ដើមកំណើត
២២ លុះក្រោយមក ព្រះពិតបានល្បងលអាប្រាហាំ។+ លោកបានហៅគាត់ថា៖ «អាប្រាហាំអើយ!»។ គាត់បានឆ្លើយថា៖ «បាទ! លោកម្ចាស់!»។ ២ រួចមក ព្រះបានមានប្រសាសន៍ថា៖ «សូមនាំអ៊ីសាក+កូនតែមួយជាទីស្រឡាញ់របស់អ្នក+ ធ្វើដំណើរទៅតំបន់ភ្នំម៉ូរីយ៉ា+ ហើយជូនគាត់ជាគ្រឿងបូជាដុតនៅលើភ្នំដែលខ្ញុំនឹងបង្ហាញអ្នក»។
៣ ដូច្នេះ អាប្រាហាំបានក្រោកពីព្រលឹម ហើយពុះអុសសម្រាប់ដុតគ្រឿងបូជា រួចចងកែបលា។ គាត់បានយកអ៊ីសាកនិងអ្នកបម្រើពីរនាក់ទៅជាមួយ។ ពេលរៀបចំរួចរាល់ហើយ គាត់បានចេញដំណើរទៅកន្លែងដែលព្រះពិតបានប្រាប់គាត់។ ៤ លុះធ្វើដំណើរអស់បីថ្ងៃ អាប្រាហាំបានឃើញកន្លែងនោះពីចម្ងាយ។ ៥ ខណៈនោះ អាប្រាហាំបានប្រាប់អ្នកបម្រើគាត់ថា៖ «ចូរចាំនៅទីនេះជាមួយសត្វលា។ ខ្ញុំនិងកូនខ្ញុំ នឹងឡើងទៅគោរពប្រណិប័តន៍ព្រះនៅលើភ្នំនោះ ហើយនឹងត្រឡប់មកវិញ»។
៦ អាប្រាហាំបានឲ្យអ៊ីសាកលីអុសសម្រាប់ដុតគ្រឿងបូជា។ ឯគាត់វិញ គាត់បានកាន់កាំបិតនិងយកភ្លើង។ បន្ទាប់មក ពួកគាត់ដើរទៅជាមួយគ្នា។ ៧ ពេលនោះ អ៊ីសាកបានសួរឪពុកគាត់ថា៖ «លោកឪពុក!»។ អាប្រាហាំឆ្លើយថា៖ «មានការអីកូន?»។ អ៊ីសាកសួរថា៖ «យើងមានភ្លើងនិងអុសហើយ ចុះចៀមសម្រាប់ជូនជាគ្រឿងបូជាដុត នៅឯណា?»។ ៨ រួចអាប្រាហាំបានឆ្លើយថា៖ «កូនអើយ! ព្រះនឹងផ្ដល់ចៀមសម្រាប់ជូនជាគ្រឿងបូជាដុត»។+ បន្ទាប់មក ពួកគាត់ដើរបន្តទៅមុខទៀត។
៩ នៅទីបំផុត ពួកគាត់បានទៅដល់កន្លែងដែលព្រះពិតបានបង្ហាញ។ អាប្រាហាំបានសង់ទីបូជាមួយ ហើយរៀបអុសនៅលើទីបូជានោះ។ រួចមក គាត់ចងដៃចងជើងអ៊ីសាក ហើយផ្ដេកគាត់លើគំនរអុសនៅលើទីបូជានោះ។+ ១០ បន្ទាប់មក អាប្រាហាំបានយកកាំបិតមក ហើយបម្រុងនឹងសម្លាប់កូនគាត់។+ ១១ ពេលនោះ ទេវតារបស់ព្រះយេហូវ៉ាបានហៅគាត់ពីលើមេឃថា៖ «អាប្រាហាំ អាប្រាហាំ!»។ គាត់ក៏ឆ្លើយថា៖ «បាទ លោកម្ចាស់!»។ ១២ ទេវតាបាននិយាយថា៖ «កុំសម្លាប់កូននោះឡើយ កុំធ្វើអ្វីដល់គាត់ឲ្យសោះ! ឥឡូវ ខ្ញុំដឹងថាអ្នកពិតជាគោរពកោតខ្លាចព្រះមែន ព្រោះអ្នកមិនបានបដិសេធទេ តែបានប្រគល់កូនតែមួយរបស់អ្នកឲ្យខ្ញុំ»។+ ១៣ ភ្លាមនោះ អាប្រាហាំបានឃើញចៀមឈ្មោលមួយជាប់ស្នែងនឹងគុម្ពោតព្រៃ។ ដូច្នេះ គាត់បានទៅយកចៀមនោះមកជូនជាគ្រឿងបូជាដុតជំនួសកូនគាត់ទៅ។ ១៤ អាប្រាហាំបានហៅកន្លែងនោះថាយេហូវ៉ាយៃរ៉ា។* ហេតុនេះហើយបានជារហូតដល់សព្វថ្ងៃ គេនិយាយថា៖ «នៅលើភ្នំរបស់ព្រះយេហូវ៉ា លោកនឹងផ្ដល់ឲ្យ»។+
១៥ ក្រោយនោះ ទេវតារបស់ព្រះយេហូវ៉ាបាននិយាយពីលើមេឃ ទៅកាន់អាប្រាហាំម្ដងទៀតថា៖ ១៦ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ដោយសារអ្នកបានធ្វើដូច្នេះ ហើយព្រមប្រគល់កូនតែមួយរបស់អ្នកឲ្យខ្ញុំ+ នោះខ្ញុំផ្ទាល់ស្បថថា+ ១៧ ខ្ញុំនឹងឲ្យពរអ្នក ហើយធ្វើឲ្យកូនចៅ*របស់អ្នកមានចំនួនច្រើនឥតគណនា ដូចផ្កាយនៅលើមេឃនិងគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។+ កូនចៅរបស់អ្នកនឹងចាប់យកបណ្ដាក្រុង*របស់ពួកសត្រូវ។+ ១៨ ឯគ្រប់ប្រជាជាតិនៅផែនដីនឹងទទួលពរតាមរយៈកូនចៅរបស់អ្នក ពីព្រោះអ្នកបានស្ដាប់តាមខ្ញុំ›»។+
១៩ បន្ទាប់មក អាប្រាហាំបានត្រឡប់ទៅឯពួកអ្នកបម្រើគាត់ ហើយនាំគ្នាធ្វើដំណើរទៅបៀរសេបាវិញ។+ អាប្រាហាំក៏បានស្នាក់នៅទីនោះតទៅទៀត។
២០ ក្រោយនោះ មានគេមកប្រាប់អាប្រាហាំថា៖ «មីលកាបានបង្កើតកូនជាច្រើនឲ្យណេឃ័រជាបងរបស់លោក+ ២១ គឺអ៊ូសជាកូនច្បង ប៊ូស និងកេមូអែល។ កេមូអែលជាឪពុកអេរ៉ាម។ ២២ កូនបន្តបន្ទាប់ទៀតរបស់នាងមាន កេសេត ហាសូ ពីលដាស យីតឡាប និងបេធូអែល»។+ ២៣ បេធូអែលជាឪពុករេបិកា។+ មីលកាបានបង្កើតកូនទាំង៨នាក់នេះឲ្យណេឃ័រជាបងប្រុសអាប្រាហាំ។ ២៤ ឯប្រពន្ធបន្ទាប់របស់ណេឃ័រឈ្មោះរេយូម៉ា ក៏បានបង្កើតកូនឲ្យគាត់ដែរ។ កូនទាំងនោះមាន ថេបា កាហាំ តាហាស និងម៉ាអាកា។