បណ្ដាស្ដេចទី២
២ កាលដែលព្រះយេហូវ៉ាហៀបនឹងលើកអេលីយ៉ា+ឡើងទៅលើមេឃដោយខ្យល់ព្យុះ+ អេលីយ៉ានិងអេលីសេ+បានធ្វើដំណើរចេញពីក្រុងគីលកាល។+ ២ អេលីយ៉ាបាននិយាយទៅកាន់អេលីសេថា៖ «សូមចាំនៅទីនេះសិន ព្រោះព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងបេតអែល»។ រួចអេលីសេបានតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ និងស្បថចំពោះលោកម្ចាស់ថា ខ្ញុំនឹងមិនចាកចេញពីលោកឡើយ»។ ដូច្នេះ ពួកគាត់ក៏ចុះទៅក្រុងបេតអែល។+ ៣ រួចមក កូនចៅរបស់ពួកអ្នកប្រកាសទំនាយ*នៅបេតអែលបានមកជួបអេលីសេ ហើយប្រាប់ថា៖ «តើអ្នកដឹងទេ ថ្ងៃនេះព្រះយេហូវ៉ានឹងយកលោកម្ចាស់ដែលជាប្រមុខរបស់អ្នកទៅហើយ?»។+ អេលីសេក៏តបទៅវិញថា៖ «ខ្ញុំដឹងហើយ។ មិនបាច់និយាយទៀតទេ»។
៤ បន្ទាប់មក អេលីយ៉ាបាននិយាយទៅកាន់អេលីសេថា៖ «សូមចាំនៅទីនេះសិន ព្រោះព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅក្រុងយេរីខូ»។+ រួចអេលីសេបានតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ និងស្បថចំពោះលោកម្ចាស់ថា ខ្ញុំនឹងមិនចាកចេញពីលោកម្ចាស់ឡើយ»។ ដូច្នេះ ពួកគាត់ក៏ធ្វើដំណើរទៅក្រុងយេរីខូ។ ៥ ពេលនោះ កូនចៅរបស់ពួកអ្នកប្រកាសទំនាយដែលនៅក្រុងយេរីខូក៏បានមកជួបអេលីសេ ហើយប្រាប់ថា៖ «តើអ្នកដឹងទេ ថ្ងៃនេះព្រះយេហូវ៉ានឹងយកលោកម្ចាស់ដែលជាប្រមុខរបស់អ្នកទៅហើយ?»។ អេលីសេក៏តបទៅវិញថា៖ «ខ្ញុំដឹងហើយ។ មិនបាច់និយាយទៀតទេ»។
៦ ក្រោយមក អេលីយ៉ាបាននិយាយទៅកាន់អេលីសេថា៖ «សូមចាំនៅទីនេះសិន ព្រោះព្រះយេហូវ៉ាបានចាត់ខ្ញុំឲ្យទៅទន្លេយ៉ូដាន់»។ រួចអេលីសេបានតបទៅវិញថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ និងស្បថចំពោះលោកម្ចាស់ថា ខ្ញុំនឹងមិនចាកចេញពីលោកម្ចាស់ឡើយ»។ ដូច្នេះ ពួកគាត់ទាំងពីរក៏ធ្វើដំណើរចេញទៅ។ ៧ ឯកូនចៅរបស់ពួកអ្នកប្រកាសទំនាយចំនួន៥០នាក់ក៏បានទៅដែរ ហើយពួកគេបានឈរមើលពួកគាត់ពីចម្ងាយ កាលដែលពួកគាត់ឈរនៅជិតទន្លេយ៉ូដាន់។ ៨ បន្ទាប់មក អេលីយ៉ាក៏បានដោះអាវ*របស់គាត់+យកមកមូរ រួចវាយទឹកទន្លេនោះ។ រំពេចនោះ ទឹកទន្លេក៏ញែកចេញពីគ្នា ដើម្បីពួកគាត់ទាំងពីរអាចដើរឆ្លងតាមបាតទន្លេ។+
៩ កាលដែលពួកគាត់ដើរឆ្លងផុតហើយ អេលីយ៉ាបាននិយាយទៅកាន់អេលីសេថា៖ «មុននឹងខ្ញុំត្រូវនាំយកទៅ តើអ្នកចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?»។ ដូច្នេះ អេលីសេបាននិយាយថា៖ «សូមឲ្យឫទ្ធានុភាព*ពីព្រះ+ដល់ខ្ញុំ មួយជាពីរផង»។+ ១០ អេលីយ៉ាបានឆ្លើយថា៖ «សំណូមពររបស់អ្នកពិបាកណាស់។ ប៉ុន្តែ បើអ្នកឃើញខ្ញុំ កាលដែលខ្ញុំត្រូវនាំយកទៅ អ្នកនឹងទទួលមែន តែបើអ្នកមិនឃើញទេ នោះអ្នកនឹងមិនទទួលឡើយ»។
