ជំពូកទីប្រាំបី
‹ការតយុទ្ធនឹងពួកវិញ្ញាណកំណាច›
១. ហេតុអ្វីបានជាយើងគួរយកចិត្តទុកដាក់នឹងសកម្មភាពរបស់ពួកវិញ្ញាណកំណាច?
មនុស្សជាច្រើនចំអកមើលងាយ ចំពោះជំនឿដែលថាមានពួកវិញ្ញាណកំណាច។ ប៉ុន្តែ នេះគឺមិនមែនជារឿងលេងសើចនោះទេ។ ទោះជាមនុស្សជឿថាមានពួកវិញ្ញាណកំណាចឬក៏មិនជឿក៏ដោយ តាមពិតគឺមានពួកវិញ្ញាណកំណាចមែន ហើយពួកវាខំប្រឹងបង្ខិតបង្ខំមនុស្សគ្រប់គ្នាយ៉ាងសកម្ម។ សូម្បីតែពួកអ្នកថ្វាយបង្គំព្រះយេហូវ៉ា ក៏មិនរួចពីការបង្ខិតបង្ខំរបស់ពួកវាដែរ។ តាមការពិត ពួកវាចង់គាបសង្កត់ពួកអ្នកបំរើរបស់ព្រះយេហូវ៉ាជាងគេ។ សាវ័កប៉ុលប្រាប់យើងឲ្យដឹងទុកជាមុនអំពីរឿងនេះ ដោយពោលថា៖ «យើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺនឹងពួកគ្រប់គ្រង[ដែលមើលមិនឃើញ] ពួកមានអំណាច នឹងពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះវិញ ហើយទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ[«ពួកវិញ្ញាណកំណាច», ព.ថ.] នៅស្ថានដ៏ខ្ពស់ដែរ»។ (អេភេសូរ ៦:១២) នៅក្នុងសម័យយើងនេះ ពួកវិញ្ញាណកំណាចកំពុងតែព្យាយាមបង្ខិតបង្ខំមនុស្សដល់កំរិត ដែលពុំធ្លាប់មានពីមុនមកទេ ពីព្រោះសាតាំងបានត្រូវទម្លាក់ចេញពីស្ថានសួគ៌ វាមានកំហឹងជាខ្លាំង ដោយដឹងថា ពេលវេលារបស់វាកាន់តែខ្លីណាស់ហើយ។—វិវរណៈ ១២:១២
២. តើយើងអាចមានលទ្ធភាពឈ្នះលើពួកវិញ្ញាណកំណាចយ៉ាងណា?
២ តើយើងអាចមានលទ្ធភាពឈ្នះលើពួកវិញ្ញាណកំណាចឬទេ? គឺអាចឈ្នះលើពួកវាបាន តែដោយមានទំនុកចិត្តទាំងស្រុងលើព្រះយេហូវ៉ាប៉ុណ្ណោះ ទើបអាចឈ្នះពួកវា។ យើងត្រូវតែស្ដាប់បង្គាប់ព្រះ និងធ្វើតាមព្រះបន្ទូលរបស់ទ្រង់។ បើយើងធ្វើដូច្នេះ យើងអាចរួចផុតពីការបង្ខូចរាងកាយ បង្ខូចភាពសីលធម៌ និងបង្ខូចផ្លូវចិត្ត ដែលអស់អ្នកនៅក្រោមការគ្រប់គ្រងរបស់សាតាំងបានទទួលនោះ។—យ៉ាកុប ៤:៧
ពួកអ្នកគ្រប់គ្រងលោកីយ៍នៅស្ថានដ៏ខ្ពស់
៣. តើសាតាំងប្រឆាំងយ៉ាងឃោរឃៅនឹងអ្នកណាហើយតាមរបៀបណា?
