ជំពូកទីដប់
ព្រះរាជាណាចក្រ«ដែលមិនត្រូវបំផ្លាញឡើយ»
១. តើហេតុការណ៍អ្វី ដែលបានបញ្ជាក់ដោយព្រឹត្ដិការណ៍ក្នុងពិភពលោកទូទាំងប្រវត្ដិសាស្ត្ររបស់មនុស្សជាតិ?
ព្រឹត្ដិការណ៍ក្នុងពិភពលោករាល់ថ្ងៃបញ្ជាក់ថា មនុស្សលោកពុំទាន់រកឃើញសុភមង្គលនៅឡើយទេ ដោយព្រោះពួកគេបដិសេធនូវអធិបតេយ្យរបស់ព្រះយេហូវ៉ា និងខំគ្រប់គ្រងលើខ្លួនឯងនោះ។ គ្មានរបបណាមួយនៃរដ្ឋាភិបាលរបស់មនុស្ស ដែលបាននាំឲ្យមានប្រយោជន៍ដោយមិនលំអៀងចំពោះមនុស្សជាតិណាទេ។ ទោះជាមនុស្សបានរីកចំរើនខាងវិទ្យាសាស្ត្រដល់កំរិតដែលពុំធ្លាប់មានក៏ដោយ ក៏ពួកគេពុំអាចយកឈ្នះនឹងជំងឺ ឬបញ្ចប់នូវសេចក្ដីស្លាប់ សូម្បីតែសំរាប់មនុស្សម្នាក់ក៏ពុំបានដែរ។ ការគ្រប់គ្រងរបស់មនុស្សមិនបានបំបាត់ចោលនូវសង្គ្រាម អំពើឃោរឃៅ ឧក្រិដ្ឋកម្ម អំពើពុករលួយ ឬភាពក្រីក្រនោះឡើយ។ រដ្ឋាភិបាលដែលសង្កត់សង្កិននៅតែជិះជាន់លើប្រជាជននៅប្រទេសជាច្រើន។ (សាស្ដា ៨:៩) បច្ចេកវិជ្ជា ការលោភលន់ និងភាពល្ងង់ខ្លៅជាកត្ដាដែលធ្វើឲ្យក្រខ្វក់ដល់ផែនដី ទឹក និងខ្យល់។ ការធ្វេសប្រហែសខាងសេដ្ឋកិច្ចដោយពួកមន្ត្រី ធ្វើឲ្យមនុស្សជាច្រើនពិបាកចិញ្ចឹមជីវិត។ ការគ្រប់គ្រងរាប់ពាន់ឆ្នាំរបស់មនុស្សលោក បានធ្វើឲ្យហេតុការណ៍នេះឃើញយ៉ាងជាក់ស្តែងថា៖ «ផ្លូវរបស់មនុស្សមិនស្រេចនៅខ្លួនគេទេ ហើយដែលដំរង់ជំហានរបស់ខ្លួន នោះក៏មិនស្រេចនៅមនុស្សដែលដើរដែរ»។—យេរេមា ១០:២៣
២. តើអ្វីជាដំណោះស្រាយតែមួយគត់ចំពោះបញ្ហារបស់មនុស្ស?
២ តើអ្វីជាដំណោះស្រាយ? គឺព្រះរាជាណាចក្រនៃព្រះ ដ្បិតព្រះយេស៊ូបានបង្រៀនពួកអ្នកកាន់តាមទ្រង់ឲ្យអធិស្ឋានថា៖ «សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់បានសំរេចនៅផែនដី ដូចនៅស្ថានសួគ៌ដែរ»។ (ម៉ាថាយ ៦:៩, ១០) នៅពេត្រុសទី២ ៣:១៣ ក៏បានពិពណ៌នាអំពីព្រះរាជាណាចក្រនៃព្រះនៅស្ថានសួគ៌ ថាជា«ផ្ទៃមេឃថ្មី» ដែលនឹងត្រូវគ្រប់គ្រងលើ«ផែនដីថ្មី» ជាសង្គមមនុស្សដ៏សុចរិត។ ព្រះរាជាណាចក្រនៃព្រះនៅស្ថានសួគ៌គឺសំខាន់ដល់ម្ល៉េះដែលព្រះយេស៊ូយកនោះធ្វើជាប្រធានបទដ៏ចំបងនៃការផ្សព្វផ្សាយរបស់ទ្រង់។ (ម៉ាថាយ ៤:១៧) ព្រះយេស៊ូបានបង្ហាញថាព្រះរាជាណាចក្រ គួរតែមានអាទិភាពយ៉ាងណាក្នុងជីវិតរបស់យើង ដោយដាស់តឿនយើងថា៖ «ចូរស្វែងរកនគរ[«ព្រះរាជាណាចក្រ», ព.ថ.] នឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។—ម៉ាថាយ ៦:៣៣
៣. ហេតុអ្វីក៏ការរៀនអំពីព្រះរាជាណាចក្រនៃព្រះ ជាអ្វីដែលត្រូវធ្វើជាបន្ទាន់នោះ?
