ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី២-៨ ខែធ្នូ
it-1-E ទំ. ៩៩៧ វ. ១
មនុស្សមួយក្រុមធំ
នេះនាំឲ្យមានសំណួរថា៖ បើ«មនុស្សមួយក្រុមធំ»នោះជាមនុស្សដែលទទួលសេចក្ដីសង្គ្រោះ ហើយពួកគេរស់នៅលើផែនដី តើយើងអាចនិយាយយ៉ាងដូចម្ដេចថាពួកគេជាមនុស្សដែល‹ឈរនៅមុខបល្ល័ង្កព្រះនិងមុខកូនចៀមនោះ›បាន? (បប. ៧:៩) ក្នុងគម្ពីរពាក្យថា‹ឈរ›ជួនកាលបានត្រូវប្រើដើម្បីបញ្ជាក់អំពីការពេញចិត្តចំពោះមនុស្សណាម្នាក់ឬក៏មនុស្សមួយក្រុម។ (ទំនុក. ១:៥; ៥:៥; សុភ. ២២:២៩; លូក. ១:១៩) តាមពិត នៅជំពូកមុនក្នុងការបើកបង្ហាញចែងថា៖ «ឯស្តេចទាំងឡាយនៅផែនដី ពួកមន្ត្រីជាន់ខ្ពស់ ពួកមេបញ្ជាការកងទ័ព ពួកអ្នកមាន ពួកអ្នកខ្លាំងពូកែ គ្រប់ទាំងខ្ញុំបម្រើនិងអស់អ្នកដែលមានសេរីភាព» បានបង្ហាញថាពួកគេបានត្រូវលាក់បាំង«ពីមុខលោកដែលអង្គុយលើបល្ល័ង្ក និងពីកំហឹងរបស់កូនចៀម ពីព្រោះថ្ងៃដ៏ធំនៃកំហឹងរបស់លោកទាំងពីរបានមកដល់ ហើយតើអ្នកណាអាចឈរបាន?»។ (បប. ៦:១៥-១៧; លូក. ២១:៣៦) តាមខនេះប្រាប់ថា«មនុស្សមួយក្រុមធំ»គឺមកពីមនុស្សដែលបានត្រូវការពារក្នុងអំឡុងថ្ងៃដ៏ធំនៃកំហឹងរបស់ព្រះ និងជាអ្នកដែលអាច«ឈរ» ក្នុងន័យថាបានទទួលការពេញចិត្តពីព្រះនិងកូនចៀម។
it-2-E ទំ. ១១២៧ វ. ៤
ទុក្ខវេទនា
ប្រហែលជា៣០ឆ្នាំ ក្រោយពីក្រុងយេរូសាឡិមបានត្រូវបំផ្លាញ សាវ័កយ៉ូហានបញ្ជាក់អំពីមនុស្សមួយក្រុមធំដែលមកពីគ្រប់ជាតិសាសន៍ គ្រប់កុលសម្ព័ន្ធ ហើយ«អ្នកទាំងនោះគឺជាអ្នកដែលចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង»។ (បប. ៧:១៣, ១៤) តាមពិតមនុស្សមួយក្រុមធំនោះដែល‹ចេញផុតពីគ្រាទុក្ខវេទនាដ៏ខ្លាំង›បង្ហាញថាពួកគេបានរួចជីវិតពីគ្រានោះ។ ដូចបានបញ្ជាក់ដោយខគម្ពីរដែលស្រដៀងនេះដែរ គឺនៅសកម្មភាព ៧:៩, ១០ថា៖ «ព្រះនៅជាមួយនឹងយ៉ូសែប ហើយបានរំដោះគាត់ឲ្យរួចពីទុក្ខវេទនាទាំងអស់ដែលគាត់មាន»។ យ៉ូសែបបានត្រូវរំដោះពីទុក្ខវេទនាទាំងអស់របស់គាត់ នេះមានន័យថា គាត់មិនគ្រាន់តែអាចស៊ូទ្រាំនឹងទុក្ខលំបាកទាំងនោះទេ តែគាត់ក៏បានរួចជីវិតពីទុក្ខលំបាកដែលគាត់ជួបប្រទះផងដែរ។
it-1-E ទំ. ៩៩៦-៩៩៧
មនុស្សមួយក្រុមធំ
ការស្គាល់ពួកគេ។ របៀបដែលសម្គាល់«មនុស្សមួយក្រុមធំ»នោះគឺបានត្រូវរៀបរាប់នៅការបើកបង្ហាញជំពូក៧ និងជំពូកឯទៀតដែលស្រដៀងគ្នា។ ការបើកបង្ហាញ ៧:១៥-១៧ រៀបរាប់អំពីព្រះថា៖ ‹លោកនឹងរៀបចំត្រសាលមួយដើម្បីការពារពួកគេ› ណែនាំពួកគេ«ទៅឯរន្ធទឹកដែលផ្ដល់ជីវិត»ហើយលោក«នឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ»។ នៅការបើកបង្ហាញ ២១:២-៤ យើងឃើញភាពស្រដៀងគ្នាដែលថា៖ ‹ត្រសាលរបស់ព្រះនៅជាមួយនឹងមនុស្សជាតិ› លោក‹ជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ›ហើយ‹សេចក្ដីស្លាប់នឹងលែងមានទៀត›។ ការបើកបង្ហាញឲ្យឃើញក្នុងគំនិតនោះ គឺមិននិយាយអំពីអ្នកដែលនៅស្ថានសួគ៌ ជា‹ក្រុងយេរូសាឡិមថ្មី›នោះទេ តែគឺសំដៅលើមនុស្សដែលរស់នៅលើផែនដី។
re-E ទំ. ១១៥ វ. ៤
ការបោះត្រាលើអ៊ីស្រាអែលនៃព្រះ
៤ ប្រាកដណាស់ ទេវតាទាំងបួននេះតំណាងឲ្យក្រុមទេវតាដែលព្រះយេហូវ៉ាប្រើដើម្បីទប់ការវិនិច្ឆ័យទោស រហូតដល់ថ្ងៃកំណត់របស់លោក។ ពេលដែលទេវតានោះបើកឲ្យខ្យល់នៃកំហឹងរបស់ព្រះឲ្យបោកបក់មកលើទិសខាងជើង ខាងត្បូង ខាងកើត និងខាងលិច នោះនឹងមានការបំផ្លិចបំផ្លាញយ៉ាងធំក្រៃលែង។ នេះនឹងស្រដៀង ពេលព្រះយេហូវ៉ាប្រើខ្យល់ទាំងបួនដើម្បីកំចាត់កំចាយស្រុកអេឡាំនៅសម័យបុរាណ ប៉ុន្តែការបំផ្លាញនឹងមានលក្ខណៈធំជាងឆ្ងាយណាស់។ (យេ. ៤៩:៣៦-៣៨) ព្យុះដ៏ធំនេះ ជាព្យុះដែលបោកបក់ខ្លាំងជាង«ព្យុះសង្ឃរា»ដែលព្រះយេហូវ៉ាបានប្រើដើម្បីបំផ្លាញជនជាតិអាំម៉ូនទៅទៀត។ (អេម. ១:១៣-១៥) គ្មានផ្នែកណាមួយនៃរបៀបរបបពិភពលោករបស់សាថាននឹងអាចធន់នៅក្នុងថ្ងៃនៃសេចក្ដីក្រោធរបស់ព្រះយេហូវ៉ាបានឡើយ។ នោះជាពេលដែលលោកបង្ហាញថាលោកមានសិទ្ធគ្រប់គ្រប់ជារៀងរហូត។—ទំនុក. ៨៣:១៥, ១៨; អេ. ២៩:៥, ៦
it-1-E ទំ. ១២
អាបាដូន
អាបាដូន ទេវតានៃទីជម្រៅ។ តើទេវតានោះជានរណា?
