សៀវភៅយ៉ូហាន
១៥ «ខ្ញុំជាវល្លិទំពាំងបាយជូរដ៏ពិត ហើយបិតារបស់ខ្ញុំជាអ្នកដាំ។ ២ មែកណារបស់ខ្ញុំដែលមិនមានផលផ្លែ លោកនឹងយកមែកនោះចេញ ហើយលោកនឹងសម្អាត*មែកណាដែលមានផលផ្លែ ដើម្បីឲ្យមែកនោះអាចមានផលផ្លែថែមទៀត។+ ៣ អ្នករាល់គ្នាគឺស្អាតហើយ ដោយសារពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា។+ ៤ ចូររួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយខ្ញុំក៏នឹងរួបរួមជាមួយនឹងអ្នករាល់គ្នាជានិច្ចដែរ។ បើមែកទំពាំងបាយជូរមិននៅជាប់នឹងដើមទេ នោះវាមិនអាចមានផលផ្លែបានឡើយ។ អ្នករាល់គ្នាក៏នឹងដូច្នេះដែរ បើមិនរួបរួមជាមួយនឹងខ្ញុំជានិច្ច។+ ៥ ខ្ញុំជាវល្លិទំពាំងបាយជូរ ហើយអ្នករាល់គ្នាជាមែក។ បើអ្នកណារួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយខ្ញុំរួបរួមជាមួយនឹងអ្នកនោះ អ្នកនោះមានផលផ្លែជាច្រើន+ ពីព្រោះបើមិននៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាមិនអាចធ្វើអ្វីបានសោះ។ ៦ ប្រសិនបើអ្នកណាមិនរួបរួមជាមួយនឹងខ្ញុំជានិច្ចទេ អ្នកនោះជាមែកដែលនឹងត្រូវបោះចោល ហើយនឹងក្រៀមស្វិត។ រួចគេនឹងប្រមូលមែកទាំងនោះ រួចបោះក្នុងភ្លើងឲ្យឆេះអស់ទៅ។ ៧ ប្រសិនបើអ្នករាល់គ្នារួបរួមជាមួយនឹងខ្ញុំជានិច្ច ហើយពាក្យរបស់ខ្ញុំក៏នៅជាប់ក្នុងចិត្តអ្នករាល់គ្នាជានិច្ចដែរ នោះទោះជាអ្នករាល់គ្នាសុំអ្វីក៏ដោយ ការនោះនឹងកើតឡើងចំពោះអ្នករាល់គ្នា។+ ៨ បិតារបស់ខ្ញុំបានត្រូវលើកតម្កើង ពេលដែលអ្នករាល់គ្នាបន្តមានផលផ្លែជាច្រើន និងពេលដែលអ្នករាល់គ្នាបង្ហាញថាអ្នករាល់គ្នាជាអ្នកកាន់តាមខ្ញុំ។+ ៩ ខ្ញុំស្រឡាញ់អ្នករាល់គ្នាដូចបិតានៅស្ថានសួគ៌ស្រឡាញ់ខ្ញុំ។+ ដូច្នេះ ចូររក្សាខ្លួនជាអ្នកដែលខ្ញុំស្រឡាញ់។ ១០ ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមបញ្ញត្តិរបស់ខ្ញុំ អ្នករាល់គ្នានឹងរក្សាខ្លួនជាអ្នកដែលខ្ញុំស្រឡាញ់ ដូចខ្ញុំបានប្រព្រឹត្តតាមបញ្ញត្តិរបស់បិតាដែលនៅស្ថានសួគ៌ ហើយក៏រក្សាខ្លួនជាអ្នកដែលលោកស្រឡាញ់ដែរ។
១១ «ខ្ញុំបានប្រាប់អ្នករាល់គ្នាអ្វីៗទាំងនេះ ដើម្បីឲ្យអ្នករាល់គ្នាពោរពេញដោយអំណរដូចខ្ញុំដែរ។+ ១២ នេះជាបញ្ញត្តិរបស់ខ្ញុំគឺ អ្នករាល់គ្នាត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដូចខ្ញុំបានស្រឡាញ់អ្នករាល់គ្នា។+ ១៣ គ្មានអ្នកណាមានសេចក្ដីស្រឡាញ់ច្រើនជាងអ្នកដែលលះបង់ជីវិត*ដើម្បីមិត្តសម្លាញ់របស់ខ្លួនឡើយ។+ ១៤ អ្នករាល់គ្នាជាមិត្តសម្លាញ់របស់ខ្ញុំ ប្រសិនបើអ្នករាល់គ្នាធ្វើតាមបញ្ញត្តិរបស់ខ្ញុំ។+ ១៥ ខ្ញុំមិនហៅអ្នករាល់គ្នាថាខ្ញុំបម្រើទៀតឡើយ ពីព្រោះខ្ញុំបម្រើមិនដឹងថាម្ចាស់របស់ខ្លួនធ្វើអ្វីទេ។ ប៉ុន្តែ ខ្ញុំហៅអ្នករាល់គ្នាថាមិត្តសម្លាញ់ ពីព្រោះអ្វីៗទាំងអស់ដែលខ្ញុំបានឮពីបិតារបស់ខ្ញុំ ខ្ញុំបានប្រាប់អ្នករាល់គ្នា។ ១៦ អ្នករាល់គ្នាមិនបានជ្រើសរើសខ្ញុំទេ តែខ្ញុំបានជ្រើសរើសអ្នករាល់គ្នាវិញ ក៏បានតែងតាំងអ្នករាល់គ្នាឲ្យមានផលផ្លែតទៅទៀត ពោលគឺផលផ្លែដែលស្ថិតស្ថេរ ដើម្បីឲ្យបិតាដែលនៅស្ថានសួគ៌ផ្ដល់អ្វីក៏ដោយដែលអ្នករាល់គ្នាសុំដោយនូវឈ្មោះខ្ញុំ។+
១៧ «ការទាំងនេះជាបញ្ញត្តិរបស់ខ្ញុំ ដើម្បីឲ្យអ្នករាល់គ្នាស្រឡាញ់គ្នាទៅវិញទៅមក។+ ១៨ ប្រសិនបើពិភពលោកនេះស្អប់អ្នករាល់គ្នា នោះអ្នករាល់គ្នាដឹងថាគេបានស្អប់ខ្ញុំ មុនគេស្អប់អ្នករាល់គ្នា។+ ១៩ ប្រសិនបើអ្នករាល់គ្នារួមចំណែកក្នុងពិភពលោក នោះពិភពលោកនឹងស្រឡាញ់អ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នានៅខាងគេ។ តែឥឡូវ អ្នករាល់គ្នាមិនរួមចំណែកក្នុងពិភពលោកទេ+ ពីព្រោះខ្ញុំបានជ្រើសរើសអ្នករាល់គ្នាចេញពីពិភពលោក ហេតុនេះហើយបានជាពិភពលោកស្អប់អ្នករាល់គ្នា។+ ២០ ចូរចងចាំពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នាថា ខ្ញុំបម្រើមិនមែនធំជាងម្ចាស់ខ្លួនទេ។ ប្រសិនបើពួកគេបានបៀតបៀនខ្ញុំ នោះពួកគេនឹងបៀតបៀនអ្នករាល់គ្នាដែរ។+ ប្រសិនបើពួកគេបានប្រព្រឹត្តតាមពាក្យរបស់ខ្ញុំ នោះពួកគេនឹងប្រព្រឹត្តតាមពាក្យរបស់អ្នករាល់គ្នាដែរ។ ២១ ប៉ុន្តែ ពួកគេនឹងធ្វើការទាំងអស់នេះទាស់នឹងអ្នករាល់គ្នា ដោយសារឈ្មោះខ្ញុំ ពីព្រោះពួកគេមិនស្គាល់លោកដែលបានចាត់ខ្ញុំឲ្យមកទេ។+ ២២ ប្រសិនបើខ្ញុំមិនបានមកនិយាយជាមួយនឹងពួកគេ នោះពួកគេគ្មានភាពខុសឆ្គងទេ។+ ប៉ុន្តែឥឡូវ ពួកគេមិនអាចដោះសាអំពីភាពខុសឆ្គងរបស់ពួកគេបានឡើយ។+ ២៣ អ្នកណាដែលស្អប់ខ្ញុំ អ្នកនោះក៏ស្អប់បិតារបស់ខ្ញុំដែរ។+ ២៤ ប្រសិនបើក្នុងចំណោមពួកគេ ខ្ញុំមិនបានធ្វើកិច្ចការដែលអ្នកផ្សេងទៀតមិនបានធ្វើទេ នោះពួកគេគ្មានភាពខុសឆ្គងឡើយ។+ ប៉ុន្តែឥឡូវ ពួកគេបានឃើញ ហើយបានស្អប់ខ្ញុំ ព្រមទាំងស្អប់បិតារបស់ខ្ញុំផង។ ២៥ ប៉ុន្តែ នេះគឺដើម្បីសម្រេចអ្វីដែលចែងក្នុងច្បាប់របស់ពួកគេថា៖ ‹ពួកគេបានស្អប់ខ្ញុំ ដោយគ្មានមូលហេតុ›។+ ២៦ ខ្ញុំនឹងចាត់អ្នកជួយ*ពីបិតានៅស្ថានសួគ៌ឲ្យមកឯអ្នករាល់គ្នា គឺឫទ្ធានុភាពរបស់ព្រះដែលបង្ហាញពីសេចក្ដីពិត+ និងដែលចេញមកពីបិតានៅស្ថានសួគ៌។ ពេលដែលអ្នកជួយមកដល់ អ្នកនោះនឹងបញ្ជាក់អំពីខ្ញុំ។+ ២៧ ចំណែកអ្នករាល់គ្នាវិញ អ្នករាល់គ្នាត្រូវធ្វើជាសាក្សីបញ្ជាក់អំពីខ្ញុំ+ ពីព្រោះអ្នករាល់គ្នាបាននៅជាមួយនឹងខ្ញុំតាំងពីដើមដំបូង។