ពួកហ្វូងធំថ្វាយកិច្ចបំរើបរិសុទ្ធ
«ពួកគេថ្វាយកិច្ចបំរើបរិសុទ្ធទៅទ្រង់ ទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ទ្រង់»។—វិវរណៈ ៧:១៥, ព.ថ.
១. តើចំណុចដ៏សំខាន់មួយណានៃការយល់ខាងវិញ្ញាណដែលបានបំភ្លឺឡើងក្នុងឆ្នាំ១៩៣៥?
នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៣៥ ជាគ្រាដែលមានអំណរយ៉ាងក្រៃលែងក្នុងចំណោមពួកប្រតិភូ នៅឯមហាសន្និបាតនៃស្មរបន្ទាល់ព្រះយេហូវ៉ានៅក្រុងវ៉ាស៊ីនតោន។ នៅទីនោះ មនុស្សជាច្រើនអនេក (ឬពួកហ្វូងធំ) នៃវិវរណៈ ៧:៩ ត្រូវបានសម្គាល់យ៉ាងច្បាស់ជាលើកដំបូង ដែលសមស្របនឹងព្រះគម្ពីរទាំងមូល ហើយស្របគ្នានឹងព្រឹត្ដិការណ៍ដែលបានចាប់ផ្ដើមលាតត្រដាងឡើង។
២. តើអ្វីដែលបានបង្ហាញថាមនុស្សមួយចំនួនច្រើនបានដឹងថា ព្រះមិនបានហៅពួកគេទៅនៅស្ថានសួគ៌?
២ ប្រមាណ៦សប្ដាហ៍មុននេះ នៅឯបុណ្យនៃអាហារពេលល្ងាចរបស់ព្រះអម្ចាស់ក្នុងក្រុមជំនុំស្មរបន្ទាល់ព្រះយេហូវ៉ា មានមនុស្សចំនួន១០.៦៨១នាក់បានមក ហើយ(ប្រមាណ១ក្នុង៦នាក់) ពុំបានទទួលទាននំប៉័ងនិងស្រាជាវត្ថុនិមិត្តរូបនោះទេ ហើយក្នុងចំណោមពួកនេះ មាន៣.៦៨៨នាក់ ជាអ្នកប្រកាសព្រះរាជាណាចក្ររបស់ព្រះដ៏សកម្ម។ ហេតុអ្វីក៏ពួកគេមិនទទួលទានវត្ថុជានិមិត្តរូបនោះ? ពីព្រោះទៅលើមូលដ្ឋាននៃអ្វីៗដែលពួកគេបានរៀនពីព្រះគម្ពីរ ពួកគេបានដឹងថា ព្រះមិនបានហៅពួកគេទៅនៅស្ថានសួគ៌ទេ ប៉ុន្តែពួកគេដឹងថា គេអាចចូលរួមក្នុងសំវិធានការផ្សេងទៀតដ៏ជាទីស្រឡាញ់របស់ព្រះយេហូវ៉ា។ ដូច្នេះ នៅឯមហាសន្និបាតនោះ នៅពេលដែលអ្នកថ្លែងសុន្ទរកថាបានសួរថា៖ «សូមឲ្យក្រោកឈរឡើង ចំពោះអស់អ្នកណាដែលមានសេចក្ដីសង្ឃឹមរស់នៅជានិរន្តរ៍នៅលើផែនដី» តើមានអ្វីកើតឡើង? មនុស្សរាប់ពាន់នាក់បានក្រោកឈរឡើង ហើយជាបន្ទាប់ ពួកអ្នកស្ដាប់បានស្រែកហ៊ោអបអរយ៉ាងយូរ។
៣. ហេតុអ្វីក៏ការសម្គាល់ពួកហ្វូងធំជាគ្រឿងលើកទឹកចិត្តជាថ្មីចំពោះកិច្ចការផ្សាយ ហើយតើពួកស្មរបន្ទាល់មានអារម្មណ៍យ៉ាងណាដែរចំពោះរឿងនេះ?
៣ អ្វីដែលប្រតិភូបានរៀននៅឯមហាសន្និបាតនោះ ជាគ្រឿងលើកទឹកចិត្តជាថ្មីវិញដល់កិច្ចការផ្សាយរបស់គេ។ ពួកគេបានយល់ដឹងថា ឥឡូវនេះ មុននឹងទីបញ្ចប់នៃសម័យចាស់នេះ មនុស្សជាច្រើនអនេក មិនមែនមានតែបីបួនពាន់នាក់ប៉ុណ្ណោះទេ ដែលនឹងមានឱកាសចូលក្នុងការរៀបចំរបស់ព្រះយេហូវ៉ាសំរាប់សង្គ្រោះជីវិត ដោយមានសេចក្ដីសង្ឃឹមរស់នៅជានិរន្តរ៍នៅលើផែនដីមនោរម្យ។ នេះជាសារគួរឲ្យលើកទឹកចិត្តណាស់ ដែលបានថ្លែងប្រាប់នៅកន្លែងនោះ ដល់ពួកអ្នកដែលស្រឡាញ់សេចក្ដីពិត! ស្មរបន្ទាល់ព្រះយេហូវ៉ាបានដឹងថា គឺមានកិច្ចការធ្វើជាច្រើនណាស់—ជាកិច្ចការដ៏សប្បាយរីករាយ។ ជាច្រើនឆ្នាំក្រោយមក លោកចនប៊ុត ដែលបានទៅជាសមាជិកម្នាក់នៃគណៈអភិបាលបាននឹកចាំថា៖ «សន្និបាតនោះបានធ្វើឲ្យយើងមានសេចក្ដីរីករាយណាស់»។
៤. (ក) តាំងពីឆ្នាំ១៩៣៥មក តើការប្រមូលពួកហ្វូងធំបានឡើងកំរិតណាហើយ? (ខ) តើតាមរបៀបណាដែលពួកហ្វូងធំទាំងនោះ ផ្ដល់ទីសំអាងថាពួកគេមានជំនឿដ៏សកម្មនោះ?
