សៀវភៅយ៉ូហាន
១០ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលមិនចូលក្រោលចៀមតាមទ្វារ ប៉ុន្តែឡើងចូលតាមកន្លែងផ្សេងទៀត អ្នកនោះជាចោរលួចនិងជាចោរប្លន់។+ ២ ក៏ប៉ុន្តែ អ្នកណាដែលចូលតាមទ្វារ អ្នកនោះជាគង្វាលរបស់ចៀមទាំងនោះ។+ ៣ អ្នកយាមទ្វារបើកទ្វារឲ្យអ្នកនោះ+ ហើយចៀមទាំងនោះស្ដាប់សំឡេងរបស់គាត់។+ គាត់ហៅចៀមរបស់គាត់តាមឈ្មោះ រួចគាត់នាំពួកវាចេញទៅក្រៅ។ ៤ ពេលដែលចៀមរបស់គាត់ចេញមកអស់ហើយ នោះគាត់ដើរនាំមុខពួកវា ហើយពួកវាក៏ទៅតាមគាត់ ដោយសារស្គាល់សំឡេងរបស់គាត់។ ៥ ពួកវានឹងមិនទៅតាមមនុស្សចម្លែកណាម្នាក់ទេ តែពួកវានឹងរត់ចេញពីអ្នកនោះវិញ ពីព្រោះពួកវាមិនស្គាល់សំឡេងរបស់មនុស្សចម្លែកឡើយ»។ ៦ លោកយេស៊ូបានប្រាប់ពាក្យប្រៀបប្រដូចនេះទៅពួកគេ តែពួកគេមិនបានយល់អត្ថន័យនៃអ្វីដែលលោកកំពុងប្រាប់ទេ។
៧ ដូច្នេះ លោកយេស៊ូមានប្រសាសន៍ម្ដងទៀតថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ខ្ញុំជាទ្វារសម្រាប់ចៀម។+ ៨ អស់អ្នកដែលបានមកដោយអះអាងថាពួកគេគឺជាខ្ញុំ អ្នកទាំងនោះជាចោរលួចនិងជាចោរប្លន់ ប៉ុន្តែចៀមមិនបានស្ដាប់ពួកគេឡើយ។ ៩ ខ្ញុំជាទ្វារ អ្នកណាដែលចូលតាមខ្ញុំ អ្នកនោះនឹងទទួលសេចក្ដីសង្គ្រោះ ហើយនឹងចេញចូល ក៏រកឃើញវាលស្មៅ។+ ១០ ចោរមកដើម្បីសម្លាប់ លួច និងបំផ្លាញតែប៉ុណ្ណោះ។+ ខ្ញុំបានមកដើម្បីឲ្យពួកគេ*មានជីវិត ទាំងឲ្យពួកគេមានជីវិតយូរអង្វែងទៀតផង។ ១១ ខ្ញុំជាគង្វាលដ៏ល្អប្រសើរ។+ គង្វាលដ៏ល្អប្រសើរលះបង់ជីវិត*ដើម្បីចៀម។+ ១២ រីឯអ្នកដែលគេជួលឲ្យមើលថែរក្សាចៀមវិញ គាត់មិនមែនជាគង្វាលទេ ហើយក៏មិនមែនជាម្ចាស់ចៀមទាំងនោះដែរ។ ដូច្នេះ ពេលដែលឃើញឆ្កែចចកមក គាត់ក៏រត់ចោលចៀម (រួចឆ្កែចចកនោះឆក់យកចៀម ហើយកម្ចាត់កម្ចាយចៀម) ១៣ ពីព្រោះគាត់ជាអ្នកស៊ីឈ្នួលគេ ហើយមិនខ្វល់អំពីចៀមទាំងនោះទេ។ ១៤ ខ្ញុំជាគង្វាលដ៏ល្អប្រសើរ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមរបស់ខ្ញុំក៏ស្គាល់ខ្ញុំដែរ+ ១៥ ដូចបិតានៅស្ថានសួគ៌ស្គាល់ខ្ញុំ ហើយខ្ញុំស្គាល់បិតានៅស្ថានសួគ៌ដែរ។+ ខ្ញុំលះបង់ជីវិត*ដើម្បីចៀម។+
