អត្ថបទសិក្សា ៤
«សកម្មពលរបស់ព្រះធ្វើជាសាក្សី»
«សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើងថា យើងជាកូនព្រះ»។—រ៉ូម ៨:១៦
ចម្រៀងលេខ២៥ ទ្រព្យពិសេសរបស់ព្រះ
សេចក្ដីសង្ខេបa
១-២. តើព្រឹត្ដិការណ៍ដ៏អស្ចារ្យអ្វីបានកើតឡើងនៅបុណ្យថ្ងៃទី៥០ ឆ្នាំ ៣៣ គ.ស.?
គឺជាព្រឹកថ្ងៃអាទិត្យនៅក្រុងយេរូសាឡិម។ ថ្ងៃនោះគឺជាបុណ្យថ្ងៃទី៥០ ឆ្នាំ ៣៣ គ.ស.។ អ្នកកាន់តាមលោកយេស៊ូប្រហែលជា១២០នាក់បានជួបជុំគ្នានៅបន្ទប់ខាងលើក្នុងផ្ទះមួយ។ (សកម្ម. ១:១៣-១៥; ២:១) នៅប៉ុន្មានថ្ងៃមុននោះ លោកយេស៊ូបានបង្គាប់ពួកគេឲ្យបន្តនៅក្រុងយេរូសាឡិម ដោយសារពួកគេត្រូវទទួលអំណោយដ៏ពិសេសមួយ។ (សកម្ម. ១:៤, ៥) តើអ្វីកើតឡើងនៅពេលបន្ទាប់មក?
២ នៅពេលនោះ «ស្រាប់តែមានសូរសំឡេងពីលើមេឃ ដូចសន្ធឹកខ្យល់បក់យ៉ាងខ្លាំង»។ សំឡេងនោះអាចឮពេញផ្ទះ។ បន្ទាប់មក «អ្វីដែលមើលទៅដូចជាអណ្ដាតភ្លើងជាច្រើន»បានលេចមកសណ្ឋិតលើក្បាលរបស់ពួកអ្នកកាន់តាម រួចពួកគេគ្រប់គ្នាបាន«ពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ»។ (សកម្ម. ២:២-៤) តាមរបៀបដ៏អស្ចារ្យនេះ ព្រះយេហូវ៉ាបានចាក់សកម្មពលបរិសុទ្ធរបស់លោកទៅលើពួកអ្នកកាន់តាមមួយក្រុមនោះ។ (សកម្ម. ១:៨) ពួកគេជាបុគ្គលដំបូងដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធb ហើយដែលបានទទួលសេចក្ដីសង្ឃឹមឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។
តើអ្វីកើតឡើងពេលបុគ្គលណាម្នាក់បានត្រូវរើសតាំង?
៣. ហេតុអ្វីពួកអ្នកដែលនៅបុណ្យថ្ងៃទី៥០ ឆ្នាំ ៣៣ គ.ស. បានជឿជាក់ថាពួកគេបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ?
៣ បើអ្នកនៅក្នុងចំណោមពួកអ្នកកាន់តាមដែលបានជួបជុំគ្នានៅបន្ទប់ខាងលើនាថ្ងៃនោះ អ្នកនឹងចាំមិនភ្លេចអំពីព្រឹត្ដិការណ៍នោះ។ អ្វីមួយដែលមើលទៅដូចជាអណ្ដាតភ្លើងបានលេចឡើងនៅលើក្បាលរបស់អ្នក ហើយអ្នកបានចាប់ផ្ដើមនិយាយភាសាផ្សេងៗ! (សកម្ម. ២:៥-១២) អ្នកដឹងប្រាកដក្នុងចិត្តថាអ្នកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ ប៉ុន្តែ តើអស់អ្នកដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធនៅពេលក្រោយមកទទួលការរើសតាំងតាមរបៀបដូចៗគ្នាឬទេ? មិនមែនទេ។ ហេតុអ្វីយើងដឹង? ម្យ៉ាងទៀត តើពួកគេបានត្រូវរើសតាំងនៅពេលណា?
៤. តើពួកអ្នកដែលបានត្រូវរើសតាំងនៅសតវត្សរ៍ទី១ បានត្រូវរើសតាំងនៅពេលណាខ្លះ?
