អត្ថបទអំពីក្របទស្សនាវដ្ដី: តើយើងគួរភ័យខ្លាចទីបញ្ចប់នៃពិភពលោកទេ?
ទីបញ្ចប់នៃពិភពលោក ខ្លះភ័យខ្លាច ខ្លះចាប់អារម្មណ៍ ខ្លះតានតឹងចិត្ត
យោងតាមប្រតិទិនសម័យបុរាណរបស់ជនជាតិម៉ាយ៉ា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ មនុស្សជាច្រើននិយាយថា នឹងមានការផ្លាស់ប្ដូរពិភពលោកទាំងមូល។ តើលោកអ្នកមានអារម្មណ៍យ៉ាងណាអំពីរឿងនោះ? អាស្រ័យទៅលើអ្វីដែលលោកអ្នកទន្ទឹងចាំ លោកអ្នកប្រហែលជាធូរស្រាលក្នុងចិត្ត ខកចិត្ត ឬលែងចាប់អារម្មណ៍ទៀត។ តើនេះគ្រាន់តែជាការទាយខុសមួយទៀតស្តីអំពីទីបញ្ចប់នៃពិភពលោកឬ?
ចុះយ៉ាងណាវិញអំពី«អវសានកាលនៃពិភពលោក»ដែលបានរៀបរាប់ក្នុងគម្ពីរ? (ម៉ាថាយ ២៤:៣; ព្រះគម្ពីរភាសាខ្មែរសម្រាយ) អ្នកខ្លះភ័យខ្លាចថា ផែនដីនឹងត្រូវភ្លើងឆេះ ឯអ្នកខ្លះទៀតរំភើបចិត្តចង់ឃើញអ្វីដែលនឹងអាចកើតឡើងនៅទីបញ្ចប់នៃពិភពលោកនេះ។ មនុស្សជាច្រើនលែងចាប់អារម្មណ៍អំពីរឿងនោះទៀត ដោយសារពួកគេបានរង់ចាំយូរហើយ តែទីបញ្ចប់មិនទាន់មកដល់។ ប៉ុន្តែ តើពួកគេគួរចាប់អារម្មណ៍ទៅលើរឿងប្រឌិតជាជាងរឿងពិតឬទេ?
លោកអ្នកប្រហែលជាភ្ញាក់ផ្អើលពេលរៀនអ្វីដែលគម្ពីរពិតជាបានរៀបរាប់អំពីទីបញ្ចប់នៃពិភពលោក។ គម្ពីរមិនគ្រាន់តែប្រាប់មូលហេតុដែលយើងគួរចង់ឲ្យទីបញ្ចប់ឆាប់មកដល់ប៉ុណ្ណោះទេ តែក៏ពន្យល់ដែរថាមនុស្សខ្លះអាចគិតថា ទីបញ្ចប់ក្រមក ហើយពួកគេលែងចង់រង់ចាំទៀត។ ស្តីអំពីរឿងនោះ យើងអញ្ជើញលោកអ្នកឲ្យពិចារណាចម្លើយពីគម្ពីរចំពោះសំណួរខ្លះៗដែលមនុស្សច្រើនឆ្ងល់។
តើផែនដីនឹងត្រូវបំផ្លាញ ដោយភ្លើងឬ?