៣ ការរៀនអំពីព្រះរាជាណាចក្រនៃព្រះ គឺជាអ្វីដែលយើងត្រូវធ្វើនៅឥឡូវនេះជាបន្ទាន់ ពីព្រោះមិនយូរប៉ុន្មានទៀត ព្រះរាជាណាចក្រនេះនឹងចាត់វិធានការផ្លាស់ប្ដូរនូវការគ្រប់គ្រងផែនដីនេះជារៀងរហូត។ ដានីយ៉ែល ២:៤៤ ទាយប្រាប់ថា៖ «រីឯនៅគ្រានៃស្តេចទាំងនោះ[រដ្ឋាភិបាលដែលកំពុងគ្រប់គ្រង] ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង[នៅស្ថានសួគ៌] ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ [នឹងលែងឲ្យមនុស្សគ្រប់គ្រងផែនដីទៀតហើយ] គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះ[ដែលមាននៅសព្វថ្ងៃនេះ]វិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច»។ ដូច្នេះហើយ ព្រះរាជាណាចក្រនេះនឹងនាំមកនូវទីបញ្ចប់ ដោយបំផ្លាញចោលនូវរបបដ៏អាក្រក់ជួជាតិទាំងមូលនេះចេញ។ ពេលនោះ ព្រះរាជាណាចក្រនៅស្ថានសួគ៌ នឹងគ្រប់គ្រងផែនដីដោយគ្មានការជំទាស់ប្រឆាំងឡើយ។ យើងមានចិត្តកតញ្ញូមែន ដែលថាការធូរស្បើយនេះគឺកំពុងតែខិតមកកាន់តែកៀកណាស់ហើយ!
៤. តើអ្វីដែលបានកើតឡើងនៅស្ថានសួគ៌ក្នុងឆ្នាំ១៩១៤ ដែលទាក់ទងនឹងព្រះរាជាណាចក្រ? ហេតុអ្វីក៏ព្រឹត្ដិការណ៍នេះមានសារៈសំខាន់ចំពោះយើង?
៤ ព្រះយេស៊ូគ្រីស្ទបានត្រូវតែងតាំងឡើងជាស្តេចនៅឆ្នាំ១៩១៤ ហើយបានត្រូវអនុញ្ញាតឲ្យ«គ្រប់គ្រងនៅកណ្ដាលពួកខ្មាំងសត្រូវ[របស់ទ្រង់]»។ (ទំនុកដំកើង ១១០:១, ២) ម្យ៉ាងទៀត នៅឆ្នាំនោះដែរ «ថ្ងៃជាន់ក្រោយបង្អស់»នៃរបបលោកីយ៍ដ៏អាក្រក់ជួជាតិនេះ ក៏បានចាប់ផ្ដើមដែរ។ (ធីម៉ូថេទី២ ៣:១-៥, ១៣) នៅពេលដំណាលនោះ ព្រឹត្ដិការណ៍ទាំងប៉ុន្មានដែលដានីយ៉ែលបានឃើញក្នុងចក្ខុនិមិត្តជាទំនាយ គឺពិតជាបានកើតឡើងនៅស្ថានសួគ៌មែន។ ព្រះយេហូវ៉ាជា «ព្រះដ៏មានព្រះជន្មពីបុរាណ» បានប្រទានដល់ព្រះយេស៊ូគ្រីស្ទឲ្យ«មានអំណាចគ្រប់គ្រង នឹងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្ដាជនទាំងឡាយ សាសន៍ដទៃ នឹងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់»។ ដានីយ៉ែលបានរាយការណ៍អំពីចក្ខុនិមិត្តនោះថា៖ «ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង»។ (ដានីយ៉ែល ៧:១៣, ១៤) គឺតាមរយៈព្រះរាជាណាចក្រនៅស្ថានសួគ៌នេះហើយ ដែលនៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូគ្រីស្ទ ព្រះនឹងប្រទានដល់ពួកអ្នកស្រឡាញ់សេចក្ដីសុចរិត នូវរបស់ដ៏ល្អៗឥតគណនា ដូចដែលទ្រង់មានបំណងពេលទ្រង់ដាក់ឪពុកម្ដាយដំបូងនៅក្នុងសួនមនោរម្យនោះ។
៥. តើចំណុចណាខ្លះអំពីព្រះរាជាណាចក្រ ដែលគួរជាទីចាប់អារម្មណ៍ចំពោះយើង? ហើយហេតុអ្វី?
