តើអ្នកទុកចិត្តនិងពឹងផ្អែកលើព្រះខ្លាំងប៉ុនណា?
«ចូរស្វែងរកនគរ . . . ព្រះជាមុនសិន»។—ម៉ាថាយ ៦:៣៣
១, ២. តើប្អូនប្រុសម្នាក់បានធ្វើអ្វីស្តីអំពីការងាររបស់ខ្លួន? ហេតុអ្វីបានជាគាត់សុខចិត្តធ្វើដូច្នេះ?
ប្អូនប្រុសម្នាក់មានចិត្តចង់បំរើបងប្អូនក្នុងក្រុមជំនុំច្រើនជាង។ ប៉ុន្តែ គាត់មានបញ្ហាមួយ ពោលគឺ ការងាររបស់គាត់បានរំខានដល់ការចូលរួមកម្មវិធីប្រជុំជាទៀងទាត់។ តើគាត់បានដោះស្រាយបញ្ហានេះដោយរបៀបណា? គាត់បានកែប្រែជីវភាពរស់នៅឲ្យបានសាមញ្ញជាងដោយឈប់ធ្វើការនៅទីនោះ ហើយក្រោយមកបានរកការងារផ្សេងដែលមិនរំខានដល់កិច្ចការដែលគាត់ចង់ធ្វើក្នុងក្រុមជំនុំ។ សព្វថ្ងៃនេះគាត់ទទួលប្រាក់ខែតិចជាងមុនឆ្ងាយណាស់ តែគាត់នៅតែចិញ្ចឹមក្រុមគ្រួសារបាន ហើយក៏អាចធ្វើការច្រើនជាងក្នុងក្រុមជំនុំផងដែរ។
២ តើអ្នកយល់នូវមូលហេតុដែលប្អូនប្រុសនេះបានធ្វើដូច្នេះទេ? បើអ្នកមានកាលៈទេសៈដូចគាត់ តើអ្នកសុខចិត្តចាត់វិធានការដូចគាត់ដែរឬទេ? គួរឲ្យសរសើរណាស់ ថាបងប្អូនគ្រីស្ទានច្រើនបានធ្វើដូចគាត់ដែរ ហើយបានបង្ហាញថាខ្លួនមានទំនុកចិត្តលើសេចក្ដីសន្យារបស់ព្រះយេស៊ូដែលថា៖ «ចូរស្វែងរកនគរនឹងសេចក្ដីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះនឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង»។ (ម៉ាថាយ ៦:៣៣) ព្រះយេហូវ៉ាជាទីទុកចិត្តរបស់ពួកគេហើយគេពឹងផ្អែកលើទ្រង់ដើម្បីឲ្យបានសេចក្ដីសុខជាជាងពឹងផ្អែកលើលោកីយ៍នេះ។—សុភាសិត ៣:២៣, ២៦
៣. ហេតុអ្វីបានជាមនុស្សខ្លះសង្ស័យថា ការស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន ប្រហែលជាគ្មានប្រយោជន៍?
៣ ដោយគិតអំពីគ្រាដ៏ពិបាករបស់យើងនេះ មនុស្សខ្លះឆ្ងល់ថា តើប្អូនប្រុសនោះបានធ្វើការសំរេចដ៏ល្អឬទេ? សព្វថ្ងៃនេះមនុស្សមួយចំនួនជាអ្នកក្រខ្សត់ តែមនុស្សមួយចំនួនទៀតមានកំរិតជីវភាពខ្ពស់ដែលខុសប្លែកពីសម័យមុនៗទៅទៀត។ មនុស្សជាច្រើនដែលរស់នៅប្រទេសក្រីក្រសុខចិត្តធ្វើអ្វីក៏ដោយដើម្បីឲ្យមានជីវិតរស់នៅសុខស្រួលជាង។ ផ្ទុយទៅវិញ មនុស្សជាច្រើននៅប្រទេសជឿនលឿនកំពុងតែទទួលការបង្ខិតបង្ខំឲ្យរក្សានូវកំរិតជីវភាពខ្ពស់ទោះជាមានបញ្ហាសេដ្ឋកិច្ច មុខរបរដែលចេះតែប្រែប្រួលនិងនិយោជកដែលទាមទារច្រើនហួសហេតុពេកក៏ដោយ។ ដោយសារមានការបង្ខិតបង្ខំយ៉ាងខ្លាំងឲ្យយើងរកស៊ីបានចំណេញ មនុស្សខ្លះចេះតែឆ្ងល់ថា៖ ‹តើការស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន ពិតជាមានប្រយោជន៍មែនឬ?›។ ដើម្បីឆ្លើយសំណួរនេះ សូមគិតទៅមើលថា តើព្រះយេស៊ូបានមានបន្ទូលទៅកាន់មនុស្សបែបណានៅគ្រានោះ?
«កុំឲ្យខ្វល់ខ្វាយ»
៤, ៥. តើព្រះយេស៊ូប្រើពាក្យប្រៀបប្រដូចអ្វីដើម្បីបង្ហាញថា រាស្ត្ររបស់ព្រះមិនគួរខ្វល់ខ្វាយហួសហេតុពេកអំពីការចិញ្ចឹមជីវិត?
