ចូរប្រើអំណាចនៃអណ្ដាតរបស់អ្នកឲ្យបានល្អ
«ឱព្រះយេហូវ៉ា . . . សូមឲ្យពាក្យសំដីដែលចេញមកពីមាត់ទូលបង្គំ . . . គួរគាប់នៅព្រះនេត្រទ្រង់»។—ទំនុកតម្កើង ១៩:១៤
១, ២. ហេតុអ្វីគម្ពីរប្រៀបប្រដូចសមត្ថភាពនិយាយរបស់យើងទៅនឹងភ្លើង?
នៅឆ្នាំ១៨៧១ ភ្លើងបានឆេះព្រៃនៅរដ្ឋវិស្កុនស៊ិន សហរដ្ឋអាម៉េរិក។ ភ្លើងនោះបានឆេះរាលដាលយ៉ាងលឿន ហើយដើមឈើប្រហែលជា២.០០០លានដើមបានឆេះអស់។ មនុស្សជាង១.២០០នាក់បានស្លាប់។ តាមពិតទៅ មនុស្សដែលស្លាប់ដោយសារភ្លើងឆេះនោះគឺមានច្រើនជាងភ្លើងឆេះផ្សេងៗទៀតនៅសហរដ្ឋអាម៉េរិក។ តាមមើលទៅផ្កាភ្លើងតូចៗដែលចេញពីរថភ្លើងដែលបើកក្បែរព្រៃនោះបានធ្វើឲ្យមានភ្លើងឆេះយ៉ាងធំសម្បើម។ នេះរំលឹកយើងអំពីខគម្ពីរមួយថា៖ «គ្រាន់តែអណ្ដាតភ្លើងដ៏តូចមួយធ្វើឲ្យព្រៃធំឆេះ!»។ (យ៉ាកុប ៣:៥) ហេតុអ្វីយ៉ាកុបដែលជាអ្នកសរសេរគម្ពីរម្នាក់និយាយដូច្នេះ?
២ គាត់ពន្យល់ថា៖ «អណ្ដាតជាភ្លើង»។ (យ៉ាកុប ៣:៦) «អណ្ដាត»សំដៅលើសមត្ថភាពនិយាយរបស់យើង។ ដូចភ្លើងដែរ អ្វីដែលយើងនិយាយអាចធ្វើឲ្យមានបញ្ហាជាច្រើន។ ពាក្យសម្ដីរបស់យើងអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកឯទៀត។ គម្ពីរថែមទាំងប្រាប់យើងថាអ្វីដែលយើងនិយាយអាចនាំឲ្យពួកគេបានជីវិតឬក៏នាំឲ្យពួកគេស្លាប់។ (សុភាសិត ១៨:២១) ប៉ុន្តែ តើនោះមានន័យថាយើងមិនត្រូវនិយាយអ្វីសោះ ដោយសារតែយើងអាចនិយាយអ្វីដែលខុសឬ? ប្រាកដជាមិនមែនដូច្នេះទេ។ យើងមិនឈប់ប្រើភ្លើងដោយសារតែវាអាចធ្វើឲ្យយើងរលាកនោះទេ។ ផ្ទុយទៅវិញ យើងប្រុងប្រយ័ត្នអំពីរបៀបដែលយើងប្រើវា។ ជាឧទាហរណ៍ យើងអាចប្រើភ្លើងដើម្បីចម្អិនអាហារ ដើម្បីធ្វើឲ្យខ្លួនកក់ក្ដៅ ហើយដើម្បីឲ្យមានពន្លឺ។ ដូចគ្នាដែរ បើយើងប្រុងប្រយ័ត្នអំពីរបៀបដែលយើងនិយាយ យើងអាចប្រើសមត្ថភាពនេះដើម្បីលើកតម្កើងព្រះយេហូវ៉ា និងដើម្បីឲ្យអ្នកឯទៀតទទួលប្រយោជន៍។—ទំនុកតម្កើង ១៩:១៤
៣. តើអ្វីជាចំណុចបីយ៉ាងដែលនឹងជួយយើងពេលយើងនិយាយលើកទឹកចិត្តអ្នកឯទៀត?
