ពេលដែលព្រះយេស៊ូយាងមកក្នុងសិរីល្អនៃព្រះរាជាណាចក្រ
«ក្នុងពួកអ្នកដែលឈរនៅទីនេះ . . . មានអ្នកខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក»។—ម៉ាថាយ ១៦:២៨
១, ២. តើមានអ្វីកើតឡើងមិនយូរប៉ុន្មានក្រោយពីបុណ្យភិន្ដាកុសនៅឆ្នាំ៣២ ស.យ. ហើយព្រឹត្ដិការណ៍នោះមានបំណងអ្វី?
មិនយូរប៉ុន្មានក្រោយពីបុណ្យភិន្ដាកុសនៅឆ្នាំ៣២ ស.យ. មានពួកសាវ័ករបស់ព្រះយេស៊ូបីនាក់បានឃើញចក្ខុនិមិត្តដ៏គួរនឹកចាំមួយ។ យោងទៅតាមឯកសារដែលព្រះបណ្ដាលឲ្យតែងនោះ «ព្រះយេស៊ូវទ្រង់យកពេត្រុស យ៉ាកុប នឹងយ៉ូហាន ជាប្អូនយ៉ាកុប ទៅជាមួយនឹងទ្រង់ ក៏នាំឡើងទៅលើភ្នំខ្ពស់ដោយឡែក រួចទ្រង់បានផ្លាស់ប្រែនៅមុខអ្នកទាំងនោះ»។—ម៉ាថាយ ១៧:១, ២
២ ចក្ខុនិមិត្តនៃការផ្លាស់ប្រែទ្រង់ទ្រាយនោះ បានកើតឡើងក្នុងគ្រាដ៏សំខាន់។ ព្រះយេស៊ូបានចាប់ផ្ដើមប្រាប់ពួកសិស្សទ្រង់ ថាទ្រង់នឹងរងទុក្ខហើយសោយទិវង្គតក្នុងក្រុងយេរូសាឡិម ប៉ុន្តែពួកគេមានការពិបាកនឹងយល់ពាក្យបន្ទូលរបស់ទ្រង់។ (ម៉ាថាយ ១៦:២១-២៣) ចក្ខុនិមិត្តនេះបានពង្រឹងជំនឿនៃពួកសាវ័កបីនាក់របស់ព្រះយេស៊ូ ដើម្បីត្រៀមខ្លួនចាំការសោយទិវង្គតរបស់ទ្រង់ និងសំរាប់កិច្ចការដ៏ពិបាកនិងការសាកល្បងជាច្រើនឆ្នាំ ដែលនឹងកើតឡើងដល់ក្រុមជំនុំគ្រីស្ទាន។ តើយើងសព្វថ្ងៃអាចរៀនអ្វីពីចក្ខុនិមិត្តនេះទេ? គឺអាច ពីព្រោះអ្វីដែលចក្ខុនិមិត្តនេះតំណាង គឺពិតជាកើតឡើងក្នុងសម័យយើងនេះ។
៣, ៤. (ក) តើព្រះយេស៊ូមានបន្ទូលអ្វីប្រាំមួយថ្ងៃមុនការផ្លាស់ប្រែទ្រង់ទ្រាយ? (ខ) សូមរៀបរាប់នូវអ្វីដែលបានកើតឡើងក្នុងកំឡុងការផ្លាស់ប្រែទ្រង់ទ្រាយ។
៣ ប្រាំមួយថ្ងៃមុននឹងការផ្លាស់ប្រែទ្រង់ទ្រាយ ព្រះយេស៊ូបានមានបន្ទូលប្រាប់ពួកកាន់តាមទ្រង់ថា៖ «កូនមនុស្សនឹងមកក្នុងសិរីល្អនៃព្រះវរបិតា ជាមួយនឹងពួកទេវតារបស់លោក គ្រានោះលោកនឹងសងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន»។ ពាក្យទាំងនោះនឹងបានសម្រេចនៅ«គ្រាចុងបញ្ចប់នៃរបបលោកីយ»។ ព្រះយេស៊ូមានបន្ទូលទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញកូនមនុស្សមកក្នុងនគររបស់លោក»។ (ម៉ាថាយ ១៦:២៧, ២៨; ២៤:៣; ២៥:៣១-៣៤, ៤១; ដានីយ៉ែល ១២:៤) ការផ្លាស់ប្រែទ្រង់ទ្រាយបានកើតឡើង ក្នុងការសម្រេចនៃពាក្យក្រោយទាំងនោះ។
៤ តើសាវ័កបីនាក់នេះពិតជាបានឃើញអ្វី? ការរៀបរាប់របស់លូកានៃព្រឹត្ដិការណ៍នេះ ចែងថា៖ «កាលទ្រង់[ព្រះយេស៊ូ]កំពុងតែអធិស្ឋាន នោះបែបភាពព្រះភក្ដ្រទ្រង់ក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសព្រាត នោះឃើញមានមនុស្ស២នាក់កំពុងតែទូលនឹងទ្រង់ គឺលោកម៉ូសេ នឹងលោកអេលីយ៉ា ដែលលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសំរេចនៅក្រុងយេរូសាឡិម»។ រួចមក «នោះមានពពកមកគ្របបាំង[ពួកសាវ័ក] គេក៏ភ័យខ្លាចទាំងអស់គ្នា ដោយចូលខ្លួនក្នុងពពកនោះ ហើយមានសំឡេងចេញពីពពកមកថា៖ ‹នេះជាកូនស្ងួនភ្ងាអញ ចូរឲ្យស្ដាប់តាមចុះ›»។—លូកា ៩:២៩-៣១, ៣៤, ៣៥
ជំនឿរបស់យើងត្រូវបានពង្រឹង
៥. តើការផ្លាស់ប្រែទ្រង់ទ្រាយមានឥទ្ធិពលអ្វីលើសាវ័កពេត្រុស?
