សៀវភៅម៉ាកុស
១៥ ពេលថ្ងៃរះភ្លាម ពួកសង្ឃនាយក ពួកបុរសចាស់ទុំ និងពួកអ្នកជំនាញខាងច្បាប់ ដែលជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់* បានជួបជុំពិគ្រោះគ្នា។ រួចពួកគេចងលោកយេស៊ូ ហើយនាំទៅប្រគល់ឲ្យពីឡាត។+ ២ ដូច្នេះ ពីឡាតសួរលោកថា៖ «តើអ្នកជាស្ដេចនៃជនជាតិយូដាឬ?»។+ លោកតបឆ្លើយថា៖ «គឺអ្នកហើយដែលនិយាយ»។+ ៣ ពួកសង្ឃនាយកចាប់ផ្ដើមចោទប្រកាន់លោកអំពីរឿងជាច្រើន។ ៤ រួចពីឡាតសួរលោកម្ដងទៀតថា៖ «តើអ្នកមិនតបឆ្លើយទេឬ?+ មើល! ពួកគេកំពុងចោទប្រកាន់អ្នកអំពីរឿងជាច្រើន»។+ ៥ ប៉ុន្តែ លោកយេស៊ូមិនតបឆ្លើយទៀតទេ។ ដូច្នេះ ពីឡាតក៏ឆ្ងល់យ៉ាងខ្លាំង។+
៦ ក្នុងអំឡុងបុណ្យរំលង គាត់មានទម្លាប់ដោះលែងអ្នកទោសម្នាក់តាមសំណូមពររបស់បណ្ដាជន។+ ៧ នៅពេលនោះ មានបុរសម្នាក់ឈ្មោះបារ៉ាបាស គាត់ជាប់គុកជាមួយនឹងពួកអ្នកបំបះបំបោរ ដែលបានធ្វើឃាតកម្មក្នុងពេលបះបោរនោះ។ ៨ ដូច្នេះ បណ្ដាជនបានមកសុំពីឡាតឲ្យដោះលែងអ្នកទោស តាមអ្វីដែលពីឡាតធ្លាប់ធ្វើសម្រាប់ពួកគេ។ ៩ ពីឡាតតបឆ្លើយនឹងពួកគេថា៖ «តើអ្នករាល់គ្នាចង់ឲ្យខ្ញុំដោះលែងស្ដេចនៃជនជាតិយូដាឲ្យអ្នករាល់គ្នាឬ?»។+ ១០ ព្រោះគាត់ដឹងថាពួកសង្ឃនាយកបានប្រគល់លោកយេស៊ូមក ដោយសារពួកគេមានចិត្តច្រណែន។+ ១១ ប៉ុន្តែ ពួកសង្ឃនាយកបានញុះញង់បណ្ដាជនឲ្យសុំពីឡាតដោះលែងបារ៉ាបាសវិញ។+ ១២ ពីឡាតតបឆ្លើយទៅពួកគេ ដោយសួរថា៖ «ចុះតើចង់ឲ្យខ្ញុំធ្វើយ៉ាងណាចំពោះបុរសដែលអ្នករាល់គ្នាហៅថាស្ដេចនៃជនជាតិយូដា?»។+ ១៣ ពួកគេស្រែកឡើងម្ដងទៀតថា៖ «ព្យួរគាត់ទៅ!»។*+ ១៤ ប៉ុន្តែ ពីឡាតសួរពួកគេថា៖ «ហេតុអ្វី? តើគាត់បានធ្វើអំពើអាក្រក់អ្វីទៅ?»។ ទោះជាសួរយ៉ាងនោះក៏ដោយ ពួកគេស្រែកកាន់តែខ្លាំងឡើងថា៖ «ព្យួរគាត់ទៅ!»។*+ ១៥ ឮដូច្នេះ ពីឡាតបានដោះលែងបារ៉ាបាសតាមការសុំរបស់ពួកគេ ពីព្រោះគាត់ចង់ផ្គាប់ចិត្តបណ្ដាជន។ ក្រោយមក គាត់បញ្ជាគេឲ្យវាយលោកយេស៊ូ+ រួចប្រគល់លោកឲ្យពួកទាហានយកទៅព្យួរលើបង្គោល។+
