ជំពូកទី១៧
ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ—អាចឃើញបានយ៉ាងណា?
១ (ក) តើព្រះគ្រីស្ទបានថ្លែងសេចក្ដីសន្យាអ្វី? (ខ) តើសេចក្ដីត្រូវការណា ដែលការយាងត្រឡប់របស់ព្រះគ្រីស្ទអាចសម្រេចបាន?
«ខ្ញុំនឹងត្រឡប់មកវិញ»។ (យ៉ូហាន ១៤:៣) ព្រះយេស៊ូវគ្រីស្ទបានថ្លែងសេចក្ដីសន្យានេះដល់ពួកសាវកទ្រង់ នៅពេលដែលទ្រង់បានគង់នៅជាមួយពួកគេ នៅរាត្រីមុនពេលដែលទ្រង់ទទួលមរណភាពនោះ។ អ្នកប្រហែលយល់ស្របថា គ្មានពេលណាដូចសព្វថ្ងៃនេះទេ ដែលត្រូវការជាចាំបាច់នូវសន្ដិភាព សុខភាព និងជីវិត ហើយមានតែការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទក្នុងអំណាចព្រះរាជាណាចក្រទេដែលនឹងផ្ដល់ការទាំងនេះដល់មនុស្សលោកបាន។ ប៉ុន្តែ តើព្រះគ្រីស្ទទ្រង់យាងត្រឡប់មកវិញយ៉ាងណា? តើអ្នកណាអាចឃើញទ្រង់ ហើយតាមរបៀបណា?
២ (ក) ពេលដែលទ្រង់យាងត្រឡប់មកវិញ តើព្រះគ្រីស្ទនឹងយកពួកអ្នកកាន់តាមទ្រង់ដែលជាអ្នកចាក់ប្រេងតាំង រួមទាំងពួកសាវកផងឲ្យទៅរស់នៅទីណា? (ខ) តើរូបកាយប្រភេទណាដែលពួកទ្រង់មាននៅទីនោះ?
២ ក្នុងការយាងត្រឡប់មកវិញរបស់ទ្រង់ ព្រះគ្រីស្ទទ្រង់មិនមកដើម្បីនឹងគង់លើផែនដីទេ។ ផ្ទុយទៅវិញ អស់ពួកអ្នកដែលត្រូវសោយរាជ្យជាស្តេចជាមួយនឹងទ្រង់ នឹងត្រូវយកទៅរស់នៅជាមួយនឹងទ្រង់នៅស្ថានសួគ៌វិញ។ ព្រះយេស៊ូវបានមានបន្ទូលប្រាប់ទៅសាវករបស់ទ្រង់ថា៖ «ខ្ញុំនឹងត្រឡប់មកវិញ នឹងទទួលអ្នករាល់គ្នាទៅឯខ្ញុំ ប្រយោជន៍ឲ្យអ្នករាល់គ្នាបាននៅ កន្លែងដែលខ្ញុំនៅនោះដែរ»។ (យ៉ូហាន ១៤:៣) ដូច្នេះ ពេលដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ អស់ពួកអ្នកដែលនឹងត្រូវយកទៅស្ថានសួគ៌ នឹងទៅជាបុគ្គលវិញ្ញាណ ហើយពួកគេនឹងឃើញព្រះគ្រីស្ទមានរូបកាយវិញ្ញាណ ដែលពោរពេញទៅដោយសិរីល្អ។ (កូរិនថូសទី១ ១៥:៤៤) ប៉ុន្តែ ចំពោះមនុស្សលោកឯទៀតដែលមិនទៅស្ថានសួគ៌នោះ តើគេអាចមើលឃើញព្រះគ្រីស្ទទេ នៅពេលដែលទ្រង់យាងត្រឡប់មកវិញនោះ?
មូលហេតុដែលទ្រង់មិនអាចយាងត្រឡប់មកវិញជាមនុស្ស
៣ តើមានភស្តុតាងអ្វីនៅក្នុងព្រះគម្ពីរ ដែលបង្ហាញថាមនុស្សនឹងលែងឃើញព្រះគ្រីស្ទទៀតនោះ?
