធិបតេយ្យ។ យើងបង្ហាញថាយើងអាចមើលឃើញព្រះអង្គដ៏មើលមិនឃើញ ដោយចេះស្ដាប់បង្គាប់តាមអស់អ្នកដែលនាំមុខក្នុងចំណោមយើងរាល់គ្នា។—ហេព្រើរ ១៣:១៧
មើលឃើញថាព្រះជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តម
១៣, ១៤. តើការមើលឃើញព្រះយេហូវ៉ាជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តម មានន័យយ៉ាងណាចំពោះអ្នក?
១៣ គឺមានចំណុចមួយទៀត ដែលតម្រូវឲ្យមានការប្រុងស្មារតីខាងវិញ្ញាណ។ អេសាយបានទាយថា៖ ‹ភ្នែករបស់អ្នកនឹងឃើញព្រះជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់អ្នកវិញ›។ (អេសាយ ៣០:២០) គឺត្រូវការជំនឿក្នុងការទទួលស្គាល់ថា ព្រះយេហូវ៉ាជាព្រះដែលកំពុងតែបង្រៀនយើង តាមរយៈអង្គការរបស់ទ្រង់នៅលើផែនដីនេះ។ (ម៉ាថាយ ២៤:៤៥-៤៧) ការមើលឃើញព្រះជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់យើង មានន័យច្រើនជាងគ្រាន់តែខំរក្សាឲ្យមានទម្លាប់សិក្សាព្រះគម្ពីរ និងការទៅកិច្ចប្រជុំគ្រីស្ទានជាទៀងទាត់នោះទៅទៀត។ នេះមានន័យថា ការឆ្លៀតយកប្រយោជន៍ពេញលេញនឹងសំវិធានការខាងវិញ្ញាណរបស់ព្រះ។ ជាឧទាហរណ៍ យើងត្រូវប្រុងប្រយ័ត្នលើសទៅទៀត ចំពោះការណែនាំដែលព្រះយេហូវ៉ាផ្ដល់ឲ្យតាមរយៈព្រះយេស៊ូ ដើម្បីកុំឲ្យយើងរសាត់ចេញខាងវិញ្ញាណ។—ហេព្រើរ ២:១
១៤ ជួនកាលគឺត្រូវការការខំប្រឹងដ៏ពិសេស ដើម្បីទទួលប្រយោជន៍ពេញលេញពីអាហារខាងវិញ្ញាណ។ ជាឧទាហរណ៍ យើងអាចមានទំនោរចិត្តមើលត្រួសៗនូវកំណត់ហេតុណាមួយក្នុងព្រះគម្ពីរ ដែលយើងពិបាកយល់នោះ។ ពេលកំពុងតែអានទស្សនាវដ្ដីប៉មយាម និង ភ្ញាក់រឭក យើងប្រហែលជារំលងអត្ថបទខ្លះ ពីព្រោះប្រធានរឿងគឺមិនមែនជាការចាប់អារម្មណ៍ចំពោះយើង។ ឬនៅឯកិច្ចប្រជុំគ្រីស្ទាន យើងអាចបណ្ដោយឲ្យគំនិតយើងរវើរវាយទៅឯណាផ្សេង។ ប៉ុន្តែ យើងអាចនៅប្រុងស្មារតីបាន បើយើងវែកញែកឲ្យបានមែនទែនលើចំណុចដែលកំពុងតែយកមកគិតនេះ។ ការអបអរដ៏ជ្រាលជ្រៅរបស់យើងលើការបង្ហាត់បង្រៀនខាងវិញ្ញាណដែលយើងទទួលនោះ បង្ហាញថាយើងទទួលស្គាល់ព្រះយេហូវ៉ាជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់យើង។
យើងត្រូវតែទទួលខុសត្រូវ
១៥. តើអ្នកខ្លះបានប្រព្រឹត្តហាក់ដូចជា ព្រះយេហូវ៉ាទតមិនឃើញគេយ៉ាងដូចម្ដេច?