៣ ព្រះយេហូវ៉ាបានឲ្យយើងនូវសមត្ថភាពប្រាប់អ្នកឯទៀតអំពីគំនិតនិងអារម្មណ៍របស់យើង ដោយនិយាយឬក៏ធ្វើសញ្ញាដោយដៃ។ ដូច្នេះ តើតាមរបៀបណាយើងអាចប្រើអំណោយដ៏អស្ចារ្យនេះដើម្បីលើកទឹកចិត្តអ្នកឯទៀត? (សូមអាន យ៉ាកុប ៣:៩, ១០) យើងត្រូវដឹងអំពីពេលណាដែលយើងគួរនិយាយ អំពីអ្វីដែលយើងគួរនិយាយ និងអំពីរបៀបដែលយើងគួរនិយាយ។
តើយើងគួរតែនិយាយនៅពេលណា?
៤. តើយើងគួរតែនៅស្ងៀមនៅពេលណាខ្លះ?
៤ ជួនកាល គឺជាការល្អដែលយើងមិននិយាយ។ គម្ពីរចែងថាមាន«ពេលដែលគួរនៅស្ងៀម»។ (សាស្ដា ៣:៧) ជាឧទាហរណ៍ យើងនៅស្ងៀមកាលដែលអ្នកឯទៀតកំពុងនិយាយដើម្បីបង្ហាញថាយើងគោរពពួកគេ។ (យ៉ូប ៦:២៤) ម្យ៉ាងទៀត យើងមិននិយាយអំពីអ្វីដែលជារឿងផ្ទាល់ខ្លួនរបស់គេ និងអំពីអ្វីដែលមនុស្សឯទៀតមិនគួរដឹងឡើយ។ (សុភាសិត ២០:១៩) ម្យ៉ាងវិញទៀត ពេលអ្នកណាម្នាក់ធ្វើឲ្យយើងខឹង យើងនឹងប្រព្រឹត្តដោយឈ្លាសវៃ បើយើងព្យាយាមរក្សាចិត្តស្ងប់ និងមិននិយាយ។—ទំនុកតម្កើង ៤:៤
៥. តើតាមរបៀបណាយើងអាចបង្ហាញព្រះយេហូវ៉ាថាយើងដឹងគុណលោកដោយសារលោកបានផ្ដល់ឲ្យយើងនូវសមត្ថភាពនិយាយ?
៥ ប៉ុន្តែ ក៏មានពេលដែលយើងគួរនិយាយដែរ។ (សាស្ដា ៣:៧) មានពេលដើម្បីសរសើរព្រះយេហូវ៉ា ដើម្បីលើកទឹកចិត្តអ្នកឯទៀត ដើម្បីប្រាប់អំពីអារម្មណ៍របស់យើង និងដើម្បីប្រាប់មនុស្សឯទៀតអំពីអ្វីដែលយើងត្រូវការ។ (ទំនុកតម្កើង ៥១:១៥) ម្យ៉ាងទៀត បើយើងប្រើសមត្ថភាពនិយាយរបស់យើងតាមរបៀបនេះ យើងបង្ហាញព្រះយេហូវ៉ាថាយើងដឹងគុណលោកដោយសារលោកបានផ្ដល់អំណោយនេះឲ្យយើង។ យ៉ាងណាមិញ ពេលមិត្តភក្ដិឲ្យអំណោយដ៏ស្អាតមួយដល់យើង យើងចង់ប្រើវាតាមរបៀបដ៏ល្អបំផុត។
៦. ហេតុអ្វីជាការសំខាន់ដែលយើងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ?
