ការបំភ្លឺច្បាប់
២១ «ក្នុងទឹកដីដែលព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាប្រគល់ឲ្យ បើប្រទះឃើញសាកសពអ្នកណាម្នាក់នៅឯវាល ហើយមិនដឹងថាអ្នកណាជាឃាតករ ២ នោះពួកបុរសចាស់ទុំនិងពួកអ្នកសម្រេចក្ដី+ ត្រូវចេញទៅវាស់ចម្ងាយ ពីទីតាំងសពនោះទៅបណ្ដាក្រុងដែលនៅជុំវិញ។ ៣ បន្ទាប់មក ពួកបុរសចាស់ទុំពីក្រុងដែលនៅជិតសាកសពជាងគេ ត្រូវយកគោញីដែលគេមិនទាន់ទឹមឬប្រើ ៤ ដឹកទៅជ្រលងដែលមានទឹកហូរ ជាកន្លែងដែលគ្មានការភ្ជួររាស់ឬសាបព្រោះ។ ក្រោយមក ពួកគេត្រូវបំបាក់កគោនោះនៅក្នុងជ្រលងនោះទៅ។+
៥ «ឯពួកសង្ឃនិងពួកលេវី ពួកគេត្រូវនាំគ្នាចូលទៅជិត ហើយប្រាប់ការណែនាំស្ដីអំពីរបៀបដោះស្រាយរឿងឃាតកម្មនោះ។+ ព្រោះព្រះយេហូវ៉ាជាព្រះនៃអ្នករាល់គ្នាបានជ្រើសរើសពួកគេឲ្យបម្រើលោក+ និងឲ្យពរដល់បណ្ដាជនក្នុងនាមព្រះយេហូវ៉ា។+ ៦ បន្ទាប់មក ពួកបុរសចាស់ទុំពីក្រុងដែលនៅជិតសាកសពនោះ ត្រូវលាងដៃ+លើគោញីដែលពួកគេបានបំបាក់កនៅក្នុងជ្រលង។ ៧ រួចពួកគេត្រូវប្រកាសថា៖ ‹ពួកខ្ញុំមិនបានសម្លាប់ជននេះទេ ហើយក៏មិនបានឃើញនរណាសម្លាប់គាត់ដែរ។ ៨ ឱព្រះយេហូវ៉ាអើយ! សូមកុំប្រកាន់ទោសប្រជាជាតិអ៊ីស្រាអែលជារាស្ត្រដែលលោកបានរំដោះនោះអី។+ សូមលោកកុំដាក់ទោសរាស្ត្រលោកដោយសារតែសាកសពជនរងគ្រោះនេះឡើយ›។+ យ៉ាងនេះ ពួកគេនឹងមិនមានទោសចំពោះរឿងឃាតកម្មនោះទេ។ ៩ ធ្វើដូច្នេះ អ្នករាល់គ្នានឹងដកចេញនូវទោសកំហុសដែលមកពីការសម្លាប់ជនដែលគ្មានទោស ដោយធ្វើអ្វីដែលត្រឹមត្រូវតាមទស្សនៈរបស់ព្រះយេហូវ៉ា។
១០ «ពេលណាអ្នករាល់គ្នាចេញទៅច្បាំងនឹងសត្រូវ ព្រះយេហូវ៉ានឹងជួយអ្នករាល់គ្នាឲ្យច្បាំងឈ្នះពួកគេ ហើយចាប់ពួកគេធ្វើជាឈ្លើយសឹក។+ ១១ ក្នុងចំណោមឈ្លើយសឹកនោះ បើអ្នកឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយចាប់ចិត្តស្រឡាញ់នាង និងចង់បាននាងមកធ្វើជាប្រពន្ធ ១២ នោះអ្នកអាចនាំនាងចូលក្នុងផ្ទះរបស់ខ្លួនបាន។ បន្ទាប់មក នាងត្រូវកោរសក់ ហើយកាត់ក្រចក ១៣ រួចផ្លាស់សម្លៀកបំពាក់ឈ្លើយសឹកចេញ។ ក្រោយនោះ ឲ្យនាងរស់នៅជាមួយនឹងអ្នកចុះ។ ក្រោយនាងយំកាន់ទុក្ខឪពុកម្ដាយខ្លួនអស់មួយខែហើយ+ អ្នកអាចរួមដំណេកជាមួយនឹងនាងបាន។ ដូច្នេះ អ្នកនឹងទៅជាប្ដីរបស់នាង ហើយនាងនឹងទៅជាប្រពន្ធរបស់អ្នក។ ១៤ ក្រោយមក បើអ្នកលែងពេញចិត្តនឹងនាង អ្នកត្រូវដោះលែងនាងឲ្យមានសេរីភាព។+ ប៉ុន្តែ មិនត្រូវលក់នាង ឬធ្វើបាបនាងទេ ព្រោះអ្នកបានយកនាងធ្វើជាប្រពន្ធហើយ។
