សៀវភៅម៉ាកុស
១០ លោកបានចេញពីទីនោះ ហើយឆ្លងទន្លេយ៉ូដាន់ទៅដល់ព្រំប្រទល់តំបន់យូឌា រួចបណ្ដាជនបានមូលគ្នាមកឯលោកម្ដងទៀត។ លោកក៏ចាប់ផ្ដើមបង្រៀនពួកគេតាមទម្លាប់របស់លោក។+ ២ នៅពេលនោះ ពួកផារិស៊ីខ្លះបានមកដើម្បីល្បងលលោក ដោយសួរថា តើមានច្បាប់ឲ្យបុរសលែងលះប្រពន្ធឬទេ?+ ៣ លោកតបវិញថា៖ «តើម៉ូសេបានបង្គាប់អ្នករាល់គ្នាឲ្យធ្វើដូចម្ដេច?»។ ៤ ពួកគេឆ្លើយថា៖ «ម៉ូសេបានអនុញ្ញាតឲ្យសរសេរសំបុត្រលែងលះទៅនាង ហើយឲ្យនាងចុះចេញ»។+ ៥ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគេថា៖ «ម៉ូសេបានសរសេរបញ្ញត្ដិនេះសម្រាប់អ្នករាល់គ្នា+ ដោយសារអ្នករាល់គ្នាមានចិត្តរឹង។+ ៦ ក៏ប៉ុន្តែ កាលដែលព្រះបង្កើតមនុស្សជាតិដំបូង ‹ព្រះបានបង្កើតពួកគេជាប្រុសជាស្រី។+ ៧ ហេតុនេះ បុរសនឹងចាកចេញពីឪពុកម្ដាយខ្លួន+ ៨ ហើយពួកគេទាំងពីរនាក់នឹងទៅជាសាច់ឈាមតែមួយ›។+ ដូច្នេះ ពួកគេលែងជាពីរទៀតហើយ ប៉ុន្តែជាសាច់ឈាមតែមួយវិញ។ ៩ ម្ល៉ោះហើយ កុំឲ្យអ្នកណាពង្រាត់គូដែលព្រះបានផ្សំផ្គុំ*ឡើយ»។+ ១០ លុះពេលចូលទៅក្នុងផ្ទះម្ដងទៀត អ្នកកាន់តាមចាប់ផ្ដើមសួរលោកអំពីរឿងនេះ។ ១១ រួចលោកមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកណាដែលលែងលះប្រពន្ធ រួចរៀបការជាមួយនឹងស្ត្រីម្នាក់ទៀត អ្នកនោះផិតក្បត់+ប្រពន្ធហើយ។ ១២ បើស្ត្រីណាលែងលះប្ដី រួចរៀបការជាមួយនឹងបុរសម្នាក់ទៀត ស្ត្រីនោះក៏ផិតក្បត់ប្ដីដែរ»។+
១៣ បន្ទាប់មក មនុស្សម្នាចាប់ផ្ដើមនាំកូនក្មេងមកឲ្យលោកពាល់ តែពួកអ្នកកាន់តាមលោកបានស្ដីបន្ទោសមនុស្សទាំងនោះ។+ ១៤ ឃើញដូច្នេះ លោកយេស៊ូទាស់ចិត្ត ហើយប្រាប់ពួកគាត់ថា៖ «ឲ្យកូនក្មេងទាំងនោះមកឯខ្ញុំចុះ កុំឃាត់ពួកគេឡើយ ពីព្រោះរាជាណាចក្រព្រះជារបស់អ្នកដែលមានលក្ខណៈដូចកូនក្មេងទាំងនោះ។+ ១៥ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនព្រមទទួលរាជាណាចក្ររបស់ព្រះ ដូចក្មេងតូចម្នាក់ទេ អ្នកនោះនឹងមិនបានចូលរាជាណាចក្ររបស់ព្រះឡើយ»។+ ១៦ រួចមក លោកឱបកូនក្មេងទាំងនោះ ហើយឲ្យពរដោយដាក់ដៃលើពួកគេ។+