៥ សាវ័កពេត្រុសបានសម្គាល់ព្រះយេស៊ូរួចហើយថា«ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់»។ (ម៉ាថាយ ១៦:១៦) ពាក្យបន្ទូលរបស់ព្រះយេហូវ៉ាពីស្ថានសួគ៌គឺបានបញ្ជាក់នឹងសេចក្ដីសម្គាល់នោះ ហើយចក្ខុនិមិត្តនៃព្រះយេស៊ូដែលបានផ្លាស់ប្រែទ្រង់ទ្រាយ គឺជាការបង្ហាញទុកជាមុនអំពីការយាងមករបស់ព្រះយេស៊ូ ក្នុងព្រះចេស្ដានិងសិរីល្អនៃព្រះរាជាណាចក្រ ដែលទ្រង់នឹងជំនុំជំរះមនុស្សជាតិនៅទីបំផុត។ ជាង៣០ឆ្នាំក្រោយពីការផ្លាស់ប្រែទ្រង់ទ្រាយ សាវ័កពេត្រុសបានសរសេរថា៖ «យើងខ្ញុំបានឲ្យអ្នករាល់គ្នាស្គាល់ដល់ព្រះចេស្ដានៃព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង នឹងដំណើរដែលទ្រង់យាងមក នោះមិនមែនតាមរឿងព្រេងប្រឌិតដោយដំរិះនោះទេ គឺយើងខ្ញុំជាស្មរបន្ទាល់ ដែលបានឃើញឫទ្ធានុភាពរបស់ទ្រង់ជាក់នឹងភ្នែកវិញ ដ្បិតទ្រង់បានល្បីព្រះនាម នឹងសិរីល្អពីព្រះដ៏ជាព្រះវរបិតា ក្នុងកាលដែលមានឮសំឡេងពីសិរីល្អដ៏ប្រសើរឧត្តម មានបន្ទូលមកទ្រង់ថា៖ ‹នេះជាកូនស្ងួនភ្ងាអញ ជាទីគាប់ចិត្តអញណាស់› យើងខ្ញុំបានឮសំឡេងនោះមកពីលើមេឃ ក្នុងកាលដែលនៅលើភ្នំបរិសុទ្ធជាមួយនឹងទ្រង់»។—ពេត្រុសទី២ ១:១៦-១៨; ពេត្រុសទី១ ៤:១៧
៦. តើតាមរបៀបណាដែលព្រឹត្ដិការណ៍ត្រូវបានលាតត្រដាងក្រោយពីការផ្លាស់ប្រែទ្រង់ទ្រាយ?
៦ សព្វថ្ងៃនេះ ជំនឿរបស់យើងក៏បានពង្រឹងដែរ ដោយសារអ្វីដែលសាវ័កបីនាក់នេះបានឃើញ។ ប្រាកដហើយ តាំងពីឆ្នាំ៣២ ស.យ.នោះមក គឺមានព្រឹត្ដិការណ៍លាតត្រដាងច្រើនឡើង។ ក្នុងឆ្នាំបន្ទាប់ ព្រះយេស៊ូបានសោយទិវង្គត ហើយបានប្រោសឲ្យមានព្រះជន្មឡើងវិញ ហើយបានឡើងទៅស្ថានសួគ៌ដែលគង់នៅខាងស្ដាំដៃរបស់ព្រះវរបិតាទ្រង់។ (កិច្ចការ ២:២៩-៣៦) ក្នុងបុណ្យភិន្ដាកុសនៃឆ្នាំនោះ «អ៊ីស្រាអែលនៃព្រះ»ថ្មីបានតែងតាំងឡើង ហើយប្រតិបត្ដិការផ្សាយប្រកាសក៏មានឡើង ចាប់ផ្ដើមពីក្រុងយេរូសាឡិម ហើយក្រោយមកពង្រីករហូតដល់ចុងបញ្ចប់នៃផែនដី។ (កាឡាទី ៦:១៦; កិច្ចការ ១:៨) សឹងតែមួយរំពេចក្រោយមក ជំនឿនៃពួកកាន់តាមរបស់ព្រះយេស៊ូត្រូវបានសាកល្បង។ ពួកសាវ័កត្រូវបានគេចាប់ដាក់គុក ហើយបានវាយតប់យ៉ាងខ្លាំង ពីព្រោះពួកគេមិនព្រមឈប់ផ្សាយដំណឹងល្អ។ បន្ដិចក្រោយមក ស្ទេផានត្រូវបានគេសម្លាប់ចោល។ រួចមកយ៉ាកុប ជាអ្នកដែលបានឃើញការផ្លាស់ប្រែទ្រង់ទ្រាយ ក៏ត្រូវបានគេសម្លាប់ដែរ។ (កិច្ចការ ៥:១៧-៤០; ៦:៨–៧:៦០; ១២:១, ២) ប៉ុន្តែ ពេត្រុសនិងយ៉ូហានបានរួចរស់ជីវិត ហើយបានបំរើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ជាច្រើនឆ្នាំមកទៀត។ តាមការពិត ដល់ទីបញ្ចប់នៃសតវត្សទីមួយ.ស.យ. យ៉ូហានបានកត់ទុកចក្ខុនិមិត្តថែមទៀតស្តីពីព្រះយេស៊ូក្នុងសិរីល្អនៅស្ថានសួគ៌។—វិវរណៈ ១:១២-២០; ១៤:១៤; ១៩:១១-១៦
៧. (ក) នៅពេលណាដែលការផ្លាស់ប្រែទ្រង់ទ្រាយចាប់ផ្ដើមបានសម្រេច? (ខ) នៅពេលណាដែលព្រះយេស៊ូសងដល់បុគ្គលខ្លះស្របតាមមារយាទរបស់គេ?