៣ ព្រះយេហូវ៉ាពិពណ៌នាឲ្យយល់ទិដ្ឋភាពដ៏រស់រវើកនៅស្ថានសួគ៌ ស្តីអំពីស្ថានការណ៍លោកីយ៍នេះតាមទស្សនៈទ្រង់។ ទ្រង់ប្រទានដល់សាវ័កយ៉ូហាននូវចក្ខុនិមិត្តមួយ ដែលបានរៀបរាប់ថាសាតាំងជា«នាគដ៏ធំមានសម្បុរក្រហម»។ បើអាចធ្វើបាន នោះវាប្រុងនឹងត្របាក់លេបព្រះរាជាណាចក្រនៃព្រះមេស្ស៊ី ពេលដែលព្រះរាជាណាចក្រនេះមានកំណើតនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤។ ដោយសារសាតាំងទទួលបរាជ័យចំពោះការធ្វើដូច្នេះ វាក៏បាននាំឲ្យមានការប្រឆាំងយ៉ាងឃោរឃៅជាច្រើននឹងពួកនៅលើផែនដី ដែលតំណាងព្រះរាជាណាចក្រនោះ។ (វិវរណៈ ១២:៣, ៤, ១៣,១៧) តើសាតាំងនឹងធ្វើសង្គ្រាមនេះយ៉ាងណាទៅ? វាធ្វើឡើងតាមរយៈអ្នកតំណាងរបស់វា។
៤. តើអ្នកណាជាប្រភពនៃអំណាចរបស់រដ្ឋាភិបាលមនុស្ស? ហើយតើយើងដឹងអំពីរឿងនេះយ៉ាងដូចម្ដេច?
៤ ក្រោយមក យ៉ូហានក៏ឃើញសត្វសាហាវដែលមានក្បាលប្រាំពីរនិងស្នែងដប់ ជាសត្វដែលមានអំណាច«លើគ្រប់ទាំងពូជមនុស្ស គឺអស់ទាំងគ្រួសារ នឹងភាសា ហើយនឹងអស់ទាំងសាសន៍ផង»។ សត្វនោះតំណាងប្រព័ន្ធនយោបាយទាំងមូលទូទាំងពិភពលោក។ យ៉ូហានបានប្រាប់ថា«នាគ[អារក្សសាតាំង]ក៏ឲ្យឫទ្ធិ នឹងបល្ល័ង្ករបស់វាដល់សត្វនោះ ព្រមទាំងអំណាចយ៉ាងធំដែរ»។ (វិវរណៈ ១៣:១, ២, ៧) ត្រូវហើយ សាតាំងគឺជាប្រភពអំណាចនៃរដ្ឋាភិបាលរបស់មនុស្ស។ ដូច្នេះហើយ ដូចជាសាវ័កប៉ុលបានសរសេរមក នោះ‹ពួកគ្រប់គ្រងលោកីយ៍នេះ› ពិតជា«[«ពួកវិញ្ញាណកំណាច», ព.ថ.]នៅស្ថានដ៏ខ្ពស់» ដែលកាន់កាប់រដ្ឋាភិបាលរបស់មនុស្ស។ អស់អ្នកដែលថ្វាយបង្គំព្រះយេហូវ៉ា គប្បីយល់នូវសារៈសំខាន់នៃរឿងនេះ។—លូកា ៤:៥, ៦
៥. តើពួកអ្នកគ្រប់គ្រងខាងនយោបាយកំពុងតែត្រូវប្រមូលមកឲ្យធ្វើអ្វី?
៥ ទោះជាអ្នកគ្រប់គ្រងជាច្រើនអះអាងថាខ្លួនកាន់សាសនាក៏ដោយ តែគ្មានសាសន៍ណាមួយដែលចុះចូលជាមួយនឹងការគ្រប់គ្រងរបស់ព្រះយេហូវ៉ា ឬចុះចូលជាមួយនឹងព្រះយេស៊ូគ្រីស្ទ ជាស្តេចតែងតាំងនោះទេ។ ពួកគេទាំងអស់ខំតយុទ្ធយ៉ាងសាហាវដើម្បីអំណាចរបស់ពួកគេ។ សព្វថ្ងៃនេះ កំណត់ហេតុនៅក្នុងវិវរណៈបង្ហាញថា «វិញ្ញាណនៃពួកអារក្ស» ដែលកំពុងតែប្រមូលពួកអ្នកគ្រប់គ្រងក្នុងលោកីយ៍«មកក្នុងចំបាំង នៅថ្ងៃដ៏ធំរបស់ព្រះដ៏មានព្រះចេស្ដាបំផុត»គឺនៅក្នុងសង្គ្រាមអើម៉ាគេដូន។—វិវរណៈ ១៦:១៣, ១៤, ១៦; ១៩:១៧-១៩
៦. ហេតុអ្វីក៏ត្រូវប្រុងប្រយ័ត្ន ដើម្បីជៀសវាងកុំឲ្យគេនាំយើងចូលគាំទ្ររបបរបស់សាតាំងនោះ?
៦ រឿងនយោបាយ រឿងខាងសង្គម សេដ្ឋកិច្ចនិងជម្លោះខាងសាសនា ដែលធ្វើឲ្យមនុស្សបាក់បែកគ្នា គឺមានអានុភាពលើជីវិតរបស់មនុស្សជារៀងរាល់ថ្ងៃ។ ក្នុងជម្លោះទាំងនេះ គឺជាការធម្មតាទេដែលមនុស្សបង្ហាញដោយសារពាក្យសំដី ឬដោយវិធីផ្សេងទៀតថាពួកគេកាន់ជើងខាងសាសន៍ កុលសម្ព័ន្ធ ភាសាឬវណ្ណៈដែលពួកគេមានចំណែកនោះ។ ទោះជាមនុស្សមិនជាប់ទាក់ទងឲ្យឃើញយ៉ាងចំៗនឹងជម្លោះក៏ដោយ ធម្មតាពួកគេតែងមានចិត្តលំអៀងទៅម្ខាងៗមែន។ ប៉ុន្តែ មិនថាពួកគេគាំទ្រមនុស្សណាឬចលនាណាក៏ដោយនោះ តាមពិត តើពួកគេពិតជាគាំទ្រអ្នកណា? ព្រះគម្ពីរចែងយ៉ាងច្បាស់ថា៖ «លោកីយទាំងមូលដេកនៅក្នុងឱវាទនៃមេកំណាច»។ (យ៉ូហានទី១ ៥:១៩) បើដូច្នេះ តើបុគ្គលម្នាក់អាចជៀសវាងកុំឲ្យត្រូវបំភាន់ដូចមនុស្សលោកទាំងអស់យ៉ាងដូចម្ដេច? គឺដោយគាំទ្រទាំងស្រុងនូវព្រះរាជាណាចក្រនៃព្រះប៉ុណ្ណោះ និងដោយកាន់អព្យាក្រឹតស្តីអំពីរឿងជម្លោះក្នុងពិភពលោកនេះ។—យ៉ូហាន ១៧:១៥, ១៦
កលល្បិចរបស់មេកំណាច
៧. ដោយឃើញរបៀបសាតាំងប្រើសាសនាក្លែងក្លាយនោះ តើយើងអាចមើលឃើញនូវការប៉ិនប្រសប់របស់វាយ៉ាងដូចម្ដេច?
៧ ទូទាំងប្រវត្ដិសាស្ត្រ សាតាំងបានប្រើការបៀតបៀនដោយពាក្យសំដីឬតាមផ្លូវកាយ ដើម្បីធ្វើឲ្យបុគ្គលម្នាក់ចេញពីការថ្វាយបង្គំពិត។ វាក៏បានប្រើមធ្យោបាយដ៏ឆ្លៀវឆ្លាត គឺជាការប្រព្រឹត្តនិងកលល្បិចដ៏ប៉ិនប្រសប់។ វាបានធ្វើឲ្យមនុស្សលោកភាគច្រើនស្ថិតនៅក្នុងភាពងងឹត ដោយប្រើសាសនាក្លែងក្លាយ ដើម្បីធ្វើឲ្យពួកគេគិតថា ពួកគេកំពុងតែបំរើព្រះ។ ដោយសារពួកគេឥតមានចំណេះត្រឹមត្រូវអំពីព្រះ និងគ្មានសេចក្ដីស្រឡាញ់ចំពោះសេចក្ដីពិត នោះពួកគេអាចចាប់អារម្មណ៍នឹងសាសនា ដែលមានរបៀបថ្វាយបង្គំដែលប្រកបដោយភាពអាថ៌កំបាំងនិងការធ្វើអ្វីដែលបង្ហាញពីការរំភើបក្នុងចិត្ត ឬស្ងើចនឹងការប្រព្រឹត្តដ៏អស្ចារ្យ។ (ថែស្សាឡូនីចទី២ ២:៩, ១០) ប៉ុន្តែ យើងបានត្រូវព្រមានថា សូម្បីតែក្នុងចំណោមពួកអ្នកដែលធ្លាប់ថ្វាយបង្គំពិត ក៏«អ្នកខ្លះនឹងលាចាកចេញ . . . ដោយស្ដាប់តាមវិញ្ញាណបញ្ឆោត នឹងសេចក្ដីបង្រៀនរបស់ពួកអារក្ស»ដែរ។ (ធីម៉ូថេទី១ ៤:១) តើនេះអាចកើតឡើងយ៉ាងដូចម្ដេចទៅ?
