«ពួកគេដើរជាប់តាមកូនចៀម»
«ពួកគេដើរជាប់តាមកូនចៀម ទោះជាលោកទៅកន្លែងណាក៏ដោយ»។—បប. ១៤:៤
១. តើអ្នកកាន់តាមពិតរបស់លោកយេស៊ូមានអារម្មណ៍យ៉ាងណាចំពោះការដើរជាប់តាមលោក?
លោកយេស៊ូបានផ្សព្វផ្សាយអស់រយៈប្រហែលជាពីរឆ្នាំកន្លះ កាលដែលលោក«កំពុងបង្រៀននៅឯការប្រជុំសាធារណៈមួយនៅក្រុងកាពើណិម»។ ប៉ុន្តែ «ពួកអ្នកកាន់តាមជាច្រើនរបស់លោកបានត្រឡប់ទៅប្រកបកិច្ចការពីមុន លែងចង់តាមលោកតទៅទៀត» ដោយព្រោះពួកគេមានអារម្មណ៍ថាសម្ដីរបស់លោកយេស៊ូគួរឲ្យទាស់ចិត្តណាស់។ ពេលដែលលោកយេស៊ូសួរសាវ័ក១២នាក់ថា តើពួកគេចង់ទៅដែរឬ? នោះស៊ីម៉ូនពេត្រុសឆ្លើយថា៖ «លោកម្ចាស់ តើយើងនឹងទៅឯអ្នកណាវិញ? ប្រសាសន៍របស់លោកនាំឲ្យបានជីវិតដែលគ្មានទីបញ្ចប់ ហើយយើងបានជឿ ក៏បានដឹងថា លោកជាអ្នកបរិសុទ្ធរបស់ព្រះ»។ (យ៉ូន. ៦:៤៨, ៥៩, ៦០, ៦៦-៦៩) អ្នកកាន់តាមពិតរបស់លោកយេស៊ូមិនព្រមឈប់កាន់តាមលោកឡើយ។ ពួកគេបន្តចុះចូលក្រោមការណែនាំរបស់លោកយេស៊ូ ក្រោយពីបានរើសតាំងដោយសកម្មពលបរិសុទ្ធរបស់ព្រះ។—សកម្ម. ១៦:៧-១០
២. (ក) តើអ្នកណាជា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»? (ខ) តើខ្ញុំបម្រើបានបង្ហាញទម្លាប់ដ៏ល្អប្រសើរក្នុងការ«ដើរជាប់តាមកូនចៀម»យ៉ាងដូចម្ដេច?
២ ចុះយ៉ាងណាវិញចំពោះពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌នៅសម័យនេះ? ក្នុងទំនាយរបស់លោកយេស៊ូស្តីអំពី«សញ្ញាសម្គាល់ដែលបញ្ជាក់វត្តមានរបស់លោក និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក» លោកយេស៊ូបានហៅក្រុមមួយនៃអ្នកកាន់តាមលោកនៅផែនដីដែលបានរើសតាំងដោយសកម្មពលរបស់ព្រះ ថា«ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា»។ (ម៉ាថ. ២៤:៣, ៤៥) ក្រុមនៃខ្ញុំបម្រើនេះបានបង្ហាញទម្លាប់ដ៏ល្អប្រសើរក្នុងការ«ដើរជាប់តាមកូនចៀម ទោះជាលោកទៅកន្លែងណាក៏ដោយ»។ (សូមអាន ការបើកបង្ហាញ ១៤:៤, ៥) សមាជិកនៃក្រុមនេះបានរក្សាខ្លួនឲ្យស្អាតបរិសុទ្ធក្នុងន័យដែលទាក់ទងនឹងសាសនា ដោយព្រោះពួកគេមិនក្លាយជាស្មោកគ្រោកនឹងជំនឿ ព្រមទាំងការប្រព្រឹត្តរបស់«បាប៊ីឡូនដ៏ខ្លាំងក្លា»ដែលជាសាសនាមិនពិតទាំងឡាយដែលប្រៀបដូចជាចក្រភពមួយ។ (បប. ១៧:៥) «ក្នុងមាត់ពួកគេ»គ្មានពាក្យភូតភរអំពីសេចក្ដីបង្រៀនទេ ហើយពួកគេរក្សាឲ្យ«គ្មានខ្ចោះ»ក្នុងពិភពលោករបស់សាថាន។ (យ៉ូន. ១៥:១៩) នៅថ្ងៃខាងមុខ ពួកអ្នកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ដែលនៅសល់លើផែនដី «នឹងមក»តាមកូនចៀមទៅស្ថានសួគ៌។—យ៉ូន. ១៣:៣៦
៣. ហេតុអ្វីបានជាសំខាន់ឲ្យយើងទុកចិត្តក្រុមនៃខ្ញុំបម្រើ?