១៦ «ខ្ញុំមានចៀមឯទៀត ដែលមិននៅក្នុងក្រោលនេះទេ។+ ខ្ញុំត្រូវនាំចៀមទាំងនោះមកដែរ ហើយចៀមទាំងនោះនឹងស្ដាប់សំឡេងខ្ញុំ រួចចៀមទាំងអស់នោះនឹងទៅជាហ្វូងតែមួយ ហើយមានគង្វាលតែម្នាក់។+ ១៧ នេះជាមូលហេតុដែលបិតានៅស្ថានសួគ៌ស្រឡាញ់ខ្ញុំ+ ពីព្រោះខ្ញុំលះបង់ជីវិត+ ដើម្បីខ្ញុំអាចទទួលជីវិតម្ដងទៀត។ ១៨ គ្មានអ្នកណាដកយកជីវិតខ្ញុំបានទេ តែខ្ញុំស្ម័គ្រចិត្តលះបង់ជីវិត។ ខ្ញុំមានសិទ្ធិលះបង់ជីវិត ក៏មានសិទ្ធិទទួលជីវិតម្ដងទៀត។+ ខ្ញុំបានទទួលបញ្ញត្ដិនេះពីបិតានៅស្ថានសួគ៌»។
១៩ ពេលលោកមានប្រសាសន៍ទាំងនេះ ក៏ធ្វើឲ្យជនជាតិយូដាបែកបាក់គ្នាម្ដងទៀត។+ ២០ ពួកគេជាច្រើននាក់បាននិយាយថា៖ «គាត់មានវិញ្ញាណកំណាចចូល ហើយឆ្កួតទៀតផង។ ហេតុអ្វីអ្នករាល់គ្នាស្ដាប់គាត់?»។ ២១ អ្នកឯទៀតបាននិយាយថា៖ «នេះមិនមែនជាសម្ដីរបស់មនុស្សមានវិញ្ញាណកំណាចចូលទេ។ វិញ្ញាណកំណាចមិនអាចធ្វើឲ្យមនុស្សងងឹតភ្នែកមើលឃើញបានឡើយ មែនទេ?»។
២២ នៅពេលនោះ មានពិធីបុណ្យប្រគល់ជូន*នៅក្នុងក្រុងយេរូសាឡិម។ នោះជារដូវត្រជាក់ ២៣ ហើយលោកយេស៊ូកំពុងដើរក្នុងវិហារនាល្វែងសាឡូម៉ូន។+ ២៤ រួចជនជាតិយូដាបានមកចោមរោមលោក ហើយតាំងនិយាយទៅកាន់លោកថា៖ «តើអ្នកនឹងទុកឲ្យយើងឆ្ងល់ដល់ណាទៀត? ប្រសិនបើអ្នកជាគ្រិស្ត សូមប្រាប់យើងឲ្យត្រង់មក»។ ២៥ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ តែអ្នករាល់គ្នានៅតែមិនជឿ។ ការទាំងប៉ុន្មានដែលខ្ញុំធ្វើក្នុងនាមបិតារបស់ខ្ញុំ នោះបញ្ជាក់អំពីខ្ញុំ។+ ២៦ ប៉ុន្តែ អ្នករាល់គ្នាមិនជឿ ព្រោះអ្នករាល់គ្នាមិនមែនជាចៀមរបស់ខ្ញុំ។+ ២៧ ចៀមរបស់ខ្ញុំស្ដាប់សំឡេងរបស់ខ្ញុំ ខ្ញុំស្គាល់ពួកគេ ហើយពួកគេមកតាមខ្ញុំ។+ ២៨ ខ្ញុំឲ្យជីវិតដែលគ្មានទីបញ្ចប់ដល់ពួកគេ+ ហើយពួកគេនឹងមិនដែលត្រូវបំផ្លាញ ក៏នឹងគ្មានអ្នកណាអាចឆក់យកពួកគេចេញពីដៃរបស់ខ្ញុំបានឡើយ។+ ២៩ អ្វីដែលបិតារបស់ខ្ញុំបានឲ្យខ្ញុំ គឺមានតម្លៃជាងអ្វីៗឯទៀតទាំងអស់ ហើយគ្មានអ្នកណាអាចឆក់យកពួកគេពីដៃបិតានៅស្ថានសួគ៌ឡើយ។+ ៣០ ខ្ញុំនិងបិតានៅស្ថានសួគ៌គឺតែមួយ»។*+