៧ តាំងពីការចាប់ផ្ដើមនៃ«ថ្ងៃនៃព្រះអម្ចាស់»ក្នុងឆ្នាំ១៩១៤ ចក្ខុនិមិត្តជាច្រើនដែលយ៉ូហានបានឃើញនោះ បានសម្រេចហើយ។ (វិវរណៈ ១:១០) ចុះយ៉ាងណាវិញ ចំពោះ‹ការយាងមករបស់ព្រះយេស៊ូក្នុងសិរីល្អនៃព្រះវរបិតាទ្រង់› ដែលបានតំណាងដោយការផ្លាស់ប្រែទ្រង់ទ្រាយនោះ? ចក្ខុនិមិត្តនេះបានចាប់ផ្ដើមសម្រេច នៅឯកំណើតនៃព្រះរាជាណាចក្រស្ថានសួគ៌របស់ព្រះក្នុងឆ្នាំ១៩១៤។ នៅពេលដែលព្រះយេស៊ូ ដូចផ្កាយព្រឹក បានរះឡើងក្នុងវិស័យសកលលោក ជាស្តេចថ្មី នោះគឺថា បើនិយាយប្រៀបធៀប ជាការរះឡើងនៃថ្ងៃថ្មី។ (ពេត្រុសទី២ ១:១៩; វិវរណៈ ១១:១៥; ២២:១៦) តើព្រះយេស៊ូក្នុងពេលនោះបានសងដល់បុគ្គលខ្លះស្របតាមមារយាទរបស់គេទេ? ប្រាកដមែន គឺមានទីសំអាងជាក់ស្តែងដែលថាក្រោយពីនោះបន្ដិចមក សេចក្ដីរស់ឡើងវិញទៅស្ថានសួគ៌នៃពួកគ្រីស្ទានចាក់ប្រេងតាំងបានចាប់ផ្ដើមឡើង។—ធីម៉ូថេទី២ ៤:៨; វិវរណៈ ១៤:១៣
៨. តើព្រឹត្ដិការណ៍អ្វីដែលនឹងសម្គាល់កំពូលនៃការសម្រេច ដល់ចក្ខុនិមិត្តនៃការផ្លាស់ប្រែទ្រង់ទ្រាយ?
៨ ប៉ុន្តែ មិនយូរប៉ុន្មានទៀត ព្រះយេស៊ូនឹងយាងមក«ក្នុងសិរីល្អរបស់លោក មានទាំងពួកទេវតាបរិសុទ្ធទាំងអស់គ្នា មកជាមួយ» ដើម្បីជំនុំជំរះមនុស្សជាតិទាំងអស់។ (ម៉ាថាយ ២៥:៣១) នៅគ្រានោះ ទ្រង់នឹងបង្ហាញអង្គទ្រង់ក្នុងសិរីល្អដ៏អស្ចារ្យ ហើយប្រទានសងដោយយុត្ដិធម៌ដល់‹មនុស្សម្នាក់ៗ› តាមមារយាទរបស់គាត់។ មនុស្សដែលមានលក្ខណៈដូចចៀមនឹងបានជីវិតដ៏អស់កល្បជានិច្ចជាមរតក ក្នុងព្រះរាជាណាចក្រដែលបានរៀបចំសំរាប់ពួកគេ ហើយមនុស្សដែលមានលក្ខណៈដូចពពែ នឹងថយទៅឲ្យ«មានទោសអស់កល្បជានិច្ច»។ តើនេះនឹងមានគ្រាចុងបញ្ចប់ដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎ ដែលសម្រេចតាមចក្ខុនិមិត្តនៃការផ្លាស់ប្រែទ្រង់ទ្រាយ!—ម៉ាថាយ ២៥:៣៤, ៤១, ៤៦; ម៉ាកុស ៨:៣៨; ថែស្សាឡូនីចទី២ ១:៦-១០
ពួកគូកនរបស់ព្រះយេស៊ូដែលបានដំកើង
៩. តើយើងគិតថានឹងមានម៉ូសេនិងអេលីយ៉ាជាមួយព្រះយេស៊ូ ក្នុងសេចក្ដីសម្រេចនៃការផ្លាស់ប្រែទ្រង់ទ្រាយទេ? សូមពន្យល់។
៩ ព្រះយេស៊ូមិនបាននៅម្នាក់ឯងក្នុងការផ្លាស់ប្រែទ្រង់ទ្រាយទេ។ លោកម៉ូសេនិងលោកអេលីយ៉ាក៏នៅជាមួយទ្រង់ដែរ។ (ម៉ាថាយ ១៧:២, ៣) តើពួកគេមានវត្តមានមែនទែនឬ? អត់ទេ ពីព្រោះបុរសទាំងពីរនេះបានស្លាប់ជាយូរមកហើយ ហើយដេកក្នុងហ្សីអូលរង់ចាំដំណើររស់ឡើងវិញ។ (សាស្ដា ៩:៥, ១០; ហេព្រើរ ១១:៣៥) តើគេនឹងលេចឡើងជាមួយព្រះយេស៊ូទេ នៅពេលដែលទ្រង់យាងមកក្នុងសិរីល្អនៅស្ថានសួគ៌? អត់ទេ ពីព្រោះម៉ូសេនិងអេលីយ៉ា បានរស់នៅមុននឹងសេចក្ដីសង្ឃឹមខាងស្ថានសួគ៌បានបើកឡើងសំរាប់មនុស្ស។ ពួកគេនឹងមានចំណែកក្នុង‹ដំណើររស់ឡើងវិញនៃ . . . មនុស្សសុចរិត›។ (កិច្ចការ ២៤:១៥) ដូច្នេះការលេចខ្លួនរបស់គេក្នុងចក្ខុនិមិត្តនៃការផ្លាស់ប្រែទ្រង់ទ្រាយជានិមិត្តរូប។ អំពីអ្វី?