៨. តើតាមរបៀបណាដែលសាតាំងល្បួងយើងឲ្យចូលសាសនាក្លែងក្លាយ បើយើងកំពុងតែថ្វាយបង្គំព្រះយេហូវ៉ានោះ?
៨ យ៉ាងប៉ិនប្រសប់នោះ អារក្សក៏ប្រើភាពទន់ខ្សោយរបស់យើងដែរ។ តើយើងនៅខ្លាចមនុស្សឬទេ? ប្រសិនបើដូច្នេះ យើងនឹងចុះចាញ់ដោយធ្វើតាមការបង្ខិតបង្ខំពីសាច់ញាតិឬពួកអ្នកជិតខាងដែលចង់ឲ្យយើងកាន់ទំនៀមទំលាប់សាសនា ដែលមានកំណើតពីសាសនាក្លែងក្លាយនោះ។ តើយើងមានមោទនភាពចំពោះខ្លួនហួសហេតុឬទេ? បើដូច្នេះ យើងអាចទៅជាអាក់អន់ចិត្តពេលយើងត្រូវទទួលឱវាទ ឬពេលអ្នកដទៃមិនយល់ព្រមនឹងទស្សនៈដែលយើងគាំទ្រនោះ។ (សុភាសិត ១៥:១០; ២៩:២៥; ធីម៉ូថេទី១ ៦:៣, ៤) ជាជាងកែប្រែទស្សនៈយើងឲ្យសមស្របនឹងគំរូរបស់ព្រះគ្រីស្ទនោះ យើងអាចទៅជាចូលចិត្តអ្នកដែល‹បង្រៀនត្រូវចិត្តយើង› ដោយនិយាយថា បើគ្រាន់តែអានព្រះគម្ពីរនិងប្រព្រឹត្តការល្អគឺគ្រប់គ្រាន់ហើយ។ (ធីម៉ូថេទី២ ៤:៣) គឺឥតសំខាន់ទេចំពោះសាតាំងដែលថា យើងចូលរួមក្រុមសាសនាណាមួយផ្សេងទៀត ឬគ្រាន់តែកាន់លទ្ធិសាសនាដែលយើងប្រឌិតឡើងដោយខ្លួនឯងនោះ។ ចំពោះវាឲ្យតែយើងមិនថ្វាយបង្គំព្រះយេហូវ៉ា តាមរបៀបដែលព្រះបង្គាប់តាមព្រះបន្ទូលនិងអង្គការរបស់ទ្រង់នោះ គឺវាសប្បាយណាស់។
៩. តើតាមរបៀបណាដែលសាតាំងប្រើកលល្បិចយ៉ាងប៉ិនប្រសប់នូវការរួមដំណេក ដើម្បីសម្រេចគោលបំណងរបស់វា?
៩ សាតាំងក៏ល្បួងមនុស្សយ៉ាងប៉ិនប្រសប់ដោយឲ្យមនុស្សបំពេញសេចក្ដីប្រាថ្នាធម្មតារបស់ខ្លួន តាមរបៀបដ៏ខុស។ វាបានធ្វើដូច្នេះចំពោះសេចក្ដីប្រាថ្នាខាងកាម។ មនុស្សជាច្រើនបដិសេធសីលធម៌ព្រះគម្ពីរ ដោយចាត់ទុកការរួមភេទរវាងមនុស្សដែលឥតរៀបការ ថាជាការកំសាន្តដែលត្រឹមត្រូវ ឬជាវិធីដែលបង្ហាញថាពួកគេជាមនុស្សពេញវ័យហើយ។ ប៉ុន្តែ ចុះយ៉ាងណាចំពោះអស់អ្នកដែលរៀបការហើយនោះ? ពួកគេជាច្រើនប្រព្រឹត្តអ្វីដែលជាការក្បត់ប្ដីប្រពន្ធ។ សូម្បីតែពេលគ្មានភាពស្មោះត្រង់ក្នុងអាពាហ៍ពិពាហ៍របស់ខ្លួនក៏ដោយ មនុស្សជាច្រើនទាមទារលែងលះគ្នា ឬរស់នៅដាច់ពីគ្នា ដើម្បីឲ្យគេអាចរស់នៅជាមួយនឹងមនុស្សម្នាក់ផ្សេងទៀត។ កលល្បិចដ៏ប៉ិនប្រសប់របស់សាតាំង គឺចង់ឲ្យមនុស្សគិតតែពីការសប្បាយឥឡូវប៉ុណ្ណោះ ហើយធ្វើកន្តើយនឹងផលប៉ះពាល់ចំពោះខ្លួនឯងនិងអ្នកដទៃ ជាពិសេសចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយនឹងព្រះយេហូវ៉ានិងរាជបុត្រារបស់ទ្រង់។—កូរិនថូសទី១ ៦:៩, ១០; កាឡាទី ៦:៧, ៨
១០. តើសាតាំងខំធ្វើឲ្យយើងមានទំនោរចិត្តចំពោះអំពើអសីលធម៌ និងអំពើឃោរឃៅតាមរបៀបណា?
