‹តើអ្នកណានៅខាងព្រះយេហូវ៉ា?›
«ត្រូវឲ្យកោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយគោរពប្រតិបត្ដិដល់ទ្រង់ព្រមទាំងនៅជាប់នឹងទ្រង់»។—ចោទិយកថា ១០:២០
១, ២. (ក) ហេតុអ្វីការនៅខាងព្រះយេហូវ៉ាគឺឈ្លាសវៃ? (ខ) តើយើងនឹងពិចារណាអ្វីក្នុងអត្ថបទនេះ?
ការរក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ាគឺជាការឈ្លាសវៃ។ គ្មានអ្នកណាម្នាក់មានប្រាជ្ញា សេចក្ដីស្រឡាញ់ និងឫទ្ធានុភាពខ្លាំងជាងលោកឡើយ! យើងច្បាស់ជាចង់នៅខាងលោកនិងមានភក្ដីភាពចំពោះលោកជានិច្ច។ (ទំនុកតម្កើង ៩៦:៤-៦) ប៉ុន្តែ អ្នកខ្លះដែលគោរពប្រណិប័តន៍លោកមិនបានធ្វើដូច្នេះទេ។
២ ក្នុងអត្ថបទនេះយើងនឹងពិចារណាអំពីគំរូរបស់បុគ្គលមួយចំនួនដែលបានអះអាងថាពួកគេនៅខាងព្រះយេហូវ៉ា តែនៅពេលដំណាលគ្នាពួកគេបានធ្វើអ្វីដែលព្រះយេហូវ៉ាស្អប់។ មេរៀនដ៏សំខាន់ដែលយើងរៀនពីពួកគេអាចជួយយើងឲ្យរក្សាភក្ដីភាពចំពោះព្រះយេហូវ៉ា។
ព្រះយេហូវ៉ាពិនិត្យមើលចិត្តរបស់យើង
៣. ហេតុអ្វីព្រះយេហូវ៉ាព្យាយាមជួយកាអ៊ីន ហើយតើលោកបានប្រាប់អ្វីដល់គាត់?
៣ សូមគិតអំពីកាអ៊ីន។ គាត់មិនបានគោរពបូជាព្រះមិនពិតទេ តែព្រះយេហូវ៉ានៅតែមិនព្រមទទួលការគោរពប្រណិប័តន៍ពីគាត់។ ហេតុអ្វី? ព្រះយេហូវ៉ាបានឃើញថាកាអ៊ីនមានទំនោរចិត្តចង់ធ្វើអាក្រក់។ (យ៉ូហានទី១ ៣:១២) ព្រះយេហូវ៉ាបានប្រាប់កាអ៊ីនថា៖ «បើឯងធ្វើល្អ តើមិនបានទឹកមុខរីករាយវិញទេឬអី?»។ (លោកុប្បត្តិ ៤:៦, ៧) ព្រះយេហូវ៉ាបានបញ្ជាក់យ៉ាងច្បាស់ថាបើកាអ៊ីនប្រែចិត្ត ហើយសម្រេចចិត្តនៅខាងលោក លោកនឹងគាំទ្រគាត់។
៤. តើកាអ៊ីនបានធ្វើអ្វីពេលគាត់មានឱកាសនៅខាងព្រះយេហូវ៉ា?
៤ បើកាអ៊ីនកែប្រែគំនិតរបស់គាត់ ព្រះយេហូវ៉ានឹងព្រមទទួលការគោរពប្រណិប័តន៍ពីគាត់ម្ដងទៀត។ ប៉ុន្តែ កាអ៊ីនមិនបានធ្វើតាមការណែនាំពីព្រះទេ ហើយរបៀបគិតគូរនិងសេចក្ដីប៉ងប្រាថ្នាដែលគិតតែប្រយោជន៍ផ្ទាល់ខ្លួនបាននាំឲ្យគាត់ប្រព្រឹត្តអំពើខុសឆ្គង។ (យ៉ាកុប ១:១៤, ១៥) ពេលកាអ៊ីននៅវ័យក្មេង គាត់ប្រហែលជាមិនដែលនឹកស្មានថាគាត់នឹងប្រឆាំងព្រះយេហូវ៉ាទេ។ ប៉ុន្តែពេលគាត់ធំឡើង គាត់មិនបានអើពើនឹងការព្រមានរបស់ព្រះ គាត់បានបះបោរប្រឆាំងនឹងលោក ហើយបានសម្លាប់ប្អូនរបស់គាត់!
