ប្រវត្តិហេតុទី២
២០ លុះក្រោយមក ពួកម៉ូអាប់+និងពួកអាំម៉ូន+បានរួមដៃជាមួយពួកអាម៉ូនីម* មកធ្វើចម្បាំងនឹងយេហូសាផាត។ ២ ដូច្នេះ មានគេមកប្រាប់យេហូសាផាតថា៖ «មានទ័ពមួយកងយ៉ាងធំមកច្បាំងនឹងលោកហើយ។ ពួកគេមកពីតំបន់ក្បែរសមុទ្រ*នៅស្រុកអេដំ+ ហើយពួកគេបានមកដល់ហាសាសូនថេម៉ា គឺក្រុងអេនកេឌី»។+ ៣ ក្រោយពីបានឮភ្លាម យេហូសាផាតក៏បានភ័យខ្លាច ហើយតាំងចិត្តស្វែងរកព្រះយេហូវ៉ា+ ហើយប្រកាសឲ្យមានការតមអាហារពេញក្នុងស្រុកយូដា។ ៤ បន្ទាប់មក បណ្ដាជនយូដាទាំងអស់បានមកជួបជុំគ្នា ដើម្បីសុំជំនួយពីព្រះយេហូវ៉ា។+ ពួកគេបានធ្វើដំណើរមកពីក្រុងនានាក្នុងស្រុកយូដា ដើម្បីសុំការណែនាំពីព្រះយេហូវ៉ា។
៥ រួចមក យេហូសាផាតបានក្រោកឈរឡើង នៅមុខបណ្ដាជនយូដាទាំងនោះនិងអ្នកក្រុងយេរូសាឡិម ក្នុងវិហារព្រះយេហូវ៉ាខាងមុខទីធ្លាថ្មី។ ៦ គាត់បាននិយាយថា៖
«ឱព្រះយេហូវ៉ាជាព្រះនៃបុព្វបុរសរបស់យើងអើយ! លោកជាព្រះនៃស្ថានសួគ៌។+ លោកគ្រប់គ្រងលើរាជាណាចក្រទាំងអស់។+ លោកមានឫទ្ធានុភាពខ្លាំងក្លា ហើយគ្មានអ្នកណាម្នាក់អាចតទល់នឹងលោកបានទេ។+ ៧ ឱព្រះយើងអើយ! លោកបានបណ្ដេញពួកអ្នកដែលរស់នៅលើទឹកដីនេះ ចេញពីមុខជនជាតិអ៊ីស្រាអែលជារាស្ត្ររបស់លោក ហើយបានឲ្យទឹកដីនេះទុកជាមត៌ក ដល់កូនចៅអាប្រាហាំជាសម្លាញ់លោក។+ ៨ រួចមក រាស្ត្រលោកបានអាស្រ័យនៅលើទឹកដីនេះ ហើយពួកគេបានសង់ទីបរិសុទ្ធមួយសម្រាប់នាមលោក+ ដោយនិយាយថា៖ ៩ ‹បើយើងជួបទុក្ខវេទនា ទោះជាដោយសារសង្គ្រាម ការទទួលទណ្ឌកម្ម រោគរាតត្បាត ឬការអត់ឃ្លានក៏ដោយ សូមឲ្យយើងឈរនៅចំពោះមុខលោកខាងមុខវិហារនេះ (ព្រោះវិហារនេះជាតំណាងនាមលោក)+ ហើយស្រែកសុំជំនួយពីលោក។ សូមលោកមេត្តាស្ដាប់ ហើយជួយសង្គ្រោះយើងផង›។+ ១០ ឥឡូវ ពួកអាំម៉ូន ពួកម៉ូអាប់ និងពួកអ្នករស់នៅតំបន់ភ្នំសៀ+ បានមកប្រឆាំងនឹងយើងហើយ។ លោកបានហាមជនជាតិអ៊ីស្រាអែល មិនឲ្យយកទឹកដីពីពួកអ្នកទាំងនេះក្នុងកាលដែលពួកអ៊ីស្រាអែលចេញពីស្រុកអេហ្ស៊ីប។ ដូច្នេះ ជនជាតិអ៊ីស្រាអែលក៏ធ្វើតាមបង្គាប់លោក ហើយមិនបានបំផ្លាញពួកគេទេ។+ ១១ ឥឡូវ ពួកគេចង់តបស្នងយើងដោយមកបណ្ដេញយើងចេញពីទឹកដី ដែលលោកបានឲ្យដល់យើងជាមត៌ក។+ ១២ ឱព្រះយើងអើយ! សូមលោកមេត្តាវិនិច្ឆ័យទោសពួកគេផង។+ យើងមិនអាចតទល់នឹងកងទ័ពដ៏ធំនេះបានឡើយ។ យើងមិនដឹងថាគួរធ្វើយ៉ាងណាទេ+ មានតែពឹងផ្អែកលើលោកប៉ុណ្ណោះ»។+
