ទោះជាមានសេចក្ដីទុក្ខលំបាក សូមកាន់ជាប់នឹងជំនឿរបស់អ្នក!
«បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗនោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ»។—យ៉ាកុប ១:២
១. ទោះជាមានអ្វី ដែលរាស្ត្ររបស់ព្រះយេហូវ៉ាបំរើទ្រង់ក្នុងជំនឿនិងដោយមាន‹ចិត្តដ៏រីករាយ›?
រាស្ត្ររបស់ព្រះយេហូវ៉ា បំរើជាស្មរបន្ទាល់នៃទ្រង់ដោយមានជំនឿលើទ្រង់ ហើយដោយមាន‹ចិត្តដ៏រីករាយ›។ (ចោទិយកថា ២៨:៤៧; អេសាយ ៤៣:១០) គេធ្វើបែបនេះ ទោះជាគេមានសេចក្ដីទុក្ខលំបាកជាច្រើនក្ដី។ ថ្វីបើគេមានសេចក្ដីទុក្ខលំបាករបស់គេក៏ដោយ គេទទួលការសម្រាលទុក្ខពីពាក្យនេះ៖ «បងប្អូនអើយ កាលណាអ្នករាល់គ្នាមានសេចក្ដីល្បួងផ្សេងៗ នោះត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់វិញ ដោយដឹងថា ការល្បងលមើលសេចក្ដីជំនឿនៃអ្នករាល់គ្នា នោះនាំបង្កើតឲ្យមានសេចក្ដីខ្ជាប់ខ្ជួន»។—យ៉ាកុប ១:២, ៣
២. តើដឹងយ៉ាងណាខ្លះអំពីអ្នកសរសេរសំបុត្រយ៉ាកុប?
២ សេចក្ដីថ្លែងនោះបានកត់ទុកក្នុងឆ្នាំ៦២ ស.យ. ដោយយ៉ាកុប ដែលជាប្អូនរបស់ព្រះយេស៊ូខាងម្ដាយ។ (ម៉ាកុស ៦:៣) យ៉ាកុបជាអ្នកចាស់ទុំម្នាក់ក្នុងក្រុមជំនុំយេរូសាឡិម។ តាមពិត យ៉ាកុប លោកកេផាស (ពេត្រុស) និងយ៉ូហាន បាន«រាប់ទុកជាសសរទ្រូង»—ជាពួកអ្នកគាំទ្រយ៉ាងមាំមួននៃក្រុមជំនុំ។ (កាឡាទី ២:៩) ពេលដែលរឿងនៃការកាត់ស្បែកបានជំរាបដល់‹ពួកសាវ័កនិងពួកចាស់ទុំ› ក្នុងឆ្នាំ៤៩ ស.យ. យ៉ាកុបបានផ្ដល់យោបល់ដ៏ត្រឹមត្រូវពីព្រះគម្ពីរ ដែលបានយកមកប្រើដោយគណៈអភិបាលក្នុងសតវត្សទីមួយ។—កិច្ចការ ១៥:៦-២៩
៣. តើអ្វីជាបញ្ហាខ្លះដែលប្រឈមមុខពួកគ្រីស្ទានសតវត្សទីមួយ ហើយតើតាមរបៀបណាដែលយើងអាចទទួលប្រយោជន៍ពីសំបុត្រយ៉ាកុប?
៣ ជាអ្នកគង្វាលដ៏យកចិត្តទុកដាក់ យ៉ាកុប‹បានដឹងអំពីអាការក្រៅនៃហ្វូង›។ (សុភាសិត ២៧:២៣) លោកបានដឹងថា ពួកគ្រីស្ទានបានប្រឈមមុខនៃសេចក្ដីទុក្ខលំបាកដ៏ធ្ងន់។ គំនិតនៃពួកគ្រីស្ទានខ្លះត្រូវការកែតម្រូវ ដ្បិតគេបង្ហាញនូវការចូលចិត្តដល់ពួកអ្នកមាន។ ចំពោះពួកគ្រីស្ទានមួយចំនួន ការថ្វាយបង្គំគឺគ្រាន់តែធ្វើឡើងដោយបង្គ្រប់កិច្ចតែប៉ុណ្ណោះ។ អ្នកខ្លះធ្វើឲ្យមានគ្រោះថ្នាក់ដោយអណ្ដាតដ៏ឥតចេះទប់។ គំនិតដូចលោកីយ៍គឺមានឥទ្ធិពលដ៏គ្រោះថ្នាក់ ហើយពួកគ្រីស្ទានជាច្រើន ឥតមានចិត្តអត់ធ្មត់ហើយក៏ឥតអធិស្ឋានទៀត។ តាមពិត ការឈឺចាប់ខាងវិញ្ញាណបានធ្លាក់លើដល់ពួកគ្រីស្ទានខ្លះ។ សំបុត្រនៃយ៉ាកុបបានដោះស្រាយរឿងបែបនេះ តាមរបៀបដ៏លើកទឹកចិត្ត ហើយឱវាទរបស់លោក គឺមានប្រយោជន៍សំរាប់សព្វថ្ងៃនេះ ក៏ដូចមានប្រយោជន៍នៅសតវត្សទីមួយដែរ។ យើងនឹងទទួលបានប្រយោជន៍ច្រើន ប្រសិនបើយើងពិចារណាមើលសំបុត្រនេះ ទុកជាសំបុត្រដែលបានសរសេរមកសំរាប់យើងផ្ទាល់។a
ពេលដែលយើងមានសេចក្ដីទុក្ខលំបាក
៤. តើតាមរបៀបណាដែលយើងចាត់ទុកសេចក្ដីទុក្ខលំបាក?