៣ លោកយេស៊ូបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាឲ្យមើលការខុសត្រូវលើ«ខ្ញុំបម្រើឯទៀតរបស់លោក» ពោលគឺសមាជិកក្រុមនៃខ្ញុំបម្រើ «ដើម្បីឲ្យអាហារពួកគេបរិភោគតាមត្រូវពេល»។ ណាមួយទៀត លោកក៏បានតែងតាំងពួកគាត់ឲ្យមើលការខុសត្រូវលើ«ទ្រព្យសម្បត្ដិទាំងអស់របស់លោក»ដែរ។ (ម៉ាថ. ២៤:៤៥-៤៧) «ទ្រព្យសម្បត្ដិ»ទាំងនេះរួមបញ្ចូល«មនុស្សមួយក្រុមធំ»នៃ«ចៀមឯទៀត»ដែលមានចំនួនកាន់តែច្រើនឡើង។ (បប. ៧:៩; យ៉ូន. ១០:១៦) សមាជិកនៃក្រុមដែលត្រូវបានរើសតាំង និង«ចៀមឯទៀត»គួរទុកចិត្តក្រុមនៃខ្ញុំបម្រើដែលត្រូវបានតែងតាំងលើពួកគាត់ មែនទេ? មានមូលហេតុជាច្រើនដែលក្រុមនៃខ្ញុំបម្រើសមនឹងទទួលការទុកចិត្តពីយើង។ មូលហេតុដ៏អស្ចារ្យពីរយ៉ាងដែលយើងគួរទុកចិត្តពួកគាត់គឺ (១) ព្រះយេហូវ៉ាទុកចិត្តក្រុមនៃខ្ញុំបម្រើ។ (២) លោកយេស៊ូក៏ទុកចិត្តក្រុមនៃខ្ញុំបម្រើដែរ។ សូមឲ្យយើងពិនិត្យមើលទីសំអាងដែលបញ្ជាក់ថា ទាំងព្រះយេហូវ៉ាទាំងលោកយេស៊ូមានទំនុកចិត្តទាំងស្រុងទៅលើខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា។
ព្រះយេហូវ៉ាទុកចិត្តខ្ញុំបម្រើ
៤. ហេតុអ្វីបានជាយើងអាចទុកចិត្តទៅលើសេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដែលខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបានផ្ដល់ឲ្យយើង?
៤ សូមគិតអំពីអ្វីដែលបានជួយខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា ក្នុងការផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដែលយើងត្រូវការតាមត្រូវពេល។ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «[ខ្ញុំ]នឹងបង្ហាត់បង្រៀនឲ្យឯងស្គាល់ផ្លូវដែលឯងត្រូវដើរ»។ លោកបន្ថែមថា៖ «[ខ្ញុំ]នឹងទូន្មានឯង ដោយភ្នែក[ខ្ញុំ]មើលឯងជាប់»។ (ទំនុក. ៣២:៨) ត្រូវហើយ ព្រះយេហូវ៉ាណែនាំក្រុមនៃខ្ញុំបម្រើ។ ហេតុដូច្នេះហើយ យើងអាចមានទំនុកចិត្តទាំងស្រុងទៅលើការយល់ធ្លុះនិងគំនិតឆ្លុះយល់អំពីបទគម្ពីរ ព្រមទាំងការណែនាំដែលមានមូលដ្ឋានលើគម្ពីរដែលយើងទទួលពីក្រុមនៃខ្ញុំបម្រើ។
៥. តើអ្វីបង្ហាញថាសកម្មពលរបស់ព្រះកំពុងពង្រឹងកម្លាំងក្រុមនៃខ្ញុំបម្រើ?