ចម្លើយពីគម្ពីរ: «[ព្រះ]បានតាំងឫសផែនដី ដើម្បីឲ្យបានមាំ មិនឲ្យត្រូវរញ្ជួយនៅអស់កល្ប»។—ទំនុកតម្កើង ១០៤:៥
ផែនដីនឹងមិនត្រូវបំផ្លាញដោយភ្លើង ឬដោយវិធីណាមួយឡើយ។ ផ្ទុយទៅវិញ គម្ពីរបង្រៀនថាផែនដីគឺជាទីលំនៅរបស់មនុស្សជាតិជារៀងរហូត។ បទគម្ពីរនៅទំនុកតម្កើង ៣៧:២៩ចែងថា៖ «ពួកអ្នកសុចរិតនឹងបានស្រុកទុកជាមរដក ហើយនឹងនៅក្នុងស្រុកនោះជានិច្ច»។—ទំនុកតម្កើង ១១៥:១៦; អេសាយ ៤៥:១៨
ក្រោយពេលដែលព្រះបានបង្កើតផែនដីហើយ លោកមានប្រសាសន៍ថា ផែនដី«ល្អប្រពៃ» ហើយលោកក៏មិនដែលផ្លាស់ប្ដូរគំនិតដែរ។ (លោកុប្បត្តិ ១:៣១) លោកមិនដែលគិតថានឹងបំផ្លាញផែនដីទេ តែលោកសន្យាថានឹង«បំផ្លាញពួកអ្នកដែលកំពុងបង្ខូចផែនដី» ដើម្បីការពារកុំឲ្យមនុស្សបង្ខូចផែនដីជារៀងរហូត។—ការបើកបង្ហាញ ១១:១៨
ជួនកាលលោកអ្នកប្រហែលជាឆ្ងល់អំពីបទគម្ពីរនៅពេត្រុសទី២ ៣:៧ដែលចែងថា៖ «មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ»។ តើនេះមិនបង្ហាញថាផែនដីនឹងត្រូវបំផ្លាញដោយភ្លើងទេឬ? តាមពិត ពេលខ្លះគម្ពីរប្រើពាក្យ«មេឃ» «ផែនដី»និង«ភ្លើង»ជានិមិត្តរូប។ ជាឧទាហរណ៍ នៅបទគម្ពីរលោកុប្បត្តិ ១១:១ចែងថា៖ ‹ផែនដីទាំងមូល នោះមានភាសាតែ១ទេ›។ ពាក្យ«ផែនដី»ក្នុងបទគម្ពីរនេះសំដៅទៅលើសង្គមមនុស្ស។
បរិបទនៃពេត្រុសទី២ ៣:៧បង្ហាញថាពាក្យមេឃ ផែនដី និងភ្លើង ក៏ជាន័យធៀបដែរ។ ខ៥ និង៦រៀបរាប់ថា នោះគឺស្រដៀងទឹកជំនន់នៅសម័យណូអេ។ នៅគ្រានោះពិភពលោកនៅសម័យបុរាណបានត្រូវបំផ្លាញចោល ប៉ុន្តែផែនដីមិនបានត្រូវបំផ្លាញឡើយ។ ផ្ទុយទៅវិញ «ផែនដី»ដែលទឹកជន់លិចបំផ្លាញអស់សំដៅទៅលើមនុស្សអាក្រក់និងមនុស្សឃោរឃៅទាំងអស់ដែលរស់នៅសម័យនោះ។ «មេឃ»ដែលបានត្រូវបំផ្លាញសំដៅទៅអ្នកគ្រប់គ្រងមនុស្សទាំងអស់នោះ។ (លោកុប្បត្តិ ៦:១១) ស្រដៀងគ្នាដែរ ពេត្រុសទី២ ៣:៧បានប្រាប់ទុកជាមុនថា មនុស្សអាក្រក់និងការគ្រប់គ្រងដ៏ខូចអាក្រក់របស់ពួកគេនឹងត្រូវបំផ្លាញចោលជារៀងរហូតហាក់ដូចជាត្រូវភ្លើងឆេះសុស។
តើអ្វីនឹងកើតឡើងនៅទីបញ្ចប់ នៃពិភពលោក?
