អត្ថបទអំពីក្របទស្សនាវដ្ដី | តើទីបញ្ចប់ជិតមកដល់ឬ?
«ទីបញ្ចប់» តើនេះមានន័យអ្វី?
ពេលលោកអ្នកឮពាក្យថា«ទីបញ្ចប់ជិតមកដល់ហើយ!» តើលោកអ្នកស្រមៃគិតអំពីអ្វី? តើលោកអ្នកស្រមៃឃើញភ្លើងកំពុងឆេះបំផ្លាញចោលផែនដីឬ? ឬមួយក៏ស្រមៃឃើញសង្គ្រាមលោកលើកទី៣នឹងបំផ្លាញចោលផែនដីដោយគ្រាប់បែកនុយក្លេអ៊ែរវិញ? គំនិតទាំងនេះប្រហែលជាធ្វើឲ្យមនុស្សខ្លះព្រួយបារម្ភ។ ចំណែកឯអ្នកខ្លះទៀតមិនសូវជឿលើរឿងទាំងនោះទេ ថែមទាំងសើចចំអកឲ្យអ្នកដែលគិតដូច្នោះទៀតផង។
គម្ពីរចែងយ៉ាងច្បាស់ថា៖ «ទីបញ្ចប់នឹងមកដល់»។ (ម៉ាថាយ ២៤:១៤) គម្ពីរហៅព្រឹត្ដិការណ៍នេះថា«ថ្ងៃដ៏ធំរបស់ព្រះ»ឬ«ហាម៉ាគេដូន»។ (ការបើកបង្ហាញ ១៦:១៤, ១៦) ស្តីអំពីរឿងនេះ សាសនាជាច្រើនមានការភាន់ច្រឡំ។ មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនមានទស្សនៈប្លែកៗអំពីទីបញ្ចប់។ យ៉ាងណាក្ដី គម្ពីរចែងយ៉ាងច្បាស់អំពីអ្វីជាទីបញ្ចប់និងអ្វីមិនមែនជាទីបញ្ចប់។ បន្ថែមទៅទៀត គម្ពីរដែលជាបណ្ដាំរបស់ព្រះជួយយើងឲ្យដឹងថាទីបញ្ចប់គឺជិតមកដល់ឬក៏នៅយូរទៀត។ ប៉ុន្តែ អ្វីដែលសំខាន់បំផុតនោះគឺ គម្ពីរបង្រៀនយើងអំពីរបៀបដែលយើងអាចរួចរស់ជីវិត! មុនដំបូង សូមឲ្យយើងពិចារណាអំពីការភាន់ច្រឡំខ្លះស្តីអំពីទីបញ្ចប់ ហើយស្វែងយល់អត្ថន័យពិតនៃទីបញ្ចប់។ យោងទៅតាមគម្ពីរ តើ«ទីបញ្ចប់»មានន័យអ្វី?
តើអ្វីមិនមែនជាទីបញ្ចប់?
ទីបញ្ចប់មិនមែនជាការបំផ្លាញផែនដីដោយភ្លើងឡើយ។
គម្ពីរចែងថា៖ «[ព្រះ]បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។ (ទំនុកតម្កើង ១០៤:៥) ខគម្ពីរនេះនិងបទគម្ពីរឯទៀតធ្វើឲ្យយើងជឿជាក់ថាព្រះនឹងមិនបំផ្លាញផែនដី ហើយក៏មិនអនុញ្ញាតឲ្យអ្វីមកបំផ្លាញផែនដីចោលឡើយ!—សាស្ដា ១:៤; អេសាយ ៤៥:១៨
ទីបញ្ចប់មិនមែនកើតឡើងដោយចៃដន្យទេ។
គម្ពីររៀបរាប់ថាទីបញ្ចប់គឺបានត្រូវគ្រោងទុកជាមុន ពោលគឺព្រះបានកំណត់ពេលរួចទៅហើយ។ គម្ពីរប្រាប់ថា៖ «គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ។ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតានៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប។ ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន ព្រោះអ្នករាល់គ្នាមិនដឹងថាពេលណាជាពេលកំណត់ឡើយ»។ (ម៉ាកុស ១៣:៣២, ៣៣) ពិតណាស់ ព្រះ («បិតា») បានដាក់«ពេលកំណត់»យ៉ាងជាក់លាក់ដើម្បីនាំឲ្យទីបញ្ចប់មកដល់។
