ជំរឿនបណ្ដាជន
២៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាត្រូវយកចិត្តទុកដាក់ចំពោះការជូនគ្រឿងបូជាដល់ខ្ញុំ គឺការជូនអាហារដល់ខ្ញុំ។ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតឲ្យមានក្លិនឈ្ងុយដល់ខ្ញុំ* តាមពេលកំណត់›។+
៣ «អ្នកត្រូវប្រាប់ពួកគេទៀតថា៖ ‹គ្រឿងបូជាដែលអ្នករាល់គ្នាត្រូវដុតជូនព្រះយេហូវ៉ាមានដូចតទៅ៖ ត្រូវជូនកូនចៀមឈ្មោលល្អឥតខ្ចោះពីរក្បាលអាយុមួយឆ្នាំជាគ្រឿងបូជាដុត ជារៀងរាល់ថ្ងៃ។+ ៤ ត្រូវជូនកូនចៀមឈ្មោលមួយក្បាលនៅពេលព្រឹក និងមួយក្បាលទៀតនៅពេលល្ងាច+ ៥ ជាមួយនឹងគ្រឿងបូជាពីស្រូវ ដែលជាម្សៅម៉ដ្ឋ១ភាគ១០អេហ្វា* លាយជាមួយប្រេងសម្រាំង១ភាគ៤ហ៊ីន។*+ ៦ នេះជាគ្រឿងបូជាដុតដែលត្រូវជូនជាប្រចាំ+ ដើម្បីឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា តាមការណែនាំដែលអ្នករាល់គ្នាបានទទួលនៅភ្នំស៊ីណាយ។ ៧ ពេលជូនកូនចៀមឈ្មោលនីមួយៗ ត្រូវជូនគ្រឿងបូជាជាស្រា១ភាគ៤ហ៊ីនជាមួយដែរ។+ ត្រូវច្រួចស្រានោះនៅកន្លែងបរិសុទ្ធ ជាគ្រឿងបូជាជាស្រាជូនព្រះយេហូវ៉ា។ ៨ ពេលជូនកូនចៀមឈ្មោលនៅពេលល្ងាច អ្នកក៏ត្រូវជូនម្សៅនិងគ្រឿងបូជាជាស្រាដូចនៅពេលព្រឹកដែរ។ អ្នកត្រូវដុតរបស់ទាំងនេះទុកជាគ្រឿងបូជាដែលមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។+
៩ «‹ប៉ុន្តែ នៅថ្ងៃឈប់សម្រាក+ អ្នករាល់គ្នាត្រូវជូនកូនចៀមឈ្មោលល្អឥតខ្ចោះពីរក្បាលអាយុមួយឆ្នាំ ជាមួយនឹងគ្រឿងបូជាពីស្រូវគឺម្សៅម៉ដ្ឋ២ភាគ១០អេហ្វាលាយនឹងប្រេង រួមទាំងគ្រឿងបូជាជាស្រាផងដែរ។ ១០ នេះជាគ្រឿងបូជាដុតដែលត្រូវជូននៅថ្ងៃឈប់សម្រាក បន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ។+
១១ «‹រៀងរាល់ដើមខែ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា គឺគោស្ទាវ២ក្បាល ចៀមឈ្មោល១ក្បាល និងកូនចៀមឈ្មោលល្អឥតខ្ចោះ៧ក្បាលអាយុមួយឆ្នាំ។+ ១២ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ+ គឺម្សៅម៉ដ្ឋ៣ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។+ ១៣ ពេលជូនកូនចៀមឈ្មោលនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០រង្វាល់លាយជាមួយនឹងប្រេង ជាគ្រឿងបូជាដុត ដើម្បីឲ្យមានក្លិនឈ្ងុយជូនព្រះយេហូវ៉ា។+ ១៤ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនស្រាទំពាំងបាយជូរកន្លះហ៊ីនជាគ្រឿងបូជាជាស្រា+ ពេលជូនចៀមឈ្មោល ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៣ហ៊ីន+ ហើយពេលជូនកូនចៀមឈ្មោលនីមួយៗ ត្រូវជូនស្រាទំពាំងបាយជូរ១ភាគ៤ហ៊ីនជាមួយដែរ។+ នេះជាគ្រឿងបូជាដុតដែលត្រូវជូននៅរៀងរាល់ដើមខែ ពេញមួយឆ្នាំ។ ១៥ បន្ថែមពីលើគ្រឿងបូជាដុតនិងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំ អ្នករាល់គ្នាក៏ត្រូវជូនកូនពពែមួយដល់ព្រះយេហូវ៉ាផងដែរ ដើម្បីទុកជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គង។
