សៀវភៅម៉ាថាយ
២៤ ក្រោយមក ពេលលោកយេស៊ូកំពុងចាកចេញពីវិហារ នោះអ្នកកាន់តាមលោកបានចូលមកជិត ដើម្បីបង្ហាញសំណង់ផ្សេងៗនៃវិហារ។ ២ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «តើអ្នករាល់គ្នាឃើញអ្វីៗទាំងនេះទេ? ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ថ្មទាំងអស់នៅទីនេះនឹងត្រូវទម្លាក់ដល់ដី ហើយនឹងគ្មានថ្មណានៅត្រួតលើថ្មណាទៀតទេ»។+
៣ ពេលដែលលោកកំពុងអង្គុយនៅលើភ្នំដើមអូលីវ នោះអ្នកកាន់តាមលោកបានមកឯលោកដោយឡែកពីគេ រួចសួរថា៖ «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា? ហើយតើអ្វីជាសញ្ញាសម្គាល់ដែលបញ្ជាក់វត្តមាន*របស់លោក+ និងគ្រាចុងបញ្ចប់នៃរបៀបរបបពិភពលោក?»។*+
៤ លោកយេស៊ូតបឆ្លើយទៅពួកគាត់ថា៖ «ចូរប្រយ័ត្ន កុំឲ្យអ្នកណាបំភាន់អ្នករាល់គ្នាឡើយ+ ៥ ព្រោះមនុស្សជាច្រើននឹងមកដោយអាងឈ្មោះខ្ញុំ* ហើយបំភាន់មនុស្សជាច្រើន ដោយពោលថា៖ ‹ខ្ញុំជាគ្រិស្ត›។+ ៦ អ្នកនឹងឮសូរសង្គ្រាម ហើយនឹងឮគេនិយាយអំពីសង្គ្រាម តែកុំភ័យស្លុតឡើយ ព្រោះការទាំងនេះត្រូវតែកើតឡើង។ ក៏ប៉ុន្តែ ទីបញ្ចប់មិនទាន់មកដល់នៅឡើយទេ។+
៧ «ព្រោះប្រជាជាតិមួយនឹងលើកទ័ពទៅច្បាំងនឹងប្រជាជាតិមួយ ហើយរាជាណាចក្រមួយនឹងលើកទ័ពទៅច្បាំងនឹងរាជាណាចក្រមួយ+ ក៏នឹងមានការអត់ឃ្លាន+ ថែមទាំងមានរញ្ជួយដីពីកន្លែងមួយទៅកន្លែងមួយទៀតផង។+ ៨ ការទាំងអស់នេះគឺជាការចាប់ផ្ដើមនៃគ្រាលំបាក។*
៩ «រួចមក មនុស្សនឹងបញ្ជូនអ្នករាល់គ្នាឲ្យទៅរងទុក្ខវេទនា+ ក៏នឹងសម្លាប់អ្នករាល់គ្នា+ ហើយប្រជាជាតិទាំងឡាយនឹងស្អប់អ្នករាល់គ្នា ដោយសារអ្នករាល់គ្នាកាន់តាមខ្ញុំ។+ ១០ នៅពេលនោះដែរ មនុស្សជាច្រើននឹងជំពប់ដួល ក្បត់គ្នា ហើយស្អប់គ្នាទៅវិញទៅមក។ ១១ ម្យ៉ាងទៀត អ្នកប្រកាសទំនាយមិនពិតជាច្រើននាក់ នឹងលេចមកបំភាន់មនុស្សជាច្រើន។+ ១២ បន្ថែមទៅទៀត ដោយសារការប្រឆាំងច្បាប់នឹងមានកាន់តែច្រើនឡើង នោះសេចក្ដីស្រឡាញ់របស់មនុស្សភាគច្រើននឹងរសាយទៅ។ ១៣ ប៉ុន្តែ អ្នកណាដែលស៊ូទ្រាំរហូតដល់ទីបញ្ចប់ អ្នកនោះនឹងត្រូវសង្គ្រោះ។+ ១៤ ដំណឹងល្អនេះអំពីរាជាណាចក្រនឹងត្រូវផ្សព្វផ្សាយនៅគ្រប់ទីអាស្រ័យនៅផែនដី ដើម្បីឲ្យប្រជាជាតិទាំងឡាយបានឮ+ រួចទីបញ្ចប់នឹងមកដល់។