ទីបញ្ចប់មិនមែនកើតឡើងដោយសារមនុស្ស ឬអាចម៍ផ្កាយឡើយ។
តើអ្វីនឹងនាំឲ្យទីបញ្ចប់មកដល់? សៀវភៅការបើកបង្ហាញ ១៩:១១ ចែងថា៖ «ខ្ញុំឃើញមេឃបើកចំហឡើង ហើយមើល! មានសេះសម្បុរស។ លោកដែលអង្គុយលើសេះនោះមាននាមថា ស្មោះត្រង់និងពិតត្រង់»។ បន្ថែមទៅទៀត ខ១៩ រៀបរាប់ថា៖ «ហើយខ្ញុំឃើញសត្វសាហាវនិងស្តេចទាំងឡាយនៅផែនដីព្រមទាំងកងទ័ពរបស់ពួកគេ មូលគ្នាដើម្បីច្បាំងនឹងលោកដែលកំពុងជិះលើសេះ ហើយច្បាំងនឹងកងទ័ពរបស់លោក»។ (ការបើកបង្ហាញ ១៩:១១-២១) ភាគច្រើន ការរៀបរាប់ខាងលើនេះជាន័យធៀប។ យ៉ាងណាក្ដី យើងអាចយល់ច្បាស់ថា: ព្រះនឹងបញ្ជាទេវតាជាច្រើនរូបដែលជាកងទ័ពរបស់លោក ឲ្យបំផ្លាញសត្រូវទាំងអស់។
តើអ្វីជាទីបញ្ចប់?
ទីបញ្ចប់នៃរដ្ឋាភិបាលទាំងអស់របស់មនុស្ស។
គម្ពីរពន្យល់ថា៖ «ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ[រដ្ឋាភិបាល]១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ (ដានីយ៉ែល ២:៤៤) ដូចដែលបានរៀបរាប់ក្នុងចំណុចទី៣ខាងលើ នឹងមានការបំផ្លាញចោលនៃ«ស្តេចទាំងឡាយនៅផែនដីព្រមទាំងកងទ័ពរបស់ពួកគេ» ពេលពួកគេ«មូលគ្នាដើម្បីច្បាំងនឹងលោកដែលកំពុងជិះលើសេះ ហើយច្បាំងនឹងកងទ័ពរបស់លោក»។—ការបើកបង្ហាញ ១៩:១៩
ទីបញ្ចប់នៃសង្គ្រាម អំពើហិង្សា និងអំពើអយុត្ដិធម៌។
គម្ពីរចែងថា៖ «[ព្រះ]បណ្ដាលឲ្យការសង្គ្រាមស្ងប់រំងាប់ រហូតដល់ចុងផែនដី»។ (ទំនុកតម្កើង ៤៦:៩) គម្ពីរចែងទៀតថា៖ «មនុស្សទៀងត្រង់នឹងអាស្រ័យនៅផែនដី ហើយមនុស្សគ្រប់លក្ខណ៍នឹងបាននៅជាប់ តែមនុស្សអាក្រក់នឹងត្រូវកាត់ឲ្យសូន្យចេញពីផែនដីវិញ ហើយមនុស្សប្រទូសរ៉ាយនឹងត្រូវរំលើងចេញពីស្រុកទៅ»។ (សុភាសិត ២:២១, ២២) បន្ថែមទៅទៀត គម្ពីររៀបរាប់ថា៖ «មើល! ខ្ញុំកំពុងធ្វើអ្វីៗទាំងអស់ថ្មី»។—ការបើកបង្ហាញ ២១:៤, ៥
ទីបញ្ចប់នៃសាសនាដែលបោកបញ្ឆោតមនុស្ស និងដែលមិនធ្វើតាមបំណងប្រាថ្នារបស់ព្រះ។