១០ សេចក្ដីប្រាថ្នាមួយទៀតដ៏ធម្មតាគឺជាការកំសាន្ត។ ការកំសាន្តដ៏ត្រឹមត្រូវមានគុណប្រយោជន៍អាចធ្វើឲ្យមានកម្លាំងដល់គំនិតនិងផ្លូវចិត្តដែរ។ ប៉ុន្តែ តើយើងមានប្រតិកម្មយ៉ាងណាកាលបើសាតាំងប្រើគ្រានេះយ៉ាងប៉ិនប្រសប់ ដើម្បីឲ្យយើងគិតខុសពីគំនិតរបស់ព្រះនោះ? ជាឧទាហរណ៍ យើងដឹងថា ព្រះយេហូវ៉ាស្អប់អំពើអសីលធម៌ខាងកាមនិងអំពើឃោរឃៅ។ ពេលកុន កម្មវិធីទូរទស្សន៍ ឬល្ខោនដែលមានរឿងទាំងនេះ តើយើងនៅអង្គុយទស្សនាឬទេ? ចូរចាំថា សាតាំងនឹងធ្វើឲ្យរឿងទាំងនេះកាន់តែថោកទាបទៅៗ កាលដែលវេលានៃការបោះទំលាក់វាចោលទៅក្នុងជង្ហុកធំកាន់តែជិតមកដល់ហើយនោះ។ ពីព្រោះ«ពួកអាក្រក់ នឹងពួកឆបោក គេនឹងមានជំនឿនជឿនទៅខាងសេចក្ដីអាក្រក់ កាន់តែខ្លាំងឡើង ទាំងនាំមនុស្សឲ្យវង្វេង ហើយត្រូវវង្វេងខ្លួនឯងផង»។ (ធីម៉ូថេទី២ ៣:១៣; វិវរណៈ ២០:១-៣) ដូច្នេះ យើងត្រូវប្រុងប្រយ័ត្នជានិច្ចនឹងកលល្បិចរបស់សាតាំង។—លោកុប្បត្តិ ៦:១៣; ទំនុកដំកើង ១១:៥; រ៉ូម ១:២៤-៣២
១១. តើតាមរបៀបណា ដែលបុគ្គលម្នាក់ដែលស្គាល់សេចក្ដីពិតអំពីរឿងមន្តអាគម អាចទៅជាជាប់អន្ទាក់ក្នុងរឿងមន្តអាគមបាន បើគាត់ឥតប្រុងប្រយ័ត្ននោះ?