៤ សូមយើងពិចារណាអំពីពេលដែលបុគ្គលម្នាក់អាចត្រូវរើសតាំង។ នៅបុណ្យថ្ងៃទី៥០ ឆ្នាំ ៣៣ គ.ស. មិនមានតែគ្រិស្តសាសនិកប្រហែលជា១២០នាក់ប៉ុណ្ណោះទេ ដែលបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ បន្ទាប់មកនៅថ្ងៃដដែលនោះ មានអ្នកឯទៀតប្រហែលជា៣.០០០នាក់ក៏បានទទួលសកម្មពលបរិសុទ្ធដែរ។ ពួកគេបានត្រូវរើសតាំងពេលដែលពួកគេបានទទួលការជ្រមុជទឹក។ (សកម្ម. ២:៣៧, ៣៨, ៤១) ប៉ុន្តែក្នុងប៉ុន្មានឆ្នាំក្រោយមក មិនមែនគ្រិស្តសាសនិកទាំងអស់បានត្រូវរើសតាំងនៅពេលដែលពួកគេបានទទួលការជ្រមុជទឹកនោះទេ។ ជនជាតិសាម៉ារីបានត្រូវរើសតាំងមួយរយៈពេលក្រោយពីពួកគេទទួលការជ្រមុជទឹក។ (សកម្ម. ៨:១៤-១៧) ម្យ៉ាងទៀត ក្នុងករណីខុសពីធម្មតា កូនេលាសនិងពួកអ្នកផ្ទះរបស់គាត់បានត្រូវរើសតាំងមុនពួកគេបានទទួលការជ្រមុជទឹក។—សកម្ម. ១០:៤៤-៤៨
៥. យោងទៅតាមកូរិនថូសទី២ ១:២១, ២២ តើអ្វីកើតឡើងពេលបុគ្គលណាម្នាក់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ?
៥ សូមយើងពិចារណាផងដែរ អំពីអ្វីដែលកើតឡើងពេលបុគ្គលម្នាក់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ។ ដំបូង អ្នកខ្លះដែលបានត្រូវរើសតាំង ប្រហែលជាពិបាកទទួលស្គាល់ថាព្រះយេហូវ៉ាបានជ្រើសរើសពួកគេ។ ពួកគេប្រហែលជាឆ្ងល់ថា ‹ហេតុអ្វីព្រះជ្រើសរើសខ្ញុំ?›។ រីឯអ្នកខ្លះទៀតប្រហែលជាមិនមានអារម្មណ៍បែបនេះទេ។ ទោះជាយ៉ាងណាក៏ដោយ សាវ័កប៉ូលបានពន្យល់អំពីអ្វីដែលកើតឡើងចំពោះអស់អ្នកដែលព្រះបានរើសតាំង ដោយថា៖ «ក្រោយពីអ្នករាល់គ្នាបានជឿហើយ នោះតាមរយៈលោកដែរ ព្រះបានបិទត្រាមួយcលើអ្នករាល់គ្នា ពោលគឺសកម្មពលបរិសុទ្ធដែលលោកបានសន្យាឲ្យ ហើយនោះជាការបញ្ចាំចិត្តដែលបញ្ជាក់មត៌ករបស់យើង»។ (អេភ. ១:១៣, ១៤) ដូច្នេះ ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោក ដើម្បីធ្វើឲ្យគ្រិស្តសាសនិកទាំងនេះដឹងប្រាកដថាលោកបានជ្រើសរើសពួកគេ។ យ៉ាងនេះ សកម្មពលបរិសុទ្ធគឺជា«ការបញ្ចាំចិត្ត»ឬការធានាដែលធ្វើឲ្យពួកគេមានទំនុកចិត្តថា នៅថ្ងៃអនាគតពួកគេនឹងរស់នៅជារៀងរហូតនៅស្ថានសួគ៌ មិនមែនផែនដីឡើយ។—សូមអាន កូរិនថូសទី២ ១:២១, ២២
៦. តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងត្រូវធ្វើអ្វីដើម្បីទទួលរង្វាន់របស់គាត់ឲ្យឡើងទៅស្ថានសួគ៌?