៣ នៅរាត្រីដដែលនោះ ព្រះយេស៊ូវបានមានបន្ទូលទៅពួកសាវករបស់ទ្រង់ថា៖ «បន្ដិចទៀត លោកីយនឹងលែងឃើញខ្ញុំ»។ (យ៉ូហាន ១៤:១៩) ពាក្យថា«លោកីយ» សំដៅចំពោះមនុស្សលោក។ ដូច្នេះ ព្រះយេស៊ូវបានមានបន្ទូលក្នុងបទនេះយ៉ាងច្បាស់ថា មនុស្សនៅលើផែនដីនឹងមិនអាចឃើញទ្រង់ទៀតឡើយ បន្ទាប់ពីការយាងឡើងទៅស្ថានសួគ៌របស់ទ្រង់វិញ។ សាវកប៉ុលក៏បានសរសេរថា៖ «តែបើយើងខ្ញុំបានស្គាល់ព្រះគ្រីស្ទខាងសាច់ឈាមហើយ គង់តែឥឡូវនេះមិនស្គាល់ទ្រង់យ៉ាងនោះទៀតឡើយ»។—កូរិនថូសទី២ ៥:១៦
៤ អ្វីដែលបង្ហាញឲ្យឃើញថា ព្រះគ្រីស្ទយាងត្រឡប់មកវិញជាបុគ្គលវិញ្ញាណដែលមានអានុភាពដ៏ខ្ពស់ និងមើលមិនឃើញនោះ?
៤ ក៏ប៉ុន្តែ នៅមានមនុស្សជាច្រើនជឿថា ព្រះគ្រីស្ទនឹងយាងត្រឡប់មកវិញដោយរូបកាយជាមនុស្សដូចកាលដែលគេធ្វើគុតទ្រង់ ហើយថាពួកអ្នកដែលរស់នៅលើផែនដីទាំងអស់នឹងឃើញទ្រង់ដែរ។ យ៉ាងណាក៏ដោយ ព្រះគម្ពីរបានចែងថា ព្រះគ្រីស្ទយាងមកក្នុងសិរីល្អរបស់ទ្រង់ជាមួយនឹងពួកទេវតាទាំងឡាយ ហើយនឹងឡើងគង់«លើបល្ល័ង្ករុងរឿងឧត្តមរបស់លោក»។ (ម៉ាថាយ ២៥:៣១) ប្រសិនបើព្រះយេស៊ូវត្រូវយាងមក ហើយគង់លើបល្ល័ង្កនៅលើផែនដីជាមនុស្សវិញ ទ្រង់នឹងទៅជាមានឋានៈទាបជាងពួកទេវតាទៅទៀត។ ប៉ុន្តែ ទ្រង់យាងមកជាអ្នកមានអានុភាពនិងសិរីល្អដ៏ខ្ពស់ ជាងព្រះរាជបុត្រាវិញ្ញាណទាំងអស់របស់ព្រះ ដូច្នេះហើយទ្រង់ជាបុគ្គលដែលមើលមិនឃើញដូចពួកគេដែរ។—ភីលីព ២:៨-១១
៥ ហេតុអ្វីក៏ព្រះគ្រីស្ទមិនអាចយាងត្រឡប់មកវិញជារូបកាយមនុស្ស?