៦ ហេតុអ្វីជាការសំខាន់ដែលយើងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ? សុភាសិត ២៥:១១ ចែងថា៖ «ពាក្យសំដីដែលនិយាយចំពេល នោះធៀបដូចជាផ្លែសារីមាសឆ្លាក់ភ្ជាប់នឹងក្បាច់ប្រាក់»។ ផ្លែសារីមាសគឺស្អាត ប៉ុន្តែផ្លែនោះនឹងស្អាតជាង ពេលវានៅមុខអ្វីដែលមានពណ៌ប្រាក់។ ស្រដៀងគ្នាដែរ យើងប្រហែលជាមានអ្វីដែលល្អដើម្បីនិយាយទៅកាន់អ្នកណាម្នាក់។ ប៉ុន្តែ បើយើងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ យើងអាចជួយបុគ្គលនោះច្រើនជាង។ តើតាមរបៀបណាយើងអាចធ្វើដូច្នេះ?
៧, ៨. តើតាមរបៀបណាបងប្អូនរបស់យើងនៅប្រទេសជប៉ុនបានធ្វើតាមគំរូរបស់លោកយេស៊ូ?
៧ បើយើងនិយាយនៅពេលដែលមិនត្រឹមត្រូវ មនុស្សឯទៀតប្រហែលជាមិនយល់ឬមិនព្រមទទួលយកអ្វីដែលយើងនិយាយឡើយ។ (សូមអាន សុភាសិត ១៥:២៣) ជាឧទាហរណ៍ នៅខែមីនា ឆ្នាំ២០១១ ការរញ្ជួយដីនិងរលកយក្សស៊ូណាមីបានបំផ្លាញក្រុងជាច្រើននៅភាគខាងកើតនៃប្រទេសជប៉ុន។ មនុស្សជាង១៥.០០០នាក់បានស្លាប់។ ទោះជាសាក្សីព្រះយេហូវ៉ាជាច្រើននាក់បានបាត់បង់ក្រុមគ្រួសារនិងមិត្តភក្ដិក្ដី ពួកគាត់ចង់ប្រើគម្ពីរដើម្បីជួយអ្នកឯទៀតដែលមានស្ថានភាពដូចពួកគាត់ដែរ។ ប៉ុន្តែ ពួកគាត់ដឹងថាមនុស្សជាច្រើនទាំងនោះគឺជាអ្នកកាន់ពុទ្ធសាសនា ហើយពួកគេមិនសូវស្គាល់គម្ពីរទេ។ ហេតុនេះ នៅពេលនោះជាជាងប្រាប់ពួកគេអំពីការប្រោសឲ្យរស់ឡើងវិញ បងប្អូនរបស់យើងបានសម្រាលទុក្ខពួកគេ ហើយបានពន្យល់អំពីមូលហេតុដែលរឿងដ៏អាក្រក់បែបនេះកើតឡើងចំពោះមនុស្សល្អ។
៨ បងប្អូនទាំងនោះបានយកតម្រាប់លោកយេស៊ូ។ លោកបានដឹងថាពេលណាគួរនៅស្ងៀម ប៉ុន្តែលោកក៏ដឹងដែរថាពេលណាគួរនិយាយ។ (យ៉ូហាន ១៨:៣៣-៣៧; ១៩:៨-១១) ម្យ៉ាងទៀត លោកបានរង់ចាំពេលត្រឹមត្រូវដើម្បីបង្រៀនអ្នកកាន់តាមលោកអំពីរឿងខ្លះ។ (យ៉ូហាន ១៦:១២) បងប្អូននៅប្រទេសជប៉ុនបានរង់ចាំពេលត្រឹមត្រូវដើម្បីប្រាប់មនុស្សឯទៀតអំពីការប្រោសឲ្យរស់ឡើងវិញ។ ពីរឆ្នាំកន្លះក្រោយពីរលកយក្សស៊ូណាមី ពួកគាត់បានស្នើផ្ដល់ឲ្យមនុស្សឯទៀតនូវខិត្តប័ណ្ណដែលមានចំណងជើងថា តើមនុស្សស្លាប់ពិតជាអាចរស់ម្ដងទៀតឬ? មនុស្សជាច្រើនបានយកខិត្តប័ណ្ណនោះ ហើយបានទទួលការសម្រាលទុក្ខពីអ្វីដែលពួកគេអាន។ យើងក៏គួរគិតដែរអំពីវប្បធម៌និងជំនឿរបស់មនុស្សដែលនៅក្នុងតំបន់ផ្សាយរបស់យើងដើម្បីយើងអាចជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយទៅកាន់ពួកគេ។
យើងត្រូវមានចិត្តអត់ធ្មត់ ហើយរកពេលមួយដែលមនុស្សឯទៀតសុខចិត្តស្ដាប់យើង
៩. តើមានស្ថានភាពណាផ្សេងទៀតដែលយើងគួររង់ចាំពេលត្រឹមត្រូវដើម្បីនិយាយ?