៦ បើគ្រិស្តសាសនិកម្នាក់បានត្រូវរើសតាំង តើគាត់នឹងទទួលរង្វាន់របស់គាត់ឲ្យឡើងទៅស្ថានសួគ៌ដោយស្វ័យប្រវត្ដិឬទេ? មិនមែនទេ។ គាត់ដឹងប្រាកដថាគាត់បានត្រូវជ្រើសរើសឲ្យឡើងទៅស្ថានសួគ៌។ ប៉ុន្តែ គាត់ត្រូវចងចាំអំពីការដាស់តឿននេះ ដែលថា៖ «បងប្អូនអើយ ចូរព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើឲ្យប្រាកដថា អ្នករាល់គ្នាស្មោះត្រង់ជានិច្ច ដើម្បីរក្សាខ្លួនឲ្យនៅក្នុងចំណោមពួកអ្នកដែលព្រះបានហៅនិងជ្រើសរើស ពីព្រោះប្រសិនបើអ្នករាល់គ្នាធ្វើការទាំងនេះជានិច្ច នោះអ្នករាល់គ្នានឹងមិនដួលឡើយ»។ (២ពេ. ១:១០) ម្ល៉ោះហើយ ទោះជាគ្រិស្តសាសនិកណាម្នាក់ដែលព្រះបានរើសតាំងបានត្រូវជ្រើសរើស ឬហៅឲ្យឡើងទៅស្ថានសួគ៌ក្ដី គាត់នឹងទទួលរង្វាន់របស់គាត់លុះត្រាតែគាត់រក្សាភាពស្មោះត្រង់។—ភី. ៣:១២-១៤; ហេ. ៣:១; បប. ២:១០
តើបុគ្គលម្នាក់ដឹងយ៉ាងដូចម្ដេចថាគាត់បានត្រូវរើសតាំង?
៧. តើពួកអ្នកដែលបានត្រូវរើសតាំងដឹងយ៉ាងដូចម្ដេចថាពួកគេបានត្រូវអញ្ជើញឲ្យឡើងទៅស្ថានសួគ៌?
៧ ប៉ុន្តែ តើបុគ្គលម្នាក់ដឹងយ៉ាងដូចម្ដេចថាគាត់បានត្រូវអញ្ជើញឲ្យឡើងទៅស្ថានសួគ៌? យើងអាចឃើញចម្លើយតាមរយៈពាក្យរបស់ប៉ូលទៅកាន់បងប្អូននៅក្រុងរ៉ូម ដែល«បានត្រូវហៅមក ដើម្បីឲ្យទៅជាអ្នកបរិសុទ្ធ»។ គាត់បានប្រាប់ពួកគេថា៖ «សកម្មពលរបស់ព្រះមិនធ្វើឲ្យយើងទៅជាខ្ញុំបម្រើនិងនាំឲ្យភ័យខ្លាចម្ដងទៀតទេ តែដោយសកម្មពលនោះ យើងបានត្រូវទទួលជាកូន ហើយសកម្មពលនោះជំរុញឲ្យយើងស្រែកឡើងថា៖ ‹អប្បា! បិតាអើយ!›។ សកម្មពលរបស់ព្រះធ្វើជាសាក្សីដែលបញ្ជាក់ជាមួយនឹងចិត្តគំនិតរបស់យើងថា យើងជាកូនព្រះ»។ (រ៉ូម ១:៧; ៨:១៥, ១៦) ដូច្នេះ តាមរយៈសកម្មពលបរិសុទ្ធរបស់ព្រះ លោកធ្វើឲ្យពួកអ្នកដែលបានត្រូវរើសតាំងដឹងច្បាស់ថាពួកគេបានត្រូវហៅឲ្យឡើងទៅស្ថានសួគ៌។—១ថែ. ២:១២
៨. តើយ៉ូហានទី១ ២:២០, ២៧បង្ហាញយ៉ាងណាថាគ្រិស្តសាសនិកដែលបានត្រូវរើសតាំងមិនត្រូវការឲ្យមនុស្សណាបញ្ជាក់ប្រាប់ពួកគេថាពួកគេបានត្រូវរើសតាំង?
៨ ព្រះយេហូវ៉ាធ្វើឲ្យពួកអ្នកដែលបានត្រូវអញ្ជើញឲ្យឡើងទៅស្ថានសួគ៌ដឹងច្បាស់ក្នុងចិត្តនិងគំនិតដោយគ្មានការសង្ស័យ។ (សូមអាន យ៉ូហានទី១ ២:២០, ២៧) ពិតមែនថា គ្រិស្តសាសនិកដែលបានត្រូវរើសតាំងត្រូវទទួលការបង្ហាត់បង្រៀនពីព្រះយេហូវ៉ាតាមរយៈក្រុមជំនុំដូចគ្រិស្តសាសនិកឯទៀតដែរ តែពួកគេមិនត្រូវការឲ្យមនុស្សណាបញ្ជាក់ប្រាប់ពួកគេថាពួកគេបានត្រូវរើសតាំងឡើយ។ ព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដែលជាឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតក្នុងសកលលោក ដើម្បីធ្វើឲ្យពួកគេដឹងច្បាស់ថាពួកគេបានត្រូវរើសតាំងមែន!
ពួកគេបាន«កើតម្ដងទៀត»
៩. ដូចដែលបានត្រូវរៀបរាប់នៅអេភេសូរ ១:១៨ ពេលបុគ្គលម្នាក់បានត្រូវរើសតាំង តើបុគ្គលនោះមានការផ្លាស់ប្ដូរអ្វីខ្លះ?
៩ អ្នកបម្រើរបស់ព្រះភាគច្រើននៅសព្វថ្ងៃនេះ ប្រហែលជាពិបាកយល់អំពីអ្វីដែលកើតឡើងពេលព្រះរើសតាំងបុគ្គលណាម្នាក់។ នេះជារឿងធម្មតា ដោយសារពួកគេមិនបានត្រូវរើសតាំងទេ។ ព្រះបានបង្កើតមនុស្សឲ្យរស់ជារៀងរហូតនៅលើផែនដី មិនមែននៅស្ថានសួគ៌ឡើយ។ (លោ. ១:២៨; ទំនុក. ៣៧:២៩) ប៉ុន្តែ ព្រះយេហូវ៉ាបានជ្រើសរើសអ្នកខ្លះឲ្យរស់នៅស្ថានសួគ៌។ ដូច្នេះ ពេលលោករើសតាំងពួកគេ លោកធ្វើឲ្យសេចក្ដីសង្ឃឹមនិងរបៀបគិតគូររបស់ពួកគេផ្លាស់ប្ដូរយ៉ាងធំ ដើម្បីឲ្យពួកគេទន្ទឹងរង់ចាំជីវិតនៅស្ថានសួគ៌វិញ។—សូមអាន អេភេសូរ ១:១៨
១០. តើការ«កើតម្ដងទៀត»មានន័យយ៉ាងណា? (សូមមើលកំណត់សម្គាល់ផងដែរ)
១០ ពេលគ្រិស្តសាសនិកណាម្នាក់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ គាត់«កើតម្ដងទៀត»។d លោកយេស៊ូក៏បង្ហាញដែរថា បុគ្គលដែលបាន«កើតម្ដងទៀត»ឬ«កើតពីសកម្មពលរបស់ព្រះ» គឺមិនអាចពន្យល់ជាក់លាក់អំពីអារម្មណ៍របស់គាត់ទៅកាន់បុគ្គលដែលមិនបានត្រូវរើសតាំងទេ។—យ៉ូន. ៣:៣-៨
១១. សូមពន្យល់អំពីការផ្លាស់ប្ដូរនៃរបៀបគិតគូររបស់បុគ្គលដែលបានត្រូវរើសតាំង។
១១ ពេលគ្រិស្តសាសនិកម្នាក់បានត្រូវរើសតាំង តើរបៀបគិតគូររបស់គាត់បានត្រូវផ្លាស់ប្ដូរយ៉ាងណាខ្លះ? មុនព្រះយេហូវ៉ាជ្រើសរើសបុគ្គលនោះ គាត់ពេញចិត្តនឹងសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី។ គាត់ទន្ទឹងរង់ចាំដោយរំភើបចិត្ត ពេលដែលព្រះយេហូវ៉ានឹងបំបាត់ចោលអំពើអាក្រក់គ្រប់បែបយ៉ាង