៤ ព្រះយេស៊ូបានគង់នៅស្រុកកាលីឡេហើយបានមានបន្ទូលទៅកាន់មនុស្សដែលមកពីកន្លែងផ្សេងៗ។ (ម៉ាថាយ ៤:២៥) ក្នុងចំណោមមនុស្សទាំងនោះ មានមនុស្សតិចទេដែលជាអ្នកមាន។ ប្រហែលជាអ្នកស្ដាប់ភាគច្រើនជាជនក្រីក្រ។ យ៉ាងណាក៏ដោយ ព្រះយេស៊ូបានដាស់តឿនពួកគេកុំឲ្យចាត់ទុកការប្រមូលទ្រព្យសម្បត្ដិឲ្យមានអាទិភាពក្នុងជីវិត តែទ្រង់បានលើកទឹកចិត្តពួកគេឲ្យប្រមូលអ្វីដែលមានដំឡៃច្រើនជាង ពោលគឺ ទ្រព្យសម្បត្ដិខាងវិញ្ញាណ។ (ម៉ាថាយ ៦:១៩-២១, ២៤) ព្រះយេស៊ូបានមានបន្ទូលថា៖ «កុំឲ្យខ្វល់ខ្វាយនឹងជីវិតដែលនឹងបរិភោគអ្វី ឬនឹងរូបកាយដែលនឹងស្លៀកពាក់អ្វីនោះឡើយ។ ឯជីវិត តើមិនវិសេសជាងចំណីអាហារ ហើយរូបកាយ តើមិនវិសេសជាងសំលៀកបំពាក់ទេឬអី?»។—ម៉ាថាយ ៦:២៥
៥ មនុស្សជាច្រើនដែលបានស្ដាប់ព្រះយេស៊ូពេលនោះ ប្រហែលជាចាត់ទុកបន្ទូលរបស់ទ្រង់ជាយោបល់ដែលឥតបានការទេ។ ពួកគេជ្រាបថា បើមិនព្យាយាមជួយខ្លួនឯងនោះ ក្រុមគ្រួសារក៏នឹងខ្វះខាតវិញ។ ប៉ុន្តែ ព្រះយេស៊ូបានរំឭកពួកគេអំពីសត្វស្លាប។ សត្វស្លាប់រស់មួយថ្ងៃៗទាំងមានព្រះយេហូវ៉ាយកព្រះទ័យទុកដាក់ចំពោះវាដែរ។ ព្រះយេស៊ូក៏បានសំដៅទៅលើរបៀបដែលព្រះយេហូវ៉ាជួយផ្គត់ផ្គង់ឲ្យផ្កាព្រៃទាំងឡាយមានភាពរុងរឿងជាងស្តេចសាឡូម៉ូនទៅទៀត។ បើព្រះយេហូវ៉ាថែរក្សាសត្វស្លាបនិងផ្កាយ៉ាងនេះ ទ្រង់ច្បាស់ជានឹងថែរក្សាយើងច្រើនជាងនោះទៅទៀត! (ម៉ាថាយ ៦:២៦-៣០) ដូចព្រះយេស៊ូបានមានបន្ទូលនោះ ជីវិតរបស់យើងមានដំឡៃច្រើនជាងម្ហូបដែលយើងទិញបរិភោគ ហើយរូបកាយរបស់យើងក៏មានដំឡៃច្រើនជាងសំលៀកបំពាក់ដែលយើងស្លៀកពាក់ដែរ។ បើយើងខិតខំធ្វើការឲ្យបានតែអាហារនិងសំលៀកបំពាក់ប៉ុណ្ណោះ តែគ្មានពេលល្មមនឹងថ្វាយបង្គំព្រះយេហូវ៉ា នោះយើងមិនយល់សោះអំពីគោលបំណងនៃជីវិត។—សាស្ដា ១២:១៣
ការចេះថ្លឹងថ្លែង
៦. (ក) តើពួកគ្រីស្ទានមានភារកិច្ចធ្វើអ្វី? (ខ) តើជនគ្រីស្ទានទុកចិត្តនិងពឹងផ្អែកលើអ្នកណាក្នុងគ្រប់ការទាំងអស់?