១៥ ការមានជំនឿលើព្រះអង្គដ៏មើលមិនឃើញគឺសំខាន់ចាំបាច់ណាស់ ជាពិសេសដោយព្រោះមានអំពើអាក្រក់ជួជាតិដល់ម្ល៉េះក្នុង«គ្រាចុងបញ្ចប់»នេះ។ (ដានីយ៉ែល ១២:៤) ភាពឥតទៀងត្រង់និងអំពើឥតសីលធម៌ខាងកាមគឺមានពាសពេញ។ មែនហើយ គឺប្រកបដោយប្រាជ្ញាបើចងចាំថា ព្រះយេហូវ៉ាទតឃើញសកម្មភាពយើង ទោះជាមនុស្សមិនអាចមើលឃើញយើងក៏ដោយ។ មនុស្សខ្លះបានភ្លេចអំពីហេតុការណ៍ពិតនេះ។ ពេលដែលអ្នកដទៃមើលគេមិនឃើញ នោះគេអាចប្រព្រឹត្តអ្វីដែលឥតសមស្របតាមបទគម្ពីរ។ ជាឧទាហរណ៍ អ្នកខ្លះឥតបានទប់ទល់នឹងសេចក្ដីល្បួងឲ្យទស្សនារឿងកំសាន្តដែលមានគ្រោះថ្នាក់ និងរូបអាសអាភាសតាមប្រព័ន្ធអ៊ិនថឺណិត ទូរទស្សន៍ និងតាមរយៈបច្ចេកវិជ្ជាទំនើបផ្សេងៗទៀត។ អ្នកខ្លះបានប្រព្រឹត្តហាក់ដូចជាព្រះយេហូវ៉ាទតមិនឃើញចរិយាគេ ដោយព្រោះការចូលរួមអំពើបែបនេះអាចកើតមានឡើងនៅកន្លែងដាច់ពីគេឯងនោះ។
១៦. តើអ្វីដែលគួរជួយយើងឲ្យអនុលោមតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ព្រះយេហូវ៉ា?
១៦ គឺជាការល្អបើចងចាំនឹងពាក្យសំដីរបស់សាវ័កប៉ុលដែលថា៖ «យើងទាំងអស់គ្នានឹងត្រូវរាប់រៀបទូលថ្វាយព្រះ ពីដំណើររបស់ខ្លួនយើងជាមិនខាន»។ (រ៉ូម ១៤:១២) យើងត្រូវតែដឹងថា កាលណាយើងប្រព្រឹត្តអំពើបាបរៀងរាល់ដង នោះយើងកំពុងតែប្រព្រឹត្តអំពើបាបនឹងព្រះយេហូវ៉ា។ ការដឹងអំពីនេះ គួរតែជួយយើងឲ្យអនុលោមតាមខ្នាតតម្រាដ៏ខ្ពង់ខ្ពស់របស់ទ្រង់ និងជៀសវាងការប្រព្រឹត្តដ៏មិនស្អាតស្អំ។ ព្រះគម្ពីររំឭកយើងថា៖ «គ្មានអ្វីកើតមក ដែលទ្រង់ទតមិនឃើញនោះឡើយ គឺគ្រប់ទាំងអស់នៅជាអាក្រាត ហើយចំហនៅចំពោះព្រះនេត្រនៃព្រះ ដែលយើងរាល់គ្នាត្រូវរាប់រៀបទាំងអស់ទូលថ្វាយទ្រង់»។ (ហេព្រើរ ៤:១៣) ត្រូវហើយ យើងត្រូវតែទទួលខុសត្រូវចំពោះព្រះ តែគឺប្រាកដជាសេចក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះយេហូវ៉ា ដែលជាមូលហេតុដ៏ចំបង ដែលយើងធ្វើតាមបំណងព្រះហឫទ័យរបស់ព្រះ និងអនុវត្តតាមខ្នាតតម្រាដ៏សុចរិតរបស់ទ្រង់នោះ។ ដូច្នេះ សូមឲ្យយើងចេះប្រុងប្រយ័ត្ននឹងរឿងបែបនេះ ដូចជាសេចក្ដីជម្រើសរបស់យើងខាងគ្រឿងកំសាន្ត និងចរិយារបស់យើងនឹងមនុស្សភេទផ្ទុយ។
១៧. តើព្រះយេហូវ៉ាកត់សម្គាល់យើង ដោយមានព្រះទ័យទុកដាក់បែបណា?
