នេហេមា
៨ នៅគ្រាមួយ បណ្ដាជនទាំងអស់បានមកជួបជុំគ្នានៅទីលានសាធារណៈខាងមុខទ្វារទឹក។+ ពេលនោះ ពួកគេបានសុំអែសរ៉ា+ជាអ្នកចម្លងឯកសារ ឲ្យយកសៀវភៅច្បាប់ម៉ូសេ+មក ជាច្បាប់ដែលព្រះយេហូវ៉ាបានឲ្យដល់ជនជាតិអ៊ីស្រាអែល។+ ២ ដូច្នេះ នៅថ្ងៃទី១ ខែទី៧+ អែសរ៉ាជាសង្ឃបានយកច្បាប់នោះមក ហើយឈរនៅមុខបណ្ដាជន+ទាំងប្រុសទាំងស្រីនិងកូនក្មេងទាំងអស់ ដែលអាចស្ដាប់យល់បាន។ ៣ រួចមក គាត់បានអានច្បាប់នោះឮៗ+នៅទីលានសាធារណៈខាងមុខទ្វារទឹក ឲ្យបណ្ដាជនទាំងអស់ស្ដាប់តាំងពីព្រលឹមរហូតដល់ថ្ងៃត្រង់ ហើយពួកគេបានយកចិត្តទុកដាក់ស្ដាប់+ច្បាប់ទាំងនោះ។ ៤ ពេលនោះ អែសរ៉ាឈរលើវេទិកាឈើមួយដែលគេបានដំឡើងសម្រាប់ឱកាសនោះ ហើយមានអ្នកខ្លះឈរនៅខាងស្ដាំគាត់គឺ ម៉ាធីធា សិមម៉ា អាណាយ៉ា អ៊ូរី ហ៊ីលគីយ៉ា និងម៉ាអាសៀ។ រីឯអ្នកឈរនៅខាងឆ្វេងគាត់ មានភេដាយ៉ា មីសាអែល ម៉ាលខាយយ៉ា+ ហាស៊ូម ហាសបាដាណា សាការី និងមេស៊ូឡាម។
៥ អែសរ៉ាបានឈរនៅកន្លែងខ្ពស់ជាងបណ្ដាជន។ ដូច្នេះ ពេលគាត់បើកសៀវភៅច្បាប់នោះ ពួកគេបានឃើញ ហើយក៏ក្រោកឈរឡើង។ ៦ រួចមក អែសរ៉ាបានសរសើរតម្កើងព្រះយេហូវ៉ាជាព្រះដ៏ពិត និងជាព្រះដ៏ឧត្ដុង្គឧត្ដម។ ពេលនោះ បណ្ដាជនបានឆ្លើយទាំងលើកដៃឡើងព្រមគ្នាថា៖ «អាមេន!* អាមេន!»។+ បន្ទាប់មក ពួកគេបានលំឱនកាយក្រាបគោរពព្រះយេហូវ៉ា។ ៧ ឯពួកលេវី គឺមាន យេសួ បាណាយ សេរេបៀ+ យ៉ាមីន អាកខុប សាបបេថាយ ហូឌា ម៉ាអាសៀ កេឡាយថា អាសារៀ យ៉ូសាបាត+ ហាណាន និងភេឡៃអា ពួកគេបានពន្យល់ច្បាប់ម៉ូសេដល់បណ្ដាជន+ដែលកំពុងឈរស្ដាប់។ ៨ ពួកគេបានអានឮៗនូវច្បាប់របស់ព្រះឲ្យបណ្ដាជនស្ដាប់ ថែមទាំងបកស្រាយអត្ថន័យឲ្យបណ្ដាជនយល់ច្បាស់ទៀតផង។+
៩ កាលដែលបណ្ដាជនកំពុងស្ដាប់ច្បាប់របស់ព្រះ ពួកគេបានយំ។ ពេលនោះ នេហេមាជាអភិបាល អែសរ៉ា+ជាសង្ឃនិងជាអ្នកចម្លងឯកសារ ព្រមទាំងពួកលេវីដែលបង្ហាត់បង្រៀនបណ្ដាជន បាននិយាយទៅកាន់ពួកគេទាំងអស់គ្នាថា៖ «សូមកុំកើតទុក្ខឬយំអី ថ្ងៃនេះជាថ្ងៃបរិសុទ្ធចំពោះព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា»។+ ១០ បន្ទាប់មក