អែសរ៉ា
៣ លុះដល់ខែទី៧+ បណ្ដាជនអ៊ីស្រាអែលដែលរស់នៅក្រុងផ្សេងៗ បានមូលមកជុំគ្នានៅក្រុងយេរូសាឡិម។ ២ ពេលនោះ យេសួ+ជាកូន*យេហូសាដាក និងសង្ឃឯទៀត ព្រមទាំងសេរ៉ូបាបិល+ជាកូនសាលធាល+និងបងប្អូនគាត់ បាននាំគ្នាសង់ទីបូជារបស់ព្រះនៃជនជាតិអ៊ីស្រាអែលឡើងវិញ។ ពួកគេបានសង់ ដើម្បីជូនគ្រឿងបូជាដុតនៅលើនោះ ស្របតាមការណែនាំដែលបានត្រូវកត់ទុកក្នុងច្បាប់ម៉ូសេ+ជាតំណាងព្រះពិត។
៣ ពួកគេបានសង់ទីបូជានោះនៅលើទីតាំងដដែល ទោះជាពួកគេមានការភ័យខ្លាចចំពោះប្រជាជាតិនានាដែលនៅជុំវិញក៏ដោយ។+ ក្រោយពីសង់រួច ពួកគេបានជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ានៅលើនោះ រៀងរាល់ព្រឹករៀងរាល់ល្ងាច។+ ៤ បន្ទាប់មក ពួកគេបានធ្វើបុណ្យខ្ទមស្របតាមការណែនាំដែលបានត្រូវកត់ទុក+ ហើយពួកគេបានជូនគ្រឿងបូជាដុតជារៀងរាល់ថ្ងៃតាមចំនួនដែលបានត្រូវកំណត់។+ ៥ ក្រោយមក ពួកគេបានជូនគ្រឿងបូជាដុតដែលត្រូវជូនជាប្រចាំ+ ហើយជូនគ្រឿងបូជាសម្រាប់បុណ្យថ្ងៃចូលខែថ្មី+ និងសម្រាប់ពិធីបុណ្យបរិសុទ្ធផ្សេងៗទៀត+ដល់ព្រះយេហូវ៉ា។ ម្យ៉ាងទៀត ពួកគេក៏ជូនគ្រឿងបូជាស្ម័គ្រពីចិត្ត+ដែលបណ្ដាជនយកមកជូនព្រះយេហូវ៉ាដែរ។ ៦ ចាប់តាំងពីថ្ងៃទី១ក្នុងខែទី៧+ ពួកគេចាប់ផ្ដើមជូនគ្រឿងបូជាដុតដល់ព្រះយេហូវ៉ា ទោះជាពួកគេមិនទាន់ដាក់គ្រឹះវិហាររបស់ព្រះយេហូវ៉ាក៏ដោយ។
៧ ពួកគេបានបង់ប្រាក់ដល់ពួកអ្នកដាប់ថ្ម+និងពួកជាង។+ ពួកគេក៏បានផ្ដល់ស្បៀងអាហារ ទឹក និងប្រេង ដល់ពួកស៊ីដូននិងពួកទីរ៉ុសដែរ ព្រោះពួកអ្នកទាំងនោះបាននាំយកឈើស៊ីដារតាមសមុទ្រមកឲ្យពួកគេ ពីតំបន់លីបង់រហូតដល់យ៉ុបប៉ា។+ ពួកគេធ្វើដូច្នោះដោយមានការអនុញ្ញាតពីស៊ីរូសជាស្ដេចស្រុកពើស៊ី។+
៨ នៅខែទី២ក្នុងឆ្នាំទី២ ក្រោយពីពួកគេត្រឡប់មកវិហាររបស់ព្រះពិតនៅក្រុងយេរូសាឡិមវិញ ពួកគេក៏ចាប់ផ្ដើមសាងសង់វិហារ។ ពួកគេទាំងនោះមានសេរ៉ូបាបិលជាកូនសាលធាល យេសួជាកូនយេហូសាដាកនិងបងប្អូនពួកគាត់ទាំងអស់ គឺពួកសង្ឃ ពួកលេវី និងអស់អ្នកដែលបានរួចពីឈ្លើយសឹក។+ ពួកគេក៏បានតែងតាំងពួកលេវីដែលមានអាយុចាប់ពី២០ឆ្នាំឡើងទៅ ឲ្យធ្វើជាអ្នកមើលការខុសត្រូវលើការសាងសង់វិហារព្រះយេហូវ៉ា។ ៩ ដូច្នេះ យេសួ និងកូនចៅគាត់ បងប្អូនគាត់ ថែមទាំងកាតម៉ែលនិងកូនចៅគាត់ និងកូនចៅយូដា បានរួមគ្នាមើលការខុសត្រូវលើអស់អ្នកដែលសាងសង់វិហាររបស់ព្រះពិត។ រីឯកូនចៅហេណាដាត+ និងកូនៗរបស់ពួកគេ រួមទាំងបងប្អូនពួកគេដែលជាពួកលេវី ក៏បានចូលរួមក្នុងកិច្ចការនោះដែរ។
១០ ក្រោយពីពួកអ្នកសាងសង់ដាក់គ្រឹះវិហារព្រះយេហូវ៉ារួចរាល់ហើយ+ ពួកសង្ឃដែលស្លៀកសម្លៀកបំពាក់ផ្លូវការ បានផ្លុំត្រែឡើង+ ហើយពួកលេវីជាកូនចៅអេសាភក៏បានគោះឆាបដែរ។ ពួកគេធ្វើដូច្នោះ ដើម្បីសរសើរតម្កើងព្រះយេហូវ៉ា ស្របតាមការណែនាំរបស់ដាវីឌជាស្ដេចស្រុកអ៊ីស្រាអែល។+ ១១ រួចពួកគេក៏ច្រៀងឆ្លើយឆ្លងគ្នា+ ដើម្បីសរសើរនិងថ្លែងអំណរគុណព្រះយេហូវ៉ា។ ពួកគេច្រៀងសរសើរព្រះថា៖ «ព្រោះលោកល្អ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកនៅស្ថិតស្ថេរជាដរាប»។+ ចំណែកបណ្ដាជនទាំងអស់ ពួកគេបន្លឺសំឡេងសរសើរព្រះយេហូវ៉ាយ៉ាងកងរំពង ដោយសារគ្រឹះវិហាររបស់ព្រះយេហូវ៉ាបានត្រូវដាក់ហើយ។ ១២ ឯបណ្ដាសង្ឃ ពួកលេវី និងប្រមុខគ្រួសារ ដែលជាបុរសវ័យចាស់ ដែលធ្លាប់ឃើញវិហារព្រះកាលពីមុន+ ពួកគាត់បានស្រែកយំយ៉ាងខ្លាំងពេលដែលឃើញគ្រឹះវិហារបានត្រូវដាក់។ ព្រមគ្នានោះ ពួកលេវីនិងពួកប្រមុខគ្រួសារឯទៀតក៏បានស្រែកហ៊ោកញ្ជ្រៀវយ៉ាងសប្បាយផងដែរ។+ ១៣ សំឡេងស្រែកយំនិងសំឡេងហ៊ោកញ្ជ្រៀវនោះ បានលាន់ឮយ៉ាងរំពងទៅដល់កន្លែងឆ្ងាយ។ ហេតុនេះហើយបានជាបណ្ដាជនមិនអាចដឹងថា សំឡេងណាជាសំឡេងអរសប្បាយ និងសំឡេងណាជាសំឡេងយំឡើយ។