-
ម៉ាថាយ ២០:២៩-៣៤គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
២៩ កាលដែលលោកនិងពួកគាត់កំពុងចេញពីក្រុងយេរីខូ នោះមានមនុស្សមួយក្រុមយ៉ាងធំទៅតាមលោក។ ៣០ មើល! មានបុរសងងឹតភ្នែកពីរនាក់កំពុងអង្គុយក្បែរផ្លូវ។ ពេលដែលឮថាលោកយេស៊ូកំពុងដើរកាត់ នោះពួកគេបានស្រែកឡើងថា៖ «លោកម្ចាស់! បុត្រដាវីឌ! សូមមេត្តាជួយយើងផង!»។+ ៣១ ប៉ុន្តែ បណ្ដាជនស្ដីបន្ទោសពួកគេឲ្យនៅស្ងៀម តែពួកគេស្រែកកាន់តែខ្លាំងថា៖ «លោកម្ចាស់! បុត្រដាវីឌ! សូមមេត្តាជួយយើងផង!»។ ៣២ ដូច្នេះ លោកយេស៊ូបានឈប់ ហើយហៅពួកគេមក ក៏បានសួរថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។ ៣៣ ពួកគេជម្រាបលោកថា៖ «លោកម្ចាស់ សូមឲ្យភ្នែកយើងបានភ្លឺផង»។ ៣៤ លោកយេស៊ូមានចិត្តក្ដួលអាណិត ក៏បានពាល់ភ្នែករបស់ពួកគេ។+ រំពេចនោះ ពួកគេក៏មើលឃើញ ហើយបានទៅតាមលោក។
-
-
ម៉ាកុស ១០:៤៦-៥២គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
-
-
៤៦ រួចមក លោកនិងពួកគាត់បានទៅដល់ក្រុងយេរីខូ។ ប៉ុន្តែ នៅពេលដែលលោក អ្នកកាន់តាម និងមនុស្សមួយក្រុមធំកំពុងចេញពីក្រុងយេរីខូ មានបុរសងងឹតភ្នែកម្នាក់ឈ្មោះបាទីមេ (កូនប្រុសរបស់ទីមេ) ដែលជាអ្នកសុំទាន កំពុងអង្គុយក្បែរផ្លូវ។+ ៤៧ ពេលដែលគាត់ឮថាលោកយេស៊ូពីក្រុងណាសារ៉ែតនៅទីនោះ គាត់ចាប់ផ្ដើមស្រែកថា៖ «លោកយេស៊ូ! បុត្រដាវីឌ!+ សូមមេត្តាជួយខ្ញុំផង!»។+ ៤៨ ឮដូច្នេះ មនុស្សជាច្រើនក៏ស្ដីបន្ទោសគាត់ឲ្យនៅស្ងៀម តែគាត់ស្រែកកាន់តែខ្លាំងថា៖ «បុត្រដាវីឌ! សូមមេត្តាជួយខ្ញុំផង!»។ ៤៩ ម្ល៉ោះហើយ លោកយេស៊ូបានឈប់ ហើយប្រាប់ថា៖ «សូមហៅគាត់មក»។ ពួកគេបានហៅបុរសងងឹតភ្នែកនោះ ដោយនិយាយថា៖ «កុំអស់សង្ឃឹមឡើយ ចូរក្រោកឡើង លោកកំពុងហៅអ្នក»។ ៥០ គាត់ដោះសម្លៀកបំពាក់ក្រៅចោលយ៉ាងលឿន រួចស្ទុះក្រោកឡើង រូតរះទៅឯលោកយេស៊ូ។ ៥១ បន្ទាប់មក លោកយេស៊ូសួរគាត់ថា៖ «តើចង់ឲ្យខ្ញុំធ្វើអ្វីដើម្បីអ្នក?»។ បុរសងងឹតភ្នែកជម្រាបលោកថា៖ «រ៉ាបូនី!* សូមធ្វើឲ្យខ្ញុំមើលឃើញឡើងវិញ»។ ៥២ ម្ល៉ោះហើយ លោកយេស៊ូមានប្រសាសន៍ទៅគាត់ថា៖ «ចូរទៅចុះ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាហើយ»។+ រំពេចនោះ គាត់អាចមើលឃើញឡើងវិញ+ ក៏ចាប់ផ្ដើមដើរតាមលោកយេស៊ូ។
-