ឯកសារយោងសម្រាប់កិច្ចបម្រើនិងជីវិត កំណត់សម្រាប់កិច្ចប្រជុំ
ថ្ងៃទី៣-៩ ខែមេសា
w៩៩-E ១/៤ ទំ. ២២ វ. ៣
តើអ្នកណាអប់រំគំនិតរបស់អ្នក?
អ្នកត្រូវបង្ហាញថាអ្នកស្ដាប់បង្គាប់ ហើយចង់ធ្វើដូច្នេះ បើអ្នកចង់ទទួលប្រយោជន៍ពីការអប់រំពីព្រះយេហូវ៉ា។ នេះបានត្រូវបញ្ជាក់យ៉ាងច្បាស់ ពេលព្រះយេហូវ៉ាបានប្រាប់យេរេមាដែលជាអ្នកប្រកាសទំនាយឲ្យទៅរោងជាងស្មូន។ យេរេមាបានឃើញជាងស្មូនផ្លាស់ប្ដូរគំនិតអំពីអ្វីដែលគាត់នឹងធ្វើចំពោះភាជនៈដែលគាត់កំពុងធ្វើ ពេលភាជនៈនោះ«បានខូចនៅដៃគាត់»។ ដូច្នេះ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ឱពួកវង្សអ៊ីស្រាអែលអើយ តើអញគ្មានអំណាចនឹងធ្វើដល់ឯងរាល់គ្នា ដូចជាជាងស្មូននេះបានធ្វើដែរទេឬអី? មើល! ឱពួកវង្សអ៊ីស្រាអែលអើយ ដីឥដ្ឋនៅក្នុងដៃរបស់ជាងស្មូនយ៉ាងណា នោះឯងរាល់គ្នាក៏នៅក្នុងដៃអញយ៉ាងនោះដែរ»។ (យេ. ១៨:១-៦) តើនោះមានន័យថា អ៊ីស្រាអែលគ្រាន់តែជាដុំដីឥដ្ឋដែលគ្មានជីវិតក្នុងដៃព្រះយេហូវ៉ាដែលលោកអាចសូនតាមតែចិត្តលោកឲ្យទៅជាភាជនៈប្រភេទណាមួយឬ?
it-2-E ទំ. ៧៧៦ វ. ៤
ការប្រែចិត្ត
ជាងស្មូនប្រហែលជាចាប់ផ្ដើមធ្វើភាជនៈមួយប្រភេទ រួចក្រោយមក ប្ដូរទៅជាភាជនៈមួយប្រភេទទៀត បើភាជនៈនោះ«បានខូចនៅដៃគាត់»។ (យេ. ១៨:៣, ៤) តាមរយៈឧទាហរណ៍នេះ ព្រះយេហូវ៉ាបញ្ជាក់ថា លោកមិនដូចជាងស្មូនដែលជាមនុស្ស ដែល‹ធ្វើឲ្យខូចនៅដៃគាត់›ឡើយ តែផ្ទុយទៅវិញ លោកមានអំណាចលើមនុស្សជាតិ ដែលអាចកែប្រែរបៀបដែលលោកប្រព្រឹត្តចំពោះពួកគេ ស្របទៅតាមរបៀបដែលពួកគេមានប្រតិកម្មល្អឬមិនល្អទៅនឹងយុត្ដិធម៌និងសេចក្ដីមេត្ដាករុណារបស់លោក។ (សូមពិនិត្យបន្ថែម អេ. ៤៥:៩; រ៉ូម ៩:១៩-២១) ដូច្នេះ លោកអាច«ប្រែគំនិតចេញពីការអាក្រក់ដែល . . . [លោក]បានគិតធ្វើ»ដល់ប្រជាជាតិមួយ ឬក៏«ប្រែគំនិតពីការល្អដែល . . . [លោក]បានថានឹងធ្វើដល់គេ» អ្វីទាំងអស់គឺអាស្រ័យលើប្រតិកម្មរបស់ប្រជាជាតិនោះចំពោះរបៀបដែលលោកប្រព្រឹត្តចំពោះពួកគេនៅពេលមុន។ (យេ. ១៨:៥-១០) ហេតុនេះ មិនមែនព្រះយេហូវ៉ាដែលជាជាងស្មូនដ៏ឧត្តមធ្វើខុសនោះទេ ផ្ទុយទៅវិញ ព្រះយេហូវ៉ាប្រែគំនិត ដោយសារមនុស្សដែលប្រៀបដូចជាដីឥដ្ឋកែប្រែចិត្តគំនិតរបស់ពួកគេទាំងស្រុង។
w៩៩-E ១/៤ ទំ. ២២ វ. ៤-៥
តើអ្នកណាអប់រំគំនិតរបស់អ្នក?