១៧ ព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ណាស់នឹងយើងរាល់គ្នា តែនេះមិនមានន័យថា ទ្រង់រង់ចាំយើងឲ្យធ្វើខុស ដើម្បីឲ្យទ្រង់ដាក់ទណ្ឌកម្មយើងនោះទេ។ ផ្ទុយទៅវិញ ទ្រង់កត់សម្គាល់យើងដោយព្រះទ័យយកចិត្តទុកដាក់ដែលប្រកបដោយសេចក្ដីស្រឡាញ់ ដូចជាឪពុកម្នាក់ដែលចង់ឲ្យអំណោយដល់កូនៗដែលចេះស្ដាប់បង្គាប់នោះ។ គឺជាការសម្រាលទុក្ខម្ល៉េះហ្ន៎! ដោយដឹងថាព្រះវរបិតានៅស្ថានសួគ៌ គឺសព្វព្រះហឫទ័យនឹងជំនឿយើង ហើយ«ទ្រង់ប្រទានរង្វាន់ ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) សូមឲ្យយើងមានជំនឿទាំងស្រុងលើព្រះយេហូវ៉ា និង«ប្រតិបត្ដិតាមទ្រង់ ដោយអស់ពីចិត្ត»។—របាក្សត្រទី១ ២៨:៩
១៨. ពីព្រោះព្រះយេហូវ៉ាសង្កេតមើលយើង និងកត់សម្គាល់នូវសេចក្ដីស្មោះត្រង់របស់យើង តើទំនុកចិត្តអ្វីដែលយើងទទួលពីបទគម្ពីរទាំងនោះ?
១៨ សុភាសិត ១៥:៣ ចែងថា៖ «ព្រះនេត្រនៃព្រះយេហូវ៉ានៅគ្រប់អន្លើ ក៏យាមមើលឃើញទាំងអស់ ទោះទាំងអាក្រក់នឹងល្អផង»។ ត្រូវហើយ ព្រះយាមមើលមនុស្សអាក្រក់ និងប្រព្រឹត្តលើគេស្របតាមចរិយារបស់គេដែរ។ ប៉ុន្តែ បើយើងនៅក្នុងចំណោម‹មនុស្សល្អ› យើងអាចប្រាកដក្នុងចិត្តថា ព្រះយេហូវ៉ាកត់សម្គាល់នូវសេចក្ដីស្មោះត្រង់របស់យើងហើយ។ នេះគឺជាការពង្រឹងជំនឿម្ល៉េះហ្ន៎! ដោយដឹងថា ‹ការដែលយើងខំប្រឹងធ្វើក្នុងព្រះអម្ចាស់ នោះមិនមែនឥតប្រយោជន៍ទេ› ហើយថាព្រះអង្គដ៏មើលមិនឃើញ ទ្រង់នឹងមិន‹ភ្លេចការដែលយើងធ្វើ និងសេចក្ដីស្រឡាញ់ ដែលយើងបានសម្ដែងដល់ព្រះនាមទ្រង់›នោះឡើយ។—កូរិនថូសទី១ ១៥:៥៨; ហេព្រើរ ៦:១០
ចូរអញ្ជើញព្រះយេហូវ៉ាឲ្យពិនិត្យមើលយើង
១៩. តើមានផលប្រយោជន៍អ្វីខ្លះ ដោយសារមានជំនឿដ៏មុតមាំលើព្រះយេហូវ៉ានោះ?