៥. តើរបៀបគិតគូរបែបណាអាចនាំឲ្យយើងបាត់បង់ការពេញចិត្តពីព្រះយេហូវ៉ា?
៥ ដូចកាអ៊ីន នៅសព្វថ្ងៃនេះប្រហែលជាគ្រិស្តសាសនិកណាម្នាក់អះអាងថាគាត់ជាអ្នកគោរពប្រណិប័តន៍ព្រះយេហូវ៉ា តែតាមពិតគាត់ធ្វើអ្វីដែលព្រះយេហូវ៉ាស្អប់។ (យូដាស ១១) គាត់ប្រហែលជាជាប់រវល់ក្នុងកិច្ចបម្រើផ្សាយ និងទៅកិច្ចប្រជុំជាទៀងទាត់។ ប៉ុន្តែនៅពេលដំណាលគ្នា គាត់ប្រហែលជាអនុញ្ញាតឲ្យការស្អប់ចំពោះអ្នកណាម្នាក់ ចិត្តគំនិតលោភលន់ ឬការស្រមើស្រមៃអំពីអំពើប្រាសចាកសីលធម៌គ្រប់គ្រងគំនិតរបស់គាត់។ (យ៉ូហានទី១ ២:១៥-១៧; ៣:១៥) របៀបគិតគូរបែបនេះអាចនាំឲ្យប្រព្រឹត្តអំពើខុសឆ្គង។ អ្នកឯទៀតប្រហែលជាមិនដឹងអំពីគំនិតឬការប្រព្រឹត្តរបស់យើងទេ ប៉ុន្តែព្រះយេហូវ៉ាដឹង។ លោកដឹង នៅពេលដែលយើងមិននៅខាងលោកទាំងស្រុង។—សូមអាន យេរេមា ១៧:៩, ១០
៦. តើព្រះយេហូវ៉ាជួយយើងយ៉ាងណាឲ្យយកឈ្នះសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង?
៦ ទោះជាយើងធ្វើខុសក៏ដោយ ព្រះយេហូវ៉ាមិនឆាប់បោះបង់ចោលយើងទេ។ បើយើងចាប់ផ្ដើមដើរតាមផ្លូវខុស ព្រះយេហូវ៉ាអញ្ជើញយើងឲ្យវិលមកឯលោកវិញ ដោយមានប្រសាសន៍ថា៖ «ចូរវិលមកឯអញវិញចុះ នោះអញនឹងត្រឡប់មកឯឯងដែរ»។ (ម៉ាឡាគី ៣:៧) ព្រះយេហូវ៉ាយល់ថាយើងមានភាពទន់ខ្សោយដែលយើងកំពុងតយុទ្ធប្រឆាំង។ ប៉ុន្តែលោកចង់ឲ្យយើងកាន់ជំហរមាំមួន ហើយស្អប់អ្វីដែលអាក្រក់។ (អេសាយ ៥៥:៧) បើយើងធ្វើអ្វីទាំងនេះ លោកសន្យាថាលោកនឹងជួយយើង ហើយលោកនឹងផ្ដល់កម្លាំងដែលយើងត្រូវការដើម្បីយកឈ្នះសេចក្ដីប៉ងប្រាថ្នាខុសឆ្គងរបស់យើង។—លោកុប្បត្តិ ៤:៧
«កុំឲ្យអ្នកណាបំភាន់អ្នកឡើយ»
៧. តើសាឡូម៉ូនបានបាត់បង់ចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ាយ៉ាងដូចម្ដេច?