ព្រះយេហូវ៉ាមិនដែលប្រើឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុតរបស់លោកដើម្បីបង្ខំមនុស្សឲ្យធ្វើអ្វីដែលពួកគេមិនចង់ធ្វើឡើយ។ ម្យ៉ាងទៀត ស្នាដៃរបស់ជាងស្មូនដែលជាមនុស្សអាចមានខ្ចោះ មកពីកំហុសរបស់គាត់ តែស្នាដៃរបស់ព្រះយេហូវ៉ា បើមានខ្ចោះ នោះមិនមែនមកពីកំហុសរបស់លោកទេ។ (ចោ. ៣២:៤) ខ្ចោះឬគុណវិបត្ដិដុះដាលឡើង ពេលពួកអ្នកដែលព្រះយេហូវ៉ាព្យាយាមអប់រំយ៉ាងល្អប្រឆាំងនឹងការណែនាំរបស់លោក។ នោះគឺខុសគ្នាស្រឡះរវាងអ្នកនិងដីឥដ្ឋមួយដុំដែលគ្មានជីវិត។ អ្នកមានចិត្តសេរី។ ពេលអ្នកប្រើចិត្តសេរីនោះ អ្នកអាចសម្រេចចិត្តទទួលយកការអប់រំពីព្រះយេហូវ៉ា ឬក៏បដិសេធការអប់រំនោះដោយចេតនា។
នេះពិតជាមេរៀនដែលគួររំពឹងគិតមែន! ការស្ដាប់សំឡេងព្រះយេហូវ៉ាគឺប្រសើរជាងការអះអាងយ៉ាងក្រអឺតក្រអោងថា «មិនចាំបាច់មានអ្នកណាប្រាប់ខ្ញុំឲ្យធ្វើអ្វីទេ»! តែយើងទាំងអស់គ្នាត្រូវការការណែនាំរបស់ព្រះយេហូវ៉ា។ (យ៉ូន. ១៧:៣) ចូរធ្វើតាមគំរូរបស់ដាវីឌដែលជាអ្នកតែងទំនុកតម្កើង ដែលបានអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាអើយ សូមបង្ហាញអស់ទាំងផ្លូវរបស់ទ្រង់ដល់ទូលបង្គំ សូមបង្រៀនទូលបង្គំក្នុងផ្លូវច្រករបស់ទ្រង់»។ (ទំនុក. ២៥:៤) ចូរនឹកចាំអ្វីដែលស្តេចសាឡូម៉ូនបាននិយាយថា៖ «ប្រយោជន៍ឲ្យមនុស្សប្រាជ្ញាបានស្ដាប់ ហើយចំរើនចំណេះ»។ (សុភ. ១:៥) តើអ្នកនឹងស្ដាប់ឬទេ? បើអ្នកស្ដាប់ នោះ«គំនិតវាងវៃនឹងការពារឯង ហើយយោបល់នឹងថែរក្សាឯង»។—សុភ. ២:១១
ថ្ងៃទី១៧-២៣ ខែមេសា
w០៩-E ១/១២ ទំ. ២៤ វ. ៦
យេរេមាមិនបានឈប់ប្រកាសទំនាយឡើយ
ព្រះយេហូវ៉ាបានប្រាប់យេរេមាឲ្យព្រមានបណ្ដាជនក្រុងយេរូសាឡិមថា បើពួកគេមិនកែប្រែការប្រព្រឹត្តអាក្រក់របស់ខ្លួនទេ ក្រុងនោះនឹងត្រូវបំផ្លាញចោល។ ពេលយេរេមាបានព្រមានដូច្នេះ បណ្ដាជនបានខឹង ហើយនិយាយថា៖ «មនុស្សនេះគួរស្លាប់ហើយ»។ ទោះជាយ៉ាងនេះក្ដី យេរេមាបានអង្វរពួកគេឲ្យ«ស្ដាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ា»។ បន្ទាប់មក គាត់បាននិយាយថា៖ ‹អ្នកគួរដឹងថា បើអ្នករាល់គ្នាសម្លាប់ខ្ញុំ នោះអ្នករាល់គ្នាសម្លាប់មនុស្សឥតទោស ពីព្រោះព្រះបានចាត់ខ្ញុំឲ្យនិយាយប្រាប់អ្នករាល់គ្នា›។ តើអ្នកដឹងថា អ្វីបានកើតឡើងក្រោយមកឬទេ?
