ប្រវត្តិហេតុទី២
១៥ នៅថ្ងៃមួយ ឫទ្ធានុភាពរបស់ព្រះបានដឹកនាំអាសារៀជាកូនអូដេត ២ ឲ្យទៅជួបអេសា ហើយនិយាយថា៖ «ឱអេសា ពួកយូដា និងពួកបេនយ៉ាមីនអើយ! សូមស្ដាប់ខ្ញុំចុះ។ ព្រះយេហូវ៉ានៅជាមួយនឹងអ្នករាល់គ្នា ដរាបណាអ្នករាល់គ្នានៅជាមួយនឹងលោក។+ បើអ្នករាល់គ្នាស្វែងរកលោក នោះលោកនឹងឲ្យអ្នករាល់គ្នារកលោកឃើញ។+ ប៉ុន្តែ បើអ្នករាល់គ្នាបោះបង់ចោលលោក នោះលោកក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ។+ ៣ អស់រយៈពេលជាយូរមកហើយ ស្រុកអ៊ីស្រាអែលគ្មានព្រះពិត គ្មានច្បាប់របស់លោក និងគ្មានពួកសង្ឃសម្រាប់បង្ហាត់បង្រៀនបណ្ដាជនទេ។+ ៤ ប៉ុន្តែ ពេលពួកគេជួបទុក្ខលំបាក ពួកគេត្រឡប់មករកព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលវិញ។ ពួកគេបានស្វែងរកលោក ហើយលោកបានឲ្យពួកគេរកលោកឃើញ។+ ៥ នៅគ្រានោះ គ្មានអ្នកណាអាចធ្វើដំណើរដោយសុវត្ថិភាពទេ ព្រោះមានភាពចលាចលពេញក្នុងស្រុក។ ៦ បណ្ដាជន*មួយបំផ្លាញបណ្ដាជនមួយ ហើយក្រុងមួយបំផ្លាញក្រុងមួយទៀត។ ព្រះបានបណ្ដាលឲ្យពួកគេជួបទុក្ខលំបាកសព្វបែបយ៉ាង។ ហេតុនេះហើយបានជាពួកគេមានភាពចលាចលបែបនោះ។+ ៧ ប៉ុន្តែ ចំណែកអ្នករាល់គ្នាវិញ ចូររឹងមាំឡើង ហើយកុំធ្លាក់ទឹកចិត្តឡើយ+ ព្រោះអ្នករាល់គ្នានឹងទទួលរង្វាន់ចំពោះអ្វីដែលអ្នករាល់គ្នាធ្វើជាមិនខាន»។
៨ ក្រោយពីអេសាបានស្ដាប់ពាក្យទាំងនេះនិងទំនាយរបស់អូដេតភ្លាម គាត់ក៏មានចិត្តក្លាហាន ហើយចាត់វិធានការបំផ្លាញរូបព្រះដ៏គួរឲ្យស្អប់ខ្ពើមទាំងអស់ ចេញពីទឹកដីយូដា+និងពីទឹកដីបេនយ៉ាមីន ព្រមទាំងពីក្រុងនានានៅតំបន់ភ្នំអេប្រាអ៊ីមដែលគាត់បានដណ្ដើមយកផង។ បន្ថែមទៅទៀត គាត់បានជួសជុលទីបូជារបស់ព្រះយេហូវ៉ាឡើងវិញ គឺទីបូជាដែលស្ថិតនៅខាងមុខសាលវិហាររបស់ព្រះយេហូវ៉ា។+ ៩ អេសាបានកោះហៅបណ្ដាជនឲ្យមកជួបជុំគ្នា ក្នុងនោះមានពួកយូដា ពួកបេនយ៉ាមីន និងជនជាតិដទៃដែលរស់នៅស្រុកអ៊ីស្រាអែល។ ពួកជនជាតិដទៃទាំងនេះធ្វើដំណើរមកពីទឹកដីអេប្រាអ៊ីម ទឹកដីម៉ាណាសេ និងទឹកដីស៊ីម្មាន។+ ពួកគេជាច្រើននាក់បានមកចុះចូលនឹងអេសា ព្រោះពួកគេឃើញថាព្រះយេហូវ៉ានៅជាមួយនឹងគាត់។ ១០ ដូច្នេះ ពួកគេក៏មកជួបជុំគ្នានៅក្រុងយេរូសាឡិម នាខែទី៣ ក្នុងឆ្នាំទី១៥នៃរាជ្យអេសា។ ១១ នៅពេលនោះ ពួកគេបានយកគោ៧០០ក្បាលនិងចៀម៧.០០០ក្បាល ជូនជាគ្រឿងបូជាដល់ព្រះយេហូវ៉ា។ សត្វទាំងនោះពួកគេចាប់យកបានពេលឈ្នះចម្បាំង។ ១២ ពួកគេក៏ធ្វើកិច្ចព្រមព្រៀងដោយសន្យាបម្រើព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់ពួកគេ យ៉ាងអស់ពីកម្លាំងកាយ*ចិត្ត។+ ១៣ បើអ្នកណាម្នាក់មិនបម្រើព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល អ្នកនោះត្រូវស្លាប់ជាមិនខាន ទោះជាអ្នកតូចឬអ្នកធំ ជាប្រុសឬស្រីក្ដី។+ ១៤ ដូច្នេះ ពួកគេបានស្បថនឹងព្រះយេហូវ៉ាដោយបន្លឺសំឡេង ដោយអរសប្បាយ ជាមួយនឹងសំឡេងផ្លុំត្រែនិងផ្លុំស្នែង។ ១៥ ពួកយូដាទាំងអស់ពេញចិត្តស្បថយ៉ាងនោះដោយស្មោះអស់ពីចិត្ត ហើយបានខំព្យាយាមស្វែងរកព្រះយេហូវ៉ា។ ម្ល៉ោះហើយ លោកបានឲ្យពួកគេរកលោកឃើញ។+ លោកបន្តធ្វើឲ្យមានសេចក្ដីសុខសាន្តត្រាណនៅគ្រប់ទិសទី។+
១៦ ស្ដេចអេសាក៏បានដកម៉ាអាកា+ជាជីដូនរបស់គាត់ ចេញពីតំណែងជាមាតាស្ដេច ដោយសារនាងបានធ្វើរូបមួយដ៏គួរឲ្យស្អប់ខ្ពើម សម្រាប់គោរពបូជានៅចំពោះបង្គោលឈើ។*+ អេសាបានកាប់បំផ្លាញរូបនោះ ហើយកិនកម្ទេច រួចដុតនៅជ្រលងគីដ្រុន។+ ១៧ ប៉ុន្តែ គាត់មិនបានបំបាត់ទីខ្ពស់ពិសិដ្ឋ+ពីស្រុកអ៊ីស្រាអែលទេ។+ ទោះជាដូច្នោះក៏ដោយ អេសាមានចិត្តស្មោះត្រង់ចំពោះព្រះអស់មួយជីវិត។+ ១៨ បន្ថែមទៅទៀត គាត់បានយកមាសប្រាក់ និងប្រដាប់ប្រដាផ្សេងៗ ទៅទុកក្នុងវិហាររបស់ព្រះពិត គឺប្រដាប់ប្រដាដែលគាត់និងឪពុករបស់គាត់បានញែកជាបរិសុទ្ធសម្រាប់ជូនព្រះ។+ ១៩ នៅគ្រានោះ ស្រុកគ្មានសង្គ្រាមទេ រហូតដល់ឆ្នាំទី៣៥នៃរាជ្យអេសា។+