១៣ ឯបណ្ដាជនអ៊ីស្រាអែលទាំងអស់វិញ ពួកគេឈរនៅចំពោះព្រះយេហូវ៉ា ដោយមានប្រពន្ធកូន*នៅជាមួយដែរ។
១៤ ក្នុងពេលប្រជុំគ្នានោះ ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាក៏មកសណ្ឋិតលើយ៉ាហេសែលជាកូនសាការី សាការីជាកូនបេនណាយ៉ា បេនណាយ៉ាជាកូនយេអែល និងយេអែលជាកូនម៉ាថានៀ ម៉ាថានៀជាកូនអេសាភ ដែលមកពីកុលសម្ព័ន្ធលេវី។ ១៥ ពេលនោះ យ៉ាហេសែលបាននិយាយថា៖ «ឱស្ដេចយេហូសាផាត បណ្ដាជនយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡិមអើយ ចូរស្ដាប់ចុះ! ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់អ្នករាល់គ្នាថា៖ ‹ចូរកុំភ័យតក់ស្លុតដោយសារតែកងទ័ពដ៏ធំនេះឡើយ ព្រោះនេះមិនមែនជាចម្បាំងរបស់អ្នករាល់គ្នាទេ តែជាចម្បាំងរបស់ព្រះវិញ។+ ១៦ នៅថ្ងៃស្អែក ចូរទៅតទល់នឹងពួកគេចុះ។ ពួកគេនឹងធ្វើដំណើរមកតាមផ្លូវច្រកស៊ីស ហើយអ្នករាល់គ្នានឹងជួបពួកគេនៅខាងចុងជ្រលងក្បែរតំបន់ស្ងាត់ជ្រងំយេរួល។ ១៧ អ្នករាល់គ្នាមិនចាំបាច់ច្បាំងទេ គ្រាន់តែតម្រៀបគ្នា ឈរស្ងៀម+ ហើយចាំមើលព្រះយេហូវ៉ាសង្គ្រោះអ្នករាល់គ្នាចុះ។+ ឱបណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមអើយ! ចូរកុំភ័យតក់ស្លុតឡើយ។+ នៅថ្ងៃស្អែក ចូរទៅតទល់នឹងពួកគេចុះ។ ព្រះយេហូវ៉ានឹងជួយអ្នករាល់គ្នាជាមិនខាន›»។+
១៨ ភ្លាមនោះ យេហូសាផាតបានឱនកាយក្រាបក្បាលដល់ដីនៅចំពោះព្រះយេហូវ៉ា ហើយបណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមក៏បានធ្វើដូច្នោះដែរ ដើម្បីគោរពប្រណិប័តន៍ព្រះយេហូវ៉ា។ ១៩ បន្ទាប់មក ពួកលេវីដែលមកពីវង្សត្រកូលកូហាតនិងវង្សត្រកូលកូរ៉ា+ បានក្រោកឡើងបន្លឺសំឡេងសរសើរតម្កើងព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។+