៥ ម្យ៉ាងវិញទៀត ជាង១.៩០០ឆ្នាំកន្លងទៅនេះ ជាការចាំបាច់ណាស់ចំពោះព្រះយេស៊ូវដែលទ្រង់ត្រូវបន្ទាបអង្គទ្រង់ ហើយទៅជាមនុស្សម្នាក់នោះ។ ទ្រង់ត្រូវប្រទានជាចាំបាច់នូវព្រះជន្មជាមនុស្សល្អឥតខ្ចោះ ជាតម្លៃលោះសំរាប់យើង។ ម្ដងនោះ ព្រះយេស៊ូវទ្រង់បានមានបន្ទូលពន្យល់ពីរឿងនេះថា៖ «ឯនំប៉័ងដែលខ្ញុំឲ្យ គឺជារូបសាច់ខ្ញុំ ដែលខ្ញុំនឹងឲ្យជំនួសជីវិតមនុស្សលោក»។ (យ៉ូហាន ៦:៥១) ដូច្នេះហើយ ព្រះយេស៊ូវបានប្រទានរូបកាយខាងសាច់ឈាមរបស់ទ្រង់ជាយញ្ញបូជាសំរាប់មនុស្សលោក។ តើសំរាប់រយៈពេលប៉ុន្មានឆ្នាំ ដែលយញ្ញបូជានោះមានប្រសិទ្ធិភាព? សាវកប៉ុលបានឆ្លើយថា៖ «យើងរាល់គ្នាបានញែកជាបរិសុទ្ធ ដោយសារដង្វាយថ្វាយរូបអង្គព្រះយេស៊ូវគ្រីស្ទ១ដងជាសំរេច»។ (ហេព្រើរ ១០:១០) ដោយបានលះបង់សាច់ឈាមទ្រង់សំរាប់ជីវិតរបស់លោកីយ៍រួចហើយ ព្រះគ្រីស្ទមិនអាចយកសាច់ឈាមដើមនោះមកវិញ ហើយទៅជាមនុស្សម្នាក់ម្ដងទៀតបានឡើយ។ ដោយសារហេតុដ៏សំខាន់នេះ ការយាងត្រឡប់មកវិញរបស់ទ្រង់ មិនអាចជារូបកាយមនុស្ស ដែលទ្រង់បានបូជាមួយដងជាសម្រេចនោះទេ។
រូបកាយខាងសាច់ឈាមមិនបានយកទៅស្ថានសួគ៌ទេ
៦ ហេតុអ្វីក៏មនុស្សជាច្រើនជឿថា ព្រះគ្រីស្ទបានយករូបកាយសាច់ឈាមរបស់ទ្រង់ទៅស្ថានសួគ៌?
៦ យ៉ាងណាក៏ដោយ មនុស្សជាច្រើនជឿថា ព្រះគ្រីស្ទបានយករូបកាយសាច់ឈាមរបស់ទ្រង់ទៅស្ថានសួគ៌។ ពួកគេបានសំអាងទៅលើរឿងដែលថា ពេលដែលព្រះគ្រីស្ទបានត្រូវប្រោសឲ្យមានព្រះជន្មពីមរណភាពនោះ រូបកាយសាច់ឈាមរបស់ទ្រង់មិនស្ថិតនៅក្នុងផ្នូរទៀតឡើយ។ (ម៉ាកុស ១៦:៥-៧) ម្យ៉ាងទៀត ក្រោយពីបានទទួលមរណភាពហើយ ព្រះយេស៊ូវបានលេចមកឯសិស្សរបស់ទ្រង់ ក្នុងរូបកាយសាច់ឈាមមួយ ដើម្បីបង្ហាញពួកគេថាទ្រង់នៅមានព្រះជន្មរស់នៅ។ នៅពេលមួយ ទ្រង់ថែមទាំងឲ្យសាវកថូម៉ាសដាក់ដៃគាត់ទៅលើស្នាមនៅត្រង់ចំហៀងទ្រង់ ដើម្បីអាចឲ្យថូម៉ាសជឿថាទ្រង់ពិតជាបានមានព្រះជន្មរស់ឡើងវិញមែន។ (យ៉ូហាន ២០:២៤-២៧) តើរឿងនេះមិនបង្ហាញជាភស្តុតាងថា ទ្រង់បានត្រូវប្រោសឲ្យមានព្រះជន្មរស់ឡើងវិញក្នុងរូបកាយដដែល ដែលទ្រង់បានត្រូវគេធ្វើគុតនោះទេឬអ្វី?
៧ អ្វីដែលបង្ហាញថា ព្រះគ្រីស្ទបានយាងទៅស្ថានសួគ៌ជាបុគ្គលវិញ្ញាណម្នាក់នោះ?