១០, ១១. តើអេលីយ៉ានិងម៉ូសេជាតំណាងនៃអ្នកណាក្នុងបរិបទផ្សេងៗ?
១០ ក្នុងបរិបទផ្សេងទៀត ម៉ូសេនិងអេលីយ៉ាជាបុគ្គលខាងទំនាយ។ ជាអ្នកកណ្ដាលនៃកិច្ចព្រមព្រៀងខាងក្រិត្យវិន័យ ម៉ូសេជាតំណាងនៃព្រះយេស៊ូ ជាអ្នកកណ្ដាលនៃកិច្ចព្រមព្រៀងថ្មី។ (ចោទិយកថា ១៨:១៨; កាឡាទី ៣:១៩; ហេព្រើរ ៨:៦) អេលីយ៉ាជាតំណាងនៃយ៉ូហាន-បាទីស្ទ ជាអ្នកនាំមុខនៃព្រះមេស្ស៊ី។ (ម៉ាថាយ ១៧:១១-១៣) ម្យ៉ាងទៀត ក្នុងបរិបទនៃវិវរណៈជំពូក ១១ ម៉ូសេនិងអេលីយ៉ាជាតំណាងនៃពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ក្នុងគ្រាចុងបញ្ចប់។ តើតាមរបៀបណាដែលយើងដឹងរឿងនេះ?
១១ សូមបើកទៅវិវរណៈ ១១:១-៦។ ក្នុងខ ៣ យើងអានថា៖ «អញនឹងឲ្យអំណាចដល់ស្មរបន្ទាល់អញទាំង២នាក់ គេនឹងទាយក្នុងរវាង១២៦០ថ្ងៃ ទាំងស្លៀកពាក់សំពត់ធ្មៃផង»។ ទំនាយនេះត្រូវបានសម្រេចលើពួកសំណល់នៃគ្រីស្ទានចាក់ប្រេងតាំង ក្នុងកំឡុងសង្គ្រាមលោកលើកទី១។a ហេតុអ្វីក៏ស្មរបន្ទាល់ពីរនាក់? ពីព្រោះពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ធ្វើកិច្ចការ ដែលក្នុងផ្លូវខាងវិញ្ញាណ គឺដូចម៉ូសេនិងអេលីយ៉ា។ ខ៥និង៦ ចែងទៀតថា៖ «បើអ្នកណាចង់ធ្វើទុក្ខដល់អ្នក២នាក់នោះ នឹងមានភ្លើងចេញពីមាត់គេ មកបញ្ឆេះបំផ្លាញពួកខ្មាំងសត្រូវវិញ បើសិនជាអ្នកណាចង់ធ្វើទុក្ខគេ នោះត្រូវស្លាប់ទៅយ៉ាងដូច្នោះ។ អ្នកទាំង២នោះមានអំណាចនឹងធ្វើឲ្យមេឃរាំង មិនឲ្យភ្លៀងធ្លាក់មកក្នុងគ្រាដែលគេទាយ ក៏មានអំណាចនឹងបំផ្លាស់ទឹកឲ្យទៅជាឈាម ហើយនឹងធ្វើឲ្យផែនដីកើតមានសេចក្ដីវេទនាគ្រប់យ៉ាង ក្នុងវេលាណាក៏ដោយ តាមតែចិត្តបាន»។ ដូច្នេះ យើងត្រូវបានរំឭកនៃអព្ភូតហេតុដែលអេលីយ៉ានិងម៉ូសេបានធ្វើ។—ជនគណនា ១៦:៣១-៣៤; ពង្សាវតារក្សត្រទី១ ១៧:១; ពង្សាវតារក្សត្រទី២ ១:៩-១២
១២. ក្នុងបរិបទនៃការផ្លាស់ប្រែទ្រង់ទ្រាយ តើម៉ូសេនិងអេលីយ៉ាតំណាងអ្នកណា?
១២ ដូច្នេះ តើលោកម៉ូសេនិងលោកអេលីយ៉ាបានតំណាងអ្នកណាក្នុងបរិបទនៃការផ្លាស់ប្រែទ្រង់ទ្រាយ? លូកានិយាយថាពួកគេបានលេចឡើងជាមួយព្រះយេស៊ូ«ក្នុងសិរីល្អ»។ (លូកា ៩:៣១) យ៉ាងច្បាស់ណាស់ ពួកគេតំណាងពួកគ្រីស្ទានដែលបានចាក់ប្រេងតាំងដោយព្រះវិញ្ញាណបរិសុទ្ធ ដូច«គ្រងមរដក» ជាមួយព្រះយេស៊ូ ហើយតាមរយៈនេះនឹងទទួលសេចក្ដីសង្ឃឹមដ៏ល្អនៃការ«បានដំកើងឡើង»ជាមួយទ្រង់។ (រ៉ូម ៨:១៧) ពួកចាក់ប្រេងតាំងដែលប្រោសឲ្យរស់ឡើងវិញនឹងនៅជាមួយព្រះយេស៊ូ នៅពេលដែលទ្រង់យាងមកក្នុងសិរីល្អនៃព្រះវរបិតា ដើម្បី«សងដល់គ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន»។—ម៉ាថាយ ១៦:២៧
ពួកស្មរបន្ទាល់ដូចម៉ូសេនិងអេលីយ៉ា
១៣. តើមានលក្ខណៈអ្វីដែលសម្គាល់ម៉ូសេនិងអេលីយ៉ា ជាបុគ្គលខាងទំនាយដ៏សមរម្យជាតំណាងនៃពួកគ្រងមរតករបស់ព្រះយេស៊ូដែលបានដំកើងឡើងជាមួយទ្រង់?