ហើយធ្វើឲ្យផែនដីទៅជាសួនឧទ្យាន។ ប្រហែលជាគាត់បានស្រមៃឃើញអំពីពេលដែលគាត់នឹងទទួលស្វាគមន៍សមាជិកក្រុមគ្រួសារ ឬមិត្តភក្ដិដែលបានស្លាប់។ ប៉ុន្តែ ក្រោយពីគាត់បានត្រូវរើសតាំង គាត់បានចាប់ផ្ដើមមានរបៀបគិតគូរផ្សេង។ ហេតុអ្វី? គាត់មិនមែនលែងពេញចិត្តនឹងសេចក្ដីសង្ឃឹមនៅផែនដីឡើយ។ គាត់មិនមែនផ្លាស់ប្ដូរសេចក្ដីសង្ឃឹមរបស់គាត់ ដោយសារគាត់តានតឹងចិត្តឬមានការឈឺចាប់ទេ។ គាត់មិនស្រាប់តែមានអារម្មណ៍ថាការរស់នៅជារៀងរហូតនៅលើផែនដីគឺគួរឲ្យធុញទ្រាន់ឡើយ។ ផ្ទុយទៅវិញ ព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោក ដើម្បីផ្លាស់ប្ដូររបៀបគិតគូររបស់គាត់និងសេចក្ដីសង្ឃឹមដែលគាត់បានឲ្យតម្លៃ។
១២. យោងទៅតាមពេត្រុសទី១ ១:៣, ៤ តើគ្រិស្តសាសនិកដែលបានត្រូវរើសតាំងមានអារម្មណ៍យ៉ាងណាចំពោះសេចក្ដីសង្ឃឹមរបស់ពួកគេ?
១២ បុគ្គលដែលបានត្រូវរើសតាំងប្រហែលជាមានអារម្មណ៍ថាខ្លួនមិនសមនឹងទទួលឯកសិទ្ធិដ៏ពិសេសនេះទេ។ ប៉ុន្តែ គាត់មិនសង្ស័យសោះថាព្រះយេហូវ៉ាបានជ្រើសរើសគាត់។ គាត់អរសប្បាយជាខ្លាំងនិងមានចិត្តកតញ្ញូ ពេលគាត់គិតអំពីសេចក្ដីសង្ឃឹមរបស់គាត់ឲ្យរស់នៅស្ថានសួគ៌។—សូមអាន ពេត្រុសទី១ ១:៣, ៤
១៣. តើពួកអ្នកដែលបានត្រូវរើសតាំងមានទស្សនៈយ៉ាងណាចំពោះជីវិតរបស់ពួកគេនៅលើផែនដី?
១៣ ដូច្នេះ តើនេះមានន័យថាពួកអ្នកដែលបានត្រូវរើសតាំងចង់ស្លាប់ឬ? សាវ័កប៉ូលបានឆ្លើយសំណួរនេះ។ គាត់បានប្រដូចរូបកាយរបស់ពួកអ្នកដែលបានត្រូវរើសតាំងទៅនឹងត្រសាល ហើយនិយាយថា៖ «តាមពិត យើងដែលជាអ្នកនៅក្នុងត្រសាលនេះថ្ងូរ ដោយមានទុក្ខធ្ងន់។ មិនមែនដោយសារយើងចង់ដោះត្រសាលនេះចេញទេ តែដោយសារយើងចង់បំពាក់ខ្លួនដោយលំនៅមួយនោះវិញ ដើម្បីឲ្យជីវិតដែលគ្មានទីបញ្ចប់លេបបាត់អ្វីដែលអាចស្លាប់បាន»។ (២កូ. ៥:៤) គ្រិស្តសាសនិកទាំងនេះមិនមែនលែងចាប់អារម្មណ៍នឹងជីវិតនៅលើផែនដី និងចង់ឆាប់ស្លាប់នោះទេ។ ផ្ទុយទៅវិញ ពួកគេសប្បាយនឹងជីវិត ហើយចង់ប្រើជីវិតរាល់ថ្ងៃដើម្បីបម្រើព្រះយេហូវ៉ាជាមួយនឹងក្រុមគ្រួសារនិងមិត្តសម្លាញ់របស់ពួកគេ។ ក៏ប៉ុន្តែ ទោះជាពួកគេកំពុងធ្វើអ្វីក៏ដោយ ពួកគេចាំជានិច្ចអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យដែលពួកគេមានសម្រាប់ថ្ងៃអនាគត។—១កូ. ១៥:៥៣; ២ពេ. ១:៤; ១យ៉ូន. ៣:២, ៣; បប. ២០:៦
តើព្រះយេហូវ៉ាបានរើសតាំងអ្នកឬទេ?