៥ ព្រះយេហូវ៉ាក៏ផ្ដល់សកម្មពលបរិសុទ្ធរបស់លោកដល់ក្រុមនៃខ្ញុំបម្រើដែរ។ ទោះបើយើងមិនអាចមើលឃើញសកម្មពលរបស់ព្រះយេហូវ៉ាក៏ពិតមែន តែយើងអាចឃើញលទ្ធផលពីអ្នកដែលទទួលសកម្មពលនោះ។ សូមគិតអំពីអ្វីដែលខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបានសម្រេចនៅទូទាំងពិភពលោកក្នុងការធ្វើជាសាក្សីបញ្ជាក់អំពីព្រះយេហូវ៉ា បុត្រ និងរាជាណាចក្ររបស់លោក។ អ្នកថ្វាយបង្គំព្រះយេហូវ៉ាកំពុងផ្សព្វផ្សាយសាររាជាណាចក្ររបស់ព្រះនៅច្រើនជាង២៣០ប្រទេសនិងកោះផ្សេងៗ។ នេះជាទីសំអាងជាក់ស្តែងបញ្ជាក់ថាសកម្មពលរបស់ព្រះកំពុងពង្រឹងកម្លាំងក្រុមនៃខ្ញុំបម្រើ មែនទេ? (សូមអាន សកម្មភាព ១:៨) ក្រុមនៃខ្ញុំបម្រើត្រូវធ្វើការសម្រេចចិត្តសំខាន់ៗដើម្បីរៀបចំ និងផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ ដល់រាស្ត្ររបស់ព្រះយេហូវ៉ានៅទូទាំងពិភពលោកតាមត្រូវពេល។ ពេលធ្វើការសម្រេចចិត្តនិងប្រតិបត្ដិតាមការសម្រេចចិត្តបែបនោះ ក្រុមនៃខ្ញុំបម្រើបង្ហាញសេចក្ដីស្រឡាញ់ ចិត្តស្លូតបូត ព្រមទាំងគុណសម្បត្ដិផ្សេងៗទៀតដែលបង្កើតដោយសកម្មពលរបស់ព្រះ។—កាឡ. ៥:២២, ២៣
៦, ៧. តើព្រះយេហូវ៉ាទុកចិត្តខ្ញុំបម្រើដ៏ស្មោះត្រង់ដល់កម្រិតណា?
៦ ដើម្បីយល់ដឹងថាព្រះទុកចិត្តខ្ញុំបម្រើដ៏ស្មោះត្រង់ដល់កម្រិតណា សូមជញ្ជឹងគិតអំពីអ្វីដែលលោកបានសន្យាដល់សមាជិកក្រុមនៃខ្ញុំបម្រើនោះ។ សាវ័កប៉ុលបានសរសេរថា៖ «ត្រែនឹងបន្លឺឡើង រួចមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញដោយមិនអាចខូចបានឡើយ ហើយយើងនឹងត្រូវផ្លាស់ប្រែ។ ព្រោះអ្នកដែលអាចខូចរលួយត្រូវទៅជាអ្នកដែលមិនអាចខូចរលួយ ហើយអ្នកដែលអាចស្លាប់ត្រូវទៅជាអមតៈ»។ (១កូ. ១៥:៥២,៥៣) អ្នកកាន់តាមលោកយេស៊ូដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ ដែលបម្រើព្រះយ៉ាងស្មោះត្រង់ហើយស្លាប់ខាងរូបកាយដែលអាចខូចរលួយ នោះនឹងត្រូវបានប្រោសឲ្យរស់ឡើងវិញមិនគ្រាន់ជាបុគ្គលវិញ្ញាណដែលមានជីវិតជារៀងរហូតប៉ុណ្ណោះឡើយ។ ប៉ុន្តែ ព្រះយេហូវ៉ាផ្ដល់ឲ្យពួកគេមានជីវិតអមតៈ ដែលជាភាពគ្មានទីបញ្ចប់និងមិនអាចបំផ្លាញបាន។ ម្យ៉ាងទៀត ពួកគេផ្លាស់ប្រែទៅជាអ្នកដែលមិនអាចខូចរលួយ ក្នុងន័យថាពួកគេទទួលរូបកាយដែលគ្មានភាពខូចខាត ហើយតាមមើលទៅ ជារូបកាយដែលចេះទ្រទ្រង់ខ្លួនឯងផង។ សៀវភៅការបើកបង្ហាញ ៤:៤ ពិពណ៌នាថាពួកអ្នកដែលត្រូវបានប្រោសឲ្យរស់ឡើងវិញអង្គុយលើបល្ល័ង្កទាំងពាក់មកុដមាសលើក្បាលដែរ។ ត្រូវហើយ ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌នឹងទទួលសិរីរុងរឿងជាពូជពង្សស្តេច។ ប៉ុន្តែ មានទីសំអាងបន្ថែមទៀតដែលបញ្ជាក់ថាព្រះមានទំនុកចិត្តលើពួកអ្នកដែលបានរើសតាំងនោះ។
៧ សៀវភៅការបើកបង្ហាញ ១៩:៧, ៨ ចែងថា៖ «វេលាសម្រាប់ពិធីមង្គលការរបស់កូនចៀមបានមកដល់ហើយ ឯភរិយារបស់លោកបានរៀបចំខ្លួន។ ព្រោះនាងបានត្រូវអនុញ្ញាតឲ្យស្លៀកពាក់ក្រណាត់សាច់ល្អដែលស្អាតហើយភ្លឺ ពីព្រោះក្រណាត់សាច់ល្អនោះតំណាងការប្រព្រឹត្តដ៏សុចរិតរបស់ពួកអ្នកបរិសុទ្ធ»។ ព្រះយេហូវ៉ាបានជ្រើសរើសពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ធ្វើជាកូនក្រមុំរបស់បុត្រលោក។ «ពិធីមង្គលការរបស់កូនចៀម»ប្រកបទៅដោយភាពមិនអាចខូចរលួយ អមតភាព និងពូជពង្សស្តេច ហើយទាំងនេះពិតជាអំណោយទានដែលគួរឲ្យស្ញប់ស្ញែងមែន! អំណោយទានទាំងនេះជាទីសំអាងដ៏គួរឲ្យរំភើបចិត្តដែលបញ្ជាក់ពីទំនុកចិត្តរបស់ព្រះចំពោះពួកអ្នករើសតាំង ដែល«ដើរជាប់តាមកូនចៀម ទោះជាលោកទៅកន្លែងណាក៏ដោយ»។
លោកយេស៊ូទុកចិត្តខ្ញុំបម្រើ
៨. តើលោកយេស៊ូបង្ហាញថា លោកមានទំនុកចិត្តលើពួកអ្នកកាន់តាម ដែលបានរើសតាំងដោយសកម្មពលរបស់ព្រះយ៉ាងដូចម្ដេច?