ចម្លើយពីគម្ពីរ: «ពិភពលោកនេះ និងសេចក្ដីប៉ងប្រាថ្នារបស់វា កំពុងឈានទៅរកការសាបសូន្យ ប៉ុន្តែអ្នកណាដែលធ្វើតាមបំណងប្រាថ្នារបស់ព្រះ អ្នកនោះនឹងនៅជាប់ជារៀងរហូតវិញ»។—យ៉ូហានទី១ ២:១៧
«ពិភពលោក»ដែលកំពុងឈានទៅរកការសាបសូន្យ មិនសំដៅទៅផែនដីទេ តែសំដៅទៅមនុស្សទាំងអស់ក្នុងពិភពលោកដែលរស់នៅមិនស្របតាមបំណងប្រាថ្នារបស់ព្រះ។ ដូចជាគ្រូពេទ្យដែលត្រូវវះកាត់យកដុំសាច់មហារីកចេញពីខ្លួនអ្នកជំងឺដើម្បីសង្គ្រោះជីវិតគាត់។ ស្រដៀងគ្នាដែរ ព្រះនឹង«កាត់ចេញ»មនុស្សអាក្រក់ ដើម្បីឲ្យមនុស្សល្អអាចមានជីវិតរីករាយពិតប្រាកដនៅផែនដី។ (ទំនុកតម្កើង ៣៧:៩) ក្នុងន័យនេះ«អវសានកាលនៃពិភពលោក»គឺជាអ្វីដែលល្អ។
សេចក្ដីបកប្រែខ្លះនៃគម្ពីរបង្ហើបឲ្យដឹងថា«អវសានកាលនៃពិភពលោក»គឺជាអ្វីដែលល្អ ដោយបកប្រែពាក្យនេះថាជា«ចុងបញ្ចប់នៃរបៀបរបបពិភពលោក»។ (ម៉ាថាយ ២៤:៣) ដោយសារមនុស្សជាតិនិងផែនដីនឹងនៅមានបន្ទាប់ពីទីបញ្ចប់នៃមនុស្សអាក្រក់ នោះគឺសមហេតុសមផលដែលយើងសន្និដ្ឋានថាគ្រានោះជាទីចាប់ផ្ដើមនៃសម័យឬរបៀបរបបថ្មី មែនទេ? ពិតជាដូច្នេះមែន ពីព្រោះគម្ពីររៀបរាប់អំពី«របៀបរបបពិភពលោកដែលនឹងមកដល់»។—លូកា ១៨:៣០
លោកយេស៊ូបានហៅគ្រានៅអនាគតនោះថា «គ្រាកែជាថ្មីឡើងវិញ»។ នៅពេលនោះ លោកនឹងធ្វើឲ្យមនុស្សជាតិមានស្ថានភាពដូចគោលបំណងដើមរបស់ព្រះ។ (ម៉ាថាយ ១៩:២៨, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ) នៅពេលនោះយើងនឹងមានចិត្តរីករាយដោយសារ
◼ មនុស្សទាំងអស់នឹងមានសេចក្ដីសុខសាន្តនិងភាពចម្រុងចម្រើននៅផែនដីដែលជាសួនឧទ្យាន។—អេសាយ ៣៥:១; មីកា ៤:៤
◼ ការងារដែលមានន័យខ្លឹមសារនិងពេញចិត្ត។—អេសាយ ៦៥:២១-២៣
◼ ជំងឺទាំងអស់នឹងជាសះស្បើយ។—អេសាយ ៣៣:២៤
◼ ចាស់នឹងទៅជាក្មេងវិញ។—យ៉ូប ៣៣:២៥
◼ មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ។—យ៉ូហាន ៥:២៨, ២៩
បើយើងធ្វើតាម«បំណងប្រាថ្នារបស់ព្រះ» គឺធ្វើតាមអ្វីដែលលោកសុំឲ្យយើងធ្វើ នោះយើងមិនចាំបាច់ភ័យខ្លាចចំពោះទីបញ្ចប់នៃពិភពលោកទេ។ ផ្ទុយទៅវិញ យើងអាចទន្ទឹងចាំទីបញ្ចប់ដោយចិត្តរំភើប។
តើទីបញ្ចប់នៃពិភពលោក ពិតជាជិតមកដល់ឬ?
