គ្រាដែលត្រូវចាំយាម
«ឯដំណឹងល្អ នឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន . . . តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត»។—ម៉ាកុស ១៣:១០, ១៣
១. ហេតុអ្វីក៏យើងត្រូវតែអត់ទ្រាំហើយមានចិត្តក្លាហានឡើង?
យើងត្រូវតែអត់ទ្រាំ—នៅក្នុងចំណោមដំណមនុស្សដែលគ្មានជំនឿនិងវៀចវេរនេះ! តាំងពីឆ្នាំ១៩១៤មក មនុស្សដំណនេះបានក្លាយទៅជាពុករលួយ ដូចនៅសម័យព្រះយេស៊ូដែរ។ ហើយនៅសព្វថ្ងៃនេះ សេចក្ដីពុករលួយនេះឃើញមានពាសពេញពិភពលោក។ នៅក្នុង«ជាន់ក្រោយបង្អស់» «គ្រាលំបាកណាស់» ដែលសាវ័កប៉ុលបានរៀបរាប់មក គឺកំពុងតែធ្វើឲ្យមនុស្សលោកវេទនា។ ‹ពួកអាក្រក់ និងពួកឆបោក គេប្រព្រឹត្តអំពើអាក្រក់កាន់តែច្រើនឡើងៗ›។ ជាការច្បាស់ណាស់ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច» អារក្សសាតាំង ដែលឥឡូវនេះវាកំពុងតែខំប្រឹងប្រែងជាចុងក្រោយ ដើម្បីបំផ្លាញផែនដីនេះ។ ប៉ុន្តែ ចូរឲ្យមានចិត្តក្លាហានឡើង! នៅខាងមុខនេះ នឹងមាន«គ្រាវេទនាយ៉ាងធំ» ដែលនឹងនាំមកនូវការស្រាកស្រាន្តជាអចិន្ត្រៃយ៍ដល់ពួកអ្នកដែលស្រឡាញ់សេចក្ដីសុចរិត។—ធីម៉ូថេទី២ ៣:១-៥, ១៣; យ៉ូហានទី១ ៥:១៩; វិវរណៈ ៧:១៤
២. តើទំនាយបានសម្រេចយ៉ាងណានៅក្នុងឆ្នាំ១៩១៤?
២ គួរឲ្យសប្បាយណាស់ ដែលឥឡូវនេះព្រះយេហូវ៉ាបានឲ្យព្រះយេស៊ូគ្រីស្ទឡើងសោយរាជ្យនៅស្ថានសួគ៌ ដែលរៀបចំបម្រុងនឹងបោសសំអាតពួកសត្រូវដ៏ជិះជាន់របស់មនុស្សចេញ។ (វិវរណៈ ១១:១៥) ដូចជាទំនាយរបស់ដានីយ៉ែលបានសម្រេចក្នុងគ្រាយាងមកលើកទីមួយនៃព្រះមេស្ស៊ីជាយ៉ាងណា នៅក្នុងសតវត្សនេះ ទំនាយដ៏អស្ចារ្យរបស់ដានីយ៉ែលក៏បានសម្រេចជាយ៉ាងនោះដែរ។ នៅដានីយ៉ែល ៤:១៦, ១៧, ៣២ កន្លែងនេះប្រាប់យើងថា ការគ្រងរាជ្យដ៏ត្រឹមត្រូវទៅលើផែនដីត្រូវបានបញ្ឈប់បណ្ដោះអាសន្នក្នុងរយៈពេល«៧ខួប»។ ក្នុងការសម្រេចដ៏ធំ ៧ខួបនេះស្មើនឹង៧ឆ្នាំខាងព្រះគម្ពីរ ដែលមួយឆ្នាំស្មើនឹង៣៦០‹ថ្ងៃ› ឬបើសរុបទាំងអស់ស្មើនឹង២.៥២០ឆ្នាំ។a នេះបានចាប់ផ្ដើមពីឆ្នាំ៦០៧ ម.ស.យ. នៅពេលដែលពួកបាប៊ីឡូនបានចាប់ផ្ដើមជាន់ឈ្លីព្រះរាជាណាចក្រអ៊ីស្រាអែល រហូតទៅដល់ឆ្នាំ១៩១៤ ស.យ. ជាឆ្នាំដែលព្រះយេស៊ូឡើងសោយរាជ្យក្នុងស្ថានសួគ៌ជាស្តេចដ៏ត្រឹមត្រូវរបស់មនុស្សលោក។ បន្ទាប់មក «គ្រារបស់សាសន៍ដទៃ» បានចប់ទៅ។ (លូកា ២១:២៤) ប៉ុន្តែពួកសាសន៍ទាំងនេះមិនព្រមចុះចូលតាមព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនោះទេ។—ទំនុកដំកើង ២:១-៦, ១០-១២; ១១០:១, ២
៣, ៤. (ក) តើមានការប្រៀបធៀបអ្វីរវាងព្រឹត្ដិការណ៍នៅសតវត្សទីមួយនិងសម័យយើងនេះ? (ខ) តើអាចសួរសំនួរណាខ្លះ?