៥ តើអ្នកមានសេចក្ដីប្រាថ្នាចង់ធ្វើជារាស្ត្រដ៏ស្មោះ ចំពោះព្រះរាជាណាចក្រនេះឬទេ? បើដូច្នេះមែន អ្នកនឹងចាប់អារម្មណ៍ចំពោះរចនាសម្ព័ន្ធនិងដំណើរការនៃរដ្ឋាភិបាលនៅស្ថានសួគ៌។ អ្នកនឹងចង់ដឹងនូវអ្វីៗដែលព្រះរាជាណាចក្រនៃព្រះកំពុងតែធ្វើសព្វថ្ងៃនេះ និងអ្វីៗដែលព្រះរាជាណាចក្រនោះនឹងសម្រេចនៅអនាគត ហើយអ្វីដែលព្រះរាជាណាចក្រនេះតម្រូវពីអ្នក។ ពេលអ្នកពិនិត្យមើលព្រះរាជាណាចក្រឲ្យបានដិតដល់ នោះអ្នកនឹងមានចិត្តកតញ្ញូកាន់តែខ្លាំងឡើង។ ប្រសិនបើអ្នកមានប្រតិកម្មតបយ៉ាងល្អចំពោះការគ្រប់គ្រងនៃរដ្ឋាភិបាលនេះ នោះអ្នកនឹងមានលក្ខណៈច្រើនជាងដើម្បីប្រាប់អ្នកដទៃអំពីរបស់ដ៏អស្ចារ្យ ដែលព្រះរាជាណាចក្រនៃព្រះនៅស្ថានសួគ៌នឹងធ្វើសំរាប់មនុស្សលោកដែលចេះស្ដាប់បង្គាប់។—ទំនុកដំកើង ៤៨:១២, ១៣
ពួកអ្នកគ្រប់គ្រងក្នុងព្រះរាជាណាចក្រនៃព្រះ
៦. (ក) តើបទគម្ពីរបង្ហាញថា អធិបតេយ្យដែលត្រូវសម្ដែងតាមរយៈព្រះរាជាណាចក្រនៃព្រះមេស្ស៊ីជារបស់អ្នកណា? (ខ) ពេលយើងរៀនអំពីព្រះរាជាណាចក្រ តើនេះគួរមានអានុភាពយ៉ាងណាលើយើង?
៦ អ្វីដែលបង្ហាញឲ្យឃើញដំបូងពីការពិនិត្យមើលនេះ គឺថាព្រះរាជាណាចក្រនៃព្រះមេស្ស៊ី ជាការសម្ដែងនូវអធិបតេយ្យផ្ទាល់របស់ព្រះយេហូវ៉ា។ ព្រះយេហូវ៉ា គឺជាបុគ្គលដែលប្រទាននូវ‹អំណាចគ្រប់គ្រង សិរីល្អ ព្រមទាំងរាជ្យ›ចំពោះរាជបុត្រារបស់ទ្រង់។ ក្រោយពីរាជបុត្រារបស់ព្រះបានត្រូវតែងតាំងឲ្យចាប់ផ្ដើមគ្រប់គ្រងជាស្តេច នោះសម្លេងនៅស្ថានសួគ៌បានពោលយ៉ាងត្រឹមត្រូវថា៖ «នគរទាំងប៉ុន្មាននៅលោកីយ បានត្រឡប់ជានគររបស់ព្រះអម្ចាស់[ព្រះយេហូវ៉ា]នៃយើងរាល់គ្នា នឹងជារបស់ផងព្រះគ្រីស្ទនៃទ្រង់ហើយ ទ្រង់[ព្រះយេហូវ៉ា]នឹងសោយរាជ្យនៅអស់កល្បជានិច្ចរៀងរាបតទៅ»។ (វិវរណៈ ១១:១៥) ដូច្នេះអ្វីៗទាំងអស់ដែលយើងរៀនអំពីព្រះរាជាណាចក្រនេះ និងអ្វីៗដែលព្រះរាជាណាចក្រនឹងធ្វើឲ្យបានសម្រេចនោះ អាចនាំឲ្យយើងចូលទៅកាន់តែជិតព្រះយេហូវ៉ាឡើង។ អ្វីៗដែលយើងរៀន គួរលើកទឹកចិត្តយើងឲ្យចុះចូលចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ាជារៀងរហូត។
៧. ហេតុអ្វីក៏យើងចាប់អារម្មណ៍ជាពិសេស ទៅលើចំណុចដែលថាព្រះយេស៊ូគ្រីស្ទជាអនុប្រធានគ្រប់គ្រងរបស់ព្រះយេហូវ៉ា?
៧ ចូរគិតដែរអំពីចំណុចនេះ ព្រះយេហូវ៉ាបានតែងតាំងព្រះយេស៊ូគ្រីស្ទឲ្យគង់លើបល្ល័ង្ក ជាអនុប្រធានគ្រប់គ្រង។ ព្រះយេស៊ូជ្រាបអំពីតម្រូវការរបស់យើងជាងនរណាទៅទៀត ដ្បិតព្រះយេស៊ូជាមេជាង ដែលព្រះបានប្រើដើម្បីបង្កើតផែនដីនិងមនុស្សជាតិ។ ម្យ៉ាងវិញទៀត តាំងតែពីទីចាប់ផ្ដើមនៃប្រវត្ដិសាស្ត្រមនុស្ស ព្រះយេស៊ូបានសម្ដែងនូវ«សេចក្ដីស្រឡាញ់ចំពោះមនុស្សលោក»។ (សុភាសិត ៨:៣០, ៣១, ព.ថ.; កូល៉ុស ១:១៥-១៧) ព្រះយេស៊ូមានសេចក្ដីស្រឡាញ់យ៉ាងខ្លាំងចំពោះមនុស្សដល់ម្ល៉េះបានជាទ្រង់យាងមកផែនដីនេះ និងប្រទានព្រះជន្មជាតម្លៃលោះសំរាប់យើងទាំងអស់គ្នា។ (យ៉ូហាន ៣:១៦) ដូច្នេះហើយ តាមរយៈព្រះយេស៊ូយើងអាចរួចពីបាប និងសេចក្ដីស្លាប់ ថែមទាំងអាចមានឱកាសរស់នៅជារៀងរហូត។—ម៉ាថាយ ២០:២៨
៨. (ក) បើប្រៀបធៀបនឹងការគ្រប់គ្រងរបស់មនុស្ស ហេតុអ្វីក៏រដ្ឋាភិបាលរបស់ព្រះនឹងនៅគង់វង្សជារៀងរហូត? (ខ) តើ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ›មានទំនាក់ទំនងយ៉ាងណានឹងរដ្ឋាភិបាលនៅស្ថានសួគ៌?
