សំបុត្រទី១ជូនចំពោះគ្រិស្តសាសនិកនៅក្រុងកូរិនថូស
១៦ ឥឡូវ ខ្ញុំសូមនិយាយអំពីការប្រមូលវិភាគទានសម្រាប់ពួកអ្នកបរិសុទ្ធ។+ សូមធ្វើដូចដែលខ្ញុំបានណែនាំក្រុមជំនុំទាំងប៉ុន្មាននៅខេត្តកាឡាទី។ ២ រាល់ថ្ងៃដំបូងនៃសប្ដាហ៍ ចូរអ្នករាល់គ្នាម្នាក់ៗទុករបស់ទ្រព្យខ្លះដោយឡែកតាមដែលខ្លួនមាន ដើម្បីកុំឲ្យចាប់ផ្ដើមប្រមូលវិភាគទាននៅពេលដែលខ្ញុំមកដល់។ ៣ ប៉ុន្តែ ពេលខ្ញុំមកដល់ ខ្ញុំនឹងចាត់ពួកបុរសដែលអ្នករាល់គ្នាបានលើកឈ្មោះឡើងក្នុងសំបុត្រ+ ឲ្យយកអំណោយដ៏សប្បុរសរបស់អ្នករាល់គ្នាទៅក្រុងយេរូសាឡិម។ ៤ ក៏ប៉ុន្តែ ប្រសិនបើខ្ញុំទៅគឺសមជាង នោះខ្ញុំនឹងទៅទីនោះជាមួយនឹងពួកគាត់។
៥ ប៉ុន្តែ ខ្ញុំនឹងទៅឯអ្នករាល់គ្នាក្រោយពីខ្ញុំធ្វើដំណើរកាត់តំបន់ម៉ាសេដូន ព្រោះខ្ញុំត្រូវធ្វើដំណើរកាត់តំបន់នោះ។+ ៦ ប្រហែលជាខ្ញុំនឹងនៅជាមួយនឹងអ្នករាល់គ្នាមួយរយៈ ឬក៏ស្នាក់នៅទីនោះរហូតដល់ផុតរដូវត្រជាក់ ដើម្បីក្រោយមកអ្នករាល់គ្នាអាចជូនដំណើរខ្ញុំមួយកំណាត់ផ្លូវ រួចខ្ញុំនឹងទៅកន្លែងដែលខ្ញុំបម្រុងទៅ។ ៧ ព្រោះខ្ញុំមិនចង់ជួបអ្នករាល់គ្នា ដោយគ្រាន់តែឆៀងចូលមួយភ្លែតនោះទេ តែខ្ញុំសង្ឃឹមថាអាចនៅជាមួយនឹងអ្នករាល់គ្នាយូរបន្តិច+ ប្រសិនបើព្រះយេហូវ៉ា*អនុញ្ញាត។ ៨ ប៉ុន្តែ ខ្ញុំនឹងនៅក្រុងអេភេសូរ+រហូតដល់បុណ្យថ្ងៃទី៥០ ៩ ព្រោះមានទ្វារបើកចំហយ៉ាងធំសម្រាប់ឲ្យខ្ញុំបំពេញកិច្ចបម្រើ+ តែមានអ្នកប្រឆាំងជាច្រើន។
១០ ក៏ប៉ុន្តែ ប្រសិនបើធីម៉ូថេ+មកដល់ កុំធ្វើឲ្យគាត់ភ័យខ្លាចក្នុងចំណោមអ្នករាល់គ្នាឡើយ ព្រោះគាត់កំពុងបំពេញកិច្ចការរបស់ព្រះយេហូវ៉ា*+ដូចខ្ញុំដែរ។ ១១ ដូច្នេះ កុំឲ្យអ្នកណាមើលងាយគាត់។ សូមជូនដំណើរគាត់ដោយសុវត្ថិភាព ដើម្បីគាត់អាចមកឯខ្ញុំ ព្រោះខ្ញុំនិងបងប្អូនឯទៀតកំពុងរង់ចាំគាត់។