១១ យើងក៏ដឹងថា អស់អ្នកដែលប្រព្រឹត្តមន្តអាគមបែបណាក៏ដោយ ដូចជាការទស្សន៍ទាយ អាបធ្មប់ ឬខំទាក់ទងនឹងមនុស្សស្លាប់ជាដើម គឺជាទីស្អប់ខ្ពើមចំពោះព្រះយេហូវ៉ាណាស់។ (ចោទិយកថា ១៨:១០-១២) ដោយដឹងអំពីរឿងនេះ យើងនឹងមិនគិតរកពិគ្រោះជាមួយនឹងគ្រូខាបខ្មោច ហើយក៏មិនទទួលពួកគេឲ្យចូលក្នុងផ្ទះ ដើម្បីប្រព្រឹត្តរបៀនអារក្សនោះឡើយ។ ប៉ុន្តែ តើយើងនឹងស្ដាប់ពួកគេទេ បើមានបញ្ចាំងក្នុងទូរទស្សន៍ឬតាមអ៊ិនថឺណិតនោះ? ទោះជាយើងមិនទទួលការព្យាបាលពីគ្រូអាបធ្មប់ តើយើងនឹងចងដៃកូនង៉ានូវខ្សែអំបោះ ដោយគិតថានឹងការពារកូនឬទេ? ដោយដឹងថា ព្រះគម្ពីរផ្ដន្ទាទោសចំពោះការដាក់អំពើមន្តអាគមលើអ្នកដទៃ តើយើងនឹងអនុញ្ញាតឲ្យគ្រូសណ្ដំមកកាន់កាប់លើគំនិតរបស់យើងឬទេ?—កាឡាទី ៥:១៩-២១
១២. (ក) តើតាមរបៀបណា ដែលបទភ្លេងត្រូវប្រើដើម្បីធ្វើឲ្យយើងគិតអំពីអ្វីដែលយើងដឹងថាគឺខុសនោះ? (ខ) តើសំលៀកបំពាក់ ម៉ូដសក់ និងរបៀបនិយាយរបស់បុគ្គលម្នាក់អាចបង្ហាញយ៉ាងដូចម្ដេចថា គាត់និយមអ្នកដែលព្រះយេហូវ៉ាមិនពេញព្រះហឫទ័យនោះ? (គ) តើយើងត្រូវតែធ្វើអ្វីបើយើងចង់ជៀសវាងពីការរងគ្រោះ នឹងកលល្បិចរបស់សាតាំងនោះ?
១២ ព្រះគម្ពីរចែងថា អំពើសហាយស្មន់និងភាពស្មោកគ្រោកមិនគប្បីយកមកនិយាយ (ដោយចេតនារម្មណ៍មិនល្អ) នោះឡើយ។ (អេភេសូរ ៥:៣-៥) ចុះយ៉ាងណា បើអំពើទាំងនេះមាននៅក្នុងភ្លេងដែលមានបទពីរោះ ចង្វាក់ដែលទាក់ទាញចិត្ត ឬមានចង្វាក់ពីរោះរណ្ដំនោះ? តើយើងនឹងចាប់ផ្ដើមច្រៀងទំនុកដែលលើកដំកើងការរួមភេទដោយឥតរៀបការ ការប្រើគ្រឿងញៀនសំរាប់ការកំសាន្ត និងការប្រព្រឹត្តអំពើបាបណាផ្សេងទៀតឬទេ? ទោះជាយើងដឹងថា យើងមិនយកតម្រាប់តាមរបៀបរស់នៅរបស់មនុស្សដែលប្រព្រឹត្តបែបនេះ តើយើងបង្ហាញថាយើងនិយមពួកគេដល់ម្ល៉េះ ដោយស្លៀកពាក់តាមពួកគេ ធ្វើម៉ូដសក់តាមពួកគេ ឬក៏និយាយតាមពួកគេឬទេ? មធ្យោបាយដែលសាតាំងប្រើដើម្បីល្បួងមនុស្សឲ្យធ្វើតាមគំនិតដ៏ពុករលួយរបស់វាគឺមានកលល្បិចពិសពុលមែន! (កូរិនថូសទី២ ៤:៣, ៤) យើងត្រូវតែជៀសវាងពីការរសាត់ទៅតាមលោកីយ៍នេះ បើយើងមិនចង់ក្លាយទៅជាអ្នករងគ្រោះដោយសារកលល្បិចដ៏ប៉ិនប្រសប់របស់វា។ យើងត្រូវតែចាំថា«ពួកម្ចាស់នៃសេចក្ដីងងឹតនៅលោកីយនេះ»គឺជាអ្នកណា ហើយត្រូវតយុទ្ធនឹងឥទ្ធិពលរបស់ពួកវា។—ពេត្រុសទី១ ៥:៨
បានត្រូវប្រដាប់ខ្លួនឲ្យទៅជាអ្នកឈ្នះ
១៣. ទោះជាយើងមានភាពឥតគ្រប់ល័ក្ខណ៍ក៏ដោយ តើយើងអាចមានលទ្ធភាពឈ្នះលោកីយ៍នេះដែលសាតាំងគ្រប់គ្រងយ៉ាងដូចម្ដេច?