៤ យ៉ាកុបបង្ហាញយើងនូវរបៀបដែលយើងត្រូវចាត់ទុកសេចក្ដីទុក្ខលំបាក។ (យ៉ាកុប ១:១-៤) ដោយមិនរៀបរាប់អំពីការជាប់ជាគ្រួសារនៃបុត្រារបស់ព្រះ លោកបានហៅខ្លួនដ៏រាបទាបថាជា «បាវបំរើរបស់ព្រះ ហើយរបស់ព្រះអម្ចាស់យេស៊ូគ្រីស្ទ»។ យ៉ាកុបបានសរសេរដល់«ពូជអំបូរទាំង១២»នៃពួកអ៊ីស្រាអែលខាងវិញ្ញាណដែល«ត្រូវខ្ចាត់ខ្ចាយ» មុនដំបូងដោយសារការបៀតបៀន។ (កិច្ចការ ៨:១; ១១:១៩; កាឡាទី ៦:១៦; ពេត្រុសទី១ ១:១) ជាគ្រីស្ទាន យើងក៏បានត្រូវបៀតបៀនដែរ ហើយយើង«មានសេចក្ដីល្បួងផ្សេងៗ»។ ប៉ុន្តែ ប្រសិនបើយើងចងចាំថា សេចក្ដីទុក្ខលំបាកដែលបានស៊ូទ្រាំនឹងពង្រឹងជំនឿរបស់យើង នោះយើងនឹង«ត្រូវរាប់ជាសេចក្ដីអំណរសព្វគ្រប់» ពេលដែលមានមកលើយើងនោះ។ ប្រសិនបើយើងរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដល់ព្រះពេលមានសេចក្ដីទុក្ខលំបាក នេះនឹងនាំឲ្យយើងមានសុភមង្គលជាស្ថាពរ។
៥. តើសេចក្ដីទុក្ខលំបាករបស់យើងអាចមានអ្វីខ្លះ ហើយមានអ្វីកើតឡើងពេលដែលនឹងស៊ូទ្រាំដោយជោគជ័យ?
៥ សេចក្ដីទុក្ខលំបាករបស់យើងរួមបញ្ចូលវិបត្ដិភ័យដែលមានទូទៅចំពោះមនុស្សលោក។ ជាឧទាហរណ៍ សុខភាពមិនល្អគឺមានមកលើយើង។ ឥឡូវនេះ ព្រះទ្រង់មិនធ្វើអព្ភូតហេតុប្រោសឲ្យជាទេ ប៉ុន្តែទ្រង់តបឆ្លើយនឹងសេចក្ដីអធិស្ឋានរបស់យើង ផ្ដល់ឲ្យប្រាជ្ញានិងកម្លាំងដែលត្រូវការដើម្បីប្រឈមដោះស្រាយនឹងជម្ងឺ។ (ទំនុកដំកើង ៤១:១-៣) យើងក៏បានរងទុក្ខដោយសេចក្ដីសុចរិតដែរ ជាស្មរបន្ទាល់ព្រះយេហូវ៉ា។ (ធីម៉ូថេទី២ ៣:១២; ពេត្រុសទី១ ៣:១៤) ពេលដែលយើងស៊ូទ្រាំដ៏ជោគជ័យនៃសេចក្ដីទុក្ខលំបាកបែបនេះ ជំនឿរបស់យើងក៏សឲ្យឃើញ ជា‹គុណសម្បត្ដិដែលបានល្បង›។ ហើយនៅពេលដែលជំនឿរបស់យើងមានជ័យជំនះ នេះ‹នាំបង្កើតឲ្យមានការស៊ូទ្រាំ›។ ជំនឿនឹងបានមុតមាំឡើងដោយសេចក្ដីទុក្ខលំបាក ហើយនឹងជួយយើងឲ្យស៊ូទ្រាំនឹងការសាកល្បងក្នុងអនាគត។
៦. តើតាមរបៀបណាដែល‹ការស៊ូទ្រាំនេះបានធ្វើការឲ្យសម្រេចពេញលេញ› តើវិធានការដ៏មានប្រយោជន៍អ្វីខ្លះដែលយើងអាចធ្វើ ពេលយើងមានសេចក្ដីទុក្ខលំបាក?
៦ ‹ប៉ុន្តែ› យ៉ាកុបនិយាយថា ‹ត្រូវឲ្យការស៊ូទ្រាំនេះ បានធ្វើការសម្រេចពេញលេញ›។ បើយើងអនុញ្ញាតឲ្យសេចក្ដីទុក្ខលំបាកមានបន្ត ដោយឥតខំដោះស្រាយជាប្រញាប់ដែលឥតស្របតាមព្រះគម្ពីរ នោះការស៊ូទ្រាំនឹងធ្វើ«ការ» ឲ្យយើងបានគ្រប់ល័ក្ខណ៍ជាគ្រីស្ទាន ដោយឥតខ្វះជំនឿ។ ប្រាកដហើយ ប្រសិនបើសេចក្ដីទុក្ខលំបាកមួយបង្ហាញនូវភាពទន់ខ្សោយខ្លះ យើងត្រូវរកជំនួយពីព្រះយេហូវ៉ា ដើម្បីឲ្យបានជ័យជំនះ។ ចុះយ៉ាងណាវិញ ប្រសិនបើសេចក្ដីទុក្ខលំបាកជាការល្បួងឲ្យប្រព្រឹត្តអំពើឥតសីលធម៌កាមនោះ? សូមឲ្យយើងអធិស្ឋានអំពីរឿងនោះ ហើយរួចមកប្រព្រឹត្តឲ្យស្របតាមសេចក្ដីអធិស្ឋានរបស់យើង។ យើងប្រហែលជាត្រូវផ្លាស់ប្ដូរកន្លែងធ្វើការរបស់យើង ឬក៏ចាត់វិធានការណាផ្សេងទៀត ដើម្បីរក្សាចិត្តស្មោះគ្រប់ល័ក្ខណ៍ដល់ព្រះ។—លោកុប្បត្តិ ៣៩:៧-៩; កូរិនថូសទី១ ១០:១៣
ការស្វែងរកប្រាជ្ញា
៧. តើយើងអាចទទួលជំនួយដើម្បីដោះស្រាយនឹងសេចក្ដីទុក្ខលំបាក យ៉ាងដូចម្ដេច?