១៥ «ដូច្នេះ នៅពេលដែលអ្នករាល់គ្នាក្រឡេកទៅឃើញអ្វីដ៏គួរឲ្យស្អប់ខ្ពើមដែលនាំឲ្យមានការហិនវិនាស កំពុងឈរនៅកន្លែងបរិសុទ្ធ ដូចទំនាយដែលបានត្រូវប្រកាសតាមរយៈដានីយ៉ែល+ (ចូរអ្នកអានប្រើសមត្ថភាពវែកញែក) ១៦ នោះចូរឲ្យអ្នកដែលនៅតំបន់យូឌាចាប់ផ្ដើមរត់ទៅតំបន់ភ្នំ។+ ១៧ អ្នកណាដែលនៅលើដំបូលផ្ទះ មិនត្រូវចុះមកយកទ្រព្យសម្បត្តិចេញពីផ្ទះឡើយ ១៨ ហើយអ្នកណាដែលនៅស្រែចម្ការ ក៏មិនត្រូវត្រឡប់ទៅផ្ទះយកសម្លៀកបំពាក់ក្រៅរបស់ខ្លួនដែរ។ ១៩ នៅគ្រានោះ ស្ត្រីដែលមានផ្ទៃពោះនិងស្ត្រីដែលនៅបំបៅកូនត្រូវវេទនាណាស់! ២០ ចូរអធិដ្ឋានជានិច្ច ដើម្បីកុំឲ្យត្រូវរត់គេចខ្លួននៅរដូវរងា ឬនៅថ្ងៃឈប់សម្រាកឡើយ។ ២១ ព្រោះនៅគ្រានោះ នឹងមានទុក្ខវេទនាជាខ្លាំង+ ដែលមិនធ្លាប់មានតាំងពីកំណើតពិភពលោករហូតដល់ឥឡូវនេះ ហើយនឹងមិនមានដូច្នោះទៀតឡើយ។+ ២២ តាមការពិត ប្រសិនបើព្រះមិនកាត់បន្ថយគ្រានោះឲ្យខ្លីទេ គ្មានអ្នកណានឹងត្រូវសង្គ្រោះឡើយ។ ប៉ុន្តែ ដោយយល់ដល់ពួកអ្នកដែលបានត្រូវរើសតាំង នោះព្រះនឹងកាត់បន្ថយគ្រានោះឲ្យខ្លី។+
២៣ «នៅពេលនោះ បើអ្នកណាប្រាប់អ្នករាល់គ្នាថា៖ ‹មើល! គ្រិស្តនៅទីនេះ!›+ ឬ‹នៅទីនោះ!› កុំជឿឲ្យសោះ។+ ២៤ ពីព្រោះនឹងមានអ្នកក្លែងខ្លួនជាគ្រិស្ត និងអ្នកប្រកាសទំនាយមិនពិត+លេចមក ហើយពួកគេនឹងបង្ហាញសញ្ញាសម្គាល់និងធ្វើការអស្ចារ្យយ៉ាងធំ ដើម្បីបំភាន់+ទាំងអ្នកដែលបានត្រូវរើសតាំង ប្រសិនបើអាចបំភាន់បាន។ ២៥ មើល! ខ្ញុំបានព្រមានអ្នករាល់គ្នាទុកជាមុនហើយ។ ២៦ ដូច្នេះ បើគេប្រាប់អ្នករាល់គ្នាថា៖ ‹មើល! លោកនៅតំបន់ស្ងាត់ជ្រងំ› កុំចេញទៅឡើយ ឬបើគេថា៖ ‹មើល! លោកនៅកន្លែងសម្ងាត់› កុំជឿឲ្យសោះ។+ ២៧ ព្រោះវត្តមាន*របស់កូនមនុស្ស នឹងប្រៀបដូចជាផ្លេកបន្ទោរ ដែលភ្លឺពីទិសខាងកើតដល់ទិសខាងលិច។+ ២៨ សាកសពនៅទីណា សត្វឥន្ទ្រីនឹងប្រមូលគ្នានៅទីនោះ។+
២៩ «បន្ទាប់ពីទុក្ខវេទនានៅគ្រានោះចប់ភ្លាម ដួងអាទិត្យនឹងទៅជាងងឹត+ ដួងខែនឹងលែងភ្លឺ ផ្កាយទាំងឡាយនឹងធ្លាក់ពីលើមេឃ ហើយកម្លាំងធម្មជាតិនៅលើមេឃនឹងត្រូវអង្រួន។+ ៣០ រួចមក សញ្ញាសម្គាល់របស់កូនមនុស្សនឹងលេចមកនៅលើមេឃ ហើយកុលសម្ព័ន្ធទាំងឡាយនៅផែនដីនឹងគក់ទ្រូងដោយក្ដីទុក្ខព្រួយ+ ហើយពួកគេនឹងឃើញកូនមនុស្ស+មកលើពពកនៅលើមេឃ ទាំងមានឫទ្ធានុភាពនិងសិរីរុងរឿងដ៏អស្ចារ្យ។+ ៣១ នៅពេលនោះ លោកនឹងចាត់បណ្ដាទេវតារបស់លោក ព្រមជាមួយនឹងសំឡេងត្រែលាន់ឮយ៉ាងខ្លាំង ហើយបណ្ដាទេវតាទាំងនោះនឹងទៅប្រមូលអ្នកដែលលោកបានរើសតាំងពីទិសខាងជើង ទិសខាងត្បូង ទិសខាងកើត និងទិសខាងលិច ពីជើងមេឃម្ខាងរហូតដល់ជើងមេឃម្ខាង។+