jr-E ទំ. ២១ វ. ១៣
ការបម្រើនៅគ្រា«ជាន់ក្រោយ»
១៣ បើគិតអំពីស្ថានភាពខាងនយោបាយនិងសាសនាដែលមានជាទូទៅនៅស្រុកយូដា តើអ្នកដឹកនាំសាសនាមានប្រតិកម្មយ៉ាងណាចំពោះសុន្ទរកថារបស់យេរេមា? យោងទៅតាមកំណត់ហេតុរបស់អ្នកប្រកាសទំនាយនោះ «ពួកសង្ឃនឹងពួកហោរា ហើយបណ្ដាជនទាំងអស់ ក៏ចាប់[ខ្ញុំ]ដោយពាក្យថា៖ ‹ឯងត្រូវស្លាប់ហើយ›»។ ពួកគេខឹងយ៉ាងខ្លាំង ហើយប្រកាសថា៖ «មនុស្សនេះគួរស្លាប់ហើយ»។ (សូមអាន យេរេមា ២៦:៨-១១) ប៉ុន្តែ សត្រូវរបស់យេរេមាមិនបានសម្រេចដូចបំណងឡើយ។ ពីព្រោះព្រះយេហូវ៉ានៅជាមួយនឹងអ្នកប្រកាសទំនាយរបស់លោក ដើម្បីសង្គ្រោះគាត់។ ចំណែកឯយេរេមាវិញ គាត់មិនបានឲ្យការគំរាមកំហែងរបស់សត្រូវធ្វើឲ្យគាត់ភ័យខ្លាចឡើយ ទោះជាមានគ្នាច្រើនក្ដី។ អ្នកក៏មិនគួរភ័យខ្លាចដែរ។
w០៩-E ១/១២ ទំ. ២៥ វ. ១
យេរេមាមិនបានឈប់ប្រកាសទំនាយឡើយ
គម្ពីរចែងថា៖ «ពួកចៅហ្វាយនិងជនទាំងឡាយក៏និយាយនឹងពួកសង្ឃ ហើយនឹងពួកហោរាថា៖ ‹មនុស្សនេះមិនគួរនឹងស្លាប់ទេ ដ្បិតបានគ្រាន់តែប្រាប់យើងរាល់គ្នាដោយនូវព្រះនាមព្រះយេហូវ៉ាជាព្រះនៃយើងទេតើ›»។ ដូច្នេះ ពេលយេរេមាមិនបានឲ្យការភ័យខ្លាចបណ្ដាលឲ្យគាត់ឈប់ប្រកាសទំនាយ នោះព្រះយេហូវ៉ាបានការពារគាត់។ សូមយើងពិចារណាអំពីអ្វីដែលបានកើតឡើងដល់អ៊ូរីយ៉ាដែលជាអ្នកប្រកាសទំនាយម្នាក់ទៀតដែលបានធ្វើផ្សេងពីនេះ។
jr-E ទំ. ២៧ វ. ២១
ការបម្រើនៅគ្រា«ជាន់ក្រោយ»
២១ នៅដើមរជ្ជកាលនៃស្តេចសេដេគា ពួកទូតរបស់ស្តេចអេដំម ស្តេចម៉ូអាប់ ស្តេចអាំម៉ូន ស្តេចក្រុងទីរ៉ុស ស្តេចក្រុងស៊ីដូនបានមកដល់ក្រុងយេរូសាឡិម។ ពួកគេប្រហែលជាមានគោលបំណងបញ្ចុះបញ្ចូលសេដេគាឲ្យរួមដៃគ្នាប្រឆាំងនឹងនេប៊ូក្នេសា។ ប៉ុន្តែ យេរេមាបានដាស់តឿនសេដេគាឲ្យចុះចូលស្តេចបាប៊ីឡូន។ ស្របនឹងនោះ យេរេមាបានប្រគល់នឹមទៅពួកទូតដើម្បីធ្វើឲ្យពួកគេយល់ថាប្រជាជាតិរបស់ពួកគេក៏គួរបម្រើជនជាតិបាប៊ីឡូនដែរ។ (យេ. ២៧:១-៣, ១៤) គោលជំហរនេះមិនបានធ្វើឲ្យបណ្ដាជនពេញចិត្តឡើយ ហើយតួនាទីរបស់យេរេមាជាអ្នកនាំពាក្យដោយមានដំណឹងដែលមនុស្សមិនចូលចិត្តស្ដាប់បានត្រូវហាណានាធ្វើឲ្យពិបាកបំពេញ។ ហាណានាជាអ្នកប្រកាសទំនាយមិនពិតបានអះអាងជាសាធារណៈដោយនូវនាមរបស់ព្រះថានឹមរបស់បាប៊ីឡូននឹងត្រូវបំបាក់។ ប៉ុន្តែ ព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈយេរេមាថា ហាណានាដែលជាជនបោកប្រាស់នឹងស្លាប់ក្នុងឆ្នាំនោះ។ នោះបានកើតឡើងមែន។—យេ. ២៨:១-៣, ១៦, ១៧
jr-E ទំ. ១៨៧-១៨៨ វ. ១១-១២
«ខ្ញុំនៅស្ងៀមមិនបានទេ»
១១ យើងគួរចាំជានិច្ចថាយេរេមាមិនមែនជាអ្នកដែលមានចិត្តខ្នះខ្នែងហួសហេតុពេកឡើយ។ គាត់ចេះវិនិច្ឆ័យត្រឹមត្រូវ ពេលប្រឈមមុខនឹងសត្រូវរបស់គាត់។ គាត់បានដឹងថា ពេលណាគួរដកខ្លួនចេញ។ ជាឧទាហរណ៍ សូមគិតអំពីបទពិសោធន៍របស់គាត់ជាមួយនឹងហាណានា។ ក្រោយពីហាណានាជាអ្នកប្រកាសទំនាយមិនពិតនោះបាននិយាយជាសាធារណៈផ្ទុយពីទំនាយរបស់ព្រះយេហូវ៉ា យេរេមាបានកែតម្រង់គាត់ ហើយបានពន្យល់ពួកសង្ឃនិងបណ្ដាជនអំពីរបៀបសម្គាល់អ្នកប្រកាសទំនាយពិត។ នៅពេលនោះ យេរេមាបានពាក់នឹមឈើដែលមានន័យថាជាការចុះចូលក្រោមអំណាចរបស់បាប៊ីឡូន ហាណានាខឹងខ្លាំងពេក ក៏បំបាក់នឹមនោះទៅ។ គ្មានអ្នកណាអាចដឹងថាហាណានានឹងធ្វើអ្វីទៀតនោះទេ។ ដូច្នេះ តើយេរេមាបានធ្វើអ្វី? គម្ពីរចែងថា៖ «ហោរាយេរេមាក៏ចេញទៅបាត់»។ ពិតមែន យេរេមាបានចាកចេញពីទីនោះ។ ក្រោយមក ដោយមានការណែនាំពីព្រះយេហូវ៉ា គាត់បានត្រឡប់ទៅវិញ ហើយបានប្រាប់អំពីអ្វីដែលព្រះនឹងធ្វើឲ្យកើតឡើង ពោលគឺស្តេចបាប៊ីឡូននឹងចាប់យកជនជាតិយូដាជាទាសករ ហើយហាណានានឹងត្រូវស្លាប់។—យេ. ២៨:១-១៧