៧ យ៉ាកុបបានបង្ហាញយើងនូវការធ្វើយ៉ាងណា បើយើងមិនដឹងនូវរបៀបដោះស្រាយនឹងសេចក្ដីទុក្ខលំបាកណាមួយ។ (យ៉ាកុប ១:៥-៨) ព្រះយេហូវ៉ានឹងមិនមើលងាយយើងទេ ដែលយើងឥតមានប្រាជ្ញា ហើយអធិស្ឋានសុំសេចក្ដីនោះដោយចិត្តជឿ។ ទ្រង់នឹងជួយយើងឲ្យចាត់ទុកសេចក្ដីទុក្ខលំបាកដោយត្រឹមត្រូវ ហើយឲ្យខំស៊ូទ្រាំ។ បទគម្ពីរប្រហែលជាត្រូវបង្ហាញប្រាប់យើង ដោយអ្នកជឿគ្នីគ្នា ឬក្នុងកំឡុងសិក្សាព្រះគម្ពីរ។ ព្រឹត្ដិការណ៍ដែលបានប្រើដោយព្រះ ប្រហែលជាជួយយើងឲ្យឃើញនូវអ្វីដែលយើងត្រូវធ្វើ។ យើងប្រហែលជាដឹកនាំដោយវិញ្ញាណរបស់ព្រះ។ (លូកា ១១:១៣) ដើម្បីទទួលប្រយោជន៍បែបនេះ ជាធម្មតា យើងត្រូវតែនៅជិតព្រះនិងរាស្ត្ររបស់ទ្រង់។—សុភាសិត ១៨:១
៨. ហេតុអ្វីក៏អ្នកសង្ស័យឥតបានទទួលអ្វីពីព្រះយេហូវ៉ា?
៨ ព្រះយេហូវ៉ាប្រទានប្រាជ្ញាឲ្យយើង ដើម្បីប្រឈមដោះស្រាយនឹងសេចក្ដីទុក្ខលំបាក ប្រសិនបើយើង«សូមដោយចិត្តជឿ ឥតសង្ស័យអ្វីសោះ»។ អ្នកសង្ស័យ«គឺប្រៀបដូចជារលកសមុទ្រដែលត្រូវផាត់ដោយខ្យល់ ទាំងរំពើកចុះឡើង» ដែលមិនអាចទាយទុកជាមុនបាន។ ប្រសិនបើយើងឥតនឹងនខាងវិញ្ញាណ នោះ‹យើងមិនត្រូវនឹកស្មានថានឹងទទួលអ្វីពីព្រះយេហូវ៉ាឡើយ›។ សូមកុំឲ្យយើងជា‹មនុស្សដែលមានចិត្តពីរ› និង‹ឥតនឹងន›ក្នុងសេចក្ដីអធិស្ឋាន ឬក្នុងផ្លូវអ្វីផ្សេងទៀតឡើយ។ ផ្ទុយទៅវិញ សូមឲ្យយើងមានជំនឿលើព្រះយេហូវ៉ា ជាប្រភពនៃប្រាជ្ញា។—សុភាសិត ៣:៥, ៦
ពួកគ្រីស្ទានមានឬក្រអាចត្រេកអរ
៩. ហេតុអ្វីក៏យើងមានមូលហេតុចំពោះ‹សេចក្ដីត្រេកអរ› ជាពួកអ្នកថ្វាយបង្គំរបស់ព្រះយេហូវ៉ា?
៩ ទោះជាភាពក្រីក្រជាសេចក្ដីទុក្ខលំបាកមួយរបស់យើងក៏ដោយ សូមឲ្យយើងចាំថា គ្រីស្ទានក្រនិងមានក៏អាចត្រេកអរបានដែរ។ (យ៉ាកុប ១:៩-១១) មុននឹងក្លាយទៅជាសិស្សរបស់ព្រះយេស៊ូ ពួកអ្នកចាក់ប្រេងតាំងភាគច្រើនមានទ្រព្យសម្បត្ដិតិចតួច ដែលលោកីយ៍បានមើលងាយ។ (កូរិនថូសទី១ ១:២៦) ប៉ុន្តែ គេអាចត្រេកអរដល់‹សេចក្ដីដំកើង›របស់គេ ដោយទទួលមរតកនៃព្រះរាជាណាចក្រ។ (រ៉ូម ៨:១៦, ១៧) ផ្ទុយទៅវិញ ពួកមនុស្សមាន ដែលនៅពេលមួយទទួលកិត្ដិយស តែនឹងទទួល‹សេចក្ដីអាម៉ាស់មុខ› ជាពួកកាន់តាមព្រះគ្រីស្ទ ដោយសារលោកីយ៍ស្អប់គេ។ (យ៉ូហាន ៧:៤៧-៥២; ១២:៤២, ៤៣) ប៉ុន្តែ ជាអ្នកបំរើរបស់ព្រះយេហូវ៉ា យើងគ្រប់គ្នាអាចត្រេកអរ ពីព្រោះទ្រព្យសម្បត្ដិលោកីយ៍និងឋានៈធំដុំ ឥតបានប្រយោជន៍ទេ បើប្រៀបធៀបនឹងទ្រព្យខាងវិញ្ញាណដែលយើងមាន។ ហើយយើងមានអំណរគុណណាស់ ដែលក្នុងចំណោមយើង គឺឥតមានកន្លែងសំរាប់អំនួតចំពោះវណ្ណៈនោះទេ!—សុភាសិត ១០:២២; កិច្ចការ ១០:៣៤, ៣៥
១០. តើតាមរបៀបណាដែលគ្រីស្ទានត្រូវចាត់ទុកទ្រព្យសម្បត្ដិ?