៤ ក្នុងកំឡុងជាច្រើនឆ្នាំក្រោយមក ចំនួនស្មរបន្ទាល់ព្រះយេហូវ៉ាបានកើនឡើងយ៉ាងច្រើនក្រៃលែង។ ទោះបីជាមានការបៀតបៀនដ៏ឃោរឃៅលើពួកគេក្នុងកំឡុងសង្គ្រាមលោកលើកទី២ក្ដី ចំនួននៅតែបានកើនឡើងមួយជាបីក្នុងមួយទសវត្ស។ ហើយពួកអ្នកផ្សាយដែលមានចំនួន៥៦.១៥៣នាក់ ដែលបានធ្វើបន្ទាល់ជាសាធារណៈក្នុងឆ្នាំ១៩៣៥ មកដល់ឆ្នាំ១៩៩៤ អ្នកផ្សាយព្រះរាជាណាចក្របានកើនឡើងជាង៤.៩០០.០០០នាក់ក្នុងជាង២៣០ប្រទេស។ ពួកគេជាច្រើនសង្ឃឹមរង់ចាំយ៉ាងខ្នះខ្នែង ដើម្បីឲ្យបានចូលក្នុងចំណោមពួកអ្នកដែលព្រះយេហូវ៉ាយល់ព្រម ដែលនឹងទទួលជីវិតដ៏ល្អឥតខ្ចោះនៅលើផែនដីមនោរម្យ។ ពួកគេពិតជាមនុស្សហ្វូងធំមែន បើប្រៀបធៀបនឹងពួកហ្វូងតូចនោះ។ ពួកគេមិនមែនជាមនុស្សដែលនិយាយថា ពួកគេមានជំនឿ ប៉ុន្តែមិនមានទីសំអាងនោះទេ។ (យ៉ាកុប ១:២២; ២:១៤-១៧) ពួកគេទាំងអស់គ្នាចូលរួមផ្សាយដំណឹងល្អជាមួយអ្នកដទៃ អំពីព្រះរាជាណាចក្ររបស់ព្រះ។ តើអ្នកជាបុគ្គលម្នាក់នៃមនុស្សដ៏សប្បាយរីករាយនោះទេ? ការធ្វើជាស្មរបន្ទាល់ដ៏សកម្មម្នាក់ ជាទីសម្គាល់ដ៏សំខាន់មួយ តែនេះជាប់ទាក់ទងជាច្រើនទៀត។
«ឈរនៅមុខបល្ល័ង្ក»
៥. តើការ«ឈរនៅមុខបល្ល័ង្ក»ចង្អុលប្រាប់អ្វីខ្លះ?
៥ នៅក្នុងចក្ខុនិមិត្តដែលបានផ្ដល់ទៅឲ្យសាវ័កយ៉ូហាន លោកបានឃើញពួកគេ«ឈរនៅមុខបល្ល័ង្កនឹងកូនចៀម»។ (វិវរណៈ ៧:៩) ពួកគេឈរនៅមុខបល្ល័ង្កនៃព្រះ ដូចបានរៀបរាប់ក្នុងបរិបទនេះ ចង្អុលប្រាប់ថាគេទទួលស្គាល់អធិបតេយ្យភាពរបស់ព្រះយេហូវ៉ាទាំងស្រុង។ នេះរួមបញ្ចូលជាច្រើនទៀត ជាឧទាហរណ៍៖ (១) ពួកគេទទួលស្គាល់សិទ្ធិរបស់ព្រះយេហូវ៉ាក្នុងការសម្រេចអ្វីដែលល្អនិងអ្វីដែលអាក្រក់សំរាប់ពួកអ្នកបំរើរបស់ទ្រង់។ (លោកុប្បត្តិ ២:១៦, ១៧; អេសាយ ៥:២០, ២១) (២) ពួកគេស្ដាប់ព្រះយេហូវ៉ាកាលដែលទ្រង់មានបន្ទូលដល់គេតាមរយៈពាក្យបន្ទូលរបស់ទ្រង់។ (ចោទិយកថា ៦:១-៣; ពេត្រុសទី២ ១:១៩-២១) (៣) ពួកគេទទួលស្គាល់នូវសារៈសំខាន់នៃការចុះចូលដល់អស់អ្នកដែលព្រះយេហូវ៉ាបានប្រគល់ឲ្យមើលត្រួតត្រា។ (កូរិនថូសទី១ ១១:៣; អេភេសូរ ៥:២២, ២៣; ៦:១-៣; ហេព្រើរ ១៣:១៧) (៤) ថ្វីបើមានខ្ចោះ ពួកគេខំព្យាយាមខ្នះខ្នែងធ្វើតាមការណែនាំនៃព្រះធិបតេយ្យ មិនមែនដោយទទើសទទែងទេ តែដោយស្ម័គ្រពីចិត្ត។ (សុភាសិត ៣:១; យ៉ាកុប ៣:១៧, ១៨) ពួកគេនៅមុខបល្ល័ង្កដើម្បីថ្វាយកិច្ចបំរើបរិសុទ្ធទៅព្រះយេហូវ៉ា ដែលគេមានសេចក្ដីគោរពនិងសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅ។ ក្នុងករណីនៃពួកហ្វូងធំ គេ«ឈរ»នៅមុខបល្ល័ង្ក បញ្ជាក់នូវការយល់ព្រមពីបុគ្គលដែលអង្គុយនៅលើបល្ល័ង្ក។ (ប្រៀបធៀប វិវរណៈ ៦:១៦, ១៧) តើបានយល់ព្រមទៅលើមូលដ្ឋានអ្វី?