៦ ព្រះយេស៊ូមិនបានលើកទឹកចិត្តឲ្យអ្នកស្ដាប់ឈប់ធ្វើការដោយរង់ចាំព្រះផ្គត់ផ្គង់ឲ្យក្រុមគ្រួសាររបស់ខ្លួនទេ។ សូម្បីតែសត្វស្លាបក៏ត្រូវខំរកចំណីសំរាប់ខ្លួននិងកូនវា។ ដូចគ្នាដែរ ពួកគ្រីស្ទានក៏ត្រូវធ្វើការទើបអាចមានអាហារបរិភោគបាន។ ពួកគ្រីស្ទានមានភារកិច្ចចិញ្ចឹមក្រុមគ្រួសាររបស់ខ្លួន។ ពួកគ្រីស្ទានដែលជាទាសករឬជាអ្នកស៊ីឈ្នួលម្ចាស់ណាមួយ ក៏ត្រូវធ្វើការយ៉ាងនឿយហត់ដែរ។ (ថែស្សាឡូនីចទី២ ៣:១០-១២; ធីម៉ូថេទី១ ៥:៨; ពេត្រុសទី១ ២:១៨) សាវកប៉ុលបានចិញ្ចឹមជីវិតដោយរកស៊ីម្ដងម្កាលជាអ្នកដេរត្រសាល។ (កិច្ចការ ១៨:១-៤; ថែស្សាឡូនីចទី១ ២:៩) យ៉ាងណាក៏ដោយ ជនគ្រីស្ទានទាំងនោះមិនបានពឹងផ្អែកលើការងារក្នុងលោកីយ៍នេះដើម្បីឲ្យបានសេចក្ដីសុខទេ។ ពួកគេបានទុកចិត្តលើព្រះយេហូវ៉ាវិញ។ ជាលទ្ធផលនោះ ពួកគេមានភាពសុខសាន្តដែលមនុស្សដទៃរកមិនបានទេ។ អ្នកតែងបទទំនុកដំកើងបានមានប្រសាសន៍ថា៖ «ពួកអ្នកដែលទុកចិត្តនឹងព្រះយេហូវ៉ាគេដូចជាភ្នំស៊ីយ៉ូនដែលនឹងរង្គើមិនបាន គឺបានជាប់នៅជាដរាប»។—ទំនុកដំកើង ១២៥:១
៧. បើមនុស្សមិនទុកចិត្តនិងមិនពឹងផ្អែកលើព្រះយេហូវ៉ាយ៉ាងខ្លាំងនោះ តើគាត់អាចចាប់ផ្ដើមមានទស្សនៈបែបណា?
៧ អស់អ្នកណាដែលមិនទុកចិត្តនិងមិនពឹងផ្អែកលើព្រះយេហូវ៉ាយ៉ាងខ្លាំងនោះ ប្រហែលជាមានគំនិតផ្សេង។ មនុស្សភាគច្រើនចាត់ទុកទ្រព្យសម្បត្ដិជាគន្លឹះសំខាន់ឲ្យបានសេចក្ដីសុខ។ ហេតុនេះហើយបានជាមាតាបិតាខ្លះជំរុញចិត្តកូនឲ្យរៀនបានច្រើនក្នុងកំឡុងគ្រាយុវវ័យ ដោយសង្ឃឹមថាការអប់រំបែបនេះនឹងបើកផ្លូវឲ្យកូនរកមុខរបរដែលបានប្រាក់ខែច្រើន។ គួរឲ្យស្ដាយណាស់ ក្រុមគ្រួសារគ្រីស្ទានខ្លះបានទទួលស្គាល់ថា ការជំរុញឲ្យកូនធ្វើដូច្នេះបាននាំឲ្យខាតបង់ច្រើនដែរ ដ្បិតកូនបានឈប់ប្រមូលអារម្មណ៍ទៅលើរឿងខាងវិញ្ញាណ ហើយខិតខំបំពេញតាមគោលដៅដែលពេញទៅដោយវត្ថុនិយមវិញ។
៨. តើបណ្ដាគ្រីស្ទានត្រូវចេះថ្លឹងថ្លែងអំពីអ្វី?
៨ អាស្រ័យហេតុនេះ បងប្អូនគ្រីស្ទានដែលមានប្រាជ្ញាបានទទួលស្គាល់ថា ដំបូន្មានរបស់ព្រះយេស៊ូមានសុពលភាពនៅសព្វថ្ងៃនេះដូចមានប្រយោជន៍នៅសតវត្សរ៍ទីមួយនោះដែរ ដូច្នេះពួកគាត់ខំបណ្ដុះឲ្យមានសមត្ថភាពចេះថ្លឹងថ្លែង។ ទោះជាបងប្អូនត្រូវធ្វើការរកស៊ីច្រើនម៉ោងដើម្បីបំពេញភារកិច្ចរបស់ខ្លួនស្របទៅតាមគោលការណ៍ក្នុងព្រះគម្ពីរក៏ដោយ គាត់មិនអនុញ្ញាតឲ្យការរកលុយនោះបង្អាក់ដល់អ្វីៗខាងវិញ្ញាណដែលសំខាន់ជាង។—សាស្ដា ៧:១២
«កុំឲ្យខ្វល់ខ្វាយ»
៩. ចំពោះអស់អ្នកដែលពឹងផ្អែកទាំងស្រុងលើព្រះយេហូវ៉ា តើព្រះយេស៊ូបានជួយរំលែកកង្វល់ពួកគេយ៉ាងដូចម្ដេច?