១២ យោងទៅតាមកំណត់ហេតុនេះ យើងឃើញច្បាស់ថា ពេលផ្សព្វផ្សាយ យើងគួរបង្ហាញចិត្តអង់អាចផង ហើយចេះវិនិច្ឆ័យត្រឹមត្រូវផង។ បើម្ចាស់ផ្ទះបដិសេធរបៀបដែលយើងវែកញែកហេតុផលពីបទគម្ពីរ ហើយខឹង ថែមទាំងគំរាមកំហែងយើង យើងអាចសុំលាគាត់ដោយបង្ហាញការគោរព រួចចេញទៅផ្ទះមួយទៀត។ យើងមិនចាំបាច់ឈ្លោះប្រកែកជាមួយនឹងអ្នកណាម្នាក់ស្តីអំពីដំណឹងល្អនៃរាជាណាចក្រព្រះទេ។ ដោយ«ចេះទប់ចិត្តពេលដែលរងការអាក្រក់» នោះយើងនឹងមានឱកាសដើម្បីជួយម្ចាស់ផ្ទះនៅពេលដែលល្អជាង។—សូមអាន ធីម៉ូថេទី២ ២:២៣-២៥; សុភ. ១៧:១៤
ថ្ងៃទី២៤-៣០ ខែមេសា
it-1-E ទំ. ៥២៤ វ. ៣-៤
កិច្ចព្រមព្រៀង
កិច្ចព្រមព្រៀងថ្មី។ ព្រះយេហូវ៉ាបានប្រកាសទុកជាមុនអំពីកិច្ចព្រមព្រៀងថ្មីតាមរយៈអ្នកប្រកាសទំនាយយេរេមានៅសតវត្សរ៍ទី៧ មុនគ.ស. ដោយមានប្រសាសន៍ថា កិច្ចព្រមព្រៀងនេះនឹងមិនដូចកិច្ចព្រមព្រៀងខាងច្បាប់ដែលអ៊ីស្រាអែលបានផ្ដាច់នោះឡើយ។ (យេ. ៣១:៣១-៣៤) នៅយប់មុនលោកទទួលមរណភាព គឺយប់ទី១៤ ខែណែសាន ឆ្នាំ៣៣ គ.ស. ពេលលោកយេស៊ូគ្រិស្តចាប់ផ្ដើមពិធីអាហារល្ងាចរបស់លោកម្ចាស់ នោះលោកបានប្រកាសអំពីកិច្ចព្រមព្រៀងថ្មី ដែលនឹងមានសុពលភាពដោយសារគ្រឿងបូជារបស់លោក។ (លូក. ២២:២០) នៅបុណ្យថ្ងៃទី៥០ចាប់តាំងពីលោកបានត្រូវព្រះប្រោសឲ្យរស់ឡើងវិញនិង១០ថ្ងៃក្រោយពីលោកបានឡើងទៅឯបិតារបស់លោក នោះលោកបានចាក់សកម្មពលបរិសុទ្ធដែលលោកបានទទួលពីព្រះយេហូវ៉ា ទៅលើអ្នកកាន់តាមលោកដែលបានជួបជុំគ្នានៅបន្ទប់ខាងលើនាក្រុងយេរូសាឡិម។—សកម្ម. ២:១-៤, ១៧, ៣៣; ២កូ. ៣:៦, ៨, ៩; ហេ. ២:៣, ៤
ភាគីនៃកិច្ចព្រមព្រៀងថ្មី ម្ខាងគឺព្រះយេហូវ៉ា ហើយម្ខាងទៀតគឺ«អ៊ីស្រាអែលនៃព្រះ» ជាអ្នកដែលបានត្រូវបង្កើតដោយសកម្មពល ដែលកាន់តាមគ្រិស្ត ហើយដែលរួមគ្នាជាក្រុមជំនុំឬរូបកាយរបស់លោក។ (ហេ. ៨:១០; ១២:២២-២៤; កាឡ. ៦:១៥, ១៦; ៣:២៦-២៨; រ៉ូម ២:២៨, ២៩) កិច្ចព្រមព្រៀងថ្មីមានសុពលភាពដោយសារឈាម (គ្រឿងបូជានៃជីវិតរបស់លោក