៣ កាលដែល៧០អាទិត្យនៃឆ្នាំ (ឆ្នាំ២៩-៣៦ ស.យ.) និងឆ្នាំ១៩១៤ កាន់តែមកជិតឡើងៗ ប្រជារាស្ត្រដែលកោតខ្លាចព្រះ បានទន្ទឹងចាំនូវការយាងមកនៃព្រះមេស្ស៊ី។ ហើយទ្រង់បានយាងមកមែន! ក្នុងការយាងមកនិមួយៗ របៀបដែលទ្រង់លេចឡើងគឺខុសពីការសង្ឃឹមរបស់មនុស្ស។ ម្យ៉ាងវិញទៀត ក្នុងការយាងមកនិមួយៗ បន្ទាប់ពីមួយរយៈពេលដ៏ខ្លីគួរសម «មនុស្សដំណ»ដ៏អាក្រក់មួយ រងទុក្ខការប្រហារសេចក្ដីជំនុំជំរះរបស់ព្រះ។—ម៉ាថាយ ២៤:៣៤
៤ ក្នុងអត្ថបទពីមុនរបស់យើង យើងបានកត់សម្គាល់ឃើញអំពីរបៀបដែលមនុស្សដំណសាសន៍យូដាដែលបានទាមទារបង្ហូរឈាមព្រះយេស៊ូ បានវិនាសបាត់ទៅ។ ចុះយ៉ាងណាវិញចំពោះដំណមនុស្សជាតិដ៏សៅហ្មង ដែលនៅសព្វថ្ងៃនេះ ប្រឆាំងឬមិនអើពើនឹងទ្រង់នោះ? តើនៅពេលណាទៅទើបដំណមនុស្សដ៏គ្មានជំនឿនេះទទួលការប្រហារសេចក្ដីជំនុំជំរះនោះ?
«ចូរចាំយាមចុះ»!
៥. (ក) តើដោយហេតុត្រឹមត្រូវអ្វី ដែលយើងមិនត្រូវការឲ្យដឹង«ថ្ងៃនឹងពេលកំណត់»របស់ព្រះយេហូវ៉ា? (ខ) យោងទៅតាមម៉ាកុស តើព្រះយេស៊ូបញ្ចប់ទំនាយរបស់ទ្រង់ដោយឲ្យសេចក្ដីទូន្មានដ៏ល្អអ្វី?
៥ ក្រោយពីបានទាយអំពីព្រឹត្ដិការណ៍នានាដែលនាំទៅដល់គ្រានៃ‹សេចក្ដីវេទនាជាខ្លាំង› ព្រះយេស៊ូបានបន្ថែមថា៖ «ឯត្រង់ថ្ងៃនឹងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ»។ (ម៉ាថាយ ២៤:៣-៣៦; ម៉ាកុស ១៣:៣-៣២) យើងមិនត្រូវការដឹងពេលកំណត់នៃព្រឹត្ដិការណ៍នោះទេ។ ផ្ទុយទៅវិញ យើងត្រូវតែយកចិត្តទុកដាក់លើការចាំយាមដោយបង្កើនជំនឿឲ្យបានមុតមាំ ហើយឲ្យជាប់រវល់នឹងកិច្ចការរបស់ព្រះយេហូវ៉ា—គឺមិនទៅលើការគិតរិះរកថ្ងៃខែនោះឡើយ។ ព្រះយេស៊ូបានបញ្ចប់ទំនាយដ៏អស្ចារ្យរបស់ទ្រង់ ដោយមានបន្ទូលថា៖ «ចូរប្រុងប្រយ័ត ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ . . . ចូរចាំយាមចុះ . . . ឯសេចក្ដីដែលខ្ញុំប្រាប់អ្នករាល់គ្នានេះ នោះខ្ញុំក៏ប្រាប់ដល់មនុស្សទាំងអស់ដែរ គឺថា ចូរចាំយាមចុះ»។ (ម៉ាកុស ១៣:៣៣-៣៧) គ្រោះថ្នាក់ចាំឆ្មក់នៅក្នុងទីងងឹតនៃលោកីយ៍នៅសព្វថ្ងៃនេះ។ យើងត្រូវតែចាំយាមជានិច្ច!—រ៉ូម ១៣:១១-១៣
៦. (ក) តើយើងត្រូវដាក់ជំនឿរបស់យើងទៅលើអ្វី? (ខ) តើយើងអាច«កំណត់ថ្ងៃអាយុនៃយើងខ្ញុំ»យ៉ាងដូចម្ដេច? (គ) តើព្រះយេស៊ូចង់មានន័យយ៉ាងណាចំពោះពាក្យ«ដំណមនុស្ស»?