៣១ ម្ដងនេះទៀត ជនជាតិយូដារើសដុំថ្មដើម្បីគប់លោក។ ៣២ លោកយេស៊ូតបទៅពួកគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញការល្អជាច្រើនពីបិតានៅស្ថានសួគ៌។ តើការមួយណាជាហេតុនាំឲ្យអ្នករាល់គ្នាចង់គប់ខ្ញុំ?»។ ៣៣ ជនជាតិយូដាឆ្លើយថា៖ «យើងចង់គប់អ្នក មិនមែនដោយសារការល្អណាមួយទេ ប៉ុន្តែដោយសារអ្នកប្រមាថ*ព្រះ+ ព្រោះអ្នកជាមនុស្ស តែបានតាំងខ្លួនជាព្រះមួយវិញ»។ ៣៤ លោកយេស៊ូតបទៅពួកគេថា៖ «ច្បាប់របស់អ្នករាល់គ្នាចែងថា៖ ‹ខ្ញុំបាននិយាយថា៖ «អ្នករាល់គ្នាជាព្រះ»›* មែនទេ?+ ៣៥ សូមគិតទៅមើល ព្រះបានហៅអ្នកទាំងនោះថា‹ព្រះ›+ ទោះជាបណ្ដាំរបស់លោកបានផ្ដន្ទាទោសពួកគេក៏ដោយ ហើយបទគម្ពីរនោះមិនអាចត្រូវទុកជាមោឃ។ ៣៦ ចំណែកខ្ញុំវិញ បិតានៅស្ថានសួគ៌បានញែកខ្ញុំជាបរិសុទ្ធ និងបានចាត់ឲ្យចូលមកក្នុងពិភពលោកនេះ។ បើដូច្នេះ ហេតុអ្វីអ្នករាល់គ្នានិយាយមកថា៖ ‹អ្នកប្រមាថព្រះ› ដោយសារខ្ញុំបាននិយាយថា៖ ‹ខ្ញុំជាបុត្ររបស់ព្រះ›?+ ៣៧ ប្រសិនបើខ្ញុំមិនធ្វើកិច្ចការរបស់បិតាខ្ញុំទេ នោះកុំជឿខ្ញុំ។ ៣៨ ប៉ុន្តែ ប្រសិនបើខ្ញុំធ្វើកិច្ចការរបស់បិតាខ្ញុំមែន ចូរជឿដោយសារការទាំងនោះ+ ទោះជាអ្នករាល់គ្នាមិនជឿខ្ញុំក៏ដោយ ដើម្បីអ្នករាល់គ្នាអាចដឹង ហើយជឿរហូតថា បិតានៅស្ថានសួគ៌រួបរួមជាមួយនឹងខ្ញុំ ហើយខ្ញុំក៏រួបរួមជាមួយនឹងបិតានៅស្ថានសួគ៌ដែរ»។+ ៣៩ ដូច្នេះ ពួកគេខំព្យាយាមចាប់លោកម្ដងទៀត តែលោកបានគេចផុតពីពួកគេ។
៤០ រួចមក លោកបានចេញទៅត្រើយម្ខាងនៃទន្លេយ៉ូដាន់ម្ដងទៀត ជាកន្លែងដែលយ៉ូហានបានជ្រមុជទឹក*ឲ្យគេពីមុន+ ហើយលោកបានស្នាក់នៅទីនោះ។ ៤១ មនុស្សជាច្រើនបានទៅឯលោក ក៏តាំងនិយាយថា៖ «ពិតមែនតែយ៉ូហានមិនបានធ្វើសញ្ញាសម្គាល់ណាមួយទេ ប៉ុន្តែអ្វីៗទាំងប៉ុន្មានដែលយ៉ូហានបាននិយាយអំពីបុរសម្នាក់នេះគឺពិតទាំងអស់»។+ ៤២ ដូច្នេះ មនុស្សជាច្រើនចាប់ផ្ដើមមានជំនឿលើលោកនៅទីនោះ។