គម្ពីរប្រាប់ថា៖ «គឺពួកហោរាបានទាយកុហក ពួកសង្ឃក៏គ្រប់គ្រង ដោយកំឡាំងដៃខ្លួនវិញ . . . ដូច្នេះ ដល់ចុងបំផុត តើឯងរាល់គ្នានឹងធ្វើដូចម្ដេចទៅ»។ (យេរេមា ៥:៣១) ម្យ៉ាងទៀត គម្ពីរចែងថា៖ «នៅថ្ងៃនោះ មនុស្សជាច្រើននឹងនិយាយមកខ្ញុំថា៖ ‹លោកម្ចាស់! លោកម្ចាស់! តើយើងមិនបានប្រកាសទំនាយតាងនាមលោក ហើយបណ្ដេញវិញ្ញាណកំណាចតាងនាមលោក ថែមទាំងធ្វើការដែលប្រកបដោយឫទ្ធានុភាពជាច្រើនតាងនាមលោកទេឬ?›។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំនឹងប្រកាសប្រាប់ពួកគេជាសាធារណៈនៅពេលនោះថា៖ នែ! មនុស្សប្រព្រឹត្តប្រឆាំងច្បាប់! ខ្ញុំមិនដែលស្គាល់អ្នករាល់គ្នាទេ! ចូរទៅឆ្ងាយពីខ្ញុំទៅ!»។—ម៉ាថាយ ៧:២១-២៣
ទីបញ្ចប់របស់មនុស្សទុច្ចរិតដែលបង្កឲ្យមានស្ថានភាពក្នុងពិភពលោកដូចសព្វថ្ងៃនេះ។
លោកយេស៊ូគ្រិស្តបានមានប្រសាសន៍ថា៖ «នេះជាមូលដ្ឋានសម្រាប់ការវិនិច្ឆ័យ ពោលគឺ ពន្លឺបានចូលក្នុងពិភពលោក តែមនុស្សបានស្រឡាញ់ភាពងងឹតជាជាងពន្លឺនោះ ព្រោះការប្រព្រឹត្តរបស់ពួកគេគឺទុច្ចរិត»។ (យ៉ូហាន ៣:១៩) គម្ពីរបានរៀបរាប់អំពីការបំផ្លាញចោលពិភពលោកទាំងមូលនៅជំនាន់បុរសស្មោះត្រង់ម្នាក់ឈ្មោះណូអេ។ គម្ពីរចែងទៀតថា៖ «ពិភពលោកនៅសម័យនោះបានត្រូវបំផ្លាញចោល ពេលដែលមានទឹកជំនន់។ ក៏ប៉ុន្តែ ដោយសារប្រសាសន៍ដដែលនោះ មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ ហើយបានត្រូវទុកសម្រាប់ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល»។—ពេត្រុសទី២ ៣:៥-៧
សូមកត់សម្គាល់ថា«ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល»នៅថ្ងៃខាងមុខ បានត្រូវប្រដូចទៅនឹងការបំផ្លាញចោល«ពិភពលោក»នៅសម័យណូអេ។ តើពិភពលោកអ្វីបានត្រូវបំផ្លាញចោលនៅសម័យនោះ? ភពផែនដីយើងមិនបានត្រូវបំផ្លាញចោលទេ តែ«មនុស្សទុច្ចរិត»ដែលជាសត្រូវរបស់ព្រះ បានត្រូវ«បំផ្លាញចោល»វិញ។ ស្រដៀងគ្នាដែរ ក្នុងអំឡុង«ថ្ងៃវិនិច្ឆ័យ»របស់ព្រះនាអនាគត មនុស្សដែលជ្រើសរើសធ្វើជាសត្រូវរបស់ព្រះនឹងត្រូវបំផ្លាញចោល។ ក៏ប៉ុន្តែ ដូចណូអេនិងក្រុមគ្រួសាររបស់គាត់ អស់អ្នកដែលជាសម្លាញ់របស់ព្រះនឹងរួចរស់ជីវិត។—ម៉ាថាយ ២៤:៣៧-៤២
សូមស្រមៃគិតថាផែនដីយើងនឹងមានស្ថានភាពអស្ចារ្យយ៉ាងណាទៅពេលព្រះបំបាត់ចោលអំពើទុច្ចរិតទាំងអស់! មែនហើយ ដំណឹងពីគម្ពីរស្តីអំពីទីបញ្ចប់គឺជាដំណឹងល្អ មិនមែនជាដំណឹងអាក្រក់ឡើយ។ យ៉ាងណាក្ដី លោកអ្នកប្រហែលជាឆ្ងល់ថា ‹តើគម្ពីរប្រាប់យើងអំពីពេលដែលទីបញ្ចប់នឹងមកដល់ឬទេ? តើទីបញ្ចប់ជិតមកដល់ឬ? តើខ្ញុំត្រូវធ្វើយ៉ាងណាដើម្បីទទួលសេចក្ដីសង្គ្រោះ?›។