១០ យ៉ាកុបជួយយើងឲ្យឃើញថាជីវិតរបស់យើង មិនពឹងទៅលើទ្រព្យសម្បត្ដិនិងការសម្រេចជោគជ័យខាងលោកីយ៍នោះឡើយ។ ដូចជាអ្នកលំអរផ្កាមិនអាចបង្ការវាពីស្លាប់ក្នុង‹កំដៅ›ថ្ងៃ ដូច្នេះទ្រព្យសម្បត្ដិរបស់បុរសអ្នកមាន ក៏មិនអាចបន្តជីវិតរបស់គាត់ឲ្យបានវែងឡើយ។ (ទំនុកដំកើង ៤៩:៦-៩; ម៉ាថាយ ៦:២៧) គាត់ប្រហែលជាស្លាប់ក្នុងកាលដែលខំស្វែងរក«ផ្លូវនៃជីវិត»របស់គាត់ ប្រហែលក្នុងការរកស៊ីក៏មិនដឹង។ ដូច្នេះ អ្វីដែលសំខាន់គឺត្រូវឲ្យបាន‹មានចំពោះព្រះ› ហើយធ្វើអ្វីដែលយើងអាច ដើម្បីផ្សព្វផ្សាយអំពីព្រះរាជាណាចក្រ។—លូកា ១២:១៣-២១; ម៉ាថាយ ៦:៣៣; ធីម៉ូថេទី១ ៦:១៧-១៩
សប្បាយហើយអស់អ្នកដែលស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក
១១. តើអ្វីជាសេចក្ដីសង្ឃឹមចំពោះអស់អ្នកដែលកាន់ជាប់ជំនឿ ពេលមានសេចក្ដីទុក្ខលំបាក?
១១ មានឬក៏ក្រ យើងអាចមានចិត្តសប្បាយ លុះតែយើងស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាករបស់យើង។ (យ៉ាកុប ១:១២-១៥) ប្រសិនបើយើងស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាកដោយជំនឿមាំមួន យើងអាចរាប់ជាសប្បាយ ដ្បិតគឺមានអំណរក្នុងការធ្វើអ្វីដែលត្រឹមត្រូវក្នុងព្រះនេត្ររបស់ព្រះ។ ដោយតោងជាប់ដល់ជំនឿរបស់គេរហូតដល់ស្លាប់ ពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងដោយវិញ្ញាណទទួល«មកុដនៃជីវិត» អមតភាពក្នុងស្ថានសួគ៌។ (វិវរណៈ ២:១០; កូរិនថូសទី១ ១៥:៥០) ប្រសិនបើយើងមានសេចក្ដីសង្ឃឹមខាងផែនដី ហើយរក្សាជំនឿរបស់យើងលើព្រះ យើងអាចសង្ឃឹមបានជីវិតអស់កល្បជានិច្ចលើផែនដីមនោរម្យ។ (លូកា ២៣:៤៣; រ៉ូម ៦:២៣) ព្រះយេហូវ៉ាមានព្រះហឫទ័យល្អណាស់ដល់ពួកដែលមានជំនឿលើទ្រង់!
១២. ពេលមានសេចក្ដីទុក្ខលំបាក ហេតុអ្វីក៏យើងមិនត្រូវនិយាយថា៖ «ព្រះទ្រង់ល្បួងខ្លួន»ឡើយ?
១២ តើព្រះយេហូវ៉ាប្រហែលជាអាចល្បួងយើងដោយប្រើសេចក្ដីអាក្រក់ឬ? ទេ យើងមិនត្រូវនិយាយថា៖ «ព្រះទ្រង់ល្បួងខ្លួន»ឡើយ។ ព្រះយេហូវ៉ាមិនចង់ល្បួងយើងឲ្យប្រព្រឹត្តអំពើបាបទេ ប៉ុន្តែគឺប្រាកដជាចង់ជួយយើង ហើយប្រទានកម្លាំងជាចាំបាច់ដល់យើង ដើម្បីស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក ប្រសិនបើយើងមានជំនឿមាំមួន។ (ភីលីព ៤:១៣) ព្រះទ្រង់គឺបរិសុទ្ធ ដូច្នេះ ទ្រង់មិនដាក់យើងក្នុងកាលៈទេសៈដែលធ្វើខ្សោយការទប់ទល់របស់យើង ឲ្យទៅធ្វើអាក្រក់នោះទេ។ ប្រសិនបើយើងនៅក្នុងស្ថានការណ៍ដ៏មិនបរិសុទ្ធ ហើយបានប្រព្រឹត្តអំពើបាបខ្លះ យើងមិនត្រូវបន្ទោសទ្រង់ឡើយ «ដ្បិតសេចក្ដីអាក្រក់ពុំអាចនឹងល្បួងនាំព្រះហឫទ័យព្រះបានឡើយ ហើយព្រះក៏មិនដែលល្បួងអ្នកណាដែរ»។ ទោះជាព្រះយេហូវ៉ាប្រហែលជាអនុញ្ញាតឲ្យមានសេចក្ដីទុក្ខលំបាក ដើម្បីទូន្មានយើងសំរាប់ប្រយោជន៍យើង តែទ្រង់មិនល្បួងយើងដោយមានសេចក្ដីប៉ងប្រាថ្នាអាក្រក់ទេ។ (ហេព្រើរ ១២:៧-១១) សាតាំងប្រហែលជាល្បួងយើងឲ្យធ្វើអាក្រក់ ប៉ុន្តែ ព្រះអាចរំដោះយើងពីមេកំណាចនេះ។—ម៉ាថាយ ៦:១៣
១៣. តើអ្វីដែលអាចកើតឡើង បើយើងមិនបដិសេធសេចក្ដីប្រាថ្នាអាក្រក់?
