បណ្ដាស្ដេចទី២
២៣ ស្ដេចបានចាត់គេឲ្យទៅអញ្ជើញបុរសចាស់ទុំទាំងអស់នៅក្រុងយេរូសាឡិម និងនៅស្រុកយូដាទាំងមូល ឲ្យមកជួបគាត់។+ ២ ក្រោយមក ស្ដេចបានឡើងទៅឯវិហារព្រះយេហូវ៉ាជាមួយនឹងពួកអ្នកស្រុកយូដា រួមទាំងអ្នកដែលរស់នៅក្រុងយេរូសាឡិម ពួកសង្ឃ និងពួកអ្នកប្រកាសទំនាយ ពោលគឺបណ្ដាជនទាំងអស់ ចាប់ពីអ្នកតូចរហូតដល់អ្នកធំ។ រួចមក ស្ដេចបានអានសៀវភៅ+នៃកិច្ចព្រមព្រៀង+ ដែលគេបានរកឃើញក្នុងវិហារព្រះយេហូវ៉ា ឲ្យពួកគេស្ដាប់។+ ៣ ស្ដេចឈរនៅក្បែរសសរវិហារ។ បន្ទាប់មក គាត់បានធ្វើកិច្ចព្រមព្រៀងជាមួយនឹងព្រះយេហូវ៉ា+ ដោយសន្យាថាគាត់នឹងដើរតាមព្រះយេហូវ៉ា ហើយកាន់តាមច្បាប់ បញ្ញត្តិ និងសេចក្ដីរំលឹកទាំងប៉ុន្មានរបស់លោកយ៉ាងអស់ពីកម្លាំងកាយចិត្ត និងដោយខំព្យាយាមធ្វើតាមពាក្យក្នុងកិច្ចព្រមព្រៀងដែលបានត្រូវកត់ទុកក្នុងសៀវភៅនេះ។ រីឯបណ្ដាជនទាំងអស់ ពួកគេក៏យល់ព្រមធ្វើតាមកិច្ចព្រមព្រៀងនោះដែរ។+
៤ ក្រោយមក ស្ដេចបានបង្គាប់ហ៊ីលគីយ៉ា+ជាសម្ដេចសង្ឃ សង្ឃថ្នាក់បន្ទាប់ និងពួកអ្នកយាមទ្វារ ឲ្យយកប្រដាប់ប្រដាសម្រាប់គោរពបូជាដល់ព្រះបាលចេញពីវិហារព្រះយេហូវ៉ា។ ស្ដេចក៏ឲ្យគេយកប្រដាប់ប្រដាសម្រាប់គោរពបូជាដល់បង្គោលឈើពិសិដ្ឋ*+ និងផ្កាយទាំងឡាយ ចេញពីវិហារដែរ។ រួចមក គាត់ដុតប្រដាប់ប្រដាទាំងនោះនៅជ្រលងគីដ្រុន ខាងក្រៅក្រុងយេរូសាឡិម ហើយគាត់ក៏យកផេះទៅក្រុងបេតអែល។+ ៥ គាត់បានបណ្ដេញពួកសង្ឃនៃព្រះមិនពិតចេញ ហើយមិនឲ្យបម្រើនៅទីនោះទៀត គឺពួកសង្ឃដែលបណ្ដាស្ដេចស្រុកយូដាបានតែងតាំងឲ្យដុតគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅទីខ្ពស់ពិសិដ្ឋទាំងប៉ុន្មានក្នុងស្រុកយូដា និងតំបន់ជុំវិញក្រុងយេរូសាឡិម។ គាត់ក៏បណ្ដេញពួកសង្ឃដែលដុតគ្រឿងបូជាឲ្យផ្សែងហុយឡើងជូនព្រះបាល ព្រះអាទិត្យ ព្រះចន្ទ កញ្ចុំផ្កាយ និងផ្កាយទាំងឡាយផងដែរ។+ ៦ ស្ដេចបានយកបង្គោលឈើពិសិដ្ឋ*+ចេញពីវិហារព្រះយេហូវ៉ា