២០ លុះស្អែកឡើង ពួកគេបានក្រោកពីព្រលឹម ហើយធ្វើដំណើរទៅតំបន់ស្ងាត់ជ្រងំក្បែរក្រុងថេកូអា។+ មុនពេលពួកគេចេញទៅ យេហូសាផាតបានឈរនៅមុខពួកគេ ហើយនិយាយថា៖ «ឱបណ្ដាជនយូដានិងអ្នកក្រុងយេរូសាឡិមអើយ! សូមស្ដាប់ខ្ញុំ។ ចូរមានជំនឿលើព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នាចុះ ដើម្បីឲ្យអ្នករាល់គ្នាអាចកាន់ជំហរមាំមួន។* ចូរមានជំនឿលើពួកអ្នកប្រកាសទំនាយរបស់លោកចុះ+ ហើយការអ្វីដែលអ្នករាល់គ្នាធ្វើនឹងសម្រេចទាំងអស់»។
២១ ក្រោយពីយេហូសាផាតបានពិគ្រោះគ្នាជាមួយនឹងបណ្ដាជន គាត់ក៏បានតែងតាំងអ្នកខ្លះឲ្យច្រៀង+សរសើរព្រះយេហូវ៉ា។ ពួកគេត្រូវស្លៀកសម្លៀកបំពាក់បរិសុទ្ធ ដើរនាំមុខកងទ័ព ហើយច្រៀងថា៖ «ចូរអរគុណព្រះយេហូវ៉ា ព្រោះសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកស្ថិតស្ថេរជារៀងរហូត»។+
២២ កាលដែលពួកគេចាប់ផ្ដើមច្រៀងសរសើរព្រះយេហូវ៉ាដោយអំណរ លោកបានធ្វើឲ្យពួកសត្រូវដែលមកឈ្លានពានទឹកដីយូដា វាយប្រហារគ្នាឯង។ ពួកគេទាំងនោះគឺពួកអាំម៉ូន ពួកម៉ូអាប់ និងពួកអ្នករស់នៅតំបន់ភ្នំសៀ។+ ២៣ ដំបូងពួកអាំម៉ូននិងពួកម៉ូអាប់ បានពួតដៃគ្នាវាយប្រហារពួកអ្នកតំបន់ភ្នំសៀ+ឲ្យស្លាប់អស់គ្មានសល់។ រួចមក ពួកអាំម៉ូននិងពួកម៉ូអាប់ក៏សម្លាប់គ្នាឯងទៅ។+
២៤ ពេលពួកយូដាបានទៅដល់ប៉មយាមនៅតំបន់ស្ងាត់ជ្រងំ+ ពួកគេមើលទៅទីតាំងទ័ពសត្រូវ ឃើញសុទ្ធតែសាកសពពេញពាសលើដី+ គ្មានអ្នកណាម្នាក់នៅរស់ឡើយ។ ២៥ ដូច្នេះ យេហូសាផាតនិងទ័ពរបស់គាត់បានចូលទៅប្រមូលយកជ័យភណ្ឌ ហើយដោះយកសម្លៀកបំពាក់និងរបស់របរមានតម្លៃពីសាកសព។ របស់ទាំងនោះមានច្រើនក្រៃលែង។+ ហេតុនេះ ពួកគេបានចំណាយពេលអស់បីថ្ងៃ ទើបអាចប្រមូលយកទាំងអស់បាន។ ២៦ នៅថ្ងៃទី៤ ពួកគេបានជួបជុំគ្នានៅជ្រលងបេរ៉ាកា។ នៅទីនោះ ពួកគេបានសរសើរតម្កើងព្រះយេហូវ៉ា។ ហេតុនេះហើយគេបានដាក់ឈ្មោះកន្លែងនោះថាជ្រលងបេរ៉ាកា*+ រហូតដល់សព្វថ្ងៃ។