១៤. តើអ្វីខ្លះមិនបញ្ជាក់ថាបុគ្គលម្នាក់បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ?
១៤ អ្នកប្រហែលជាឆ្ងល់ថាតើអ្នកបានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធរបស់ព្រះឬមិនមែន។ បើដូច្នេះ សូមគិតអំពីសំណួរដ៏សំខាន់ទាំងនេះ៖ តើអ្នកចង់ធ្វើតាមបំណងប្រាថ្នារបស់ព្រះយេហូវ៉ាយ៉ាងខ្លាំងឬទេ? តើអ្នកមានអារម្មណ៍ថាអ្នកពិតជាខ្នះខ្នែងក្នុងកិច្ចការផ្សព្វផ្សាយឬទេ? តើអ្នកពិតជាសប្បាយសិក្សាបណ្ដាំរបស់ព្រះ ហើយរៀនអំពី«សេចក្ដីជ្រាលជ្រៅរបស់ព្រះ»ឬ? (១កូ. ២:១០) តើអ្នកមានអារម្មណ៍ថាព្រះយេហូវ៉ាបានជួយអ្នកឲ្យទទួលលទ្ធផលល្អក្នុងកិច្ចផ្សព្វផ្សាយឬទេ? តើអ្នកមានអារម្មណ៍ថាអ្នកមានភារកិច្ចធំដើម្បីជួយអ្នកឯទៀតឲ្យរៀនអំពីព្រះយេហូវ៉ាឬ? តើអ្នកបានឃើញទីសំអាងដែលបញ្ជាក់ថាព្រះយេហូវ៉ាបានជួយអ្នកតាមរបៀបជាក់លាក់ជាច្រើននៅក្នុងជីវិតរបស់អ្នកឬទេ? បើអ្នកឆ្លើយថាមែន ចំពោះសំណួរទាំងអស់នេះ តើនេះបង្ហាញថាព្រះបានហៅអ្នកឲ្យទៅស្ថានសួគ៌ឬ? មិនមែនទេ។ ហេតុអ្វី? ពីព្រោះអ្នកបម្រើទាំងអស់របស់ព្រះអាចមានអារម្មណ៍បែបនេះ ទោះជាពួកគេបានត្រូវរើសតាំង ឬមិនបានត្រូវរើសតាំងក៏ដោយ។ ម្យ៉ាងទៀត តាមរយៈសកម្មពលបរិសុទ្ធរបស់លោក ព្រះយេហូវ៉ាអាចឲ្យឫទ្ធានុភាពដូចគ្នាដល់អ្នកបម្រើណាក៏ដោយ មិនថាពួកគេមានសេចក្ដីសង្ឃឹមបែបណាក្ដី។ តាមពិត បើអ្នកកំពុងសង្ស័យថាអ្នកនឹងបានទទួលការរើសតាំងដោយសកម្មពលបរិសុទ្ធឬយ៉ាងណា ការសង្ស័យទាំងនេះមានន័យថាអ្នកមិនបានត្រូវរើសតាំងទេ។ ពួកអ្នកដែលព្រះយេហូវ៉ាបានហៅមិនសង្ស័យអំពីរឿងនេះឡើយ! ពួកគេដឹង!
១៥. ហេតុអ្វីយើងដឹងថាមិនមែនអស់អ្នកដែលបានទទួលសកម្មពលរបស់ព្រះបានត្រូវជ្រើសរើសឲ្យទៅស្ថានសួគ៌?