៩ តើមានស្ថានភាពណាផ្សេងទៀតដែលយើងគួររង់ចាំពេលត្រឹមត្រូវដើម្បីនិយាយ? ប្រហែលជាមានអ្នកណាម្នាក់និយាយអ្វីដែលធ្វើឲ្យយើងទើសចិត្ត។ ជាជាងតបឆ្លើយភ្លាមៗ ហើយនិយាយអ្វីដោយមិនបានគិត ជាការល្អដែលយើងទុកពេលគិតសិន ហើយសួរខ្លួនថា ‹តើគាត់មានបំណងចង់និយាយមិនស្លូតបូតបែបនេះឬទេ? តើខ្ញុំពិតជាត្រូវនិយាយទៅគាត់អំពីអ្វីដែលគាត់បាននិយាយឬទេ?›។ ប្រហែលជាការល្អបំផុតដែលយើងមិននិយាយអ្វីទេ។ ប៉ុន្តែ បើមានមូលហេតុត្រឹមត្រូវដើម្បីនិយាយទៅគាត់ យើងគួររង់ចាំរហូតដល់ពេលយើងឈប់ខឹង។ (សូមអាន សុភាសិត ១៥:២៨) ឬក៏ប្រហែលជាយើងចង់លើកទឹកចិត្តសមាជិកក្រុមគ្រួសាររបស់យើងដែលមិនមែនជាសាក្សីឲ្យស្គាល់ព្រះយេហូវ៉ា។ យើងត្រូវមានចិត្តអត់ធ្មត់ ត្រូវគិតយ៉ាងដិតដល់អំពីអ្វីដែលយើងនឹងនិយាយ ហើយរកពេលមួយដែលពួកគេប្រហែលជានឹងសុខចិត្តស្ដាប់។
តើយើងគួរនិយាយអ្វីខ្លះ?
១០. (ក) ហេតុអ្វីយើងគួរប្រុងប្រយ័ត្នអំពីពាក្យដែលយើងនិយាយ? (ខ) តើរបៀបនិយាយបែបណាដែលយើងត្រូវជៀសវាង?
១០ អ្វីដែលយើងនិយាយអាចធ្វើឲ្យអ្នកឯទៀតមានអារម្មណ៍ល្អប្រសើរជាង ឬអាចធ្វើឲ្យពួកគេកាន់តែពិបាកចិត្ត។ (សូមអាន សុភាសិត ១២:១៨) មនុស្សជាច្រើននៅក្នុងពិភពលោករបស់សាថានប្រើ«ពាក្យជូរចត់»ឬពាក្យឃោរឃៅ ដែលដូចជា«ព្រួញ»ឬ«ដាវ» ដោយសារពួកគេចង់ធ្វើឲ្យមនុស្សឈឺចិត្តនិងទើសចិត្ត។ (ទំនុកតម្កើង ៦៤:៣) មនុស្សជាច្រើនរៀននិយាយតាមភាពយន្ត និងកម្មវិធីទូរទស្សន៍ដែលពួកគេមើល។ ប៉ុន្តែ គ្រិស្តសាសនិកមិននិយាយដោយមិនស្លូតបូតនិងទ្រគោះបោះបោកឡើយ សូម្បីតែនិយាយកំប្លែង។ ការនិយាយបែបកំប្លែងគឺល្អ ហើយអាចធ្វើឲ្យអ្វីដែលយើងនិយាយកាន់តែគួរឲ្យចាប់អារម្មណ៍។ ប៉ុន្តែ យើងមិនគួរប្រើពាក្យចំអកបញ្ឈឺចិត្ត ពោលគឺនិយាយអ្វីដែលធ្វើឲ្យអ្នកណាម្នាក់ខ្មាសគេ ឬថែមទាំងនិយាយប្រមាថមើលងាយបុគ្គលនោះដើម្បីធ្វើឲ្យអ្នកឯទៀតសើចឡើយ។ គម្ពីរបង្គាប់គ្រិស្តសាសនិកមិនឲ្យប្រើ«ពាក្យប្រមាថមើលងាយ»ឡើយ។ គម្ពីរក៏ចែងដែរថា៖ «កុំឲ្យពាក្យអាក្រក់ណាមួយចេញពីមាត់អ្នករាល់គ្នាឡើយ តែត្រូវពោលពាក្យណាដែលល្អសម្រាប់ពង្រឹងអ្នកឯទៀតតាមកាលៈទេសៈ ដើម្បីផ្ដល់ប្រយោជន៍ដល់អ្នកស្ដាប់»។—អេភេសូរ ៤:២៩, ៣១