៨ តើមានទីសំអាងដែលបញ្ជាក់ថាលោកយេស៊ូទុកចិត្តទាំងស្រុងទៅលើអ្នកកាន់តាមដែលបានរើសតាំងដោយសកម្មពលរបស់ព្រះទេ? នៅរាត្រីចុងបំផុតនៃជីវិតរបស់លោកយេស៊ូនៅផែនដី នោះលោកបានធ្វើកិច្ចសន្យាជាមួយសាវ័កដ៏ស្មោះត្រង់១១នាក់របស់លោក។ លោកបានប្រាប់ពួកគាត់ថា៖ «អ្នករាល់គ្នាបាននៅជាប់ជាមួយនឹងខ្ញុំ ពេលដែលខ្ញុំមានទុក្ខលំបាក ហើយខ្ញុំធ្វើកិច្ចព្រមព្រៀងជាមួយនឹងអ្នករាល់គ្នា ដូចបិតារបស់ខ្ញុំបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងខ្ញុំ ពោលគឺសម្រាប់រាជាណាចក្រមួយ ដើម្បីឲ្យអ្នករាល់គ្នាពិសាអាហារពិសាស្រានៅតុរបស់ខ្ញុំក្នុងរាជាណាចក្ររបស់ខ្ញុំ ហើយអង្គុយលើបល្ល័ង្កដើម្បីវិនិច្ឆ័យកុលសម្ព័ន្ធទាំងដប់ពីរនៃអ៊ីស្រាអែល»។ (លូក. ២២:២៨-៣០) កិច្ចព្រមព្រៀងដែលលោកយេស៊ូបានធ្វើជាមួយសាវ័ក១១នាក់នោះជាប់ពាក់ព័ន្ធនឹងពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ទាំងអស់ ដែលមានចំនួន១៤៤.០០០នាក់។ (លូក. ១២:៣២; បប. ៥:៩, ១០; ១៤:១) ប្រសិនបើលោកយេស៊ូមិនទុកចិត្តពួកគេ តើលោកនឹងធ្វើកិច្ចព្រមព្រៀងឲ្យពួកគេសោយរាជ្យជាមួយលោកទេ?
៩. តើ«ទ្រព្យសម្បត្ដិទាំងអស់របស់[គ្រិស្ត]»រួមបញ្ចូលអ្វីខ្លះ?
៩ ម្យ៉ាងទៀត លោកយេស៊ូគ្រិស្តបានតែងតាំងខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាឲ្យមើលការខុសត្រូវលើ«ទ្រព្យសម្បត្ដិទាំងអស់របស់លោក» ពោលគឺអ្វីៗទាំងអស់នៅផែនដីដែលទាក់ទងនឹងរាជាណាចក្ររបស់លោក។ (ម៉ាថ. ២៤:៤៧) ទ្រព្យសម្បត្ដិទាំងនេះរួមបញ្ចូលអគារនានានៅឯមន្ទីរចាត់ការនៃសាក្សីព្រះយេហូវ៉ា ការិយាល័យសាខានៅប្រទេសផ្សេងៗ សាលសន្និបាតនិងសាលប្រជុំនានានៅទូទាំងពិភពលោក ព្រមទាំងកិច្ចការផ្សព្វផ្សាយនិងការបញ្ចុះបញ្ចូលឲ្យមានសិស្សផង។ ប្រសិនបើមិនទុកចិត្តលើមនុស្សណាម្នាក់ តើមាននរណាដែលនឹងប្រគល់ឲ្យមនុស្សនោះថែរក្សា និងប្រើប្រាស់ទ្រព្យសម្បត្ដិដែលមានតម្លៃរបស់ខ្លួនទេ?
