យេរេមា
២៧ នៅដើមរាជ្យយេហូយ៉ាគីមជាកូនយ៉ូសៀសដែលជាស្ដេចស្រុកយូដា មានពាក្យមកកាន់យេរេមាពីព្រះយេហូវ៉ាដូចតទៅ៖ ២ «ព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ ‹ចូរធ្វើនឹមសម្រាប់ខ្លួន រួចចងខ្សែ ហើយពាក់នៅលើ កអ្នក។ ៣ បន្ទាប់មក ចូរផ្ញើនឹមទាំងនោះទៅស្ដេចស្រុកអេដំ+ ស្ដេចស្រុកម៉ូអាប់+ ស្ដេចស្រុកអាំម៉ូន+ ស្ដេចក្រុងទីរ៉ុស+ និងស្ដេចក្រុងស៊ីដូន+ តាមរយៈពួកអ្នកនាំសាររបស់ពួកគេដែលបានមកជួបសេដេគាស្ដេចស្រុកយូដានៅឯក្រុងយេរូសាឡិម។ ៤ រួចបង្គាប់ពួកគេឲ្យប្រាប់ចៅហ្វាយខ្លួនដូចតទៅ៖
«‹«នេះជាអ្វីដែលព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ និងជាព្រះនៃជនជាតិអ៊ីស្រាអែលបានមានប្រសាសន៍។ អ្នកទាំងអស់គ្នាត្រូវប្រាប់ចៅហ្វាយខ្លួនថា៖ ៥ ‹ខ្ញុំនេះហើយជាព្រះដែលបានបង្កើតផែនដី មនុស្សជាតិ និងសត្វទាំងឡាយ ដោយថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លារបស់ខ្ញុំ។ ខ្ញុំបានឲ្យអ្វីៗទាំងនេះដល់អ្នកណាដែលខ្ញុំពេញចិត្ត។+ ៦ មើល! ខ្ញុំបានប្រគល់ទឹកដីទាំងមូលទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា+ស្ដេចស្រុកបាប៊ីឡូនដែលជាអ្នកបម្រើខ្ញុំហើយ។ សូម្បីតែសត្វព្រៃដែលនៅឯវាល ក៏ខ្ញុំឲ្យពួកវានៅក្រោមអំណាចគាត់ដែរ។ ៧ ប្រជាជាតិទាំងអស់នឹងបម្រើគាត់ កូនគាត់ និងចៅគាត់ រហូតដល់គ្រាកំណត់នៃស្រុកគាត់មកដល់។+ ពេលនោះ ប្រជាជាតិជាច្រើននិងបណ្ដាស្ដេចដ៏ខ្លាំងក្លា នឹងយកគាត់ធ្វើជាខ្ញុំបម្រើពួកគេវិញ›។+
៨ «‹«‹ប្រសិនបើប្រជាជាតិឬរាជាណាចក្រណាមិនព្រមបម្រើនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូន ហើយមិនព្រមចុះចូលនឹងគាត់ទេ* នោះខ្ញុំនឹងដាក់ទោសប្រជាជាតិនោះដោយដាវ+ ការអត់ឃ្លាន និងរោគរាតត្បាត។ ខ្ញុំនឹងបំផ្លាញពួកគេឲ្យសាបសូន្យអស់ដោយដៃរបស់ស្ដេចនោះ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៩ «‹«‹ហេតុនេះ ចូរកុំស្ដាប់ពួកអ្នកប្រកាសទំនាយ គ្រូទាយ គ្រូស្រាយសុបិន គ្រូវេទមន្ត និងគ្រូធ្មប់ដែលប្រាប់ថា៖ «អ្នករាល់គ្នានឹងមិនត្រូវបម្រើស្ដេចស្រុកបាប៊ីឡូនឡើយ»។ ១០ ព្រោះពួកគេកំពុងប្រកាសទំនាយមិនពិតដល់អ្នករាល់គ្នាហើយ គឺធ្វើឲ្យអ្នករាល់គ្នាឃ្លាតចេញពីស្រុកខ្លួនទៅនៅស្រុកឆ្ងាយ។ ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នាខ្ចាត់ខ្ចាយ ហើយអ្នករាល់គ្នានឹងវិនាសទៅ។
១១ «‹«‹ប៉ុន្តែ បើប្រជាជាតិណាព្រមចុះចូលនឹង*ស្ដេចស្រុកបាប៊ីឡូន ហើយបម្រើគាត់ នោះខ្ញុំនឹងឲ្យប្រជាជាតិនោះបន្តរស់នៅក្នុងស្រុកខ្លួន ហើយអាចដាំដុះលើទឹកដីនោះតទៅទៀត›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា»›»។