១១. តើអ្វីអាចជួយយើងឲ្យជ្រើសរើសពាក្យត្រឹមត្រូវ?
១១ លោកយេស៊ូបានបង្រៀនថា«មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថាយ ១២:៣៤) នេះមានន័យថាអ្វីដែលយើងនិយាយអាចបង្ហាញអំពីអារម្មណ៍របស់យើង។ ហេតុនេះ បើយើងស្រឡាញ់មនុស្សឯទៀត ហើយពិតជាយកចិត្តទុកដាក់ចំពោះពួកគេ យើងនឹងទំនងជាជ្រើសរើសពាក្យត្រឹមត្រូវដើម្បីនិយាយទៅកាន់ពួកគេ។ បើដូច្នេះ យើងនឹងនិយាយអ្វីដែលល្អនិងដែលលើកទឹកចិត្តអ្នកឯទៀត។
១២. តើអ្វីទៀតអាចជួយយើងឲ្យជ្រើសរើសពាក្យត្រឹមត្រូវ?
១២ យើងត្រូវខំប្រឹងព្យាយាមដើម្បីរកពាក្យត្រឹមត្រូវដើម្បីនិយាយទៅកាន់អ្នកឯទៀត។ ទោះជាស្តេចសាឡូម៉ូនមានប្រាជ្ញាឈ្លាសវៃក៏ដោយ គាត់«បានរំពឹងគិត» ព្រមទាំងធ្វើការស្រាវជ្រាវដើម្បីឲ្យសំណេររបស់គាត់ត្រឹមត្រូវនិងដើម្បីឲ្យមនុស្សឯទៀតចូលចិត្តអាន។ (សាស្ដា ១២:៩, ១០) តើអ្វីអាចជួយយើងឲ្យដឹងអំពីពាក្យដែលយើងគួរនិយាយ? យើងអាចពិនិត្យមើលគម្ពីរនិងសៀវភៅរបស់យើងដែលជួយយើងរកឃើញរបៀបថ្មីដើម្បីប្រាប់អ្នកឯទៀតអំពីអារម្មណ៍និងគំនិតរបស់យើង។ យើងអាចរៀនអំពីអត្ថន័យនៃពាក្យផ្សេងៗដែលយើងមិនយល់។ យើងក៏អាចសិក្សាអំពីគំរូរបស់លោកយេស៊ូដែរ ដើម្បីចេះនិយាយតាមរបៀបដែលនឹងជួយអ្នកឯទៀត។ លោកដឹងច្បាស់អំពីអ្វីដែលគួរនិយាយ ដោយសារព្រះយេហូវ៉ាបានបង្រៀនលោកឲ្យ«ចេះប្រើពាក្យសំដី នឹងជ្រោងមនុស្សគ្រាកចិត្តឡើង»។ (អេសាយ ៥០:៤) ការគិតអំពីឥទ្ធិពលនៃពាក្យសម្ដីរបស់យើងទៅលើអ្នកឯទៀត ក៏សំខាន់ដែរ។ (យ៉ាកុប ១:១៩) យើងអាចសួរខ្លួនយើងថា ‹បើខ្ញុំនិយាយដូច្នេះ តើបុគ្គលនោះនឹងយល់អ្វីដែលខ្ញុំចង់ប្រាប់គាត់ឬទេ? តើគាត់នឹងមានអារម្មណ៍យ៉ាងណា?›។
១៣. ហេតុអ្វីយើងគួរនិយាយឲ្យគេស្រួលយល់?
