អេសាយ
៤៣ ឱយ៉ាកុបអើយ! ព្រះយេហូវ៉ាជាអ្នកបង្កើតអ្នក
ឱអ៊ីស្រាអែលអើយ! ព្រះដែលបានសូនអ្នកមានប្រសាសន៍ដូច្នេះថា៖+ «កុំខ្លាចឡើយ ព្រោះខ្ញុំបានលោះអ្នកហើយ។+
ខ្ញុំបានហៅអ្នកតាមឈ្មោះរបស់អ្នកផ្ទាល់
ព្រោះអ្នកជាកម្មសិទ្ធិរបស់ខ្ញុំ។
២ ពេលអ្នកឆ្លងកាត់ទឹក ខ្ញុំនឹងនៅជាមួយអ្នក+
ពេលអ្នកឆ្លងកាត់ទន្លេ ទឹកក៏មិនជន់លិចអ្នកដែរ។+
ពេលអ្នកដើរកាត់ភ្លើង អ្នកនឹងមិនរលាកទេ
ហើយអណ្ដាតភ្លើងមិនឆាបឆេះអ្នកឡើយ។
៣ ព្រោះខ្ញុំគឺយេហូវ៉ាជាព្រះរបស់អ្នក
ខ្ញុំជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែល ជាអ្នកសង្គ្រោះអ្នក។
ខ្ញុំបានប្រគល់អេហ្ស៊ីបជាថ្លៃលោះសម្រាប់អ្នក
ហើយប្រគល់អេត្យូពីនិងស៊ីបាជាថ្នូរសម្រាប់អ្នក។
៤ ព្រោះអ្នកមានតម្លៃខ្លាំងណាស់ក្នុងកែវភ្នែកខ្ញុំ+
អ្នកបានទទួលកិត្តិយស ហើយខ្ញុំក៏ស្រឡាញ់អ្នកខ្លាំងដែរ។+
ដូច្នេះ ខ្ញុំនឹងប្រគល់បណ្ដាជននោះជំនួសអ្នក
ហើយខ្ញុំយកប្រជាជាតិទាំងនោះទៅប្ដូរនឹងជីវិតអ្នកវិញ។
៥ កុំភ័យខ្លាចឡើយ ព្រោះខ្ញុំនៅជាមួយនឹងអ្នកហើយ។+
ខ្ញុំនឹងនាំកូនចៅរបស់អ្នកពីទិសខាងកើត
ហើយប្រមូលអ្នកឲ្យមកជួបជុំគ្នាវិញពីទិសខាងលិច។+
៦ ខ្ញុំនឹងនិយាយទៅទិសខាងជើងថា៖ ‹ចូរប្រគល់ពួកគេមកវិញ!›+
ហើយក៏បង្គាប់ទៅទិសខាងត្បូងថា៖ ‹កុំឃាត់ឃាំងពួកគេឡើយ។
ចូរនាំកូនប្រុសៗរបស់ខ្ញុំមកពីកន្លែងឆ្ងាយ ហើយនាំកូនស្រីៗរបស់ខ្ញុំមកពីចុងផែនដី+
៧ គឺគ្រប់គ្នាដែលតាងនាមខ្ញុំ+
និងជាពួកអ្នកដែលខ្ញុំបានបង្កើតដើម្បីជាសិរីរុងរឿងដល់ខ្ញុំ ជាពួកអ្នកដែលខ្ញុំបានសូនធ្វើ›។+
៨ ចូរនាំបណ្ដាជនចេញមក ពួកគេមានភ្នែកតែមើលមិនឃើញទេ
ពួកគេមានត្រចៀក តែស្ដាប់មិនឮឡើយ។+
៩ ចូរឲ្យប្រជាជាតិទាំងឡាយប្រជុំគ្នានៅកន្លែងមួយ
ហើយឲ្យបណ្ដាជនមកជួបជុំគ្នា។+
ក្នុងចំណោមពួកគេ តើអ្នកណាអាចប្រាប់អំពីរឿងនេះបាន?
តើអ្នកណាអាចរៀបរាប់ប្រាប់អំពីហេតុការណ៍ដែលនឹងកើតឡើងមុនបង្អស់?*+
ចូរឲ្យពួកគេនាំសាក្សីរបស់ខ្លួន មកធ្វើការបញ្ជាក់ថាខ្លួនត្រឹមត្រូវចុះ
ដើម្បីឲ្យអ្នកឯទៀតអាចស្ដាប់ រួចនិយាយថា៖ ‹រឿងនេះជាការពិតមែន!›»។+
១០ ព្រះយេហូវ៉ាប្រកាសថា៖ «អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ+
ជាអ្នកបម្រើដែលខ្ញុំបានជ្រើសរើស+
ដើម្បីឲ្យអ្នកអាចស្គាល់ខ្ញុំនិងមានជំនឿលើខ្ញុំ
ហើយយល់ថាគឺខ្ញុំជាបុគ្គលដដែល ឥតប្រែប្រួលឡើយ។+
មុនខ្ញុំគ្មានព្រះណាទេ ហើយក្រោយខ្ញុំក៏គ្មានព្រះណាទៀតដែរ។+
១១ គឺខ្ញុំនេះហើយជាយេហូវ៉ា+ ក្រៅពីខ្ញុំគ្មានអ្នកសង្គ្រោះណាទៀតទេ»។+
១២ ព្រះយេហូវ៉ាប្រកាសថា៖ «ខ្ញុំនេះហើយដែលបានប្រកាស បានសង្គ្រោះនិងបានបង្ហាញឲ្យដឹង
ក្នុងកាលដែលមិនទាន់មានព្រះដទៃក្នុងចំណោមអ្នករាល់គ្នានៅឡើយ។+
ដូច្នេះ អ្នករាល់គ្នាជាសាក្សីរបស់ខ្ញុំ ហើយខ្ញុំគឺជាព្រះ។+
១៣ បន្ថែមទៀត ខ្ញុំតែងតែនៅដដែល ឥតប្រែប្រួលឡើយ។+
គ្មានអ្នកណាម្នាក់អាចកញ្ឆក់អ្វីចេញពីដៃខ្ញុំបានទេ។+
បើខ្ញុំចាត់វិធានការហើយ តើអ្នកណាអាចរារាំងបានទៅ?»។+
១៤ ព្រះយេហូវ៉ាជាព្រះដ៏បរិសុទ្ធនៃអ៊ីស្រាអែលនិងជាអ្នកលោះអ្នករាល់គ្នា+ លោកមានប្រសាសន៍ថា៖+
«ដោយយល់ដល់អ្នករាល់គ្នា ខ្ញុំនឹងចាត់ទ័ពឲ្យទៅក្រុងបាប៊ីឡូន ហើយបំបាក់រនុកទ្វារក្រុង។+
ពេលនោះ ពួកខាល់ដេដែលនៅក្នុងសំពៅនឹងស្រែកយំដោយទុក្ខព្រួយ។+
១៥ ខ្ញុំនេះហើយជាយេហូវ៉ា ជាព្រះដ៏បរិសុទ្ធ+ ជាមហាក្សត្ររបស់អ្នករាល់គ្នា+និងជាអ្នកបង្កើតនៃអ៊ីស្រាអែល»។+
១៦ ព្រះយេហូវ៉ាជាព្រះដែលធ្វើផ្លូវកាត់តាមសមុទ្រ
និងរៀបចំផ្លូវកាត់ទឹកដែលកញ្ជ្រោលបក់បោក+
១៧ លោកជាអ្នកដែលទាញនាំទ័ពរទេះចម្បាំងនិងទ័ពសេះចេញមក+
ព្រមជាមួយនឹងកងទ័ពនិងទាហានដ៏ខ្លាំងក្លា។ លោកមានប្រសាសន៍ថា៖
«ពួកគេនឹងដេកស្ដូកស្ដឹង មិនអាចក្រោកឡើងបានទេ។+
ពួកគេនឹងត្រូវពន្លត់ដូចគេពន្លត់ប្រឆេះដូច្នោះដែរ»។