១៣ គឺមានលក្ខណៈជាច្រើនដែលសម្គាល់ម៉ូសេនិងអេលីយ៉ា ជាបុគ្គលខាងទំនាយដ៏សមរម្យនៃពួកគ្រងមរតកចាក់ប្រេងតាំងរបស់ព្រះយេស៊ូ។ ម៉ូសេនិងអេលីយ៉ាបានបំរើជាអ្នកនាំពាក្យរបស់ព្រះយេហូវ៉ាជាច្រើនឆ្នាំ។ ទាំងពីរនាក់នេះបានប្រឈមមុខនឹងកំហឹងនៃអ្នកគ្រប់គ្រង។ នៅគ្រានៃការខ្វះខាត បុគ្គលម្នាក់ៗត្រូវបានគាំទ្រដោយគ្រួសារបរទេស។ បុគ្គលទាំងពីរបានទាយយ៉ាងក្លាហានដល់ពួកស្តេចនិងឈរយ៉ាងមាំមួនប្រឆាំងពួកព្យាការីក្លែងក្លាយ។ ម៉ូសេនិងអេលីយ៉ាបានឃើញព្រះចេស្ដារបស់ព្រះយេហូវ៉ានៅលើភ្នំស៊ីណាយ (ក៏មានឈ្មោះជាហូរែប)។ ទាំងពីរនាក់ក៏បានតែងតាំងអ្នកស្នងនៅទិសខាងកើតនៃទន្លេយ័រដាន់។ ក្នុងសម័យម៉ូសេ (ជាមួយយ៉ូស្វេ) និងអេលីយ៉ា (ជាមួយអេលីសេ) គឺបានឃើញនូវការធ្វើអព្ភូតហេតុដ៏ធំជាច្រើន ក្រៅពីអព្ភូតហេតុដែលបានកើតឡើងក្នុងសម័យនៃព្រះយេស៊ូ។b
១៤. តើតាមរបៀបណាដែលពួកចាក់ប្រេងតាំងបានបំរើជាអ្នកនាំពាក្យរបស់ព្រះយេហូវ៉ា ដូចម៉ូសេនិងអេលីយ៉ា?
១៤ តើព្រឹត្ដិការណ៍ទាំងនេះមិនរំឭកយើងពីអ៊ីស្រាអែលនៃព្រះទេឬ? គឺប្រាកដហើយ។ ព្រះយេស៊ូមានបន្ទូលប្រាប់ពួកអ្នកកាន់តាមដ៏ស្មោះត្រង់របស់ទ្រង់ថា៖ «ដូច្នេះ ចូរទៅបញ្ចុះបញ្ចូលឲ្យមានសិស្សនៅគ្រប់ទាំងសាសន៍ ព្រមទាំងធ្វើបុណ្យជ្រមុជទឹកឲ្យ ដោយនូវព្រះនាមព្រះវរបិតា ព្រះរាជបុត្រា នឹងព្រះវិញ្ញាណបរិសុទ្ធចុះ ហើយបង្រៀន ឲ្យគេកាន់តាមគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានបង្គាប់មកអ្នករាល់គ្នាផង ហើយមើល ខ្ញុំក៏នៅជាមួយនឹងអ្នករាល់គ្នាជារាល់ថ្ងៃដែរ ដរាបដល់បំផុតកល្ប»។ (ម៉ាថាយ ២៨:១៩, ២០) ក្នុងការគោរពតាមពាក្យបន្ទូលនោះ ពួកគ្រីស្ទានចាក់ប្រេងតាំងបានបំរើជាអ្នកនាំពាក្យរបស់ព្រះយេហូវ៉ាតាំងពីបុណ្យភិន្ដាកុសនៃឆ្នាំ៣៣ ស.យ. រហូតមកដល់ឥឡូវនេះ។ ដូចម៉ូសេនិងអេលីយ៉ា ពួកគេបានប្រឈមមុខនឹងកំហឹងនៃពួកគ្រប់គ្រង ហើយបានធ្វើបន្ទាល់ដល់ពួកគេដែរ។ ព្រះយេស៊ូមានបន្ទូលប្រាប់ពួកសាវ័ក១២នាក់របស់ទ្រង់ថា៖ «អ្នករាល់គ្នានឹងត្រូវគេបញ្ជូនទៅនៅមុខចៅហ្វាយខេត្ត ហើយនៅចំពោះស្តេច ដោយព្រោះខ្ញុំ ទុកជាទីបន្ទាល់ដល់លោកទាំងនោះ ហើយនឹងពួកសាសន៍ដទៃដែរ»។ (ម៉ាថាយ ១០:១៨) ពាក្យបន្ទូលរបស់ទ្រង់បានសម្រេចយ៉ាងញឹកញាប់ ក្នុងកំឡុងប្រវត្ដិសាស្ត្រនៃក្រុមជំនុំគ្រីស្ទាន។—កិច្ចការ ២៥:៦, ១១, ១២, ២៤-២៧; ២៦:៣
១៥, ១៦. តើមានភាពស្មើគ្នាយ៉ាងណារវាងពួកចាក់ប្រេងតាំងហើយម៉ូសេនិងអេលីយ៉ា ក្នុងរឿងនៃ (ក) ការគាំទ្រសេចក្ដីពិតយ៉ាងក្លាហានរបស់គេ? (ខ) ការទទួលជំនួយពីពួកដែលមិនមែនជាតិអ៊ីស្រាអែល?