៨ ព្រះរាជាណាចក្រនៃព្រះ គឺជារដ្ឋាភិបាលដែលមានស្ថិរភាព និងនៅគង់វង្សជារៀងរហូត។ ហេតុដែលព្រះរាជាណាចក្រនេះនឹងនៅគង់វង្សជារៀងរហូត គឺដោយព្រោះព្រះយេហូវ៉ាមិនចេះសោយទិវង្គតទេ។ (ទំនុកដំកើង ១៤៦:៣-៥,១០) មិនដូចជាស្តេចរបស់មនុស្ស នោះព្រះយេស៊ូគ្រីស្ទ ដែលព្រះបានប្រគល់នូវការគ្រប់គ្រងនេះ ក៏មានព្រះជន្មអមតៈដែរ។ (រ៉ូម ៦:៩; ធីម៉ូថេទី១ ៦:១៥, ១៦) ពួក១៤៤.០០០នាក់នឹងគ្រប់គ្រងជាមួយនឹងព្រះគ្រីស្ទនៅស្ថានសួគ៌ ហើយជាអ្នកបំរើដ៏ស្មោះត្រង់របស់ព្រះ ដែលមកពី«គ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា»។ ពួកអ្នកទាំងនេះក៏ទទួលនូវជីវិតអមតៈដែរ។ (វិវរណៈ ៥:៨, ១០; ១៤:១-៤; កូរិនថូសទី១ ១៥:៤២-៤៤, ៥៣) ក្នុងចំនួននោះ ភាគច្រើនគឺនៅស្ថានសួគ៌រួចទៅហើយ និងពួកសំណល់ដែលនៅរស់លើផែនដីនៅឡើយ គឺជាសមាសភាពនៃ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› ដែលបន្តជួយឲ្យមានការរីកចំរើន ចំពោះអ្វីៗដែលទាក់ទងនឹងព្រះរាជាណាចក្រនៅលើផែនដីនេះ។—ម៉ាថាយ ២៤:៤៥-៤៧
៩, ១០. (ក) តើព្រះរាជាណាចក្ររបស់ព្រះនឹងត្រូវដកចេញនូវអានុភាពអ្វីខ្លះដែលនាំឲ្យពុករលួយនិងនាំឲ្យជ្រួលច្របល់នោះ? (ខ) បើយើងមិនចង់ធ្វើជាពួកសត្រូវនៃព្រះរាជាណាចក្ររបស់ព្រះ តើយើងត្រូវជៀសវាងពីអ្វី?
៩ មិនយូរប៉ុន្មានទៀតនឹងមកដល់គ្រាកំណត់របស់ព្រះយេហូវ៉ា នោះទ្រង់នឹងបញ្ជូនពួកកងទ័ពពេជ្ឈឃាតឲ្យមកសំអាតផែនដីនេះ។ ពួកគេនឹងបំផ្លាញចោលមនុស្សទាំងឡាយណា ដែលសម្រេចចិត្តមិនទទួលស្គាល់អធិបតេយ្យរបស់ទ្រង់ ហើយមើលងាយរបៀបរៀបចំរបស់ទ្រង់ ដែលព្រះយេហូវ៉ាបានធ្វើឡើងតាមរយៈព្រះយេស៊ូគ្រីស្ទនោះ។ (ថែស្សាឡូនីចទី២ ១:៦-៩) គ្រានោះ គឺជាថ្ងៃនៃព្រះយេហូវ៉ាហើយ ជាគ្រាដែលបានរង់ចាំតាំងពីយូរណាស់មកហើយ ដើម្បីធ្វើយុត្ដិកម្មថាទ្រង់ជាព្រះមហាក្សត្រសកលលោក។ «មើល! ថ្ងៃនៃព្រះយេហូវ៉ាកំពុងតែមកដល់ ជាថ្ងៃដ៏សហ័សដោយសេចក្ដីក្រោធ នឹងកំហឹងយ៉ាងខ្លាំង . . . ហើយនឹងធ្វើឲ្យមនុស្សមានបាបសូន្យចេញ»។ (អេសាយ ១៣:៩) «ថ្ងៃនោះជាថ្ងៃនៃសេចក្ដីក្រោធ គឺជាថ្ងៃដ៏វេទនា ហើយមានទុក្ខ ជាថ្ងៃបំផ្លាញ ហើយរំលាង ជាថ្ងៃងងឹត ហើយស្រអាប់ ជាថ្ងៃមេឃមីរស្រទំ ហើយងងឹតយ៉ាងក្រាស់»។—សេផានា ១:១៥
