យេរេមា
២ ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំថា៖ ២ «ចូរទៅប្រកាសប្រាប់អ្នកក្រុងយេរូសាឡិមថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
«ខ្ញុំនៅចាំភក្ដីភាព*ដែលអ្នកបានបង្ហាញ កាលដែលអ្នកនៅក្មេង+
គឺសេចក្ដីស្រឡាញ់ដែលអ្នកបានបង្ហាញពេលអ្នកបានភ្ជាប់ពាក្យរៀបការជាមួយខ្ញុំ+
ហើយក៏ចាំពេលដែលអ្នកបានដើរតាមខ្ញុំនៅតំបន់ស្ងាត់ជ្រងំដែរ
គឺនៅទឹកដីដែលគ្មានការសាបព្រោះសោះ។+
៣ ជនជាតិអ៊ីស្រាអែលជារាស្ត្របរិសុទ្ធនៅចំពោះព្រះយេហូវ៉ា+ពួកគេប្រៀបដូចជាផលដំបូងពីចម្រូតរបស់លោក»›។
‹អ្នកណាដែលត្របាក់លេបពួកគេ អ្នកនោះនឹងទទួលទោស
ហើយនឹងត្រូវអន្តរាយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»។+
៤ ឱពូជពង្សយ៉ាកុបនិងជនជាតិអ៊ីស្រាអែលគ្រប់វង្សត្រកូលអើយ!
សូមស្ដាប់ព្រះយេហូវ៉ាមានប្រសាសន៍។
៥ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖
«តើបុព្វបុរសរបស់អ្នករាល់គ្នាគិតថាខ្ញុំបានធ្វើខុសអ្វី+បានជាពួកគេចាកឆ្ងាយពីខ្ញុំ
បែរទៅគោរពបូជារូបព្រះឥតបានការ+ ហើយធ្វើឲ្យខ្លួនទៅជាឥតបានការដូច្នេះ?+
៦ ពួកគេមិនបានសួរថា៖ ‹ព្រះយេហូវ៉ាជាព្រះដែលសង្គ្រោះយើងពីស្រុកអេហ្ស៊ីប+
ហើយនាំយើងឆ្លងកាត់តំបន់ស្ងាត់ជ្រងំ
និងកាត់តាមទីរហោស្ថាន+ពេញទៅដោយរណ្ដៅ តើលោកនៅឯណា?
ព្រះដែលនាំយើងដើរកាត់ទឹកដីហួតហែង+ដែលមានភាពងងឹតសូន្យសុង
ជាកន្លែងដែលគ្មានមនុស្សឆ្លងកាត់ ឬអ្នកណាម្នាក់រស់នៅនោះ
តើលោកទៅណាបាត់ហើយ?›។
៧ បន្ទាប់មក ខ្ញុំបាននាំអ្នកចូលទៅក្នុងស្រុកមួយដែលមានសុទ្ធតែចម្ការ
ហើយឲ្យអ្នកបរិភោគផលផ្លែពីចម្ការទាំងនោះ និងផលល្អៗពីស្រុកនោះ។+
ប៉ុន្តែ ពេលអ្នកមកដល់ អ្នកធ្វើឲ្យស្រុកខ្ញុំស្មោកគ្រោក
ហើយបានធ្វើឲ្យមត៌កខ្ញុំទៅជាអ្វីដែលគួរឲ្យស្អប់ខ្ពើមវិញ។+
៨ ឯពួកសង្ឃវិញ ពួកគេមិនបានសួរទេថា៖ ‹តើព្រះយេហូវ៉ានៅឯណា?›។+
ចំណែកពួកអ្នកបង្រៀនច្បាប់ ពួកគេមិនស្គាល់ខ្ញុំសោះ
ហើយពួកគង្វាលបានបះបោរប្រឆាំងនឹងខ្ញុំ។+
ឯពួកអ្នកប្រកាសទំនាយ ពួកគេបានប្រកាសទំនាយដោយនូវនាមព្រះបាល+
ហើយកាន់តាមព្រះដែលមិនអាចផ្ដល់ប្រយោជន៍ដល់ពួកគេឡើយ។
៩ ‹ហេតុនេះហើយបានជាខ្ញុំប្រឆាំងនឹងអ្នកវិញ+
ហើយប្រឆាំងនឹងកូនចៅរបស់អ្នកដែរ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១០ ‹ប៉ុន្តែ ចូរឆ្លងទៅបណ្ដាកោះ*នៅគីទីម+ ហើយសម្លឹងមើលចុះ
ចូរចាត់គេឲ្យទៅឯកេដា+ ហើយពិចារណាឲ្យបានហ្មត់ចត់
ដើម្បីដឹងថាធ្លាប់មានរឿងដូចនេះកើតឡើងឬយ៉ាងណា។
១១ តើធ្លាប់មានប្រជាជាតិណាប្ដូរព្រះទាំងប៉ុន្មានរបស់ខ្លួនដើម្បីបានអ្វីដែលមិនមែនជាព្រះឬទេ?
