ការបើកបង្ហាញចំពោះយ៉ូហាន
១០ ខ្ញុំបានឃើញទេវតាខ្លាំងពូកែមួយទៀតចុះពីស្ថានសួគ៌*មក ដោយដណ្ដប់ពពក ហើយមានឥន្ទធនូនៅលើក្បាល។ មុខរបស់ទេវតានោះភ្លឺដូចដួងអាទិត្យ+ ហើយជើងរបស់គាត់ដូចសសរភ្លើង។ ២ ទេវតានោះមានរមូរតូចមួយដែលបើកស្រាប់នៅដៃ។ គាត់ដាក់ជើងស្ដាំលើសមុទ្រ តែដាក់ជើងឆ្វេងលើផែនដី។ ៣ រួចគាត់បន្លឺសំឡេងយ៉ាងខ្លាំង ដូចតោគ្រហឹម។+ ពេលដែលគាត់បន្លឺឡើង ផ្គរលាន់ទាំង៧+ក៏បន្លឺឡើងដែរ។
៤ ខ្ញុំហៀបនឹងសរសេរ នៅពេលដែលផ្គរលាន់ទាំង៧និយាយ។ ស្រាប់តែខ្ញុំឮសំឡេងបន្លឺចេញពីមេឃ*+ថា៖ «ចូរបំបិទអ្វីៗដែលផ្គរលាន់ទាំង៧បាននិយាយ ដូចបិទដោយត្រា ហើយកុំសរសេរការទាំងនោះឡើយ»។ ៥ ចំណែកទេវតាដែលខ្ញុំឃើញឈរលើសមុទ្រនិងផែនដី បានលើកដៃស្ដាំរបស់គាត់ទៅលើមេឃ ៦ រួចមក គាត់ស្បថដោយអាងព្រះដែលរស់ជារៀងរហូត+ គឺលោកដែលបានបង្កើតមេឃនិងអ្វីៗលើមេឃ ផែនដីនិងអ្វីៗនៅផែនដី ហើយសមុទ្រនិងអ្វីៗក្នុងសមុទ្រ។ ទេវតានោះបានស្បថថា៖+«គ្រារង់ចាំបានផុតហើយ។ ៧ ប៉ុន្តែ នៅគ្រាដែលទេវតាទី៧+ហៀបនឹងផ្លុំត្រែរបស់គាត់+ នោះអាថ៌កំបាំងដ៏ពិសិដ្ឋ+របស់ព្រះនឹងត្រូវកើតឡើង។ អាថ៌កំបាំងនោះជាដំណឹងល្អដែលលោកបានប្រកាសប្រាប់ដល់ពួកអ្នកប្រកាសទំនាយដែលជាខ្ញុំបម្រើរបស់លោក»។+
៨ បន្ទាប់មក សំឡេងដែលខ្ញុំបានឮបន្លឺចេញពីមេឃ+ ក៏ពោលមកកាន់ខ្ញុំម្ដងទៀតថា៖ «ចូរទៅយករមូរដែលបើកស្រាប់ពីក្នុងដៃទេវតាដែលកំពុងឈរលើសមុទ្រនិងផែនដីមក»។+ ៩ ខ្ញុំក៏ចេញទៅឯទេវតានោះ ហើយសុំរមូរតូចនោះពីគាត់។ ទេវតានោះប្រាប់ខ្ញុំថា៖ «ចូរយកទៅ ហើយបរិភោគចុះ។+ រមូរនេះនឹងធ្វើឲ្យល្វីងក្នុងពោះរបស់អ្នក តែក្នុងមាត់របស់អ្នក រមូរនេះនឹងផ្អែមដូចទឹកឃ្មុំ»។ ១០ ខ្ញុំក៏យករមូរតូចនោះពីដៃរបស់ទេវតា រួចបរិភោគទៅ+ ហើយក្នុងមាត់ខ្ញុំ រមូរនោះគឺផ្អែមដូចទឹកឃ្មុំ។+ ប៉ុន្តែ ពេលដែលខ្ញុំបានបរិភោគហើយ នោះបានធ្វើឲ្យពោះខ្ញុំល្វីង។ ១១ រួចខ្ញុំបានឮសំឡេងមួយបន្លឺឡើងថា៖ «អ្នកត្រូវប្រកាសទំនាយម្ដងទៀតអំពីជនជាតិ ប្រជាជាតិ ភាសា និងស្ដេចជាច្រើន»។