១០ សាសនាមិនពិតទាំងអស់និងរដ្ឋាភិបាលរបស់មនុស្ស ព្រមទាំងពួកកងទ័ព ដែលបានត្រូវកាន់កាប់ដោយអ្នកគ្រប់គ្រងដ៏អាក្រក់ដែលមើលមិនឃើញក្នុងលោកីយ៍នេះ ក៏នឹងត្រូវបំផ្លាញចោលដែរ។ អស់អ្នកដែលចូលខាងរបបលោកីយ៍នេះ ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តមិនទៀងត្រង់ មានជីវភាពរស់នៅប្រកបទៅដោយភាពអសីលធម៌ ក៏នឹងត្រូវបំផ្លាញចោលដែរ។ សាតាំងនិងពួកបិសាចរបស់វា នឹងត្រូវដកចេញឲ្យនៅជាប់ក្នុងជង្ហុកធំអស់មួយពាន់ឆ្នាំ មិនឲ្យទាក់ទងជាមួយនឹងមនុស្សដែលរស់នៅលើផែនដីឡើយ។ នៅពេលនោះ ព្រះរាជាណាចក្រនៃព្រះនឹងមានអំណាចគ្រប់គ្រងទាំងស្រុងនៅលើផែនដីនេះ។ នេះគឺជាការសម្រាលទុក្ខមែន! ចំពោះអស់អ្នកដែលស្រឡាញ់សេចក្ដីសុចរិត។—វិវរណៈ ១៨:២១, ២៤; ១៩:១១-១៦, ១៩-២១; ២០:១, ២
របៀបដែលគោលដៅរបស់ព្រះរាជាណាចក្រនឹងត្រូវសម្រេច
១១. (ក) តើព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនឹងសម្រេចគោលបំណងរបស់ព្រះយេហូវ៉ា ចំពោះផែនដីយ៉ាងណា? (ខ) តើអំណាចគ្រប់គ្រងនៃព្រះរាជាណាចក្រនឹងមានប្រយោជន៍យ៉ាងណា ចំពោះមនុស្សដែលរស់នៅលើផែនដីនៅគ្រានោះ?
១១ ព្រះរាជាណាចក្រនៃព្រះមេស្ស៊ីនឹងសម្រេចបានទាំងស្រុង នូវគោលបំណងដើមរបស់ព្រះចំពោះផែនដីនេះ។ (លោកុប្បត្តិ ១:២៨; ២:៨, ៩, ១៥) មនុស្សលោកខកខានគាំទ្រនូវគោលបំណងនេះរហូតមកដល់សព្វថ្ងៃនេះ។ ប៉ុន្តែ «ពិភពលោកខាងមុខ»នឹងនៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូគ្រីស្ទ ដែលជាកូនមនុស្ស។ អស់អ្នកដែលនឹងរួចរស់ជីវិតពីសេចក្ដីជំនុំជំរះរបស់ព្រះយេហូវ៉ាចំពោះរបបលោកីយ៍ដ៏ចាស់នេះ នឹងសហការគ្នាក្រោមការគ្រប់គ្រងរបស់ព្រះគ្រីស្ទ ដោយធ្វើអ្វីៗដែលទ្រង់បង្គាប់ ដើម្បីឲ្យផែនដីនេះក្លាយទៅជាសួនមនោរម្យទូទាំងផែនដី។ (ហេព្រើរ ២:៥-៩; ព្រះគម្ពីរភាសាខ្មែរសម្រាយ) មនុស្សលោកទាំងអស់នឹងសប្បាយចំពោះកិច្ចការដែលពួកគេធ្វើផ្ទាល់ដៃ និងទទួលប្រយោជន៍យ៉ាងពេញលេញពីភោគផលជាច្រើននៃផែនដីនេះ។—ទំនុកដំកើង ៧២:១, ៧, ៨, ១៦-១៩; អេសាយ ៦៥:២១, ២២
១២. តើរាស្ត្រនៃព្រះរាជាណាចក្ររបស់ព្រះ នឹងទទួលភាពគ្រប់ល័ក្ខណ៍ខាងគំនិតនិងរាងកាយយ៉ាងដូចម្ដេច?
១២ នៅពេលព្រះបានបង្កើតអ័ដាមនិងអេវ៉ាមក ពួកគាត់ជាមនុស្សគ្រប់ល័ក្ខណ៍ ហើយព្រះមានគោលបំណងឲ្យកូនចៅរបស់ពួកគាត់រស់នៅពាសពេញលើផែនដីទាំងមូល គឺទាំងអស់គ្នាមានគំនិតនិងរាងកាយគ្រប់ល័ក្ខណ៍។ គោលបំណងនេះនឹងក្លាយទៅជាសច្ចភាពមួយដ៏រុងរឿងក្រោមការគ្រប់គ្រងរបស់ព្រះរាជាណាចក្រនៃព្រះ។ នេះតម្រូវឲ្យមានការដកចេញនូវគ្រប់ទាំងលទ្ធផលនៃបាប ហើយសំរាប់រឿងនេះ ព្រះគ្រីស្ទនឹងគ្រប់គ្រងជាស្តេចផង និងជាសម្ដេចសង្ឃផង។ ដោយអត់ធ្មត់ ព្រះយេស៊ូនឹងជួយរាស្ត្រដែលចេះស្ដាប់បង្គាប់ ឲ្យទទួលប្រយោជន៍ពីតម្លៃលោះបាបដែលមកពីការបូជាព្រះជន្មរបស់ទ្រង់ផ្ទាល់ ពេលទ្រង់ជាមនុស្សជាតិ។
១៣. តើនឹងមានប្រយោជន៍ខាងរាងកាយយ៉ាងណា ក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ?