នៅការបើកបង្ហាញ ៩:១១ ពាក្យ«អាបាដូន»ជាឈ្មោះរបស់«ទេវតានៃទីជ្រៅបំផុត»។ ពាក្យនេះក្នុងភាសាក្រិច បានត្រូវហៅថាអាប៉ុលីយ៉ូន មានន័យថា«អ្នកបំផ្លាញ»។ នៅសតវត្សរ៍ទី១៩ មនុស្សខំប្រឹងបញ្ជាក់ថា ឈ្មោះនេះក្នុងទំនាយគម្ពីរគឺសំដៅទៅលើអធិរាជផ្សេងៗដូចជា វេស្ប៉ាសៀន មូហាម៉ាត់ ណាប៉ូលេអុង ហើយជាទូទៅគេចាត់ទុកថាទេវតានោះគឺ«សាថាន»។ គួរឲ្យសម្គាល់ នៅការបើកបង្ហាញ ២០:១-៣ ទេវតាដែលមាន«កូនសោនៃទីជ្រៅ»ជាអ្នកតំណាងឲ្យព្រះដែលនៅស្ថានសួគ៌ លោកមិនមែនជា«សាថាន»ទេ តែជាអ្នកដែលចង ហើយបោះសាថានទៅទីជ្រៅបំផុតវិញ។ បើនិយាយអំពីអ្វីដែលបានចែងនៅការបើកបង្ហាញ ៩:១១ សៀវភៅមួយបានរៀបរាប់ថា«អាបាដូន មិនមែនទេវតារបស់សាថានទេ តែជាទេវតារបស់ព្រះ លោកធ្វើការបំផ្លាញតាមការបង្គាប់ពីព្រះ»។—The Interpreter’s Bible
ក្នុងគម្ពីរភាសារហេប្រឺគឺគ្រាន់តែប្រាប់ថាអាវ៉ាដដូន(ʼavad·dohnʹ) គឺដូចគ្នានឹងពាក្យហ្ស៊ីអូលដែលមានន័យថាសេចក្ដីស្លាប់។ នៅការបើកបង្ហាញ ១:១៨ លោកយេស៊ូគ្រិស្តបានចាប់ផ្ដើមដោយពោលថា៖ «ខ្ញុំរស់ជារៀងរហូត ហើយខ្ញុំមានកូនសោនៃសេចក្ដីស្លាប់និងកូនសោនៃផ្នូរ»។ អំណាចរបស់លោកដែលជាប់ទាក់ទងនឹងទីជម្រៅ គឺបានត្រូវរៀបរាប់នៅលូកា ៨:៣១។ នៅហេប្រឺ ២:៤ បញ្ជាក់ថាលោកមានអំណាចដើម្បីបំផ្លាញ រួមទាំងសាថានផងដែរ ដោយចែងថាលោកយេស៊ូយករូបកាយជាសាច់ឈាម«ដើម្បីតាមរយៈសេចក្ដីស្លាប់របស់លោក លោកអាចបំផ្លាញចោលអ្នកដែលមានសមត្ថភាពបណ្ដាលឲ្យស្លាប់ ពោលគឺមេកំណាច»។ នៅការបើកបង្ហាញ ១៩:១១-១៦ បានចែងយ៉ាងច្បាស់ថា លោកជាអ្នកដែលព្រះបានតែងតាំងឲ្យធ្វើជាអ្នកបំផ្លាញឬជាអ្នកវិនិច្ឆ័យទោស។
ថ្ងៃទី៩-១៥ ខែធ្នូ
w១៤-E ១៥/១១ ទំ. ៣០
សំណួរពីអ្នកអាន
តើអ្នកណាជាសាក្សីទាំងពីរនាក់ដែលបានរៀបរាប់នៅការបើកបង្ហាញជំពូក១១?
