ប្រវត្តិហេតុទី១
១៥ ដាវីឌបានសង់វិមានផ្សេងៗនៅក្រុងដាវីឌ។ គាត់ក៏បានរៀបចំកន្លែងសម្រាប់ដំឡើងត្រសាលមួយ ដើម្បីដាក់ហឹបរបស់ព្រះពិត។+ ២ នៅពេលនោះ ដាវីឌនិយាយថា៖ «មានតែពួកលេវីប៉ុណ្ណោះដែលបានត្រូវអនុញ្ញាតឲ្យសែងហឹបរបស់ព្រះពិត ព្រោះព្រះយេហូវ៉ាបានជ្រើសរើសពួកគេឲ្យសែងហឹបរបស់ព្រះយេហូវ៉ា ហើយឲ្យពួកគេបម្រើលោករហូតតទៅ»។+ ៣ បន្ទាប់មក ដាវីឌបានប្រមូលបណ្ដាជនអ៊ីស្រាអែលទាំងអស់ឲ្យមកក្រុងយេរូសាឡិម ដើម្បីទៅដង្ហែហឹបរបស់ព្រះយេហូវ៉ាមកតម្កល់នៅកន្លែងដែលគាត់បានរៀបចំទុក។+
៤ ដាវីឌបានអញ្ជើញកូនចៅអេរ៉ុន+និងកូនចៅលេវី+ឲ្យមកដែរ ពួកគេមានដូចតទៅ៖ ៥ កូនចៅកូហាតមាន យូរាលជាប្រមុខនិងបងប្អូនគាត់ចំនួន១២០នាក់ ៦ កូនចៅមេរេរ៉ាយមាន អាសាយ៉ា+ជាប្រមុខនិងបងប្អូនគាត់ចំនួន២២០នាក់ ៧ កូនចៅគើសោមមាន យ៉ូអែល+ជាប្រមុខនិងបងប្អូនគាត់ចំនួន១៣០នាក់ ៨ កូនចៅអេលីសាផាន+មាន សិមម៉ាយ៉ាជាប្រមុខនិងបងប្អូនគាត់ចំនួន២០០នាក់ ៩ កូនចៅហេប្រុនមាន អេលៀលជាប្រមុខនិងបងប្អូនគាត់ចំនួន៨០នាក់ ១០ និងកូនចៅអូសៀល+មាន អាមីណាដាបជាប្រមុខនិងបងប្អូនគាត់ចំនួន១១២នាក់។ ១១ បន្ថែមទៅទៀត ដាវីឌបានអញ្ជើញសេដុក+និងអាប៊ីយ៉ាថា+ជាសង្ឃ ព្រមទាំងពួកប្រមុខនៃកូនចៅលេវី គឺយូរាល អាសាយ៉ា យ៉ូអែល សិមម៉ាយ៉ា អេលៀល និងអាមីណាដាប។ ១២ រួចមក ដាវីឌបាននិយាយទៅកាន់ពួកគេថា៖ «អ្នករាល់គ្នាជាប្រមុខនៃកូនចៅលេវី។ ដូច្នេះ ចូរអ្នករាល់គ្នានិងបងប្អូនរបស់អ្នកញែកខ្លួនជាបរិសុទ្ធចុះ ដើម្បីទៅនាំយកហឹបរបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល ទៅតម្កល់នៅកន្លែងដែលខ្ញុំបានរៀបចំទុក។ ១៣ កាលពីមុន យើងមិនបានធ្វើតាមការណែនាំពីព្រះ+ ដោយឲ្យអ្នករាល់គ្នាសែងហឹបនោះទេ។+ ហេតុនេះ ព្រះយេហូវ៉ាបានខឹងយ៉ាងខ្លាំង ហើយបានវាយប្រហារយើង»។+ ១៤ ដូច្នេះ ពួកសង្ឃនិងពួកលេវីបានញែកខ្លួនជាបរិសុទ្ធ ដើម្បីទៅនាំយកហឹបរបស់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។
១៥ ពួកលេវីបានលើកឈើស្នែងដាក់លើស្មា ហើយសែងហឹបរបស់ព្រះពិត+ ស្របតាមបង្គាប់របស់ព្រះយេហូវ៉ាតាមរយៈម៉ូសេ។ ១៦ បន្ទាប់មក ដាវីឌបានបង្គាប់ពួកប្រមុខលើកូនចៅលេវី ឲ្យចាត់បងប្អូនរបស់ពួកគេដែលជាអ្នកចម្រៀង ឲ្យច្រៀងដោយអំណរ អមដោយសំឡេងពិណ+ សំឡេងឆាប+ និងឧបករណ៍ភ្លេងមានខ្សែ។