៧ ទេ មិនមែនទេ។ ព្រះគម្ពីរបានបញ្ជាក់យ៉ាងច្បាស់ ពេលដែលចែងមកថា៖ «ព្រះគ្រីស្ទបានទទួលមរណភាពតែម្ដងសំរាប់គ្រប់ពេលវេលាទាំងអស់ ចំពោះអំពើបាប។ . . . ដោយទ្រង់ត្រូវគេធ្វើគុតខាងសាច់ឈាម តែត្រូវបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញជាវិញ្ញាណ»។ (ពេត្រុសទី១ ៣:១៨, ពថ) មនុស្សដែលមានរូបកាយសាច់ឈាម មិនអាចរស់នៅក្នុងស្ថានសួគ៌បានទេ។ រីឯជីវិតរស់ឡើងវិញដែលទៅឯស្ថានសួគ៌ ព្រះគម្ពីរបានចែងថា៖ «បានកប់ទៅ ជារូបកាយ ខាងសាច់ឈាម តែរស់ឡើង ជារូបកាយ ខាងវិញ្ញាណវិញ . . . សាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរដកបានឡើយ»។ (កូរិនថូសទី១ ១៥:៤៤-៥០) មានតែបុគ្គលវិញ្ញាណដែលមានរូបកាយខាងវិញ្ញាណទេ ដែលអាចរស់នៅក្នុងស្ថានសួគ៌បាន។
៨ តើអ្វីបានកើតឡើង ចំពោះរូបកាយខាងសាច់ឈាមរបស់ព្រះគ្រីស្ទ?
៨ អញ្ចឹង តើមានអ្វីកើតឡើង ចំពោះរូបកាយខាងសាច់ឈាមរបស់ព្រះយេស៊ូវ? តើពួកសិស្សរបស់ទ្រង់មិនបានឃើញផ្នូររបស់ទ្រង់នៅទទេទេឬ? ពួកគេបានឃើញអញ្ចឹងមែន ពីព្រោះព្រះទ្រង់បានយកចេញរូបកាយរបស់ព្រះយេស៊ូវបាត់ទៅហើយ។ ហេតុអ្វីក៏ព្រះទ្រង់បានធ្វើដូច្នេះ? គឺដើម្បីសម្រេចអ្វីៗដែលបានចែងទុកមកនៅក្នុងព្រះគម្ពីរ។ (ទំនុកដំកើង ១៦:១០; កិច្ចការ ២:៣១) ដូច្នេះ ព្រះយេហូវ៉ាបានទតឃើញថា ជាការត្រឹមត្រូវក្នុងការយកចេញរូបកាយរបស់ព្រះយេស៊ូវ ដូចជាទ្រង់បានធ្វើនឹងរូបកាយរបស់លោកម៉ូសេពីមុនមកដែរ។ (ចោទិយកថា ៣៤:៥, ៦) ម្យ៉ាងវិញទៀត ប្រសិនបើរូបកាយនៅតែស្ថិតនៅក្នុងផ្នូរនោះ ពួកសិស្សរបស់ព្រះយេស៊ូវមិនអាចយល់បានថា ទ្រង់បានត្រូវប្រោសឡើងពីមរណភាពនោះទេ ពីព្រោះពេលនោះពួកគេមិនទាន់បានយល់ឲ្យច្បាស់លាស់អំពីកិច្ចការខាងវិញ្ញាណនៅឡើយ។
៩ តើយ៉ាងណាដែលថូម៉ាសអាចដាក់ដៃគាត់ទៅលើស្នាមនៅរូបកាយដែលបានប្រែក្រឡា របស់ព្រះយេស៊ូវដែលបានមានព្រះជន្មរស់ឡើងវិញនោះ?
