បណ្ដាស្ដេចទី២
១៥ នៅឆ្នាំទី២៧ក្នុងរាជ្យយេរ៉ូបោម*ជាស្ដេចស្រុកអ៊ីស្រាអែល អាសារៀ*+ជាកូនអាម៉ាស៊ា+ស្ដេចស្រុកយូដា បានគ្រប់គ្រងជាស្ដេច។+ ២ ពេលនោះ គាត់មានអាយុ១៦ឆ្នាំ ហើយគាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល៥២ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះយេកូលា ជាអ្នកក្រុងយេរូសាឡិម។ ៣ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ដូចអាម៉ាស៊ាជាឪពុកគាត់។+ ៤ ប៉ុន្តែ គាត់មិនបានបំបាត់ចោលទីខ្ពស់ពិសិដ្ឋទេ+ ហើយបណ្ដាជននៅតែជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅលើទីខ្ពស់ទាំងនោះដដែល។+ ៥ ព្រះយេហូវ៉ាបានធ្វើឲ្យអាសារៀមានជំងឺឃ្លង់+រហូតដល់ថ្ងៃស្លាប់។ ដូច្នេះ គាត់ក៏ស្នាក់នៅក្នុងផ្ទះមួយដាច់ដោយឡែកពីគេ។+ ពេលនោះ យ៉ូថាម+ជាកូនគាត់បានមើលខុសត្រូវលើកិច្ចការក្នុងវិមានស្ដេច ហើយសម្រេចក្ដីឲ្យបណ្ដាជន។+ ៦ រីឯកិច្ចការទាំងប៉ុន្មានដែលអាសារៀ+បានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកយូដា។ ៧ ក្រោយមក អាសារៀបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់+នៅក្រុងដាវីឌ។ រួចមក យ៉ូថាមជាកូនក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។
៨ នៅឆ្នាំទី៣៨ក្នុងរាជ្យអាសារៀ+ជាស្ដេចស្រុកយូដា សាការី+ជាកូនយេរ៉ូបោមស្ដេចស្រុកអ៊ីស្រាអែល បានគ្រប់គ្រងជាស្ដេច។ សាការីគ្រប់គ្រងនៅក្រុងសាម៉ារីបាន៦ខែ។ ៩ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត ដូចបុព្វបុរសរបស់គាត់ដែរ។ គាត់បានប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+ ១០ នៅថ្ងៃមួយ សាលូមជាកូនយ៉ាបេសបានរួមគំនិតក្បត់នឹងសាការី ហើយក៏សម្លាប់គាត់+នៅក្រុងអ៊ីបលាមទៅ។+ បន្ទាប់មក សាលូមបានឡើងគ្រប់គ្រងជាស្ដេចជំនួសវិញ។ ១១ រីឯកិច្ចការទាំងប៉ុន្មានដែលសាការីបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ១២ រឿងនេះបានកើតឡើងដូចព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យេហ៊ូ ដែលថា៖ «កូនចៅអ្នកនឹងគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ដល់ទៅបួនជំនាន់»។+ ហេតុការណ៍នេះបានកើតឡើងពិតប្រាកដមែន។
១៣ នៅឆ្នាំទី៣៩ក្នុងរាជ្យអូសៀស+ជាស្ដេចស្រុកយូដា សាលូមជាកូនយ៉ាបេសបានគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល។ គាត់បានគ្រប់គ្រងនៅក្រុងសាម៉ារីបានមួយខែ។ ១៤ ក្រោយមក មេណាហិមជាកូនកាដាយបានចេញពីក្រុងធើសា+មកក្រុងសាម៉ារី រួចសម្លាប់សាលូម+ជាកូនយ៉ាបេស។ ក្រោយសាលូមស្លាប់ មេណាហិមក៏បានឡើងគ្រប់គ្រងជាស្ដេចជំនួសវិញ។ ១៥ រីឯកិច្ចការទាំងប៉ុន្មានដែលសាលូមបានធ្វើ និងការរៀបគម្រោងក្បត់របស់គាត់ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ១៦ ក្រោយមក មេណាហិមបានធ្វើដំណើរពីក្រុងធើសា ទៅវាយប្រហារលើក្រុងធីបសា។ គាត់បានសម្លាប់បណ្ដាជនទាំងអស់នៅក្នុងក្រុងនោះ និងនៅតំបន់ជុំវិញ ដោយសារពួកគេមិនបានបើកទ្វារក្រុងទទួលគាត់។ ឯស្ត្រីទាំងប៉ុន្មានដែលមានផ្ទៃពោះ គាត់ក៏វះពោះសម្លាប់ចោលដែរ។
១៧ នៅឆ្នាំទី៣៩ក្នុងរាជ្យអាសារៀជាស្ដេចស្រុកយូដា មេណាហិមជាកូនកាដាយបានគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល។ គាត់បានគ្រប់គ្រងនៅក្រុងសាម៉ារីអស់រយៈពេល១០ឆ្នាំ។ ១៨ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ អស់មួយជីវិត គាត់បានប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+ ១៩ នៅគ្រាមួយ ផូល+ជាស្ដេចស្រុកអាស៊ីរីបានមកច្បាំងនឹងស្រុកអ៊ីស្រាអែល។ ពេលនោះ មេណាហិមបានជូនប្រាក់ចំនួន១.០០០ថាលិន*ដល់ស្ដេចផូល ដើម្បីឲ្យស្ដេចនោះជួយពង្រឹងអំណាចគ្រប់គ្រងរបស់គាត់។+ ២០ ដូច្នេះ មេណាហិមតម្រូវឲ្យអ្នកមានស្តុកស្តម្ភដែលមានមុខមាត់ក្នុងស្រុកអ៊ីស្រាអែល+ គឺបុរសម្នាក់ៗបង់ប្រាក់៥០ហ្សេគិល។* រួចមក គាត់យកប្រាក់ទាំងនោះទៅប្រគល់ឲ្យដល់ស្ដេចស្រុកអាស៊ីរី។ ដោយហេតុនោះ ស្ដេចស្រុកអាស៊ីរីក៏បានដកថយចេញពីស្រុកអ៊ីស្រាអែលទៅ។ ២១ រីឯកិច្ចការទាំងប៉ុន្មានដែលមេណាហិម+បានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ២២ ក្រោយមក មេណាហិមបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់។ រួចមក ភេកាហ៊ាជាកូនក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។