២៧ បន្ទាប់មក យេហូសាផាតបាននាំមុខពួកយូដានិងអ្នកក្រុងយេរូសាឡិម ធ្វើដំណើរត្រឡប់ទៅក្រុងយេរូសាឡិមវិញដោយអរសប្បាយ ព្រោះព្រះយេហូវ៉ាបានជួយពួកគេឲ្យទទួលជ័យជម្នះលើពួកសត្រូវ។+ ២៨ ដូច្នេះ ពួកគេចូលក្នុងក្រុងយេរូសាឡិម អមដោយសំឡេងពិណ+ ត្រែ+ និងឧបករណ៍ភ្លេងផ្សេងទៀត ហើយធ្វើដំណើរតម្រង់ទៅវិហាររបស់ព្រះយេហូវ៉ា។+ ២៩ រីឯរាជាណាចក្រទាំងឡាយវិញ ពួកគេបានខ្លបខ្លាចព្រះយេហូវ៉ាជាខ្លាំង ក្រោយពីបានឮថាលោកបានច្បាំងនឹងសត្រូវជំនួសជនជាតិអ៊ីស្រាអែល។+ ៣០ ហេតុនេះ រាជាណាចក្ររបស់យេហូសាផាតមានសន្តិភាព ហើយព្រះបានជួយគាត់ឲ្យមានសេចក្ដីសុខសាន្តត្រាណនៅគ្រប់ទិសទី។+
៣១ យេហូសាផាតបានបន្តគ្រប់គ្រងលើស្រុកយូដា។ គាត់បានក្លាយទៅជាស្ដេចពេលគាត់មានអាយុ៣៥ឆ្នាំ ហើយគាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល២៥ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះអាស៊ូបាជាកូនស៊ីលហាយ។+ ៣២ គាត់តែងតែដើរតាមគន្លងរបស់អេសាជាឪពុកគាត់+ ឥតងាកបែរចេញឡើយ។ គាត់បានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត។+ ៣៣ ប៉ុន្តែ គាត់មិនបានបំបាត់ចោលទីខ្ពស់ពិសិដ្ឋទេ+ ហើយបណ្ដាជនមិនទាន់ត្រៀមចិត្តស្វែងរកព្រះនៃបុព្វបុរសរបស់ពួកគេឡើយ។+
៣៤ រីឯកិច្ចការទាំងប៉ុន្មានដែលយេហូសាផាតបានធ្វើតាំងពីដើមដល់ចប់ យេហ៊ូ+ជាកូនហាណាណៃ+បានកត់ទុកក្នុងសៀវភៅរបស់គាត់ ហើយនោះបានត្រូវដាក់បញ្ចូលក្នុងសៀវភៅរបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ៣៥ ក្រោយមក យេហូសាផាតជាស្ដេចស្រុកយូដាបានចងសម្ព័ន្ធភាពជាមួយនឹងអាហាស៊ីយ៉ាជាស្ដេចស្រុកអ៊ីស្រាអែល ជាអ្នកដែលប្រព្រឹត្តអំពើអាក្រក់។+ ៣៦ ពួកគេបានរួមគ្នាធ្វើសំពៅទៅស្រុកតើស៊ីស។+ ពួកគេបានធ្វើសំពៅទាំងនោះនៅក្រុងអេស៊ានកេបឺ។+ ៣៧ ប៉ុន្តែ អេលាស៊ើរជាកូនដូអាវ៉ាហ៊ូជាអ្នកក្រុងម៉ារីសា បានប្រកាសទុកជាមុនទាស់នឹងយេហូសាផាតថា៖ «ដោយសារអ្នកបានចងសម្ព័ន្ធមិត្តជាមួយនឹងអាហាស៊ីយ៉ា នោះព្រះយេហូវ៉ានឹងបំផ្លាញកិច្ចការរបស់អ្នក»។+ ដូច្នេះ សំពៅទាំងនោះបានខូច+ ហើយពួកគេមិនអាចធ្វើដំណើរទៅស្រុកតើស៊ីសបានទេ។