«ពាក់អាវសវែង»
៦. (ក) តើមានន័យយ៉ាងណាដែលពួកហ្វូងធំ«ពាក់អាវសវែង»នោះ? (ខ) តើតាមរបៀបណាដែលពួកហ្វូងធំមានឋានៈសុចរិតនៅពីមុខព្រះយេហូវ៉ា? (គ) តើជំនឿក្នុងការបង្ហូរឈាមរបស់ព្រះគ្រីស្ទមានឥទ្ធិពលលើជីវិតនៃពួកហ្វូងធំដល់កំរិតណា?
៦ ការរៀបរាប់របស់សាវ័កយ៉ូហាននូវអ្វីៗដែលលោកបានឃើញ បានបង្ហាញថាពួកសមាជិកនៃពួកហ្វូងធំនេះបាន«ពាក់អាវសវែង»។ អាវសវែងនោះជាតំណាងឋានៈដ៏ស្អាត សុចរិតរបស់គេនៅពីមុខព្រះយេហូវ៉ា។ តើពួកគេបានទទួលឋានៈក៏ល្អបែបនេះតាមរបៀបណា? យើងបានឃើញរួចហើយ ថាក្នុងចក្ខុនិមិត្តរបស់លោកយ៉ូហាន ពួកគេបានឈរ‹នៅមុខកូនចៀម›។ ពួកគេទទួលស្គាល់ព្រះយេស៊ូគ្រីស្ទជា«កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក»។ (យ៉ូហាន ១:២៩) នៅក្នុងចក្ខុនិមិត្ត យ៉ូហានបានឃើញអ្នកចាស់ទុំម្នាក់នៅឯបល្ល័ង្ករបស់ព្រះពន្យល់ថា៖ «គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម ហេតុនោះបានជាគេស្ថិតនៅចំពោះបល្ល័ង្កព្រះ»។ (វិវរណៈ ៧:១៤, ១៥) ជាអត្ថបដិរូប ពួកគេបានបោកអាវរបស់គេដោយអនុវត្តជំនឿក្នុងឈាមលោះរបស់ព្រះគ្រីស្ទ។ ពួកគេមិនគ្រាន់តែយល់ព្រមខាងគំនិតទៅនឹងសេចក្ដីបង្រៀននៃព្រះគម្ពីរអំពីការលោះប៉ុណ្ណោះទេ។ ការអបអរអំពីរឿងនេះមានឥទ្ធិពលលើគេជាបុគ្គលប្រភេទណានៅខាងក្នុង ដូច្នេះហើយ ពួកគេអនុវត្តជំនឿពី«ក្នុងចិត្ត»។ (រ៉ូម ១០:៩, ១០) នេះគឺមានឥទ្ធិពលដ៏វែងឆ្ងាយលើអ្វីៗដែលគេធ្វើក្នុងជីវិតរបស់គេ។ ដោយមានជំនឿ ពួកគេបានថ្វាយខ្លួនគេទៅព្រះយេហូវ៉ាលើមូលដ្ឋាននៃយញ្ញបូជារបស់ព្រះគ្រីស្ទ ហើយតំណាងការថ្វាយខ្លួននោះ ដោយការជ្រមុជទឹក រួចរស់នៅឲ្យសមស្របនឹងការថ្វាយខ្លួនរបស់គេ។ ដូច្នេះហើយបានជាគេមានទំនាក់ទំនងជាមួយព្រះដែលទ្រង់បានយល់ព្រមនោះ។ នេះជាឯកសិទ្ធិដ៏ល្អមែន—គឺជាអ្វីដែលត្រូវការពារឲ្យបានប្រយ័ត្នប្រយែង!—កូរិនថូសទី២ ៥:១៤, ១៥
៧, ៨. តើតាមរបៀបណាដែលអង្គការរបស់ព្រះយេហូវ៉ាបានជួយពួកហ្វូងធំឲ្យរក្សាសំលៀកបំពាក់របស់គេឲ្យឥតសៅហ្មង?