១៧ ពេលលោកកំពុងចេញពីទីនោះ បុរសម្នាក់បានរត់ទៅលុតជង្គង់នៅមុខលោក ហើយសួរថា៖ «លោកគ្រូល្អ តើខ្ញុំត្រូវធ្វើអ្វីដើម្បីទទួលជីវិតដែលគ្មានទីបញ្ចប់ជាមត៌ក?»។+ ១៨ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ហេតុអ្វីអ្នកថាខ្ញុំល្អដូច្នេះ? ក្រៅពីព្រះ គ្មានអ្នកណាល្អឡើយ។+ ១៩ អ្នកបានស្គាល់បញ្ញត្ដិ ដែលថា៖ ‹កុំធ្វើឃាតកម្ម+ កុំផិតក្បត់+ កុំលួច+ កុំធ្វើជាសាក្សីក្លែងក្លាយ+ កុំបោកប្រាស់+ តែចូរគោរពឪពុកម្ដាយខ្លួន›»។+ ២០ បុរសនោះជម្រាបលោកថា៖ «លោកគ្រូ! ខ្ញុំបានធ្វើតាមបញ្ញត្ដិទាំងអស់នេះតាំងពីនៅក្មេងម្ល៉េះ»។ ២១ លោកយេស៊ូមើលទៅបុរសនោះ ហើយមានចិត្តស្រឡាញ់គាត់ រួចប្រាប់ថា៖ «នៅមានអ្វីមួយទៀតដែលអ្នកត្រូវធ្វើ។ ចូរទៅលក់អ្វីៗដែលអ្នកមាន ហើយឲ្យដល់អ្នកក្រ នោះអ្នកនឹងមានទ្រព្យវិសេសនៅស្ថានសួគ៌ រួចចូរមកតាមខ្ញុំចុះ!»។*+ ២២ ប៉ុន្តែ ពេលឮដូច្នេះ បុរសនោះបែរជាព្រួយចិត្ត ហើយបានចេញទៅទាំងកើតទុក្ខ ព្រោះគាត់មានទ្រព្យសម្បត្តិជាច្រើន។+
២៣ លោកយេស៊ូមើលជុំវិញ រួចមានប្រសាសន៍ទៅពួកអ្នកកាន់តាមថា៖ «អ្នកដែលមានប្រាក់ច្រើននឹងពិបាកចូលរាជាណាចក្ររបស់ព្រះណាស់!»។+ ២៤ ប៉ុន្តែ ពាក្យរបស់លោកបានធ្វើឲ្យអ្នកកាន់តាមភ្ញាក់ផ្អើល។ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ថា៖ «កូនៗអើយ! ការចូលរាជាណាចក្ររបស់ព្រះគឺពិបាកណាស់! ២៥ សត្វអូដ្ឋអាចចូលតាមរន្ធម្ជុលងាយជាងអ្នកមានចូលរាជាណាចក្ររបស់ព្រះទៅទៀត»។+ ២៦ ពួកគាត់ភ្ញាក់ផ្អើលកាន់តែខ្លាំង រួចសួរលោក*ថា៖ «តើអ្នកណាទៅអាចទទួលសេចក្ដីសង្គ្រោះបាន?»។+ ២៧ លោកយេស៊ូមើលចំពួកគាត់ រួចពោលថា៖ «មនុស្សមិនអាចសម្រេចការនេះបានឡើយ តែព្រះអាចសម្រេចការនេះបាន ពីព្រោះព្រះអាចសម្រេចគ្រប់ការទាំងអស់»។+ ២៨ ពេត្រុសក៏ជម្រាបលោកថា៖ «មើល! យើងបានចាកចេញពីអ្វីៗទាំងអស់ ហើយបានតាមលោក»។+ ២៩ លោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលចាកចេញពីផ្ទះ ឬបងប្អូនប្រុសស្រី ឬម្ដាយ ឬឪពុក ឬកូន ឬស្រែចម្ការ ដើម្បីខ្ញុំនិងដើម្បីដំណឹងល្អ+ ៣០ អ្នកនោះនឹងបានទទួល១ជា១០០ក្នុងគ្រាឥឡូវនេះគឺ ផ្ទះ បងប្អូនប្រុសស្រី ម្ដាយ កូន និងស្រែចម្ការ ព្រមទាំងការបៀតបៀនផងដែរ+ ហើយក្នុងរបៀបរបបពិភពលោក*ដែលនឹងមកដល់ នឹងទទួលជីវិតដែលគ្មានទីបញ្ចប់។ ៣១ ក៏ប៉ុន្តែ មនុស្សជាច្រើនដែលជាអ្នកមុនគេ នឹងទៅជាអ្នកក្រោយគេវិញ ហើយអ្នកដែលក្រោយគេ នឹងទៅជាអ្នកមុនគេវិញ»។+
៣២ លុះក្រោយមក លោកនិងពួកគាត់បានធ្វើដំណើរតាមផ្លូវឡើងទៅក្រុងយេរូសាឡិម។ លោកយេស៊ូកំពុងដើរនៅមុខពួកគាត់ ហើយពួកគាត់បាននឹកអស្ចារ្យក្នុងចិត្ត តែអ្នកឯទៀតដែលដើរតាមពីក្រោយពួកគាត់ ក៏តាំងភ័យខ្លាច។ រួចមក លោកហៅសាវ័កទាំង១២នាក់មកដោយឡែកពីគេ ហើយចាប់ផ្ដើមប្រាប់ពួកគាត់ម្ដងទៀតអំពីអ្វីដែលហៀបនឹងកើតឡើងដល់លោក ដោយមានប្រសាសន៍ថា៖+ ៣៣ «មើល! យើងកំពុងធ្វើដំណើរឡើងទៅក្រុងយេរូសាឡិម ហើយកូនមនុស្សនឹងត្រូវប្រគល់ឲ្យពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់ ហើយពួកគេនឹងកាត់ទោសប្រហារជីវិតលោក រួចនឹងប្រគល់លោកឲ្យជនជាតិដទៃ ៣៤ ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់លោក ថែមទាំងវាយលោកនឹងរំពាត់ខ្សែតី រួចសម្លាប់លោក។ ប៉ុន្តែ បីថ្ងៃក្រោយ លោកនឹងរស់ឡើងវិញ»។+
៣៥ រួចមក យ៉ាកុបនិងយ៉ូហាន ដែលជាកូនរបស់សេបេដេ+បានមកឯលោក ហើយជម្រាបថា៖ «លោកគ្រូ! សុំលោកធ្វើតាមសំណូមពររបស់យើង»។+ ៣៦ លោកសួរពួកគាត់ថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?»។ ៣៧ ពួកគាត់ជម្រាបថា៖ «សុំអនុញ្ញាតឲ្យយើងអង្គុយ ម្នាក់នៅខាងស្ដាំ ហើយម្នាក់នៅខាងឆ្វេងលោកក្នុងរាជាណាចក្ររបស់លោកផង»។*+ ៣៨ ប៉ុន្តែ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «អ្នកទាំងពីរមិនដឹងថាខ្លួនកំពុងសុំអ្វីទេ។ តើអ្នកអាចផឹកពីពែងដែលខ្ញុំកំពុងផឹក ឬទទួលការជ្រមុជទឹក ដូចដែលខ្ញុំកំពុងទទួលបានឬទេ?»។+ ៣៩ ពួកគាត់ជម្រាបលោកថា៖ «បាន!»។ ឮដូច្នេះ លោកយេស៊ូមានប្រសាសន៍ទៅពួកគាត់ថា៖ «ពួកអ្នកនឹងផឹកពីពែងដែលខ្ញុំកំពុងផឹក ហើយក៏នឹងទទួលការជ្រមុជទឹក ដូចដែលខ្ញុំកំពុងទទួលដែរ។+ ៤០ ក៏ប៉ុន្តែ មិនមែនខ្ញុំទេដែលសម្រេចឲ្យអង្គុយនៅខាងស្ដាំឬខាងឆ្វេងខ្ញុំ តែកន្លែងនោះបានត្រូវរៀបចំទុកជាស្រេចសម្រាប់អ្នកដែលត្រូវអង្គុយ»។