៧ ពេលសាឡូម៉ូននៅវ័យក្មេង គាត់មានចំណងមិត្តភាពជិតស្និទ្ធជាមួយនឹងព្រះយេហូវ៉ា។ ព្រះបានឲ្យប្រាជ្ញាដល់សាឡូម៉ូន ហើយបានប្រគល់ភារកិច្ចដ៏សំខាន់ឲ្យគាត់គឺកិច្ចការសង់វិហារដ៏សែនស្អាតរបស់លោកនៅក្រុងយេរូសាឡិម។ ប៉ុន្តែសាឡូម៉ូនបានបាត់បង់ចំណងមិត្តភាពរបស់គាត់ជាមួយនឹងព្រះយេហូវ៉ា។ (ពង្សាវតារក្សត្រទី១ ៣:១២; ១១:១, ២) ច្បាប់របស់ព្រះបានចែងថាស្តេចមិនគួរយក‹ភរិយាជាច្រើន ដើម្បីកុំឲ្យមានចិត្តងាកបែរចេញទៅឡើយ›។ (ចោទិយកថា ១៧:១៧) សាឡូម៉ូនបានបំពានច្បាប់នោះ។ នៅទីបំផុត គាត់មានភរិយា៧០០នាក់និងប្រពន្ធចុង៣០០នាក់! (ពង្សាវតារក្សត្រទី១ ១១:៣) ស្ត្រីទាំងនោះភាគច្រើនជាអ្នកគោរពបូជាព្រះមិនពិត។ ដូច្នេះ សាឡូម៉ូនក៏បានបំពានច្បាប់របស់ព្រះដែលមិនឲ្យរៀបការជាមួយនឹងស្ត្រីជនជាតិដទៃ។—ចោទិយកថា ៧:៣, ៤
៨. តើតាមរបៀបណាសាឡូម៉ូនបានធ្វើឲ្យព្រះយេហូវ៉ាឈឺចិត្ត?
៨ បន្ដិចម្ដងៗ សាឡូម៉ូនបានបាត់បង់សេចក្ដីស្រឡាញ់ដែលគាត់មានចំពោះច្បាប់របស់ព្រះយេហូវ៉ា។ នៅទីបំផុត គាត់បានធ្វើអ្វីដ៏អាក្រក់ក្រៃលែង។ គាត់បានសង់ទីបូជាសម្រាប់ព្រះអាសថារ៉ូតនិងព្រះកេម៉ូសដែលជាព្រះមិនពិត រួចមកគាត់បានគោរពបូជាព្រះមិនពិតទាំងនេះជាមួយនឹងប្រពន្ធរបស់គាត់។ សាឡូម៉ូនថែមទាំងបានសង់ទីបូជាទាំងនេះ នៅលើភ្នំមួយខាងមុខក្រុងយេរូសាឡិមជាក្រុងដែលគាត់បានសង់វិហាររបស់ព្រះយេហូវ៉ា! (ពង្សាវតារក្សត្រទី១ ១១:៥-៨; ពង្សាវតារក្សត្រទី២ ២៣:១៣) ប្រហែលជាសាឡូម៉ូនបានបញ្ឆោតខ្លួនដោយគិតថាព្រះយេហូវ៉ានឹងព្រងើយកន្តើយចំពោះការប្រព្រឹត្តអាក្រក់ទាំងអស់របស់គាត់ ដរាបណាដែលគាត់បន្តជូនគ្រឿងបូជានៅវិហាររបស់លោក។
៩. តើអ្វីបានកើតឡើងពេលសាឡូម៉ូនមិនបានស្ដាប់តាមការព្រមានពីព្រះ?
៩ ប៉ុន្តែព្រះយេហូវ៉ាមិនដែលព្រងើយកន្តើយចំពោះអំពើខុសឆ្គងឡើយ។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាទ្រង់កើតមានសេចក្ដីខ្ញាល់ចំពោះសាឡូម៉ូន ដោយព្រោះព្រះទ័យទ្រង់បានបែរចេញពីព្រះយេហូវ៉ា»។ ព្រះបានព្យាយាមជួយសាឡូម៉ូន។ ព្រះយេហូវ៉ា«បានលេចមកឲ្យទ្រង់ឃើញ២ដងហើយ ក៏បានបង្គាប់ដល់ទ្រង់ពីដំណើរនេះដែរថា មិនត្រូវឲ្យទ្រង់ប្រតិបត្ដិតាមព្រះដទៃឡើយ តែទ្រង់មិនបានរក្សាសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកនោះទេ»។ ជាលទ្ធផល គាត់បានបាត់បង់ការគាំទ្រនិងការពេញចិត្តពីព្រះ។ ព្រះយេហូវ៉ាមិនបានអនុញ្ញាតឲ្យកូនចៅរបស់សាឡូម៉ូនគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែលទាំងមូលទេ ហើយពួកគេមានបញ្ហាធ្ងន់ធ្ងរអស់រាប់រយឆ្នាំ។—ពង្សាវតារក្សត្រទី១ ១១:៩-១៣
១០. តើអ្វីអាចបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា?