៦ យើងត្រូវតែយកចិត្តទុកដាក់នឹងទំនាយទាំងឡាយរបស់ព្រះ ដែលទាក់ទងនឹងសម័យជាន់ក្រោយបង្អស់នៃរបបសម័យដ៏អាក្រក់ជួជាតិនេះ ហើយមិនត្រឹមតែប៉ុណ្ណោះទៀត យើងក៏ត្រូវតែដាក់ជំនឿរបស់យើងទៅលើយញ្ញបូជាដ៏មានតម្លៃរបស់ព្រះយេស៊ូគ្រីស្ទ និងកិច្ចសន្យាទាំងឡាយរបស់ព្រះដែលមានមូលដ្ឋានទៅលើនោះ។ (ហេព្រើរ ៦:១៧-១៩; ៩:១៤; ពេត្រុសទី១ ១:១៨, ១៩; ពេត្រុសទី២ ១:១៦-១៩) ដោយមានចំណង់ចង់ឃើញទីបញ្ចប់នៃរបបលោកីយ៍អាក្រក់នេះ នៅពេលខ្លះ ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាបានគិតស្មានពេលវេលាដែល‹សេចក្ដីវេទនាជាខ្លាំង›នឹងផ្ទុះឡើង ថែមទាំងភ្ជាប់ការនេះជាមួយនឹងការគិតរិះរកនូវប្រវែងអាយុនៃមនុស្សដំណពីឆ្នាំ១៩១៤។ យ៉ាងណាក្ដី យើង«មានចិត្តខ្មីឃ្មាតឲ្យបានសតិបញ្ញា» គឺមិនមែនតាមរយៈការគិតស្មានអំពីប៉ុន្មានឆ្នាំ ឬប៉ុន្មានថ្ងៃនៃដំណមនុស្សនោះឡើយ តែតាមរយៈការគិតអំពីរបៀបដែលយើង«ចេះកំណត់រាប់ថ្ងៃអាយុនៃយើងខ្ញុំ» ក្នុងការធ្វើឲ្យមានការសរសើរយ៉ាងរីករាយដល់ព្រះយេហូវ៉ា។ (ទំនុកដំកើង ៩០:១២) ជាជាងផ្ដល់ឲ្យវិធានសំរាប់វាស់ប្រវែងពេលវេលា ពាក្យ«ដំណមនុស្ស» ដែលព្រះយេស៊ូបានប្រើនេះ សំដៅចំពោះតែមនុស្សសហកាលពីសម័យបុរាណណាមួយដែលមានលក្ខណៈសម្គាល់របស់គេ។b
៧. តើសាស្ដ្រាចារ្យខាងប្រវត្ដិសាស្ត្របានសរសេរអ្វីខ្លះអំពី«ដំណមនុស្សនៃឆ្នាំ១៩១៤» ហើយតាមរបៀបណាដែលការនេះជាប់ទាក់ទងនឹងទំនាយរបស់ព្រះយេស៊ូ?
៧ ស្របទៅតាមសេចក្ដីខាងលើនេះ សាស្ដ្រាចារ្យខាងប្រវត្ដិសាស្ត្រ លោករ៉ូបឺត វ៉ូល បានសរសេរក្នុងសៀវភៅរបស់គាត់ ដំណមនុស្សនៃឆ្នាំ១៩១៤៖ «ដំណមនុស្សពីបុរាណ មិនអាចកំណត់យ៉ាងច្បាស់លាស់ដោយថ្ងៃខែនោះបានឡើយ»។ ប៉ុន្តែ គាត់បានចង្អុលប្រាប់ថា សង្គ្រាមលោកលើកទី១បានបង្កើត«ការកាត់ផ្ដាច់ជាខ្លាំងពីអតីតកាល» ហើយគាត់បានបន្ថែមទៀតថា៖ «អស់អ្នកណាដែលបានរួចជីវិតពីសង្គ្រាមនោះ មិនអាចបំបាត់ពីខ្លួនគេចេញនូវជំនឿដែលថា លោកីយ៍មួយបានវិនាសទៅ ហើយលោកីយ៍មួយទៀតបានចាប់ផ្ដើមឡើងក្នុងខែសីហា ឆ្នាំ១៩១៤នោះឡើយ»។ ការទាំងអស់នេះត្រូវណាស់! សេចក្ដីថ្លែងនេះសំដៅទៅលើចំណុចដ៏សំខាន់នៃរឿងនេះ។ «មនុស្សដំណនេះ»នៃមនុស្សលោកតាំងពីឆ្នាំ១៩១៤ បានពិសោធការប្រែប្រួលដ៏អាក្រក់ក្រៃលែង។ ពួកគេបានឃើញផែនដីនេះជោកទៅដោយឈាមមនុស្សរាប់លាននាក់។ សង្គ្រាម ការប្រល័យពូជសាសន៍ ភេរវកម្ម បទឧក្រិដ្ឋ និងការគ្មានច្បាប់ទំលាប់ បានផ្ទុះមានពាសពេញពិភពលោក។ ទុរភិក្ស ជម្ងឺ និងអំពើអសីលធម៌បានចាប់ក្ដោបផែនដីរបស់យើងនេះ។ ព្រះយេស៊ូបានទាយមកថា៖ «កាលណាអ្នករាល់គ្នា[ពួកសិស្សទ្រង់]ឃើញការទាំងនេះកើតមក នោះត្រូវដឹងថា នគរព្រះជិតដល់ហើយ យ៉ាងដូច្នោះដែរ ខ្ញុំក៏ប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅឡើយ ទាល់តែគ្រប់ការទាំងនេះបានកើតមក»។—លូកា ២១:៣១, ៣២
៨. តើតាមរបៀបណាដែលព្យាការីនៃព្រះយេហូវ៉ាបានដាក់ទម្ងន់ទៅលើការចាំយាមជានិច្ចនោះ?