គ្មានទេ! ប៉ុន្តែ រាស្ត្ររបស់ខ្ញុំបានប្ដូរខ្ញុំជាព្រះដ៏រុងរឿងដើម្បីបានអ្វីដែលឥតប្រយោជន៍ទៅវិញ។+
១២ ឱមេឃអើយ! ចូរពិនិត្យមើលរឿងនេះដោយស្ញែងខ្លាច
និងដោយរន្ធត់ញាប់ញ័រចុះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១៣ ‹ព្រោះរាស្ត្ររបស់ខ្ញុំបានប្រព្រឹត្តអំពើអាក្រក់ពីរយ៉ាង
គឺពួកគេបានបោះបង់ចោលខ្ញុំ ជាប្រភពទឹកដែលផ្ដល់ជីវិត+
ហើយមួយទៀតពួកគេបានជីក*អណ្ដូងសម្រាប់ខ្លួន
ដែលជាអណ្ដូងប្រេះបែកទុកទឹកមិនបាន›។
១៤ ‹អ៊ីស្រាអែលមិនមែនជាអ្នកបម្រើ ឬជាខ្ញុំបម្រើដែលបានកើតក្នុងផ្ទះចៅហ្វាយទេ មែនទេ?
ដូច្នេះ ហេតុអ្វីក៏អ៊ីស្រាអែលត្រូវគេប្លន់ និងចាប់យកទៅធ្វើជាឈ្លើយទៅវិញ?
១៥ ហ្វូងតោស្ទាវបានគ្រហឹមដាក់គាត់+ ហើយស្រែកកំហែងគាត់។
ពួកវាបានធ្វើឲ្យស្រុករបស់គាត់ទៅជាទីដ៏គួរឲ្យស្ញែងខ្លាច។
ឯបណ្ដាក្រុងរបស់គាត់បានត្រូវដុតបំផ្លាញចោល
ហើយលែងមានមនុស្សរស់នៅទីនោះទៀត។
១៦ បណ្ដាជននៅក្រុងណូព*+និងក្រុងថាផានីស+ នាំគ្នាស៊ីក្បាលអ្នក។
១៧ អ្នកបាននាំឲ្យមានរឿងនេះកើតឡើងដល់ខ្លួនហើយ
ដោយសារអ្នកបានបោះបង់ចោលព្រះយេហូវ៉ាជាព្រះរបស់ខ្លួន+
កាលដែលលោកនាំផ្លូវអ្នក មែនទេ?
ហេតុអ្វីក៏អ្នកចង់ទៅស្រុកអាស៊ីរី+ ដើម្បីផឹកទឹកនៅទន្លេអឺប្រាតទៅវិញ?