១៣ យើងត្រូវតែខំអធិស្ឋាន ពីព្រោះស្ថានការណ៍ខ្លះប្រហែលជានាំឲ្យមានសេចក្ដីប្រាថ្នាអាក្រក់ ដែលអាចល្បួងយើងឲ្យប្រព្រឹត្តអំពើបាប។ យ៉ាកុបនិយាយថា៖ «តែដែលគ្រប់គ្នាកើតមានសេចក្ដីល្បួង នោះគឺដោយសារតែសេចក្ដីប៉ងប្រាថ្នារបស់ខ្លួននាំប្រទាញ»។ យើងមិនអាចបន្ទោសព្រះចំពោះបាបរបស់យើង បើយើងគិតតែអំពីសេចក្ដីប្រាថ្នាដ៏មានបាបនោះ។ បើយើងមិនកំចាត់សេចក្ដីប្រាថ្នាអាក្រក់ទេ ‹នោះក្លាយទៅជាមានផ្ទៃ› ដែលនឹងដាំក្នុងចិត្តរបស់យើង ហើយ«សំរាលចេញមកជាអំពើបាប»។ កាលណាបាបបានចំរើនដល់កំរិតហើយ នោះ«ក៏បង្កើតជាសេចក្ដីស្លាប់»។ ប្រាកដហើយ យើងត្រូវតែការពារចិត្តរបស់យើង និងទប់ទល់ទំនោរដ៏បាប។ (សុភាសិត ៤:២៣) កាអ៊ីនបានត្រូវព្រមានថាបាបនឹងមានជ័យជំនះលើគាត់ ប៉ុន្តែគាត់មិនបានទប់ទល់ទេ។ (លោកុប្បត្តិ ៤:៤-៨) ដូច្នេះ យ៉ាងណាវិញ បើយើងចាប់ផ្ដើមដំណើរដែលមិនស្របតាមព្រះគម្ពីរ? ប្រាកដហើយ យើងត្រូវតែមានអំណរគុណ ប្រសិនបើពួកអ្នកចាស់ទុំគ្រីស្ទានខំកែតម្រូវយើង ដើម្បីកុំឲ្យយើងប្រព្រឹត្តអំពើបាបប្រឆាំងព្រះ។—កាឡាទី ៦:១
ព្រះ—ជាប្រភពនៃរបស់ដ៏ល្អ
១៤. ក្នុងន័យណា ដែលអាចនិយាយថា អំណោយរបស់ព្រះគឺ«គ្រប់ល័ក្ខណ៍»?
១៤ យើងត្រូវចាំថា ព្រះយេហូវ៉ាជាប្រភពនៃរបស់ដ៏ល្អ មិនមែននៃសេចក្ដីទុក្ខលំបាករបស់យើងទេ។ (យ៉ាកុប ១:១៦-១៨) យ៉ាកុបបានសំដៅទៅពួកអ្នកជឿគ្នីគ្នា ជា«បងប្អូនស្ងួនភ្ងា» ហើយបង្ហាញថា ព្រះជាអ្នកប្រទាននៃ‹អំណោយដ៏គ្រប់ល័ក្ខណ៍›។ អំណោយខាងវិញ្ញាណនិងវត្ថុរបស់ព្រះយេហូវ៉ាគឺ«គ្រប់ល័ក្ខណ៍» ឥតខ្វះខាតអ្វីឡើយ។ អំណោយទាំងនេះមកពី«ស្ថានលើ» ដែលជាលំនៅរបស់ព្រះយេហូវ៉ាក្នុងស្ថានសួគ៌។ (ពង្សាវតារក្សត្រទី១ ៨:៣៩) ព្រះយេហូវ៉ាជា«ព្រះវរបិតានៃពន្លឺ»—ថ្ងៃ លោកខែ និងផ្កាយទាំងឡាយ។ ទ្រង់ក៏ប្រទានពន្លឺខាងវិញ្ញាណនិងសេចក្ដីពិតដល់យើងដែរ។ (ទំនុកដំកើង ៤៣:៣; យេរេមា ៣១:៣៥; កូរិនថូសទី២ ៤:៦) មិនដូចថ្ងៃដែលធ្វើឲ្យមានស្រមោលប្រែប្រួលកាលដែលវាធ្វើដំណើរ ហើយមកដល់កំរិតខ្ពស់នៅថ្ងៃត្រង់ តែចំពោះព្រះវិញ ទ្រង់មានកំរិតខ្ពស់ជានិច្ចក្នុងការផ្ដល់អ្វីដែលជាល្អ។ ទ្រង់ប្រាកដជានឹងប្រដាប់យើង ដើម្បីឲ្យប្រឈមមុខនឹងសេចក្ដីទុក្ខលំបាក បើយើងឆ្លៀតយកប្រយោជន៍នៃសំវិធានវត្ថុខាងវិញ្ញាណ តាមរយៈបន្ទូលរបស់ទ្រង់ និង‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›។—ម៉ាថាយ ២៤:៤៥
១៥. តើអ្វីជាអំណោយមួយក្នុងបណ្ដាអំណោយដ៏ប្រសើរបំផុតរបស់ព្រះយេហូវ៉ា?