ចម្លើយពីគម្ពីរ: «ពេលដែលអ្នករាល់គ្នាឃើញការទាំងនេះកើតឡើង ចូរដឹងថារាជាណាចក្ររបស់ព្រះគឺជិតដល់ហើយ»។—លូកា ២១:៣១
ក្នុងសៀវភៅរបស់បណ្ឌិតរីឆឺដ ឃីល បានសរសេរថា៖ «ការផ្លាស់ប្ដូរភ្លាមៗ និងការជ្រួលច្របល់គ្រប់ទីកន្លែងក្នុងសង្គម នោះអាចនាំឲ្យមានការទស្សន៍ទាយអំពីទីបញ្ចប់នៃពិភពលោក»។ (The Last Days Are Here Again) ជាពិសេសពេលពិបាកនឹងពន្យល់ពីមូលហេតុដែលមានការផ្លាស់ប្ដូរនិងភាពច្របូកច្របល់។
ក៏ប៉ុន្តែ អ្នកប្រកាសទំនាយមិនបានសម្រេចចិត្តសរសេរអំពីទីបញ្ចប់ ក្នុងគោលបំណងពន្យល់ប្រាប់មូលហេតុដែលអំពើអាក្រក់កំពុងកើតឡើងជុំវិញពួកគេទេ។ ផ្ទុយទៅវិញ ពួកគេបានត្រូវសរសេរក្រោមការដឹកនាំរបស់ព្រះ ដើម្បីរៀបរាប់អំពីស្ថានភាពដែលបញ្ជាក់ពីទីបញ្ចប់នៃពិភពលោកកាន់តែជិតដល់ហើយ។ សូមពិចារណាអំពីទំនាយខ្លះៗ ហើយសូមសម្រេចចិត្តដោយខ្លួនលោកអ្នកថា តើទំនាយទាំងនោះកំពុងសម្រេចនៅសម័យយើងឬអត់?
◼ សង្គ្រាម ការអត់ឃ្លាន រញ្ជួយដី និងរោគរាតត្បាតដែលបណ្ដាលឲ្យស្លាប់។—ម៉ាថាយ ២៤:៧; លូកា ២១:១១
◼ ឧក្រិដ្ឋកម្មមានកាន់តែច្រើនឡើង។—ម៉ាថាយ ២៤:១២
◼ មនុស្សជាតិកំពុងបង្ខូចផែនដី។—ការបើកបង្ហាញ ១១:១៨
◼ មនុស្សដែលស្រឡាញ់តែខ្លួនឯង ស្រឡាញ់ប្រាក់ និងស្រឡាញ់ការសប្បាយជាជាងព្រះ។—ធីម៉ូថេទី២ ៣:២, ៤
◼ ក្រុមគ្រួសារបែកបាក់គ្នា។—ធីម៉ូថេទី២ ៣:២, ៣
◼ ភាពព្រងើយកន្តើយចំពោះទីសម្អាងស្តីអំពីទីបញ្ចប់ដែលជិតមកដល់។—ម៉ាថាយ ២៤:៣៧-៣៩
◼ ការផ្សព្វផ្សាយដំណឹងអំពីរាជាណាចក្ររបស់ព្រះនៅទូទាំងពិភពលោក។—ម៉ាថាយ ២៤:១៤
ដូចប្រសាសន៍របស់លោកយេស៊ូ ការឃើញ«ការទាំងអស់នេះ» យើងដឹងថា ទីបញ្ចប់នៃពិភពលោកកាន់តែជិតដល់ហើយ។ (ម៉ាថាយ ២៤:៣៣) សាក្សីព្រះយេហូវ៉ាជឿថា ទីសម្អាងទាំងនោះគួរឲ្យជឿជាក់ ហើយពួកគេប្រាប់អំពីជំនឿរបស់ខ្លួនដល់មនុស្សឯទៀត តាមរយៈកិច្ចការផ្សព្វផ្សាយនៅជាង២៣៦ប្រទេស។
តើការយល់ខុសអំពីទីបញ្ចប់មានន័យថា នឹងមិនមកដល់ទេឬ?