ការបើកបង្ហាញ ១១:៣ បានចែងអំពីសាក្សីទាំងពីរនាក់ដែលនឹងប្រកាសទំនាយអស់១.២៦០ថ្ងៃ។ កំណត់ហេតុនោះក៏បានចែងថា សត្វសាហាវនឹង«ឈ្នះ រួចក៏សម្លាប់ពួកគេ»។ តែ«បន្ទាប់ពីបីថ្ងៃកន្លះ» សាក្សីទាំងពីរនាក់នោះនឹងរស់ឡើងវិញ នេះធ្វើឲ្យអ្នកដែលឃើញពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង។—បប. ១១:៧, ១១
តើសាក្សីទាំងពីរនាក់នេះជានរណា? តាមការរៀបរាប់ល្អិតល្អន់ក្នុងកំណត់ហេតុគម្ពីរ ជួយយើងឲ្យស្គាល់ពួកគេ។ ទី១ គម្ពីរចែងថា ពួកគេ«ត្រូវតំណាងដោយដើមអូលីវពីរដើម និងជើងចង្កៀងពីរ»។ (បប. ១១:៤) នេះជួយយើងឲ្យនឹកចាំអំពីទំនាយដែលបានត្រូវរៀបរាប់ដោយសាការីស្តីអំពីជើងចង្កៀង និងដើមអូលីវពីរដើម។ ដើមអូលីវនោះបានត្រូវប្រដូចទៅនឹង«អ្នកទាំង២ ដែលបានចាក់ប្រេងតាំង» គឺអភិបាលសូរ៉ូបាបិលនិងសម្ដេចសង្ឃយេសួរ«ដែលឈរនៅក្បែរព្រះអម្ចាស់នៃផែនដី»។ (សាក. ៤:១-៣, ១៤) ទី២ សាក្សីទាំងពីរនាក់នោះបានត្រូវរៀបរាប់ថា ពួកគេកំពុងធ្វើសញ្ញាសម្គាល់ដែលស្រដៀងនឹងការដែលម៉ូសេនិងអេលីយ៉ាបានធ្វើដែរ។—សូមមើលថែមទៀត ការបើកបង្ហាញ ១១:៥, ៦; ជនគណនា ១៦:១-៧, ២៨-៣៥; និង ពង្សាវតារក្សត្រទី១ ១៧:១; ១៨:៤១-៤៥
តើអ្វីដែលទាក់ទងនឹងការរៀបរាប់ខាងលើនេះ? គ្រប់កំណត់ហេតុដែលបានលើកឡើងនោះ គឺកញ្ជាក់អំពីអ្នកដែលព្រះបានតែងតាំងឲ្យធ្វើការដឹកនាំនៅគ្រាដែលមានការល្បងលដ៏ពិបាក។ ដូច្នេះ ក្នុងការសម្រេចទំនាយនៅការបើកបង្ហាញជំពូក១១ បងប្រុសដែលបានត្រូវរើសតាំងបាននាំមុខពេលដែលរាជាណាចក្រព្រះត្រូវបានស្ថាបនាឡើងនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤ ពួកគេបានផ្សព្វផ្សាយដោយ«ស្លៀកបាវ»អស់បីឆ្នាំកន្លះ។
នៅចុងក្រោយនៃការផ្សព្វផ្សាយរបស់ពួកគេដោយស្លៀកបាវនោះ អ្នកដែលបានត្រូវរើសតាំងទាំងនេះបានស្លាប់ក្នុងន័យធៀប ពេលដែលពួកគេបានត្រូវចាប់ដាក់គុកអស់មួយរយៈពេលខ្លីដែលប្រៀបដូចជាការស្លាប់អស់បីថ្ងៃកន្លះ។ ពួកសត្រូវសប្បាយចិត្តយ៉ាងខ្លាំងដោយសារពួកគេបានបញ្ឈប់កិច្ចការផ្សព្វផ្សាយរបស់រាស្ត្រព្រះ។—បប. ១១:៨-១០
យ៉ាងណាក៏ដោយ ដូចទំនាយបានចែង នៅចុងបញ្ចប់នៃបីថ្ងៃកន្លះ សាក្សីទាំងពីរនាក់នោះបានរស់ឡើងវិញ។ ពួកអ្នកដែលបានត្រូវរើសតាំងមិនគ្រាន់តែបានដោះលែងពីគុកប៉ុណ្ណោះទេ តែអ្នកដែលបានរក្សាភាពស្មោះត្រង់បានទទួលភារកិច្ចពិសេសពីព្រះតាមរយៈម្ចាស់របស់ពួកគេគឺលោកយេស៊ូគ្រិស្ត។ នៅឆ្នាំ១៩១៩ ក្នុងចំណោមពួកគេបានត្រូវទទួលការតែងតាំងឲ្យធ្វើ«ជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»ដែលផ្ដល់ឲ្យរាស្ត្ររបស់ព្រះនូវអ្វីដែលពួកគេត្រូវការដើម្បីគោរពប្រណិប័តន៍លោកក្នុងអំឡុងគ្រាចុងក្រោយបង្អស់។—ម៉ាថ. ២៤:៤៥-៤៧; បប. ១១:១១, ១២
គួរឲ្យចាប់អារម្មណ៍ ការបើកបង្ហាញ ១១:១, ២ បង្ហាញថាព្រឹត្ដិការណ៍ទាំងនេះជាប់ទាក់ទងនឹងគ្រាដែលព្រះយេហូវ៉ារៀបចំសម្រាប់ការគោរពប្រណិប័តន៍ពិត ដែលប្រៀបដូចជាការវាស់វិហារ។ ម៉ាឡាគី ជំពូក៣ ប្រាប់អំពីអ្វីដែលស្រដៀងនឹងនេះ ស្តីអំពីការពិនិត្យមើលរបៀបរៀបចំនេះរបស់ព្រះដែលប្រៀបដូចជាវិហារ ហើយក្រោយមកមានការសម្អាតវិហារនោះ។ (ម៉ាឡ. ៣:១-៤) តើការពិនិត្យនិងការសម្អាតវិហារនេះត្រូវការរយៈពេលយូរប៉ុនណា? នេះគឺចាប់តាំងពីឆ្នាំ១៩១៤ រហូតដល់ដើមឆ្នាំ១៩១៩។ រយៈពេលនេះគឺរួមបញ្ចូល ១.២៦០ថ្ងៃ(៤២ខែ) និងបីថ្ងៃកន្លះជាន័យធៀបដែលបានរៀបរាប់នៅការបើកបង្ហាញ ជំពូក១១។
យើងពិតជាសប្បាយរីករាយណាស់ដែលព្រះយេហូវ៉ាបានរៀបចំឲ្យមានការសម្រិតសម្រាំងខាងការគោរពប្រណិប័តន៍ពិតដើម្បីសម្អាតរាស្ត្រដ៏ពិសេសរបស់លោកសម្រាប់ធ្វើការល្អប្រសើរ។ (ទីត. ២:១៤) ម្យ៉ាងទៀត យើងសប្បាយដោយសារគំរូរបស់អ្នកដែលបានត្រូវរើសតាំងដ៏ស្មោះត្រង់ដែលបាននាំមុខក្នុងអំឡុងគ្រាដែលមានការល្បងល ហើយជាសាក្សីទាំងពីរនាក់ក្នុងន័យធៀប។
it-2-E ទំ. ៨៨០-៨៨១
ក្រាំង រមូរ
ការប្រើនិមិត្តរូប។ ក្នុងគម្ពីរ មានឧទាហរណ៍មួយចំនួនដែលប្រើពាក្យ«ក្រាំង»ឬរមូរ។ អេសេគាលនិងសាការី បានឃើញរមូរមួយដែលមានសរសេរអក្សរទាំងសងខាង។ តាមធម្មតាគេសរសេរតែម្ខាងនៃរមូរប៉ុណ្ណោះ។ ការដែលរមូរនោះបានត្រូវសរសេរទាំងសងខាង នេះប្រហែលជាបញ្ជាក់ថា ការវិនិច្ឆ័យដែលសរសេរក្នុងរមូរនោះ គឺពិតជារឿងសំខាន់ ចាំបាច់ និងធ្ងន់ធ្ងរណាស់។ (អេស. ២:៩–៣:៣; សាក. ៥:១-៤) ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតនៅសៀវភៅការបើកបង្ហាញ លោកដែលអង្គុយលើបល្ល័ង្កមានរមូរដែលបានបិទដោយត្រាប្រាំពីរកាន់នៅដៃស្ដាំរបស់លោក នេះការពារកុំឲ្យមាននរណាមើលអ្វីដែលបានត្រូវសរសេរក្នុងរមូរនោះ រហូតដល់កូនចៀមរបស់ព្រះបើកវា។ (បប. ៥:១, ១២; ៦:១, ១២-១៤) ក្រោយមក នៅក្នុងការបើកបង្ហាញដែលយ៉ូហានបានឃើញក្នុងគំនិតនោះ មានរមូរមួយបានត្រូវប្រគល់មកឲ្យគាត់ ហើយគាត់បានត្រូវបង្គាប់ឲ្យបរិភោគវា។ សម្រាប់យ៉ូហានរមូរនោះមានរសជាតិផ្អែម ប៉ុន្តែវាធ្វើឲ្យពោះរបស់គាត់ល្វីង។ ដោយសាររមូរនោះបានត្រូវបើក នេះមានន័យថា ព័ត៌មានក្នុងរមូរនោះជាអ្វីដែលអាចយល់បាន។ វា«ផ្អែម»គឺដើម្បីឲ្យយ៉ូហានយល់សារដែលមាននៅខាងក្នុង តែតាមមើលទៅគាត់ត្រូវប្រកាសទំនាយអំពីអ្វីដែលល្វីង។ (បប. ១០:១-១១) អេសេគាលបានពិសោធន៍អ្វីដែលស្រដៀងនេះ ស្តីអំពីរមូរដែលបានឲ្យដល់គាត់។ នៅក្នុងនោះមាន«ពាក្យទំនួញ ពាក្យសោកសៅ នឹងសេចក្ដីវេទនា»។—អេស. ២:១០
it-2-E ទំ. ១៨៧ វ. ៧-៩
ការឈឺចាប់ពេលសម្រាលកូន
ក្នុងការបើកបង្ហាញឲ្យឃើញក្នុងគំនិតរបស់សាវ័កយ៉ូហានដែលមាននៅសៀវភៅការបើកបង្ហាញ គាត់បានឃើញស្ត្រីម្នាក់កំពុងយំ«ដោយឈឺចាប់និងដោយកើតទុក្ខយ៉ាងខ្លាំងពេលដែលសម្រាលកូន»។ ទារកដែលបានកើតមកនោះគឺជា«កូនប្រុសមួយ ដែលជាបុរសដែលត្រូវឃ្វាលប្រជាជាតិទាំងឡាយដោយដំបងដែក»។ ទោះជាសត្វនាគខំចាំនៅមុខស្ត្រីដើម្បីលេបកូននោះក៏ដោយ«កូនរបស់នាងបានត្រូវយកយ៉ាងលឿនទៅឯព្រះនិងបល្ល័ង្ករបស់លោក»។ (បប. ១២:១, ២, ៤-៦) ព្រះបានយកកូនប្រុសនោះ នេះបង្ហាញថាលោកនឹងទទួលយកកូននោះជាកូនរបស់លោក។ ដូចគ្នានឹងទំនៀមទម្លាប់នៅសម័យបុរាណស្តីអំពីការយកទារកដែលទើបនឹងកើតមកឲ្យឪពុកដើម្បីឲ្យគាត់ទទួលយកទារកនោះ។ «ស្ត្រី»នោះជា«ភរិយា»របស់ព្រះ ជា«យេរូសាឡិមនៅស្ថានលើ» ជា«ម្ដាយ»របស់គ្រិស្តនិងបងប្អូនរបស់លោក។—កាឡ. ៤:២៦; ហេ. ២:១១, ១២, ១៧
«ស្ត្រី»របស់ព្រះនៅស្ថានសួគ៌ គឺល្អឥតខ្ចោះ ហើយនាងនឹងសម្រាលកូនដោយគ្មានការឈឺចាប់ឡើយ។ ហេតុដូច្នេះ ការឈឺចាប់នោះគឺគ្រាន់តែជួយឲ្យ«ស្ត្រី»ដឹងថា មិនយូរទៀតនាងនឹងត្រូវសម្រាលកូន។—បប. ១២:២
តើនរណាជា«កូនប្រុស»នោះ? កូននោះបានត្រូវឲ្យ«ឃ្វាលប្រជាជាតិទាំងឡាយដោយដំបងដែក»។ នេះជាទំនាយស្តីអំពីស្តេចដែលជាមេស្ស៊ីដែលបានចែងទុកនៅទំនុកតម្កើង ២:៦-៩។ ប៉ុន្តែ ជាយូរក្រោយពីលោកយេស៊ូបានកើតជាមនុស្សនៅផែនដី និងបានស្លាប់ ហើយបានត្រូវប្រោសឲ្យរស់ឡើងវិញនោះ ទើបយ៉ូហានបានឃើញអ្វីៗទាំងនេះក្នុងគំនិត។ ដូច្នេះការបើកបង្ហាញឲ្យឃើញក្នុងគំនិតនេះគឺសំដៅទៅលើការស្ថាបនានៃរាជាណាចក្ររបស់មេស្ស៊ីតាមរយៈបុត្ររបស់ព្រះ គឺលោកយេស៊ូគ្រិស្តដែលបានរស់ពីស្លាប់ឡើងវិញ ហើយ«អង្គុយនៅខាងស្ដាំព្រះចាប់ពីពេលនោះ លោករង់ចាំរហូតដល់ពួកសត្រូវរបស់លោកបានត្រូវដាក់ជាកំណល់កល់ជើងលោក»។—ហេ. ១០:១២, ១៣; ទំនុក. ១១០:១; បប. ១២:១០
ថ្ងៃទី១៦-២២ ខែធ្នូ
re-E ទំ. ១៩៤ វ. ២៦
ការតយុទ្ធជាមួយនឹងសត្វសាហាវទាំងពីរ