៨ ត្រូវហើយ ព្រះរាជាណាចក្ររបស់ព្រះមេស្ស៊ីជិតបានទទួលជ័យជំនះហើយ! ដូច្នេះ តើការខំរិះរកថ្ងៃខែ ឬការគិតស្មានអំពីប្រវែងអាយុនៃ«មនុស្សដំណ»នោះ មានប្រយោជន៍អ្វីទៅ? គឺគ្មានប្រយោជន៍អ្វីសោះ! ដ្បិតហាបាគុក ២:៣ បានចែងយ៉ាងច្បាស់ថា៖ «ដ្បិតការជាក់ស្តែងនេះ ទុកសំរាប់ដល់វេលាកំណត់ ក៏កំពុងស្រូតឲ្យដល់ពេលនោះហើយ នៅគ្រានោះ នឹងមិនកុហកទេ បើសិនជាបង្អង់យូរ ក៏ចូររង់ចាំចុះ ដ្បិតនឹងមកជាពិត ឥតរារង់ឡើយ»។ ថ្ងៃជំនុំជំរះរបស់ព្រះយេហូវ៉ាកំពុងមកកាន់តែជិតឡើងៗ។—យេរេមា ២៥:៣១-៣៣; ម៉ាឡាគី ៤:១
៩. តាំងពីឆ្នាំ១៩១៤ តើមានការលូតលាស់អ្វីដែលបង្ហាញថាពេលវេលាកាន់តែខ្លីនោះ?
៩ នៅពេលដែលការសោយរាជ្យរបស់ព្រះគ្រីស្ទបានចាប់ផ្ដើមឡើងក្នុងឆ្នាំ១៩១៤ សាតាំងត្រូវបានបោះទម្លាក់មកផែនដី។ នេះបានសេចក្ដីថា «វេទនាដល់ផែនដី . . . ពីព្រោះអារក្សបានចុះមកឯអ្នករាល់គ្នា ទាំងមានសេចក្ដីឃោរឃៅជាខ្លាំង ដោយវាដឹងថាពេលវេលាវាខ្លីណាស់ហើយ»។ (វិវរណៈ ១២:១២) ពេលវេលានោះគឺខ្លីមែន បើប្រៀបធៀបទៅនឹងការគ្រប់គ្រងរបស់សាតាំងអស់រាប់ពាន់ឆ្នាំមកហើយនេះ។ ព្រះរាជាណាចក្រជិតមកដល់ហើយ ហើយវេលាថ្ងៃនិងម៉ោងរបស់ព្រះយេហូវ៉ាសំរាប់ប្រហារការជំនុំជំរះមកលើមនុស្សដំណអាក្រក់នេះ ក៏ជិតមកដល់ដែរ!—សុភាសិត ៣:២៥; ១០:២៤, ២៥
«មនុស្សដំណ»ដែលកន្លងហួសបាត់ទៅ
១០. តើតាមរបៀបណាដែល «មនុស្សដំណនេះ» ដូចនឹងមនុស្សជំនាន់លោកណូអេ?
១០ ចូរឲ្យយើងពិនិត្យឲ្យបានដិតដល់ទៀតនូវសេចក្ដីថ្លែងរបស់ព្រះយេស៊ូ នៅម៉ាថាយ ២៤:៣៤, ៣៥៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សដំណនេះនឹងមិនទាន់កន្លងហួសបាត់ទៅ ទាល់តែគ្រប់ការទាំងនេះបានកើតមកដល់ ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ»។ ពាក្យបន្ទូលរបស់ព្រះយេស៊ូក្រោយមកទៀតបង្ហាញថា ‹គ្មានអ្នកណាដឹងវេលាថ្ងៃនិងម៉ោងកំណត់នោះទេ›។ អ្វីដែលសំខាន់ជាងនេះទៀត ទ្រង់បង្ហាញថា យើងត្រូវជៀសវាងពីអន្ទាក់ដែលមានជុំវិញយើងក្នុងមនុស្សដំណនេះ។ ដូច្នេះព្រះយេស៊ូមានបន្ទូលទៀតថា៖ «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។ (ម៉ាថាយ ២៤:៣៦-៣៩) នៅកន្លែងនេះ ព្រះយេស៊ូបានប្រៀបធៀបដំណមនុស្សនៅសម័យទ្រង់ទៅនឹងដំណមនុស្សនៅសម័យលោកណូអេ។—លោកុប្បត្តិ ៦:៥, ៩
១១. តើព្រះយេស៊ូបានធ្វើការប្រៀបធៀប‹ដំណមនុស្ស›អ្វី ដែលបានរាយការណ៍មកដោយម៉ាថាយ និង លូកានោះ?