នេហេមាបាននិយាយបន្ថែមថា៖ «ចូរនាំគ្នាបរិភោគអាហារឆ្ងាញ់ៗ និងផឹកគ្រឿងផ្អែមៗចុះ។ ចូរចែករំលែកអាហារ+ឲ្យដល់អ្នកដែលគ្មានអ្វីបរិភោគ ព្រោះថ្ងៃនេះជាថ្ងៃបរិសុទ្ធចំពោះព្រះ ជាម្ចាស់នៃយើង។ សូមកុំកើតទុក្ខឡើយ ព្រោះអំណរពីព្រះយេហូវ៉ាជាកម្លាំងរបស់អ្នករាល់គ្នា»។ ១១ ចំណែកពួកលេវី ពួកគេបាននិយាយលួងលោមបណ្ដាជនថា៖ «សូមកុំយំអី! ព្រោះថ្ងៃនេះជាថ្ងៃបរិសុទ្ធ ចូរឈប់ព្រួយចិត្តទៅ»។ ១២ ដូច្នេះ បណ្ដាជនទាំងអស់បាននាំគ្នាបរិភោគអាហារ ហើយចែករំលែកអាហារដល់គ្នា។ ពួកគេសប្បាយរីករាយយ៉ាងខ្លាំង+ ព្រោះពួកគេបានយល់អត្ថន័យច្បាប់របស់ព្រះ។+
១៣ នៅថ្ងៃទី២ ក្នុងខែដដែលនោះ ប្រមុខគ្រួសារទាំងអស់ ពួកសង្ឃនិងពួកលេវីបាននាំគ្នាទៅជួបអែសរ៉ាដែលជាអ្នកចម្លងឯកសារ ដើម្បីយល់ថែមទៀតអំពីច្បាប់របស់ព្រះ។ ១៤ កាលដែលពួកគេកំពុងស្វែងយល់អំពីច្បាប់របស់ព្រះយេហូវ៉ា ដែលលោកបានឲ្យតាមរយៈម៉ូសេ ពួកគេរកឃើញថាក្នុងអំឡុងពិធីបុណ្យនាខែទី៧ ជនជាតិអ៊ីស្រាអែលត្រូវស្នាក់នៅក្នុងខ្ទម+ ១៥ និងត្រូវប្រកាស+នៅទូទាំងក្រុងយេរូសាឡិមនិងក្រុងឯទៀតថា៖ «ចូរនាំគ្នាចេញទៅឯតំបន់ភ្នំ ហើយកាប់យកមែកឈើដែលមានស្លឹកច្រើន ពីដើមអូលីវ ដើមស្រល់ ដើមមើថល ដើមលម៉ើ និងដើមឯទៀត ដើម្បីយកមកប្រក់ធ្វើខ្ទម ស្របតាមច្បាប់ម៉ូសេ»។
១៦ ដូច្នេះ បណ្ដាជននាំគ្នាចេញទៅកាប់មែកឈើ យកមកធ្វើខ្ទមនៅលើដំបូលផ្ទះរបស់ពួកគេ នៅទីធ្លាផ្ទះ នៅទីលានវិហាររបស់ព្រះដ៏ពិត+ ទីលានសាធារណៈក្បែរទ្វារទឹក+ និងទីលានសាធារណៈក្បែរទ្វារអេប្រាអ៊ីម។+ ១៧ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលដែលធ្លាប់ធ្វើជាឈ្លើយ បានធ្វើខ្ទមហើយស្នាក់នៅក្នុងខ្ទមទាំងនោះ។ ចាប់តាំងពីគ្រាយ៉ូស្វេ+ជាកូននុន រហូតដល់ថ្ងៃនោះ ពួកគេមិនបានធ្វើដូច្នេះទេ។ ម្ល៉ោះហើយ បណ្ដាជនមានសេចក្ដីសប្បាយរីករាយក្រៃលែង។+ ១៨ រៀងរាល់ថ្ងៃ គឺចាប់ពីថ្ងៃដំបូងរហូតដល់ថ្ងៃចប់ពិធីបុណ្យខ្ទម គេអានច្បាប់របស់ព្រះដ៏ពិត។+ ពួកគេបានធ្វើពិធីបុណ្យនោះអស់៧ថ្ងៃ ហើយនៅថ្ងៃទី៨ពួកគេមានប្រជុំពិសេស ស្របតាមច្បាប់តម្រូវ។+