ជូនចំពោះគ្រិស្តសាសនិកនៅក្រុងរ៉ូម
១ ពីខ្ញុំ ប៉ូល ជាខ្ញុំបម្រើរបស់គ្រិស្តយេស៊ូ។ ខ្ញុំបានត្រូវហៅឲ្យធ្វើជាសាវ័ក* ដើម្បីប្រកាស*ដំណឹងល្អរបស់ព្រះ+ ២ ដែលលោកបានសន្យាទុកជាមុនក្នុងបទគម្ពីរបរិសុទ្ធ តាមរយៈពួកអ្នកប្រកាសទំនាយរបស់លោក ៣ ពោលគឺដំណឹងល្អអំពីបុត្ររបស់លោក ដែលកើតមកជាមនុស្សពីកូនចៅ*របស់ដាវីឌ។+ ៤ ប៉ុន្តែ តាមរយៈឫទ្ធានុភាពបរិសុទ្ធ បុត្រនោះបានត្រូវប្រោសឲ្យរស់ពីស្លាប់ឡើងវិញ+ ហើយនេះបង្ហាញថាលោកជាបុត្ររបស់ព្រះ។+ បុត្រនោះគឺលោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង។ ៥ តាមរយៈលោក យើងបានទទួលគុណដ៏វិសេសលើសលប់ និងមុខងារជាសាវ័ក+ ដើម្បីឲ្យប្រជាជាតិនានា+បង្ហាញជំនឿ ហើយធ្វើតាមលោក និងលើកតម្កើងនាមរបស់លោក។ ៦ ក្នុងចំណោមប្រជាជាតិទាំងនោះ អ្នករាល់គ្នាក៏បានត្រូវហៅឲ្យធ្វើជាអ្នកកាន់តាមលោកយេស៊ូគ្រិស្តដែរ។ ៧ ជូនចំពោះអស់អ្នកជាទីស្រឡាញ់របស់ព្រះនៅក្រុងរ៉ូម ដែលបានត្រូវហៅឲ្យធ្វើជាអ្នកបរិសុទ្ធ៖
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពីព្រះជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៨ ជាបឋម តាមរយៈលោកយេស៊ូគ្រិស្ត ខ្ញុំសូមអរគុណព្រះអំពីអ្នករាល់គ្នា ពីព្រោះគេតែងតែនិយាយអំពីជំនឿរបស់អ្នករាល់គ្នាពេញពិភពលោកទាំងមូល។ ៩ ខ្ញុំកំពុងបំពេញកិច្ចបម្រើពិសិដ្ឋជូនព្រះយ៉ាងអស់ពីដួងចិត្ត ដោយប្រកាសដំណឹងល្អអំពីបុត្ររបស់លោក។ ព្រះជាសាក្សីថា ខ្ញុំតែងអធិដ្ឋានអំពីអ្នករាល់គ្នាជានិច្ច។+ ១០ ខ្ញុំអធិដ្ឋានអង្វរសុំឲ្យខ្ញុំមានឱកាសទៅឯអ្នករាល់គ្នា ប្រសិនបើសមស្របតាមបំណងប្រាថ្នារបស់ព្រះ។ ១១ ព្រោះខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដើម្បីខ្ញុំអាចឲ្យពរពីព្រះដល់អ្នករាល់គ្នា ប្រយោជន៍ឲ្យអ្នករាល់គ្នាបានរឹងមាំ ១២ ឬដើម្បីយើងម្នាក់ៗអាចលើកទឹកចិត្តគ្នាទៅវិញទៅមក+ ដោយជំនឿរបស់យើង គឺជំនឿរបស់អ្នករាល់គ្នា និងជំនឿរបស់ខ្ញុំ។