១៥ ក្នុងគម្ពីរមានគំរូជាច្រើនអំពីមនុស្សស្មោះត្រង់ដែលបានទទួលសកម្មពលបរិសុទ្ធ ក៏ប៉ុន្តែពួកគេមិនមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ទេ។ ជាឧទាហរណ៍ ដាវីឌបានត្រូវដឹកនាំដោយសកម្មពលបរិសុទ្ធ។ (១សាំ. ១៦:១៣) សកម្មពលបរិសុទ្ធបានជួយគាត់ឲ្យយល់សេចក្ដីជ្រាលជ្រៅអំពីព្រះយេហូវ៉ា ហើយក៏បានដឹកនាំគាត់ឲ្យសរសេរបទគម្ពីរខ្លះដែរ។ (ម៉ាក. ១២:៣៦) ទោះជាយ៉ាងនេះក្ដី សាវ័កពេត្រុសបាននិយាយថា ដាវីឌ«មិនបានឡើងទៅស្ថានសួគ៌ឡើយ»។ (សកម្ម. ២:៣៤) យ៉ូហានដែលជាអ្នកជ្រមុជទឹកបាន«ពេញទៅដោយសកម្មពលបរិសុទ្ធរបស់ព្រះ»។ (លូក. ១:១៣-១៦) លោកយេស៊ូបានមានប្រសាសន៍ថាគ្មានអ្នកណាធំជាងយ៉ូហានទេ ប៉ុន្តែបន្ទាប់មកលោកបានមានប្រសាសន៍ថាយ៉ូហានមិនមែនជាសមាជិករាជាណាចក្រស្ថានសួគ៌ឡើយ។ (ម៉ាថ. ១១:១០, ១១) ព្រះយេហូវ៉ាបានប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីឲ្យបុរសទាំងនេះមានឫទ្ធានុភាពធ្វើអ្វីៗដ៏អស្ចារ្យ ប៉ុន្តែលោកមិនបានប្រើសកម្មពលនោះដើម្បីជ្រើសរើសពួកគាត់ឲ្យទៅស្ថានសួគ៌ទេ។ តើនេះមានន័យថាពួកគាត់មិនសូវស្មោះត្រង់ដូចពួកអ្នកដែលបានត្រូវជ្រើសរើសឲ្យគ្រប់គ្រងនៅស្ថានសួគ៌ឬ? មិនមែនទេ។ នេះគ្រាន់តែមានន័យថាព្រះយេហូវ៉ានឹងប្រោសពួកគាត់ឲ្យរស់ឡើងវិញក្នុងសួនឧទ្យាននៅផែនដី។—យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥
១៦. នៅសព្វថ្ងៃនេះ តើអ្នកបម្រើភាគច្រើនរបស់ព្រះទន្ទឹងរង់ចាំរង្វាន់អ្វី?
១៦ អ្នកបម្រើភាគច្រើនរបស់ព្រះនៅសព្វថ្ងៃនេះមិនមានសេចក្ដីសង្ឃឹមរស់នៅស្ថានសួគ៌ឡើយ។ ដូចអាប្រាហាំ សារ៉ា ដាវីឌ យ៉ូហានដែលជាអ្នកជ្រមុជទឹក និងបុរសស្ត្រីជាច្រើននាក់ទៀតនៅសម័យគម្ពីរ យើងទន្ទឹងរង់ចាំរស់នៅផែនដី ពេលរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើយើងទាំងអស់គ្នា។—ហេ. ១១:១០
១៧. នៅអត្ថបទបន្ទាប់ តើយើងនឹងពិចារណាសំណួរអ្វីខ្លះ?
