ចម្រៀងសរសើរព្រះ
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
៤១ អ្នកណាដែលយកចិត្តទុកដាក់ចំពោះមនុស្សទន់ទាប
អ្នកនោះមានសុភមង្គលហើយ+
ព្រះយេហូវ៉ានឹងសង្គ្រោះគាត់ក្នុងថ្ងៃដែលគាត់ជួបអន្តរាយ។
២ ព្រះយេហូវ៉ានឹងរក្សាការពារជីវិតរបស់គាត់
គាត់នឹងត្រូវប្រកាសនៅផែនដីថាជាមនុស្សដែលមានសុភមង្គល+
លោកនឹងមិនប្រគល់គាត់ទៅក្នុងកណ្ដាប់ដៃសត្រូវជាដាច់ខាត។+
៣ ព្រះយេហូវ៉ានឹងមើលថែគាត់ក្នុងពេលដែលគាត់ដេកឈឺនៅលើគ្រែ+
នៅវេលាដែលគាត់មានជំងឺ លោកនឹងប្ដូរគ្រែឲ្យគាត់។
៤ ពីព្រោះខ្ញុំនិយាយថា៖ «ឱព្រះយេហូវ៉ា សូមអាណិតមេត្តាដល់ខ្ញុំ+
ខ្ញុំបានធ្វើខុសចំពោះលោក+ តែសូមលោកជួយខ្ញុំឲ្យជាឡើងវិញផង»។+
៥ ប៉ុន្តែ ពួកសត្រូវនិយាយអាក្រក់អំពីខ្ញុំថា៖
«តើពេលណាទើបគាត់ស្លាប់បាត់ទៅ ដើម្បីកុំឲ្យគេចាំឈ្មោះរបស់គាត់តទៅទៀត?»។
៦ បើពួកគេណាម្នាក់មកជួបខ្ញុំ អ្នកនោះពោលតែពាក្យកុហក*
គេប្រមូលរឿងដែលអាចនិយាយឲ្យខ្ញុំឈឺចិត្ត
រួចមក គេក៏ចេញទៅនិយាយអំពីខ្ញុំពេញទាំងស្រុក។
៧ អស់អ្នកដែលស្អប់ខ្ញុំនាំគ្នាខ្សឹបខ្សៀវគ្នា
ពួកគេគិតធ្វើអាក្រក់ចំពោះខ្ញុំ ដោយនិយាយថា៖
៨ «គាត់ជួបតែបញ្ហាដែលគួរឲ្យភ័យខ្លាច
ពេលនេះគាត់ធ្លាក់ខ្លួនហើយ គ្មានថ្ងៃក្រោកឡើងវិញបានទេ»។+
៩ សូម្បីតែមនុស្សដែលធ្លាប់ល្អនឹងខ្ញុំ ជាអ្នកដែលខ្ញុំទុកចិត្ត+
និងជាអ្នកដែលធ្លាប់បរិភោគនំប៉័ងរបស់ខ្ញុំ បានលើកកែងជើងទាស់នឹងខ្ញុំវិញ។*+
១០ ប៉ុន្តែព្រះយេហូវ៉ា សូមលោកមេត្តាជួយលើកខ្ញុំឡើង
ដើម្បីខ្ញុំអាចដាក់ទោសពួកគេចំពោះអ្វីដែលពួកគេបានធ្វើ។
១១ ពេលសត្រូវរបស់ខ្ញុំមិនអាចមានជ័យជម្នះលើខ្ញុំ+
នោះខ្ញុំនឹងដឹងថាលោកពេញចិត្តខ្ញុំ។
១២ រីឯខ្ញុំវិញ លោកជួយខ្ញុំដោយសារខ្ញុំមានចិត្តស្មោះឥតងាករេ+
លោកនឹងឲ្យខ្ញុំនៅចំពោះមុខលោកជានិច្ច។+
១៣ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់អ៊ីស្រាអែលបានទទួលការសរសើរតម្កើងជារៀងរហូតតទៅ។+
អាមេន អាមេន។