៧ ដោយមានសេចក្ដីស្រឡាញ់និងសេចក្ដីខ្វល់ខ្វាយចំពោះសុខុមាលភាពរបស់គេ អង្គការរបស់ព្រះយេហូវ៉ាបានចង្អុលប្រាប់ជាញយៗថា អាកប្បកិរិយានិងចរិយាដែលមានស្នាម ឬធ្វើឲ្យមិនស្អាតដល់អាវនៃអត្ថសញ្ញាណកម្ម នោះធ្វើឲ្យបុគ្គលម្នាក់ពុំអាចសមនឹងពិពណ៌នានៃទំនាយនៅវិវរណៈ ៧:៩, ១០ឡើយ ទោះបីជាអាការក្រៅមើលឃើញល្អក្ដី។ (ពេត្រុសទី១ ១:១៥, ១៦) ក្នុងការបញ្ជាក់នូវអ្វីៗដែលបានបោះពុម្ពមុនៗហើយនោះ នៅឆ្នាំ១៩៤១និងក្រោយមក ទស្សនាវដ្ដីប៉មយាមបានបង្ហាញជាញយៗថា ជាការដ៏មិនត្រឹមត្រូវទេ ក្នុងការផ្សាយទៅអ្នកដទៃ ហើយក្រោយមក កាន់ចរិយាដូចជាការប្រព្រឹត្តសហាយស្មន់ឬកំផិតនោះ។ (ថែស្សាឡូនីចទី១ ៤:៣; ហេព្រើរ ១៣:៤) នៅឆ្នាំ១៩៤៧ត្រូវបានបញ្ជាក់ថា បមាណីយនៃព្រះយេហូវ៉ាចំពោះការរៀបការរបស់គ្រីស្ទានគឺជាប់ទាក់ទិនគ្រប់ប្រទេស ទោះជាទំនៀមទំលាប់នៅប្រទេសនោះជាយ៉ាងណាក្ដី។ អស់ពួកអ្នកដែលបន្តការប្រព្រឹត្តពហុពន្ធភាពមិនអាចទៅជាស្មរបន្ទាល់ព្រះយេហូវ៉ាបានទេ។—ម៉ាថាយ ១៩:៤-៦; ទីតុស ១:៥, ៦
៨ នៅឆ្នាំ១៩៧៣ ស្មរបន្ទាល់ព្រះយេហូវ៉ានៅពេញពិភពលោកត្រូវបានបង្ហាញប្រាប់ឲ្យចៀសពីការប្រព្រឹត្តមិនស្អាត ដូចជាការជក់ថ្នាំ ថ្វីបើនៅឯណាក៏ដោយ—មិនត្រឹមតែនៅឯសាលព្រះរាជាណាចក្រឬនៅកន្លែងដើរផ្សាយប៉ុណ្ណោះ ក៏ប៉ុន្តែគឺនៅកន្លែងធ្វើការឬនៅកន្លែងដាច់ពីគេក៏ដោយ។ (កូរិនថូសទី២ ៧:១) នៅឯមហាសន្និបាតនៃស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងឆ្នាំ១៩៨៧ យុវជនគ្រីស្ទានត្រូវបានទូន្មានយ៉ាងម៉ឺងម៉ាត់ថា ដើម្បីឲ្យនៅមានឋានៈស្អាតស្អំនៅមុខព្រះនោះ ពួកគេត្រូវចៀសវាងពីការរស់នៅដែលប្រកបដោយជីវិតពីរ។ (ទំនុកដំកើង ២៦:១, ៤) ម្ដងហើយម្ដងទៀត ទស្សនាវដ្ដីប៉មយាមបានព្រមានពីទិដ្ឋភាពផ្សេងៗនៃគតិនៃលោកីយ៍នេះ ពីព្រោះ«សាសនាដែលបរិសុទ្ធ ហើយឥតសៅហ្មង នៅចំពោះព្រះដ៏ជាព្រះវរបិតា»គឺរួមបញ្ចូលទាំងការរក្សាខ្លួនយើង«មិនឲ្យប្រឡាក់ដោយលោកីយនេះឡើយ»។—យ៉ាកុប ១:២៧
៩. តើពួកណាពិតជាមានឋានៈដែលព្រះយល់ព្រមនៅពីមុខបល្ល័ង្ករបស់ទ្រង់ក្រោយពីសេចក្ដីវេទនាជាខ្លាំងនោះ?
៩ ពួកអ្នកដែលជំនឿរបស់គេជំរុញឲ្យគេរស់នៅតាមរបៀបដែលរក្សាការស្អាតខាងវិញ្ញាណនិងខាងសីលធម៌ ដែលនឹងអាច«ឈរនៅមុខបល្ល័ង្ក»ជាពួកអ្នកបំរើដែលព្រះបានសព្វព្រះហឫទ័យ ក្រោយពីសេចក្ដីវេទនាជាខ្លាំងដែលនឹងមាននៅខាងមុខនេះ។ ពួកទាំងនេះជាមនុស្ស ដែលមិនគ្រាន់តែចាប់ផ្ដើមតាមជីវភាពគ្រីស្ទាន ក៏ប៉ុន្តែបានខំព្យាយាមយ៉ាងស្មោះត្រង់។—អេភេសូរ ៤:២៤
«កាន់ធាងចាកនៅដៃ»
១០. តើធាងចាកដែលលោកយ៉ូហានបានឃើញពួកហ្វូងធំកាន់នោះ មានសារៈសំខាន់យ៉ាងណាដែរ?