១៣ នៅក្រោមការគ្រប់គ្រងនៃព្រះរាជាណាចក្ររបស់ព្រះ មនុស្សដែលរស់នៅលើផែនដីនឹងអបអរចំពោះប្រយោជន៍ដ៏អស្ចារ្យខាងរាងកាយ។ «គ្រានោះ ភ្នែករបស់មនុស្សខ្វាក់ នឹងបានភ្លឺឡើង ហើយត្រចៀករបស់មនុស្សថ្លង់នឹងឮបាន។ គ្រានោះ ពួកមនុស្សខ្វិននឹងលោតដូចជាប្រើស ហើយអណ្ដាតរបស់មនុស្សគក៏នឹងច្រៀងឡើង»។ (អេសាយ ៣៥:៥, ៦) រូបកាយដែលបានត្រូវប្រែទៅជាអាក្រក់មើលពេលមានអាយុចាស់ឬមានរោគាផ្សេងៗយ៉ាងច្រើននោះ នឹងត្រូវស្រស់ល្អជាងសាច់របស់កូនក្មេងទៅទៀត និងសុខភាពរឹងមាំនឹងត្រូវមកជំនួសភាពទ្រុឌទ្រោមទន់ខ្សោយទៅវិញ។ «យ៉ាងនោះសាច់គេនឹងបានស្រស់ជាងសាច់របស់កូនក្មេង ក៏នឹងប្រែទៅដូចកាលនៅក្មេងវិញ»។ (យ៉ូប ៣៣:២៥) នឹងមានពេលវេលាមក ដែលគ្មានអ្នកណាម្នាក់នឹងនិយាយថា៖ «ខ្ញុំឈឺ ទៀតឡើយ»។ ហេតុអ្វី? ពីព្រោះមនុស្សដែលកោតខ្លាចព្រះនឹងត្រូវសម្រាលបន្ដិចម្ដងៗពីបន្ទុកនៃបាប និងឥទ្ធិពលដ៏ឈឺចាប់ដែលមកពីបាប។ (អេសាយ ៣៣:២៤; លូកា ១៣:១១-១៣) មែនហើយ ព្រះ«នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ នឹងគ្មានសេចក្ដីស្លាប់ ឬសេចក្ដីសោកសង្រេង ឬសេចក្ដីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ។ ដ្បិតសេចក្ដីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ»។—វិវរណៈ ២១:៤
១៤. តើការទទួលភាពគ្រប់ល័ក្ខណ៍ជាមនុស្សរួមបញ្ចូលអ្វីខ្លះ?
១៤ ប៉ុន្តែ ការទទួលភាពគ្រប់ល័ក្ខណ៍ គឺទាក់ទងច្រើនទៀត មិនមែនគ្រាន់តែមានរូបកាយនិងគំនិតល្អនោះទេ។ នេះរួមបញ្ចូលនូវការសម្ដែងយ៉ាងត្រឹមត្រូវនូវគុណសម្បត្ដិរបស់ព្រះយេហូវ៉ា ពីព្រោះយើងបានត្រូវបង្កើតមក‹មានភាពដូចព្រះ›។ (លោកុប្បត្តិ ១:២៦) ដើម្បីសម្រេចបំណងនេះ នោះត្រូវមានការអប់រំជាច្រើន។ នៅក្នុងពិភពលោកថ្មី នោះ«មានសុទ្ធតែសេចក្ដីសុចរិតវិញ»។ ដូច្នេះ ដូចជាអេសាយបានទាយមក «នោះពួកមនុស្សនៅលោកីយ គេរៀនតាមសេចក្ដីសុចរិត»។ (ពេត្រុសទី២ ៣:១៣; អេសាយ ២៦:៩) គុណសម្បត្ដិនេះនាំឲ្យមានសន្ដិភាព រវាងមនុស្សគ្រប់សាសន៍ ញាតិមិត្ត ថែមទាំងក្រុមគ្រួសាររបស់ខ្លួន និងអ្វីដ៏សំខាន់បំផុតគឺសន្ដិភាពជាមួយនឹងព្រះ។ (ទំនុកដំកើង ៨៥:១០-១៣; អេសាយ ៣២:១៧) អស់អ្នកដែលរៀនសេចក្ដីសុចរិត នឹងត្រូវអប់រំជាបណ្ដើរៗអំពីបំណងព្រះហឫទ័យរបស់ព្រះចំពោះពួកគេ។ ពេលពួកគេមានសេចក្ដីស្រឡាញ់ចំពោះព្រះយេហូវ៉ាកាន់តែខ្លាំងឡើង នោះពួកគេនឹងធ្វើតាមមាគ៌ារបស់ទ្រង់ក្នុងគ្រប់ប្រការនៃជីវិតរបស់ពួកគេ។ ពួកគេនឹងអាចនិយាយដូចព្រះយេស៊ូដែរ ដែលថា ‹ខ្ញុំចេះតែធ្វើការ ដែលគាប់ដល់ព្រះហឫទ័យព្រះវរបិតារបស់ខ្ញុំ›។ (យ៉ូហាន ៨:២៩) នៅពេលមនុស្សទាំងអស់អាចធ្វើដូច្នេះ នោះជីវិតនឹងជាទីគាប់ចិត្តយ៉ាងណាទៅហ្ន៎!