១១ កាលដែលអេលីយ៉ានិងអេលីសេដើរបណ្ដើរនិយាយគ្នាបណ្ដើរ ស្រាប់តែឃើញមានរទេះចម្បាំងជាភ្លើងដែលទឹមដោយសេះភ្លើង+លេចមក ញែកពួកគាត់ទាំងពីរចេញពីគ្នា។ ពេលនោះ ខ្យល់ព្យុះបានយកអេលីយ៉ាឡើងទៅលើមេឃ។+ ១២ អេលីសេក៏សម្លឹងទៅគាត់ ហើយស្រែកឡើងថា៖ «លោកឪពុក លោកឪពុកខ្ញុំអើយ! នុ៎ះន៏! រទេះចម្បាំងនៃអ៊ីស្រាអែល និងពលសេះ!»។+ ក្រោយមក អេលីសេក៏លែងឃើញអេលីយ៉ាទៀត ហើយគាត់បានចាប់ហែកសម្លៀកបំពាក់របស់គាត់ជាពីរចំណែក។+ ១៣ ក្រោយពីនោះគាត់បានយកអាវ*+របស់អេលីយ៉ាដែលបានជ្រុះមក ហើយក៏ត្រឡប់ទៅឈរក្បែរច្រាំងទន្លេយ៉ូដាន់វិញ។ ១៤ បន្ទាប់មក អេលីសេបានយកអាវនោះ ទៅវាយទឹកទន្លេ រួចនិយាយថា៖ «តើព្រះយេហូវ៉ាជាព្រះនៃអេលីយ៉ានៅឯណា?»។ ពេលគាត់វាយទឹកទន្លេ នោះទន្លេក៏ញែកចេញពីគ្នា រួចគាត់ក៏ដើរឆ្លងទៅ។+
១៥ ពេលនោះ កូនចៅរបស់ពួកអ្នកប្រកាសទំនាយដែលនៅក្រុងយេរីខូ បានឃើញអេលីសេពីចម្ងាយ រួចពួកគេបាននិយាយថា៖ «ឫទ្ធានុភាព*ដែលព្រះបានឲ្យដល់អេលីយ៉ាបានស្ថិតលើអេលីសេហើយ»។+ ដូច្នេះ ពួកគេបានទៅជួបអេលីសេ ហើយក៏ក្រាបគោរពនៅចំពោះគាត់។ ១៦ ពួកគេក៏និយាយទៅកាន់អេលីសេថា៖ «ពួកយើងខ្ញុំមានបុរសពេញកម្លាំងចំនួន៥០នាក់ សូមលោកឲ្យពួកគេទៅស្វែងរកម្ចាស់របស់លោកទៅ។ ប្រហែលជាខ្យល់ពីព្រះយេហូវ៉ាបានយកគាត់ទៅភ្នំឬជ្រលងណាមួយហើយ»។+ ប៉ុន្តែ អេលីសេបានប្រាប់ថា៖ «មិនចាំបាច់ចាត់ពួកគេទេ»។ ១៧ ទោះជាប្រាប់ដូច្នោះក្ដី ពួកគេនៅតែទទូចសុំដដែល រហូតដល់អេលីសេមានអារម្មណ៍ខ្មាស ហើយយល់ព្រមនឹងពួកគេ។ ម្ល៉ោះហើយ គាត់បាននិយាយថា៖ «ចូរចាត់ពួកគេចុះ»។ ដូច្នេះ ពួកគេបានចាត់បុរស៥០នាក់នោះឲ្យទៅរកអស់បីថ្ងៃ តែរកមិនឃើញសោះ។ ១៨ បន្ទាប់មក ពួកគេក៏ត្រឡប់មកជួបអេលីសេនៅក្រុងយេរីខូវិញ។+ ពេលឃើញពួកគេ អេលីសេនិយាយថា៖ «ខ្ញុំបានប្រាប់ហើយថាកុំទៅ មែនទេ?»។
១៩ ក្រោយមក ពួកបុរសក្នុងក្រុងបានមកជួបអេលីសេ ហើយនិយាយថា៖ «ដូចលោកម្ចាស់ឃើញហើយថាក្រុងនេះមានទីតាំងល្អ+ តែទឹកមិនល្អសោះ ហើយដីក៏មិនអំណោយផលដែរ»។ ២០ អេលីសេក៏តបទៅវិញថា៖ «សូមយកអំបិលដាក់ក្នុងកូនចានថ្មីមកឲ្យខ្ញុំ»។ ពួកគេក៏យកមកឲ្យគាត់។ ២១ បន្ទាប់មក អេលីសេក៏ធ្វើដំណើរទៅប្រភពទឹក រួចបាចអំបិលទៅក្នុងនោះ+ ហើយគាត់និយាយថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖ ‹ខ្ញុំបានធ្វើឲ្យទឹកនេះស្អាតហើយ។ ចាប់ពីពេលនេះទៅ ទឹកនេះនឹងធ្វើឲ្យដំណាំមានផលផ្លែ* ហើយមិនបណ្ដាលឲ្យស្លាប់ទៀតទេ›»។ ២២ ចាប់តាំងពីថ្ងៃនោះមក ទឹកនោះក៏បានប្រែជាល្អ ដូចព្រះបានមានប្រសាសន៍តាមរយៈអេលីសេមែន។
២៣ ក្រោយមក អេលីសេបានធ្វើដំណើរឡើងទៅក្រុងបេតអែល គាប់ជួននៅតាមផ្លូវ គាត់ជួបក្មេងប្រុសមួយក្រុមមកពីក្រុងនោះ។ កាលពួកគេឃើញគាត់ ពួកគេក៏តាំងស្រែកមើលងាយគាត់+ម្ដងហើយម្ដងទៀតថា៖ «ឡើងទៅ អាតម្ពែក! ឡើងទៅ អាតម្ពែក!»។ ២៤ ក្រោយមក គាត់ក៏បែរទៅពួកគេ ហើយដាក់បណ្ដាសាពួកគេក្នុងនាមព្រះយេហូវ៉ា។ រួចមក មានខ្លាឃ្មុំពីរក្បាល+ចេញពីព្រៃមកហែកសម្លាប់ក្មេងទាំងនោះអស់៤២នាក់។+ ២៥ ក្រោយនោះ គាត់បន្តដំណើរទៅភ្នំកើមែល+ ហើយពីទីនោះគាត់ក៏ត្រឡប់ទៅក្រុងសាម៉ារីវិញ។