១១ នេះមិនមែនជាលើកទីមួយទេ ដែលពួកសាវ័កបានឮព្រះយេស៊ូធ្វើការប្រៀបធៀប‹ដំណមនុស្ស› ដ្បិតប៉ុន្មានថ្ងៃមុននេះ ទ្រង់បានមានបន្ទូលអំពីអង្គទ្រង់ថា៖ «កូនមនុស្ស . . . រងទុក្ខលំបាកជាច្រើន ហើយត្រូវមនុស្សដំណនេះ បោះបង់ចោលលោកផង នៅគ្រារបស់កូនមនុស្ស នោះនឹងកើតមានដូចជានៅជំនាន់លោកណូអេដែរ»។ (លូកា ១៧:២៤-២៦) ដូច្នេះ ម៉ាថាយជំពូក២៤ និងលូកាជំពូក១៧ ធ្វើការប្រៀបធៀបដូចគ្នា។ នៅជំនាន់លោកណូអេ«គ្រប់ទាំងសាច់[ដែល]បានបង្ខូចផ្លូវខ្លួននៅផែនដី» ហើយត្រូវបានកំទេចចោលនៅក្នុងទឹកជំនន់ គឺ‹មនុស្សដំណនេះ›។ នៅជំនាន់ព្រះយេស៊ូ ពួកយូដាដែលបះបោរជំនឿនិងពួកមនុស្សដែលបដិសេធព្រះយេស៊ូ គឺជាពួក‹មនុស្សដំណនេះ›។—លោកុប្បត្តិ ៦:១១, ១២; ៧:១
១២, ១៣. (ក) នៅសព្វថ្ងៃនេះ តើ«មនុស្សដំណនេះ»ដែលនឹងត្រូវកន្លងបាត់ទៅនោះជាអ្វី? (ខ) តើប្រជារាស្ត្ររបស់ព្រះយេហូវ៉ានៅសម័យនេះ កំពុងតែអត់ទ្រាំនឹង«ដំណមនុស្សវៀច ហើយខិលខូច»នេះយ៉ាងណា?
១២ ដូច្នេះហើយ នៅសព្វថ្ងៃនេះ ក្នុងការសម្រេចចុងក្រោយបង្អស់នូវទំនាយរបស់ព្រះយេស៊ូ «មនុស្សដំណនេះ» ច្បាស់ជាសំដៅចំពោះមនុស្សរស់នៅលើផែនដី ដែលឃើញទីសម្គាល់នៃវត្តមានរបស់ព្រះគ្រីស្ទ តែមិនបានផ្លាស់ប្ដូរផ្លូវរបស់គេទេ។ ផ្ទុយទៅវិញ យើងជាសិស្សរបស់ព្រះយេស៊ូ យើងបដិសេធមិនធ្វើតាមជីវភាពបែបរបស់«មនុស្សដំណនេះ»ឡើយ។ ថ្វីបើយើងរស់នៅក្នុងលោកីយ៍ក្ដី យើងមិនត្រូវមានចំណែកក្នុងនោះឡើយ «ដ្បិតឯពេលវេលា នោះជិតដល់ហើយ»។ (វិវរណៈ ១:៣; យ៉ូហាន ១៧:១៦) សាវ័កប៉ុលដាស់តឿនយើងថា៖ «ចូរធ្វើគ្រប់ការទាំងអស់ដោយឥតត្អូញត្អែរ ឥតប្រកែក ប្រយោជន៍ឲ្យអ្នករាល់គ្នាបានឥតសៅហ្មង ឥតកិច្ចកល ជាកូនព្រះដែលរកបន្ទោសមិនបាននៅក្នុងដំណមនុស្សវៀច ហើយខិលខូច ដែលអ្នករាល់គ្នាភ្លឺនៅកណ្ដាលគេ ដូចជាតួពន្លឺនៅក្នុងលោក»។—ភីលីព ២:១៤, ១៥; កូល៉ុស ៣:៥-១០; យ៉ូហានទី១ ២:១៥-១៧
១៣ ‹ការភ្លឺដូចជាតួពន្លឺ›របស់យើង មិនគ្រាន់តែរួមបញ្ចូលការសម្ដែងបុគ្គលិកលក្ខណៈគ្រីស្ទានដ៏ជ្រះថ្លាទេ តែអ្វីដ៏សំខាន់ទៅទៀត គឺជាការបំពេញកិច្ចការខាងទំនាយពីព្រះយេស៊ូ៖ «ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទូទៅគ្រប់ក្នុងលោកីយ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»។ (ម៉ាថាយ ២៤:១៤) គ្មានមនុស្សណាអាចប្រាប់អំពីពេលវេលានៃទីបញ្ចប់បានឡើយ ប៉ុន្តែយើងដឹងថា ទីបញ្ចប់នៃ«ដំណមនុស្ស»អាក្រក់នេះនឹងមកជាមិនខាន ក្រោយពីព្រះសព្វព្រះហឫទ័យថាការផ្សាយបានគ្រប់គ្រាន់ហើយ គឺបាន«រហូតដល់ចុងផែនដីបំផុតផង»។—កិច្ចការ ១:៨
«ថ្ងៃនឹងពេលកំណត់»
១៤. តើព្រះយេស៊ូនិងប៉ុលបានឲ្យដំបូន្មានអ្វីអំពី«ពេលវេលា»នោះ ហើយតើយើងត្រូវធ្វើយ៉ាងណាដែរ?