៩ ប៉ុន្តែ ដោយសារសាវកថូម៉ាសអាចដាក់ដៃរបស់គាត់នៅលើស្នាមនៅត្រង់ចំហៀងទ្រង់នោះ តើនោះមិនបង្ហាញថា ព្រះយេស៊ូវបានត្រូវប្រោសពីមរណភាពក្នុងរូបកាយដដែល ដែលបានត្រូវបោះដែកគោលនៅបង្គោលទេឬអ្វី? មិនមែនទេ ពីព្រោះព្រះយេស៊ូវទ្រង់បានប្រែក្រឡា ឬក៏យករូបកាយសាច់ឈាមមួយទៀត ដូចជាពួកទេវតាបានធ្វើនៅសម័យដើមដែរ។ ដើម្បីធ្វើឲ្យថូម៉ាសបានជឿថាទ្រង់ជាអ្នកណានោះ ទ្រង់បានប្រើរូបកាយមួយដែលមានស្នាមរបួស។ ទ្រង់បានលេចមកហាក់ដូចជាមនុស្សយ៉ាងពេញលេញ ដែលអាចសោយម្ហូបនិងសោយទឹកបាន ដូចជាពួកទេវតាដែលនៅពេលមួយ លោកអ័ប្រាហាំបានរៀបចំម្ហូបអាហារឲ្យសោយនោះដែរ។—លោកុប្បត្តិ ១៨:៨; ហេព្រើរ ១៣:២
១០ អ្វីដែលបង្ហាញថា ព្រះយេស៊ូវបានប្រែក្រឡាជារូបកាយផ្សេងៗទៀតនោះ?
១០ ថ្វីបើព្រះយេស៊ូវបានលេចមកឯថូម៉ាសនៅក្នុងរូបកាយស្រដៀងនឹងរូបកាយដែលទ្រង់បានត្រូវគេធ្វើគុតនោះក៏ដោយ ក៏ទ្រង់បានប្រែក្រឡាទៅជារូបកាយផ្សេងៗទៀតដែរ ពេលដែលបានលេចមកឯពួកអ្នកកាន់តាមទ្រង់។ ដូច្នេះហើយបានជានៅពេលដំបូង នាងម៉ារាម៉ាក់ដាឡាបានគិតស្មានថា ព្រះយេស៊ូវជាអ្នកថែសួនច្បារម្នាក់។ នៅពេលផ្សេងទៀត ពួកសិស្សទ្រង់មិនបានស្គាល់ទ្រង់ទេ នៅពេលដែលគេឃើញទ្រង់ជាលើកដំបូង។ ក្នុងករណីទាំងនេះ មិនមែនជាអាការខាងក្រៅផ្ទាល់របស់ទ្រង់ទេ ដែលជាជំនួយដើម្បីឲ្យស្គាល់ទ្រង់នោះ ប៉ុន្តែជាព្រះបន្ទូលឬក៏កាយវិការខ្លះៗ ដែលធ្វើឲ្យពួកគេស្គាល់ទ្រង់បាន។—យ៉ូហាន ២០:១៤-១៦; ២១:៦, ៧; លូកា ២៤:៣០, ៣១
១១, ១២ (ក) តាមបែបណាដែលព្រះគ្រីស្ទបានយាងចាកចេញពីផែនដី? (ខ) ដូច្នេះ តើយើងគិតថា តាមបែបណាដែលព្រះគ្រីស្ទយាងត្រឡប់មកវិញ?
