ជំរឿនបណ្ដាជន
១១ គ្រានោះ បណ្ដាជនចាប់ផ្ដើមត្អូញត្អែរឥតឈប់នៅចំពោះព្រះយេហូវ៉ា។ ពេលព្រះយេហូវ៉ាឮពាក្យត្អូញត្អែរទាំងនោះ លោកខឹងនឹងពួកគេយ៉ាងខ្លាំង។ ដូច្នេះ ព្រះយេហូវ៉ាធ្វើឲ្យមានភ្លើងធ្លាក់មកឆាបឆេះពួកគេខ្លះដែលរស់នៅជាយជំរំ។ ២ ពេលនោះ បណ្ដាជនបានស្រែកសុំឲ្យម៉ូសេជួយ។ ដូច្នេះ ម៉ូសេក៏អង្វរព្រះយេហូវ៉ា+ ហើយភ្លើងបានរលត់ទៅ។ ៣ ហេតុនេះ គេបានដាក់ឈ្មោះកន្លែងនោះថា ថាបេរ៉ា* ព្រោះភ្លើងពីព្រះយេហូវ៉ាបានធ្លាក់មកបំផ្លាញពួកគេនៅទីនោះ។+
៤ ក្រោយមក ជនបរទេស+ដែលរួមដំណើរជាមួយនឹងបណ្ដាជនអ៊ីស្រាអែល ចាប់ផ្ដើមមានចិត្តលោភលន់។+ ម្ល៉ោះហើយ បណ្ដាជនអ៊ីស្រាអែលក៏ចាប់ផ្ដើមយំម្ដងទៀត ហើយនិយាយថា៖ «តើអ្នកណានឹងឲ្យសាច់យើងបរិភោគទៅ?+ ៥ កាលដែលយើងនៅស្រុកអេហ្ស៊ីប យើងធ្លាប់បរិភោគត្រី ត្រសក់ ឪឡឹក ខ្ទឹមខ្យល់ ខ្ទឹមបារាំង និងខ្ទឹមស។ យើងបរិភោគទាំងអស់ដោយមិនចាំបាច់ទិញទេ!+ ៦ ប៉ុន្តែ ឥឡូវយើងគ្មានកម្លាំងទេ ព្រោះគ្មានអ្វីបរិភោគ មានតែម៉ាណាប៉ុណ្ណោះ»។+
៧ ឯម៉ាណា+មានសណ្ឋានដូចជាគ្រាប់ជីរវ៉ាន់ស៊ុយ+ និងមើលទៅដូចជាជ័រក្រអូបដេលាម។ ៨ បណ្ដាជនតែងតែចេញទៅរើសម៉ាណា ហើយយកទៅកិនឬបុក។ បន្ទាប់មក យកទៅស្ងោរក្នុងឆ្នាំងឬធ្វើជានំមូលៗ។+ នំទាំងនោះមានរសជាតិដូចជានំផ្អែមលាយប្រេង។ ៩ នាពេលយប់ ពេលដែលទឹកសន្សើមធ្លាក់មកលើជំរំ ម៉ាណាក៏ធ្លាក់មកដែរ។+
១០ គ្រួសារនីមួយៗចាប់ផ្ដើមស្រែកយំ ហើយពួកគេម្នាក់ៗនៅមាត់ទ្វារត្រសាលរបស់ខ្លួន។ ពេលឮសម្រែកយំនោះ ព្រះយេហូវ៉ាខឹងនឹងពួកគេខ្លាំងណាស់+ ហើយម៉ូសេមិនពេញចិត្តទាល់តែសោះ។ ១១ ដូច្នេះ ម៉ូសេសួរព្រះយេហូវ៉ាថា៖ «ហេតុអ្វីក៏លោកធ្វើឲ្យខ្ញុំពិបាកដូច្នេះ? តើលោកមិនពេញចិត្តនឹងខ្ញុំទេឬ បានជាលោកឲ្យបណ្ដាជនទាំងនេះជាបន្ទុកដល់ខ្ញុំយ៉ាងនេះ?+ ១២ តើខ្ញុំជាម្ដាយពួកគេឬ? តើខ្ញុំបានបង្កើតពួកគេឬ បានជាលោកប្រាប់ខ្ញុំឲ្យ‹បីពួកគេដូចជាអ្នកមើលថែកូន› ហើយនាំពួកគេទៅស្រុកដែលលោកបានសន្យាឲ្យបុព្វបុរសរបស់ពួកគេដូច្នេះ?+ ១៣ តើខ្ញុំត្រូវយកសាច់ពីណាមកឲ្យបណ្ដាជនទាំងនេះ? ព្រោះពួកគេចេះតែស្រែកយំថា៖ ‹ឲ្យសាច់មកយើងបរិភោគផង!›។ ១៤ ខ្ញុំមិនអាចទ្រាំទ្រនឹងបណ្ដាជនទាំងនេះតែម្នាក់ឯងបានទេ។ វាហួសពីកម្លាំងខ្ញុំហើយ។+ ១៥ បើលោកធ្វើដូច្នេះចំពោះខ្ញុំ សូមសម្លាប់ខ្ញុំតែម្ដងទៅ។+ បើលោកពេញចិត្តនឹងខ្ញុំមែន សូមកុំឲ្យខ្ញុំជួបទុក្ខលំបាកតទៅទៀត»។