១៤ នៅពេលដែលការផ្សាយពេញពិភពលោកបានសម្រេចដល់កំរិតដែលព្រះយេហូវ៉ាបំណងទុក នោះនឹងទៅជា«ថ្ងៃនឹងពេលកំណត់»សំរាប់ទ្រង់បំបាត់ចោលនូវរបបលោកីយ៍នេះ។ យើងមិនត្រូវការឲ្យដឹងថ្ងៃខែកំណត់ជាមុនទេ។ ដូច្នេះហើយ ដោយធ្វើតាមគំរូព្រះយេស៊ូ សាវ័កប៉ុលដាស់តឿនថា៖ «បងប្អូនអើយ ឯត្រង់ពេលវេលា នោះមិនបាច់ឲ្យខ្ញុំសរសេរប្រាប់មកអ្នករាល់គ្នាទេ ដ្បិតអ្នករាល់គ្នាដឹងច្បាស់ហើយថា ថ្ងៃនៃព្រះអម្ចាស់នឹងមកដល់ ដូចជាចោរមកនៅពេលយប់ ដ្បិតកាលណាគេកំពុងតែនិយាយថា‹មានសេចក្ដីសុខសាន្ត មានសេចក្ដីរៀបរយហើយ› នោះលោតែមានសេចក្ដីហិនវិនាសមកលើគេភ្លាម ដូចជាស្ត្រី មានគភ៌ឈឺនឹងសំរាល ហើយគេចមិនរួចឡើយ»។ ចូរកត់សម្គាល់ចំណុចសំខាន់របស់ប៉ុល៖ ‹ដ្បិតកាលណាគេកំពុងតែនិយាយ›។ ត្រូវហើយ គឺនៅពេលដែលមានការនិយាយអំពី‹សេចក្ដីសុខសាន្តនិងសេចក្ដីរៀបរយ› នៅពេលដែលមិនសូវទន្ទឹងចាំ នោះហើយជាពេលដែលព្រះនឹងប្រហារសេចក្ដីជំនុំជំរះភ្លាម។ ដូច្នេះហើយ សេចក្ដីទូន្មានរបស់ប៉ុលនេះ ត្រឹមត្រូវណាស់៖ «ដូច្នេះ ត្រូវឲ្យយើងចាំយាម ហើយដឹងខ្លួន មិនត្រូវឲ្យដេកលក់ ដូចជាមនុស្សឯទៀតទេ»!—ថែស្សាឡូនីចទី១ ៥:១-៣, ៦; មើលខ៧-១១ដែរ; កិច្ចការ ១:៧
១៥, ១៦. (ក) ហេតុអ្វីក៏យើងមិនត្រូវគិតថា សង្គ្រាមអើម៉ាគេដូននៅឆ្ងាយជាងពីកាលដែលយើងជឿមកនោះ? (ខ) តើអធិបតេយ្យភាពនៃព្រះយេហូវ៉ា ត្រូវបានលើកដំកើងយ៉ាងណានៅអនាគតដ៏ខ្លីនេះ?
១៥ តើទស្សនៈដ៏ត្រឹមត្រូវរបស់យើងអំពី«មនុស្សដំណនេះ» មានន័យថា សង្គ្រាមអើម៉ាគេដូននៅឆ្ងាយជាងពីការគិតរបស់យើងពីមុនមកឬ? មិនមែនទេ! ថ្វីបើយើងមិនដែលដឹងនូវ«ថ្ងៃនឹងពេលកំណត់»ក្ដី ព្រះយេហូវ៉ាទ្រង់ជ្រាបដឹងជានិច្ច ហើយទ្រង់មិនចេះប្រែប្រួលឡើយ។ (ម៉ាឡាគី ៣:៦) ជាការច្បាស់ណាស់ លោកីយ៍នេះកំពុងតែលេចទៅបន្ដិចម្ដងៗរហូតដល់ទីហិនវិនាស។ ការត្រូវការឲ្យចាំយាម នោះជាការចាំបាច់ជាងពីមុនទៅទៀត។ ព្រះយេហូវ៉ាបានសម្ដែងប្រាប់យើងនូវ«សេចក្ដី . . . ដែលបន្ដិចទៀតត្រូវកើតមានមក» ហើយយើងត្រូវតែធ្វើតាមសេចក្ដីទាំងនេះដោយយល់ដឹងច្បាស់នូវភាពបន្ទាន់នេះ។—វិវរណៈ ១:១; ១១:១៨; ១៦:១៤, ១៦
១៦ កាលដែលពេលកំណត់កាន់តែមកជិតឡើង ចូរចាំយាមជានិច្ច ដ្បិតព្រះយេហូវ៉ាត្រៀមនឹងនាំមកនូវវិបត្ដិភ័យមកលើរបបលោកីយ៍របស់សាតាំងទាំងមូល! (យេរេមា ២៥:២៩-៣១) ព្រះយេហូវ៉ាមានបន្ទូលថា៖ «អញនឹងដំកើងខ្លួនអញ ហើយតាំងខ្លួនអញជាបរិសុទ្ធ ព្រមទាំងធ្វើឲ្យសាសន៍ជាច្រើន ស្គាល់អញចំពោះភ្នែកផង នោះគេនឹងដឹងថា អញនេះជាព្រះយេហូវ៉ាពិត»។ (អេសេគាល ៣៨:២៣) «ថ្ងៃនៃព្រះយេហូវ៉ា»នោះ កំពុងតែមកកាន់ជិតឡើងហើយ!—យ៉ូអែល ១:១៥; ២:១,២; អេម៉ុស ៥:១៨-២០; សេផានា ២:២, ៣
«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី»ដ៏សុចរិត
១៧, ១៨. (ក) យោងទៅតាមព្រះយេស៊ូនិងពេត្រុស តើ«មនុស្សដំណនេះ» កន្លងបាត់ទៅយ៉ាងដូចម្ដេច? (ខ) ហេតុអ្វីក៏យើងត្រូវតែចាំយាមជានិច្ចចំពោះចរិយានិងអំពើនៃការគោរពប្រតិបត្ដិដល់ព្រះនោះ?