២៦ តើសត្វនោះសំដៅទៅលើអ្វី? គឺមហាអំណាចអង់គ្លេសអាម៉េរិក សត្វនោះដូចគ្នានឹងសត្វសាហាវដំបូងដែលមានក្បាលប្រាំពីរ តែវាមានតួនាទីដ៏ពិសេសមួយ! ការនៅដាច់ឡែកពីគ្នារវាងសត្វសាហាវទាំងពីរដែលបានត្រូវបើកឲ្យឃើញក្នុងគំនិតនោះ ជួយយើងឲ្យយល់កាន់តែច្បាស់ថែមទៀតអំពីរបៀបដែលសត្វសាហាវទាំងពីរធ្វើសកម្មភាពក្នុងពិភពលោកនេះ។ ស្នែងពីររបស់សត្វសាហាវដែលមានក្នុងនិមិត្តរូបនេះ គឺជាមហាអំណាចពីរខុសពីគ្នា តែនៅតែសហការជាមួយគ្នា។ ស្នែងពីររបស់វា«ដូចស្នែងចៀម» នេះបង្ហាញថា វាធ្វើខ្លួនស្លូតបូត ហើយមានការគ្រប់គ្រងដ៏ឈ្លាសវៃដែលមនុស្សទាំងអស់នៅផែនដីគួរតែរកជំនួយពីវា។ ប៉ុន្តែវានិយាយ«ដូចនាគ»ដូចនេះវាបៀតបៀន គំរាមនិងវាយប្រហារអស់អ្នកដែលមិនព្រមធ្វើតាមវា។ វាមិនបានចុះចូលចំពោះរាជាណាចក្រព្រះដែលដឹកនាំដោយកូនចៀមរបស់លោកនោះទេ តែវាគោរពនឹងចុះចូលចំពោះសាថានដែលជាសត្វនាគដ៏កំណាចវិញ។ វាលើកស្ទួយការប្រកាន់ពូជសាសន៍ និងការស្អប់គ្នាខ្លាំងជាងសត្វសាហាវទីមួយទៅទៀត។
re-E ទំ. ១៩៥ វ. ៣០-៣១
ការតយុទ្ធជាមួយនឹងសត្វសាហាវទាំងពីរ
៣០ តាមប្រវត្ដិសាស្ត្របានបញ្ជាក់ឲ្យស្គាល់ពីសត្វសាហាវនេះ វាជាអង្គការដែលបានទទួលការជ្រោមជ្រែងនិងគាំទ្រដោយប្រទេសអង់គ្លេសនិងសហរដ្ឋអាម៉េរិក ហើយដំបូងបានត្រូវស្គាល់ថាជាអង្គការសម្ព័ន្ធប្រជាជាតិ។ ក្រោយមក នៅការបើកបង្ហាញជំពូក១៧ប្រាប់ថា វានឹងបង្ហាញខ្លួនជានិមិត្តរូបផ្សេងទៀតដែលជាសត្វសាហាវមានសម្បុរក្រហមឆ្អៅ សត្វសាហាវនោះដែលជាអង្គការអន្តរជាតិ‹និយាយ› ក្នុងន័យថាវាអះអាងដោយអំណួតថា មានតែវាមួយប៉ុណ្ណោះដែលអាចនាំមកនូវសន្ដិសុខនិងសន្ដិភាពដល់មនុស្សជាតិ។ ប៉ុន្តែតាមពិត ការបង្កើតអង្គការនេះជាវិធីមួយដែលប្រជាជាតិនានាដែលជាសមាជិកនៃអង្គការនោះអាចរិះគន់និងមើលងាយគ្នា។ វាបណ្ដេញនិងគំរាមកំហែងដល់ប្រទេសឬដល់មនុស្សណាដែលមិនគោរពអំណាចគ្រប់គ្រងរបស់វា។ តាមពិត អង្គការសម្ព័ន្ធប្រជាជាតិបានបណ្ដេញប្រទេសមួយចំនួនដែលមិនធ្វើតាមមនោគមវិជ្ជាឬនយោបាយរបស់ខ្លួន។ នៅដើមគ្រាទុក្ខវេទនាជាខ្លាំង «ស្នែង»ដែលជាកងទ័ពរបស់សត្វសាហាវក្នុងនិមិត្តរូបនេះនឹងសម្រេចទំនាយដ៏អស្ចារ្យបំផុតមួយ។—បប. ៧:១៤; ១៧:៨, ១៦
៣១ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក រូបសត្វសាហាវនោះ ឥឡូវវាគឺតំណាងអង្គការសហប្រជាជាតិ (អ.ស.ប.)។ អង្គការនេះបានធ្វើការសម្លាប់មនុស្សអស់ជាច្រើនរួចទៅហើយ។ ជាឧទាហរណ៍ នៅឆ្នាំ១៩៥០ កងទ័ពរបស់អង្គការសហប្រជាជាតិ បានចូលរួមក្នុងសង្គ្រាមរវាងប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ កងទ័ពរបស់អង្គការសហប្រជាជាតិរួមគ្នាជាមួយនឹងកងទ័ពរបស់ប្រទេសកូរ៉េខាងត្បូងបានធ្វើការវាយប្រហារលើប្រទេសកូរ៉េខាងជើងនិងប្រទេសចិន នេះនាំឲ្យមានមនុស្សស្លាប់ប្រមាណ១.៤២០.០០០នាក់ ហើយចាប់ពីឆ្នាំ១៩៦០ដល់១៩៦៤ កងទ័ពរបស់អង្គការសហប្រជាជាតិក៏បានធ្វើសកម្មភាពស្រដៀងនឹងនេះដែរនៅក្នុងប្រទេសកុងហ្គោ (គីនស្ហាសា)។ លើសពីនេះទៅទៀត មេដឹកនាំធំៗរបស់ពិភពលោក រួមទាំងសម្ដេចប៉ាបទី៦ និងសម្ដេចប៉ាបចន ផលទី២ បានបន្តបញ្ជាក់ថារូបសត្វសាហាវនេះពោលគឺអង្គការសហប្រជាជាតិគឺជាក្ដីសង្ឃឹមតែមួយគត់ដែលអាចនាំមកនូវសន្ដិភាពសម្រាប់មនុស្សជាតិ។ ពួកគេបាននិយាយម្ដងហើយម្ដងទៀតថា បើមនុស្សជាតិមិនធ្វើតាមអង្គការនោះទេ នោះមនុស្សជាតិនឹងត្រូវទទួលសេចក្ដីហិនវិនាសជាមិនខាន។ ដូច្នេះ ក្នុងន័យធៀប ពួកគេជាដើមហេតុដែលបណ្ដាលឲ្យមនុស្សបានស្លាប់ គឺអស់អ្នកដែលមិនធ្វើតាមនិងគោរពប្រណិប័តន៍រូបសត្វសាហាវនោះ។—ចោទិយកថា ៥:៨, ៩
ថ្ងៃទី២៣-២៩ ខែធ្នូ
it-1-E ទំ. ១១៤៦ វ. ១
សេះ
ក្នុងការបើកបង្ហាញដែលសាវ័កយ៉ូហានបានឃើញនោះ លោកយេស៊ូគ្រិស្តដែលមានសិរីរុងរឿង គឺជាអ្នកដែលជិះសេះសម្បុរស រួមដំណើរដោយកងទ័ពមួយក្រុម។ កងទ័ពទាំងនោះសុទ្ធតែជិះសេះសម្បុរសដែរ។ ការបើកបង្ហាញឲ្យសាវ័កយ៉ូហានឃើញនេះ តំណាងសង្គ្រាមសុចរិត និងយុត្ដិធម៌ដែលគ្រិស្តនឹងធ្វើដើម្បីសងសឹកលើសត្រូវទាំងអស់របស់បិតាលោក គឺព្រះយេហូវ៉ា។ (បប. ១៩:១១, ១៤) មុននេះ គ្រិស្តចាត់វិធានការក្នុងនាមជាស្តេច ហើយបន្ទាប់មក មានអ្នកជិះសេះសម្បុរខុសៗគ្នាមកតាមក្រោយលោក នេះតំណាងឲ្យការហិនវិនាសផ្សេងៗដែលនឹងកើតឡើង។—បប. ៦:២-៨