១៥ «ក្នុងករណី បុរសម្នាក់មានប្រពន្ធពីរ ហើយគាត់ស្រឡាញ់ប្រពន្ធម្នាក់ខ្លាំងជាងម្នាក់ទៀត។ បើប្រពន្ធទាំងពីរបង្កើតបានកូនប្រុសដូចគ្នា តែប្រពន្ធដែលគាត់មិនសូវស្រឡាញ់បង្កើតបានកូនប្រុសច្បង+ ១៦ នោះនៅថ្ងៃចែកមត៌ក គាត់មិនត្រូវឲ្យកូនប្រុសរបស់ប្រពន្ធដែលគាត់ស្រឡាញ់ ទទួលសិទ្ធិជាកូនច្បងនោះទេ។ បើធ្វើដូច្នេះ គាត់បំពានសិទ្ធិកូនប្រុសច្បងរបស់ប្រពន្ធដែលគាត់មិនសូវស្រឡាញ់ហើយ។ ១៧ ផ្ទុយទៅវិញ គាត់ត្រូវទទួលស្គាល់ថាកូនប្រុសរបស់ប្រពន្ធដែលគាត់មិនសូវស្រឡាញ់ មានសិទ្ធិជាកូនច្បង ហើយត្រូវឲ្យចំណែកមត៌កមួយជាពីរដល់គាត់ ព្រោះកូននោះមានសិទ្ធិជាកូនច្បង ហើយជាផលដំបូងនៃកម្លាំងរបស់គាត់។+
១៨ «បើមានកូនប្រុសដែលរឹងរូស បះបោរប្រឆាំងមិនស្ដាប់បង្គាប់ឪពុកម្ដាយ+ ទោះជាឪពុកម្ដាយខំប្រឹងកែតម្រង់យ៉ាងណាក្ដី ក៏កូនប្រុសនោះនៅតែមិនស្ដាប់បង្គាប់ដដែល+ ១៩ នោះឪពុកម្ដាយត្រូវចាប់កូននោះ នាំយកទៅជួបពួកបុរសចាស់ទុំនៅត្រង់ខ្លោងទ្វារក្រុង ២០ ហើយប្រាប់ពួកគេថា៖ ‹កូនប្រុសខ្ញុំនេះ ជាមនុស្សរឹងរូស បះបោរប្រឆាំងមិនស្ដាប់បង្គាប់ពួកខ្ញុំទេ ថែមទាំងជាមនុស្សល្មោភស៊ី+ និងប្រមឹកស្រាទៀតផង›។+ ២១ ក្រោយមក បណ្ដាជនទាំងអស់នៅក្នុងក្រុងត្រូវគប់ដុំថ្មសម្លាប់គាត់ចោល។ អ្នករាល់គ្នាត្រូវបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នករាល់គ្នា។ យ៉ាងនេះ ជនជាតិអ៊ីស្រាអែលទាំងមូលនឹងឮអំពីរឿងនេះ ហើយខ្លាចមិនហ៊ានធ្វើដូច្នេះទៀត។+
២២ «ប្រសិនបើបុរសណាម្នាក់បានប្រព្រឹត្តអំពើខុសឆ្គងធ្ងន់ធ្ងរមានទោសដល់ស្លាប់+ ហើយបើអ្នករាល់គ្នាប្រហារជីវិតគាត់ដោយព្យួរនៅលើបង្គោលឈើ+ ២៣ នោះមិនត្រូវទុកសពគាត់នៅលើបង្គោលឈើពេញមួយយប់ទេ+ តែត្រូវបញ្ចុះសពគាត់នៅថ្ងៃនោះតែម្ដង ព្រោះអ្នកដែលត្រូវគេព្យួរជាអ្នកដែលត្រូវបណ្ដាសាពីព្រះ។+ អ្នករាល់គ្នាមិនត្រូវធ្វើឲ្យទឹកដីដែលព្រះយេហូវ៉ាប្រគល់ឲ្យអ្នករាល់គ្នា ទៅជាមិនស្អាតបរិសុទ្ធឡើយ។+