១៧ ដោយសារនៅតែមានពួកអ្នកដែលបានត្រូវរើសតាំងក្នុងចំណោមរាស្ត្ររបស់ព្រះនៅសព្វថ្ងៃនេះ យើងប្រហែលជាមានចម្ងល់ខ្លះអំពីពួកគេ។ (បប. ១២:១៧) ជាឧទាហរណ៍ តើពួកអ្នកដែលបានត្រូវរើសតាំងគួរមានទស្សនៈយ៉ាងណាចំពោះខ្លួន? បើបងប្អូនណាម្នាក់ក្នុងក្រុមជំនុំរបស់អ្នកចាប់ផ្ដើមបរិភោគវត្ថុតំណាងនៅឯពិធីរំលឹក តើអ្នកគួរប្រព្រឹត្តយ៉ាងណាចំពោះបុគ្គលនោះ? ចុះយ៉ាងណាបើចំនួននៃពួកអ្នកដែលនិយាយថាខ្លួនបានត្រូវរើសតាំងចេះតែកើនឡើង? តើអ្នកគួរបារម្ភអំពីរឿងនេះឬទេ? យើងនឹងឆ្លើយសំណួរទាំងនេះនៅអត្ថបទបន្ទាប់។
a តាំងពីបុណ្យថ្ងៃទី៥០ ឆ្នាំ៣៣ គ.ស. ព្រះយេហូវ៉ាបានផ្ដល់ឲ្យគ្រិស្តសាសនិកមួយចំនួននូវសេចក្ដីសង្ឃឹមដ៏អស្ចារ្យមួយ ពោលគឺការគ្រប់គ្រងជាមួយនឹងបុត្ររបស់លោកនៅស្ថានសួគ៌។ ប៉ុន្តែ តើពួកគេដឹងយ៉ាងដូចម្ដេចថាពួកគេបានត្រូវជ្រើសរើសឲ្យទទួលឯកសិទ្ធិដ៏អស្ចារ្យនេះ? តើអ្វីកើតឡើងពេលបុគ្គលណាម្នាក់ទទួលការអញ្ជើញឲ្យឡើងទៅស្ថានសួគ៌? ក្នុងអត្ថបទនេះយើងនឹងឆ្លើយសំណួរដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ។ អត្ថបទនេះមានមូលដ្ឋានលើអត្ថបទមួយដែលបានចេញផ្សាយក្នុងទស្សនាវដ្ដីប៉មយាម ខែមករា ឆ្នាំ ២០១៦។
b ការពន្យល់ពាក្យ: បានត្រូវរើសតាំងដោយសកម្មពលបរិសុទ្ធ ពោលគឺព្រះយេហូវ៉ាប្រើសកម្មពលបរិសុទ្ធរបស់លោកដើម្បីអញ្ជើញបុគ្គលម្នាក់ឲ្យគ្រប់គ្រងជាមួយនឹងលោកយេស៊ូនៅស្ថានសួគ៌។ តាមរយៈសកម្មពលរបស់ព្រះ លោកឲ្យបុគ្គលនោះនូវសេចក្ដីសន្យាមួយសម្រាប់ពេលអនាគត ឬក៏«ការបញ្ចាំចិត្ត»។ (អេភ. ១:១៣, ១៤) គ្រិស្តសាសនិកទាំងនេះអាចនិយាយថាសកម្មពលបរិសុទ្ធ«ធ្វើជាសាក្សី» ឬធ្វើឲ្យពួកគេជឿជាក់ថារង្វាន់របស់ពួកគេគឺនៅស្ថានសួគ៌។—រ៉ូម ៨:១៦
c ការពន្យល់ពាក្យ: ការបិទត្រានេះមិនមែនជាការបិទត្រាជាលើកចុងក្រោយនោះទេ ដោយសារការបិទត្រាជាលើកចុងក្រោយនឹងត្រូវធ្វើឡើងបន្ដិចមុនបុគ្គលស្មោះត្រង់នោះស្លាប់ ឬក៏បន្ដិចមុនគ្រាទុក្ខវេទនាជាខ្លាំងចាប់ផ្ដើម។—អេភ. ៤:៣០; បប. ៧:២-៤; សូមមើល«តើអ្វីជា‹ការបញ្ចាំចិត្ត›និង‹ការបោះត្រា›ដែលគ្រិស្តសាសនិកម្នាក់ៗដែលបានត្រូវរើសតាំងទទួលពីព្រះ?—២កូ. ១:២១, ២២» ក្នុងឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ ខែមេសា ឆ្នាំ២០១៩ ទំព័រ២។
d ដើម្បីទទួលបានព័ត៌មានថែមទៀតអំពីអត្ថន័យនៃការ«កើតម្ដងទៀត» សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ២០០៩ ទំ. ៣-១២។
ចម្រៀងលេខ២៧ គ្រាដែលកូនព្រះនឹងត្រូវសម្ដែង
e ការពណ៌នាអំពីរូបភាព: មិនថាយើងជាប់គុកដោយសារជំនឿ ឬមានសេរីភាពផ្សព្វផ្សាយនិងបង្រៀនសេចក្ដីពិតក្ដី យើងអាចទន្ទឹងរង់ចាំរស់នៅលើផែនដី ពេលដែលរាជាណាចក្រព្រះនឹងគ្រប់គ្រងលើយើង។