១៥ តើអ្វីជាអំណោយមួយក្នុងបណ្ដាអំណោយដ៏ប្រសើរបំផុតរបស់ព្រះ? នោះគឺការនាំឲ្យមានបុត្រាខាងវិញ្ញាណតាមរយៈវិញ្ញាណបរិសុទ្ធ ដែលភ្ជាប់ជាមួយនឹងដំណឹងល្អ ឬ«ព្រះបន្ទូលដ៏ពិត»។ ពួកអ្នកដែលពិសោធកំណើតខាងវិញ្ញាណគឺ«ផលដំបូង» ដែលបានរើសពីចំណោមមនុស្សលោក ឲ្យជា«ជានគរ ហើយជាពួកសង្ឃ»ខាងស្ថានសួគ៌។ (វិវរណៈ ៥:១០; អេភេសូរ ១:១៣, ១៤) យ៉ាកុបប្រហែលគិតអំពីផលដំបូងនៃស្រូវសាលី ដែលបានថ្វាយនៅថ្ងៃណែសាន ១៦ ជាថ្ងៃដែលព្រះយេស៊ូបានត្រូវប្រោសឲ្យរស់ឡើងវិញ ហើយនៃការថ្វាយនំប៉័ងពីរធ្វើពីស្រូវសាលីនៅបុណ្យថ្ងៃទី៥០ ពេលដែលវិញ្ញាណបរិសុទ្ធត្រូវបានចាក់ចេញ។ (លេវីវិន័យ ២៣:៤-១១, ១៥-១៧) ក្នុងករណីនោះ ព្រះយេស៊ូនឹងទៅជាផលដំបូង ហើយនឹងរួមពួកមរតកឯទៀត ដែលជា‹ផលខ្លះ›។ យ៉ាងណាវិញ បើយើងមានសេចក្ដីសង្ឃឹមខាងផែនដី? ដោយចាំអំពីសេចក្ដីសង្ឃឹមរបស់យើងលើផែនដី នឹងជួយយើងឲ្យតោងដល់ជំនឿរបស់យើងលើព្រះដែលប្រទាន‹អំណោយនៃរបស់ដ៏ល្អ› ដែលបានធ្វើឲ្យមានជីវិតអស់កល្បជានិច្ចក្រោមការគ្រប់គ្រងព្រះរាជាណាចក្រ។
សូមឲ្យបានជា‹អ្នកប្រព្រឹត្តតាមព្រះបន្ទូល›
១៦. ហេតុអ្វីក៏យើងត្រូវ‹ឆាប់នឹងស្ដាប់ តែក្រនឹងនិយាយ ហើយយឺតនឹងខឹង›?
១៦ មិនថាយើងកំពុងមានសេចក្ដីទុក្ខលំបាកដល់ជំនឿរបស់យើងឬក៏អត់ យើងត្រូវតែជា‹អ្នកប្រព្រឹត្តតាមព្រះបន្ទូល›។ (យ៉ាកុប ១:១៩-២៥) យើងត្រូវ«ឆាប់នឹងស្ដាប់»បន្ទូលរបស់ព្រះ ជាអ្នកដែលប្រព្រឹត្តតាមបន្ទូលដោយគោរព។ (យ៉ូហាន ៨:៤៧) ម្យ៉ាងវិញទៀត សូមឲ្យយើង«ក្រនឹងនិយាយ» ដោយប្រយ័ត្ននៅអ្វីដែលយើងនឹងនិយាយ។ (សុភាសិត ១៥:២៨; ១៦:២៣) យ៉ាកុបប្រហែលជាដាស់តឿនយើង កុំឲ្យឆាប់នឹងនិយាយថា សេចក្ដីទុក្ខលំបាករបស់យើងជាដើមហេតុពីព្រះ។ យើងក៏បានទូន្មានឲ្យ«យឺតនឹងខឹងដែរ ដ្បិតសេចក្ដីកំហឹងរបស់មនុស្ស មិនដែលសម្រេចតាមសេចក្ដីសុចរិតរបស់ព្រះទេ»។ បើសិនជាខឹងដោយសារពាក្យសំដីរបស់អ្នកណាម្នាក់ នោះសូមឲ្យយើង‹កុំប្រព្រឹត្តដោយឆេវឆាវ› ដើម្បីជៀសវាងពីការតបឆ្លើយដ៏បញ្ឈឺចិត្ត។ (អេភេសូរ ៤:២៦, ២៧) ចិត្តដ៏ខឹងដែលប្រហែលនាំឲ្យយើងមានបញ្ហា ហើយអាចទៅជាសេចក្ដីលំបាកដល់អ្នកដទៃ គឺមិនអាចបង្កើតមារយាទដែលសមនឹងបុគ្គលដែលជឿលើព្រះដ៏សុចរិតរបស់យើងបានទេ។ ណាមួយទៀត ប្រសិនបើយើងមាន‹ការយោគយល់ជាច្រើន› នោះយើងគឺ«យឺតនឹងខឹង» ហើយបងប្អូនប្រុសស្រីរបស់យើងនឹងចូលមកជិតយើង។—សុភាសិត ១៤:២៩
១៧. តើអ្វីនឹងបានសម្រេចពីការដកចេញសេចក្ដីអាក្រក់ពីចិត្តគំនិត?