re-E ទំ. ២៨៦ វ. ២៤
ស្តេចដែលទទួលជ័យជំនះនៅសង្គ្រាមហាម៉ាគេដូន
២៤ សត្វសាហាវក្បាលប្រាំពីរដែលមានស្នែងដប់ងើបចេញពីសមុទ្រនោះ តំណាងអង្គការនយោបាយរបស់មេកំណាចសាថានដែលជាមហាអំណាចទីប្រាំពីរនឹងត្រូវដួលរលំ នេះរួមទាំងពួកអ្នកប្រកាសទំនាយមិនពិតផងដែរ។ (បប. ១៣:១, ១១-១៣; ១៦:១៣) កាលដែលកំពុងមាន«ជីវិត»ឬកំពុងមានសកម្មភាពប្រឆាំងនឹងរាស្ត្ររបស់ព្រះនៅឡើយ នោះពួកគេនឹងត្រូវបោះទៅក្នុង«បឹងភ្លើង»។ តើបឹងភ្លើងនោះជាបឹងពិតឬទេ? មិនមែនទេ ដូចសត្វសាហាវនិងអ្នកប្រកាសទំនាយមិនពិតដែរ ទាំងអស់គឺគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ បឹងភ្លើងគឺជានិមិត្តរូបនៃការបំផ្លាញចោលជារៀងរហូត។ នេះជាកន្លែងដែលក្រោយមក ផ្នូរ សេចក្ដីស្លាប់ រួមទាំងមេកំណាចផងដែរនឹងត្រូវបោះចូលទៅ។ (បប. ២០:១០, ១៤) នេះច្បាស់ជាមិនមែនជាភ្លើងនរកដែលប្រើសម្រាប់ដាក់ទារុណកម្មមនុស្សទុច្ចរិតទេ ព្រោះរាល់ទស្សនៈដែលគិតអំពីកន្លែងបែបនោះជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ាណាស់។—យេ. ១៩:៥; ៣២:៣៥; ១យ៉ូន. ៤:៨, ១៦
re-E ទំ. ២៨៦ វ. ២៥
ស្តេចដែលទទួលជ័យជំនះនៅសង្គ្រាមហាម៉ាគេដូន
២៥ ទោះជាមនុស្សដែលមិនទាក់ទងនឹងរឿងនយោបាយក៏ដោយ តែបើពួកគេមិនព្រមកែប្រែចិត្តគំនិត ពួកគេនៅតែជាផ្នែកនៃរបៀបរបបពិភពលោកដ៏អាក្រក់នេះ ដូច្នេះពួកគេនឹង«ត្រូវសម្លាប់ដោយដាវវែងរបស់លោកដែលជិះលើសេះ»។ លោកយេស៊ូនឹងប្រកាសថា ពួកគេសមនឹងទទួលសេចក្ដីស្លាប់។ ក្នុងករណីរបស់ពួកគេ ពួកគេមិនបានត្រូវរៀបរាប់ថា នឹងត្រូវបោះចូលទៅក្នុងបឹងភ្លើងនោះទេ។ តើយើងរំពឹងថា ពួកគេនឹងត្រូវប្រោសឲ្យរស់ឡើងវិញទេ? គ្មានកន្លែងណាដែលប្រាប់យើងថា អស់អ្នកដែលត្រូវទទួលការកាត់ទោសដោយសេចក្ដីយុត្ដិធម៌របស់ព្រះយេហូវ៉ានាពេលនោះនឹងត្រូវប្រោសឲ្យរស់ឡើងវិញទេ។ ដូចដែលលោកយេស៊ូបានមានប្រសាសន៍ផ្ទាល់ អស់អ្នកដែលមិនមែនជា«ចៀម»ត្រូវចូលទៅ«ក្នុងភ្លើងដែលឆេះជារៀងរហូត ដែលបានត្រូវបម្រុងទុកសម្រាប់មេកំណាចនិងបណ្ដាទេវតារបស់វា»នោះគឺជា«សេចក្ដីស្លាប់ជារៀងរហូត»។ (ម៉ាថ. ២៥:៣៣, ៤១, ៤៦) នេះនឹងកើតឡើងក្នុង«ថ្ងៃវិនិច្ឆ័យទោសមនុស្សទុច្ចរិតហើយបំផ្លាញពួកគេចោល»។—២ពេ. ៣:៧; ណា. ១:២, ៧-៩; ម៉ាឡ. ៤:១
re-E ទំ. ២៤៧-២៤៨ វ. ៥-៦
អាថ៌កំបាំងដ៏អស្ចារ្យមួយបានត្រូវបើកបង្ហាញ
៥ «សត្វសាហាវ . . . ពីមុន» គឺជាអង្គការសម្ព័ន្ធប្រជាជាតិដែលបានបង្កើតឡើងចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ១៩២០មក ដោយមាន៦៣ប្រទេសបានចូលរួមនៅពេលនោះ។ ប៉ុន្តែប្រទេសជប៉ុន អាល្លឺម៉ង់ និងអ៊ីតាលីបានដកខ្លួនចេញ ហើយអតីតសហភាពសូវៀតបានត្រូវដកចេញពីអង្គការសម្ព័ន្ធប្រជាជាតិនោះ។ នៅខែកញ្ញា ឆ្នាំ១៩៣៩ មេដឹកនាំណាត្ស៊ីរបស់ប្រទេសអាល្លឺម៉ង់បានផ្ដើមឲ្យមានសង្គ្រាមលោកលើកទី២។ ដោយមិនអាចរក្សាសន្ដិភាពក្នុងពិភពលោកបាន អង្គការសម្ព័ន្ធប្រជាជាតិបានធ្លាក់ក្នុងសភាពមួយធ្ងន់ធ្ងរដែលបណ្ដាលឲ្យអង្គការសម្ព័ន្ធប្រជាជាតិនេះលែងមានសកម្មភាពទៀត។ នៅឆ្នាំ១៩៤២ អង្គការសម្ព័ន្ធប្រជាជាតិបានរលាយបាត់ទៅ។ ព្រះយេហូវ៉ាបានបើកបង្ហាញឲ្យរាស្ត្ររបស់លោកយល់អត្ថន័យនៃការបើកឲ្យឃើញក្នុងគំនិតនោះនៅចំពេលមែន! នៅសន្និបាតដែលមានប្រធានថាពិភពលោកថ្មី បងន័រអាចប្រកាសស្របតាមទំនាយនេះដែលថា«សត្វសាហាវ . . . តែក្រោយមកមិនមាន»។ ក្រោយមកគាត់សួរថា៖ «តើអង្គការសម្ព័ន្ធប្រជាជាតិនឹងលែងមានរហូតឬ?»។ ដោយដកស្រង់នៅការបើកបង្ហាញ ១៧:៨ គាត់បានឆ្លើយថា«ការចងសម្ព័ន្ធភាពរវាងប្រទេសក្នុងពិភពលោកនឹងមានម្ដងទៀត»។ នេះបានក្លាយទៅជាការពិតមែន ស្របទៅតាមទំនាយក្នុងបណ្ដាំរបស់ព្រះយេហូវ៉ា!