១០ បើយើងជ្រើសរើសមិត្តភក្ដិដែលមិនគោរពឬមិនយល់អំពីខ្នាតតម្រារបស់ព្រះ ពួកគេអាចមានឥទ្ធិពលលើរបៀបគិតគូររបស់យើង ហើយបង្ខូចចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះយេហូវ៉ា។ ប្រហែលជាអ្នកនោះជាសមាជិកក្រុមជំនុំ ប៉ុន្តែពួកគេមិនមានចំណងមិត្តភាពរឹងមាំជាមួយនឹងព្រះយេហូវ៉ាទេ។ ឬពួកគេអាចជាសាច់ញាតិ អ្នកជិតខាង អ្នករួមការងារ ឬសិស្សរួមថ្នាក់ដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ បើមនុស្សដែលយើងសេពគប់មិនធ្វើតាមខ្នាតតម្រារបស់ព្រះយេហូវ៉ា ពួកគេអាចជះឥទ្ធិពលលើយើងយ៉ាងខ្លាំងរហូតដល់យើងអាចបាត់បង់ចំណងមិត្តភាពរបស់យើងជាមួយនឹងព្រះ។
១១. តើអ្វីអាចជួយយើងឲ្យជ្រើសរើសមិត្តភក្ដិ?
១១ សូមអាន កូរិនថូសទី១ ១៥:៣៣។ មនុស្សភាគច្រើនមានគុណសម្បត្ដិខ្លះៗ ហើយពួកអ្នកដែលមិនគោរពប្រណិប័តន៍ព្រះយេហូវ៉ា ប្រហែលជាមិនតែងតែធ្វើអ្វីដែលអាក្រក់ទេ។ អ្នកប្រហែលជាស្គាល់បុគ្គលមួយចំនួនបែបនេះ។ តើនេះមានន័យថាការសេពគប់ជាមួយនឹងពួកគេគឺជាការល្អឬ? តើពួកគេមានឥទ្ធិពលយ៉ាងណាទៅលើចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា? តើពួកគេជួយអ្នកឲ្យចូលកាន់តែជិតព្រះឬទេ? តើអ្វីពិតជាសំខាន់ចំពោះបុគ្គលទាំងនោះ? តើពួកគេនិយាយអំពីអ្វីខ្លះ? តើពួកគេច្រើនតែនិយាយអំពីម៉ូដសម្លៀកបំពាក់ទាន់សម័យ លុយ គ្រឿងអេឡិចត្រូនិក និងការកម្សាន្តជាដើមឬទេ? តើពួកគេច្រើនតែរិះគន់អ្នកឯទៀតឬ? តើពួកគេចូលចិត្តនិយាយកំប្លែងអាសអាភាសឬទេ? លោកយេស៊ូបានមានប្រសាសន៍ថា៖ «មាត់តែងនិយាយអ្វីដែលមានពោរពេញនៅក្នុងចិត្ត»។ (ម៉ាថាយ ១២:៣៤) បើអ្នកដឹងថាមនុស្សដែលអ្នកសេពគប់កំពុងបង្ខូចចំណងមិត្តភាពរបស់អ្នកជាមួយនឹងព្រះយេហូវ៉ា សូមចាត់វិធានការ! សូមដាក់កម្រិតទៅលើពេលវេលាដែលអ្នកចំណាយជាមួយនឹងពួកគេ ហើយបើចាំបាច់ឈប់ធ្វើជាមិត្តរបស់ពួកគេ។—សុភាសិត ១៣:២០
ព្រះយេហូវ៉ាតម្រូវឲ្យយើងមានភក្ដីភាពចំពោះលោក
១២. (ក) តើព្រះយេហូវ៉ាបានប្រាប់អ្វីដល់ជនជាតិអ៊ីស្រាអែលមិនយូរក្រោយពីពួកគេបានចាកចេញពីស្រុកអេស៊ីប? (ខ) តើជនជាតិអ៊ីស្រាអែលបាននិយាយយ៉ាងណាពេលព្រះបានប្រាប់ពួកគេថាលោកតម្រូវឲ្យពួកគេបង្ហាញភក្ដីភាពចំពោះលោក?