១៦ «‹នៅថ្ងៃទី១៤ ក្នុងខែទី១ អ្នករាល់គ្នាត្រូវធ្វើបុណ្យរំលងជូនព្រះយេហូវ៉ា។+ ១៧ នៅថ្ងៃទី១៥ ក្នុងខែដដែលនោះ ក៏មានបុណ្យមួយទៀតដែរ គឺបុណ្យនំប៉័ងឥតដំបែ។ នៅពេលនោះ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតដំបែអស់រយៈពេល៧ថ្ងៃ។+ ១៨ នៅថ្ងៃទី១នៃបុណ្យនេះ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។ ១៩ រួចអ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា គឺគោស្ទាវ២ក្បាល ចៀមឈ្មោល១ក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ។+ ២០ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។+ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ២១ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាលនោះ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ២២ បន្ថែមពីលើនោះ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ ដើម្បីជម្រះភាពខុសឆ្គងរបស់អ្នករាល់គ្នា។ ២៣ ដូច្នេះ អ្នករាល់គ្នាត្រូវជូនអ្វីទាំងនេះ បន្ថែមពីលើគ្រឿងបូជាដុតដែលត្រូវជូននៅពេលព្រឹកជាប្រចាំ។ ២៤ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាតាមរបៀបនេះនៅថ្ងៃនីមួយៗអស់រយៈពេល៧ថ្ងៃសម្រាប់ជាអាហារដល់ព្រះយេហូវ៉ា និងសម្រាប់ជាក្លិនឈ្ងុយជូនលោក ហើយត្រូវជូនជាមួយនឹងគ្រឿងបូជាដុតនិងគ្រឿងបូជាជាស្រាដែលត្រូវជូនជាប្រចាំផងដែរ។ ២៥ នៅថ្ងៃទី៧នៃបុណ្យនេះ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះ+ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+
២៦ «‹នៅថ្ងៃជូនគ្រឿងបូជាជាផលដំបូង+ អ្នករាល់គ្នាត្រូវយកស្រូវថ្មីមកជូនព្រះយេហូវ៉ា។+ អ្នករាល់គ្នាត្រូវជួបជុំគ្នាគោរពប្រណិប័តន៍ព្រះនៅថ្ងៃបុណ្យអាទិត្យទី៧+ ហើយមិនត្រូវធ្វើការនឿយហត់អ្វីឡើយ។+ ២៧ អ្នករាល់គ្នាត្រូវជូនគ្រឿងបូជាដុតទុកជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា* គឺគោស្ទាវ២ក្បាល ចៀមឈ្មោលមួយក្បាល និងកូនចៀមឈ្មោល៧ក្បាលអាយុមួយឆ្នាំ។+ ២៨ ពេលជូនគោស្ទាវនីមួយៗ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ៣ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ពេលជូនចៀមឈ្មោល ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ២ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ២៩ ពេលជូនកូនចៀមឈ្មោលនីមួយៗទាំង៧ក្បាលនោះ ត្រូវជូនគ្រឿងបូជាពីស្រូវ គឺម្សៅម៉ដ្ឋ១ភាគ១០រង្វាល់លាយជាមួយនឹងប្រេង។ ៣០ បន្ថែមពីលើនោះ អ្នករាល់គ្នាក៏ត្រូវជូនពពែស្ទាវមួយក្បាលជាគ្រឿងបូជាសម្រាប់អំពើខុសឆ្គងផងដែរ ដើម្បីជម្រះភាពខុសឆ្គងរបស់អ្នករាល់គ្នា។+ ៣១ ដូច្នេះ អ្នករាល់គ្នាត្រូវជូនអ្វីទាំងនេះ បន្ថែមពីលើគ្រឿងបូជាដុត និងគ្រឿងបូជាពីស្រូវដែលត្រូវជូនជាប្រចាំ។ អ្នករាល់គ្នាត្រូវជូនសត្វដែលល្អឥតខ្ចោះ+ ជាមួយនឹងគ្រឿងបូជាជាស្រាផងដែរ។