៩ ពេលព្រះយេស៊ូបានថ្លែងធម្មទានរបស់ទ្រង់នៅលើភ្នំនោះ ទ្រង់បានដាស់តឿនពួកអ្នកស្ដាប់ថា៖ «កុំឲ្យខ្វល់ខ្វាយថា៖ ‹តើត្រូវបរិភោគអ្វីឬស្លៀកពាក់អ្វី› នោះឡើយ។ ដ្បិតគឺជាសាសន៍ដទៃទេតើដែលខំស្វែងរករបស់ទាំងនោះវិញ។ ឯព្រះវរបិតានៃអ្នករាល់គ្នាដែលគង់នៅស្ថានសួគ៌ ទ្រង់ជ្រាបហើយថា អ្នករាល់គ្នាត្រូវការនឹងរបស់ទាំងនោះដែរ»។ (ម៉ាថាយ ៦:៣១, ៣២) បន្ទូលនោះពិតជាលើកទឹកចិត្តយើងណាស់! ដ្បិតបើយើងពឹងផ្អែកទាំងស្រុងលើព្រះយេហូវ៉ា ទ្រង់នឹងជួយទ្រទ្រង់យើងជានិច្ច។ ក៏ប៉ុន្តែ បន្ទូលរបស់ព្រះយេស៊ូនាំឲ្យយើងត្រិះរិះពិចារណាបន្ដិចដែរ។ បន្ទូលនោះរំឭកយើងថា ការ«ខំ»ស្វែងរកទ្រព្យសម្បត្ដិ បានន័យថាយើងកំពុងតែគិតដូច«សាសន៍ដទៃ»ឬមនុស្សដែលមិនមែនជាគ្រីស្ទានពិត។
១០. តើព្រះយេស៊ូបានធ្វើអ្វីដើម្បីសឲ្យឃើញនូវអ្វីដែលសំខាន់បំផុតចំពោះកំឡោះម្នាក់ដែលបានសូមយោបល់ពីទ្រង់?
១០ មានគ្រាមួយដែលកំឡោះអ្នកមានម្នាក់បានមកសួរព្រះយេស៊ូថា តើត្រូវធ្វើអ្វីដើម្បីទទួលជីវិតជារៀងរហូត? ព្រះយេស៊ូបានរំឭកគាត់អំពីតម្រូវការតាមក្រិត្យវិន័យរបស់ព្រះដែលនៅមានសុពលភាពនៅគ្រានោះ។ អ្នកកំឡោះនោះបានបញ្ជាក់ថា៖ «ខ្ញុំបានកាន់តាមគ្រប់សេចក្ដីទាំងនោះ តាំងពីក្មេងមកហើយ។ តើនៅខ្វះអ្វីទៀត?»។ ចំឡើយរបស់ព្រះយេស៊ូចំពោះបុរសនោះប្រហែលជាមើលទៅដូចជាគ្មានប្រយោជន៍សោះ។ ព្រះយេស៊ូមានបន្ទូលថា៖ «បើអ្នកចង់បានជាគ្រប់លក្ខណ៍ ចូរអ្នកទៅលក់របស់ទ្រព្យខ្លួន ហើយចែកដល់ពួកអ្នកក្រីក្រទៅ នោះអ្នកនឹងបានទ្រព្យសម្បត្ដិនៅឯស្ថានសួគ៌វិញ រួចឲ្យមកតាមខ្ញុំចុះ»។ (ម៉ាថាយ ១៩:១៦-២១) អ្នកកំឡោះនោះបានចេញពីព្រះយេស៊ូទៅដោយមិនសប្បាយទេ ពីព្រោះគាត់មិនព្រមលះបង់ទ្រព្យសម្បត្ដិរបស់ខ្លួន។ មិនថាបុរសនោះបានស្រឡាញ់ព្រះយេហូវ៉ាប៉ុនណាក៏ដោយ តែគាត់នៅតែស្រឡាញ់វត្ថុទ្រព្យរបស់ខ្លួនច្រើនជាង។
១១, ១២. (ក) តើព្រះយេស៊ូមានបន្ទូលយ៉ាងណាអំពីទ្រព្យសម្បត្ដិ ដែលយើងគួរត្រិះរិះពិចារណា? (ខ) តើវត្ថុទ្រព្យអាចរារាំងការថ្វាយបង្គំព្រះយេហូវ៉ាបានយ៉ាងណា?