១២ យើងក៏អាចរៀនពីអ្វីដែលបានកើតឡើងបន្ទាប់ពីព្រះយេហូវ៉ាបានរំដោះជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប។ កាលដែលបណ្ដាជនជួបជុំគ្នានៅខាងមុខភ្នំស៊ីណាយ ព្រះយេហូវ៉ាបានលេចមកតាមរបៀបដ៏អស្ចារ្យ! ពួកគេបានឃើញពពកខ្មៅ ផ្លេកបន្ទោរ និងផ្សែង ហើយពួកគេបានឮសំឡេងផ្គរលាន់និងសំឡេងឮលាន់យ៉ាងខ្លាំងដូចសំឡេងផ្លុំត្រែដែលធ្វើពីស្នែង។ (និក្ខមនំ ១៩:១៦-១៩) បន្ទាប់មក ពួកគេបានឮព្រះយេហូវ៉ាប្រកាសថាលោកជា‹ព្រះដែលមានសេចក្ដីប្រច័ណ្ឌ› ឬលោកតម្រូវឲ្យពួកគេបង្ហាញភក្ដីភាពផ្ដាច់មុខចំពោះលោក។ លោកបានសន្យាថាលោកនឹងស្មោះត្រង់ចំពោះពួកអ្នកដែលស្រឡាញ់លោកនិងធ្វើតាមបញ្ញត្ដិរបស់លោក។ (សូមអាន និក្ខមនំ ២០:១-៦) ព្រះយេហូវ៉ាចង់ឲ្យជនជាតិអ៊ីស្រាអែលដឹងថាបើពួកគេនៅខាងលោក លោកនឹងគាំទ្រពួកគេ។ បើអ្នកនៅទីនោះ តើអ្នកមានអារម្មណ៍យ៉ាងណាពេលអ្នកឮព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះ? អ្នកទំនងជាឆ្លើយដូចជនជាតិអ៊ីស្រាអែលទាំងនោះ ដែលនិយាយថា៖ «យើងខ្ញុំរាល់គ្នានឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានបន្ទូលមក»។ (និក្ខមនំ ២៤:៣) ប៉ុន្តែ មិនយូរក្រោយមកមានអ្វីមួយបានកើតឡើងដែលសាកល្បងភក្ដីភាពរបស់ជនជាតិអ៊ីស្រាអែលចំពោះព្រះ។ តើនោះជាអ្វី?
១៣. តើអ្វីបានសាកល្បងភក្ដីភាពរបស់ជនជាតិអ៊ីស្រាអែល?
១៣ ជនជាតិអ៊ីស្រាអែលភ័យខ្លាចពេលពួកគេឃើញឫទ្ធានុភាពដ៏អស្ចារ្យរបស់ព្រះ ហេតុនេះម៉ូសេបានឡើងភ្នំស៊ីណាយ ហើយនិយាយជាមួយនឹងព្រះយេហូវ៉ាជំនួសពួកគេ។ (និក្ខមនំ ២០:១៨-២១) ប៉ុន្តែម៉ូសេមិនបានចុះមកជំរំរបស់ជនជាតិអ៊ីស្រាអែលវិញភ្លាមៗទេ។ មើលទៅដូចជាពួកគេបានត្រូវទុកចោលនៅតំបន់ស្ងាត់ជ្រងំដោយគ្មានអ្នកដឹកនាំ។ តើពួកគេនឹងធ្វើអ្វី? ប្រហែលជាជនជាតិអ៊ីស្រាអែលបានពឹងផ្អែកខ្លាំងពេកទៅលើម៉ូសេដែលជាអ្នកដឹកនាំជាមនុស្ស។ ពួកគេបានខ្វល់ខ្វាយ ហើយប្រាប់អេរ៉ុនថា៖ «សូមលោកធ្វើព្រះសំរាប់យើងរាល់គ្នាឲ្យបាននាំមុខយើងផង ដ្បិតឯម៉ូសេ ជាអ្នកដែលនាំយើងចេញពីស្រុកអេស៊ីព្ទមកនោះ យើងរាល់គ្នាមិនដឹងជាលោកមានគ្រោះថ្នាក់អ្វីទេ»។—និក្ខមនំ ៣២:១, ២
១៤. តើជនជាតិអ៊ីស្រាអែលបានបញ្ឆោតខ្លួនយ៉ាងដូចម្ដេច ហើយតើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា?