១០ ក្នុងចំណោមទិដ្ឋភាពដ៏អស្ចារ្យនៃពួកហ្វូងធំ ដូចជាលោកយ៉ូហានបានសង្កេតឃើញនោះ គឺថាពួកគេ«កាន់ធាងចាកនៅដៃ»។ តើមានសារៈសំខាន់យ៉ាងណាដែរ? ធាងចាកគឺច្បាស់ជារំឭកយ៉ូហានអំពីបុណ្យនៃរោងឧបោសថនៃសាសន៍យូដា ដែលជាបុណ្យដ៏សប្បាយបំផុតក្នុងប្រក្រតិទិនរបស់ពួកហេព្រើរ ដែលប្រារព្ធឡើងក្រោយពីរដូវច្រូតនៃខែក្ដៅ។ ក្នុងការស្របជាមួយនឹងច្បាប់ ធាងចាកនិងមែកពីដើមឈើឯទៀតបានយកមកប្រើដើម្បីធ្វើតូបរស់នៅក្នុងកំឡុងបុណ្យ។ (លេវីវិន័យ ២៣:៣៩-៤០; នេហេមា ៨:១៤-១៨) ហើយពួកថ្វាយបង្គំនៅឯព្រះវិហារក៏បានយកមកគ្រវី ក្នុងកំឡុងច្រៀងនៃហាឡែលនៅ(ទំនុកដំកើង ១១៣-១១៨) ការគ្រវីធាងចាកដោយពួកហ្វូងធំច្បាស់ជារំឭកយ៉ូហាននៅគ្រាដែលព្រះយេស៊ូបានយាងទៅក្រុងយេរូសាឡិម កាលដែលពួកអ្នកថ្វាយបង្គំបានគ្រវីធាងចាកយ៉ាងរីករាយ ហើយបានបន្លឺសម្លេងថា៖ «ព្រះអង្គដែលយាងមកដោយព្រះនាមព្រះអម្ចាស់ គឺជាស្តេចនៃសាសន៍អ៊ីស្រាអែល ទ្រង់ប្រកបដោយព្រះពរ»។ (យ៉ូហាន ១២:១២, ១៣) ដូច្នេះ ការគ្រវីធាងចាកបញ្ជាក់ថាពួកហ្វូងធំទទួលអបអរសាទរយ៉ាងរីករាយដល់ព្រះរាជាណាចក្ររបស់ព្រះយេហូវ៉ា និងស្តេចដែលបានតែងតាំងមករបស់ទ្រង់។
១១. ហេតុអ្វីក៏ពួកអ្នកបំរើរបស់ព្រះពិតជាមានអំណរក្នុងការបំរើព្រះយេហូវ៉ានោះ?
១១ សូម្បីតែឥឡូវនេះ ក៏ពួកហ្វូងធំបញ្ចេញឲ្យឃើញនូវគតិនៃអំណរនេះដែរ កាលដែលគេបំរើព្រះយេហូវ៉ា។ នេះមិនមានសេចក្ដីថា ពួកគេមិនជួបប្រទះសេចក្ដីលំបាកវេទនា ឬពួកគេមិនពិសោធនូវការទុក្ខព្រួយឬការឈឺចាប់នោះឡើយ។ ប៉ុន្តែ សេចក្ដីស្កប់ស្កល់ដែលមានមកពីការបំរើព្រះយេហូវ៉ា ហើយការគាប់ព្រះហឫទ័យទ្រង់ បានជួយពួកគេឲ្យស៊ូទ្រាំសេចក្ដីទាំងនោះ។ ដូច្នេះហើយ សាសនទូតម្នាក់ដែលបានបំរើព្រះជាមួយប្ដីរបស់នាងអស់រយៈ៤៥ឆ្នាំមកហើយនៅប្រទេសគួតេម៉ាឡា បានរៀបរាប់ប្រាប់អំពីស្ថានការណ៍ដ៏ពិបាកដែលនៅជុំវិញពួកគេ អំពីការខំប្រឹងធ្វើការ ហើយការធ្វើដំណើរដែលអាចមានគ្រោះថ្នាក់ ដែលជាផ្នែកមួយនៃជីវភាពរបស់គេ កាលដែលពួកគេខំព្យាយាមយកសារព្រះរាជាណាចក្រទៅមនុស្សនៅភូមិអ្នកស្រុកដើម។ នាងបានសន្និដ្ឋានថា៖ «នោះជាគ្រានៃជីវិតរបស់យើង ដែលយើងបានមានចិត្តសប្បាយរីករាយយ៉ាងក្រៃលែង»។ ថ្វីបើអាយុចាស់ជរានិងជម្ងឺបានមានឥទ្ធិពលមកលើនាងក្ដី ក្នុងចំណោមពាក្យចុងក្រោយបង្អស់ក្នុងកំណត់ប្រចាំថ្ងៃរបស់នាង ដែលនាងបានសរសេរទុកនោះ៖ «គឺជាជីវិតដ៏ល្អ ហើយគួរឲ្យស្កប់ស្កល់ផង»។ ស្មរបន្ទាល់ព្រះយេហូវ៉ាមានអារម្មណ៍ដូចគ្នាក្នុងកិច្ចបំរើរបស់គេនៅជុំវិញពិភពលោក។
«កិច្ចបំរើបរិសុទ្ធទាំងយប់ទាំងថ្ងៃ»
១២. មិនថានៅពេលថ្ងៃឬយប់ តើព្រះយេហូវ៉ាទតឃើញអ្វីនៅលើផែនដីនេះ?