១៣ ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនដឹងច្បាស់ថា ខ្ញុំមានបំណងទៅឯអ្នករាល់គ្នាជាច្រើនដងហើយ តែរហូតមកដល់ពេលនេះ មានអ្វីដែលបានរារាំងខ្ញុំមិនឲ្យទៅ។ ទោះជាយ៉ាងនោះក៏ដោយ ខ្ញុំមានបំណងទៅឯអ្នករាល់គ្នា ដើម្បីខ្ញុំអាចទទួលផលខ្លះក្នុងចំណោមអ្នករាល់គ្នា ដូចផលដែលខ្ញុំបានទទួលក្នុងចំណោមប្រជាជាតិឯទៀតដែរ។ ១៤ ខ្ញុំជំពាក់ទាំងពួកក្រិច ទាំងពួកជនបរទេស* ទាំងពួកអ្នកប្រាជ្ញ ទាំងពួកអ្នកអវិជ្ជា។ ១៥ ហេតុនេះ ខ្ញុំក៏ចង់ប្រកាសដំណឹងល្អយ៉ាងខ្លាំងដល់អ្នករាល់គ្នានៅក្រុងរ៉ូមដែរ។+ ១៦ ព្រោះខ្ញុំមិនអៀនខ្មាសក្នុងការប្រកាសដំណឹងល្អឡើយ+ តាមការពិតនោះជាឫទ្ធានុភាពរបស់ព្រះដើម្បីសង្គ្រោះអស់អ្នកដែលមានជំនឿ+ មុនដំបូងពួកយូដា+ រួចមកពួកក្រិច។+ ១៧ ព្រោះដំណឹងល្អបានធ្វើឲ្យអស់អ្នកដែលមានជំនឿឃើញភាពសុចរិត*របស់ព្រះ ហើយនេះពង្រឹងជំនឿរបស់ពួកគេ+ ដូចបទគម្ពីរចែងថា៖ «ប៉ុន្តែ អ្នកដែលសុចរិតនឹងរស់នៅ ដោយសារមានជំនឿ»។+
១៨ ព្រោះព្រះនៅស្ថានសួគ៌កំពុងបង្ហាញឲ្យឃើញកំហឹងរបស់លោក+ ទាស់នឹងអស់អ្នកដែលមិនគោរពកោតខ្លាចលោក និងអស់អ្នកដែលមិនសុចរិត។ ពួកគេប្រព្រឹត្តអំពើមិនសុចរិត ដើម្បីរារាំងមនុស្សឯទៀតមិនឲ្យស្គាល់សេចក្ដីពិត។+ ១៩ ពួកគេគួរតែស្គាល់ព្រះ ពីព្រោះលោកបានបង្ហាញឲ្យពួកគេឃើញអ្វីៗជាច្រើនយ៉ាងជាក់ស្ដែង។+ ២០ ទោះជាមនុស្សមើលមិនឃើញព្រះក៏ដោយ តែពេលពួកគេពិចារណាមើលអ្វីៗដែលលោកបានបង្កើត នោះពួកគេឃើញច្បាស់នូវគុណសម្បត្តិរបស់លោក+ តាំងពីពេលដែលលោកបានបង្កើតពិភពលោកមកម្ល៉េះ ពោលគឺឫទ្ធានុភាពដែលស្ថិតស្ថេរជារៀងរហូត+និងឋានៈរបស់លោកជាព្រះ។+ ដូច្នេះ ពួកគេមិនអាចដោះសាបានឡើយ។ ២១ ទោះជាពួកគេស្គាល់ព្រះក៏ដោយ ពួកគេមិនបានលើកតម្កើងលោកជាព្រះទេ ហើយក៏មិនបានអរគុណលោកដែរ។ ប៉ុន្តែ ពួកគេបែរជាមានគំនិតអសារឥតការ ហើយចិត្តគំនិតរបស់ពួកគេដែលគ្មានការយល់ដឹងបានទៅជាងងឹត។+ ២២ ទោះជាពួកគេអះអាងថាខ្លួនមានប្រាជ្ញាក៏ដោយ ពួកគេបែរជាល្ងង់ខ្លៅវិញ។ ២៣ មិនត្រឹមតែប៉ុណ្ណោះ ពួកគេបានយករូបមនុស្សដែលរមែងខូចទៅ និងរូបសត្វស្លាប និងរូបសត្វជើងបួន និងរូបសត្វលូនវារ មកធ្វើជាតំណាងសិរីរុងរឿងនៃព្រះដែលមិនអាចខូចទៅ។+