១៩ ជាពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ា នោះយើងមានតម្លៃចំពោះទ្រង់ណាស់។ (ម៉ាថាយ ១០:២៩-៣១) ថ្វីបើទ្រង់ជាព្រះដ៏មើលមិនឃើញ តែទ្រង់អាចជាបុគ្គលមែនទែនចំពោះយើង និងយើងអាចស្រឡាញ់នូវទំនាក់ទំនងដ៏មានតម្លៃជាមួយនឹងទ្រង់។ ដោយមានអាកប្បកិរិយាបែបនេះចំពោះព្រះវរបិតានៅស្ថានសួគ៌ នឹងនាំឲ្យមានប្រយោជន៍ជាច្រើនដល់យើង។ ជំនឿដ៏មុតមាំរបស់យើង ជួយយើងឲ្យមានចិត្តដ៏ស្អាតបាត និងមនសិការដ៏ល្អចំពោះព្រះយេហូវ៉ា។ ជំនឿដោយគ្មានការលាក់ពុតក៏នឹងបង្ការយើងពីការដឹកនាំជីវិតមុខពីរ។ (ធីម៉ូថេទី១ ១:៥, ១៨, ១៩) ជំនឿដ៏មុតមាំរបស់យើងលើព្រះ ទុកជាគំរូដ៏ល្អ និងអាចមានអានុភាពដ៏ល្អលើអស់អ្នកដែលនៅជិតយើង។ (ធីម៉ូថេទី១ ៤:១២) ម្យ៉ាងវិញទៀត ជំនឿបែបនេះនាំឲ្យមានការប្រព្រឹត្តដែលកោតខ្លាចព្រះ ដែលធ្វើឲ្យព្រះយេហូវ៉ាមានព្រះទ័យអរសប្បាយ។—សុភាសិត ២៧:១១
២០, ២១. (ក) ហេតុអ្វីបានជាយើងចង់ឲ្យព្រះយេហូវ៉ាយាមមើលយើង? (ខ) តើយើងអាចអនុវត្តទំនុកដំកើង ១៣៩:២៣, ២៤ ចំពោះខ្លួនយើងផ្ទាល់យ៉ាងដូចម្ដេច?
២០ ប្រសិនបើយើងពិតជាប្រកបដោយប្រាជ្ញាមែន យើងមានចិត្តត្រេកអរ ដែលព្រះយេហូវ៉ាយាមមើលយើង។ យើងមិនគ្រាន់តែចង់ឲ្យទ្រង់យាមមើលយើងប៉ុណ្ណោះ តែយើងក៏មានចិត្តប្រាថ្នាឲ្យទ្រង់ធ្វើការពិនិត្យមើលគំនិតនិងការប្រព្រឹត្តរបស់យើង ឲ្យបានហ្មត់ចត់ដែរ។ តាមរយៈសេចក្ដីអធិស្ឋាន នោះជាការល្អបើយើងអញ្ជើញព្រះយេហូវ៉ា ឲ្យទតមើលបើមានទំនោរចិត្តដ៏ឥតត្រឹមត្រូវណាខ្លះ។ ទ្រង់ប្រាកដជាអាចជួយយើងឲ្យប្រឈមមុខដោះស្រាយនឹងបញ្ហាយើង ហើយធ្វើការកែសម្រួលណាដែលត្រូវការជាចាំបាច់នោះ។ យ៉ាងសមហេតុសមផល នោះដាវីឌដ៏ជាអ្នកតែងបទទំនុកដំកើងនេះ បានច្រៀងថា៖ «ឱព្រះអង្គអើយ! សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច»។—ទំនុកដំកើង ១៣៩:២៣, ២៤
២១ ដាវីឌបានអង្វរឲ្យព្រះយេហូវ៉ាពិនិត្យមើលលោកបើមាន«អំពើអាក្រក់ណា»ក្នុងលោក។ ដូចអ្នកតែងបទទំនុកដំកើងនេះ យើងក៏ចង់ឲ្យព្រះពិនិត្យមើលយើងបើមានបំណងចិត្តដ៏ឥតត្រឹមត្រូវណាដែរ មែនទេ? បើអ៊ីចឹង ដោយមានជំនឿ សូមឲ្យយើងទូលសុំព្រះយេហូវ៉ាឲ្យពិនិត្យមើលយើងចុះ។ ប៉ុន្តែចុះយ៉ាងណាវិញ បើយើងមានចិត្តអំពល់នឹងសេចក្ដីទុក្ខព្រួយលើកំហុសណាមួយ ឬមានអ្វីមួយដែលធ្វើយើងឈឺចិត្តនោះ? បើដូច្នេះ សូមឲ្យយើងបន្តខំប្រឹងអធិស្ឋានដល់ព្រះដែលប្រកបដោយសេចក្ដីស្រឡាញ់ គឺព្រះយេហូវ៉ា និងចុះចូលដោយចិត្តរាបទាបនឹងការដឹកនាំពីវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ហើយធ្វើតាមឱវាទពីបន្ទូលរបស់ទ្រង់ចុះ។ យើងអាចប្រាកដក្នុងចិត្តថា ទ្រង់នឹងជាជំនួយដល់យើង ហើយជួយយើងឲ្យស្វះស្វែងរកដំណើរដែលនឹងទៅដល់ជីវិតរស់ជារៀងរហូត។—ទំនុកដំកើង ៤០:១១-១៣
២២. តើយើងគួរប្ដេជ្ញាចិត្តធ្វើយ៉ាងណា ស្តីអំពីព្រះដ៏មើលមិនឃើញនោះ?