ការងើបឡើងពីទីជម្រៅ
៦ សត្វសាហាវដែលមានសម្បុរក្រហមឆ្អៅបានងើបឡើងចេញពីទីជម្រៅមែន។ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ១៩៤៥ ដោយមានការប្រកាសមួយនៅទីក្រុងសានហ្វ្រានស៊ីស្កូ នាសហរដ្ឋអាម៉េរិក ប្រទេសចំនួន៥០បានបោះឆ្នោតគាំទ្រទទួលយករដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ គោលដៅចម្បងរបស់អង្គការនេះគឺ«ដើម្បីរក្សាឲ្យមានសន្ដិសុខនិងសន្ដិភាពទូទាំងពិភពលោក»។ អង្គការសហប្រជាជាតិនេះមានអ្វីជាច្រើនដែលស្រដៀងនឹងអង្គការសម្ព័ន្ធប្រជាជាតិ។ សៀវភៅមួយបានរៀបរាប់ថា៖ «មានរបៀបខ្លះដែលអង្គការសហប្រជាជាតិគឺប្រហាក់ប្រហែលនឹងអង្គការសម្ព័ន្ធប្រជាជាតិដែលបានបង្កើតឡើងនៅក្រោយសង្គ្រាមលោកលើកទី១។ ប្រទេសជាច្រើនដែលបានចូលរួមក្នុងអង្គការសហប្រជាជាតិក៏ធ្លាប់ចូលរួមក្នុងអង្គការសម្ព័ន្ធប្រជាជាតិដែរ។ ដូចអង្គការសម្ព័ន្ធប្រជាជាតិ អង្គការសហប្រជាជាតិបានត្រូវបង្កើតឡើងដើម្បីរក្សាឲ្យមានសន្ដិភាពរវាងប្រទេសនិងប្រទេស។ ផ្នែកសំខាន់ៗនៃអង្គការសហប្រជាជាតិ ភាគច្រើនគឺដូចគ្នានឹងអង្គការសម្ព័ន្ធប្រជាជាតិ»។ ដូចនេះច្បាស់ណាស់ សត្វសាហាវសម្បុរក្រហមឆ្អៅដែលរស់ឡើងវិញនោះ គឺជាអង្គការសហប្រជាជាតិ។ ប្រទេសដែលចូលរួមមានប្រហែល១៩០ ច្រើនជាងឆ្ងាយណាស់ពីអង្គការសម្ព័ន្ធប្រជាជាតិដែលមានតែ៦៣ប្រទេសប៉ុណ្ណោះ ហើយក៏មានភារកិច្ចច្រើនជាងអង្គការសម្ព័ន្ធប្រជាជាតិដែរ។—The World Book Encyclopedia
ថ្ងៃទី៣០ ខែធ្នូ–៥ ខែមករា
re-E ទំ. ៣០១ វ. ២
មេឃថ្មីនិងផែនដីថ្មី
២ រាប់រយឆ្នាំមុនសម័យរបស់យ៉ូហាន ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់អេសាយថា៖ «ដ្បិតមើល! អញនឹងបង្កើតផ្ទៃមេឃថ្មី ហើយនឹងផែនដីថ្មី ឯរបស់ពីមុនៗ នោះនឹងគ្មានអ្នកណានឹកចាំទៀត ក៏មិនដែលចូលក្នុងគំនិតឡើយ»។ (អេ. ៦៥:១៧; ៦៦:២២) ទំនាយនេះបានត្រូវសម្រេចជាលើកដំបូង នៅពេលដែលបណ្ដាជនជាតិយូដាដ៏ស្មោះត្រង់ត្រឡប់មកក្រុងយេរូសាឡិមវិញ នៅឆ្នាំ៥៣៧ មុនគ.ស. ក្រោយពី៧០ឆ្នាំនៃការនិរទេសពួកគេទៅបាប៊ីឡូន។ ក្នុងការត្រឡប់មកវិញនោះ ពួកគេបានបង្កើតឲ្យមានសង្គមមនុស្សថ្មីមួយគឺ«ផែនដីថ្មី»ដែលនៅក្រោមរដ្ឋាភិបាលថ្មីគឺ«មេឃថ្មី»។ យ៉ាងណាក៏ដោយសាវ័កពេត្រុស បានលើកបញ្ជាក់ឲ្យយល់អំពីទំនាយនេះកាន់តែច្បាស់ថែមទៀតដោយនិយាយថា៖ «ប៉ុន្តែយើងកំពុងទន្ទឹងរង់ចាំមេឃថ្មីនិងផែនដីថ្មី ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។ (២ពេ. ៣:១៣) យ៉ូហានបានបង្ហាញថាសេចក្ដីសន្យានេះគឺសម្រេចនៅថ្ងៃរបស់លោកម្ចាស់។ «មេឃនិងផែនដីដែលមានពីមុន» គឺសំដៅទៅលើរបៀបរបបពិភពលោកនេះ រួមមានប្រព័ន្ធនយោបាយនិងរដ្ឋាភិបាលដែលនៅក្រោមការគ្រប់គ្រងរបស់សាថាន និងពួកវិញ្ញាណកំណាចរបស់វាដែលនឹងត្រូវបំផ្លាញចោល។ «សមុទ្រ»សំដៅលើមនុស្សអាក្រក់ដែលជាអ្នកប៉ះបោរប្រឆាំងនឹងលែងមានទៀត។ ទាំងអស់នឹងជំនួសដោយ«មេឃថ្មីនិងផែនដីថ្មី» ពោលគឺសង្គមមនុស្សថ្មីដែលនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលថ្មីដែលជារាជាណាចក្រព្រះ។—សូមពិនិត្យបន្ថែម ការបើកបង្ហាញ. ២០:១១
it-2-E ទំ. ២៤៩ វ. ២
ជីវិត