២៤ ម្ល៉ោះហើយ ព្រះបានទុកឲ្យពួកគេប្រព្រឹត្តអំពើស្មោកគ្រោកតាមចិត្តប៉ងប្រាថ្នារបស់ពួកគេ។ យ៉ាងនេះ ពួកគេបន្ថោករូបកាយរបស់ខ្លួន។ ២៥ ពួកគេបានប្ដូរសេចក្ដីពិតអំពីព្រះយកសេចក្ដីភូតភរ ក៏បានគោរពបូជានិងបំពេញកិច្ចបម្រើពិសិដ្ឋជូនដល់អ្វីៗដែលបានត្រូវបង្កើតមក ជាជាងជូនដល់ព្រះដែលបានបង្កើតអ្វីៗទាំងនោះ ជាព្រះដែលសមនឹងទទួលការសរសើរតម្កើងជារៀងរហូត។ អាមេន។ ២៦ ហេតុនេះហើយបានជាព្រះទុកឲ្យពួកគេបំពេញចំណង់ដ៏គួរស្អប់ខ្ពើមខាងផ្លូវភេទ+ ព្រោះពួកស្រីៗក្នុងចំណោមពួកគេបានលះបង់ការរួមភេទតាមធម្មជាតិ ទៅប្រព្រឹត្តផ្ទុយពីធម្មជាតិវិញ។+ ២៧ ស្រដៀងគ្នាដែរ ពួកប្រុសៗបានលះបង់ការរួមភេទតាមធម្មជាតិជាមួយនឹងស្រី ហើយក៏មានភ្លើងតណ្ហាក្ដៅគគុកជាមួយនឹងប្រុសឯទៀត គឺប្រុសនិងប្រុស+ប្រព្រឹត្តអំពើអាសអាភាស ហើយពួកគេនឹងទទួលទោស*យ៉ាងពេញលេញសមនឹងអំពើខុសឆ្គងរបស់ពួកគេ។+
២៨ ដោយសារពួកគេមិនចង់មានចំណេះត្រឹមត្រូវអំពីព្រះ នោះព្រះបានទុកឲ្យពួកគេមានរបៀបគិតគូរដែលលោកមិនពេញចិត្ត និងទុកឲ្យពួកគេប្រព្រឹត្តអ្វីដែលមិនសមរម្យ។+ ២៩ ពួកគេពោរពេញទៅដោយភាពមិនសុចរិត+ ភាពទុច្ចរិត ភាពលោភលន់*+ និងភាពអាក្រក់សព្វបែបយ៉ាង ក៏ពេញទៅដោយការច្រណែន+ ការធ្វើឃាតកម្ម+ ការឈ្លោះប្រកែកគ្នា ការបោកបញ្ឆោត+ ការគិតធ្វើអាក្រក់+ ការនិយាយដើមគេ ៣០ បង្កាច់បង្ខូច+ ស្អប់ព្រះ គ្មានការគោរព ក្រអឺតក្រទម អួតអាង គ្រោងធ្វើអាក្រក់ មិនស្ដាប់បង្គាប់ឪពុកម្ដាយ+ ៣១ គ្មានសមត្ថភាពយល់ដឹង+ ក្បត់សន្យា គ្មានសេចក្ដីស្រឡាញ់តាមធម្មជាតិជាមនុស្ស និងគ្មានមេត្តា។ ៣២ ទោះជាអ្នកទាំងនេះស្គាល់យ៉ាងច្បាស់អំពីច្បាប់ដ៏សុចរិតយុត្តិធម៌របស់ព្រះដែលថា អស់អ្នកដែលប្រព្រឹត្តអំពើបែបនេះ*គួរតែស្លាប់ក៏ដោយ+ ពួកគេនៅតែបន្តប្រព្រឹត្តអំពើទាំងនោះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏ពេញចិត្តពួកអ្នកដែលប្រព្រឹត្តអំពើទាំងនោះដែរ។