១៣ មុននឹងព្រះយេស៊ូសោយទិវង្គត នោះទ្រង់មានបន្ទូលប្រាប់ពួកសាវ័កទ្រង់ថា៖ «សង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយហើយ»។ (យ៉ូហាន ១៦:៣៣) ពួកគេក៏អាចជាអ្នកឈ្នះដែរ។ ប្រមាណ៦០ឆ្នាំក្រោយមក សាវ័កយ៉ូហានបានសរសេរថា៖ «តើអ្នកណាជាអ្នកឈ្នះលោកីយ បើមិនមែនជាអ្នកដែលជឿថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះ?»។ (យ៉ូហានទី១ ៥:៥) យើងបង្ហាញថាខ្លួនមានជំនឿបែបនេះ ដោយធ្វើតាមបង្គាប់របស់ព្រះយេស៊ូ និងទុកចិត្តលើបន្ទូលរបស់ព្រះ ដូចជាព្រះយេស៊ូបានធ្វើដែរ។ តើត្រូវការអ្វីទៀត? យើងត្រូវនៅជិតក្រុមជំនុំដែលទ្រង់ដឹកនាំ។ ពេលយើងប្រព្រឹត្តអំពើបាប យើងត្រូវតែប្រែចិត្តដោយស្មោះ និងសុំឲ្យព្រះអត់ឱនទោស ដោយមានមូលដ្ឋានលើយញ្ញបូជារបស់ព្រះយេស៊ូ។ តាមរបៀបនេះ ថ្វីបើយើងមានភាពឥតគ្រប់ល័ក្ខណ៍និងប្រព្រឹត្តខុស យើងក៏អាចជាអ្នកឈ្នះដែរ។—ទំនុកដំកើង ១៣០:៣, ៤
១៤. សូមអានអេភេសូរ ៦:១៣-១៧ និងប្រើសំនួរនិងបទគម្ពីរដែលបានកត់ទុកក្នុងវគ្គនេះ ជាមូលដ្ឋាននៃការពិគ្រោះប្រយោជន៍ពីផ្នែកនិមួយៗនៃគ្រឿងសឹកខាងវិញ្ញាណ។
១៤ ដើម្បីឲ្យបានជោគជ័យ យើងត្រូវតែពាក់ «គ្រប់គ្រឿងសឹករបស់ព្រះ» និងមិនត្រូវពាក់ដោយខ្វះផ្នែកណាមួយសោះឡើយ។ សូមបើកព្រះគម្ពីររបស់អ្នកទៅអេភេសូរ ៦:១៣-១៧ និងអានការរៀបរាប់នៃគ្រឿងសឹកនោះ។ រួចមក ដោយឆ្លើយសំនួរនៅខាងក្រោម សូមពិនិត្យមើលនូវរបៀបដែលអ្នកអាចទទួលប្រយោជន៍ ពីការពាក់គ្រឿងសឹកនិមួយៗ។
«ដោយក្រវាត់សេចក្ដីពិតនៅចង្កេះ»
ទោះជាយើងស្គាល់សេចក្ដីពិតក៏ដោយ តើការសិក្សាជាទៀងទាត់ ការរំពឹងគិតលើសេចក្ដីពិតខាងព្រះគម្ពីរ និងការទៅប្រជុំការពារយើងយ៉ាងដូចម្ដេច? (កូរិនថូសទី១ ១០:១២, ១៣; កូរិនថូសទី២ ១៣:៥; ភីលីព ៤:៨, ៩)
«ពាក់សេចក្ដីសុចរិតទុកជាប្រដាប់បាំងដើមទ្រូង»
តើនេះជាខ្នាតតម្រានៃសេចក្ដីសុចរិតរបស់អ្នកណា? (វិវរណៈ ១៥:៣)
សូមពន្យល់នូវរបៀបដែលការអាក់ខានធ្វើតាមខ្នាតតម្រាដ៏សុចរិតរបស់ព្រះយេហូវ៉ា អាចនាំឲ្យមានគ្រោះថ្នាក់ខាងវិញ្ញាណ។ (ចោទិយកថា ៧:៣, ៤; សាំយូអែលទី១ ១៥:២២, ២៣)
«ទាំងពាក់សេចក្ដីប្រុងប្រៀបរបស់ដំណឹងល្អនៃសេចក្ដីសុខសាន្ត ទុកជាស្បែកជើង»