១០. តើអ្វីដែលបង្ហាញថាលោកយេស៊ូគ្រិស្តនៅជាមួយពួកអ្នកកាន់តាមដែលបានរើសតាំង?
១០ មិនយូរប៉ុន្មានមុនឡើងទៅស្ថានសួគ៌ លោកយេស៊ូដែលត្រូវបានប្រោសឲ្យរស់ឡើងវិញលេចខ្លួនឲ្យអ្នកកាន់តាមដ៏ស្មោះត្រង់ឃើញ ហើយបានសន្យាដល់ពួកគាត់ថា៖ «មើល! ខ្ញុំនៅជាមួយនឹងអ្នករាល់គ្នាជារៀងរាល់ថ្ងៃ រហូតដល់គ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោកនេះ»។ (ម៉ាថ. ២៨:២០) តើលោកយេស៊ូបានធ្វើតាមពាក្យសន្យានោះទេ? ក្នុងអំឡុងពេល១៥ឆ្នាំកន្លងទៅនេះ ក្រុមជំនុំនៃសាក្សីព្រះយេហូវ៉ាបានរីកចម្រើនជាង៤០ភាគរយ ពី៧០.០០០ក្រុមជំនុំ ដល់ទៅជាង១០០.០០០ក្រុមជំនុំ។ តើមានអ្នកកាន់តាមថ្មីប៉ុន្មាននាក់? មានអ្នកកាន់តាមជិត៤លានកន្លះ ដែលបានទទួលការជ្រមុជទឹកក្នុងអំឡុង១៥ឆ្នាំកន្លងទៅនេះ ហើយបើគិតជាមធ្យម នេះបានសេចក្ដីថាជាង៨០០នាក់ជារៀងរាល់ថ្ងៃ។ ការរីកចម្រើនដ៏អស្ចារ្យទាំងនេះជាទីសំអាងជាក់ស្តែងដែលថា គ្រិស្តណែនាំពួកអ្នកកាន់តាមដែលបានរើសតាំង នៅឯកិច្ចប្រជុំក្រុមជំនុំ ព្រមទាំងគាំទ្រពួកគាត់ក្នុងការបញ្ចុះបញ្ចូលឲ្យមានសិស្សដែរ។
ខ្ញុំបម្រើពិតជាស្មោះត្រង់ហើយចេះពិចារណា
១១, ១២. តើខ្ញុំបម្រើបង្ហាញថាខ្លួនស្មោះត្រង់ហើយចេះពិចារណាយ៉ាងដូចម្ដេច?
១១ ដោយព្រោះព្រះយេហូវ៉ានិងលោកយេស៊ូទុកចិត្តទាំងស្រុងលើខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា គប្បីឲ្យយើងទុកចិត្តពួកគាត់ដែរ មែនទេ? យ៉ាងណាមិញ ខ្ញុំបម្រើបានបង្ហាញថាខ្លួនស្មោះត្រង់ក្នុងការសម្រេចកិច្ចការដែលត្រូវបានប្រគល់ឲ្យពួកគេធ្វើ។ ជាឧទាហរណ៍ ទស្សនាវដ្ដីប៉មយាម ត្រូវបានបោះពុម្ពអស់រយៈពេល១៣០ឆ្នាំហើយ។ កិច្ចប្រជុំ សន្និបាត មហាសន្និបាតនានានៃសាក្សីព្រះយេហូវ៉ាមានកម្មវិធីបង្រៀនដែលជួយយើងឲ្យពង្រឹងជំនឿរបស់ខ្លួនជាបន្ត។
១២ ខ្ញុំបម្រើដ៏ស្មោះត្រង់ក៏ចេះពិចារណាដែរ ដោយព្រោះពួកគាត់មិនធ្វើអ្វីមុនពេលដែលព្រះយេហូវ៉ាផ្ដល់ការណែនាំជាក់លាក់ ហើយកាលណាយល់ច្បាស់ការណែនាំរបស់ព្រះស្តីអំពីរឿងណាមួយ នោះពួកគាត់អនុវត្តតាមភ្លាមៗ។ ជាឧទាហរណ៍ ចំពោះកិរិយាប្រព្រឹត្តដែលឥតកោតខ្លាចព្រះរបស់មនុស្សខាងពិភពលោកនេះ អ្នកនាំមុខសាសនាមិនពិតយល់ព្រមដោយនៅស្ងៀមអត់មាត់ ឬក៏បណ្ដោយដោយនិយាយជាចំហថាជារឿងធម្មតា។ ប៉ុន្តែ ខ្ញុំបម្រើព្រមានយើងឲ្យប្រុងប្រយ័ត្នពីអន្ទាក់ផ្សេងៗ ដែលមាននៅក្នុងពិភពលោកដ៏អាក្រក់របស់សាថាន។ ខ្ញុំបម្រើផ្ដល់ការព្រមានដែលប្រកបដោយប្រាជ្ញានិងតាមត្រូវពេលបាន ដោយព្រោះព្រះយេហូវ៉ានិងលោកយេស៊ូគ្រិស្តកំពុងចម្រើនកម្លាំងដល់ខ្ញុំបម្រើនោះ។ ហេតុនេះហើយបានជាខ្ញុំបម្រើសមនឹងទទួលការទុកចិត្តទាំងស្រុងពីយើង។ ប៉ុន្តែ តើយើងអាចបង្ហាញថាយើងទុកចិត្តខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាយ៉ាងដូចម្ដេច?