១៤ ជនជាតិអ៊ីស្រាអែលដឹងថាការគោរពបូជារូបព្រះគឺខុស។ (និក្ខមនំ ២០:៣-៥) ប៉ុន្តែមិនយូរក្រោយពីម៉ូសេបានឡើងភ្នំ ពួកគេបានចាប់ផ្ដើមគោរពបូជារូបកូនគោមាស! ទោះជាពួកគេបានធ្វើខុសពីបង្គាប់របស់ព្រះយេហូវ៉ាក៏ដោយ ពួកគេបានបញ្ឆោតខ្លួនដោយគិតថាពួកគេនៅតែនៅខាងព្រះយេហូវ៉ា។ អេរ៉ុនថែមទាំងបានហៅការគោរពបូជាកូនគោនោះថា«បុណ្យថ្វាយព្រះយេហូវ៉ា»ទៀតផង! តើព្រះយេហូវ៉ាមានប្រតិកម្មយ៉ាងណា? លោកបានប្រាប់ម៉ូសេថាបណ្ដាជនបាន«បង្ខូចចិត្តអស់ហើយ» ហើយបានបែរចេញពីផ្លូវដែលលោក«បានបង្គាប់»។ ព្រះយេហូវ៉ាខឹងយ៉ាងខ្លាំងរហូតដល់លោកមានប្រសាសន៍ថាលោកនឹងបំផ្លាញប្រជាជាតិនោះទាំងមូល។—និក្ខមនំ ៣២:៥-១០
ព្រះយេហូវ៉ាបានទុកឱកាសឲ្យជនជាតិអ៊ីស្រាអែលបង្ហាញថាពួកគេចង់នៅខាងលោក
១៥, ១៦. តើម៉ូសេនិងអេរ៉ុនបានបង្ហាញយ៉ាងណាថាពួកគេនៅខាងព្រះយេហូវ៉ា? (សូមមើលរូបភាពនៅដើមអត្ថបទ)
១៥ ប៉ុន្តែព្រះយេហូវ៉ាជាព្រះដែលមានសេចក្ដីមេត្ដាករុណា។ លោកបានសម្រេចចិត្តមិនបំផ្លាញប្រជាជាតិនោះទេ។ ផ្ទុយទៅវិញ លោកបានទុកឱកាសឲ្យជនជាតិអ៊ីស្រាអែលបង្ហាញថាពួកគេចង់នៅខាងលោក។ (និក្ខមនំ ៣២:១៤) ពេលម៉ូសេឃើញបណ្ដាជនច្រៀង ស្រែកដោយត្រេកអរ និងរាំនៅមុខរូបកូនគោមាសនោះ គាត់បានកម្ទេចវាយ៉ាងម៉ដ្ដ។ បន្ទាប់មក គាត់ស្រែកថា៖ «អ្នកណាដែលនៅខាងព្រះយេហូវ៉ា ចូរឲ្យមកឯអញចុះ!»។ ក្រោយមក«ពួកកូនចៅលេវីទាំងអស់ក៏មូលគ្នាមកឯ»ម៉ូសេ។—និក្ខមនំ ៣២:១៧-២០, ២៦
១៦ ទោះជាអេរ៉ុនបានធ្វើរូបកូនគោមាសនោះក្ដី គាត់បានប្រែចិត្ត ហើយគាត់និងពួកលេវីទាំងអស់ឯទៀតបានសម្រេចចិត្តនៅខាងព្រះយេហូវ៉ា។ អ្នកស្មោះត្រង់ទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា ពួកគេមិននៅខាងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងទេ។ នេះជាការសម្រេចចិត្តដ៏ឈ្លាសវៃ ពីព្រោះបន្ទាប់មកនៅថ្ងៃនោះអ្នកគោរពបូជារូបកូនគោមាសរាប់ពាន់នាក់បានស្លាប់។ ប៉ុន្តែ អ្នកដែលនៅខាងព្រះយេហូវ៉ាបានរួចជីវិត ហើយព្រះបានសន្យាថាលោកនឹងឲ្យពរពួកគេ។—និក្ខមនំ ៣២:២៧-២៩
១៧. តើយើងរៀនអ្វីពីពាក្យសម្ដីរបស់ប៉ូលអំពីរូបកូនគោមាស?