១៩ អ្នកគួរទាញមេរៀនពីអំពើទុច្ចរិតដែលអ្នកបានធ្វើ
ហើយអ្នកគួរទទួលការកែតម្រង់ពីការប្រព្រឹត្តមិនស្មោះត្រង់របស់អ្នក។
ចូរដឹងថាការបោះបង់ចោលព្រះយេហូវ៉ាជាព្រះរបស់អ្នក
នាំឲ្យមានផលអាក្រក់និងល្វីងជូរចត់យ៉ាងណា។+
អ្នកមិនបានគោរពកោតខ្លាចខ្ញុំទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតនិងជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌។
២០ ‹តាំងពីយូរមកហើយ ខ្ញុំបានបំបាក់នឹមរបស់អ្នក+ និងបានផ្ដាច់ខ្នោះរបស់អ្នក។
ប៉ុន្តែ អ្នកបាននិយាយថា៖ «ខ្ញុំមិនព្រមបម្រើលោកជាដាច់ខាត»
ព្រោះនៅលើទួលភ្នំទាំងប៉ុន្មាន និងនៅក្រោមដើមឈើខៀវខ្ចី+
អ្នកបានដេកចំទែងនិងប្រព្រឹត្តដូចជាស្រីពេស្យា។+
២១ ខ្ញុំបានដាំអ្នកជាដើមទំពាំងបាយជូរល្អពណ៌ក្រហម+ដែលជាពូជទំពាំងបាយជូរសុទ្ធ
ប៉ុន្តែ ហេតុអ្វីបានជាអ្នកក្លាយទៅជាដើមទំពាំងបាយជូរព្រៃនៅចំពោះខ្ញុំដូច្នេះ?›។+
២២ ‹ទោះជាអ្នកលាងសម្អាតដោយសាប៊ូនិងទឹកក្បុងក្ដី
ក៏អំពើរំលងរបស់អ្នកនៅតែដិតជាប់នៅនឹងមុខខ្ញុំជានិច្ច›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត។
២៣ ម្ដេចក៏អ្នកហ៊ាននិយាយថា៖ ‹ខ្ញុំមិនបានធ្វើឲ្យខ្លួនស្មោកគ្រោកទេ
ហើយខ្ញុំក៏មិនបានកាន់តាមព្រះបាលដែរ›?
ចូរមើលការប្រព្រឹត្តរបស់អ្នកនៅតាមជ្រលងភ្នំចុះ
ហើយពិចារណាអំពីអ្វីដែលអ្នកបានធ្វើទៅ។
អ្នកប្រៀបដូចជាអូដ្ឋញី*ដែលរត់យ៉ាងលឿន
ហើយចេះតែរត់ចុះឡើងគ្មានគោលដៅ។
២៤ ដូចលាព្រៃដែលនៅតំបន់ស្ងាត់ជ្រងំ ហិតក្លិនស្វែងរកឈ្មោល
តើអ្នកណាអាចឃាត់វាបាន?
អ្នកដែលរកវា មិនចាំបាច់នឿយហត់ស្វែងរកទេ
ព្រោះនៅរដូវសត្វដោយគ្នា នោះនឹងរកវាឃើញជាមិនខាន។
២៥ ចូរឈប់ទៅ ដើម្បីកុំឲ្យជើងអ្នកនៅទទេ និងកុំឲ្យអ្នកស្រេកទឹកខះកឡើយ!
ប៉ុន្តែ អ្នកនិយាយថា៖ ‹គ្មានផ្លូវទេ!+ ព្រោះខ្ញុំបានលង់ស្រឡាញ់ព្រះដទៃហើយ+
ខ្ញុំនឹងកាន់តាមព្រះទាំងនោះវិញ›។+
២៦ ដូចចោរខ្មាសគេ ពេលត្រូវគេចាប់
នោះពូជពង្សអ៊ីស្រាអែលមានសេចក្ដីខ្មាសដូច្នោះដែរ
គឺទាំងបណ្ដាជន ទាំងស្ដេច ទាំងអ្នកគ្រប់គ្រង
ទាំងពួកសង្ឃ ទាំងពួកអ្នកប្រកាសទំនាយ។+
២៧ ពួកគេនិយាយទៅកាន់ដើមឈើថា៖ ‹អ្នកជាឪពុករបស់ខ្ញុំ›+
ហើយនិយាយទៅកាន់ថ្មថា៖ ‹អ្នកបានបង្កើតខ្ញុំមក›។
ចំពោះខ្ញុំវិញ ពួកគេបែរខ្នងដាក់ ហើយមិនមើលមុខទេ។+
ប៉ុន្តែ ពេលស្ថិតក្នុងគ្រាលំបាក ពួកគេនឹងស្រែកហៅរកខ្ញុំថា៖
‹សូមលោកមេត្តាជួយសង្គ្រោះយើងផង!›។+
២៨ ឱយូដាអើយ! ព្រះទាំងប៉ុន្មានដែលអ្នកបានធ្វើ តើនៅឯណា?+
ចូរឲ្យព្រះទាំងនោះក្រោកឡើងជួយសង្គ្រោះអ្នកក្នុងគ្រាវេទនាចុះ
ព្រោះព្រះទាំងនោះមានច្រើនដូចជាក្រុងរបស់អ្នកដែរ។+
២៩ ‹ហេតុអ្វីក៏អ្នកចេះតែប្រឆាំងនឹងខ្ញុំដូច្នេះ?