ចម្លើយពីគម្ពីរ: «នៅពេលដែលពួកគេនិយាយថា៖ ‹មានសន្ដិភាពនិងសន្ដិសុខហើយ!› នោះស្រាប់តែសេចក្ដីហិនវិនាសនឹងកើតមានដល់ពួកគេភ្លាម ដូចជាការឈឺចាប់របស់ស្ត្រីដែលហៀបនឹងសម្រាលកូន។ ពួកគេនឹងគេចមិនផុតឡើយ»។—ថែស្សាឡូនិចទី១ ៥:៣
គម្ពីរប្រដូចការបំផ្លាញពិភពលោកនេះទៅនឹងការចាប់ផ្ដើមឈឺចាប់របស់ស្ត្រីដែលនឹងសម្រាលកូន ពីព្រោះម្ដាយមិនអាចគេចផុតពីការឈឺចាប់ទេ ហើយការឈឺចាប់នោះនឹងមកភ្លាមៗ។ ឯពេលវេលាដែលនាំទៅដល់ទីបញ្ចប់ប្រៀបដូចជាស្ត្រីមានផ្ទៃពោះដែរ ព្រោះស្ត្រីមានផ្ទៃពោះដឹងសញ្ញាសម្គាល់កាន់តែច្រើនដែលបញ្ជាក់ថាជិតដល់ថ្ងៃសម្រាលកូន។ គ្រូពេទ្យដែលពិនិត្យមើលម្ដាយប្រហែលជាប្រមាណអំពីពេលវេលាដែលកូននឹងកើត។ ប៉ុន្តែ ទោះជាកូននោះកើតមកយឺតបន្ដិចក៏ដោយ ក៏ម្ដាយនៅតែជឿជាក់ថាកូននឹងកើតក្នុងពេលឆាប់ៗ។ ស្រដៀងគ្នាដែរ ទោះជាទីបញ្ចប់មិនបានមកដល់ដូចដែលមនុស្សទន្ទឹងចាំក៏ដោយ តែនោះមិនបានផ្លាស់ប្ដូរហេតុការណ៍ពិតដែលជាទីសម្អាងបញ្ជាក់ថានេះ«គ្រាចុងក្រោយបង្អស់»ទេ។—ធីម៉ូថេទី២ ៣:១
លោកអ្នកប្រហែលជាសួរថា ‹បើសញ្ញាសម្គាល់បញ្ជាក់អំពីទីបញ្ចប់ជិតមកដល់ច្បាស់ដល់ម្ល៉េះ ហេតុអ្វីបានជាមនុស្សជាច្រើនមិនព្រមទទួលស្គាល់?›។ គម្ពីរបញ្ជាក់ថាពេលទីបញ្ចប់ជិតមកដល់ នោះមនុស្សជាច្រើននឹងមើលស្រាលទីសម្អាងទាំងនោះ។ ពួកគេមិនជឿថាស្ថានភាពក្នុងពិភពលោកនេះកាន់តែអាក្រក់ទៅៗ និងថាពួកគេកំពុងរស់នៅគ្រាចុងក្រោយបង្អស់ទេ។ ផ្ទុយទៅវិញ ពួកគេនាំគ្នាសើចចំអកដល់ពួកអ្នកដែលជឿហើយនិយាយថា៖ «ចាប់ពីថ្ងៃដែលពួកបុព្វបុរសរបស់យើងដេកលក់ក្នុងសេចក្ដីស្លាប់ អ្វីៗទាំងអស់នៅដដែល តាំងពីពេលចាប់ផ្ដើមបង្កើតពិភពលោកមក»។ (ពេត្រុសទី២ ៣:៣, ៤) បើនិយាយឲ្យចំទៅ សញ្ញាសម្គាល់អំពីគ្រាចុងក្រោយបង្អស់គឺច្បាស់ក្រឡែត តែមនុស្សជាច្រើនមិនអើពើនឹងទីសម្គាល់នោះទេ។—ម៉ាថាយ ២៤:៣៨, ៣៩
អត្ថបទនេះគ្រាន់តែបានរៀបរាប់ខ្លះៗប៉ុណ្ណោះនូវទីសម្អាងក្នុងគម្ពីរស្តីអំពីទីបញ្ចប់ជិតមកដល់។a តើលោកអ្នកចង់បានព័ត៌មានបន្ថែមទៀតទេ? បើចង់មែន សូមអញ្ជើញទាក់ទងសាក្សីព្រះយេហូវ៉ាដើម្បីសិក្សាគម្ពីរដោយឥតគិតថ្លៃ។ ការសិក្សាគម្ពីរអាចធ្វើនៅផ្ទះរបស់លោកអ្នក ឬនៅកន្លែងណាដែលងាយស្រួលសម្រាប់លោកអ្នក ឬសិក្សាតាមទូរស័ព្ទក៏បាន។ លោកអ្នកគ្រាន់តែចំណាយពេលវេលាខ្លះៗប៉ុណ្ណោះ ហើយលោកអ្នកនឹងទទួលប្រយោជន៍ដែលកាត់ថ្លៃមិនបាន។
[កំណត់សម្គាល់]
a ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ជំពូកទី៩ «តើយើងកំពុងតែរស់នៅ‹ជាន់ក្រោយបង្អស់›ឬ?» បោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[ប្រអប់នៅទំព័រ៨]
តើសាក្សីព្រះយេហូវ៉ាធ្លាប់ប្រាប់ខុសអំពីពេលទីបញ្ចប់នឹងមកដល់ឬទេ?