១៧ តើយើងទាញយកមេរៀនអ្វីពីរឿងនេះ? សាវ័កប៉ូលបាននិយាយថា៖ «ការទាំងនេះជាគំរូសម្រាប់យើង» ដើម្បី«កុំឲ្យយើងទៅជាអ្នកគោរពបូជារូបព្រះ»។ ប៉ូលបានពន្យល់ថាកំណត់ហេតុបែបនេះ«បានត្រូវកត់ទុកជាការព្រមានដល់យើងដែលរស់នៅគ្រាចុងបញ្ចប់នៃសម័យនេះ។ ដូច្នេះ ចូរឲ្យអ្នកដែលគិតថាខ្លួនឈរ ប្រយ័ត្នក្រែងលោដួល»។ (កូរិនថូសទី១ ១០:៦, ៧, ១១, ១២) ដូចប៉ូលបានលើកបញ្ជាក់ សូម្បីតែអ្នកដែលគោរពប្រណិប័តន៍ព្រះយេហូវ៉ា ក៏អាចក្លាយទៅជាអ្នកដែលប្រព្រឹត្តអ្វីដ៏អាក្រក់ដែរ។ ពួកគេប្រហែលជាថែមទាំងគិតថាព្រះយេហូវ៉ានៅតែពេញចិត្តនឹងពួកគេ។ ប៉ុន្តែ ការអះអាងថាខ្លួនមានភក្ដីភាពចំពោះព្រះយេហូវ៉ាឬការចង់ធ្វើជាមិត្តសម្លាញ់របស់លោក មិនតែងតែមានន័យថាព្រះយេហូវ៉ាពេញចិត្តនឹងអ្នកនោះឡើយ។—កូរិនថូសទី១ ១០:១-៥
១៨. តើអ្វីអាចបណ្ដាលឲ្យយើងរសាត់ចេញពីព្រះយេហូវ៉ា ហើយតើនេះមានលទ្ធផលអ្វី?
១៨ ពេលម៉ូសេមិនបានចុះពីភ្នំស៊ីណាយភ្លាមៗដូចជនជាតិអ៊ីស្រាអែលបានរំពឹងទុក ពួកគេចាប់ផ្ដើមខ្វល់ខ្វាយ។ ស្រដៀងគ្នាដែរ បើទីបញ្ចប់នៃរបៀបរបបពិភពលោកនេះមិនមកដល់នៅពេលដែលយើងរំពឹងទុក យើងក៏ប្រហែលជាខ្វល់ខ្វាយដែរ។ យើងប្រហែលជាចាប់ផ្ដើមគិតថាសេចក្ដីសន្យារបស់ព្រះយេហូវ៉ាអំពីអនាគតដ៏អស្ចារ្យ គឺនៅយូរទៀតឬល្អហួសរហូតដល់មិនអាចកើតឡើង ហើយយើងប្រហែលជាចាប់ផ្ដើមផ្ដោតអារម្មណ៍ទៅលើអ្វីដែលយើងចង់ធ្វើ ជាជាងអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើ។ បើយើងមិនប្រយ័ត្នទេ យើងអាចរសាត់ចេញពីព្រះយេហូវ៉ា ហើយធ្វើអ្វីដែលយើងមិនដែលនឹកស្មានថាយើងនឹងធ្វើ។
១៩. តើយើងគួរចាំជានិច្ចអំពីអ្វី ហើយហេតុអ្វី?