១៦ ពួកទាហាននាំលោកចូលទៅក្នុងទីធ្លាដែលនៅក្នុងវិមានរបស់អភិបាល។ រួចពួកគេប្រមូលពួកទាហានគ្រប់រូបមក។+ ១៧ បន្ទាប់មក ពួកគេយកក្រណាត់ដណ្ដប់ពណ៌ស្វាយបំពាក់ឲ្យលោក ក៏បានក្រងបន្លាធ្វើជាមកុដមួយ ហើយបំពាក់ឲ្យលោកដែរ។ ១៨ រួចមក ពួកគេចាប់ផ្ដើមស្រែកទៅលោកថា៖ «សូមគោរពស្ដេចនៃជនជាតិយូដា!»។+ ១៩ ម្យ៉ាងទៀត ពួកគេក៏យកដើមត្រែងវាយក្បាលលោក ស្ដោះទឹកមាត់ដាក់លោក ហើយលុតជង្គង់គោរពលោក។ ២០ ក្រោយពីចំអកឲ្យលោករួចហើយ ពួកគេដោះក្រណាត់ដណ្ដប់ពណ៌ស្វាយចេញពីលោក។ ក្រោយមក ពួកគេយកសម្លៀកបំពាក់ក្រៅរបស់លោកមកបំពាក់ឲ្យវិញ។ រួចពួកគេនាំលោកយកទៅព្យួរ។+ ២១ ពេលនោះ មានបុរសម្នាក់ដែលធ្វើដំណើរមកពីជនបទ កំពុងឆ្លងកាត់តាមនោះ។ ពួកគេបានបង្ខំគាត់ឲ្យលីបង្គោលទារុណកម្ម*ជំនួសលោក។+ បុរសនោះគឺស៊ីម៉ូនពីក្រុងគីរេន ជាឪពុករបស់អាឡិចសង់និងរូហ្វូស។
២២ ដូច្នេះ ពួកគេនាំលោកយេស៊ូទៅកន្លែងមួយហៅថាកុលកូថា ដែលមានន័យថា«កន្លែងលលាដ៍ក្បាល»។+ ២៣ ពួកគេបង្ខំលោកឲ្យពិសាស្រាដែលលាយជ័រល្វីងទេស*+ តែលោកមិនព្រមពិសាទេ។ ២៤ ក្រោយមក ពួកគេព្យួរលោកលើបង្គោល។* រួចពួកគេចែកអាវក្រៅរបស់លោកដោយចាប់ឆ្នោត ដើម្បីដឹងថាអ្នកណានឹងបានចំណែកណា។+ ២៥ ពេលដែលពួកគេព្យួរលោក គឺជាម៉ោងទី៣។* ២៦ នៅខាងលើមានអក្សរចារឹកអំពីអ្វីដែលគេចោទប្រកាន់លោក ដែលថា៖ «ស្ដេចនៃជនជាតិយូដា»។+ ២៧ ពួកគេក៏បានព្យួរចោរប្លន់ពីរនាក់នៅក្បែរលោកដែរ ម្នាក់នៅខាងស្ដាំលោក និងម្នាក់នៅខាងឆ្វេងលោក។+ ២៨ *—— ២៩ ហើយអស់អ្នកដែលដើរកាត់បានគ្រវីក្បាល ទាំងនិយាយមើលងាយលោក+ថា៖ «ហាស! អ្នកដែលរុះវិហារ ហើយសង់ឡើងវិញក្នុងបីថ្ងៃអើយ!+ ៣០ ចូរសង្គ្រោះខ្លួនអ្នកដោយចុះពីបង្គោលទារុណកម្មមក!»។* ៣១ ពួកសង្ឃនាយកនិងពួកអ្នកជំនាញខាងច្បាប់បាននិយាយគ្នា ក្នុងបំណងចំអកឲ្យលោកថា៖ «គាត់អាចសង្គ្រោះអ្នកដទៃ តែមិនអាចសង្គ្រោះខ្លួនគាត់បានទេ!+ ៣២ សូមឲ្យគ្រិស្តជាស្ដេចនៃអ៊ីស្រាអែលចុះពីបង្គោលទារុណកម្មមក* ដើម្បីឲ្យយើងឃើញ ហើយជឿផង!»។+ សូម្បីតែអ្នកដែលបានត្រូវព្យួរក្បែរលោក ក៏បានតិះដៀលលោកដែរ។+