១៥ ម្យ៉ាងទៀត ពួកគ្រីស្ទានចាក់ប្រេងតាំងក៏មានសេចក្ដីក្លាហានដូចម៉ូសេនិងអេលីយ៉ាដែរ ក្នុងការគាំទ្រសេចក្ដីពិតប្រឆាំងនឹងភាពក្លែងក្លាយខាងសាសនា។ សូមអ្នកនឹកចាំពីរបៀបដែលប៉ុលបានចោទប្រកាន់ព្យាការីក្លែងក្លាយឈ្មោះបារ-យេស៊ូ ហើយដោយប៉ិនប្រសប់និងយ៉ាងម៉ឺងម៉ាត់ គាត់បានលាតត្រដាងសេចក្ដីក្លែងក្លាយនៃព្រះរបស់ពួកអាថែន។ (កិច្ចការ ១៣:៦-១២; ១៧:១៦, ២២-៣១) សូមឲ្យចាំដែរថាក្នុងសម័យទំនើបនេះ ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់បានលាតត្រដាងពិភពគ្រីស្ទសាសនាយ៉ាងក្លាហាន ហើយការធ្វើបន្ទាល់របស់គេបានធ្វើអន្តរាយដល់ពិភពគ្រីស្ទសាសនា។—វិវរណៈ ៨:៧-១២c
១៦ នៅពេលដែលម៉ូសេបានរត់គេចពីកំហឹងរបស់ស្តេចផារ៉ោន គាត់បានរកទីជ្រកពួនក្នុងលំនៅរបស់រេហួល (ក៏មានឈ្មោះជាយេត្រូ) ដែលមិនមែនជាជាតិអ៊ីស្រាអែល។ ក្នុងគ្រាក្រោយមក ម៉ូសេបានទទួលឱវាទខាងការរៀបចំដ៏ល្អពីរេហួល ដែលកូនរបស់គាត់ ហូបាប់ បានដឹកនាំពួកអ៊ីស្រាអែលឆ្លងកាត់ទីរហោស្ថាន។d (និក្ខមនំ ២:១៥-២២; ១៨:៥-២៧; ជនគណនា ១០:២៩) តើពួកសមាជិកនៃអ៊ីស្រាអែលរបស់ព្រះត្រូវបានទទួលជំនួយស្រដៀងនេះ ដោយពួកបុគ្គលដែលមិនមែនជាពួកសមាជិកចាក់ប្រេងតាំងនៃអ៊ីស្រាអែលរបស់ព្រះទេ? ត្រូវហើយ ពួកគេបានគាំទ្រដោយ«ហ្វូងធំ»នៃ«ចៀមឯទៀត» ដែលបានសម្ដែងខ្លួនក្នុងកំឡុងថ្ងៃជាន់ក្រោយបង្អស់នេះ។ (វិវរណៈ ៧:៩; យ៉ូហាន ១០:១៦; អេសាយ ៦១:៥) ក្នុងការទាយអំពីការគាំទ្រដ៏កក់ក្ដៅនិងដ៏ស្រឡាញ់ដែលពួក«ចៀម»នឹងឲ្យដល់បងប្អូនចាក់ប្រេងតាំងរបស់ទ្រង់ ព្រះយេស៊ូមានបន្ទូលដល់គេជាទំនាយថា៖ «យើងបានឃ្លាន ហើយអ្នករាល់គ្នាបានឲ្យបរិភោគ យើងបានស្រេក ហើយអ្នករាល់គ្នាបានឲ្យផឹក យើងជាអ្នកដទៃ ហើយអ្នករាល់គ្នាបានទទួលយើង យើងនៅអាក្រាត ហើយអ្នករាល់គ្នាបានស្លៀកពាក់ឲ្យយើង យើងបានឈឺ ហើយអ្នករាល់គ្នាបានមកសួរយើង ក៏ជាប់គុក ហើយអ្នករាល់គ្នាបានមកឯយើង . . . យើងប្រាប់អ្នករាល់គ្នាជាប្រាកដថា ដែលអ្នករាល់គ្នាបានធ្វើការទាំងនោះ ដល់អ្នកតូចបំផុតក្នុងពួកបងប្អូនយើងនេះ នោះឈ្មោះថា បានធ្វើដល់យើងដែរ»។—ម៉ាថាយ ២៥:៣៥-៤០
១៧. តើតាមរបៀបណាដែលពួកអ្នកចាក់ប្រេងតាំងមានការពិសោធស្រដៀងនឹងអេលីយ៉ាលើភ្នំហូរែប?
១៧ ក្រៅពីនេះទៀត ពួកអ៊ីស្រាអែលនៃព្រះបានមានការពិសោធដែលអាចប្រៀបប្រដូចទៅនឹងអេលីយ៉ានៅលើភ្នំហូរែប។e ដូចអេលីយ៉ានៅគ្រាដែលលោកបានរត់គេចចេញពីមហាក្សត្រីយេសិបិល ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់បានខ្លាចថា កិច្ចការរបស់គេបានចប់នៅចុងសង្គ្រាមលោកលើកទី១។ រួចមក ដូចអេលីយ៉ា ពួកគេបានប្រឈមមុខនឹងព្រះយេហូវ៉ា ដែលបានមកជំនុំជំរះអង្គការណាដែលអះអាងថាជា«ដំណាក់នៃព្រះ»។ (ពេត្រុសទី១ ៤:១៧; ម៉ាឡាគី ៣:១-៣) ទោះជាព្រះឃើញថាពិភពគ្រីស្ទសាសនាមិនធ្វើតាមដល់ខ្នាតគំរូរបស់ទ្រង់ក៏ដោយ ពួកអ្នកចាក់ប្រេងតាំងដែលនៅសល់ត្រូវបានទទួលស្គាល់ជា‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ហើយបានតែងតាំងឲ្យត្រួតលើរបស់ទ្រព្យព្រះយេស៊ូទាំងអស់លើផែនដី។ (ម៉ាថាយ ២៤:៤៥-៤៧) លើភ្នំហូរែប អេលីយ៉ាបានឮ‹សម្លេងតូចហៀងៗ› ដែលសឲ្យឃើញជាសម្លេងរបស់ព្រះយេហូវ៉ា ដោយប្រទានកិច្ចការឲ្យលោកទៀត។ ក្នុងកំឡុងស្ងៀមស្ងាត់ក្រោយពីសង្គ្រាម ពួកអ្នកបំរើចាក់ប្រេងតាំងដ៏ស្មោះត្រង់របស់ព្រះយេហូវ៉ាបានឮសម្លេងរបស់ទ្រង់ពីទំព័រនៃព្រះគម្ពីរ។ ពួកគេក៏បានយល់ថា គេមានមុខងារដើម្បីបំពេញដែរ។—ពង្សាវតារក្សត្រទី១ ១៩:៤, ៩-១៨; វិវរណៈ ១១:៧-១៣
១៨. តើតាមរបៀបណាដែលការសម្ដែងដ៏អស្ចារ្យនៃព្រះចេស្ដារបស់ព្រះយេហូវ៉ាបញ្ជូនមកតាមអ៊ីស្រាអែលនៃព្រះ?