១២ ខ្ញុំក៏ប្រាប់ពាក្យដូចនោះដែរទៅកាន់សេដេគា+ជាស្ដេចស្រុកយូដាថា៖ «ចូរចុះចូល*បម្រើស្ដេចស្រុកបាប៊ីឡូន និងរាស្ត្ររបស់គាត់ចុះ នោះអ្នកនឹងអាចរស់នៅតទៅទៀត។+ ១៣ ហេតុអ្វីក៏អ្នកនិងរាស្ត្ររបស់អ្នកចង់ស្លាប់ដោយដាវ+ ការអត់ឃ្លាន+ និងរោគរាតត្បាតដូច្នេះ?+ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ហើយថាប្រជាជាតិណាដែលមិនព្រមបម្រើស្ដេចស្រុកបាប៊ីឡូន នឹងត្រូវរងទុក្ខដូចនោះជាមិនខាន។ ១៤ ចូរកុំស្ដាប់ពាក្យរបស់អ្នកប្រកាសទំនាយដែលថា៖ ‹អ្នកនឹងមិនត្រូវបម្រើស្ដេចស្រុកបាប៊ីឡូនទេ›+ ព្រោះពួកគេកំពុងប្រកាសពាក្យមិនពិតដល់អ្នកហើយ។+
១៥ «‹ព្រោះខ្ញុំមិនបានចាត់ពួកគេទេ គឺពួកគេខ្លួនឯងទេដែលកំពុងប្រកាសពាក្យមិនពិតក្នុងនាមខ្ញុំ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។ ‹ហេតុនេះ ខ្ញុំនឹងធ្វើឲ្យអ្នកនិងពួកអ្នកប្រកាសទំនាយមិនពិតទាំងនោះវិនាសខ្ចាត់ខ្ចាយទៅ›»។+
១៦ ខ្ញុំបាននិយាយទៅពួកសង្ឃនិងបណ្ដាជនទាំងនេះថា៖ «ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹ចូរកុំស្ដាប់ពាក្យរបស់ពួកអ្នកប្រកាសទំនាយដែលថា៖ «មើល! ឆាប់ៗខាងមុខនេះ គេនឹងនាំយកប្រដាប់ប្រដាដែលប្រើនៅវិហាររបស់ព្រះយេហូវ៉ា មកពីស្រុកបាប៊ីឡូនវិញជាមិនខាន»។+ កុំជឿពួកគេឲ្យសោះ ពួកគេកំពុងប្រកាសពាក្យកុហកដល់អ្នករាល់គ្នាទេ។+ ១៧ កុំស្ដាប់ពួកគេឡើយ។ ចូរបម្រើស្ដេចស្រុកបាប៊ីឡូនទៅ នោះអ្នករាល់គ្នានឹងរស់នៅតទៅទៀត។+ តើគួរឲ្យក្រុងនេះត្រូវបំផ្លាញចោលឬ? ១៨ ប៉ុន្តែ បើពួកគេជាអ្នកប្រកាសទំនាយពិត ហើយព្រះយេហូវ៉ាមានប្រសាសន៍តាមរយៈពួកគេមែន សូមឲ្យពួកគេអង្វរព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ ដើម្បីកុំឲ្យពួកសត្រូវមកប្រមូលប្រដាប់ប្រដាដែលនៅសេសសល់ក្នុងវិហាររបស់ព្រះយេហូវ៉ា ក្នុងវិមានស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡិមទៅស្រុកបាប៊ីឡូនទៀត›។
១៩ «ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានមានប្រសាសន៍អំពីសសរ+ អាងទឹកធំ*+ រទេះទឹក+ និងប្រដាប់ប្រដាដែលនៅសល់ក្នុងក្រុងនេះ ២០ ដែលនេប៊ូក្នេសាស្ដេចស្រុកបាប៊ីឡូនមិនបានប្រមូលយកទៅ កាលដែលគាត់ចាប់យេកូនាសជាកូនយេហូយ៉ាគីមស្ដេចស្រុកយូដា និងពួកអ្នកមានមុខមាត់ទាំងអស់ក្នុងស្រុកយូដា និងនៅក្រុងយេរូសាឡិម យកទៅធ្វើជាឈ្លើយនៅស្រុកបាប៊ីឡូន។+ ២១ ស្ដីអំពីប្រដាប់ប្រដាដែលនៅសល់ក្នុងវិហាររបស់ព្រះយេហូវ៉ា ក្នុងវិមានស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡិម ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែល បានមានប្រសាសន៍ថា៖ ២២ ‹«ប្រដាប់ប្រដាទាំងនេះនឹងត្រូវនាំយកទៅស្រុកបាប៊ីឡូន+ ហើយស្ថិតនៅទីនោះរហូតដល់ថ្ងៃដែលខ្ញុំគិតអំពីរបស់ទាំងនោះ។* បន្ទាប់មក ខ្ញុំនឹងនាំយកប្រដាប់ប្រដាទាំងនោះមកដាក់នៅកន្លែងដើមវិញ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›»។+