១៧ ចំពោះ‹សេចក្ដីទាំងអស់នេះដែលនឹងត្រូវកើតមានឡើង› ព្រះយេស៊ូបានមានបន្ទូលថា៖ «ផ្ទៃមេឃ ហើយផែនដីនឹងកន្លងបាត់ទៅ តែពាក្យខ្ញុំមិនដែលបាត់ឡើយ»។ (ម៉ាថាយ ២៤:៣៤, ៣៥) ព្រះយេស៊ូប្រហែលជាចង់មានបន្ទូលអំពី«ផ្ទៃមេឃ ហើយផែនដី»—ដែលជាអ្នកគ្រប់គ្រងនិងប្រជារាស្ត្រដែលត្រូវគ្រប់គ្រងលើ—នៃ«មនុស្សដំណនេះ»។ សាវ័កពេត្រុសបានប្រើពាក្យស្រដៀងនេះដែរ ក្នុងការសំដៅចំពោះ«ផ្ទៃមេឃ នឹងផែនដីនៅជាន់នេះ» ដែលបាន«បំរុងទុកដល់ថ្ងៃជំនុំជំរះ ដោយសារព្រះបន្ទូលនៃទ្រង់ សំរាប់ឲ្យភ្លើងឆេះវិញ ហើយបំផ្លាញមនុស្សទមិលល្មើសចេញ»។ បន្ទាប់មក គាត់រៀបរាប់អំពីរបៀបដែល«ថ្ងៃនៃ[ព្រះយេហូវ៉ា] នោះនឹងមកដូចជាចោរប្លន់ នៅថ្ងៃនោះផ្ទៃមេឃ[រដ្ឋាភិបាល]នឹងបាត់ទៅ» ព្រមទាំងសង្គមមនុស្សដ៏ពុករលួយនេះឬ«ផែនដី» ហើយនិងកិច្ចការដ៏មានបាបរបស់វាដែរ។ រួចមក សាវ័កពេត្រុសដាស់តឿនយើងឲ្យមាន«កិរិយាបរិសុទ្ធ នឹងសេចក្ដីគោរពប្រតិបត្ដិ ទាំងទន្ទឹងចាំ ហើយខំជួយឲ្យថ្ងៃនៃព្រះបានឆាប់មកដល់ផង ដែលនៅថ្ងៃនោះ ផ្ទៃមេឃនឹងឆេះរលាយអស់ ហើយធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅក៏ក្រៃលែងដូច្នេះ»! តើមានអ្វីជាបន្ទាប់? ពេត្រុសបានបែរអារម្មណ៍របស់យើងទៅឯ‹ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលមានសុទ្ធតែសេចក្ដីសុចរិត›។—ពេត្រុសទី២ ៣:៧, ១០-១៣c
១៨ «ផ្ទៃមេឃថ្មី» ដែលជាព្រះរាជាណាចក្រសោយរាជ្យដោយព្រះយេស៊ូគ្រីស្ទនិងពួកស្តេចឯទៀតរបស់ទ្រង់ នឹងប្រទានពរមកលើ«ផែនដីថ្មី» ដែលជាសង្គមមនុស្សជាតិដ៏សុចរិត។ តើអ្នកនឹងទៅជាសមាជិកនៃសង្គមនោះទេ? បើមែន អ្នកនឹងមានចិត្តរីករាយចំពោះអនាគតដ៏រុងរឿងដែលបានទុកមក!—អេសាយ ៦៥:១៧-១៩; វិវរណៈ ២១:១-៥
១៩. តើយើងឥឡូវនេះមានឯកសិទ្ធិដ៏ធំអ្វី?