១៨ នៅទីបំផុត តើការសម្ដែងដ៏អស្ចារ្យនៃព្រះចេស្ដារបស់ព្រះយេហូវ៉ាបានបញ្ជូនមកតាមអ៊ីស្រាអែលនៃព្រះទេ? ក្រោយពីព្រះយេស៊ូបានសោយទិវង្គត ពួកសាវ័កបានធ្វើអព្ភូតហេតុជាច្រើន ប៉ុន្តែត្រូវបានបន្ថយបន្ដិចម្ដងៗ។ (កូរិនថូសទី១ ១៣:៨-១៣) សព្វថ្ងៃនេះ យើងមើលមិនឃើញអព្ភូតហេតុក្នុងន័យចំៗនោះទេ។ ម្យ៉ាងវិញទៀត ព្រះយេស៊ូមានបន្ទូលដល់ពួកកាន់តាមទ្រង់ថា៖ «ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អ្នកណាដែលជឿដល់ខ្ញុំ នោះនឹងធ្វើការដែលខ្ញុំធ្វើដែរ ក៏នឹងធ្វើការធំជាងការទាំងនោះទៅទៀត»។ (យ៉ូហាន ១៤:១២) សេចក្ដីនេះបានមានការសម្រេចដំបូង កាលដែលពួកសិស្សរបស់ព្រះយេស៊ូបានផ្សាយដំណឹងល្អក្នុងទូទាំងចក្រភពរ៉ូម៉ាំងក្នុងសតវត្សទីមួយ។ (រ៉ូម ១០:១៨) គឺមានកិច្ចការដ៏ធំជាងកំពុងតែប្រព្រឹត្តឡើងសព្វថ្ងៃនេះ កាលដែលពួកអ្នកចាក់ប្រេងតាំងដែលនៅសល់បាននាំមុខផ្សាយដំណឹងល្អ«ទូទៅគ្រប់ក្នុងលោកីយទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។ (ម៉ាថាយ ២៤:១៤) ជាលទ្ធផល? សតវត្សទី២០បានឃើញនាំចូលពួកអ្នកបំរើ ដែលថ្វាយខ្លួនដល់ព្រះយេហូវ៉ាដែលមានចំនួនយ៉ាងច្រើនក្នុងប្រវត្ដិសាស្ត្រ។ (វិវរណៈ ៥:៩, ១០; ៧:៩, ១០) នេះជាទីសំអាងនៃព្រះចេស្ដារបស់ព្រះយេហូវ៉ាដ៏អស្ចារ្យយ៉ាងណាទៅហ្ន៎!—អេសាយ ៦០:២២
បងប្អូនរបស់ព្រះយេស៊ូមកក្នុងសិរីល្អ
១៩. តើពេលណាដែលពួកបងប្អូនចាក់ប្រេងតាំងរបស់ព្រះយេស៊ូ ត្រូវបានឃើញជាមួយទ្រង់ក្នុងសិរីល្អ?
១៩ កាលដែលបងប្អូនចាក់ប្រេងតាំងរបស់ព្រះយេស៊ូបានបញ្ចប់កិច្ចការរបស់គេនៅផែនដី ពួកគេនឹងបានដំកើងជាមួយទ្រង់។ (រ៉ូម ២:៦, ៧; កូរិនថូសទី១ ១៥:៥៣; ថែស្សាឡូនីចទី១ ៤:១៤, ១៧) ដូច្នេះ ពួកគេនឹងក្លាយទៅជាស្តេចនិងសង្ឃដ៏អមតៈក្នុងព្រះរាជាណាចក្រនៅស្ថានសួគ៌។ ជាមួយព្រះយេស៊ូ ពេលនោះគេនឹង«ឃ្វាល[មនុស្ស]ដោយដំបងដែក ដូចជាគេបំបែកភាជនៈដីឲ្យខ្ទេចខ្ទី»។ (វិវរណៈ ២:២៧; ២០:៤-៦; ទំនុកដំកើង ១១០:២, ៥, ៦) ជាមួយព្រះយេស៊ូ ពួកគេនឹងគង់លើបល្ល័ង្ក ទាំងជំនុំជំរះ«ពូជអំបូរអ៊ីស្រាអែលទាំង១២»។ (ម៉ាថាយ ១៩:២៨) ការបង្កើតដែលកាន់ទុក្ខទាំងឡាយបានរង់ចាំព្រឹត្ដិការណ៍ទាំងនេះ ដែលជាផ្នែកនៃ«ពួកកូនរបស់ព្រះលេចមកឲ្យឃើញ»។—រ៉ូម ៨:១៩-២១; ថែស្សាឡូនីចទី២ ១:៦-៨
២០. (ក) ចំពោះសេចក្ដីសង្ឃឹមណាដែលការផ្លាស់ប្រែទ្រង់ទ្រាយពង្រឹងជំនឿរបស់ពេត្រុស? (ខ) តើតាមរបៀបណាដែលការផ្លាស់ប្រែទ្រង់ទ្រាយពង្រឹងពួកគ្រីស្ទានសព្វថ្ងៃនេះ?
