សុភាសិត
២៣ ពេលអ្នកអង្គុយបរិភោគជាមួយនឹងស្ដេច
ចូរគិតឲ្យបានដិតដល់នូវអ្វីដែលនៅពីមុខអ្នក។
២ បើអ្នកចូលចិត្តបរិភោគច្រើន*
ចូរចេះទប់ចិត្ត។
៣ កុំស្រេកឃ្លានអាហារល្អៗរបស់ស្ដេច
ព្រោះនោះសុទ្ធតែជាអាហារបោកបញ្ឆោត។
៤ កុំធ្វើការហួសកម្លាំង ដោយសារតែលោភចង់បានទ្រព្យសម្បត្តិឡើយ+
ចូរឈប់ធ្វើដូច្នោះ ហើយបង្ហាញការយល់ដឹង។
៥ ពេលអ្នកសម្លឹងមើលទ្រព្យ ទ្រព្យនឹងមិននៅទៀតទេ+
ព្រោះទ្រព្យនឹងដុះស្លាបដូចឥន្ទ្រី រួចហោះឡើងទៅលើមេឃបាត់។+
៦ កុំបរិភោគអាហាររបស់មនុស្សកំណាញ់
កុំស្រេកឃ្លានអាហារល្អៗរបស់គាត់
៧ ព្រោះគាត់ដូចជាអ្នកដែលកត់បញ្ជី។
គាត់និយាយទៅអ្នកថា៖ «សូមពិសាអាហារពិសាស្រា»។ តែគាត់និយាយមិនស្មោះទេ។
៨ អ្នកនឹងក្អួតអាហារនោះចេញមកវិញ
ហើយពាក្យពេចន៍ដែលអ្នកបានពោលសរសើរគាត់នឹងខាតបង់ទទេ។
៩ កុំនិយាយឲ្យមនុស្សល្ងីល្ងើស្ដាប់+
ព្រោះគាត់នឹងមើលងាយសម្ដីដែលប្រកបដោយប្រាជ្ញារបស់អ្នក។+
១០ កុំបង្ខិតបង្គោលព្រំប្រទល់ដែលមានតាំងពីយូរមកហើយ+
កុំទន្ទ្រានចូលដីស្រែរបស់កូនកំព្រាឲ្យសោះ។
១១ ព្រោះលោកដែលការពារពួកគេ មានឫទ្ធានុភាពខ្លាំងក្លា
លោកនឹងជួយការពារក្ដីឲ្យពួកគេ ដើម្បីប្រឆាំងនឹងអ្នក។+
១២ ចូរឲ្យចិត្តអ្នកទទួលយកការប្រៀនប្រដៅ
ហើយឲ្យត្រចៀករបស់អ្នកត្រងត្រាប់ចំណេះ។
១៣ កុំស្ទាក់ស្ទើរប្រៀនប្រដៅកូនក្មេងឡើយ។+
បើអ្នកប្រើរំពាត់វាយគាត់ គាត់នឹងមិនស្លាប់ទេ។
១៤ អ្នកគួរវាយគាត់ដោយរំពាត់ដើម្បីសង្គ្រោះគាត់ឲ្យជៀសផុតពីផ្នូរ។
១៥ កូនអើយ បើកូនមានប្រាជ្ញា
នោះឪពុកនឹងរីករាយត្រេកអរ។+
១៦ ចិត្តរបស់ឪពុកនឹងពោរពេញទៅដោយអំណរ
ពេលកូននិយាយអ្វីដែលត្រឹមត្រូវ។
១៧ សូមកូនកុំមានចិត្តច្រណែនអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង+
តែចូរកោតខ្លាចព្រះយេហូវ៉ាគ្រប់ពេលវេលា។+
១៨ យ៉ាងនេះ កូននឹងមានអនាគតល្អ+
ហើយសេចក្ដីសង្ឃឹមរបស់កូននឹងមិនត្រូវកាត់ផ្ដាច់ឡើយ។
១៩ កូនអើយ ចូរស្ដាប់ឪពុក ហើយមានប្រាជ្ញាឡើង