សាក្សីព្រះយេហូវ៉ាធ្លាប់យល់ខុសអំពីពេលដែលទីបញ្ចប់នឹងមកដល់។ ដូចពួកអ្នកកាន់តាមលោកយេស៊ូនៅសតវត្សរ៍ទី១ដែរ ជួនកាលយើងរង់ចាំការសម្រេចនៃទំនាយមុនពេលកំណត់របស់ព្រះ។ (លូកា ១៩:១១; សកម្មភាព ១:៦; ថែស្សាឡូនិចទី២ ២:១, ២) យើងយល់ស្របនឹងអារម្មណ៍របស់បងប្រុសអេ អេឆ ម៉ាក់មីល្លិន ជាសាក្សីយូរឆ្នាំដែលបានមានប្រសាសន៍ថា៖ «ខ្ញុំបានរៀនថាយើងគួរទទួលស្គាល់អំពីកំហុសរបស់យើង ហើយបន្តស្រាវជ្រាវដើម្បីយល់បណ្ដាំរបស់ព្រះកាន់តែប្រសើរឡើង»។
បើដូច្នេះ ហេតុអ្វីយើងនៅតែបន្តប្រកាសថាទីបញ្ចប់ជិតមកដល់? ពីព្រោះ យើងយល់អំពីសារ:សំខាន់នៃការស្ដាប់តាមពាក្យរបស់លោកយេស៊ូដែលថា៖ «ចូរឃ្លាំមើលជានិច្ច ចូរប្រុងប្រយ័ត្ន»។ បើមិនដូច្នោះទេ លោកយេស៊ូនឹងឃើញយើង«ដេកលក់» ហើយលោកនឹងមិនពេញចិត្តយើង។ (ម៉ាកុស ១៣:៣៣, ៣៦) ហេតុអ្វី?
សូមពិចារណាឧទាហរណ៍នេះ: ពេលមានការរញ្ជួយដី ភ្នាក់ងារនៅប្រទេសខ្លះប្រកាសអាសន្នព្រមានបណ្ដាជនថា អាចកើតមានរលកយក្សស៊ូណាមី។ ជួនកាលមិនមានស៊ូណាមីកើតឡើងដូចភ្នាក់ងារបានគិតនោះទេ ប៉ុន្តែដោយសារពួកគេចេះប្រុងប្រយ័ត្ន នោះអាចសង្គ្រោះជីវិតបណ្ដាជនបាន។
ដូចគ្នាដែរ ស្តីអំពីទីបញ្ចប់ យើងធ្លាប់យល់ខុសខ្លះ។ ក៏ប៉ុន្តែ ជាជាងខ្លាចគេរិះគន់ យើងព្យាយាមធ្វើតាមបង្គាប់លោកយេស៊ូនិងសង្គ្រោះជីវិតអ្នកឯទៀត។ លោកយេស៊ូបង្គាប់យើងឲ្យ«ធ្វើជាសាក្សីបញ្ជាក់សព្វគ្រប់» នោះតម្រូវឲ្យយើងព្រមានអ្នកដទៃអំពីទីបញ្ចប់។—សកម្មភាព ១០:៤២
ចំពោះយើង ការជឿជាក់ថាទីបញ្ចប់នឹងមកដល់ ហើយការប្រព្រឹត្តសមស្របតាមជំនឿនោះ គឺសំខាន់ជាងការផ្ដោតអារម្មណ៍ទៅលើពេលវេលាដែលទីបញ្ចប់នឹងមកដល់។ យើងក៏ជឿជាក់ដែរទៅលើពាក្យរបស់ហាបាគុក ២:៣ដែលថា៖ «បើសិនជា[ទីបញ្ចប់]បង្អង់យូរ[តាមគំនិតរបស់យើង] ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។
[រូបភាពនៅទំព័រ៤]
[រូបភាពនៅទំព័រ៦]
[រូបភាពនៅទំព័រ៨]