២០ ប៉ុលបាននិយាយអំពីការសម្ដែងខ្លួននៃព្រះយេស៊ូ ក្នុងកំឡុង‹សេចក្ដីវេទនាជាខ្លាំង› កាលដែលលោកបានសរសេរថា៖ «ទ្រង់យាងមក ដើម្បីឲ្យបានដំកើងឡើងក្នុងពួកបរិសុទ្ធរបស់ទ្រង់ ហើយនៅថ្ងៃនោះ ឲ្យបានគេមើលទ្រង់ដោយអស្ចារ្យ ក្នុងពួកអ្នកដែលជឿ»។ (ម៉ាថាយ ២៤:២១; ថែស្សាឡូនីចទី២ ១:១០) នេះជាសេចក្ដីសង្ឃឹមដ៏អស្ចារ្យចំពោះពេត្រុស យ៉ាកុប យ៉ូហាន និងពួកគ្រីស្ទានចាក់ប្រេងតាំងដោយវិញ្ញាណទាំងអស់គ្នា! ការផ្លាស់ប្រែទ្រង់ទ្រាយបានពង្រឹងជំនឿរបស់ពេត្រុស។ យ៉ាងប្រាកដណាស់ ការអានអំពីរឿងនេះក៏ពង្រឹងជំនឿរបស់យើងដែរ ហើយធ្វើឲ្យយើងមានការទុកចិត្តមុតមាំថា មិនយូរប៉ុន្មានទៀត ព្រះយេស៊ូនឹង«សងដល់មនុស្សគ្រប់គ្នា តាមការដែលបានធ្វើរៀងខ្លួន»។ ពួកគ្រីស្ទានចាក់ប្រេងតាំងដ៏ស្មោះត្រង់ ដែលបានរួចជីវិតមកដល់សម័យនេះ ឃើញថាការទុកចិត្តរបស់គេគឺត្រឹមត្រូវណាស់ថានឹងត្រូវបានដំកើងជាមួយព្រះយេស៊ូ។ ពួកចៀមឯទៀតក៏បានពង្រឹងជំនឿរបស់គេ ដោយមានចំណេះថាទ្រង់នឹងសង្គ្រោះពួកគេពីទីបញ្ចប់នៃរបបលោកីយ៍ដ៏អាក្រក់នេះ ចូលទៅក្នុងពិភពលោកថ្មីដ៏រុងរឿង។ (វិវរណៈ ៧:១៤) នេះជាការលើកទឹកចិត្តមែនឲ្យឈរមាំមួនរហូតដល់ទីបញ្ចប់! ហើយចក្ខុនិមិត្តនេះអាចបង្រៀនយើងច្រើនថែមទៀត ដូចជាយើងនឹងឃើញក្នុងអត្ថបទជាបន្ទាប់។
[កំណត់សម្គាល់]
a សូមមើលសៀវភៅ “Let Your Name Be Sanctified,” ទំព័រ ៣១៣-១៤, និង Revelation—Its Grand Climax At Hand!, ទំព័រ ១៦៤-៥ បោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក
b និក្ខមនំ ២:១៥-២២; ៣:១-៦; ៥:២; ៧:៨-១៣; ៨:១៨; ១៩:១៦-១៩; ចោទិយកថា ៣១:២៣; ពង្សាវតារក្សត្រទី១ ១៧:៨-១៦; ១៨:២១-៤០; ១៩:១, ២, ៨-១៨; ពង្សាវតារក្សត្រទី២ ២:១-១៤
c សូមមើលទំព័រ ១៣៣-៤១ ក្នុងសៀវភៅ Revelation—Its Grand Climax At Hand!, (ភាសាអង់គ្លេស)
d សូមមើលសៀវភៅ You May Survive Armageddon Into God’s New World, បានបោះពុម្ពដោយសមាគមប៉មយាមខាងព្រះគម្ពីរនិងខិត្តប័ណ្ណនៃរដ្ឋញូវយ៉ក ទំព័រ ២៨១-៣។
e សូមមើល “Let Your Name Be Sanctified,” ទំព័រ ៣១៧-២០
តើអ្នកនៅចាំទេ?
◻ តើអ្នកណាបានលេចខ្លួនជាមួយព្រះយេស៊ូក្នុងការផ្លាស់ប្រែទ្រង់ទ្រាយ?
◻ តើតាមរបៀបណាដែលជំនឿរបស់ពួកសាវ័ក ត្រូវបានពង្រឹងដោយការផ្លាស់ប្រែទ្រង់ទ្រាយ?
◻ នៅពេលដែលម៉ូសេនិងអេលីយ៉ាបានលេចខ្លួន«ក្នុងសិរីល្អ»ជាមួយព្រះយេស៊ូក្នុងការផ្លាស់ប្រែទ្រង់ទ្រាយ តើពួកគេជាតំណាងនៃពួកណា?
◻ តើមានការស្មើគ្នាយ៉ាងណារវាងម៉ូសេនិងអេលីយ៉ា ហើយពួកអ៊ីស្រាអែលនៃព្រះនោះ?
[រូបភាពនៅទំព័រ២៣]
ការផ្លាស់ប្រែទ្រង់ទ្រាយបានពង្រឹងជំនឿនៃពួកគ្រីស្ទានក្នុងអតីតកាលនិងបច្ចុប្បន្នកាល