១៣ នៅអ៊ីស្រាអែល គេប្រើសំឡេងត្រែដើម្បីឲ្យសញ្ញា។ សំឡេងមួយនៃត្រែនោះឲ្យសញ្ញាថាបណ្ដាជនគួរជួបជុំគ្នា។ សំឡេងមួយទៀតឲ្យសញ្ញាថាពួកទាហានគួរវាយប្រហារ។ សូមស្រមៃគិតថាអ្វីនឹងកើតឡើងចំពោះពួកទាហាន បើត្រែបន្លឺសំឡេងមិនច្បាស់! គម្ពីរប្រៀបប្រដូចសំឡេងច្បាស់របស់ត្រែទៅនឹងពាក្យសម្ដីដែលស្រួលយល់។ បើយើងមិនពន្យល់អ្វីមួយយ៉ាងច្បាស់លាស់ទេ មនុស្សឯទៀតអាចយល់ច្រឡំ ឬអាចជឿអ្វីដែលមិនមែនជាការពិត។ ទោះបីជាយើងចង់ប្រាប់អ្នកឯទៀតឲ្យបានច្បាស់អំពីអារម្មណ៍និងគំនិតរបស់យើងក៏ដោយ យើងគួរតែប្រុងប្រយ័ត្នថាអ្វីដែលយើងនិយាយគឺគួរសម ឬបង្ហាញការគោរព។—សូមអាន កូរិនថូសទី១ ១៤:៨, ៩
១៤. តើឧទាហរណ៍អ្វីបង្ហាញថារបៀបដែលលោកយេស៊ូនិយាយគឺស្រួលយល់?
១៤ ម៉ាថាយ ជំពូកទី៥ដល់ជំពូកទី៧ គឺជាឧទាហរណ៍ដ៏ល្អប្រសើរស្តីអំពីរបៀបដែលលោកយេស៊ូបានជ្រើសរើសពាក្យដែលស្រួលយល់។ ក្នុងសុន្ទរកថារបស់លោក លោកមិនបានព្យាយាមធ្វើឲ្យមនុស្សកោតស្ងើចដោយប្រើពាក្យដែលស្មុគស្មាញ ឬពាក្យដែលមិនចាំបាច់ឡើយ។ ម្យ៉ាងទៀត លោកមិនបាននិយាយអ្វីដែលធ្វើឲ្យអ្នកឯទៀតឈឺចិត្តទេ។ លោកយេស៊ូបានបង្រៀនមេរៀនដ៏សំខាន់ណាស់ដែលមានអត្ថន័យជ្រាលជ្រៅ ប៉ុន្តែអ្វីដែលលោកបាននិយាយគឺស្រួលយល់។ ជាឧទាហរណ៍ លោកយេស៊ូចង់ពង្រឹងទំនុកចិត្តរបស់អ្នកកាន់តាមលោកថាពួកគេមិនចាំបាច់បារម្ភថានឹងបានអ្វីបរិភោគជារៀងរាល់ថ្ងៃឡើយ។ ដូច្នេះ លោកបានពន្យល់ថាព្រះយេហូវ៉ាតែងតែផ្ដល់អាហារឲ្យសត្វស្លាប។ ក្រោយមក លោកបានសួរពួកគាត់ថា៖ «តើអ្នកមិនមានតម្លៃជាងសត្វស្លាបទាំងនោះទៅទៀតទេឬ?»។ (ម៉ាថាយ ៦:២៦) ដោយប្រើពាក្យដែលស្រួលយល់ទាំងនោះ លោកយេស៊ូបានជួយពួកគេឲ្យយល់មេរៀនដ៏សំខាន់មួយ និងឲ្យពួកគេមានកម្លាំងចិត្ត។
តើតាមរបៀបណាយើងគួរនិយាយទៅកាន់អ្នកឯទៀត?