១២ ពួកអ្នកថ្វាយបង្គំដ៏រីករាយទាំងនេះ ថ្វាយទៅព្រះយេហូវ៉ានូវ«កិច្ចបំរើបរិសុទ្ធទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ទ្រង់»។ (វិវរណៈ ៧:១៥, ព.ថ.) នៅជុំវិញពិភពលោក មនុស្សរាប់លាននាក់កំពុងតែចូលរួមក្នុងការថ្វាយកិច្ចបំរើបរិសុទ្ធនេះ។ កាលដែលនៅប្រទេសខ្លះជាពេលយប់ ហើយមនុស្សកំពុងតែសម្រាន្តនោះ នៅប្រទេសឯទៀតគឺជាពេលថ្ងៃ ហើយស្មរបន្ទាល់ព្រះយេហូវ៉ាកំពុងតែរវល់ដើរផ្សាយ។ កាលដែលផែនដីវិលជុំវិញទាំងយប់ទាំងថ្ងៃជានិច្ចនោះ ពួកគេក៏កំពុងតែច្រៀងសរសើរដល់ព្រះយេហូវ៉ាដែរ។ (ទំនុកដំកើង ៨៦:៩) ប៉ុន្តែ កិច្ចបំរើទាំងយប់ទាំងថ្ងៃនៅវិវរណៈ ៧:១៥នេះ គឺរឹតតែមានជាប់ផ្ទាល់ខ្លួនទៅទៀត។
១៣. តើតាមរបៀបណាដែលព្រះគម្ពីរចង្អុលប្រាប់ថាកិច្ចបំរើ«ទាំងយប់ទាំងថ្ងៃ»មានន័យយ៉ាងណានោះ?
១៣ ពួកបុគ្គលដែលរួមគ្នាជាពួកហ្វូងធំ ថ្វាយកិច្ចបំរើបរិសុទ្ធទាំងយប់ទាំងថ្ងៃ។ តើនេះមានន័យថា អ្វីៗដែលគេធ្វើត្រូវបានគិតថាជាកិច្ចបំរើបរិសុទ្ធឬ? មែនហើយ អ្វីៗដែលគេធ្វើ ពួកគេរៀនធ្វើតាមរបៀបដែលផ្ដល់កិត្ដិយសដល់ព្រះយេហូវ៉ា។ (កូរិនថូសទី១ ១០:៣១; កូល៉ុស ៣:២៣) ប៉ុន្តែ «កិច្ចបំរើបរិសុទ្ធ»គឺជាប់ទាក់ទងតែនឹងការថ្វាយបង្គំរបស់បុគ្គលម្នាក់ចំពោះព្រះទេ។ ការជាប់រវល់ក្នុងសកម្មភាព«ទាំងយប់ទាំងថ្ងៃ»បញ្ជាក់នូវភាពទៀងទាត់ឬភាពឥតអាក់ខាន ហើយព្រមទាំងការខំខ្នះខ្នែងផង។—ប្រៀបធៀប យ៉ូស្វេ ១:៨; លូកា ២:៣៧; កិច្ចការ ២០:៣១; ថែស្សាឡូនីចទី២ ៣:៨
១៤. តើអ្វីខ្លះដែលធ្វើឲ្យកិច្ចផ្សាយផ្ទាល់ខ្លួនរបស់យើង សមនឹងការរៀបរាប់នៃកិច្ចបំរើ«ទាំងយប់ទាំងថ្ងៃ»នោះ?
១៤ ដូច្នេះ កាលដែលពួកគេបំរើក្នុងទីធ្លានៅលើផែនដីនៃព្រះវិហារខាងវិញ្ញាណដ៏ធំរបស់ព្រះយេហូវ៉ានោះ ពួកអ្នកដែលរួមគ្នាជាពួកហ្វូងធំខំប្រឹងចូលរួមក្នុងកិច្ចផ្សាយយ៉ាងទៀងទាត់និងដោយឥតអាក់ខាន។ ពួកគេជាច្រើនមានគោលបំណងដើម្បីនឹងចូលរួមក្នុងកិច្ចផ្សាយជារៀងរាល់សប្ដាហ៍។ រីឯអ្នកផ្សេងទៀតខំប្រឹងដើម្បីឲ្យបានទៅជាអ្នកត្រួសត្រាយពេញពេលឬជាអ្នកត្រួសត្រាយជំនួយ។ ពួកអ្នកទាំងនេះតែងតែជាប់រវល់ផ្សាយនៅតាមផ្លូវ និងក្នុងហាងពីព្រលឹមស្រាង។ ដើម្បីនឹងតម្រូវចិត្តនៃពួកអ្នកចូលចិត្ត ស្មរបន្ទាល់ខ្លះបង្រៀនព្រះគម្ពីររហូតដល់យប់ជ្រៅ។ ពួកគេធ្វើបន្ទាល់នៅពេលទៅទិញអីវ៉ាន់ នៅពេលធ្វើដំណើរ ក្នុងកំឡុងពេលបរិភោគអាហារថ្ងៃត្រង់ ព្រមទាំងតាមទូរស័ព្ទផង។
១៥. ក្រៅពីកិច្ចផ្សាយ តើមានអ្វីទៀតដែលរួមបញ្ចូលក្នុងកិច្ចបំរើបរិសុទ្ធរបស់យើង?