២២ ត្រូវហើយ ព្រះយេហូវ៉ានឹងប្រទានពរឲ្យយើងមានជីវិតជារៀងរហូត បើយើងបំពេញតាមសេចក្ដីតម្រូវរបស់ទ្រង់នោះ។ មែនហើយ យើងត្រូវតែទទួលស្គាល់ព្រះចេស្ដានិងអំណាចគ្រប់គ្រងរបស់ទ្រង់ ដ្បិតសាវ័កប៉ុលក៏បានទទួលស្គាល់ហេតុនេះដែរ កាលដែលគាត់បានសរសេរថា៖ «ស្តេចនៃអស់ទាំងកល្ប ដែលទ្រង់មិនចេះសុគត ហើយមើលទ្រង់មិនឃើញ គឺជាព្រះតែ១ព្រះអង្គ នោះសូមឲ្យទ្រង់បានល្បីព្រះនាម នឹងសិរីល្អអស់កល្បជានិច្ចរៀងរាបតទៅ។ អាម៉ែន!»។ (ធីម៉ូថេទី១ ១:១៧) សូមឲ្យយើងសម្ដែងនូវការគោរពដ៏ស្មោះអស់ពីចិត្តបែបនេះដល់ព្រះយេហូវ៉ាជានិច្ច។ ហើយទោះជាយ៉ាងណាក៏ដោយ សូមឲ្យយើងកុំឲ្យមានចិត្តរេរាឡើយ កាលដែលយើងប្ដេជ្ញាចិត្តបន្តកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញនោះ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
• តើមនុស្សលោកមានលទ្ធភាពមើលឃើញព្រះយ៉ាងដូចម្ដេច?
• បើព្រះយេហូវ៉ាជាបុគ្គលដ៏ពិតចំពោះយើង តើយើងនឹងប្រព្រឹត្តយ៉ាងណាពេលគេបៀតបៀនយើង?
• តើមានន័យយ៉ាងណាដោយចាត់ទុកព្រះយេហូវ៉ា ជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់យើង?
• ហេតុអ្វីបានជាយើងចង់ឲ្យព្រះយេហូវ៉ាពិនិត្យមើលយើង?
[រូបភាពនៅទំព័រ២៦]
ដោយឥតភ័យខ្លាចនឹងស្តេចផារ៉ោន នោះម៉ូសេបានប្រព្រឹត្តហាក់ដូចជាគាត់មើលឃើញព្រះយេហូវ៉ាដែលជាព្រះដ៏មើលមិនឃើញ
[រូបភាពនៅទំព័រ២៩]
សូមកុំឲ្យយើងប្រព្រឹត្ត ហាក់ដូចជាព្រះយេហូវ៉ា មិនអាចទតឃើញអ្វី ដែលយើងប្រព្រឹត្តនោះឡើយ
[រូបភាពនៅទំព័រ៣១]
យើងខំប្រឹងរកចំណេះអំពីព្រះ ពីព្រោះយើងចាត់ទុកទ្រង់ ជាអ្នកបង្ហាត់បង្រៀនដ៏ឧត្តមរបស់យើង