១៧ យើងប្រាកដជាត្រូវការឲ្យរួចផុតពី«សេចក្ដីស្មោកគ្រោក»—អ្វីៗទាំងអស់ដែលព្រះស្អប់ ហើយដែលនាំឲ្យមានសេចក្ដីកំហឹងនោះ។ ម្យ៉ាងវិញទៀត យើងត្រូវតែ‹លះចោលអស់ទាំងសេចក្ដីអាក្រក់›។ យើងគ្រប់គ្នាត្រូវកំចាត់ចោលរបស់ខាងសាច់ឈាមឬខាងចិត្តគំនិតដែលមិនស្អាតចេញពីជីវិតយើង។ (កូរិនថូសទី២ ៧:១; ពេត្រុសទី១ ១:១៤-១៦; យ៉ូហានទី១ ១:៩) ការដកចេញសេចក្ដីអាក្រក់ពីចិត្តគំនិត បានជួយយើងឲ្យ‹ទទួលព្រះបន្ទូលដែលបានដាំក្នុងចិត្តដោយសុភាព›។ (កិច្ចការ ១៧:១១, ១២) មិនថាយើងបានក្លាយជាគ្រីស្ទានជាយូរហើយក៏ដោយ យើងត្រូវតែខំឲ្យសេចក្ដីពិតខាងព្រះគម្ពីរបានដាំក្នុងចិត្តរបស់យើង។ ហេតុអ្វី? ពីព្រោះដោយវិញ្ញាណរបស់ព្រះ ពាក្យដែលបានដាំបង្កើត‹បុគ្គលិកលក្ខណៈថ្មី› ដែលនឹងបានសេចក្ដីសង្គ្រោះ។—អេភេសូរ ៤:២០-២៤
១៨. តើតាមរបៀបណាដែលបុគ្គលដែលគ្រាន់តែ‹ស្ដាប់តាមព្រះបន្ទូល› ខុសគ្នានឹងបុគ្គលដែលប្រព្រឹត្តតាមនោះ?
១៨ តើតាមរបៀបណាដែលយើងបង្ហាញថាបន្ទូលរបស់ព្រះជាការដឹកនាំរបស់យើង? គឺដោយធ្វើជា«អ្នកដែលស្ដាប់ព្រះបន្ទូល ហើយកាន់តាម»។ (លូកា ១១:២៨) ‹អ្នកប្រព្រឹត្តតាម› គឺមានជំនឿដែលបង្កើតកិច្ចការដូចជា មានសកម្មភាពដ៏ខ្នះខ្នែងក្នុងកិច្ចបំរើគ្រីស្ទាន ហើយមកប្រជុំជាមួយរាស្ត្ររបស់ទ្រង់ដ៏ទៀងទាត់។ (រ៉ូម ១០:១៤, ១៥; ហេព្រើរ ១០:២៤, ២៥) អ្នកដែលគ្រាន់តែស្ដាប់ព្រះបន្ទូល «នោះធៀបដូចជាមនុស្សដែលឆ្លុះមុខក្នុងកញ្ចក់»។ អ្នកនោះគ្រាន់តែមើលខ្លួន រួចចេញបាត់ទៅ ហើយក៏ភ្លេចពីបែបភាពខ្លួន ដែលគាត់ត្រូវកែ។ ជា«អ្នកប្រព្រឹត្តតាមព្រះបន្ទូល» យើងសិក្សាយ៉ាងផ្ចិតផ្ចង់ ហើយគោរពតាម‹ច្បាប់ដ៏គ្រប់ល័ក្ខណ៍›របស់ព្រះ ដែលរួមបញ្ចូលអ្វីៗដែលទ្រង់តម្រូវពីយើង។ សេរីភាពដែលយើងមាន ដែលនាំឲ្យមានជីវិត គឺផ្ទុយនឹងការជាប់ឃុំឃាំងដល់សេចក្ដីបាបនិងសេចក្ដីស្លាប់។ ដូច្នេះ សូមឲ្យយើង‹ខំធ្វើតាមច្បាប់ដ៏គ្រប់ល័ក្ខណ៍› ដោយពិនិត្យជាញឹកញយហើយគោរពតាមព្រះបន្ទូល។ ហើយសូមគិតទៅមើល! ជា‹អ្នកដែលធ្វើកិច្ចការ ហើយមិនមែនជាអ្នកស្ដាប់ដែលភ្លេច› នោះយើងមានអំណរ ដែលបណ្ដាលមកពីសេចក្ដីអនុគ្រោះនៃព្រះ។—ទំនុកដំកើង ១៩:៧-១១
ការថ្វាយបង្គំពិតទាក់ទងច្រើនមិនគ្រាន់តែជាពួកអ្នកថ្វាយបង្គំតាមផ្លូវការ
១៩, ២០. (ក) យោងទៅតាមយ៉ាកុប ១:២៦, ២៧ តើការថ្វាយបង្គំបរិសុទ្ធតម្រូវអ្វីពីយើង? (ខ) តើមានឧទាហរណ៍អ្វីខ្លះនៃការថ្វាយបង្គំដែលឥតស្មោកគ្រោក?