១៨ «ចូរបំភ្លេចអ្វីដែលបានកើតឡើងពីមុន ហើយកុំគិតអំពីអតីតកាលឡើយ។
១៩ មើល! ខ្ញុំកំពុងធ្វើអ្វីថ្មី+ ហើយឥឡូវការនេះកំពុងលាស់ឡើងហើយ។
តើអ្នកមិនបានកត់សម្គាល់ទេឬ? ខ្ញុំនឹងរៀបចំផ្លូវកាត់តាមតំបន់ស្ងាត់ជ្រងំ+
ហើយធ្វើឲ្យមានទន្លេហូរកាត់ទីរហោស្ថាន។+
២០ សត្វព្រៃនៅឯវាលនឹងលើកកិត្តិយសខ្ញុំ ព្រមទាំងឆ្កែព្រៃនិងសត្វអូទ្រីសដែរ
ព្រោះនៅតំបន់ស្ងាត់ជ្រងំ ខ្ញុំធ្វើឲ្យមានទឹកសម្បូរហូរហៀរ
ហើយធ្វើឲ្យមានទន្លេហូរកាត់ទីរហោស្ថាន+
ដើម្បីឲ្យរាស្ត្ររបស់ខ្ញុំជាពួកអ្នកដែលខ្ញុំបានជ្រើសរើស+ មានទឹកផឹក។
២១ ពួកគេជាពួកអ្នកដែលខ្ញុំបានបង្កើតសម្រាប់ខ្លួនខ្ញុំ
ដើម្បីឲ្យពួកគេអាចសរសើរតម្កើងដល់ខ្ញុំ។+
២២ ប៉ុន្តែ ឱយ៉ាកុបអើយ! អ្នកមិនបានហៅរកនាមខ្ញុំទេ+
ឱអ៊ីស្រាអែលអើយ! អ្នកបាននឿយណាយនឹងខ្ញុំហើយ។+
២៣ អ្នកមិនបានជូនចៀមដល់ខ្ញុំជាគ្រឿងបូជាដុតទេ
ហើយក៏មិនបានលើកកិត្តិយសខ្ញុំដោយគ្រឿងបូជារបស់អ្នកដែរ។
ខ្ញុំមិនបានបង្ខំអ្នកឲ្យជូនអំណោយដល់ខ្ញុំទេ
ហើយក៏មិនបានធ្វើឲ្យអ្នកធុញទ្រាន់ដោយទាមទារនូវគ្រឿងក្រអូបនោះដែរ។+
២៤ អ្នកមិនបានចំណាយប្រាក់ទិញដើមត្រែងក្រអូបឲ្យខ្ញុំទេ
ហើយអ្នកក៏មិនបានធ្វើឲ្យខ្ញុំពេញចិត្ត ដោយខ្លាញ់នៃគ្រឿងបូជារបស់អ្នកដែរ។+
ផ្ទុយទៅវិញ អ្នកបានធ្វើជាបន្ទុកដល់ខ្ញុំដោយអំពើខុសឆ្គងរបស់អ្នក ហើយធ្វើឲ្យខ្ញុំឆ្អែតនឹងកំហុសឆ្គងរបស់អ្នក។+
២៥ ទោះជាយ៉ាងនោះក្ដី ដោយយល់ដល់នាមរបស់ខ្ញុំ+ ខ្ញុំនឹងលុបអំពើខុសឆ្គង*របស់អ្នក+
ហើយខ្ញុំនឹងមិនរំលឹកអំពើខុសឆ្គងរបស់អ្នកទេ។+
២៦ ចូរឲ្យយើងនាំយករឿងក្ដីរបស់ខ្លួនមកជជែកតវ៉ាគ្នា។ សូមរំលឹកខ្ញុំមក
សូមប្រាប់ហេតុផលដើម្បីបញ្ជាក់ថាអ្នកមិនបានធ្វើខុសមែន។
២៧ បុព្វបុរសដំបូងរបស់អ្នកបានប្រព្រឹត្តអំពើខុសឆ្គង
២៨ ដូច្នេះ ខ្ញុំនឹងបន្ទាបពួកអ្នកដឹកនាំនៅកន្លែងបរិសុទ្ធ
ហើយខ្ញុំនឹងឲ្យយ៉ាកុបទទួលការបំផ្លាញ
ហើយឲ្យអ៊ីស្រាអែលរងការប្រមាថមើលងាយ។+