១២ ចំណែកអាប៉ូឡុស+ ដែលជាបងប្អូនរបស់យើង ខ្ញុំបានលើកទឹកចិត្តគាត់ម្ដងហើយម្ដងទៀតឲ្យមកឯអ្នករាល់គ្នាជាមួយនឹងបងប្អូន ប៉ុន្តែគាត់មិនទាន់ចង់មកទេឥឡូវនេះ តែគាត់នឹងមកពេលដែលគាត់មានឱកាស។
១៣ ចូរដឹងខ្លួនជានិច្ច+ ចូរកាន់ជំហរមាំមួនក្នុងជំនឿ+ ចូរមានចិត្តក្លាហាន*+ ចូរមានកម្លាំងខ្លាំងក្លាឡើង។+ ១៤ ចូរអ្នករាល់គ្នាធ្វើអ្វីៗទាំងអស់ដោយសេចក្ដីស្រឡាញ់។+
១៥ បងប្អូនអើយ ឥឡូវខ្ញុំសូមបំផុសទឹកចិត្តអ្នករាល់គ្នា៖ អ្នករាល់គ្នាដឹងថាពួកអ្នកផ្ទះរបស់ស្ទេផាណាស ជាផលដំបូងនៅខេត្តអាខេយ៉ា ហើយពួកគាត់ប្រុងប្រៀបខ្លួនជានិច្ចដើម្បីបម្រើពួកអ្នកបរិសុទ្ធ។ ១៦ ចូរឲ្យអ្នករាល់គ្នាបន្តចុះចូលចំពោះមនុស្សបែបនោះ និងចំពោះអស់អ្នកដែលរួមសហការ ព្រមទាំងអស់អ្នកដែលខំប្រឹងធ្វើការ។+ ១៧ ប៉ុន្តែ ខ្ញុំអរសប្បាយដោយសារស្ទេផាណាស+ ភ័រទូណាតុស និងអាខេកុសដែលបានមកជួបខ្ញុំ ព្រោះការដែលពួកគាត់មក នោះជំនួសអ្នករាល់គ្នាដែលមិននៅទីនេះ។ ១៨ ពីព្រោះពួកគាត់បានធ្វើឲ្យខ្ញុំនិងអ្នករាល់គ្នាមានកម្លាំងចិត្តឡើងវិញ។ ដូច្នេះ ចូរទទួលស្គាល់ថាបុរសបែបនោះមានតម្លៃ។
១៩ ក្រុមជំនុំទាំងឡាយនៅខេត្តអាស៊ី*ផ្ដាំសួរសុខទុក្ខ។ អាគីឡានិងព្រីស្កា ព្រមទាំងក្រុមជំនុំដែលជួបជុំគ្នានៅផ្ទះរបស់ពួកគាត់+ ផ្ដាំសួរសុខទុក្ខយ៉ាងស្មោះអស់ពីចិត្ត ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។ ២០ បងប្អូនទាំងឡាយផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកដោយការថើប។*
២១ ខ្ញុំ ប៉ូល សរសេរពាក្យសួរសុខទុក្ខនេះដោយដៃខ្ញុំផ្ទាល់។
២២ ប្រសិនបើអ្នកណាគ្មានសេចក្ដីស្រឡាញ់ចំពោះលោកម្ចាស់ សូមឲ្យអ្នកនោះត្រូវបណ្ដាសា។ ឱលោកម្ចាស់របស់យើងអើយ! សូមអញ្ជើញមក! ២៣ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូនៅជាមួយនឹងអ្នករាល់គ្នា។ ២៤ សូមឲ្យសេចក្ដីស្រឡាញ់របស់ខ្ញុំនៅជាមួយនឹងអ្នកទាំងអស់គ្នាដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ។