ជីវិតត្រូវបានសង្គ្រោះពីសេចក្ដីវេទនាជាខ្លាំង
«អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។—វិវរណៈ ៧:១៤
១. តើពួកណានឹងទទួលស្វាគមន៍ពួកអ្នកដែលរស់ឡើងវិញនៅលើផែនដី?
នៅពេលដែលមនុស្សរាប់លាននាក់ទទួល‹ដំណើររស់ឡើងវិញនៃមនុស្សសុចរិតនិងមនុស្សទុច្ចរិត› ពួកគេនឹងមិនប្រោសឲ្យរស់ឡើងវិញនៅលើផែនដីដែលគ្មានអ្វីសោះនោះទេ។ (កិច្ចការ ២៤:១៥) ពួកគេនឹងរស់នៅក្នុងទីបរិយាការដ៏ស្រស់ស្អាតបាត ហើយនឹងឃើញមានការរៀបចំជាស្រេចសំរាប់ពួកគេ ដូចជាផ្ទះសម្បែង សំលៀកបំពាក់ និងម្ហូបអាហារជាបរិបូរ។ តើពួកណានឹងធ្វើការរៀបចំទាំងអស់នេះ? គឺច្បាស់ជាពួកមនុស្សដែលកំពុងតែរស់នៅក្នុងពិភពលោកថ្មី មុននឹងដំណើររស់ឡើងវិញនៅលើផែនដីបានចាប់ផ្ដើមហើយ។ តើគេជាពួកណា? ព្រះគម្ពីរបង្ហាញថា ពួកគេជាពួកអ្នករួចរស់ជីវិតផុតពីសេចក្ដីវេទនាជាខ្លាំងនៅខាងមុខនេះ។ ក្នុងសេចក្ដីបង្រៀនទាំងអស់នៃព្រះគម្ពីរ នេះច្បាស់ជាសេចក្ដីបង្រៀនមួយដែលជាទីចាប់អារម្មណ៍បំផុត—ដែលជនស្មោះត្រង់ខ្លះនឹងរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង ហើយនឹងមិនត្រូវស្លាប់ទៀតឡើយ។ សេចក្ដីសង្ឃឹមនេះត្រូវបានបង្ហាញឲ្យឃើញជាក់ស្តែងនៅក្នុងព្រះគម្ពីរបរិសុទ្ធ។
ដូចនៅសម័យលោកណូអេ
២, ៣. (ក) តើមានភាពដូចគ្នាណាខ្លះរវាងសម័យលោកណូអេនិងនៅសម័យយើងនេះ? (ខ) តើការរួចរស់ជីវិតនៃលោកណូអេនិងគ្រួសាររបស់លោកពីទឹកជំនន់ចង្អុលប្រាប់អ្វី?
២ នៅម៉ាថាយ ២៤:៣៧-៣៩ ព្រះយេស៊ូគ្រីស្ទបានប្រៀបធៀបសម័យលោកណូអេទៅនឹងថ្ងៃជាន់ក្រោយបង្អស់ ជាសម័យដែលយើងរស់នៅឥឡូវនេះ។ ទ្រង់បានមានបន្ទូលថា៖ «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្ដីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»។
៣ ទឹកជំនន់ពិភពលោកបានកំទេចចោលមនុស្សទាំងអស់ដែលមិនយកចិត្តទុកដាក់នឹងសារព្រមានរបស់ព្រះ។ ប៉ុន្តែ នេះមិនបានកំទេចលោកណូអេនិងគ្រួសាររបស់គាត់ទេ។ ពួកគេបាន«ចូលទៅក្នុងទូកធំ» ដូចជាព្រះយេស៊ូបានមានបន្ទូលមក។ ដោយសារតែពួកគេមានភក្ដីភាពចំពោះព្រះ ព្រះយេហូវ៉ាបានប្រទានឲ្យពួកគេនូវផ្លូវគេចចេញ។ ពេត្រុសទី២ ២:៥, ៩ សំដៅទៅការរួចរស់ជីវិតនៃលោកណូអេនិងគ្រួសាររបស់គាត់ ពេលដែលបានថ្លែងថា៖ «[ព្រះ]ទ្រង់ . . . បានជួយសង្គ្រោះលោកណូអេ ទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្ដីសុចរិត។ បើដូច្នេះឃើញថា ព្រះអម្ចាស់ទ្រង់ចេះប្រោសមនុស្សដែលគោរពប្រតិបត្ដិដល់ទ្រង់ ឲ្យរួចពីសេចក្ដីល្បួង»។ ព្រះយេស៊ូបានប្រៀបធៀបសម័យលោកណូអេទៅនឹងថ្ងៃជាន់ក្រោយបង្អស់ ដើម្បីបង្ហាញថាមនុស្សទូទៅនឹងមិនស្ដាប់តាមសារព្រមានរបស់ព្រះទេ។ យ៉ាងណាក៏ដោយ ទ្រង់បានធ្វើដូច្នេះ ដើម្បីបង្ហាញថា លោកណូអេនិងគ្រួសាររបស់លោកបានស្ដាប់បង្គាប់តាមព្រះយេហូវ៉ា បានចូលទៅក្នុងទូកធំ ហើយបានរួចរស់ជីវិតពីទឹកជំនន់ធំនោះ។ ការរួចរស់ជីវិតនៃលោកណូអេនិងគ្រួសាររបស់លោកចង្អុលទៅការរួចរស់ជីវិតនៃពួកអ្នកបំរើស្មោះត្រង់របស់ព្រះនៅទីបញ្ចប់នៃលោកីយ៍នេះ។
គំរូនៅសតវត្សទីមួយ
៤. ក្នុងការបំពេញតាមពាក្យបន្ទូលនៃព្រះយេស៊ូ តើព្រឹត្ដិការណ៍អ្វីដែលបាននាំទៅសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមក្នុងឆ្នាំ៧០ ស.យ.?
៤ ព្រះយេស៊ូក៏បានមានបន្ទូលអំពីព្រឹត្ដិការណ៍នានាដែលនឹងកើតឡើងនៅទីបញ្ចប់នៃលោកីយ៍នេះដែរ។ នៅម៉ាថាយ ២៤:២១, ២២ យើងអានថា៖ «នៅគ្រានោះ នឹងមានសេចក្ដីវេទនាជាខ្លាំងណាស់ ដល់ម្ល៉េះបានជាតាំងពីដើមកំណើតលោកីយ ដរាបមកដល់សព្វថ្ងៃនេះ មិនដែលមានយ៉ាងដូច្នោះឡើយ ហើយទៅមុខក៏មិនដែលមានដែរ។ បើមិនបានបន្ថយថ្ងៃទាំងនោះឲ្យខ្លីចុះ នោះគ្មានមនុស្សណានឹងបានសង្គ្រោះទេ ប៉ុន្តែថ្ងៃទាំងនោះនឹងត្រូវបន្ថយទៅ ដោយយល់ដល់ពួករើសតាំង»។ ពាក្យទាំងនេះបានទទួលការសម្រេចដំបូងរួចមកហើយនៅក្នុងសតវត្សទីមួយសករាជយើង។ នៅឆ្នាំ៦៦ ស.យ. នៅក្រោមបញ្ជាការនៃលោកសេស្ទីអើស ហ្គាឡឺស កងទ័ពទាហានរ៉ូមបានឡោមព័ទ្ធជុំវិញក្រុងយេរូសាឡិម។ កងទ័ពទាហានរ៉ូមបានទាំងជីកដីនៅក្រោមកំផែងនៃព្រះវិហារ ហើយប្រជាជនយូដាជាច្រើនបំរុងតែនឹងចុះចេញទៅហើយ។ ប៉ុន្តែ មិនដឹងជាមូលហេតុអ្វីសោះ លោកសេស្ទីអើស ហ្គាឡឺស ក៏បានដកទ័ពរបស់លោកចេញទៅ។ ដោយឃើញពួកទាហានរ៉ូមចេញទៅ ពួកជនគ្រីស្ទានបានធ្វើតាមពាក្យរបស់ព្រះយេស៊ូ ដែលទ្រង់បានមានបន្ទូលជាយូរឆ្នាំមកថា៖ «កាលណាឃើញពលទ័ពឡោមព័ទ្ធក្រុងយេរូសាឡិម នោះត្រូវឲ្យដឹងថា សេចក្ដីហិនវិនាសនៃក្រុងនោះជិតដល់ហើយ គ្រានោះ ត្រូវឲ្យអស់អ្នកនៅស្រុកយូដារត់ទៅឯភ្នំ ហើយពួកអ្នកនៅកណ្ដាលទីក្រុង ត្រូវរត់ចេញទៅឲ្យផុត ក៏កុំឲ្យពួកអ្នកដែលនៅស្រុកស្រែ ចូលទៅក្នុងទីក្រុងឡើយ»។ (លូកា ២១:២០, ២១) ពួកគ្រីស្ទានជាតិយូដា ជាពួកអ្នករើសតាំង ភ្លាមនោះបានបោះបង់ចោលក្រុងយេរូសាឡិម ហើយក៏បានរួចរស់ជីវិតពីសេចក្ដីហិនវិនាសដ៏អាក្រក់ដែលបានធ្លាក់មកលើក្រុងនោះក្រោយមក។ នៅឆ្នាំ៧០ ស.យ. នៅក្រោមបញ្ជាការនៃឧត្តមសេនីយថៃធើស កងទ័ពទាហានរ៉ូមបានត្រឡប់មកវិញ។ ពួកគេបានបោះជំរំនៅជុំវិញក្រុងយេរូសាឡិម ឡោមព័ទ្ធក្រុងនោះ ហើយក៏បានកំទេចចោលទៅ។
៥. តើក្នុងន័យយ៉ាងណា ដែលសេចក្ដីវេទនាលើក្រុងយេរូសាឡិមត្រូវបានកាត់ឲ្យខ្លីក្នុងឆ្នាំ៧០ ស.យ.?
៥ អ្នកប្រវត្ដិសាស្ត្រជាតិយូដាម្នាក់ឈ្មោះចូស៊ីហ្វឺស បានរៀបរាប់មកថា ប្រជាជនយូដា១.១០០.០០០នាក់ត្រូវបានស្លាប់ ហើយចំណែកឯ៩៧.០០០នាក់ដែលនៅរស់ក៏ត្រូវបានគេចាប់យកទៅឃុំឃាំង។ ពួកជាតិយូដានៅរស់ទាំងនោះ ដែលមិនមែនជាគ្រីស្ទាន គឺច្បាស់ជាមិនមែន«ពួករើសតាំង»នៅក្នុងទំនាយរបស់ព្រះយេស៊ូទេ។ ក្នុងការសំដៅទៅឯសាសន៍យូដាដែលបានបះបោរនោះ ព្រះយេស៊ូបានមានបន្ទូលថា៖ «មើល ផ្ទះឯងនឹងត្រូវចោលស្ងាត់ទុកឲ្យឯង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ពីនេះទៅមុខ អ្នករាល់គ្នានឹងលែងឃើញខ្ញុំទៀត ដរាបដល់កាលណាអ្នករាល់គ្នានិយាយថា ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ»។ (ម៉ាថាយ ២៣:៣៨, ៣៩) គ្មានឯកសារណាមួយបង្ហាញថា ពួកយូដាទាំងនោះដែលជាប់នៅក្នុងក្រុងយេរូសាឡិម នៅទីបំផុត បានទទួលយកព្រះយេស៊ូជាព្រះមេស្ស៊ី បានក្លាយជាជនគ្រីស្ទាន ហើយបានទទួលការអនុគ្រោះពីព្រះយេហូវ៉ាឡើយ។ ប៉ុន្តែ សេចក្ដីវេទនាដែលបានធ្លាក់មកលើក្រុងយេរូសាឡិមនៅឆ្នាំ៧០ ស.យ. ត្រូវបានកាត់ឲ្យខ្លី។ ការឡោមព័ទ្ធនៅលើកក្រោយបង្អស់ដោយកងទ័ពទាហានរ៉ូម ពុំបានមានរយៈពេលនៅយូរទេ។ នេះបណ្ដាលឲ្យជនជាតិយូដាខ្លះដែលរួចរស់ជីវិត ត្រូវបានបញ្ជូនឲ្យធ្វើជាខ្ញុំគេនៅកន្លែងផ្សេងៗក្នុងចក្រភពរ៉ូម។
ពួកអ្នករួចរស់ជីវិតមួយហ្វូងធំ
៦, ៧. (ក) តើទីក្រុងសាសនាដ៏ធំណាដែលនឹងត្រូវបំផ្លាញចោល ហើយក្នុងសេចក្ដីវេទនាដែលមិនអាចប្រៀបផ្ទឹមបានមួយណា? (ខ) តើលោកយ៉ូហានបានទាយយ៉ាងណាខ្លះអំពីសេចក្ដីវេទនាជាខ្លាំងដែលនឹងមកលើលោកីយ៍នៅខាងមុខនេះ?
៦ ថ្វីបើសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិមនៅឆ្នាំ៧០ ស.យ. ពិតជានាំឲ្យមាន«សេចក្ដីវេទនាជាខ្លាំង»ទៅលើទីក្រុងសាសនានោះក្ដី ការបំពេញដ៏ធំធេងនៃពាក្យបន្ទូលរបស់ព្រះយេស៊ូនេះ មិនទាន់បានសម្រេចទាំងអស់ទេ។ ទីក្រុងសាសនាដ៏ធំមួយ បាប៊ីឡូនដ៏ធំ ជាចក្រភពលោកនៃសាសនាមិនពិត នឹងពិសោធនូវសេចក្ដីវេទនាជាខ្លាំងដែលធ្វើឲ្យបាត់បង់ជីវិត ហើយភ្លាមនោះនឹងមានសេចក្ដីវេទនាដែលមិនអាចប្រៀបផ្ទឹមបាន ធ្លាក់មកលើសំណល់នៃរបបលោកីយ៍របស់សាតាំង។ (ម៉ាថាយ ២៤:២៩, ៣០; វិវរណៈ ១៨:២១) ២៦ឆ្នាំក្រោយពីសេចក្ដីហិនវិនាសនៃក្រុងយេរូសាឡិម សាវ័កយ៉ូហានបានសរសេរអំពីសេចក្ដីវេទនាទូទាំងពិភពលោកនេះនៅវិវរណៈ ៧:៩-១៤។ គាត់បានបង្ហាញថា មនុស្សមួយហ្វូងធំនឹងរួចរស់ជីវិតពីសេចក្ដីវេទនានោះ។
៧ ពួកអ្នករួចរស់ជីវិតទាំងនេះ ដែលហៅថា«ហ្វូងធំ» ត្រូវបានសម្គាល់ឃើញដោយសារការប្រព្រឹត្តដ៏ម៉ឺងម៉ាត់របស់គេ។ យោងទៅតាមវិវរណៈ ៧:១៤ អ្នកចាស់ទុំម្នាក់ពីចំណោម២៤នាក់បានមានប្រសាសន៍ប្រាប់យ៉ូហានថា៖ «អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»។ ត្រូវហើយ ពួកហ្វូងធំនេះទទួលអបអរសាទរព្រះយេហូវ៉ាជាប្រភពនៃការសង្គ្រោះរបស់គេ។ ពួកគេបានអនុវត្តជំនឿទៅលើការបង្ហូរឈាមរបស់ព្រះយេស៊ូ ហើយមានឋានៈសុចរិតនៅចំពោះព្រះជាអ្នកបង្កើតរបស់គេ និងស្តេចរើសតាំងរបស់ទ្រង់ ព្រះយេស៊ូគ្រីស្ទ។
៨. តើមានទំនាក់ទំនងដ៏ប្រសើរណារវាង«ហ្វូងធំ» និងពួកសំណល់នៃបងប្អូនចាក់ប្រេងតាំងរបស់ព្រះយេស៊ូ?
៨ នៅសព្វថ្ងៃនេះ ជិតប្រាំលាននាក់នៃពួកហ្វូងធំកំពុងតែរស់នៅក្រោមការដឹកនាំដ៏សកម្មនៃស្តេចសួគ៌ា ព្រះយេស៊ូគ្រីស្ទ។ ពួកគេចុះចូលនឹងព្រះគ្រីស្ទ ហើយចូលរួបរួមយ៉ាងជិតស្និទ្ធជាមួយបងប្អូនចាក់ប្រេងតាំងរបស់ទ្រង់ដែលនៅលើផែនដីនៅឡើយ។ ចំពោះប្រព្រឹត្ដិកម្មដែលពួកហ្វូងធំបានធ្វើដល់ពួកអ្នកចាក់ប្រេងតាំងទាំងនេះ ព្រះយេស៊ូបានមានបន្ទូលថា៖ «យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ»។ (ម៉ាថាយ ២៥:៤០) ដោយព្រោះតែពួកគេមានចិត្តសប្បុរសជួយដល់បងប្អូនចាក់ប្រេងតាំងរបស់ព្រះគ្រីស្ទ ពួកអ្នកហ្វូងធំនោះត្រូវបានជំនុំជំរះឃើញថាបានធ្វើការល្អៗដល់ព្រះយេស៊ូដែរ។ ការនេះបានជួយពួកគេឲ្យមានទំនាក់ទំនងដ៏ប្រាកដជាមួយព្រះយេស៊ូគ្រីស្ទនិងព្រះយេហូវ៉ា។ ជាឯកសិទ្ធិដ៏ប្រសើរដែលពួកគេបានចូលរួមជាមួយពួកសំណល់ចាក់ប្រេងតាំង ក្នុងឋានៈជាស្មរបន្ទាល់នៃព្រះ និងជាអ្នកកាន់តាមព្រះនាមរបស់ទ្រង់។—អេសាយ ៤៣:១០, ១១; យ៉ូអែល ២:៣១, ៣២
ការភ្ញាក់រឭកជានិច្ច
៩, ១០. (ក) តើយើងត្រូវធ្វើយ៉ាងណា ដើម្បីរក្សាឋានៈសុចរិតរបស់យើងនៅពីមុខកូនមនុស្ស? (ខ) តើយើងត្រូវធ្វើយ៉ាងណា ដើម្បី«ចាំយាម»ជានិច្ច?
៩ ពួកហ្វូងធំត្រូវតែរក្សាឋានៈសុចរិតរបស់គេជានិច្ចនៅពីមុខកូនមនុស្ស ដែលតម្រូវឲ្យពួកគេប្រយ័ត្នប្រយែងរហូតដល់ទីបញ្ចប់។ ព្រះយេស៊ូបានមានបន្ទូលយ៉ាងច្បាស់ថា៖ «ចូរអ្នករាល់គ្នាប្រយ័តខ្លួន ក្រែងចិត្តអ្នករាល់គ្នាកំពុងតែផ្ទុកនូវសេចក្ដីវក់នឹងស៊ីផឹក ហើយនឹងសេចក្ដីខ្វល់ខ្វាយនៅជីវិត នោះលោតែថ្ងៃនោះមកដល់អ្នករាល់គ្នាភ្លាម ដ្បិតថ្ងៃនោះនឹងមកដូចជាលប់ គ្របលើអស់ទាំងមនុស្សដែលនៅគ្រប់លើផែនដី ដូច្នេះ ចូរចាំយាមចុះ ហើយអធិស្ឋានជានិច្ច ដើម្បីឲ្យបានរាប់ជាគួរនឹងរួចពីការទាំងនេះដែលត្រូវមក ហើយឲ្យបានឈរនៅមុខកូនមនុស្សផង»។—លូកា ២១:៣៤-៣៦
១០ ដើម្បីឲ្យបានឈរនៅពីមុខកូនមនុស្ស យើងត្រូវតែមានការយល់ព្រមពីទ្រង់ ហើយយើងមុខជាមិនមានការយល់ព្រមនេះទេ បើសិនជាយើងបណ្ដោយខ្លួនយើងតាមគំនិតនៃលោកីយ៍នេះ។ គំនិតរបស់លោកីយ៍នេះជាគ្រឿងទាក់ចិត្ត ហើយអាចនាំបុគ្គលម្នាក់ឲ្យផ្ដេកផ្ដួលហួសហេតុទៅលើការកំសាន្តខាងសាច់ឈាម ឬបារម្ភខ្លាំងពេកនឹងបញ្ហានៃជីវភាពរស់នៅ ដែលបុគ្គលនោះលែងចាត់ទុកព្រះរាជាណាចក្រជាទីមួយក្នុងជីវិតរបស់គាត់។ (ម៉ាថាយ ៦:៣៣) នេះអាចធ្វើឲ្យបុគ្គលម្នាក់ខ្សោយខាងវិញ្ញាណ ហើយអាចធ្វើឲ្យគាត់មិនអើពើនឹងភារកិច្ចរបស់ខ្លួនចំពោះព្រះនិងអ្នកដទៃ។ គាត់អាចទៅជាអសកម្ម ឬធ្វើឲ្យខូចដល់ឋានៈរបស់គាត់នៅក្នុងក្រុមជំនុំដោយប្រព្រឹត្តបាបដ៏ធ្ងន់ធ្ងរ ហើយថែមទាំងអាចសម្ដែងអាកប្បកិរិយាដែលមិនប្រែចិត្តទៀត។ បុគ្គលម្នាក់ៗនៅក្នុងហ្វូងធំត្រូវតែយកចិត្តទុកដាក់នឹងខ្លួនគាត់។ គាត់ត្រូវតែញែកខ្លួនចេញជានិច្ចពីលោកីយ៍ដែលមិនខ្លាចព្រះនេះនិងទំលាប់របស់វា។—យ៉ូហាន ១៧:១៦
១១. ការអនុវត្តតាមគោលការណ៍នៃបទគម្ពីរមួយណា នឹងជួយយើងឲ្យរួចរស់ជីវិតពីអើម៉ាគេដូន?
១១ ដើម្បីជួយយើងក្នុងការនេះ ព្រះយេហូវ៉ាបានប្រទានអ្វីៗដែលយើងត្រូវការ តាមរយៈពាក្យបន្ទូល ព្រះវិញ្ញាណបរិសុទ្ធ និងអង្គការដ៏មើលឃើញរបស់ទ្រង់។ យើងត្រូវតែឆ្លៀតយកប្រយោជន៍ពីការនេះឲ្យបានពេញលេញ។ ម្យ៉ាងទៀត យើងត្រូវតែអធិស្ឋាននិងគោរពតាមព្រះ បើសិនជាយើងចង់បានការអនុគ្រោះពីទ្រង់។ អ្វីមួយដែលយើងត្រូវធ្វើនោះ គឺយើងត្រូវតែបង្កបង្កើតឲ្យមានការស្អប់ជាខ្លាំងដល់អ្វីៗដែលអាក្រក់។ អ្នកតែងបទទំនុកដំកើងបានមានប្រសាសន៍ថា៖ «ទូលបង្គំមិនបានអង្គុយរួមជាមួយនឹងមនុស្សភូតភរឡើយ ក៏មិនបានសមាគមជាមួយនឹងមនុស្សមានពុតដែរ។ ទូលបង្គំស្អប់ចំពោះជំនុំនៃពួកមនុស្សដែលប្រព្រឹត្តអាក្រក់ ក៏មិនព្រមអង្គុយជាមួយនឹងពួកមានចិត្តអាក្រក់ឡើយ។ សូមកុំដកព្រលឹងទូលបង្គំចេញ ជាមួយនឹងពួកមានបាប ឬជីវិតទូលបង្គំ ជាមួយនឹងមនុស្សដែលកំចាយឈាម»។ (ទំនុកដំកើង ២៦:៤, ៥, ៩) នៅក្នុងក្រុមជំនុំគ្រីស្ទាន មនុស្សធំនិងតូចៗទាំងអស់ត្រូវតែដាក់កំរិតដល់ការចូលរួមជាមួយអ្នកដែលមិនទាន់ថ្វាយខ្លួនទៅព្រះយេហូវ៉ានៅឡើយ។ ដើម្បីឲ្យបានការអនុគ្រោះពីព្រះ យើងត្រូវតែខំព្យាយាមឲ្យបានឥតសៅហ្មង ហើយដោយមិនប្រឡាក់ពីលោកីយ៍នេះ។ (ទំនុកដំកើង ២៦:១-៥; យ៉ាកុប ១:២៧; ៤:៤) ដូច្នេះ យើងនឹងដឹងជាប្រាកដថា នៅអើម៉ាគេដូន ព្រះយេហូវ៉ានឹងមិនកំទេចយើងចោលជាមួយនឹងមនុស្សឥតកោតខ្លាចព្រះឡើយ។
មនុស្សខ្លះនឹង«មិនត្រូវស្លាប់ឡើយ»
១២, ១៣. (ក) មុននឹងប្រោសលោកឡាសារឲ្យរស់ឡើងវិញ តើព្រះយេស៊ូបានមានបន្ទូលអ្វីខ្លះ ដែលនាងម៉ាថាមិនបានយល់ទាំងអស់នោះ? (ខ) តើព្រះយេស៊ូមិនបានមានន័យអ្វី កាលដែលទ្រង់បានមានបន្ទូលថាមនុស្សខ្លះ‹នឹងមិនត្រូវស្លាប់ឡើយ›នោះ?
១២ ជាការរំភើបចិត្តណាស់ក្នុងការគិតអំពីការរួចរស់ជីវិតពីទីបញ្ចប់នៃរបបលោកីយ៍នេះ ហើយអំពីលទ្ធភាពនៃការមិនត្រូវស្លាប់នោះ។ នេះហើយជាសេចក្ដីសង្ឃឹមដែលព្រះយេស៊ូប្រទានឲ្យយើង។ មុននឹងប្រោសឡាសារ ជាមិត្តសំឡាញ់របស់ទ្រង់ ឲ្យរស់ឡើងវិញ ព្រះយេស៊ូបានមានបន្ទូលប្រាប់បងស្រីរបស់ឡាសារថា៖ «ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ។ ឯអ្នកណាដែលរស់នៅ ហើយជឿដល់ខ្ញុំ នោះមិនត្រូវស្លាប់ឡើយ នាងជឿសេចក្ដីនេះឬទេ»? នាងម៉ាថាជឿទៅលើដំណើររស់ឡើងវិញ ប៉ុន្តែនាងមិនបានយល់ទាំងអស់អំពីអ្វីៗដែលព្រះយេស៊ូបានមានបន្ទូលមកទេ។—យ៉ូហាន ១១:២៥, ២៦
១៣ ព្រះយេស៊ូមិនមែនមានសេចក្ដីថា ពួកសាវ័កស្មោះត្រង់របស់ទ្រង់នឹងបន្តរស់នៅក្នុងសាច់ឈាមហើយនឹងមិនត្រូវស្លាប់នោះទេ។ ផ្ទុយទៅវិញ នៅគ្រាក្រោយមក ទ្រង់បានបង្ហាញថាពួកសិស្សរបស់ទ្រង់នឹងត្រូវស្លាប់។ (យ៉ូហាន ២១:១៦-២៣) ពិតមែនហើយ ការចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធនៅបុណ្យភិន្ដាកុស ឆ្នាំ៣៣ ស.យ. បានមានន័យថា ពួកគេនឹងត្រូវស្លាប់ ដើម្បីឲ្យអាចទទួលមរតកសួគ៌ារបស់គេជាស្តេចនិងជាសង្ឃនោះ។ (វិវរណៈ ២០:៤, ៦) ដូច្នេះ ជាច្រើនឆ្នាំកន្លងមក ពួកគ្រីស្ទានសម័យសតវត្សទីមួយក៏បានស្លាប់អស់ទៅ។ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានមានបន្ទូលនេះដោយមានគោលបំណងអ្វីមួយ។ ពាក្យបន្ទូលរបស់ទ្រង់អំពីការរស់នៅដោយមិនចេះស្លាប់នឹងបានសម្រេចជាមិនខាន។
១៤, ១៥. (ក) តើតាមរបៀបណាទើបពាក្យបន្ទូលរបស់ព្រះយេស៊ូដែលថាមនុស្សខ្លះ‹នឹងមិនត្រូវស្លាប់ឡើយ›បានសម្រេច? (ខ) តើស្ថានការណ៍នៃលោកីយ៍នេះយ៉ាងណាហើយ ប៉ុន្តែតើមនុស្សសុចរិតមានសេចក្ដីសង្ឃឹមអ្វី?
១៤ ដ្បិតចំពោះចំណុចមួយ ពួកជនគ្រីស្ទានចាក់ប្រេងតាំងស្មោះត្រង់នឹងមិនពិសោធសេចក្ដីស្លាប់អស់កល្បជានិច្ចឡើយ។ (វិវរណៈ ២០:៦) ហើយពាក្យបន្ទូលរបស់ព្រះយេស៊ូចង្អុលទៅគ្រាកំណត់មួយដែរ នៅពេលដែលព្រះនឹងធ្វើអន្តរាគមន៍ដល់កិច្ចការមនុស្ស ហើយទ្រង់នឹងកំចាត់ចោលអំពើអាក្រក់ជួជាតិទាំងអស់ចេញពីផែនដី ដូចជាទ្រង់បានធ្វើមកនៅសម័យលោកណូអេដែរ។ ពួកអ្នកស្មោះត្រង់ដែលកំពុងតែធ្វើតាមព្រះហឫទ័យរបស់ព្រះនៅគ្រានោះ នឹងមិនត្រូវស្លាប់ដោយកិច្ចជំនុំជំរះរបស់ព្រះឡើយ។ ផ្ទុយទៅវិញ ដូចលោកណូអេនិងគ្រួសាររបស់លោកដែរ ពួកគេនឹងមានឱកាសរួចរស់ជីវិតពីសេចក្ដីហិនវិនាសនៃលោកីយ៍នេះ។ សេចក្ដីសង្ឃឹមនេះគឺប្រាកដប្រជា ដោយមានមូលដ្ឋានលើសេចក្ដីបង្រៀននៃព្រះគម្ពីរ ហើយដោយមានគំរូជាច្រើនដែលបានបង្ហាញឲ្យឃើញជាក់ស្តែង។ (ប្រៀបធៀប ហេព្រើរ ៦:១៩; ពេត្រុសទី២ ២:៤-៩) ការបំពេញទំនាយនៃព្រះគម្ពីរបង្ហាញថា បន្ដិចទៀត លោកីយ៍នៅបច្ចុប្បន្ននេះដែលមានសង្គមមនុស្សទុច្ចរិត នឹងទៅដល់ទីបញ្ចប់ក្នុងសេចក្ដីហិនវិនាស។ ស្ថានការណ៍នៅបច្ចុប្បន្នកាលនេះ មិនអាចត្រឡប់បែរក្រោយវិញបានឡើយ ដ្បិតលោកីយ៍នេះអាក្រក់ជួជាតិហួសនឹងកែទៅហើយ។ អ្វីៗដែលព្រះបានមានបន្ទូលអំពីលោកីយ៍នៅសម័យលោកណូអេ ក៏ជាការពិតដល់លោកីយ៍នៅសម័យនេះដែរ។ ចិត្តរបស់មនុស្សជាច្រើនគឺពោរពេញទៅដោយសេចក្ដីអាក្រក់ជួជាតិ ហើយគំនិតរបស់គេគឺសុទ្ធតែអាក្រក់ជានិច្ច។—លោកុប្បត្តិ ៦:៥
១៥ ព្រះយេហូវ៉ាបានបណ្ដោយឲ្យមនុស្សគ្រប់គ្រងលើផែនដីជាច្រើនសតវត្សមកហើយ ដោយគ្មានការធ្វើអន្តរាគមន៍ឡើយ ប៉ុន្តែពេលវេលារបស់គេជិតអស់ហើយ។ មិនយូរប៉ុន្មានទៀត ព្រះយេហូវ៉ានឹងកំទេចមនុស្សអាក្រក់ទាំងអស់ចេញពីផែនដី ដូចព្រះគម្ពីរបានចែងមក។ (ទំនុកដំកើង ១៤៥:២០; សុភាសិត ២:២១, ២២) ក៏ប៉ុន្តែ ទ្រង់នឹងមិនបំផ្លាញមនុស្សសុចរិតទេ។ ព្រះមិនដែលធ្វើដូច្នេះឡើយ! (ប្រៀបធៀប លោកុប្បត្តិ ១៨:២២, ២៣, ២៦) ហេតុអ្វីក៏ព្រះនឹងបំផ្លាញពួកអ្នកដែលខំព្យាយាមបំរើទ្រង់យ៉ាងស្មោះត្រង់និងកោតខ្លាចដល់ទ្រង់ដូច្នេះ? ជាការសមហេតុសមផលដែលពួកអ្នកថ្វាយបង្គំដ៏ស្មោះត្រង់នៃព្រះយេហូវ៉ា ដែលកំពុងតែរស់នៅក្នុងកាលដែលសេចក្ដីវេទនាជាខ្លាំងចាប់ផ្ដើម នឹងមានការអនុគ្រោះពីព្រះ ហើយទ្រង់នឹងមិនបំផ្លាញពួកគេឡើយ ដូចជាទ្រង់មិនបានបំផ្លាញលោកណូអេនិងគ្រួសាររបស់លោកដែរ នៅពេលដែលលោកីយ៍ដ៏អាក្រក់នៅសម័យរបស់លោកបានជួបមហាវិនាសនោះ។ (លោកុប្បត្តិ ៧:២៣) ព្រះនឹងការពារពួកគេឲ្យរួចរស់ជីវិតពីទីបញ្ចប់នៃលោកីយ៍នេះ។
១៦. តើនឹងមានការអស្ចារ្យណាខ្លះនៅក្នុងពិភពលោកថ្មី ហើយនេះមានន័យយ៉ាងណាចំពោះពួកអ្នករួចរស់ជីវិតនោះ?
១៦ បន្ទាប់មក តើនឹងមានអ្វីកើតឡើងទៀត? នៅក្នុងពិភពលោកថ្មី ប្រសិទ្ធិពរនៃការប្រោសឲ្យជានឹងហូរមកដល់មនុស្សលោក កាលដែលប្រយោជន៍នៃយញ្ញបូជាលោះរបស់ព្រះយេស៊ូបានអនុវត្តយ៉ាងពេញលេញ។ ព្រះគម្ពីរបានចែងអំពីទន្លេនិមិត្តរូបមួយ គឺជា«ទន្លេទឹកជីវិត ថ្លាដូចជាកែវចរណៃ ដែលហូរចេញពីបល្ល័ង្កនៃព្រះ នឹងកូនចៀម។ ឯនៅកណ្ដាលផ្លូវក្រុងនោះ ហើយនៅមាត់ទន្លេទាំងសងខាង នោះមានដើមជីវិត ដែលបង្កើតផ្លែ១២ដង គឺ១ខែម្ដងៗ ហើយស្លឹកឈើនោះ ក៏សំរាប់នឹងមើលអស់ទាំងសាសន៍ឲ្យជា»។ (វិវរណៈ ២២:១, ២) អស្ចារ្យណាស់ ក្នុងការនិយាយថាការ«មើល . . . ឲ្យជា»នោះ រាប់បញ្ចូលទាំងការមានជ័យជំនះលើសេចក្ដីស្លាប់របស់អ័ដាមដែរ! «ទ្រង់នឹងបំផ្លាញសេចក្ដីស្លាប់ឲ្យសូន្យបាត់ទៅជាដរាប។ នោះព្រះអម្ចាស់យេហូវ៉ា ទ្រង់នឹងជូតទឹកភ្នែកពីមុខមនុស្សទាំងអស់»។ (អេសាយ ២៥:៨) ដូច្នេះហើយ ពួកអ្នកទាំងនោះដែលរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង ដែលចូលទៅក្នុងពិភពលោកថ្មី នឹងមិនត្រូវជួបសេចក្ដីស្លាប់ទៀតឡើយ!
សេចក្ដីសង្ឃឹមដ៏ជាក់លាក់
១៧. តើសេចក្ដីសង្ឃឹមមានការជាក់លាក់យ៉ាងណា ដែលថាមនុស្សខ្លះនឹងរួចរស់ជីវិតពីអើម៉ាគេដូន ហើយនឹង«មិនត្រូវស្លាប់ឡើយ»នោះ?
១៧ តើយើងអាចទុកចិត្តទាំងស្រុងទៅលើសេចក្ដីសង្ឃឹមដ៏អស្ចារ្យនេះបានទេ? ពិតជាបានមែន! ព្រះយេស៊ូបានបង្ហាញទៅនាងម៉ាថាថា នឹងមានគ្រាមកដល់ដែលមនុស្សនឹងរស់នៅដោយមិនត្រូវស្លាប់ឡើយ។ (យ៉ូហាន ១១:២៦) ម្យ៉ាងវិញទៀត ក្នុងវិវរណៈ ជំពូក៧ដែលព្រះយេស៊ូបានផ្ដល់ឲ្យទៅលោកយ៉ូហាន បង្ហាញថា ពួកហ្វូងធំចេញមកពីសេចក្ដីវេទនាជាខ្លាំង គឺបានរួចរស់ជីវិត។ តើយើងអាចជឿព្រះយេស៊ូគ្រីស្ទនិងប្រវត្ដិរឿងអំពីទឹកជំនន់នៅសម័យលោកណូអេទេ? គឺគ្មានការសង្ស័យសោះឡើយ! បន្ថែមទៀត ព្រះគម្ពីរមានរឿងជាច្រើនទៀត ដែលបង្ហាញអំពីព្រះបានសង្គ្រោះពួកអ្នកបំរើរបស់ទ្រង់ នៅពេលដែលជួបគ្រាជំនុំជំរះនិងការរលំនៃសាសន៍។ តើទ្រង់នឹងមិនធ្វើដូច្នេះដែរ នៅគ្រាចុងបញ្ចប់នេះទេឬអ្វី? តើមានអ្វីដែលព្រះមិនអាចធ្វើទៅបានទេ?—ប្រៀបធៀប ម៉ាថាយ ១៩:២៦
១៨. តើតាមរបៀបណាដែលយើងមានការធានារ៉ាប់រងចំពោះជីវិតនៅក្នុងពិភពលោកថ្មីដ៏សុចរិតនៃព្រះយេហូវ៉ា?
១៨ ដោយបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់នៅពេលឥឡូវនេះ យើងនឹងមានការធានារ៉ាប់រងចំពោះជីវិតអស់កល្បជានិច្ចនៅក្នុងពិភពលោកថ្មី។ ចំពោះមនុស្សរាប់លាននាក់ដែលគ្មានអ្នកណាមិនដឹងនោះ ជីវិតនៅក្នុងពិភពលោកថ្មីនឹងកើតមានឡើងតាមរយៈដំណើររស់ឡើងវិញ។ ប៉ុន្តែ នៅសម័យយើងនេះ ប្រជារាស្ត្ររាប់លាននាក់នៃព្រះយេហូវ៉ា—ត្រូវហើយ គឺមនុស្សមួយហ្វូងធំដែលគ្មានអ្នកណាអាចរាប់បាន—នឹងមានឯកសិទ្ធិនៃការរួចរស់ជីវិតពីសេចក្ដីវេទនាជាខ្លាំង។ ហើយពួកគេនឹងមិនត្រូវស្លាប់ឡើយ។
សូមពន្យល់
◻ តើតាមរបៀបណាដែលការរួចរស់ជីវិតពីអើម៉ាគេដូន ត្រូវបានជាប្រផ្នូលនៅសម័យលោកណូអេនោះ?
◻ តើយើងត្រូវធ្វើយ៉ាងណា ដើម្បីឲ្យនៅឈរ នៅពេលដែលព្រះយេស៊ូយាងមកធ្វើការជំនុំជំរះនៃព្រះយេហូវ៉ា?
◻ ហេតុអ្វីបានជាយើងអាចនិយាយថា ពួកអ្នករួចរស់ជីវិតពីអើម៉ាគេដូននឹង«មិនត្រូវស្លាប់ឡើយ»នោះ?
[រូបភាពនៅទំព័រ២៤]
ពួកជនគ្រីស្ទានបានភៀសខ្លួនចេញពីសេចក្ដីវេទនានៃក្រុងយេរូសាឡិម