១១ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញ ព្រះយេស៊ូវបានលេចឡើងជារូបកាយសាច់ឈាមឲ្យពួកសិស្សរបស់ទ្រង់ឃើញអស់រយៈពេល៤០ថ្ងៃ។ (កិច្ចការ ១:៣) បន្ទាប់មក ទ្រង់បានយាងឡើងទៅឯស្ថានសួគ៌។ ប៉ុន្តែ អ្នកណាម្នាក់ប្រហែលជាសួរថា៖ ‹តើទេវតាពីរអង្គដែលនៅទីនោះមិនបានប្រាប់ទៅពួកសាវកថា ព្រះគ្រីស្ទ«ទ្រង់នឹងយាងមកវិញ តាមបែបដដែលដូចជាអ្នករាល់គ្នាបានឃើញទ្រង់ទៅនោះដែរ»ទេឬអ្វី›? (កិច្ចការ ១:១១) ត្រូវហើយ ពួកទេវតានោះបានមានបន្ទូលអញ្ចឹងមែន។ ប៉ុន្តែសូមកត់សម្គាល់នូវបន្ទូលរបស់ពួកគេ ដែលថា«តាមបែបដដែល» មិនមែនក្នុងរូបកាយដដែលទេ។ ហើយ តើព្រះយេស៊ូវបានយាងទៅតាមបែបណា? គឺយ៉ាងស្ងាត់ គ្មានការសម្ដែងជាសាធារណៈទេ។ មានតែពួកសាវករបស់ទ្រង់ទេ ដែលដឹងអំពីរឿងនេះ។ លោកីយ៍មិនបានដឹងទេ។
១២ សូមពិនិត្យអំពីរបៀបដែលព្រះគម្ពីរបានពណ៌នាពីបែបដែលព្រះយេស៊ូវបានចាកចេញពីពួកសាវកទ្រង់ទៅស្ថានសួគ៌៖ «ហើយពួកសាវកកំពុងតែមើល នោះព្រះបានលើកទ្រង់ឡើងទៅ រួចមានពពកមកបំបាំងទ្រង់ ពីភ្នែកគេ»។ (កិច្ចការ ១:៩) ដូច្នេះ ពេលដែលព្រះយេស៊ូវបានចាប់ផ្ដើមយាងទៅលើមេឃ ពពកបានបំបាំងទ្រង់ពីភ្នែករបស់ពួកសាវកទ្រង់។ ដូច្នេះហើយ ការយាងចេញរបស់ព្រះយេស៊ូវ ជាការមើលមិនឃើញចំពោះពួកគេ។ ពួកគេមិនបានឃើញទ្រង់ទេ។ នៅពេលនោះ ទ្រង់បានយាងឡើងទៅស្ថានសួគ៌ក្នុងរូបកាយខាងវិញ្ញាណរបស់ទ្រង់។ (ពេត្រុសទី១ ៣:១៨, ពថ) ដូច្នេះ ការយាងត្រឡប់មកវិញរបស់ទ្រង់ក្នុងរូបកាយខាងវិញ្ញាណក៏ជាការមើលមិនឃើញដែរ។
របៀបដែលគ្រប់ទាំងភ្នែកនឹងឃើញ
១៣ តើយើងអាចយល់បានយ៉ាងណា ចំពោះសេចក្ដីថ្លែងដែលថា «គ្រប់ទាំងភ្នែកនឹងឃើញ»ព្រះគ្រីស្ទ នៅពេលដែលទ្រង់យាងមកតាមពពកនោះ?
១៣ ប៉ុន្តែ តើយើងអាចយល់ពីឃ្លានៅក្នុងវិវរណៈ ១:៧ យ៉ាងណា? ក្នុងបទនេះសាវកយ៉ូហានបានសរសេរថា៖ «មើល ទ្រង់យាងមកតាមពពក នោះគ្រប់ទាំងភ្នែកនឹងឃើញទ្រង់ ព្រមទាំងពួកអ្នកដែលចាក់ទ្រង់ផង រួចគ្រប់ទាំងពូជមនុស្សនៅផែនដីនឹងយំសោក ដោយព្រោះទ្រង់»។ នៅទីនេះព្រះគម្ពីរបានចែងអំពីការឃើញ មិនមែនជាការឃើញនឹងភ្នែកមែនទែនទេ ប៉ុន្តែក្នុងន័យជាការ ពិចារណាឲ្យដឹង ឬ វិនិច្ឆ័យឲ្យយល់។ ដូច្នេះ កាលណាអ្នកណាម្នាក់បានយល់នូវរឿងអ្វីមួយ គាត់ប្រហែលជាថា ‹ខ្ញុំយល់ឃើញហើយ›។ តាមការពិត ព្រះគម្ពីរបានចែងអំពី«ភ្នែកចិត្តរបស់អ្នករាល់គ្នា»។ (អេភេសូរ ១:១៨) ដូច្នេះ ប្រយោគដែលថា«គ្រប់ទាំងភ្នែកនឹងឃើញទ្រង់»មានន័យថា មនុស្សគ្រប់ៗគ្នានឹងយល់ឬក៏ទទួលស្គាល់វត្តមានរបស់ព្រះគ្រីស្ទ។
១៤ (ក) តើ«ពួកអ្នកដែលចាក់ទ្រង់»ជាពួកណា? (ខ) ហេតុអ្វីក៏នឹងមានទុក្ខសោកយ៉ាងខ្លាំងក្រៃលែង នៅពេលដែលមនុស្សគ្រប់ៗគ្នានៅទទួលស្គាល់នូវវត្តមានរបស់ព្រះគ្រីស្ទទីបំផុតនោះ?