១១ ព្រឹត្ដិការណ៍នោះបាននាំឲ្យព្រះយេស៊ូមានបន្ទូលចំឡែកបន្ដិចថា៖ «មនុស្សអ្នកមាននឹងចូលទៅក្នុងនគរស្ថានសួគ៌ពិបាកណាស់! . . . សត្វអូដ្ឋនឹងចូលតាមប្រហោងម្ជុលនោះងាយជាជាងឲ្យមនុស្សអ្នកមានចូលទៅក្នុងនគរនៃព្រះវិញ»។ (ម៉ាថាយ ១៩:២៣, ២៤) តើបន្ទូលរបស់ព្រះយេស៊ូមានន័យថា អ្នកមានគ្មានលទ្ធភាពទទួលព្រះរាជាណាចក្ររបស់ព្រះជាមរតកសោះឡើយមែនទេ? បន្ទូលរបស់ព្រះយេស៊ូមិនមានន័យដូច្នេះឡើយ ដ្បិតទ្រង់មានបន្ទូលទៀតថា៖ «ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»បាន។ (ម៉ាថាយ ១៩:២៥, ២៦) ប្រាកដហើយ អ្នកមានខ្លះនៅសម័យនោះបានទទួលជំនួយពីព្រះយេហូវ៉ា ហើយបានក្លាយជាជនគ្រីស្ទានចាក់ប្រេងតាំងដែរ។ (ធីម៉ូថេទី១ ៦:១៧) យ៉ាងណាក្ដី ព្រះយេស៊ូបានមានបន្ទូលចំឡែកៗនោះដោយមានបំណងជាក់លាក់មួយ ពោលគឺ ចង់ព្រមានយើង។
១២ បើមនុស្សស្រឡាញ់វត្ថុទ្រព្យដល់ម្ល៉េះ ដូចកំឡោះអ្នកមាននោះ ទ្រព្យសម្បត្ដិនោះអាចរារាំងការថ្វាយបង្គំព្រះយេហូវ៉ាឲ្យអស់ពីចិត្ត។ នេះអាចកើតឡើងចំពោះអ្នកមានក៏បាន ឬចំពោះ«ពួកអ្នកដែលចង់ធ្វើជាអ្នកស្តុកស្តម្ភ»ផងដែរ។ (ធីម៉ូថេទី១ ៦:៩, ១០) ការពឹងផ្អែកហួសហេតុពេកលើវត្ថុទ្រព្យអាចនាំឲ្យមនុស្សលែងស្គាល់«សេចក្ដីកំសត់[ឬ«សេចក្ដីត្រូវការ», ព.ថ.]ខាងឯវិញ្ញាណ»របស់ខ្លួន។ (ម៉ាថាយ ៥:៣) ជាលទ្ធផល អ្នកនោះប្រហែលជាមានអារម្មណ៍ថា ខ្លួនមិនចាំបាច់ពឹងផ្អែកលើជំនួយពីព្រះយេហូវ៉ាទៀត។ (ចោទិយកថា ៦:១០-១២) អ្នកនោះប្រហែលជាកើតមានចិត្តធំដោយគិតថា បងប្អូនក្នុងក្រុមជំនុំត្រូវគោរពគាត់។ (យ៉ាកុប ២:១-៤) ឬមួយក៏គាត់អាចចំណាយពេលច្រើនពេកក្នុងការប្រើប្រាស់វត្ថុទ្រព្យនោះ ជាជាងចំណាយពេលក្នុងការថ្វាយបង្គំព្រះយេហូវ៉ា។
ចូរបណ្ដុះឲ្យមានទស្សនៈត្រឹមត្រូវ
១៣. តើពួកឡៅឌីសេមានទស្សនៈមិនត្រឹមត្រូវអ្វី?
១៣ ក្រុមជំនុំនៅទីក្រុងឡៅឌីសេនាសតវត្សរ៍ទីមួយជាក្រុមមួយដែលមានទស្សនៈមិនត្រឹមត្រូវអំពីវត្ថុទ្រព្យ។ ព្រះយេស៊ូបានមានបន្ទូលទៅពួកគេថា៖ «ឯងអួតថា ឯងជាអ្នកមាន បានកាន់តែស្តុកស្តម្ភឡើងហើយ ក៏មិនត្រូវការនឹងអ្វីសោះ តែឯងមិនដឹងថា ឯងវេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»។ ទ្រព្យសម្បត្ដិនោះឯងមិនបានបណ្ដាលឲ្យពួកឡៅឌីសេមានភាពទ័លក្រខាងវិញ្ញាណទេ។ បញ្ហានោះគឺដោយព្រោះពួកគេបានពឹងផ្អែកលើទ្រព្យសម្បត្ដិជាជាងពឹងផ្អែកលើព្រះយេហូវ៉ា។ ជាលទ្ធផល ពួកគេមានលក្ខណៈស្ទើរៗប៉ុណ្ណោះខាងវិញ្ញាណ ហើយព្រះយេស៊ូហៀបនឹង‹ខ្ជាក់គេចេញ›ពីមាត់ទ្រង់ទៅ។—វិវរណៈ ៣:១៤-១៧
១៤. តើប៉ុលមានមូលហេតុអ្វីឲ្យសរសើរពួកគ្រីស្ទានសាសន៍ហេព្រើរ?
១៤ ផ្ទុយទៅវិញ ប៉ុលបានសរសើរបណ្ដាគ្រីស្ទានសាសន៍ហេព្រើរដែលមានទស្សនៈល្អពេលទទួលទុក្ខបៀតបៀន។ ប៉ុលបានមានប្រសាសន៍ថា៖ «អ្នករាល់គ្នាមានចិត្តអាណិតអាសូរដល់ពួកអ្នកដែលជាប់ចំណង ក៏ទ្រាំឲ្យមនុស្សប្លន់យករបស់ទ្រព្យខ្លួនដោយអំណរ ដោយដឹងថាខ្លួនមានទ្រព្យសម្បត្ដិដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផងនៅឯស្ថានសួគ៌»។ (ហេព្រើរ ១០:៣៤) ជនគ្រីស្ទានទាំងនោះមិនបានអស់សង្ឃឹមទេ ពេលបាត់បង់វត្ថុទ្រព្យរបស់ខ្លួន។ ពួកគេអាចរក្សាឲ្យមានអំណរបាន ដោយកាន់ខ្ជាប់នឹង«ទ្រព្យសម្បត្ដិដែលប្រសើរជាង ហើយក៏នៅជាប់លាប់ផង»។ ពួកគាត់មានចិត្តគំនិតដូចឈ្មួញម្នាក់ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូ ដែលបានលះបង់អ្វីៗទាំងអស់ដើម្បីឲ្យបានកែវមុក្ដាមួយដែលមានដំឡៃថ្លៃ។ ពួកគ្រីស្ទានសាសន៍ហេព្រើរនោះមិនព្រមលះចោលសេចក្ដីសង្ឃឹមទៅលើព្រះរាជាណាចក្ររបស់ព្រះទោះជាយ៉ាងណាក៏ដោយ។ (ម៉ាថាយ ១៣:៤៥, ៤៦) នេះពិតជាទស្សនៈដ៏ប្រសើរមែន!