១៩ ប្រសិនបើយើងចង់បានអនុគ្រោះពីព្រះ យើងត្រូវការចាំថា ការថ្វាយបង្គំពិត គឺមិនគ្រាន់តែជាធ្វើឡើងដោយបង្គ្រប់កិច្ចនោះទេ។ (យ៉ាកុប ១:២៦, ២៧) យើងប្រហែលគិតថាគឺត្រឹមត្រូវ ជា‹ពួកអ្នកថ្វាយបង្គំតាមផ្លូវការ›នៃព្រះយេហូវ៉ា ប៉ុន្តែអ្វីដែលពិតជាសំខាន់នោះ គឺជាការប៉ាន់ស្មានរបស់ទ្រង់នៃយើងម្នាក់ៗ។ (កូរិនថូសទី១ ៤:៤) វិបត្ដិដ៏ធ្ងន់មួយ គឺប្រហែលជាមិនអាច‹ទប់អណ្ដាត›។ យើងនឹងបំភាន់ខ្លួនឯងហើយ បើយើងគិតថាព្រះសព្វព្រះហឫទ័យនឹងការថ្វាយបង្គំរបស់យើង បើយើងជេរប្រមាថគេ និយាយពាក្យកុហក ឬប្រើអណ្ដាតមិនត្រឹមត្រូវក្នុងរឿងផ្សេងៗទៀត។ (លេវីវិន័យ ១៩:១៦; អេភេសូរ ៤:២៥) យ៉ាងប្រាកដហើយ យើងមិនចង់ឲ្យ‹បែបបទនៃការថ្វាយបង្គំ›របស់យើង ទៅជា‹ឥតប្រយោជន៍› ហើយឲ្យព្រះមិនយល់ព្រមចំពោះមូលហេតុណាមួយឡើយ។
២០ ទោះជាយ៉ាកុបមិនប្រាប់គ្រប់លក្ខណៈនៃការថ្វាយបង្គំបរិសុទ្ធក្ដី តែគាត់និយាយថា នេះគឺរួមបញ្ចូល‹ការមើលថែរក្សាពួកកំព្រានិងពួកមេម៉ាយក្នុងកាលដែលគេមានសេចក្ដីវេទនា›។ (កាឡាទី ២:១០; ៦:១០; យ៉ូហានទី១ ៣:១៨) ក្រុមជំនុំគ្រីស្ទានបង្ហាញនូវការយកចិត្តទុកដាក់ដ៏ពិសេសក្នុងការជួយពួកមេម៉ាយ។ (កិច្ចការ ៦:១-៦; ធីម៉ូថេទី១ ៥:៨-១០) ពីព្រោះព្រះជាអ្នកការពារនៃស្ត្រីមេម៉ាយ និងពួកកំព្រា សូមឲ្យយើងធ្វើតាមទ្រង់ដោយធ្វើអ្វីដែលយើងអាច ដើម្បីជួយគេខាងវិញ្ញាណនិងខាងវត្ថុ។ (ចោទិយកថា ១០:១៧, ១៨) ការថ្វាយបង្គំស្អាតស្អំ ក៏មានន័យថា«រក្សាខ្លួន មិនឲ្យប្រឡាក់ដោយលោកីយ៍នេះឡើយ» ដែលជាសង្គមមនុស្សដ៏ទុច្ចរិត ក្រោមអំណាចរបស់សាតាំង។ (យ៉ូហាន ១៧:១៦; យ៉ូហានទី១ ៥:១៩) ដូច្នេះ សូមឲ្យយើងរក្សាខ្លួនឲ្យរួចពីចរិយាដ៏ល្មើសនៃលោកីយ៍នេះ ដើម្បីឲ្យយើងអាចតំកើងព្រះយេហូវ៉ា ហើយឲ្យមានប្រយោជន៍ក្នុងកិច្ចបំរើរបស់ទ្រង់។—ធីម៉ូថេទី២ ២:២០-២២
២១. ស្របតាមនឹងសំបុត្រនៃយ៉ាកុប តើមានសំនួរអ្វីទៀតដែលសមឲ្យយើងពិនិត្យមើល?
២១ សេចក្ដីទូន្មានរបស់យ៉ាកុប ដែលយើងទើបតែបានពិចារណានេះ នឹងជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក ហើយនិងតោងជាប់ដល់សេចក្ដីជំនឿរបស់យើង។ នេះគួរតែពង្រឹងការអបអររបស់យើងចំពោះព្រះដែលផ្ដល់របស់ដ៏ល្អ។ ហើយពាក្យរបស់យ៉ាកុបជួយយើងឲ្យប្រព្រឹត្តការថ្វាយបង្គំបរិសុទ្ធ។ តើអ្វីទៀតដែលគាត់ប្រាប់យើងនោះ? តើមានជំហានណាទៀត ដែលយើងអាចធ្វើដើម្បីបង្ហាញថាតើមានជំនឿពិតក្នុងព្រះយេហូវ៉ា?
[កំណត់សម្គាល់]
a ក្នុងកំឡុងសិក្សាផ្ទាល់ខ្លួនឬជាគ្រួសារនៃអត្ថបទនេះ និងអត្ថបទពីរជាបន្ទាប់ នោះអ្នកនឹងឃើញថានឹងមានប្រយោជន៍ពីការអានបទគម្ពីរដែលកត់ទុកមក នៃសំបុត្ររបស់យ៉ាកុបដ៏ពង្រឹងជំនឿ។
តើអ្នកនឹងឆ្លើយយ៉ាងណា?
◻ តើអ្វីដែលនឹងជួយយើងឲ្យស៊ូទ្រាំនឹងសេចក្ដីទុក្ខលំបាក?
◻ ទោះជាមានសេចក្ដីទុក្ខលំបាក ហេតុអ្វីក៏គ្រីស្ទានអាចត្រេកអរ?
◻ តើតាមរបៀបណាដែលយើងអាចជាអ្នកប្រព្រឹត្តតាមព្រះបន្ទូល?
◻ តើការថ្វាយបង្គំបរិសុទ្ធទាក់ទងអ្វី?
[រូបភាពនៅទំព័រ១៨]
ប្រសិនបើអ្នកជា‹បុគ្គលដែលធ្វើតាមព្រះបន្ទូល› អ្នកនឹងបង្ហាញជំនឿ ដោយធ្វើជាអ្នកផ្សាយប្រកាសព្រះរាជាណាចក្រ