២៣ នៅឆ្នាំទី៥០ក្នុងរាជ្យអាសារៀជាស្ដេចស្រុកយូដា ភេកាហ៊ាជាកូនមេណាហិមបានគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល។ ភេកាហ៊ាបានគ្រប់គ្រងនៅក្រុងសាម៉ារីអស់រយៈពេលពីរឆ្នាំ។ ២៤ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ គាត់បានប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+ ២៥ នៅថ្ងៃមួយ នាយទាហានរបស់គាត់ម្នាក់ឈ្មោះភេកា+ ជាកូនរេម៉ាលៀ បានឃុបឃិតគ្នាក្បត់គាត់។ ភេកាបាននាំទាហាន៥០នាក់ជាអ្នកមកពីគីលាត ទៅសម្លាប់ស្ដេចនៅក្នុងប៉មមួយក្នុងវិមានស្ដេច ជាមួយអាកុបនិងអារ៉ាយអា។ បន្ទាប់មក ភេកាបានឡើងគ្រប់គ្រងជាស្ដេចជំនួសវិញ។ ២៦ រីឯកិច្ចការទាំងប៉ុន្មានដែលភេកាហ៊ាបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។
២៧ នៅឆ្នាំទី៥២ក្នុងរាជ្យអាសារៀជាស្ដេចស្រុកយូដា ភេកា+ជាកូនរេម៉ាលៀបានគ្រប់គ្រងជាស្ដេចលើស្រុកអ៊ីស្រាអែល។ ភេកាបានគ្រប់គ្រងនៅក្រុងសាម៉ារីអស់រយៈពេល២០ឆ្នាំ។ ២៨ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ គាត់បានប្រព្រឹត្តអំពើខុសឆ្គងតាមគន្លងរបស់យេរ៉ូបោមជាកូនណេបាត ដែលជាអ្នកបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+ ២៩ ក្នុងរាជ្យភេកាស្ដេចស្រុកអ៊ីស្រាអែល ធីឡាតភីលីសឺ+ជាស្ដេចស្រុកអាស៊ីរីបានមកឈ្លានពានទឹកដីអ៊ីស្រាអែល។ គាត់ដណ្ដើមយកទឹកដីទាំងអស់របស់កុលសម្ព័ន្ធណែបថាលី+ ពោលគឺក្រុងអ៊ីយ៉ូន ក្រុងអេបិលបេតម៉ាអាកា+ ក្រុងយ៉ាណូអា និងក្រុងកេដេស+ ក្រុងហាសោ តំបន់គីលាត+ និងតំបន់កាលីឡេ។ មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានចាប់បណ្ដាជនយកទៅធ្វើជាខ្ញុំបម្រើនៅស្រុកអាស៊ីរីទៀតផង។+ ៣០ ពេលមួយ ហូស៊ា+ជាកូនអេឡាបានឃុបឃិតគ្នាក្បត់នឹងភេកាជាកូនរេម៉ាលៀ ហើយក៏បានសម្លាប់គាត់ចោលទៅ។ បន្ទាប់មក ហូស៊ាបានឡើងគ្រប់គ្រងជាស្ដេចជំនួសវិញ គឺនៅឆ្នាំទី២០ក្នុងរាជ្យយ៉ូថាម+ជាកូនអូសៀស។ ៣១ រីឯកិច្ចការទាំងប៉ុន្មានដែលភេកាបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។
៣២ នៅឆ្នាំទី២ក្នុងរាជ្យភេកា ជាកូនរេម៉ាលៀស្ដេចស្រុកអ៊ីស្រាអែល យ៉ូថាម+ជាកូនអូសៀស+បានគ្រប់គ្រងជាស្ដេចលើស្រុកយូដា។ ៣៣ ពេលនោះ យ៉ូថាមមានអាយុ២៥ឆ្នាំ ហើយគាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១៦ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះយេរ៉ូសា ជាកូនសេដុក។+ ៣៤ យ៉ូថាមតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត ដូចអូសៀសជាឪពុកគាត់ដែរ។+ ៣៥ ប៉ុន្តែ គាត់មិនបានបំបាត់ចោលទីខ្ពស់ពិសិដ្ឋទេ ហើយបណ្ដាជននៅតែជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅលើទីខ្ពស់ទាំងនោះដដែល។+ គាត់គឺជាអ្នកដែលបានសាងសង់ខ្លោងទ្វារខាងលើនៃវិហារព្រះយេហូវ៉ា។+ ៣៦ រីឯកិច្ចការទាំងប៉ុន្មានដែលយ៉ូថាមបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកយូដា។ ៣៧ នៅគ្រានោះ ព្រះយេហូវ៉ាបានបណ្ដាលឲ្យរេសិនជាស្ដេចស្រុកស៊ីរី និងភេកា+ជាកូនរេម៉ាលៀស្ដេចស្រុកអ៊ីស្រាអែល ចេញទៅច្បាំងនឹងស្រុកយូដា។+ ៣៨ ក្រោយមក យ៉ូថាមបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបុព្វបុរសគាត់នៅក្រុងដាវីឌ។ រួចមក អេហាសជាកូនរបស់គាត់ ក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។