ហេតុអ្វីបានជាអ្នកតែងតែបះបោរនឹងខ្ញុំបែបនេះ?›។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា។
ដាវរបស់អ្នកបានត្របាក់ពួកអ្នកប្រកាសទំនាយរបស់អ្នក+ ដូចជាតោដ៏សាហាវ។
៣១ ឱមនុស្សជំនាន់នេះអើយ! ចូរពិចារណាអំពីប្រសាសន៍របស់ខ្ញុំជាយេហូវ៉ា។
តើខ្ញុំប្រៀបដូចជាតំបន់ស្ងាត់ជ្រងំចំពោះអ៊ីស្រាអែលឬ?
តើខ្ញុំប្រៀបដូចជាទឹកដីងងឹតសូន្យសុងឬ?
រាស្ត្ររបស់ខ្ញុំនិយាយថា៖ ‹យើងមានសេរីភាព!
យើងនឹងមិនមករកលោកទៀតទេ›។ ម្ដេចក៏ពួកគេនិយាយដូច្នេះ?+
៣២ តើស្រីក្រមុំអាចភ្លេចគ្រឿងលម្អរបស់នាងបានឬទេ?
តើកូនក្រមុំអាចភ្លេចពាក់ខ្សែក្រវាត់សម្លៀកបំពាក់រៀបការបានឬ?
មិនអាចទេ! ប៉ុន្តែ រាស្ត្ររបស់ខ្ញុំបានបំភ្លេចខ្ញុំតាំងពីយូរមកហើយ។+
៣៣ ឱស្ត្រីអើយ! នាងពូកែរកគូស្នេហ៍ណាស់!
នាងបានទម្លាប់ខ្លួនប្រព្រឹត្តអំពើទុច្ចរិត។+
៣៤ សូម្បីតែសំពត់នាង ក៏ប្រឡាក់ដោយឈាមរបស់ជនក្រីក្រស្លូតត្រង់។+
ទោះជាខ្ញុំមិនបានឃើញពួកគេគាស់ចូលផ្ទះនាងក្ដី
តែខ្ញុំឃើញសំពត់របស់នាងប្រឡាក់សុទ្ធតែឈាមរបស់ពួកគេ។+
៣៥ ទោះជាយ៉ាងនោះក្ដី នាងបានប្រកែកថា៖ ‹ខ្ញុំគ្មានទោសទេ
ហើយលោកក៏លែងខឹងនឹងខ្ញុំដែរ›។
មើល! ខ្ញុំកំពុងវិនិច្ឆ័យទោសនាង
ព្រោះនាងនិយាយថា៖ ‹ខ្ញុំមិនបានប្រព្រឹត្តអំពើខុសឆ្គងទេ›។
៣៦ អ្នកនៅតែដើរតាមផ្លូវដែលមិនស្ថិតស្ថេររបស់ខ្លួន ហេតុអ្វីក៏អ្នកចាត់ទុកថារឿងនោះជារឿងស្រាលដូច្នេះ?
៣៧ ដោយហេតុនេះ អ្នកនឹងចេញទៅទាំងអាម៉ាស់មុខ*+
ព្រោះព្រះយេហូវ៉ាបានប្រឆាំងនឹងប្រជាជាតិដែលអ្នកពឹងផ្អែក។
ដូច្នេះ ពួកគេនឹងមិនអាចជួយអ្នកឲ្យបានជោគជ័យឡើយ»។