៤១ ពេលដែលសាវ័ក១០នាក់ទៀតឮអំពីរឿងនេះ ពួកគាត់បានទាស់ចិត្តនឹងយ៉ាកុបនិងយ៉ូហាន។+ ៤២ ប៉ុន្តែ លោកយេស៊ូបានហៅពួកគាត់មកឯលោក រួចមានប្រសាសន៍ថា៖ «អ្នករាល់គ្នាដឹងថា អ្នកគ្រប់គ្រងប្រជាជាតិនានាត្រួតត្រាលើបណ្ដាជន ហើយអ្នកធំក៏ប្រើអំណាចលើពួកគេដែរ។+ ៤៣ ប៉ុន្តែ ក្នុងចំណោមអ្នករាល់គ្នាគឺមិនដូច្នេះឡើយ។ ផ្ទុយទៅវិញ អ្នកណាដែលចង់ធ្វើជាអ្នកធំក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវបម្រើអ្នករាល់គ្នា+ ៤៤ ហើយអ្នកណាដែលចង់ធ្វើជាអ្នកនាំមុខក្នុងចំណោមអ្នករាល់គ្នា អ្នកនោះត្រូវបម្រើអ្នកឯទៀតវិញ។ ៤៥ ព្រោះសូម្បីតែកូនមនុស្សបានមក មិនមែនដើម្បីឲ្យគេបម្រើលោកទេ តែដើម្បីបម្រើគេវិញ+ ហើយឲ្យជីវិត*ខ្លួនជាថ្លៃលោះសម្រាប់មនុស្សជាច្រើនផង»។+
៤៦ រួចមក លោកនិងពួកគាត់បានទៅដល់ក្រុងយេរីខូ។ ប៉ុន្តែ នៅពេលដែលលោក អ្នកកាន់តាម និងមនុស្សមួយក្រុមធំកំពុងចេញពីក្រុងយេរីខូ មានបុរសងងឹតភ្នែកម្នាក់ឈ្មោះបាទីមេ (កូនប្រុសរបស់ទីមេ) ដែលជាអ្នកសុំទាន កំពុងអង្គុយក្បែរផ្លូវ។+ ៤៧ ពេលដែលគាត់ឮថាលោកយេស៊ូពីក្រុងណាសារ៉ែតនៅទីនោះ គាត់ចាប់ផ្ដើមស្រែកថា៖ «លោកយេស៊ូ! បុត្រដាវីឌ!+ សូមមេត្តាជួយខ្ញុំផង!»។+ ៤៨ ឮដូច្នេះ មនុស្សជាច្រើនក៏ស្ដីបន្ទោសគាត់ឲ្យនៅស្ងៀម តែគាត់ស្រែកកាន់តែខ្លាំងថា៖ «បុត្រដាវីឌ! សូមមេត្តាជួយខ្ញុំផង!»។ ៤៩ ម្ល៉ោះហើយ លោកយេស៊ូបានឈប់ ហើយប្រាប់ថា៖ «សូមហៅគាត់មក»។ ពួកគេបានហៅបុរសងងឹតភ្នែកនោះ ដោយនិយាយថា៖ «កុំអស់សង្ឃឹមឡើយ ចូរក្រោកឡើង លោកកំពុងហៅអ្នក»។ ៥០ គាត់ដោះសម្លៀកបំពាក់ក្រៅចោលយ៉ាងលឿន រួចស្ទុះក្រោកឡើង រូតរះទៅឯលោកយេស៊ូ។ ៥១ បន្ទាប់មក លោកយេស៊ូសួរគាត់ថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។ បុរសងងឹតភ្នែកជម្រាបលោកថា៖ «រ៉ាបូនី!* សូមធ្វើឲ្យខ្ញុំមើលឃើញឡើងវិញ»។ ៥២ ម្ល៉ោះហើយ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាហើយ»។+ រំពេចនោះ គាត់អាចមើលឃើញឡើងវិញ+ ក៏ចាប់ផ្ដើមដើរតាមលោកយេស៊ូ។