១៥ ការចូលរួមក្នុងកិច្ចប្រជុំក្រុមជំនុំជាផ្នែកមួយនៃកិច្ចបំរើបរិសុទ្ធរបស់យើង ហើយកិច្ចការដែលទាក់ទងនឹងការសង់និងមើលថែទាំទីកន្លែងនៃសន្និបាតគ្រីស្ទានក៏ដូច្នោះដែរ។ ការខំខ្នះខ្នែងដើម្បីលើកទឹកចិត្តនិងជួយបងប្អូនប្រុសស្រីគ្រីស្ទានខាងវិញ្ញាណនិងខាងសាច់ឈាម ដើម្បីឲ្យមានសកម្មភាពក្នុងកិច្ចបំរើព្រះយេហូវ៉ា ក៏បានត្រូវរួមបញ្ចូលដែរ។ នេះគឺរួមបញ្ចូលនូវកិច្ចការនៃគណៈកម្មាធិការខាងសម្ព័ន្ធការពេទ្យរបស់យើង។ កិច្ចបំរើនៅបេតអែល ព្រមទាំងបរិចារកិច្ចស្ម័គ្រចិត្តនៅឯមហាសន្និបាតរបស់យើង គឺសុទ្ធតែជាកិច្ចបំរើបរិសុទ្ធ។ ពិតមែនហើយ នៅពេលដែលទំនាក់ទំនងរបស់យើងជាមួយព្រះយេហូវ៉ាជាការដ៏សំខាន់បំផុតក្នុងជីវិតរបស់យើងនោះ នោះនឹងបានពេញទៅដោយកិច្ចបំរើបរិសុទ្ធ។ ដូចជាព្រះគម្ពីរចែងមក ប្រជារាស្ត្ររបស់ព្រះយេហូវ៉ាថ្វាយ«កិច្ចបំរើបរិសុទ្ធទាំងយប់ទាំងថ្ងៃ» ហើយពួកគេមានអំណរយ៉ាងខ្លាំងក្នុងការធ្វើដូច្នេះ។—កិច្ចការ ២០:៣៥; ធីម៉ូថេទី១ ១:១១
‹មកពីគ្រប់សាសន៍ គ្រប់កុលសម្ព័ន្ធ គ្រប់ប្រជាជន ហើយគ្រប់ទាំងភាសា›
១៦. តើតាមរបៀបណាដែលបានបញ្ជាក់ឲ្យឃើញពិតថា ពួកហ្វូងធំចេញ«មកពីគ្រប់ទាំងសាសន៍»នោះ?
១៦ ពួកហ្វូងធំទាំងនោះគឺកំពុងតែចេញមកពីគ្រប់សាសន៍។ ព្រះមិនលំអៀងទេ ហើយសំវិធានការលោះ ដែលបានធ្វើឡើងតាមរយៈព្រះយេស៊ូគ្រីស្ទនោះ គឺមានប្រយោជន៍ដល់ពួកគេទាំងអស់ជាបរិបូរ។ នៅពេលដែលពួកហ្វូងធំបានសម្គាល់ជាលើកដំបូងពីព្រះគម្ពីរក្នុងឆ្នាំ១៩៣៥នោះ ស្មរបន្ទាល់ព្រះយេហូវ៉ាមានសកម្មភាពក្នុង១១៥ប្រទេស។ មកដល់ឆ្នាំ១៩៩០ ការស្វែងរកពួកមនុស្សដែលមានលក្ខណៈដូចចៀមបានកើនឡើងជាច្រើនប្រទេសមួយជាពីរ។—ម៉ាកុស ១៣:១០
១៧. តើកំពុងតែបានធ្វើអ្វីដែរ ដើម្បីជួយមនុស្សពីគ្រប់‹កុលសម្ព័ន្ធ គ្រប់ប្រជាជន និងគ្រប់ភាសា›ឲ្យបានចូលមកក្នុងពួកហ្វូងធំ?
១៧ ក្នុងការស្វែងរកសមាជិកនៃពួកហ្វូងធំ ស្មរបន្ទាល់ព្រះយេហូវ៉ាបានយកចិត្តទុកដាក់មិនគ្រាន់តែដល់គ្រប់សាសន៍ប៉ុណ្ណោះ ក៏ប៉ុន្តែដល់គ្រប់កុលសម្ព័ន្ធនិងគ្រប់ប្រជាជន ហើយគ្រប់ទាំងភាសាដែលនៅក្នុងសាសន៍នោះ។ ដើម្បីផ្សាយឲ្យដឹងដល់មនុស្សទាំងនេះ ស្មរបន្ទាល់បោះពុម្ពប្រកាសនវត្ថុព្រះគម្ពីរទៅជាង៣០០ភាសា។ ការនេះគឺទាក់ទងការហ្វឹកហ្វឺននិងការរក្សាក្រុមនៃពួកអ្នកដែលមានសមត្ថភាពបកប្រែ ដោយផ្ដល់នូវគ្រឿងកុំព្យូទ័រដែលអាចប្រើបានក្នុងភាសាទាំងនេះ។ គ្រាន់តែក្នុងកំឡុងប្រាំឆ្នាំកន្លងទៅនេះ មាន៣៦ភាសាត្រូវបានបកប្រែឡើង ដែលមានមនុស្សប្រមាណ៩៨.០០០.០០០នាក់និយាយភាសាទាំងនោះ។ បន្ថែមទៀតនោះ ពួកស្មរបន្ទាល់ខំប្រឹងទៅជួបមនុស្សទាំងនេះដោយផ្ទាល់ខ្លួន ដើម្បីជួយពួកគេឲ្យយល់ពាក្យបន្ទូលរបស់ព្រះ។—ម៉ាថាយ ២៨:១៩, ២០
‹ចេញពីសេចក្ដីវេទនាជាខ្លាំងមក›
១៨. (ក) នៅពេលដែលសេចក្ដីវេទនាជាខ្លាំងកើតឡើង តើពួកណានឹងបានការសង្គ្រោះ? (ខ) បន្ទាប់មក តើនឹងមានការប្រកាសដ៏សប្បាយអ្វី?