១៥. ហេតុអ្វីយើងត្រូវនិយាយដោយស្លូតបូត?
១៥ របៀបដែលយើងនិយាយទៅកាន់អ្នកឯទៀតក៏អាចសំខាន់ដូចអ្វីដែលយើងនិយាយដែរ។ មនុស្សចូលចិត្តស្ដាប់លោកយេស៊ូ ដោយសារលោកបាននិយាយ«ពីរោះ» ឬនិយាយដោយស្លូតបូត។ (លូកា ៤:២២) ពេលយើងនិយាយដោយស្លូតបូត មនុស្សទំនងជាចង់ស្ដាប់យើងនិងទទួលយកអ្វីដែលយើងនិយាយ។ (សុភាសិត ២៥:១៥) យើងនឹងអាចនិយាយដោយស្លូតបូតទៅកាន់អ្នកឯទៀត បើយើងគោរពពួកគេ ហើយគិតអំពីអារម្មណ៍របស់ពួកគេ។ នោះគឺជាអ្វីដែលលោកយេស៊ូបានធ្វើ។ ជាឧទាហរណ៍ ពេលលោកឃើញមនុស្សមួយក្រុមធំខំប្រឹងយ៉ាងខ្លាំងដើម្បីទៅស្ដាប់លោក លោកពិតជាសប្បាយរីករាយចំណាយពេលជាមួយនឹងពួកគេនិងបង្រៀនពួកគេ។ (ម៉ាកុស ៦:៣៤) ទោះជាពេលមនុស្សជេរប្រមាថលោកយេស៊ូក៏ដោយ លោកមិនបានជេរប្រមាថគេវិញទេ។—ពេត្រុសទី១ ២:២៣
១៦, ១៧. (ក) ពេលយើងនិយាយជាមួយនឹងក្រុមគ្រួសារនិងមិត្តភក្ដិរបស់យើង តើយើងអាចយកតម្រាប់លោកយេស៊ូយ៉ាងដូចម្ដេច? (សូមមើលរូបភាពនៅដើមអត្ថបទ) (ខ) តើម្ដាយម្នាក់បានទទួលលទ្ធផលល្អយ៉ាងណាពីការនិយាយដោយស្លូតបូត?
១៦ ទោះជាយើងស្រឡាញ់ក្រុមគ្រួសារនិងមិត្តភក្ដិរបស់យើងក្ដី យើងប្រហែលជានិយាយអ្វីដែលមិនបង្ហាញចិត្តស្លូតបូតទៅកាន់ពួកគេ ដោយសារយើងស្គាល់ពួកគេច្បាស់។ យើងប្រហែលជាគិតថាយើងមិនចាំបាច់ប្រុងប្រយ័ត្នអំពីរបៀបដែលយើងនិយាយទៅកាន់ពួកគេទេ។ ប៉ុន្តែ លោកយេស៊ូមិនដែលនិយាយដោយមិនស្លូតបូតទៅកាន់មិត្តភក្ដិរបស់លោកឡើយ។ ពេលពួកគេខ្លះឈ្លោះគ្នាអំពីអ្នកណាធំជាងគេ លោកបានកែតម្រង់ពួកគេដោយស្លូតបូត ហើយបានយកកូនក្មេងជាគំរូដើម្បីជួយពួកគេឲ្យផ្លាស់ប្ដូរចិត្តគំនិតរបស់ពួកគេ។ (ម៉ាកុស ៩:៣៣-៣៧) អ្នកចាស់ទុំអាចធ្វើតាមគំរូរបស់លោកយេស៊ូដោយផ្ដល់ឱវាទឲ្យអ្នកឯទៀតតាមរបៀបស្លូតបូត។—កាឡាទី ៦:១