សេចក្ដីសម្រេចដែលបានឃើញជាក់ស្តែង
១៥. ដោយប្រើសំនួរក្នុងវគ្គនេះ សូមបញ្ជាក់នូវសេចក្ដីសម្រេចរបស់ព្រះរាជាណាចក្រនៃព្រះ និងបង្ហាញនូវអ្វីដែលយើងគួរតែធ្វើនៅឥឡូវនេះ។
១៥ សេចក្ដីសម្រេចដ៏អស្ចារ្យនៃព្រះរាជាណាចក្ររបស់ព្រះ និងអនុរាស្ត្រនោះគឺបានឃើញជាក់ស្តែងហើយ។ សំនួរនិងបទគម្ពីរជាបន្តបន្ទាប់ នឹងរំឭកអ្នកអំពីសេចក្ដីសម្រេចខ្លះៗទាំងនេះ ព្រមទាំងអ្វីៗដែលរាស្ត្រនៃព្រះរាជាណាចក្រនេះអាចធ្វើនិងគួរតែធ្វើនៅឥឡូវនេះ។
តើព្រះរាជាណាចក្រនៃព្រះបានចាត់វិធានការដំបូងប្រឆាំងនឹងអ្នកណា? ហើយតើនេះបានមានលទ្ធផលយ៉ាងណា? (វិវរណៈ ១២:៧-១០, ១២)
តាំងពីព្រះគ្រីស្ទឡើងសោយរាជ្យ តើបានយកចិត្តទុកដាក់ប្រមូលនូវពួកសំណល់នៃក្រុមណា? (វិវរណៈ ១៤:១-៣)
តើព្រះយេស៊ូបានទាយនូវកិច្ចការអ្វីដែលទ្រង់នឹងធ្វើ ក្រោយពីសេចក្ដីវេទនាជាខ្លាំងផ្ទុះឡើង ដូចបានកត់ទុកនៅម៉ាថាយ ២៥:៣១-៣៣?
តើកិច្ចការដំបូងណាដែលកំពុងតែសម្រេចនៅសព្វថ្ងៃនេះ? តើពួកណាដែលកំពុងតែចូលរួមក្នុងកិច្ចការនេះ? (ទំនុកដំកើង ១១០:៣; ម៉ាថាយ ២៤:១៤; វិវរណៈ ១៤:៦, ៧)
ហេតុអ្វីក៏ពួកអ្នកប្រឆាំងខាងសាសនា មិនអាចបញ្ឈប់កិច្ចការផ្សព្វផ្សាយ? (សាការី ៤:៦; កិច្ចការ ៥:៣៨, ៣៩)
តើមនុស្សដែលចុះចូលជាមួយនឹងការគ្រប់គ្រងរបស់ព្រះរាជាណាចក្រ បានកែប្រែជីវិតរបស់ពួកគេយ៉ាងណា? (អេសាយ ២:៤; កូរិនថូសទី១ ៦:៩-១១)
ព្រះរាជាណាចក្រដែលមានរយៈពេលមួយពាន់ឆ្នាំ
១៦. (ក) តើព្រះគ្រីស្ទនឹងគ្រប់គ្រងប៉ុន្មានឆ្នាំ? (ខ) តើមានរបស់ដ៏អស្ចារ្យអ្វីដែលនឹងត្រូវសម្រេចក្នុងកំឡុងពេលនោះ និងក្រោយពីនោះ?
១៦ ក្រោយពីដាក់សាតាំងនិងពួកបិសាចរបស់វានៅក្នុងជង្ហុកធំ នោះព្រះយេស៊ូគ្រីស្ទនិងពួក១៤៤.០០០នាក់ នឹងគ្រប់គ្រងជាស្តេចនិងជាសង្ឃអស់រយៈពេលមួយពាន់ឆ្នាំ។ (វិវរណៈ ២០:៦) ក្នុងកំឡុងនោះ មនុស្សនឹងត្រូវនាំទៅដល់ភាពគ្រប់ល័ក្ខណ៍ ហើយបាបនិងសេចក្ដីស្លាប់ពីអ័ដាមនឹងត្រូវបំបាត់ចោលចេញ។ នៅទីបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំ ដោយសារព្រះយេស៊ូបានធ្វើកិច្ចការជាសម្ដេចសង្ឃបានជោគជ័យហើយ នោះទ្រង់«ប្រគល់នគរ»ដល់ព្រះដែលជាព្រះវរបិតាវិញ «ដើម្បីឲ្យព្រះបានធ្វើជាគ្រប់ទាំងអស់ក្នុងគ្រប់ទាំងអស់»។ (កូរិនថូសទី១ ១៥:២៤-២៨) នៅពេលនោះ សាតាំងនឹងត្រូវដោះលែងមួយរយៈពេល ដើម្បីសាកល្បងមនុស្ស ថាតើពួកគេនឹងគាំទ្រយ៉ាងណាចំពោះអធិបតេយ្យសកលលោករបស់ព្រះយេហូវ៉ា។ ក្រោយពីការសាកល្បងចុងក្រោយ នោះព្រះយេហូវ៉ានឹងកំទេចចោលសាតាំងនិងពួកបះបោរដែលនៅខាងវានោះ។ (វិវរណៈ ២០:៧-១០) ពួកអ្នកដែលគាំទ្រអធិបតេយ្យរបស់ព្រះយេហូវ៉ា ឬសិទ្ធិត្រឹមត្រូវនៃការគ្រប់គ្រងរបស់ទ្រង់ នឹងបានសម្ដែងយ៉ាងពេញលេញនូវភក្ដីភាពដ៏ពិតរបស់ពួកគេ។ ពេលនោះពួកគេនឹងមានទំនាក់ទំនងយ៉ាងត្រឹមត្រូវជាមួយនឹងព្រះយេហូវ៉ា ដែលទ្រង់នឹងទទួលពួកគេជាបុត្រាបុត្រីរបស់ទ្រង់ ហើយទ្រង់ក៏យល់ព្រមឲ្យពួកគេមានជីវិតជារៀងរហូត។—រ៉ូម ៨:២១
១៧. (ក) តើអ្វីនឹងកើតឡើងដល់ព្រះរាជាណាចក្រនៅទីបញ្ចប់នៃមួយពាន់ឆ្នាំ? (ខ) តើនៅក្នុងន័យយ៉ាងណា ដែលការពិតថាព្រះរាជាណាចក្រ«មិនត្រូវបំផ្លាញឡើយ?»។
១៧ ដូច្នេះហើយ មុខនាទីរបស់ព្រះយេស៊ូនិងពួក១៤៤.០០០នាក់នឹងត្រូវផ្លាស់ប្ដូរចំពោះផែនដីនេះ។ តើព្រះយេស៊ូនិងពួក១៤៤.០០០នាក់នឹងមានសកម្មភាពយ៉ាងណានៅអនាគត? ព្រះគម្ពីរឥតចែងប្រាប់ទេ។ ប៉ុន្តែ ប្រសិនបើយើងគាំទ្រយ៉ាងស្មោះចំពោះអធិបតេយ្យរបស់ព្រះយេហូវ៉ានៅពេលទីបញ្ចប់នៃការសោយរាជ្យមួយពាន់ឆ្នាំ នោះជីវិតយើងនឹងនៅគង់វង្ស ដើម្បីស្វែងយល់នូវគោលបំណងរបស់ព្រះយេហូវ៉ាចំពោះអ្នកទាំងនោះ ព្រមទាំងបំណងទ្រង់ចំពោះសកលលោកដ៏អស្ចារ្យរបស់ទ្រង់ផងដែរ។ យ៉ាងណាក៏ដោយ ការគ្រប់គ្រងមួយពាន់ឆ្នាំរបស់ព្រះគ្រីស្ទនឹង«ស្ថិតស្ថេរនៅអស់កល្ប» ហើយព្រះរាជាណាចក្ររបស់ទ្រង់នឹងបំផ្លាញមិនបាន»ឡើយ។ (ដានីយ៉ែល ៧:១៤) តើនៅក្នុងន័យយ៉ាងណា? កត្ដាមួយគឺថា អំណាចគ្រប់គ្រងនឹងមិនត្រូវប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកដទៃ ដែលមានបំណងផ្សេងទេ។ ពីព្រោះព្រះយេហូវ៉ាជាអ្នកគ្រប់គ្រង។ ម្យ៉ាងទៀត ព្រះរាជាណាចក្រនេះនឹង«មិនត្រូវបំផ្លាញឡើយ» ពីព្រោះសេចក្ដីសម្រេចទាំងប៉ុន្មានរបស់ព្រះរាជាណាចក្រនេះ នឹងស្ថិតស្ថេរជាដរាប។ (ដានីយ៉ែល ២:៤៤) ហើយព្រះមេស្ស៊ីដែលជាសម្ដេចសង្ឃ និងពួកគូកនដែលជាសង្ឃនឹងត្រូវទទួលកិត្ដិយសជារៀងរហូត ដោយសារកិច្ចការដ៏ស្មោះត្រង់ដែលពួកគេបានធ្វើដើម្បីព្រះយេហូវ៉ា។
ការពិគ្រោះសាឡើងវិញ
• ហេតុអ្វីក៏ព្រះរាជាណាចក្រនៃព្រះ ជាដំណោះស្រាយតែមួយគត់ចំពោះបញ្ហាមនុស្សលោក? តើស្តេចនៃព្រះរាជាណាចក្ររបស់ព្រះចាប់ផ្ដើមគ្រប់គ្រងនៅពេលណា?
• តើអ្វីដែលទាក់ទាញចិត្តអ្នកស្តីអំពីព្រះរាជាណាចក្រនៃព្រះ និងអ្វីដែលព្រះរាជាណាចក្រនៃព្រះនឹងសម្រេចនោះ?
• តើយើងអាចឃើញនូវការសម្រេចណាខ្លះរបស់ព្រះរាជាណាចក្រនៃព្រះ? ហើយតើយើងមានចំណែកយ៉ាងណាក្នុងរឿងទាំងនេះ?
[រូបភាពនៅទំព័រ៩២, ៩៣]
ក្រោមការគ្រប់គ្រងរបស់ព្រះ មនុស្សទាំងអស់នឹងរៀនអំពីសេចក្ដីសុចរិត