បើយើងជាប់រវល់និយាយប្រាប់អ្នកដទៃអំពីសំវិធានការរបស់ព្រះចំពោះសេចក្ដីសុខសាន្តនោះ តើនេះការពារយើងយ៉ាងដូចម្ដេច? (ទំនុកដំកើង ៧៣:២, ៣; រ៉ូម ១០:១៥; ធីម៉ូថេទី១ ៥:១៣)
«សេចក្ដីជំនឿទុកជាខែល»
ប្រសិនបើយើងមានជំនឿដ៏រឹងមាំ តើយើងនឹងមានប្រតិកម្មយ៉ាងណា ពេលប្រឈមមុខនឹងអ្វីដែលខំធ្វើឲ្យយើងមានចិត្តសង្ស័យឬខ្លាចនោះ? (ពង្សាវតារក្សត្រទី២ ៦:១៥-១៧; ធីម៉ូថេទី២ ១:១២)
«សេចក្ដីសង្គ្រោះទុកជាមួកសឹក»
តើតាមរបៀបណាដែលសេចក្ដីសង្ឃឹមអំពីសេចក្ដីសង្គ្រោះ ជួយបុគ្គលម្នាក់ឲ្យជៀសវាងពីការជាប់អន្ទាក់ ដោយការខ្វល់ខ្វាយហួសហេតុពេកអំពីទ្រព្យសម្បត្ដិ? (ធីម៉ូថេទី១ ៦:៧-១០, ១៩)
«ដាវរបស់ព្រះវិញ្ញាណ»
តើយើងគួរទុកចិត្តលើអ្វីជានិច្ច ពេលតទល់នឹងអ្វីដែលប្រឆាំងនឹងភាពខាងវិញ្ញាណរបស់យើងឬរបស់អ្នកដទៃនោះ? (ទំនុកដំកើង ១១៩:៩៨; សុភាសិត ៣:៥, ៦; ម៉ាថាយ ៤:៣, ៤)
តើអ្វីទៀតគឺចាំបាច់ក្នុងសង្គ្រាមខាងវិញ្ញាណរបស់យើង? តើយើងត្រូវប្រើប៉ុន្មានដង? តើយើងត្រូវប្រើសំរាប់ប្រយោជន៍អ្នកណា? (អេភេសូរ ៦:១៨, ១៩)
១៥. តើយើងអាចប្រយុទ្ធយ៉ាងដូចម្ដេចក្នុងសង្គ្រាមខាងវិញ្ញាណ?
១៥ ជាទាហាននៃព្រះគ្រីស្ទ យើងមានចំណែកក្នុងកងទ័ពយ៉ាងធំ ដែលកំពុងតែជាប់ក្នុងចម្បាំងខាងវិញ្ញាណ។ ប្រសិនបើយើងប្រុងប្រយ័ត្ន និងប្រើគ្រប់គ្រឿងសឹកពីព្រះយ៉ាងមានប្រយោជន៍ នោះយើងនឹងមិនមានគ្រោះថ្នាក់ក្នុងសង្គ្រាមនេះឡើយ។ ផ្ទុយទៅវិញ យើងនឹងជួយផ្ដល់ជាកម្លាំងចិត្តដល់អ្នកបំរើឯទៀតរបស់ព្រះ។ យើងនឹងប្រុងប្រៀបចូលប្រយុទ្ធដោយចិត្តខ្នះខ្នែង ក្នុងការប្រកាសដំណឹងល្អអំពីព្រះរាជាណាចក្រនៃព្រះមេស្ស៊ី ជារដ្ឋាភិបាលនៅស្ថានសួគ៌ដែលសាតាំងប្រឆាំងយ៉ាងឃោរឃៅនោះ។
ការពិគ្រោះសាឡើងវិញ
• ហេតុអ្វីបានជាអ្នកថ្វាយបង្គំព្រះយេហូវ៉ា កាន់អព្យាក្រឹតទាំងស្រុងស្តីអំពីជម្លោះក្នុងពិភពលោកនេះ?
• តើអ្វីខ្លះជាកលល្បិចដែលសាតាំងប្រើ ដើម្បីនាំឲ្យពួកគ្រីស្ទានអន្តរាយខាងវិញ្ញាណនោះ?
• តើតាមរបៀបណា ដែលគ្រឿងសឹកខាងវិញ្ញាណពីព្រះ ការពារយើងក្នុងសង្គ្រាមខាងវិញ្ញាណនេះ?
[រូបភាពនៅទំព័រ៧៦]
សាសន៍ទាំងឡាយកំពុងតែត្រូវប្រមូលឲ្យចូលទៅក្នុងសង្គ្រាមអើម៉ាគេដូន