១៥. តើយុវតីគ្រីស្ទានម្នាក់នៅប្រទេសលីបេរីយ៉ាបានស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិនដោយធ្វើអ្វី?
១៥ បងប្អូនជាច្រើននៅសព្វថ្ងៃនេះក៏បានបណ្ដុះឲ្យមានទស្សនៈល្អដូចនេះដែរ។ ជាឧទាហរណ៍ យុវតីគ្រីស្ទានម្នាក់នៅប្រទេសលីបេរីយ៉ាបានទទួលឱកាសរៀននៅឯសាកលវិទ្យាល័យ។ នៅប្រទេសនោះ មនុស្សតែងតែចាត់ទុកឱកាសរៀននៅសាកលវិទ្យាល័យជារបៀបទទួលអនាគតដ៏ល្អបាន។ ក៏ប៉ុន្តែ ប្អូនស្រីនេះជាអ្នកត្រួសត្រាយឬអ្នកផ្សព្វផ្សាយពេញពេលម្នាក់ ដែលបានទទួលសេចក្ដីអញ្ជើញឲ្យចូលរួមកិច្ចបំរើមួយរយៈជាអ្នកត្រួសត្រាយពិសេស។ ប្អូនស្រីបានសំរេចចិត្តស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិនដោយបន្តធ្វើកិច្ចបំរើផ្សាយពេញពេល។ នាងបានទៅកន្លែងដែលគេចាត់ឲ្យធ្វើជាអ្នកត្រួសត្រាយពិសេស ហើយក្នុងរយៈពេលតែបីខែប៉ុណ្ណោះ នោះមាន២១នាក់ចាប់ផ្ដើមសិក្សាព្រះគម្ពីរជាមួយនាង។ ប្អូនស្រីនេះរួមទាំងយុវជនយុវតីរាប់ពាន់នាក់ឯទៀត កំពុងតែស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន មិនថាពួកគេត្រូវលះបង់ឱកាសរកទ្រព្យធនច្រើនក៏ដោយ។ តើពួកគេធ្វើយ៉ាងណាដើម្បីរក្សាឲ្យមានទស្សនៈល្អបែបនេះក្នុងលោកីយ៍ដែលពេញទៅដោយវត្ថុនិយម? បងប្អូនជាច្រើនបានបណ្ដុះឲ្យមានគុណសម្បត្ដិល្អៗ។ ឥឡូវសូមយើងពិភាក្សាអំពីគុណសម្បត្ដិទាំងនេះខ្លះៗ។
១៦, ១៧. (ក) ហេតុអ្វីក៏ចិត្តរាបទាបមានសារៈសំខាន់ក្នុងការពឹងផ្អែកលើព្រះយេហូវ៉ា? (ខ) ហេតុអ្វីក៏យើងគួរបណ្ដុះឲ្យមានទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះ?