១៨ នៅពេលដែលពួកទេវតាលែងខ្យល់នៃសេចក្ដីហិនវិនាស ដែលបានរៀបរាប់មកនៅវិវរណៈ ៧:១នោះ ពួកចាក់ប្រេងតាំងដែល«ពួកបាវបំរើនៃព្រះរបស់យើង»នឹងពិសោធនូវការការពារដ៏ស្រឡាញ់របស់ព្រះយេហូវ៉ា ហើយពួកហ្វូងធំដែលបានចូលរួមជាមួយពួកគេក្នុងការថ្វាយបង្គំពិតក៏ទ្រង់ការពារពួកគេដែរ។ ដូចជាសាវ័កយ៉ូហានបានប្រាប់មក ពួកហ្វូងធំនឹង‹ចេញពីសេចក្ដីវេទនាជាខ្លាំងមក›ជាអ្នករួចរស់ជីវិតទាំងឡាយ។ នៅពេលនោះ ពួកគេនឹងបន្លឺសម្លេងសរសើរនិងសម្ដែងកតញ្ញូធម៌ កាលដែលគេប្រកាសថា៖ «សេចក្ដីសង្គ្រោះស្រេចនូវព្រះនៃយើងរាល់គ្នា ដែលគង់លើបល្ល័ង្ក ហើយស្រេចនឹងកូនចៀមផង»! ហើយអស់ទាំងពួកអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះនៅស្ថានសួគ៌នឹងចូលរួមពួកហ្វូងធំ ដោយទូលថា៖ «អាម៉ែន សូមថ្វាយព្រះពរ សិរីល្អ ប្រាជ្ញា ពាក្យអរព្រះគុណ កិតិនាម ព្រះចេស្ដា នឹងឥទ្ធិឫទ្ធិ ដល់ព្រះនៃយើងរាល់គ្នា នៅអស់កល្បជានិច្ចរៀងរាបតទៅ អាម៉ែន»។—វិវរណៈ ៧:១០-១៤
១៩. តើក្នុងសកម្មភាពដ៏សប្បាយរីករាយណា ដែលពួកអ្នករួចរស់ជីវិតនឹងមានចិត្តខ្នះខ្នែងក្នុងការចូលរួមនោះ?
១៩ តើនៅពេលនោះនឹងសប្បាយយ៉ាងណាទៅហ្ន៎! មនុស្សគ្រប់គ្នាដែលនៅរស់នឹងបានទៅជាពួកអ្នកបំរើរបស់ព្រះពិតតែមួយ! អំណរដ៏ធំជាងគេបង្អស់នៃអំណរទាំងនេះ គឺការថ្វាយបង្គំព្រះយេហូវ៉ា។ ដូច្នេះ គឺមានកិច្ចការធ្វើជាច្រើនណាស់—ជាកិច្ចការដ៏សប្បាយរីករាយមួយ! ផែនដីនឹងក្លាយទៅជាសួនមនោរម្យ។ មនុស្សស្លាប់រាប់លាននាក់នឹងប្រោសឲ្យរស់ឡើងវិញ ហើយបន្ទាប់មក នឹងបានអប់រំឲ្យដើរតាមផ្លូវរបស់ព្រះយេហូវ៉ា។ ការចូលរួមក្នុងកិច្ចការនេះ ជាឯកសិទ្ធិដ៏សប្បាយរីករាយណាស់!
តើអ្នកនឹងពន្យល់យ៉ាងណា?
◻ តើព្រឹត្ដិការណ៍នៅឆ្នាំ១៩៣៥មានឥទ្ធិពលយ៉ាងណាទៅលើកិច្ចផ្សាយរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា?
◻ តើហេតុការណ៍ដែលពួកហ្វូងធំ«ឈរនៅមុខបល្ល័ង្ក»បានធ្វើឲ្យឃើញនូវអ្វី?
◻ តើការអបអរចំពោះឈាមនៃកូនចៀម ត្រូវមានឥទ្ធិពលលើរបៀបដែលយើងរស់នៅយ៉ាងដូចម្ដេច?
◻ តើការគ្រវីធាងចាកបានប្រាប់ឲ្យដឹងអ្វី?
◻ តើពួកហ្វូងធំថ្វាយកិច្ចបំរើបរិសុទ្ធទាំងយប់ទាំងថ្ងៃយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ១៤, ១៥]
កិច្ចបំរើបរិសុទ្ធរបស់គេបង្ហាញឲ្យឃើញនូវភាពទៀងទាត់ ការយកចិត្តទុកដាក់ និងការខំប្រឹងខ្នះខ្នែង