ក្នុងការបង្គាប់របស់ព្រះទៅកាន់អាដាម លោកបានមានប្រសាសន៍ថា បើអាដាមស្ដាប់បង្គាប់លោក នោះគាត់នឹងមិនស្លាប់ទេ។ (លោ. ២:១៧) ដូច្នេះ ពេលដែលសត្រូវចុងក្រោយរបស់មនុស្ស ពោលគឺសេចក្ដីស្លាប់បានត្រូវបំផ្លាញចោល នោះមនុស្សដែលស្ដាប់បង្គាប់ព្រះនឹងមានរូបកាយល្អឥតខ្ចោះដែលគ្មានភាពខុសឆ្គង។ ពួកគេនឹងរស់ជារៀងរហូតដោយមិនចាំបាច់ស្លាប់នោះទេ។ (១កូ. ១៥:២៦) ការបំផ្លាញចោលសេចក្ដីស្លាប់ឲ្យសាបសូន្យនោះនឹងធ្វើឡើងនៅចុងក្រោយនៃការគ្រប់គ្រងរបស់គ្រិស្តដែលសៀវភៅការបើកបង្ហាញបានបញ្ជាក់ថា ការគ្រប់គ្រងនោះគឺមានរយៈពេល១.០០០ឆ្នាំ។ នៅខនោះបានចែងអំពីពួកអ្នកដែលនឹងក្លាយជាស្តេចនិងជាសង្ឃរួមជាមួយគ្រិស្តថា«បានរស់ឡើងវិញ រួចគ្រប់គ្រងជាស្តេចជាមួយនឹងគ្រិស្តអស់មួយពាន់ឆ្នាំ»។ ដូច្នេះ «មនុស្សស្លាប់ទាំងប៉ុន្មាន»ដែលមិនរស់ឡើងវិញ«ទាល់តែបានផុតគ្រាមួយពាន់ឆ្នាំ» គឺជាពួកអ្នកដែលរស់នៅពេលគ្រាមួយពាន់ឆ្នាំជិតនឹងផុតហើយ ប៉ុន្តែមុនសាថានត្រូវដោះលែងពីទីជ្រៅបំផុតដើម្បីល្បងលមនុស្សជាតិជាលើកចុងក្រោយ។ ចុងបញ្ចប់នៃមួយពាន់ឆ្នាំ មនុស្សជាតិដែលរស់នៅលើផែនដីនឹងទៅជាល្អឥតខ្ចោះ ដូចអាដាមនិងអេវ៉ានៅដើមដំបូង គឺមុនពេលដែលពួកគេប្រព្រឹត្តអំពើខុសឆ្គង។ នៅពេលនោះពួកគេនឹងមានជីវិតល្អឥតខ្ចោះ។ មេកំណាចបានត្រូវដោះលែងពីទីជ្រៅបំផុតឲ្យមានសេរីភាពខ្លី គឺដើម្បីធ្វើការល្បងលចុងក្រោយ។ ដូច្នេះអស់អ្នកដែលឆ្លងផុតពីការល្បងលរបស់មេកំណាច នឹងសប្បាយទទួលបានជីវិតដែលគ្មានទីបញ្ចប់ ហើយពួកគេនឹងរស់នៅដោយមានសុភមង្គលជារៀងរហូត។—បប. ២០:៤-១០
it-2-E ទំ. ១៨៩-១៩០
បឹងភ្លើង
ពាក្យនេះមានតែនៅក្នុងសៀវភៅការបើកបង្ហាញ ហើយច្បាស់ណាស់វាគ្រាន់តែជានិមិត្តរូបប៉ុណ្ណោះ។ គម្ពីរបានពន្យល់និងបកស្រាយនូវនិមិត្តរូបនេះដោយចែងថា៖ «បឹងដែលឆេះដោយភ្លើងនិងស្ពាន់ធ័រ។ នេះតំណាងសេចក្ដីស្លាប់ទីពីរ»។—បប. ២០:១៤; ២១:៨
ក្នុងសៀវភៅការបើកបង្ហាញ មានភ័ស្តុតាងដែលបញ្ជាក់កាន់តែច្បាស់ថែមទៀតអំពីនិមិត្តរូបនៃបឹងភ្លើង។ គម្ពីរចែងថា សេចក្ដីស្លាប់បានត្រូវបោះទៅក្នុងបឹងភ្លើង។ (បប. ១៩:២០; ២០:១៤) ជាក់ស្តែង សេចក្ដីស្លាប់មិនអាចត្រូវឆេះដោយភ្លើងនោះទេ។ ម្យ៉ាងទៀត គម្ពីរចែងថា មេកំណាចដែលជាបុគ្គលវិញ្ញាណត្រូវបោះចូលទៅក្នុងបឹងភ្លើង។ តែដោយសារវាជាបុគ្គលវិញ្ញាណ បុគ្គលវិញ្ញាណមិនអាចត្រូវឆេះដោយភ្លើងបានទេ។—បប. ២០:១០; សូមពិនិត្យមើលថែមទៀត និក្ខ. ៣:២ និង ចៅ. ១៣:២០
ដោយសារបឹងភ្លើងតំណាង«សេចក្ដីស្លាប់ទីពីរ» ហើយដោយសារការបើកបង្ហាញ ២០:១៤ ប្រាប់ថាទាំង«សេចក្ដីស្លាប់និងផ្នូរ»នឹងត្រូវបោះទៅក្នុងនោះ នេះបង្ហាញភ័ស្តុតាងថា បឹងនោះមិនតំណាងឲ្យមនុស្សដែលស្លាប់ដោយសារភាពខុសឆ្គងដែលឆ្លងមកពីអាដាម (រ៉ូម ៥:១២) ហើយបឹងនោះក៏មិនតំណាងផ្នូរដែរ។ ច្បាស់ណាស់ បឹងនោះប្រាកដជាតំណាងឲ្យសេចក្ដីស្លាប់ម្យ៉ាងដែលមិនត្រូវប្រោសឲ្យរស់ឡើងវិញឡើយ។ កំណត់ហេតុក្នុងគម្ពីរមិនបានចែងថា«បឹង»នោះនឹងប្រគល់មនុស្សដែលនៅក្នុងនោះមកវិញឡើយ ដូចសេចក្ដីស្លាប់ដែលបានឆ្លងមកពីអាដាមនោះទេ។ (បប. ២០:១៣) ដូច្នេះ ពួកអ្នកដែលមិនមានឈ្មោះក្នុង«សៀវភៅជីវិត»ជាអ្នកដែលមិនព្រមប្រែចិត្ត ហើយចេះតែប្រឆាំងនឹងសិទ្ធិគ្រប់គ្រងរបស់ព្រះ និងត្រូវបោះទៅក្នុងបឹងភ្លើងដែលជាសេចក្ដីស្លាប់ទីពីរ នេះមានន័យថាពួកគេនឹងត្រូវបំផ្លាញចោលជារៀងរហូត។—បប. ២០:១៥