១៦ ចិត្តរាបទាប: ព្រះគម្ពីរចែងថា៖ «ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ។ ត្រូវឲ្យទទួលស្គាល់ទ្រង់នៅគ្រប់ទាំងផ្លូវឯងចុះ នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង។ កុំឲ្យមើលខ្លួនថាមានប្រាជ្ញាឡើយ»។ (សុភាសិត ៣:៥-៧) ជួនកាលយើងត្រូវធ្វើការសំរេចចិត្តមួយដែលមើលទៅដូចជាមានប្រយោជន៍មែនតាមទស្សនៈរបស់លោកីយ៍នេះ។ (យេរេមា ១៧:៩) យ៉ាងណាក៏ដោយ ជនគ្រីស្ទានដែលមានចិត្តស្មោះនោះ តែងតែពឹងផ្អែកលើការណែនាំពីព្រះយេហូវ៉ាវិញ។ (ទំនុកដំកើង ៤៨:១៤) បណ្ដាគ្រីស្ទានបង្ហាញចិត្តរាបទាបដោយខំរកដំបូន្មានពីព្រះយេហូវ៉ាក្នុង«គ្រប់ទាំងផ្លូវ»របស់ខ្លួន មិនថាក្នុងក្រុមជំនុំ អំពីការកំសាន្ត ឬទាក់ទងនឹងការអប់រំនិងការរកស៊ីក្នុងលោកីយ៍នេះជាដើម។—ទំនុកដំកើង ៧៣:២៤
១៧ ទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ា: ប៉ុលបានមានប្រសាសន៍ថា៖ «អ្នកណាដែលចូលទៅឯព្រះ នោះត្រូវតែជឿថាមានព្រះមែន ហើយថាទ្រង់ប្រទានរង្វាន់ដល់អស់អ្នកដែលស្វែងរកទ្រង់»។ (ហេព្រើរ ១១:៦) បើយើងសង្ស័យថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ាប្រហែលជានឹងមិនសំរេចទេ នេះអាចនាំយើងឲ្យសន្និដ្ឋានទៀតថា ការ«ប្រើប្រាស់លោកីយ៍នេះ»យ៉ាងច្រើន មិនជាការខុសទេ។ (កូរិនថូសទី១ ៧:៣១) ផ្ទុយទៅវិញ បើយើងមានជំនឿមុតមាំ យើងនឹងតាំងចិត្តស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន។ តើយើងអាចបណ្ដុះឲ្យមានជំនឿមុតមាំបានយ៉ាងណា? គឺដោយចូលទៅជិតព្រះយេហូវ៉ាតាមរយៈការអធិស្ឋានយ៉ាងស្មោះអស់ពីចិត្តហើយជាប់លាប់ ព្រមទាំងធ្វើការសិក្សាផ្ទាល់ខ្លួនយ៉ាងទៀងទាត់ផង។ (ទំនុកដំកើង ១:១-៣; ភីលីព ៤:៦, ៧; យ៉ាកុប ៤:៨) យើងអាចអធិស្ឋានដូចស្តេចដាវីឌថា៖ «ឱព្រះយេហូវ៉ាអើយ! ទូលបង្គំបានទុកចិត្តដល់ទ្រង់។ ទូលបង្គំបានថា៖ ‹ទ្រង់ជាព្រះនៃទូលបង្គំ›។ ឱសេចក្ដីសប្បុរសនៃទ្រង់ជាធំអម្បាលណាទៅ!»។—ទំនុកដំកើង ៣១:១៤, ១៩
១៨, ១៩. (ក) តើចិត្តឧស្សាហ៍អាចពង្រឹងទំនុកចិត្តរបស់យើងទៅលើព្រះយេហូវ៉ាបានយ៉ាងណា? (ខ) ហេតុអ្វីបានជាជនគ្រីស្ទានយើងគួរសុខចិត្តធ្វើពលិកម្ម?
១៨ ការខ្នះខ្នែងក្នុងកិច្ចបំរើព្រះយេហូវ៉ា: ប៉ុលបានបង្ហាញថា ទំនុកចិត្តទៅលើសេចក្ដីសន្យារបស់ព្រះយេហូវ៉ាតែងតែផ្សារភ្ជាប់នឹងចិត្តឧស្សាហ៍។ គាត់មានប្រសាសន៍ថា៖ «យើងខ្ញុំចង់ឲ្យអ្នករាល់គ្នានិមួយៗបានសំដែងចេញជាចិត្តឧស្សាហ៍ដូចគ្នាទាំងអស់ ប្រយោជន៍ឲ្យបានសេចក្ដីជំនឿដ៏ពេញលេញរបស់សេចក្ដីសង្ឃឹមដរាបដល់ចុងបំផុត»។ (ហេព្រើរ ៦:១១) បើយើងតែងតែរវល់ក្នុងកិច្ចបំរើព្រះយេហូវ៉ា ទ្រង់នឹងជួយទ្រទ្រង់យើងជានិច្ច។ រាល់ដងដែលទ្រង់ជួយទ្រទ្រង់យើងនោះ ទំនុកចិត្តរបស់យើងទៅលើទ្រង់ត្រូវពង្រឹងឡើងដែរ ហើយយើងក្លាយជាមនុស្សដែល«កាន់[តាមព្រះ]យ៉ាងខ្ជាប់ខ្ជួនដោយឥតរង្គើ»សោះឡើយ។ (កូរិនថូសទី១ ១៥:៥៨) ជំនឿរបស់យើងត្រូវពង្រឹងឡើង ហើយយើងមានសេចក្ដីសង្ឃឹមកាន់តែរឹងមាំដែរ។—អេភេសូរ ៣:១៦-១៩
១៩ សុខចិត្តធ្វើពលិកម្ម: ប៉ុលបានលះបង់មុខរបរដ៏ល្អដើម្បីកាន់តាមព្រះយេស៊ូ។ ទោះជាប៉ុលបានកើតទុក្ខក្នុងជីវិតដោយខ្វះខាតសម្ភារៈម្ដងម្កាលក៏ដោយ ការសំរេចចិត្តឲ្យលះបង់មុខរបរនោះ ច្បាស់ជាត្រឹមត្រូវមែន។ (កូរិនថូសទី១ ៤:១១-១៣) ព្រះយេហូវ៉ាមិនសន្យាថាទ្រង់នឹងនាំឲ្យយើងមានជីវភាពធូរធារសុខស្រួលទេ ហើយជួនកាលរាស្ត្ររបស់ព្រះត្រូវស៊ូទ្រាំទុក្ខលំបាកផ្សេងៗដែរ។ យ៉ាងណាក៏ដោយ ការសុខចិត្តធ្វើពលិកម្មដោយកែប្រែជីវភាពឲ្យបានសាមញ្ញជាងជាភស្តុតាងដែលបង្ហាញពីជំរៅចិត្តប្ដេជ្ញារបស់យើងក្នុងការបំរើព្រះយេហូវ៉ា។—ធីម៉ូថេទី១ ៦:៦-៨
២០. បើយើងចង់ស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន ហេតុអ្វីបានជាចាំបាច់ឲ្យយើងបង្ហាញចិត្តអត់ធ្មត់ដោយចេះអត់ធន់?