១៤ ពួកអ្នកដែល«បានចាក់»ព្រះយេស៊ូវ មិនបាននៅរស់លើផែនដីទៀតឡើយ។ ដូច្នេះ ពួកនេះជាតំណាងពួកណាដែលធ្វើទុក្ខដល់ពួកអ្នកកាន់តាមព្រះយេស៊ូវនៅបច្ចុប្បន្នកាលនេះ ដោយយកតម្រាប់តាមចរិយារបស់មនុស្សបែបនោះនៅសតវត្សទីមួយ។ (ម៉ាថាយ ២៥:៤០, ៤៥) ពេលវេលាដែលព្រះគ្រីស្ទនឹងកាត់ទោសដល់ពួកកំណាចបែបនេះ ជិតមកដល់ហើយ។ ពួកគេបានត្រូវព្រមានជាមុនអំពីរឿងនេះ។ កាលដែលការកាត់ទោសនេះមកដល់ ពួកគេនឹង«ឃើញ»ឬក៏ទទួលស្គាល់ពីអ្វីដែលកើតឡើងចំពោះពួកគេ។ ហើយសេចក្ដីទុក្ខសោករបស់ពួកគេ នឹងពិតជាមានយ៉ាងខ្លាំងក្រៃលែង!
តើព្រះគ្រីស្ទយាងត្រឡប់មកផែនដីវិញទេ?
១៥ តាមរបៀបណាខ្លះដែលពាក្យថា «ត្រឡប់»បានត្រូវប្រើជាញឹកញាប់?
១៥ ការត្រឡប់មកវិញ មិនចាំបាច់មានន័យថា អ្នកនោះទៅកន្លែងមួយមែនទែនទេ។ ចំពោះមនុស្សឈឺ គេអាចនិយាយបានថា គេ‹ត្រឡប់បានមានសុខភាពល្អវិញ›។ ហើយចំពោះអ្នកធ្លាប់គ្រប់គ្រងពីមុន គេអាចនិយាយបានថា គេ‹ត្រឡប់មកកាន់អំណាចវិញ›។ តាមរបៀបស្រដៀងនេះដែរ ព្រះទ្រង់បានមានបន្ទូលប្រាប់ទៅអ័ប្រាហាំថា៖ «ដល់វេលាកំណត់ នោះអញនឹងមកឯឯង លុះគ្រប់ខែហើយ សារ៉ានឹងបង្កើតបានកូនប្រុស១»។ (លោកុប្បត្តិ ១៨:១៤; ២១:១) ការយាងត្រឡប់មករបស់ព្រះយេហូវ៉ា មិនមែនជាការយាងត្រឡប់មកមែនទែនទេ ប៉ុន្តែមានន័យថាជាការយកព្រះទ័យទុកដាក់ចំពោះនាងសារ៉ា ដើម្បីធ្វើអ្វីដែលទ្រង់បានសន្យានោះ។
១៦ (ក) តាមរបៀបណា ដែលព្រះគ្រីស្ទត្រូវយាងត្រឡប់មកផែនដីវិញ? (ខ) តើពេលណាដែលព្រះគ្រីស្ទបានយាងត្រឡប់មកវិញ ហើយអ្វីដែលបានកើតមានឡើងនៅពេលនោះ?