៣២ «ចូរទាញយកមេរៀនពីឧទាហរណ៍អំពីដើមល្វាតូចដូចតទៅនេះ៖ កាលដែលមែកខ្ចីរបស់វាទៅជាទន់ ហើយលាស់ស្លឹក អ្នកដឹងភ្លាមថា រដូវក្ដៅជិតដល់ហើយ។+ ៣៣ ដូចគ្នាដែរ កាលដែលអ្នករាល់គ្នាឃើញការទាំងអស់នេះ ចូរដឹងថាកូនមនុស្សនៅជិតមាត់ទ្វារហើយ។+ ៣៤ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ជំនាន់នេះនឹងមិនកន្លងបាត់ឡើយ ទាល់តែការទាំងអស់នេះកើតឡើង។ ៣៥ មេឃនិងផែនដីនឹងកន្លងបាត់ទៅ តែពាក្យរបស់ខ្ញុំនឹងមិនកន្លងបាត់ឡើយ។+
៣៦ «គ្មានអ្នកណាដឹងថ្ងៃនិងម៉ោងនោះឡើយ+ សូម្បីតែបណ្ដាទេវតានៅស្ថានសួគ៌ និងបុត្ររបស់ព្រះក៏មិនជ្រាបដែរ។ មានតែបិតាដែលស្ថិតនៅស្ថានសួគ៌ប៉ុណ្ណោះដែលជ្រាប+ ៣៧ ពីព្រោះវត្តមាន*របស់កូនមនុស្ស+ នឹងដូចសម័យណូអេ។+ ៣៨ ព្រោះមនុស្សនៅសម័យនោះ មុនទឹកជំនន់មកដល់ ពួកគេកំពុងពិសាអាហារពិសាស្រា រៀបការប្ដីប្រពន្ធ រហូតដល់ថ្ងៃដែលណូអេចូលទៅក្នុងទូកធំនោះ+ ៣៩ ហើយពួកគេមិនបានយកចិត្តទុកដាក់សោះ រហូតដល់ទឹកជន់ឡើង កញ្ឆក់យកគេទាំងអស់គ្នាទៅ។+ ពេលកូនមនុស្សមានវត្តមាន ក៏នឹងដូចគ្នាដែរ។ ៤០ នៅពេលនោះ នឹងមានបុរសពីរនាក់នៅស្រែចម្ការ ហើយម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល ៤១ ក៏នឹងមានស្ត្រីពីរនាក់កំពុងកិនម្សៅ ហើយម្នាក់នឹងត្រូវយកទៅ តែម្នាក់ទៀតនឹងត្រូវទុកចោល។+ ៤២ ដូច្នេះ ចូរចាំយាម ពីព្រោះអ្នករាល់គ្នាមិនដឹងថាលោកម្ចាស់របស់អ្នកនឹងមកវិញនៅថ្ងៃណាឡើយ។+
៤៣ «ចូរដឹងថា បើម្ចាស់ផ្ទះបានដឹងថាចោរនឹងមកនៅយាមណា*+ នោះម្ចាស់ផ្ទះមុខជាចាំយាមមិនឲ្យចោរចូលផ្ទះគាត់ទេ។+ ៤៤ ហេតុនេះ អ្នករាល់គ្នាត្រូវត្រៀមខ្លួនជានិច្ចដូច្នេះដែរ+ ពីព្រោះកូនមនុស្សនឹងមកនៅម៉ោងដែលអ្នករាល់គ្នាមិននឹកស្មាន។
៤៥ «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា* ដែលម្ចាស់បានតែងតាំងឲ្យមើលការខុសត្រូវលើខ្ញុំបម្រើឯទៀតរបស់លោក ដើម្បីឲ្យអាហារពួកគេបរិភោគនៅពេលត្រឹមត្រូវ?+ ៤៦ ខ្ញុំបម្រើនោះមានសុភមង្គលហើយ! ប្រសិនបើម្ចាស់មកដល់ ហើយឃើញថាគាត់កំពុងធ្វើដូច្នោះមែន។+ ៤៧ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា លោកនឹងតែងតាំងគាត់ឲ្យមើលការខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់របស់លោក។
៤៨ «ក៏ប៉ុន្តែ ប្រសិនបើខ្ញុំបម្រើនោះអាក្រក់ ហើយគិតក្នុងចិត្តថា៖ ‹ម្ចាស់ខ្ញុំនៅបង្អង់យូរ›+ ៤៩ រួចចាប់ផ្ដើមវាយខ្ញុំបម្រើគ្នីគ្នា ហើយស៊ីផឹកជាមួយនឹងមនុស្សប្រមឹកស្រា ៥០ នោះម្ចាស់របស់គាត់នឹងមកវិញនៅថ្ងៃដែលគាត់មិននឹកស្មាន និងនៅម៉ោងដែលគាត់មិនដឹង+ ៥១ ហើយម្ចាស់របស់គាត់នឹងដាក់ទោសគាត់យ៉ាងធ្ងន់បំផុត ក៏រាប់បញ្ចូលគាត់ក្នុងចំណោមមនុស្សលាក់ពុត។ នៅទីនោះ គាត់នឹងយំ ហើយសង្កៀតធ្មេញ។+