ចូរ«ទៅជាមួយ»ពួកអ្នករើសតាំង ខណៈដែលពួកគាត់ដើរជាប់តាមកូនចៀម
១៣. យោងទៅតាមទំនាយរបស់សាការី តើយើងអាចបង្ហាញការទុកចិត្តទៅលើខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាយ៉ាងដូចម្ដេច?
១៣ សៀវភៅសាការីក្នុងគម្ពីរបានរៀបរាប់អំពី«មនុស្ស១០នាក់»ដែលនិយាយទៅកាន់«សាសន៍យូដាម្នាក់»ថា៖ «យើងខ្ញុំនឹងទៅជាមួយនឹង . . . អ្នករាល់គ្នា»។ (សូមអាន សាការី ៨:២៣) ដោយហេតុថា«សាសន៍យូដាម្នាក់»ត្រូវបានពិពណ៌នាជា«អ្នករាល់គ្នា» នេះបានសេចក្ដីថាគាត់តំណាងមនុស្សមួយក្រុម។ នៅសម័យយើង គាត់តំណាងគ្រិស្តសាសនិកដែលបានរើសតាំងដោយសកម្មពលរបស់ព្រះដែលនៅសេសសល់លើផែនដី ពោលគឺបងប្អូនមួយផ្នែករបស់«អ៊ីស្រាអែលនៃព្រះ»។ (កាឡ. ៦:១៦) «មនុស្ស១០នាក់ពីភាសាផ្សេងៗ»តំណាងមនុស្សមួយក្រុមធំនៃចៀមឯទៀត។ ដូចពួកគ្រិស្តសាសនិកដែលបានរើសតាំងដើរជាប់នឹងលោកយេស៊ូទោះជាលោកទៅកន្លែងណាក៏ដោយ នោះមនុស្សមួយក្រុមធំ«ទៅជាមួយ»ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាដែរ។ អស់អ្នកក្នុងចំណោមមនុស្សមួយក្រុមធំមិនគួរខ្មាសទាល់តែសោះក្នុងការសម្គាល់ខ្លួនជាគូកននៃ«អ្នកដែលត្រូវហៅឲ្យឡើងទៅស្ថានសួគ៌»។ (ហេ. ៣:១) លោកយេស៊ូមិនខ្មាសហៅពួកអ្នករើសតាំងជា«បងប្អូន»ទេ។—ហេ. ២:១១
១៤. តើយើងអាចគាំទ្របងប្អូនរបស់គ្រិស្តដោយស្មោះភក្ដីយ៉ាងដូចម្ដេច?