១៦ តាមរបៀបដូចគ្នា ការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទ មិនមានន័យថា ទ្រង់យាងត្រឡប់មកផែនដីវិញមែនទែនទេ។ ផ្ទុយទៅវិញ គឺមានន័យថា ទ្រង់ចាប់ផ្ដើមសោយរាជ្យក្នុងព្រះរាជាណាចក្រ ហើយយកព្រះហឫទ័យទុកដាក់ចំពោះផែនដីនេះ។ ទ្រង់មិនបាច់យាងចាកចេញពីបល្ល័ង្កនៅស្ថានសួគ៌របស់ទ្រង់ ហើយយាងចុះមកផែនដីដើម្បីធ្វើកិច្ចការនេះឡើយ។ ដូចជាយើងបានឃើញនៅក្នុងជំពូកពីមុនរួចមកហើយ ភស្តុតាងនៃព្រះគម្ពីរបានបង្ហាញថា នៅក្នុងឆ្នាំ១៩១៤ស.យ. ពេលវេលារបស់ព្រះបានមកដល់ចំពោះព្រះគ្រីស្ទក្នុងការយាងត្រឡប់មកវិញ ហើយចាប់ផ្ដើមសោយរាជ្យ។ នៅពេលនោះហើយដែលសម្លេងមួយយ៉ាងខ្លាំងបានឮឡើងនៅលើមេឃថា៖ «ឥឡូវនេះ សេចក្ដីសង្គ្រោះ ព្រះចេស្ដា នឹងរាជ្យរបស់ព្រះនៃយើងរាល់គ្នា ហើយអំណាចរបស់ព្រះគ្រីស្ទនៃទ្រង់ បានមកដល់ហើយ»។—វិវរណៈ ១២:១០
១៧ ដោយសារការយាងត្រឡប់មកវិញរបស់ព្រះគ្រីស្ទមើលមិនឃើញនោះ តើទ្រង់បានប្រទានអ្វីដើម្បីឲ្យយើងអាចដឹងថា ទ្រង់បានយាងត្រឡប់មកមែននោះ?
១៧ ដោយព្រោះតែការយាងត្រឡប់របស់ព្រះគ្រីស្ទជាការមើលមិនឃើញនោះ តើមានមធ្យោបាយណាដើម្បីបញ្ជាក់ថាការទាំងនេះពិតជាបានកើតឡើងមែនទេ? ពិតជាមាន។ ព្រះគ្រីស្ទបានប្រទាននូវ«ទីសំគាល់»ដ៏មើលឃើញ ដែលដោយសារនោះយើងអាចដឹងថា ទ្រង់មានវត្តមានដ៏មើលមិនឃើញ ហើយថាទីបញ្ចប់របស់លោកីយ៍នេះជិតមកដល់ហើយ។ សូមឲ្យយើងពិនិត្យមើល«ទីសំគាល់»នេះ។
[រូបភាពនៅទំព័រ១៤២]
ព្រះគ្រីស្ទបានប្រទានរូបអង្គទ្រង់ ជាយញ្ញបូជាមួយ។ ទ្រង់មិនអាចយករូបកាយនោះមកវិញ ហើយទៅជាមនុស្សម្នាក់ម្ដងទៀតបានឡើយ
[រូបភាពនៅទំព័រ១៤៤, ១៤៥]
ហេតុអ្វីក៏នាងម៉ារាម៉ាក់ដាឡាបានយល់ច្រឡំថា ព្រះយេស៊ូវជាអ្នកថែសួនច្បារម្នាក់ទៅវិញ ក្រោយពីទ្រង់មានព្រះជន្មរស់ឡើងវិញនោះ?
តើព្រះយេស៊ូវដែលបានមានព្រះជន្មរស់ឡើងវិញ បានមានបន្ទូលឲ្យថូម៉ាសដាក់ដៃគាត់ទៅលើរូបកាយសាច់ឈាមណា?
[រូបភាពនៅទំព័រ១៤៧]
ព្រះគ្រីស្ទទ្រង់ត្រូវយាងត្រឡប់មកវិញ តាមបែបដូចគ្នាដែលទ្រង់បានយាងចាកចេញពីផែនដីដែរ។ តើតាមបែបណា ដែលទ្រង់បានយាងចាកចេញពីផែនដីនោះ?