១៩ ត្រូវហើយ សូម្បីតែឥឡូវនេះ «ដំណ»មនុស្សជាតិដ៏សុចរិតក៏កំពុងតែប្រមូលចូល។ នៅសព្វថ្ងៃនេះ «អ្នកបំរើស្មោះត្រង់ហើយឈ្លាសវៃ»ដែលចាក់ប្រេងតាំង កំពុងតែផ្ដល់ការអប់រំពីព្រះ តាមពាក្យដែលចែងមកនៅទំនុកដំកើង ៧៨:១, ៤៖ «ឱសាសន៍របស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្ដាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្ដាប់អស់ទាំងពាក្យដែលចេញពីមាត់ខ្ញុំចុះ . . . ប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្ដាប់ ព្រមទាំងឥទ្ធានុភាព នឹងការអស្ចារ្យដែលបានធ្វើផង»។ (ម៉ាថាយ ២៤:៤៥-៤៧ ព.ថ.) នៅខែមេសា ទី១៤ នៃឆ្នាំនេះ មនុស្សជាង១២.០០០.០០០នាក់នៅជុំវិញផែនដីនេះ បានមកចូលរួមក្នុងបុណ្យរំឭកមរណភាពរបស់ព្រះគ្រីស្ទ នៅតាមក្រុមជំនុំជាង៧៥.៥០០ក្រុមជំនុំ ក្នុងប្រមាណ២៣០ប្រទេស។ តើអ្នកមាននៅក្នុងចំណោមពួកគេទេ? សូមឲ្យអ្នកដាក់ជំនឿរបស់អ្នកទៅលើព្រះយេស៊ូគ្រីស្ទ ហើយ‹អំពាវនាវដល់ព្រះនាមរបស់ព្រះយេហូវ៉ាចុះ នោះនឹងបានសង្គ្រោះ›។—រ៉ូម ១០:១០-១៣
២០. ដោយសារតែ‹ពេលវេលាកាន់តែខ្លីណាស់ហើយ› តើយើងត្រូវចាំយាមជានិច្ចយ៉ាងណា ហើយមានទីសង្ឃឹមអ្វីនាអនាគត?
២០ សាវ័កប៉ុលបានមានប្រសាសន៍ថា ‹ពេលវេលាកាន់តែខ្លីណាស់ហើយ›។ ដូច្នេះ នេះជាពេលវេលាដែលយើងត្រូវចាំយាមជានិច្ច ហើយរវល់ជាប់នឹងកិច្ចការរបស់ព្រះយេហូវ៉ា ក្នុងកាលដែលយើងអត់ទ្រាំនឹងសេចក្ដីទុក្ខលំបាកនិងសម្អប់ដែលដំណមនុស្សអាក្រក់នេះដាក់មកលើយើង។ (កូរិនថូសទី១ ៧:២៩; ម៉ាថាយ ១០:២២; ២៤:១៣, ១៤) ចូរឲ្យយើងចាំយាមជានិច្ច សង្កេតមើលគ្រប់សេចក្ដីទាំងអស់ដែលបានទាយមកក្នុងព្រះគម្ពីរ ដែលនឹងធ្លាក់មកលើ«មនុស្សដំណនេះ»។ (លូកា ២១:៣១-៣៣) ដោយជៀសវាងពីការទាំងនេះ ហើយដោយឈរឲ្យបានការយល់ព្រមពីព្រះ នៅពីមុខកូនមនុស្ស នោះយើងប្រហែលជាអាចទទួលរង្វាន់នៃជីវិតអស់កល្បជានិច្ចបាន។
[កំណត់សម្គាល់]
a បើចង់បានពត៌មានដ៏ល្អិតល្អន់អំពី«៧ខួប» សូមមើលសៀវភៅ “Let Your Kingdom Come” ទំព័រ ១២៧-៣៩, ១៨៦-៩ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
b សូមមើលសៀវភៅ Insight on the Scriptures ក្បាលទី១ ទំព័រ៩១៨ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។
c សូមមើលសៀវភៅ Our Incoming World Government—God’s Kingdom ទំព័រ ១៥២-៦ និង ១៨០-១ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិតប័ណ្ណនៃរដ្ឋញូវយ៉ក។ (ជាភាសាអង់គ្លេស)
ការសួរសាឡើងវិញ៖
◻ ដោយបានឃើញការសម្រេចទំនាយដានីយ៉ែល ៤:៣២ តើឥឡូវនេះ យើងត្រូវ«ចាំយាម»យ៉ាងណា?
◻ តើតាមរបៀបណាដែលព្រះគម្ពីរដំណឹងល្អម៉ាថាយ និង លូកា សម្គាល់«មនុស្សដំណនេះ»?
◻ កាលដែលយើងរង់ចាំ«ថ្ងៃនឹងពេលកំណត់» តើយើងត្រូវសង្កេតមើលអ្វី ហើយតើយើងត្រូវធ្វើយ៉ាងណា?
◻ តើសេចក្ដីសង្ឃឹមទៅលើ«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី»ដ៏សុចរិត លើកទឹកចិត្តយើងឲ្យធ្វើអ្វី?
[រូបភាពនៅទំព័រ១៥]
មនុស្សជាតិដែលរងទុក្ខវេទនានឹងបានការធូរស្បើយ នៅពេលដែលដំណមនុស្សដ៏ឃោរឃៅនិងអាក្រក់ជួជាតិនេះកន្លងបាត់ទៅ
[អ្នកផ្ដល់សិទ្ធិ]
Alexandra Boulat/Sipa Press
[អ្នកផ្ដល់សិទ្ធិ]
Left and below: Luc Delahaye/Sipa Press
[រូបភាពនៅទំព័រ១៦]
«ផ្ទៃមេឃថ្មី នឹងផែនដីថ្មី»ដ៏រុងរឿងនៅជិតខាងមុខនេះ គឺសំរាប់មនុស្សគ្រប់ពូជសាសន៍