១៤ លោកយេស៊ូគ្រិស្តមានប្រសាសន៍ថា ពេលយើងគាំទ្របងប្អូនរបស់លោកដោយស្មោះភក្ដី នោះដូចជាយើងគាំទ្រលោកផ្ទាល់តែម្ដង។ (សូមអាន ម៉ាថាយ ២៥:៤០) បើដូច្នេះ តើអស់អ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី អាចគាំទ្របងប្អូនរបស់គ្រិស្តដែលត្រូវបានរើសតាំងដោយសកម្មពលរបស់ព្រះតាមវិធីណាខ្លះ? សំខាន់ចម្បងគឺដោយជួយពួកគាត់ក្នុងកិច្ចការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះ។ (ម៉ាថ. ២៤:១៤; យ៉ូន. ១៤:១២) ជាច្រើនទសវត្សរ៍កន្លងទៅនេះ ពួកអ្នករើសតាំងដែលនៅផែនដីមានចំនួនកាន់តែតិចទៅៗ ខណៈដែលពួកចៀមឯទៀតមានចំនួនរឹតតែកើនឡើង។ កាលណាអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដីចូលរួមក្នុងកិច្ចផ្សព្វផ្សាយ ដោយបម្រើជាអ្នកផ្សព្វផ្សាយពេញពេលបើអាចធ្វើបាន នោះពួកគាត់គាំទ្របងប្អូនដែលបានរើសតាំងដោយសកម្មពលរបស់ព្រះ ក្នុងការបំពេញកិច្ចការបញ្ចុះបញ្ចូលឲ្យមានសិស្ស។ (ម៉ាថ. ២៨:១៩, ២០) ណាមួយទៀត កុំឲ្យយើងភ្លេចគាំទ្រកិច្ចការនេះដោយធ្វើវិភាគទានតាមវិធីផ្សេងៗ។
១៥. ពេលខ្ញុំបម្រើផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ និងធ្វើការសម្រេចចិត្តស្តីអំពីរបៀបរៀបចំក្នុងអង្គការ តើគប្បីឲ្យគ្រិស្តសាសនិកម្នាក់ៗមានអារម្មណ៍យ៉ាងដូចម្ដេច?
១៥ ក្រុមនៃខ្ញុំបម្រើដ៏ស្មោះត្រង់ផ្ដល់សេចក្ដីបង្រៀនដែលប្រៀបដូចជាអាហារ តាមរយៈសៀវភៅដែលមានមូលដ្ឋានលើគម្ពីរ ព្រមទាំងកិច្ចប្រជុំនិងសន្និបាតនៃពួកគ្រិស្តសាសនិកផង។ ដូច្នេះ តើយើងម្នាក់ៗជាគ្រិស្តសាសនិកមានទស្សនៈយ៉ាងណាចំពោះអ្វីៗទាំងអស់ដែលត្រូវបានផ្ដល់នោះ? តើយើងចូលរួមដោយដឹងគុណ និងស្ម័គ្រចិត្តអនុវត្តតាមអ្វីដែលយើងបានរៀនទេ? តើយើងមានអារម្មណ៍យ៉ាងណាពេលខ្ញុំបម្រើធ្វើការសម្រេចចិត្តស្តីអំពីរបៀបរៀបចំក្នុងអង្គការ? កាលដែលយើងស្ម័គ្រចិត្តស្ដាប់បង្គាប់ការណែនាំដែលយើងទទួល នេះផ្ដល់ទីសំអាងថាយើងមានជំនឿទៅលើរបៀបរៀបចំរបស់ព្រះយេហូវ៉ា។—យ៉ា. ៣:១៧
១៦. ហេតុអ្វីគប្បីឲ្យគ្រិស្តសាសនិកគ្រប់គ្នាស្ដាប់តាមបងប្អូនរបស់គ្រិស្ត?
១៦ លោកយេស៊ូមានប្រសាសន៍ថា៖ «ចៀមរបស់ខ្ញុំស្ដាប់សំឡេងរបស់ខ្ញុំ ខ្ញុំស្គាល់ពួកគេ ហើយពួកគេមកតាមខ្ញុំ»។ (យ៉ូន. ១០:២៧) ពួកគ្រិស្តសាសនិកដែលមានសេចក្ដីសង្ឃឹមឡើងទៅស្ថានសួគ៌ស្ដាប់តាមលោកយេស៊ូមែន។ ចុះយ៉ាងណាវិញចំពោះពួកអ្នកដែល«ទៅជាមួយ»ពួកគាត់? ពួកអ្នកដែល«ទៅជាមួយ»ត្រូវតែស្ដាប់តាមលោកយេស៊ូដែរ។ ម្យ៉ាងទៀត ពួកគាត់ត្រូវស្ដាប់តាមបងប្អូនរបស់លោកផង។ យ៉ាងណាមិញ បងប្អូនរបស់លោកយេស៊ូបានទទួលភារកិច្ចក្នុងការណែនាំនិងថែរក្សារាស្ត្ររបស់ព្រះ។ តើការស្ដាប់តាមសំឡេងបងប្អូនរបស់គ្រិស្តរួមបញ្ចូលអ្វី?
១៧. តើការស្ដាប់តាមក្រុមនៃខ្ញុំបម្រើរួមបញ្ចូលអ្វី?