២០ ការបង្ហាញចិត្តអត់ធ្មត់ដោយចេះអត់ធន់: យ៉ាកុបបានដាស់តឿនបណ្ដាគ្រីស្ទានគ្នីគ្នាថា៖ «បងប្អូនអើយ! ចូរមានចិត្តអត់ធ្មត់ដរាបដល់ព្រះអម្ចាស់ទ្រង់យាងមក»។ (យ៉ាកុប ៥:៧) មនុស្សក្នុងលោកីយ៍នេះតែងតែចង់បានអ្វីទាន់ចិត្ត ដូច្នេះការបង្ហាញចិត្តអត់ធ្មត់មិនតែងតែស្រួលទេ។ យើងក៏ប្រាថ្នាចង់បានផលភ្លាមៗដែរ។ ប៉ុន្តែប៉ុលលើកទឹកចិត្តយើងឲ្យធ្វើតាមគំរូរបស់បងប្អូន«ដែលគ្រងបានសេចក្ដីសន្យាទុកជាមរដក ដោយចិត្តជឿហើយអត់ធន់វិញ»។ (ហេព្រើរ ៦:១២, កំណែជាអក្សរទ្រេត) ចូរចេះរង់ចាំដល់កំណត់ពេលរបស់ព្រះយេហូវ៉ាចុះ! ការរង់ចាំទទួលជីវិតជារៀងរហូតនៅលើផែនដីមនោរម្យពិតជាមានប្រយោជន៍មែន!
២១. (ក) តើការស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន បង្ហាញអំពីអ្វី? (ខ) តើអត្ថបទជាបន្ទាប់នឹងពិភាក្សាអំពីអ្វី?
២១ ពិតមែនហើយ យោបល់របស់ព្រះយេស៊ូឲ្យស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិនពិតជាមានប្រយោជន៍មែន។ ពេលដែលយើងធ្វើដូច្នេះ នេះបង្ហាញថាយើងពិតជាទុកចិត្តនិងពឹងផ្អែកលើព្រះយេហូវ៉ា ហើយជ្រើសយករបៀបរស់នៅតែមួយគត់ដែលមានសុវត្ថិភាពពិតប្រាកដ។ ប៉ុន្តែ ព្រះយេស៊ូក៏បានជូនយោបល់ឲ្យយើង«ស្វែងរក . . . សេចក្ដីសុចរិតនៃព្រះជាមុនសិន»ដែរ។ អត្ថបទជាបន្ទាប់នឹងជួយពន្យល់នូវមូលហេតុដែលយើងត្រូវធ្វើដូច្នេះ ជាពិសេសនៅសព្វថ្ងៃនេះ។
តើអ្នកអាចពន្យល់ទេ?
• តើព្រះយេស៊ូបានលើកទឹកចិត្តយើងឲ្យចេះថ្លឹងថ្លែងយ៉ាងណា ស្តីអំពីវត្ថុទ្រព្យ?
• តើយើងរៀនអ្វីពីពាក្យប្រៀបប្រដូចរបស់ព្រះយេស៊ូ ស្តីអំពីសត្វអូដ្ឋនិងប្រហោងម្ជុល?
• តើគុណសម្បត្ដិគ្រីស្ទានអ្វីខ្លះ អាចជួយយើងស្វែងរកព្រះរាជាណាចក្ររបស់ព្រះជាមុនសិន?
[រូបភាពនៅទំព័រ២៤]
មនុស្សជាច្រើនដែលបានឮបន្ទូលរបស់ព្រះយេស៊ូ ជាជនក្រីក្រ
[រូបភាពនៅទំព័រ២៥]
កំឡោះអ្នកមាននេះបានស្រឡាញ់ វត្ថុទ្រព្យរបស់ខ្លួនច្រើនជាងព្រះ
[រូបភាពនៅទំព័រ២៥]
ឈ្មួញម្នាក់ក្នុងរឿងប្រៀបប្រដូចរបស់ព្រះយេស៊ូបានលះបង់អ្វីៗទាំងអស់ដើម្បីឲ្យបានកែវមុក្ដាមួយដែលមានដំឡៃថ្លៃ
[រូបភាពនៅទំព័រ២៦]
បើយើងតែងតែរវល់ក្នុងកិច្ចបំរើព្រះយេហូវ៉ា ទ្រង់នឹងជួយទ្រទ្រង់យើងជានិច្ច