ជំរឿនបណ្ដាជន
៣៥ កាលនៅតំបន់វាលម៉ូអាប់ក្បែរទន្លេយ៉ូដាន់ទល់មុខក្រុងយេរីខូ+ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់ម៉ូសេថា៖ ២ «ចូរបង្គាប់បណ្ដាជនអ៊ីស្រាអែលឲ្យពួកគេ ប្រគល់ក្រុងខ្លះជាចំណែកមត៌ករបស់ខ្លួន ព្រមទាំងតំបន់វាលស្មៅជុំវិញ ដល់ពួកលេវីទុកជាទីលំនៅ។+ ៣ ដូច្នេះ ពួកលេវីនឹងរស់នៅក្នុងក្រុងទាំងនោះ ហើយតំបន់វាលស្មៅទុកសម្រាប់ហ្វូងចៀម ហ្វូងពពែ និងប្រដាប់ប្រដាផ្សេងៗ ព្រមទាំងសម្រាប់សត្វឯទៀតរបស់ពួកគេ។ ៤ តំបន់វាលស្មៅដែលត្រូវប្រគល់ឲ្យពួកលេវី អ្នករាល់គ្នាត្រូវវាស់ចេញពីកំពែងក្រុងនៅជុំវិញ ប្រវែង១.០០០ហត្ថ។* ៥ ដូច្នេះ នៅខាងក្រៅក្រុងប៉ែកខាងកើត ត្រូវមានប្រវែង២.០០០ហត្ថ ប៉ែកខាងត្បូង២.០០០ហត្ថ ប៉ែកខាងលិច២.០០០ហត្ថ និងប៉ែកខាងជើង២.០០០ហត្ថ ហើយមានក្រុងនៅចំកណ្ដាល។ ទំហំនេះនឹងទៅជាតំបន់វាលស្មៅដែលនៅជុំវិញក្រុងទាំងនោះ។
៦ «អ្នករាល់គ្នាត្រូវប្រគល់ឲ្យពួកលេវីនូវក្រុង៦ដែលជាក្រុងពំនាក់+សម្រាប់ទុកឲ្យអ្នកដែលសម្លាប់គេរត់ទៅជ្រកកោន+ ហើយក៏ត្រូវឲ្យក្រុង៤២ទៀតដល់ពួកគេដែរ។ ៧ ម្ល៉ោះហើយ អ្នករាល់គ្នាត្រូវប្រគល់ក្រុងចំនួន៤៨ ឲ្យដល់ពួកលេវី ព្រមទាំងតំបន់វាលស្មៅនៅជុំវិញក្រុងទាំងនោះ។+ ៨ អ្នករាល់គ្នាត្រូវប្រគល់ក្រុងទាំងនោះពីចំណែកមត៌ករបស់ខ្លួន។+ ចំពោះកុលសម្ព័ន្ធធំ ត្រូវឲ្យក្រុងច្រើនជាង ចំពោះកុលសម្ព័ន្ធតូច ត្រូវឲ្យក្រុងតិចជាង+ គឺកុលសម្ព័ន្ធនីមួយៗត្រូវឲ្យស្របតាមចំណែកមត៌កដែលពួកគេសមនឹងទទួល»។
៩ ព្រះយេហូវ៉ាបានមានប្រសាសន៍បន្តទៅម៉ូសេថា៖ ១០ «ចូរប្រាប់បណ្ដាជនអ៊ីស្រាអែលថា៖ ‹អ្នករាល់គ្នាហៀបនឹងឆ្លងទន្លេយ៉ូដាន់ចូលក្នុងស្រុកកាណានហើយ។+ ១១ ដូច្នេះ ចូរជ្រើសរើសក្រុងខ្លះដែលស្រួលធ្វើដំណើរ ទុកធ្វើជាក្រុងពំនាក់ ដើម្បីឲ្យអ្នកដែលសម្លាប់គេដោយអចេតនា អាចរត់ទៅជ្រកកោន។+ ១២ ក្រុងទាំងនោះនឹងទៅជាទីជ្រកកោនសម្រាប់អ្នករាល់គ្នា ឲ្យរួចផុតពីអ្នកដែលមានសិទ្ធិសងសឹក*+ ដើម្បីកុំឲ្យអ្នកដែលសម្លាប់គេត្រូវស្លាប់ រហូតដល់គាត់បានទទួលការវិនិច្ឆ័យនៅមុខពួកជំនុំរួចរាល់សិន។+ ១៣ ការរៀបចំឲ្យមានក្រុងពំនាក់ទាំង៦នេះ គឺដើម្បីគោលបំណងនេះ។ ១៤ អ្នករាល់គ្នាត្រូវតាំងក្រុងបីនៅត្រើយខាងនេះទន្លេយ៉ូដាន់+ និងក្រុងបីទៀតនៅក្នុងទឹកដីកាណាន+ ទុកជាក្រុងពំនាក់។ ១៥ ក្រុងទាំង៦នេះនឹងបានជាទីជ្រកកោនសម្រាប់បណ្ដាជនអ៊ីស្រាអែល និងជនបរទេស+ ព្រមទាំងអ្នកដែលស្នាក់នៅក្នុងចំណោមអ្នករាល់គ្នា ពោលគឺអស់អ្នកដែលសម្លាប់គេដោយអចេតនាអាចរត់ទៅទីនោះ។+
១៦ «‹ប៉ុន្តែ បើបុគ្គលម្នាក់យកឧបករណ៍ដែក ទៅវាយអ្នកឯទៀត ហើយអ្នកនោះស្លាប់ អ្នកវាយនោះជាឃាតករហើយ ត្រូវសម្លាប់គាត់ជាមិនខាន។+ ១៧ បើបុគ្គលម្នាក់យកថ្មដែលអាចនាំឲ្យមានគ្រោះថ្នាក់ដល់ជីវិត ទៅវាយអ្នកឯទៀត ហើយជនរងគ្រោះស្លាប់ អ្នកវាយនោះជាឃាតករហើយ ត្រូវសម្លាប់គាត់ជាមិនខាន។ ១៨ បើបុគ្គលម្នាក់យកឧបករណ៍ឈើដែលអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិត ទៅវាយអ្នកឯទៀត ហើយជនរងគ្រោះស្លាប់ អ្នកវាយនោះជាឃាតករហើយ ត្រូវសម្លាប់គាត់ជាមិនខាន។
១៩ «‹អ្នកដែលមានសិទ្ធិសងសឹកគឺជាអ្នកដែលត្រូវសម្លាប់បុគ្គលនោះ។ គាត់អាចសម្លាប់បុគ្គលនោះបាន កាលដែលគាត់បានជួបបុគ្គលនោះ។ ២០ បើអ្នកណាម្នាក់បណ្ដាលឲ្យគេស្លាប់ ដោយច្រានគេទាំងចិត្តស្អប់ ឬដោយគប់គេព្រោះគំនុំ+ ២១ ឬដាល់គេដោយចិត្តស្អប់ នោះអ្នកដែលបណ្ដាលឲ្យគេស្លាប់ នឹងត្រូវគេសម្លាប់ជាមិនខាន ព្រោះគាត់ជាឃាតករ។ អ្នកដែលមានសិទ្ធិសងសឹក ត្រូវសម្លាប់បុគ្គលនោះវិញ កាលដែលគាត់បានជួបបុគ្គលនោះ។
២២ «‹ប៉ុន្តែ ក្នុងករណីអ្នកណាម្នាក់ច្រានឬគប់អ្វីមួយទៅលើបុគ្គលម្នាក់ទៀត ដោយគ្មានចេតនា គ្មានចិត្តស្អប់ ឬគ្មានគំនុំទេ+ ២៣ ឬក្នុងករណីអ្នកណាម្នាក់ធ្វើឲ្យថ្មធ្លាក់លើបុគ្គលម្នាក់ទៀតដោយមិនបានឃើញ ហើយគាត់មិនមែនជាសត្រូវ ឬគ្មានបំណងធ្វើឲ្យអ្នកនោះរបួសទេ តែបានបណ្ដាលឲ្យជនរងគ្រោះស្លាប់ ២៤ នោះពួកជំនុំត្រូវកាត់ក្ដីឲ្យអ្នកនោះនិងអ្នកដែលមានសិទ្ធិសងសឹក ស្របតាមច្បាប់ទាំងនេះ។+ ២៥ ពួកជំនុំត្រូវជួយការពារអ្នកដែលសម្លាប់គេដោយអចេតនា ឲ្យរួចផុតពីដៃរបស់អ្នកដែលមានសិទ្ធិសងសឹក ហើយឲ្យអ្នកនោះត្រឡប់ទៅក្រុងពំនាក់ដែលគាត់បានរត់ទៅនោះវិញ។ ក្រោយពីនោះ គាត់ត្រូវស្នាក់នៅក្នុងក្រុងនោះ រហូតដល់សម្ដេចសង្ឃ*ស្លាប់។+
២៦ «‹ប៉ុន្តែ បើអ្នកសម្លាប់គេនោះចេញពីព្រំប្រទល់ក្រុងពំនាក់ដែលគាត់បានរត់ទៅជ្រកកោន ២៧ ហើយអ្នកដែលមានសិទ្ធិសងសឹក ឃើញគាត់នៅក្រៅព្រំប្រទល់ក្រុងពំនាក់នោះ អ្នកដែលមានសិទ្ធិសងសឹកអាចសម្លាប់អ្នកនោះបាន ហើយគ្មានទោសទេ។ ២៨ ព្រោះអ្នកនោះត្រូវស្នាក់នៅក្នុងក្រុងពំនាក់រហូតដល់សម្ដេចសង្ឃស្លាប់។ ប៉ុន្តែ ក្រោយពីសម្ដេចសង្ឃស្លាប់ អ្នកសម្លាប់គេអាចត្រឡប់ទៅលំនៅរបស់គាត់វិញបាន។+ ២៩ នេះនឹងទៅជាច្បាប់សម្រាប់អ្នករាល់គ្នាគ្រប់ជំនាន់តរៀងទៅ ទោះជាអ្នករាល់គ្នារស់នៅកន្លែងណាក៏ដោយ។
៣០ «‹បើអ្នកណាសម្លាប់អ្នកឯទៀត ដោយមានការបញ្ជាក់ពីសាក្សីពីរនាក់ឡើងទៅ+ ឃាតករ+នោះនឹងត្រូវគេសម្លាប់ តែបើមានតែសាក្សីម្នាក់ប៉ុណ្ណោះ មិនអាចសម្លាប់គាត់បានទេ។ ៣១ អ្នករាល់គ្នាមិនត្រូវទទួលថ្លៃលោះសម្រាប់ជីវិតឃាតករដែលសមនឹងស្លាប់ទេ ព្រោះគាត់ត្រូវស្លាប់ជាមិនខាន។+ ៣២ អ្នករាល់គ្នាមិនត្រូវទទួលថ្លៃលោះសម្រាប់បុគ្គលដែលរត់ទៅក្រុងពំនាក់ ហើយឲ្យគាត់ត្រឡប់ទៅរស់នៅស្រុករបស់គាត់វិញ មុនសម្ដេចសង្ឃស្លាប់នោះឡើយ។
៣៣ «‹អ្នករាល់គ្នាមិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅទៅជាមិនស្អាតបរិសុទ្ធ ដោយសារតែការបង្ហូរឈាមឡើយ។+ គ្មានអ្វីអាចជម្រះឲ្យស្អាតបរិសុទ្ធពីឈាមដែលបានត្រូវកម្ចាយនោះទេ លើកលែងតែតាមរយៈឈាមរបស់អ្នកដែលកម្ចាយនោះប៉ុណ្ណោះ។+ ៣៤ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យស្រុកដែលអ្នករាល់គ្នារស់នៅទៅជាមិនស្អាតបរិសុទ្ធនោះឡើយ។ ព្រោះខ្ញុំយេហូវ៉ា ខ្ញុំកំពុងនៅក្នុងចំណោមប្រជាជាតិអ៊ីស្រាអែល›»។+