១៩ ព្រះយេហូវ៉ាតម្រូវឲ្យយើងស្ដាប់បង្គាប់លោកក្នុងគ្រប់ការទាំងអស់ ហើយឲ្យយើងគោរពប្រណិប័តន៍តែលោកប៉ុណ្ណោះ។ (និក្ខមនំ ២០:៥) ហេតុអ្វីលោកតម្រូវឲ្យយើងធ្វើដូច្នេះ? ពីព្រោះលោកស្រឡាញ់យើង។ បើយើងមិនធ្វើអ្វីដែលព្រះយេហូវ៉ាចង់ឲ្យយើងធ្វើទេ យើងនឹងធ្វើអ្វីដែលសាថានចង់ឲ្យយើងធ្វើវិញ ហើយនោះនឹងនាំឲ្យយើងមានគ្រោះថ្នាក់។ ប៉ូលបាននិយាយថា៖ «អ្នករាល់គ្នាមិនអាចផឹកពីពែងរបស់ព្រះយេហូវ៉ាផងនិងពីពែងរបស់ពួកវិញ្ញាណកំណាចផងបានទេ។ អ្នករាល់គ្នាមិនអាចបរិភោគពី‹តុរបស់ព្រះយេហូវ៉ា›ផងនិងពីតុរបស់ពួកវិញ្ញាណកំណាចផងបានឡើយ»។—កូរិនថូសទី១ ១០:២១
ចូររក្សាខ្លួនឲ្យនៅជិតស្និទ្ធនឹងព្រះយេហូវ៉ា!
២០. តើព្រះយេហូវ៉ាអាចជួយយើងយ៉ាងដូចម្ដេចសូម្បីតែនៅពេលដែលយើងបានធ្វើខុស?
២០ កាអ៊ីន សាឡូម៉ូន និងជនជាតិអ៊ីស្រាអែលមានឱកាសប្រែចិត្តនិងផ្លាស់ប្ដូរការប្រព្រឹត្តរបស់ពួកគេ។ (សកម្មភាព ៣:១៩) យើងឃើញយ៉ាងច្បាស់ថា ព្រះយេហូវ៉ាមិនឆាប់បោះបង់ចោលអ្នកណាម្នាក់ពេលគាត់ធ្វើខុសនោះទេ។ ជាឧទាហរណ៍ លោកបានអភ័យទោសឲ្យអេរ៉ុន។ នៅសព្វថ្ងៃនេះ ព្រះយេហូវ៉ាផ្ដល់ការព្រមានដែលប្រកបដោយសេចក្ដីស្រឡាញ់ ដើម្បីការពារយើងពីការធ្វើខុសឆ្គង។ លោកធ្វើដូច្នេះតាមរយៈគម្ពីរ សៀវភៅផ្សេងៗរបស់យើង និងបងប្អូនរួមជំនឿរបស់យើង។ ពេលយើងយកចិត្តទុកដាក់ចំពោះការព្រមានរបស់ព្រះយេហូវ៉ា យើងអាចមានទំនុកចិត្តថាលោកនឹងបង្ហាញសេចក្ដីមេត្ដាករុណាដល់យើង។
២១. តើយើងគួរធ្វើអ្វីពេលភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ាបានត្រូវសាកល្បង?
២១ គោលបំណងនៃគុណដ៏វិសេសលើសលប់របស់ព្រះយេហូវ៉ាគឺផ្ដល់ឱកាសឲ្យយើង«បដិសេធចំពោះអ្វីៗទាំងអស់ដែលខុសពីបំណងប្រាថ្នារបស់ព្រះ ហើយឲ្យបដិសេធសេចក្ដីប៉ងប្រាថ្នារបស់ពិភពលោកនេះ»។ (សូមអាន ទីតុស ២:១១-១៤; កូរិនថូសទី២ ៦:១) ក្នុងរបៀបរបបពិភពលោកនេះ នឹងតែងតែមានស្ថានភាពដែលសាកល្បងភក្ដីភាពរបស់យើងចំពោះព្រះយេហូវ៉ា។ ចូរតាំងចិត្តនៅខាងព្រះយេហូវ៉ាទាំងស្រុង ហើយចាំថាអ្នកគួរ«កោតខ្លាចដល់ព្រះយេហូវ៉ាជាព្រះនៃឯង ហើយគោរពប្រតិបត្ដិដល់ទ្រង់ ព្រមទាំងនៅជាប់នឹងទ្រង់»។—ចោទិយកថា ១០:២០