១៦ ព្រះយេហូវ៉ាបានឆ្លើយទៅម៉ូសេថា៖ «ចូរប្រមូលបុរសចាស់ទុំនៃអ៊ីស្រាអែល៧០នាក់មកឯខ្ញុំ ជាពួកបុរសដែលអ្នកស្គាល់ច្បាស់ថាជាបុរសចាស់ទុំ និងជាអ្នកដឹកនាំបណ្ដាជន។+ ចូរនាំពួកគេទៅឈរនៅត្រសាលជំនុំជាមួយនឹងអ្នក។ ១៧ ខ្ញុំនឹងចុះទៅ+និយាយជាមួយនឹងអ្នកនៅទីនោះ+ ហើយខ្ញុំនឹងដកយកឫទ្ធានុភាព+ខ្លះរបស់ខ្ញុំចេញពីអ្នក យកទៅដាក់លើពួកគេ។ ពួកគេនឹងជួយសម្រាលបន្ទុកអ្នកក្នុងការមើលខុសត្រូវបណ្ដាជន ដើម្បីកុំឲ្យអ្នកទទួលបន្ទុកតែម្នាក់ឯងទៀត។+ ១៨ អ្នកត្រូវប្រាប់បណ្ដាជនថា៖ ‹ចូរអ្នករាល់គ្នាញែកខ្លួនជាបរិសុទ្ធសម្រាប់ថ្ងៃស្អែក។+ អ្នករាល់គ្នានឹងបានសាច់បរិភោគជាប្រាកដ ព្រោះព្រះយេហូវ៉ាបានឮសម្រែកយំរបស់អ្នករាល់គ្នាហើយ+ ដែលថា៖ «តើអ្នកណានឹងឲ្យសាច់យើងបរិភោគទៅ? ស៊ូឲ្យយើងរស់នៅស្រុកអេហ្ស៊ីបវិញប្រសើរជាង»។+ ព្រះយេហូវ៉ានឹងឲ្យសាច់ដល់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានបរិភោគជាមិនខាន។+ ១៩ អ្នករាល់គ្នាមិនគ្រាន់តែបរិភោគមួយថ្ងៃ ២ថ្ងៃ ៥ថ្ងៃ ១០ថ្ងៃ ឬ២០ថ្ងៃប៉ុណ្ណោះទេ ២០ តែនឹងបរិភោគពេញមួយខែវិញ រហូតដល់សាច់ចេញតាមរន្ធច្រមុះ ហើយអ្នករាល់គ្នានឹងខ្ពើមរអើមសាច់ទាំងនោះ។+ ព្រោះអ្នករាល់គ្នាបានបោះបង់ចោលព្រះយេហូវ៉ា ជាព្រះដែលនៅក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នាស្រែកយំនៅចំពោះលោកថា៖ «ហេតុអ្វីបានជាយើងចេញពីស្រុកអេហ្ស៊ីបដូច្នេះ?»›»។+
២១ បន្ទាប់មក ម៉ូសេបាននិយាយថា៖ «ក្នុងចំណោមពួកខ្ញុំមានពួកបុរសខ្លាំងពូកែចំនួន៦០០.០០០នាក់+ តែលោកមានប្រសាសន៍ថា៖ ‹ខ្ញុំនឹងឲ្យសាច់ពួកគេបរិភោគពេញមួយខែ›។ ២២ ទោះបើសម្លាប់ហ្វូងចៀម ហ្វូងពពែ និងហ្វូងគោឲ្យពួកគេបរិភោគក៏ដោយ តើនឹងល្មមគ្រប់គ្រាន់ទេ? ទោះបីចាប់ត្រីទាំងអស់ពីសមុទ្រក្ដី តើនឹងល្មមឲ្យពួកគេបរិភោគដែរឬ?»។
២៣ បន្ទាប់មក ព្រះយេហូវ៉ាមានប្រសាសន៍ទៅម៉ូសេថា៖ «តើរឿងនេះពិបាកពេកសម្រាប់ខ្ញុំជាយេហូវ៉ាឬ?+ អ្នកនឹងឃើញថាអ្វីដែលខ្ញុំបានប្រាប់នឹងកើតឡើងមែនឬមិនមែន»។