១៧ ដូច្នេះ ពួកលេវីបានតែងតាំងហេម៉ាន+ជាកូនយ៉ូអែល អេសាភ+ជាកូនបេរេគា និងអ៊ីថាន+ជាកូនគូសេយ៉ា ពីក្រុមគ្រួសារមេរេរ៉ាយ។ ១៨ ឯបងប្អូនរបស់ពួកគេដែលនៅក្នុងក្រុមថ្នាក់បន្ទាប់មាន+ សាការី បេន យ៉ាអាសៀល សិមមីរ៉ាម៉ត យេហែល អាន់ណាយ អេលាប បេនណាយ៉ា ម៉ាអាសៀ ម៉ាធីធា អេលីផាលេហ៊ូ និងមីកនៀ ព្រមទាំងអូបិឌអេដំនិងយេអែលជាអ្នកយាមទ្វារ។ ១៩ ចំណែកហេម៉ាន+ អេសាភ+ និងអ៊ីថាន ពួកគាត់ជាអ្នកចម្រៀង និងជាអ្នកកាន់ឆាបស្ពាន់។+ ២០ ឯសាការី អេសៀល សិមមីរ៉ាម៉ត យេហែល អាន់ណាយ អេលាប ម៉ាអាសៀ និងបេនណាយ៉ា ពួកគេលេងឧបករណ៍ភ្លេងមានខ្សែ ដែលមានសំឡេងខ្ពស់។*+ ២១ រីឯម៉ាធីធា+ អេលីផាលេហ៊ូ មីកនៀ អូបិឌអេដំ យេអែល និងអាសាសៀ ពួកគេនាំមុខក្នុងការលេងពិណដែលមានសំឡេងទាប។*+ ២២ ឯកេណានា+ជាប្រមុខកូនចៅលេវី គាត់ជាអ្នកមើលការខុសត្រូវខាងការសែងហឹប ព្រោះគាត់មានជំនាញខាងនោះ។ ២៣ រីឯបេរេគានិងអេលកាណា ពួកគេជាអ្នកយាមហឹប។ ២៤ ចំណែកអូបិឌអេដំនិងយេហៀ ពួកគេក៏ជាអ្នកយាមហឹបដែរ។ ឯពួកសង្ឃវិញ ពួកគេមានឈ្មោះដូចតទៅ៖ សេបានៀ យ៉ូសាផាត នេថានេល អាម៉េសាយ សាការី បេនណាយ៉ា និងអេលាស៊ើរ។ ពួកគេជាអ្នកផ្លុំត្រែនៅខាងមុខហឹបរបស់ព្រះពិត។+
២៥ បន្ទាប់មក ដាវីឌ និងបុរសចាស់ទុំនៃជនជាតិអ៊ីស្រាអែល ព្រមទាំងពួកមេលើ១.០០០នាក់បានធ្វើដំណើរទៅដោយអំណរ+ ដើម្បីនាំយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាពីផ្ទះរបស់អូបិឌអេដំ។+ ២៦ ដោយសារព្រះពិតបានជួយពួកលេវី ដែលជាអ្នកសែងហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា ពួកគេបានជូនគោ៧ក្បាលនិងចៀម៧ក្បាលជាគ្រឿងបូជា។+ ២៧ ដាវីឌពាក់អាវអត់ដៃធ្វើពីក្រណាត់សាច់ល្អនិងអាវអេផូឌ។ ឯពួកលេវីជាអ្នកសែងហឹប ពួកអ្នកចម្រៀង និងកេណានាជាអ្នកចាត់ចែងលើការសែងហឹបនិងលើអ្នកចម្រៀង ពួកគេទាំងអស់គ្នាក៏ពាក់អាវអត់ដៃធ្វើពីក្រណាត់សាច់ល្អដែរ។+ ២៨ ជនជាតិអ៊ីស្រាអែលទាំងអស់បានដង្ហែនាំយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា មកទាំងស្រែកអរសប្បាយ+ អមដោយសំឡេងផ្លុំស្នែង សំឡេងផ្លុំត្រែ+ សំឡេងឆាប សំឡេងពិណ និងសំឡេងឧបករណ៍ភ្លេងឯទៀត។+
២៩ ប៉ុន្តែ ពេលគេដង្ហែហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ាមកដល់ក្រុងដាវីឌ+ មីកាលដែលជាកូនស្រីសុល+បានមើលតាមបង្អួច ហើយឃើញស្ដេចដាវីឌកំពុងលោតរាំដោយសប្បាយ។ ពេលនោះ នាងចាប់ផ្ដើមមើលងាយដាវីឌក្នុងចិត្ត។+