៣៣ លុះដល់ម៉ោងទី៦* ស្រុកទាំងមូលបានទៅជាងងឹតរហូតដល់ម៉ោងទី៩។*+ ៣៤ នៅម៉ោងទី៩ លោកយេស៊ូបានបន្លឺសំឡេងយ៉ាងខ្លាំងថា៖ «អេលី អេលី ឡាម៉ា សាបាក់ ថានី?» ដែលមានន័យថា«ព្រះខ្ញុំអើយ ព្រះខ្ញុំអើយ ហេតុអ្វីបានជាលោកបោះបង់ចោលខ្ញុំ?»។+ ៣៥ ពេលឮដូច្នេះ អ្នកខ្លះដែលឈរនៅក្បែរនោះ ក៏និយាយថា៖ «ឮទេ! គាត់កំពុងហៅអេលីយ៉ា»។ ៣៦ ពេលនោះ មានម្នាក់រត់ទៅយកវត្ថុម្យ៉ាងដែលអាចជក់ទឹក ទៅជ្រលក់ក្នុងស្រាជូរ រួចដាក់លើចុងដើមត្រែងមួយ ហើយហុចឲ្យលោកពិសា+ រួចនិយាយថា៖ «ចាំមើលមើល៍! តើអេលីយ៉ាមកដាក់គាត់ចុះឬមិនមក?»។ ៣៧ ប៉ុន្តែ លោកយេស៊ូបានស្រែកឡើងយ៉ាងខ្លាំង រួចផុតដង្ហើមទៅ។+ ៣៨ ខណៈនោះ វាំងនន*នៅវិហារ+បានរហែកជាពីរ ចាប់ពីលើចុះមកក្រោម។+ ៣៩ រីឯនាយទាហានដែលកំពុងឈរនៅខាងមុខលោក កាលដែលគាត់ឃើញព្រឹត្តិការណ៍ផ្សេងៗពេលលោកផុតដង្ហើម នោះគាត់និយាយថា៖ «បុរសនេះប្រាកដជាបុត្រព្រះមែន»។+
៤០ ពេលនោះមានស្ត្រីមួយចំនួនកំពុងឈរមើលពីចម្ងាយ ក្នុងចំណោមពួកនាងមានម៉ារៀដែលជាម្ដាយរបស់យ៉ាកុបតូចនិងយ៉ូសេ ហើយក៏មានសាឡូមេ និងម៉ារៀម៉ាក់ដាឡេនដែរ។+ ៤១ ពួកនាងបានតាមបម្រើលោកយេស៊ូ+ តាំងពីស្រុកកាលីឡេមក ហើយក៏មានស្ត្រីជាច្រើននាក់ទៀត ដែលបានមកក្រុងយេរូសាឡិមជាមួយនឹងលោក។
៤២ ថ្ងៃនោះជាថ្ងៃរៀបចំ* គឺមួយថ្ងៃមុនថ្ងៃឈប់សម្រាក ហើយជាពេលព្រលប់។ ៤៣ នៅពេលនោះ យ៉ូសែបពីក្រុងអារីម៉ាថេបានមកដល់។ គាត់ជាសមាជិកក្រុមប្រឹក្សាជាន់ខ្ពស់*ម្នាក់ដែលមានកេរ្ដិ៍ឈ្មោះល្អ ហើយក៏កំពុងរង់ចាំរាជាណាចក្ររបស់ព្រះដែរ។ គាត់បានតាំងចិត្តក្លាហានទៅជួបពីឡាត ហើយសុំយកសពរបស់លោកយេស៊ូ។+ ៤៤ ប៉ុន្តែ ពីឡាតចង់ដឹងថាលោកយេស៊ូស្លាប់ហើយឬនៅ។ ដូច្នេះ គាត់ក៏ហៅនាយទាហានម្នាក់មកសួរបញ្ជាក់។ ៤៥ ក្រោយពីបានទទួលការបញ្ជាក់ពីនាយទាហាននោះហើយ គាត់អនុញ្ញាតឲ្យយ៉ូសែបយកសពលោកយេស៊ូទៅ។ ៤៦ ក្រោយពីយ៉ូសែបបានទិញក្រណាត់សាច់ល្អហើយ គាត់ក៏ដាក់សពរបស់លោកចុះ រួចរុំក្នុងក្រណាត់សាច់ល្អនោះ។ បន្ទាប់មក គាត់ដាក់សពលោកនៅក្នុងរូងថ្ម+ដែលគេបានដាប់ធ្វើជាទីបញ្ចុះសព។ ក្រោយមក គាត់ប្រមៀលថ្មមួយមកបិទទីបញ្ចុះសពនោះ។+ ៤៧ ប៉ុន្តែ ម៉ារៀម៉ាក់ដាឡេន និងម៉ារៀដែលជាម្ដាយរបស់យ៉ូសេ បន្តមើលកន្លែងដែលសពលោកបានត្រូវបញ្ចុះ។+