ពេលជាមនុស្ស) របស់លោកយេស៊ូគ្រិស្ត ហើយលោកបានជូនតម្លៃនៃគ្រឿងបូជានោះទៅព្រះយេហូវ៉ា ពេលលោកឡើងទៅស្ថានសួគ៌។ (ម៉ាថ. ២៦:២៨) ពេលព្រះជ្រើសរើសបុគ្គលម្នាក់ ដើម្បីហៅឲ្យឡើងទៅស្ថានសួគ៌ (ហេ. ៣:១) លោកបានធ្វើឲ្យបុគ្គលនោះទៅជាភាគីនៃកិច្ចព្រមព្រៀងរបស់លោកដែលមានមូលដ្ឋានលើគ្រឿងបូជារបស់គ្រិស្ត។ (ទំនុក. ៥០:៥; ហេ. ៩:១៤, ១៥, ២៦) លោកយេស៊ូគ្រិស្តគឺជាអ្នកសម្រុះសម្រួលនៃកិច្ចព្រមព្រៀងថ្មី (ហេ. ៨:៦; ៩:១៥) ហើយជាពូជសំខាន់បំផុតរបស់អាប្រាហាំ។ (កាឡ. ៣:១៦) តាមរយៈការសម្រុះសម្រួលរបស់លោកយេស៊ូ នោះលោកបានជួយពួកអ្នកដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីឲ្យក្លាយទៅជាផ្នែកនៃពូជពិតប្រាកដរបស់អាប្រាហាំ (ហេ. ២:១៦; កាឡ. ៣:២៩) ហើយដោយសារព្រះយេហូវ៉ាអភ័យទោសចំពោះការខុសឆ្គងរបស់ពួកគាត់ នោះលោកប្រកាសថាពួកគាត់ជាមនុស្សសុចរិត។—រ៉ូម ៥:១, ២; ៨:៣៣; ហេ. ១០:១៦, ១៧
jr-E ទំ. ១៧៣-១៧៤ វ. ១១-១២
អ្នកអាចទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងថ្មី
១១ តើអ្នកចង់ដឹងអំពីលក្ខណៈផ្សេងៗឯទៀតនៃកិច្ចព្រមព្រៀងថ្មីឬទេ? ភាពខុសគ្នាដ៏ចម្បងមួយរវាងកិច្ចព្រមព្រៀងនេះនិងកិច្ចព្រមព្រៀងខាងច្បាប់ម៉ូសេ គឺអ្វីដែលកិច្ចព្រមព្រៀងទាំងពីរនោះសរសេរលើ។ (សូមអាន យេរេមា ៣១:៣៣) បញ្ញត្ដិទាំង១០ប្រការនៃកិច្ចព្រមព្រៀងខាងច្បាប់បានត្រូវសរសេរនៅលើបន្ទះថ្ម ដែលនៅទីបំផុតបានបាត់សូន្យទៅ។ ផ្ទុយទៅវិញ យេរេមាបានប្រកាសថាច្បាប់នៅក្នុងកិច្ចព្រមព្រៀងថ្មីនឹងត្រូវសរសេរនៅលើចិត្តរបស់មនុស្ស ហើយនឹងស្ថិតស្ថេរ។ គ្រិស្តសាសនិកដែលព្រះបានរើសតាំងដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីពិតជាចាត់ទុកច្បាប់នេះថាសំខាន់ខ្លាំងណាស់។ ចុះយ៉ាងណា«ចៀមឯទៀត»ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងថ្មីនោះ ហើយដែលមានសេចក្ដីសង្ឃឹមរស់ជារៀងរហូតនៅផែនដី? (យ៉ូន. ១០:១៦) អ្នកទាំងនេះក៏ពេញចិត្តយ៉ាងខ្លាំងនឹងច្បាប់របស់ព្រះដែរ។ ក្នុងន័យម្យ៉ាង ពួកគេដូចជាជនបរទេសដែលស្នាក់នៅស្រុកអ៊ីស្រាអែល ដែលបានទទួលយកច្បាប់ម៉ូសេ ហើយបានទទួលប្រយោជន៍ពីច្បាប់នោះ។—លេវី. ២៤:២២; ជន. ១៥:១៥
១២ តើអ្នកនឹងឆ្លើយយ៉ាងណា បើគេសួរអ្នកថា ‹តើច្បាប់នេះដែលបានចារនៅក្នុងចិត្តនៃគ្រិស្តសាសនិកដែលព្រះបានរើសតាំង គឺជាច្បាប់អ្វី?›។ ច្បាប់នេះក៏បានត្រូវហៅថាជា«ច្បាប់គ្រិស្ត»ដែរ។ មុនបង្អស់ អ៊ីស្រាអែលនៃព្រះ ដែលជាភាគីនៃកិច្ចព្រមព្រៀងថ្មីបានទទួលច្បាប់នេះ។ (កាឡ. ៦:២; រ៉ូម ២:២៨, ២៩) អ្នកអាចសង្ខេប«ច្បាប់គ្រិស្ត»ជាពាក្យថាសេចក្ដីស្រឡាញ់។ (ម៉ាថ. ២២:៣៦-៣៩) តើតាមរបៀបណាពួកអ្នកដែលព្រះបានរើសតាំង បានឲ្យច្បាប់នេះសរសេរទុកនៅក្នុងចិត្តរបស់ពួកគាត់? របៀបសំខាន់បំផុត គឺដោយសិក្សាបណ្ដាំរបស់ព្រះនិងដោយចូលទៅជិតព្រះយេហូវ៉ាតាមរយៈការអធិដ្ឋាន។ ម្យ៉ាងទៀត សកម្មភាពទាំងនេះនៃការគោរពប្រណិប័តន៍ពិតគឺជាអ្វីដែលគ្រិស្តសាសនិកពិតទាំងអស់គួរធ្វើជាទៀងទាត់ក្នុងជីវិត សូម្បីតែពួកអ្នកដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងថ្មីក៏ដោយ ក៏ចង់ទទួលប្រយោជន៍ពីការគោរពប្រណិប័តន៍ពិតដែរ។
jr-E ទំ. ១៧៧ វ. ១៨
អ្នកអាចទទួលប្រយោជន៍ពីកិច្ចព្រមព្រៀងថ្មី
១៨ ហេតុនេះ កិច្ចព្រមព្រៀងថ្មីបានបញ្ជាក់អំពីរបៀបដ៏អស្ចារ្យដែលព្រះយេហូវ៉ាប្រព្រឹត្តចំពោះមនុស្សដែលមានភាពខុសឆ្គង ទាំងពួកអ្នកដែលបានត្រូវរើសតាំងជាភាគីនៃកិច្ចព្រមព្រៀងនោះ ទាំងពួកអ្នកដែលមានសេចក្ដីសង្ឃឹមរស់នៅផែនដី។ អ្នកអាចប្រាកដថា កាលណាព្រះយេហូវ៉ាបានអភ័យទោសចំពោះអំពើខុសឆ្គងរបស់អ្នកហើយ នោះលោកមិនលើកមកនិយាយម្ដងទៀតឡើយ។ ដូច្នេះ សេចក្ដីសន្យារបស់ព្រះអំពីកិច្ចព្រមព្រៀងថ្មីផ្ដល់មេរៀនមួយឲ្យយើងម្នាក់ៗ។ សូមសួរខ្លួនថា ‹តើខ្ញុំខំប្រឹងយកតម្រាប់ព្រះយេហូវ៉ាដោយមិននិយាយអំពីកំហុសរបស់អ្នកឯទៀតដែលខ្ញុំបានប្រាប់ថាខ្ញុំបានអភ័យទោសរួចហើយឬទេ?