ចូរកូនតាំងចិត្តដើរតាមផ្លូវត្រឹមត្រូវ។
២០ កុំធ្វើជាមនុស្សល្មោភស្រា+
ហើយកុំទៅជាមនុស្សល្មោភស៊ី+
២១ ព្រោះមនុស្សប្រមឹកនិងមនុស្សល្មោភស៊ី នឹងធ្លាក់ខ្លួនក្រ+
ហើយអ្នកដែលល្មោភដេកនឹងស្លៀកពាក់កណ្ដាច។
២២ ចូរស្ដាប់ឪពុកដែលបានផ្ដល់កំណើតឲ្យកូន
ហើយកុំមើលងាយម្ដាយរបស់កូន ដោយសារតែគាត់មានវ័យចាស់។+
២៣ ចូរទិញសេចក្ដីពិត កុំលក់វិញជាដាច់ខាត+
ចូរទិញប្រាជ្ញា ការប្រៀនប្រដៅ និងការយល់ដឹង ហើយកុំលក់វិញឡើយ។+
២៤ ឪពុកដែលមានកូនសុចរិតនឹងមានអំណរជាមិនខាន
ហើយឪពុកដែលមានកូនប្រកបដោយប្រាជ្ញានឹងអរសប្បាយដោយសារកូននោះ។
២៥ ឪពុកនិងម្ដាយរបស់កូននឹងត្រេកអរ
ហើយម្ដាយដែលបង្កើតកូននឹងមានចិត្តរីករាយ។
២៦ កូនអើយ ចូរយកចិត្តទុកដាក់ស្ដាប់ខ្ញុំ
ចូរកូនដើរតាមផ្លូវរបស់ខ្ញុំដោយក្ដីពេញចិត្ត។+
២៧ ព្រោះស្ត្រីពេស្យាប្រៀបដូចជារណ្ដៅដ៏ជ្រៅ
ហើយស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ប្រៀបដូចជាអណ្ដូងតូចចង្អៀត។+
២៨ នាងលបចាំស្ទាក់ដូចចោរប្លន់+
នាងធ្វើឲ្យបុរសដែលមិនស្មោះត្រង់កើនឡើងកាន់តែច្រើន។
២៩ តើអ្នកណាមានទុក្ខលំបាក? តើអ្នកណាមានកង្វល់?
តើអ្នកណាមានជម្លោះ? តើអ្នកណាត្អូញត្អែរ?
តើអ្នកណាមានរបួសដោយឥតហេតុ? តើអ្នកណាស្រវាំងភ្នែក?
៣០ គឺអស់អ្នកដែលចំណាយពេលច្រើនពេកក្នុងការផឹកស្រា+
និងអស់អ្នកដែលស្វះស្វែងរកស្រាខ្លាំងៗ។
៣១ កុំមើលពណ៌ក្រហមរបស់ស្រា
នៅពេលដែលស្រាក្នុងពែងបញ្ចេញពន្លឺចាំងចែង ហើយជាស្រាដែលមានឱជារសឆ្ងាញ់ពិសា
៣២ ព្រោះនៅទីបំផុត ស្រានឹងចឹកដូចពស់
ហើយស្រានឹងបញ្ចេញពិសដូចពស់ដែលមានពិស។
៣៣ អ្នកនឹងមើលឃើញអ្វីចម្លែកៗ
ហើយអ្នកនឹងនិយាយសម្ដីអាក្រក់។+
៣៤ អ្នកនឹងប្រៀបដូចជាមនុស្សដែលដេកនៅកណ្ដាលសមុទ្រ
និងដូចជាមនុស្សដែលដេកនៅចុងក្ដោងសំពៅ។
៣៥ អ្នកនឹងពោលថា៖ «ពួកគេវាយដំខ្ញុំ តែខ្ញុំមិនឈឺសោះ។
ពួកគេវាយធ្វើបាបខ្ញុំ តែខ្ញុំមិនបានដឹងឡើយ។
តើពេលណាទើបខ្ញុំភ្ញាក់ឡើង+ ដើម្បីខ្ញុំអាចផឹកថែមទៀត?»។