១៧ សព្វថ្ងៃនេះ ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាត្រូវបានតំណាងដោយគណៈអភិបាល ដែលនាំមុខនិងចាត់ចែងការផ្សព្វផ្សាយអំពីរាជាណាចក្ររបស់ព្រះនៅទូទាំងផែនដី។ សមាជិកនៃគណៈអភិបាលសុទ្ធតែពួកអ្នកចាស់ទុំដែលមានពិសោធន៍ហើយបានរើសតាំងដោយសកម្មពលរបស់ព្រះ។ ជាពិសេសយើងអាចពិពណ៌នាពីពួកគាត់ថាជា‹ពួកអ្នកដែលកំពុងនាំមុខយើងរាល់គ្នា›។ (ហេ. ១៣:៧) ក្នុងការថែរក្សាមើលអ្នកប្រកាសសារអំពីរាជាណាចក្ររបស់ព្រះដែលមានចំនួនជាង៧.០០០.០០០នាក់ ដែលមានក្នុងជាង១០០.០០០ក្រុមជំនុំនៅទូទាំងពិភពលោក នោះពួកអ្នកត្រួតពិនិត្យដែលបានរើសតាំងទាំងនេះ«ជាប់រវល់ក្នុងកិច្ចការដ៏ច្រើនរបស់លោកម្ចាស់»។ (១កូ. ១៥:៥៨) ការស្ដាប់តាមក្រុមនៃខ្ញុំបម្រើមានន័យថាយើងសហការគ្នាទាំងស្រុងជាមួយគណៈអភិបាលដែលតំណាងពួកគាត់។
អស់អ្នកដែលស្ដាប់តាមខ្ញុំបម្រើទទួលពរ
១៨, ១៩. (ក) តើអស់អ្នកដែលស្ដាប់ខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាបានទទួលពរយ៉ាងដូចម្ដេច? (ខ) តើយើងគួរតាំងចិត្តធ្វើអ្វី?
១៨ តាំងពីពេលខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាត្រូវបានតែងតាំងមក ពួកគេបាន«ទាញនាំមនុស្សជាច្រើនឲ្យវិលមកឯសេចក្ដីសុចរិត»។ (ដា. ១២:៣) មនុស្សជាច្រើននេះរួមបញ្ចូលទាំងអស់អ្នកដែលមានសេចក្ដីសង្ឃឹមរួចរស់ជីវិតពីសេចក្ដីហិនវិនាសនៃរបៀបរបបពិភពលោកនេះ។ ការមានភាពសុចរិតចំពោះព្រះ ពិតជាមានពរមែន!
១៩ នៅអនាគត ពេល«ក្រុងបរិសុទ្ធ គឺក្រុងយេរូសាឡិមថ្មី[ដែលមាន១៤៤.០០០នាក់]ចុះមកពីព្រះនៅស្ថានសួគ៌ ហើយក្រុងនោះបានត្រូវរៀបចំដូចកូនក្រមុំដែលបានតុបតែងខ្លួនសម្រាប់ស្វាមីរបស់នាង» តើអស់អ្នកដែលបានស្ដាប់សំឡេងរបស់ខ្ញុំបម្រើនឹងទទួលអ្វី? គម្ពីររៀបរាប់ថា៖ «ព្រះផ្ទាល់នឹងនៅជាមួយនឹងពួកគេ។ លោកនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបាត់អស់ហើយ»។ (បប. ២១:២-៤) ដូច្នេះ សូមឲ្យយើងទាំងអស់គ្នាស្ដាប់តាមគ្រិស្ត និងបងប្អូនរបស់លោកដ៏គួរឲ្យទុកចិត្តដែលបានរើសតាំងដោយសកម្មពលរបស់ព្រះ។
តើអ្នកបានរៀនអ្វីខ្លះ?
• តើមានទីសំអាងអ្វីខ្លះដែលបញ្ជាក់ថាព្រះយេហូវ៉ាទុកចិត្តខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?
• តើអ្វីដែលបង្ហាញថាលោកយេស៊ូទុកចិត្តទាំងស្រុងទៅលើក្រុមនៃខ្ញុំបម្រើ?
• ហេតុអ្វីខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណាសមនឹងទទួលការទុកចិត្តពីយើង?
• តើយើងអាចបង្ហាញថាយើងទុកចិត្តខ្ញុំបម្រើយ៉ាងដូចម្ដេច?
[រូបភាពនៅទំព័រ២៦]
តើអ្នកដឹងទេថាព្រះយេហូវ៉ាបានរើសនរណាឲ្យធ្វើជាកូនក្រមុំរបស់បុត្រលោក?
[រូបភាពនៅទំព័រ២៧]
លោកយេស៊ូគ្រិស្តបានប្រគល់«ទ្រព្យសម្បត្ដិ»របស់លោកឲ្យខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា
[រូបភាពនៅទំព័រ២៨]
ពេលយើងចូលរួមនឹងការផ្សព្វផ្សាយ យើងគាំទ្រពួកអ្នកដែលបានរើសតាំងដោយសកម្មពលរបស់ព្រះ