›។ (ម៉ាថ. ៦:១៤, ១៥) នេះជាប់ទាក់ទងនឹងកំហុសតូចតាចនិងកំហុសធ្ងន់ធ្ងរដូចជាអំពើផិតក្បត់ជាដើម។ បើគ្រិស្តសាសនិកដែលមិនបានធ្វើខុស យល់ព្រមអភ័យទោសឲ្យគូរបស់គាត់ដែលផិតក្បត់តែបានប្រែចិត្ត គាត់មិនត្រូវរំលឹកអំពីអំពើខុសឆ្គងនោះទៀតឡើយ។ ពិតមែនហើយ ការបំភ្លេចកំហុសដែលគេបានធ្វើមកលើយើងប្រហែលជាមិនស្រួលធ្វើទេ ប៉ុន្តែនេះជារបៀបមួយដែលយើងអាចយកតម្រាប់ព្រះយេហូវ៉ា។
g-E ១២/៦ ទំ. ១៤ វ. ១-២
គម្ពីរគឺជាសៀវភៅដែលមានទំនាយត្រឹមត្រូវ ភាគទី២
ទំនាយដែលបានសម្រេច: ក្រោយពីបានត្រូវនិរទេសអស់៧០ឆ្នាំ ពីឆ្នាំ៦០៧ដល់ឆ្នាំ៥៣៧ មុនគ.ស. ស្តេចស៊ីរូសនៃស្រុកពើស៊ីបានដោះលែងជនជាតិយូដាដែលជាឈ្លើយសឹក ហើយបានអនុញ្ញាតឲ្យពួកគេត្រឡប់មកស្រុកកំណើតវិញ ដើម្បីសង់វិហារក្នុងក្រុងយេរូសាឡិមឡើងវិញ។—អែស. ១:២-៤
អ្វីដែលប្រវត្ដិសាស្ត្របង្ហាញ:
● តើជនជាតិអ៊ីស្រាអែលបានជាប់ជាឈ្លើយសឹកនៅក្រុងបាប៊ីឡូនអស់៧០ឆ្នាំដូចគម្ពីរបានទាយទុកឬទេ? សូមកត់សម្គាល់យោបល់របស់លោកអេប្រាអ៊ីម ស្ទើនដែលជាបុរាណវត្ថុវិទូជនជាតិអ៊ីស្រាអែលដ៏ល្បីល្បាញម្នាក់។ «ពីឆ្នាំ៦០៤ មុនគ.ស.ដល់ឆ្នាំ៥៣៨ មុនគ.ស. គ្មានទីសំអាងណាមួយដែលបញ្ជាក់ថាមានបណ្ដាជនរស់នៅឡើយ។ ក្នុងអំឡុងពេលនោះ គ្មានក្រុងណាមួយដែលជនជាតិបាប៊ីឡូនបានបំផ្លាញ មានបណ្ដាជនមករស់នៅវិញឡើយ»។ អ្វីដែលគេអះអាងថាជារយៈកាលចន្លោះដែលគ្មានបណ្ដាជនមករស់នៅវិញនៅតំបន់ដែលជនជាតិបាប៊ីឡូនបានវាយយក គឺស៊ីគ្នាយ៉ាងខ្លាំងនឹងរយៈកាលដែលជនជាតិអ៊ីស្រាអែលបានត្រូវនិរទេសទៅក្រុងបាប៊ីឡូនពីឆ្នាំ៦០៧ដល់ឆ្នាំ៥៣៧ មុនគ.ស.។—២រប. ៣៦:២០, ២១