១៧ សូម្បីតែពេលអ្នកណាម្នាក់និយាយអ្វីដែលធ្វើឲ្យយើងទើសចិត្ត បើយើងនិយាយដោយស្លូតបូត នោះអាចនាំឲ្យមានលទ្ធផលល្អ។ (សុភាសិត ១៥:១) ជាឧទាហរណ៍ កូនប្រុសជំទង់របស់ម្ដាយដែលគ្មានគូ បានធ្វើអ្វីដែលមិនត្រឹមត្រូវកាលដែលកូននោះធ្វើពុតជាបម្រើព្រះយេហូវ៉ា។ បងស្រីម្នាក់ដែលនៅក្នុងក្រុមជំនុំរបស់គាត់អាណិតម្ដាយនោះ ហើយបានប្រាប់គាត់ថា៖ «គួរឲ្យស្ដាយណាស់ដែលបងបានបរាជ័យក្នុងការអប់រំកូន»។ ម្ដាយនោះបានគិតមួយស្របក់ ហើយក្រោយមកបាននិយាយថា៖ «ពិតមែនតែអ្វីៗគឺមិនសូវល្អមែននៅឥឡូវនេះ ប៉ុន្តែការអប់រំកូនរបស់ខ្ញុំមិនទាន់ចប់ទេ។ សូមមកនិយាយជាមួយនឹងខ្ញុំក្រោយសង្គ្រាមហាម៉ាគេដូនដើម្បីឲ្យយើងដឹងជាក់ជាមិនខាន»។ ដោយសារម្ដាយនោះបានរក្សាចិត្តស្ងប់ និងប្រព្រឹត្តដោយស្លូតបូតចំពោះបងស្រីនោះ ពួកគាត់នៅតែជាមិត្តភក្ដិនឹងគ្នា។ ម្យ៉ាងទៀត កូនប្រុសនោះបានឮអ្វីដែលម្ដាយរបស់គាត់និយាយ ហើយបានទទួលស្គាល់ថាម្ដាយគាត់នៅតែជឿថាគាត់អាចកែប្រែបាន។ ហេតុនេះ គាត់បានឈប់ដើរលេងជាមួយនឹងមិត្តភក្ដិមិនល្អ បានទទួលការជ្រមុជទឹក ហើយក្រោយមកបានបម្រើនៅបេតអែល។ ទោះជាយើងនិយាយជាមួយនឹងបងប្អូនរួមជំនឿ ក្រុមគ្រួសាររបស់យើង ឬមនុស្សដែលយើងមិនស្គាល់ក៏ដោយ ពាក្យសម្ដីរបស់យើងគួរតែ«ប្រកបដោយភាពសប្បុរស ប្រៀបដូចជាបានត្រូវបង់អំបិល»ជានិច្ច។—កូឡុស ៤:៦
១៨. ស្តីអំពីរបៀបដែលយើងនិយាយ តើយើងអាចធ្វើតាមគំរូរបស់លោកយេស៊ូយ៉ាងដូចម្ដេច?
១៨ សមត្ថភាពប្រាប់អ្នកឯទៀតអំពីគំនិតនិងអារម្មណ៍របស់យើង គឺពិតជាអំណោយដ៏អស្ចារ្យមួយពីព្រះយេហូវ៉ា។ បើយើងធ្វើតាមគំរូរបស់លោកយេស៊ូ យើងនឹងជ្រើសរើសពេលត្រឹមត្រូវដើម្បីនិយាយ យើងនឹងប្រុងប្រយ័ត្ននឹងអ្វីដែលយើងនិយាយ ហើយយើងនឹងតែងតែព្យាយាមនិយាយដោយស្លូតបូត។ ហេតុនេះ សូមឲ្យយើងប្រើពាក្យសម្ដីរបស់យើងដើម្បីលើកទឹកចិត្តអ្នកឯទៀត និងដើម្បីធ្វើឲ្យព្រះយេហូវ៉ាសប្បាយចិត្ត។