២៤ ដូច្នេះ ម៉ូសេបានចេញទៅប្រាប់បណ្ដាជនអំពីប្រសាសន៍របស់ព្រះយេហូវ៉ា ហើយប្រមូលពួកបុរសចាស់ទុំនៃអ៊ីស្រាអែល៧០នាក់ រួចឲ្យពួកគេមកឈរជុំវិញត្រសាលជំនុំ។+ ២៥ បន្ទាប់មក ព្រះយេហូវ៉ាបានចុះមកក្នុងពពក+ ហើយនិយាយជាមួយនឹងម៉ូសេ។+ រួចលោកដកយកឫទ្ធានុភាព+ខ្លះពីម៉ូសេ ទៅដាក់លើពួកបុរសចាស់ទុំទាំង៧០នាក់នោះ។ ពេលដែលពួកគេបានទទួលឫទ្ធានុភាពរបស់ព្រះភ្លាម ពួកគេចាប់ផ្ដើមប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយ*+ តែមិនបានប្រព្រឹត្តដូច្នោះម្ដងទៀតទេ។
២៦ ពេលនោះ មានបុរសចាស់ទុំពីរនាក់ដែលមានឈ្មោះក្នុងបញ្ជី គឺអែលដាតនិងមេដាត។ ពួកគេនៅក្នុងជំរំនៅឡើយ កាលដែលពួកបុរសចាស់ទុំឯទៀតទៅជួបជុំគ្នានៅត្រសាលជំនុំ។ ពួកគេក៏ទទួលឫទ្ធានុភាពពីព្រះដូចពួកបុរសចាស់ទុំឯទៀតដែរ ហើយចាប់ផ្ដើមប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយនៅក្នុងជំរំ។ ២៧ ឃើញដូច្នោះ យុវជនម្នាក់បានរត់ទៅប្រាប់ម៉ូសេថា៖ «អែលដាតនិងមេដាតកំពុងប្រព្រឹត្តដូចជាអ្នកប្រកាសទំនាយនៅក្នុងជំរំហើយ!»។ ២៨ បន្ទាប់មក យ៉ូស្វេ+ជាកូនរបស់នុន ដែលបម្រើម៉ូសេតាំងពីក្មេង បានប្រាប់ម៉ូសេថា៖ «លោកម្ចាស់ សូមឃាត់ពួកគេទៅ!»។+ ២៩ ប៉ុន្តែ ម៉ូសេតបទៅវិញថា៖ «តើអ្នកច្រណែនជំនួសខ្ញុំឬ? កុំឡើយ! ខ្ញុំចង់ឲ្យរាស្ត្រទាំងអស់របស់ព្រះយេហូវ៉ាធ្វើជាអ្នកប្រកាសទំនាយ ហើយក៏ចង់ឲ្យពួកគេទទួលឫទ្ធានុភាពពីព្រះយេហូវ៉ាដែរ»។ ៣០ ក្រោយមក ម៉ូសេនិងពួកបុរសចាស់ទុំនៃអ៊ីស្រាអែលបានត្រឡប់ទៅជំរំវិញ។
៣១ រួចមក ព្រះយេហូវ៉ាបានធ្វើឲ្យខ្យល់បក់ផាត់នាំយកសត្វក្រួចពីសមុទ្រមកទម្លាក់ជុំវិញជំរំ។+ នៅគ្រប់ទិសមានសត្វក្រួចច្រើនដល់ម្ល៉េះបានជាត្រូវដើរមួយថ្ងៃទើបផុត ហើយហ្វូងក្រួចមានកម្ពស់ពីដីប្រមាណពីរហត្ថ។* ៣២ ពេលនោះ បណ្ដាជនបាននាំគ្នាចេញទៅចាប់សត្វក្រួចអស់មួយថ្ងៃមួយយប់ រហូតដល់ថ្ងៃបន្ទាប់។ ម្នាក់ៗប្រមូលបានយ៉ាងតិចបំផុត១០ហូម៉ើរ* រួចពួកគេយកទៅហាលពេញជំរំ។ ៣៣ ប៉ុន្តែ កាលដែលពួកគេដាក់សាច់ក្នុងមាត់ មិនទាន់ទំពានៅឡើយ ព្រះយេហូវ៉ាខឹងនឹងពួកគេយ៉ាងខ្លាំង ហើយព្រះយេហូវ៉ាបណ្ដាលឲ្យពួកគេស្លាប់យ៉ាងច្រើនក្រៃលែង។+
៣៤ ហេតុនេះ គេបានហៅកន្លែងនោះថាគីប្រុតហាតាវ៉ា*+ ព្រោះនៅទីនោះបណ្ដាជនបានបញ្ចុះសពពួកអ្នកដែលមានចិត្តលោភលន់។+ ៣៥ បន្ទាប់មក ពួកគេបានចាកចេញពីគីប្រុតហាតាវ៉ា ទៅបោះជំរំនៅហាសិរ៉ូត រួចបន្តស្នាក់នៅទីនោះ។+