ហើយយកទៅដុតចោល+នៅជ្រលងគីដ្រុន ខាងក្រៅក្រុងយេរូសាឡិម។ បន្ទាប់មក គាត់ក៏យកទៅកិនឲ្យហ្មត់ រួចយកទៅបាចលើផ្នូររបស់បណ្ដាជន។+ ៧ ម្យ៉ាងទៀត គាត់បានបំផ្លាញកន្លែងរស់នៅរបស់ពួកបុរសដែលបម្រើបុរសឯទៀតខាងផ្លូវភេទ+ ចេញអស់ពីវិហារព្រះយេហូវ៉ា។ កន្លែងទាំងនោះក៏ជាកន្លែងដែលពួកស្ត្រីត្បាញក្រណាត់ធ្វើខ្ទមតូចៗសម្រាប់គោរពបូជាដល់បង្គោលឈើពិសិដ្ឋ។*
៨ បន្ទាប់មក ស្ដេចបានកោះហៅសង្ឃទាំងអស់ពីក្រុងនានាក្នុងស្រុកយូដា។ គាត់បានបន្ទាបបន្ថោកទីខ្ពស់ពិសិដ្ឋរបស់ពួកគេ ជាកន្លែងដែលពួកសង្ឃធ្លាប់ដុតគ្រឿងបូជាឲ្យផ្សែងហុយឡើង គឺចាប់ពីក្រុងកេបា+រហូតដល់បៀរសេបា។+ ដូច្នេះ គេមិនអាចគោរពបូជានៅទីនោះទៀតបានឡើយ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានបំផ្លាញទីខ្ពស់ពិសិដ្ឋដែលនៅខ្លោងទ្វាររបស់យ៉ូស្វេជាចៅហ្វាយក្រុង (ពេលចូលខ្លោងទ្វារ ឃើញទីខ្ពស់នោះនៅខាងឆ្វេងដៃ)។ ៩ រីឯពួកសង្ឃដែលធ្លាប់បម្រើនៅទីខ្ពស់ពិសិដ្ឋវិញ ពួកគេមិនបានបម្រើនៅទីបូជារបស់ព្រះយេហូវ៉ាក្នុងក្រុងយេរូសាឡិមឡើយ។+ ទោះជាយ៉ាងនោះក៏ដោយ ពួកគេអាចបរិភោគនំប៉័ងឥតដំបែជាមួយនឹងសង្ឃឯទៀតបាន។ ១០ បន្ថែមទៅទៀត ស្ដេចបានបន្ទាបបន្ថោកតូផែត+ ដែលជាកន្លែងគោរពបូជានៅជ្រលងហ៊ីណំ*+ ដើម្បីកុំឲ្យគេអាចដុតកូនប្រុសកូនស្រីខ្លួនជូនជាគ្រឿងបូជាដល់ព្រះម៉ូឡេកទៀត។+ ១១ ចំណែកឯសេះដែលបណ្ដាស្ដេចស្រុកយូដាធ្លាប់ប្រើសម្រាប់គោរពបូជាដល់ព្រះអាទិត្យ គាត់បានហាមមិនឲ្យគេដឹកចូលក្នុងវិហារព្រះយេហូវ៉ា ដោយកាត់តាមល្វែងវិហារឆ្លងកាត់បន្ទប់*ណាថានមេលេកដែលជាមន្ត្រីជាន់ខ្ពស់។ ពេលនោះ គាត់ក៏បានដុតបំផ្លាញរទេះសម្រាប់គោរពបូជាដល់ព្រះអាទិត្យដែរ។+ ១២ ម្យ៉ាងទៀត ស្ដេចបានបំផ្លាញទីបូជាផ្សេងៗដែលបណ្ដាស្ដេចស្រុកយូដាបានសង់លើដំបូល+បន្ទប់ខាងលើរបស់អេហាស។ គាត់ក៏បានបំផ្លាញទីបូជាដែលម៉ាណាសេបានសង់នៅទីធ្លាទាំងពីរក្នុងវិហារព្រះយេហូវ៉ាដែរ។+ គាត់បំផ្លាញទីបូជាទាំងនោះឲ្យខ្ទេចខ្ទី ហើយយកកម្ទេចទៅបោះចោលនៅជ្រលងគីដ្រុន។ ១៣ គាត់ក៏បានបន្ទាបបន្ថោកទីខ្ពស់ពិសិដ្ឋដែលនៅទល់មុខនឹងក្រុងយេរូសាឡិមដែរ។ ទីខ្ពស់ទាំងនោះនៅប៉ែកខាងត្បូងភ្នំដើមអូលីវ គឺជាទីខ្ពស់ពិសិដ្ឋដែលសាឡូម៉ូនជាស្ដេចស្រុកអ៊ីស្រាអែលបានសង់ជូនព្រះដ៏គួរឲ្យស្អប់ខ្ពើម គឺព្រះនាងអាសថារ៉ូតរបស់ជនជាតិស៊ីដូន ព្រះកេម៉ូសរបស់ជនជាតិម៉ូអាប់ និងព្រះមីលខម+របស់ជនជាតិអាំម៉ូន។+ ១៤ គាត់ក៏បានបំបាក់បំបែកបង្គោលឈើពិសិដ្ឋ*+និងបង្គោលថ្មពិសិដ្ឋ ហើយយកឆ្អឹងមនុស្សទៅដាក់ពេញនៅទីនោះ។ ១៥ លើសពីនោះ គាត់បានផ្ដួលរំលំទីបូជានៅក្រុងបេតអែល ហើយបំផ្លាញទីខ្ពស់ពិសិដ្ឋដែលយេរ៉ូបោមជាកូនណេបាតបានសង់ ជាអ្វីដែលនាំឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តអំពើខុសឆ្គង។+ រួចមក គាត់បានដុតបំផ្លាញទីខ្ពស់ពិសិដ្ឋនិងបង្គោលឈើពិសិដ្ឋ* ឲ្យទៅជាផេះ។+
១៦ នៅពេលនោះ យ៉ូសៀសបានបែរទៅឃើញកន្លែងបញ្ចុះសពនៅលើភ្នំ ដូច្នេះគាត់ក៏បង្គាប់គេឲ្យយកឆ្អឹងខ្មោចពីទីនោះទៅដុតលើទីបូជា។ ហេតុនេះ ទីបូជានោះលែងពិសិដ្ឋសម្រាប់ការគោរពបូជាតទៅទៀត។ ហេតុការណ៍នេះបានកើតឡើង ដូចព្រះយេហូវ៉ាបានប្រកាសទុកជាមុន តាមរយៈតំណាងលោក។+ ១៧ ពេលនោះ ស្ដេចបានសួរពួកអ្នកក្រុងថា៖ «តើនោះជាផ្នូររបស់អ្នកណា?»។ ពួកគេឆ្លើយថា៖ «នោះជាផ្នូររបស់បុរសតំណាងព្រះពិតដែលមកពីស្រុកយូដា+ ជាអ្នកប្រកាសទុកជាមុន អំពីអ្វីដែលលោកបានធ្វើចំពោះទីបូជានៅក្រុងបេតអែលនេះ»។ ១៨ ដូច្នេះ គាត់និយាយថា៖ «ចូរទុកផ្នូរនេះចុះ កុំប៉ះពាល់ឆ្អឹងគាត់ឡើយ»។ ហេតុនេះ ពួកគេមិនបានប៉ះពាល់ឆ្អឹងគាត់ទេ ព្រមទាំងឆ្អឹងរបស់អ្នកប្រកាសទំនាយដែលមកពីស្រុកសាម៉ារី។+
១៩ បន្ថែមទៅទៀត ដូចអ្វីដែលគាត់បានធ្វើនៅក្រុងបេតអែល គាត់ក៏បានធ្វើនៅក្រុងទាំងឡាយក្នុងស្រុកសាម៉ារីដែរ+ គឺគាត់បានបំផ្លាញវិហារនៅលើទីខ្ពស់ពិសិដ្ឋនានា ជាកន្លែងដែលបណ្ដាស្ដេចស្រុកអ៊ីស្រាអែលបានសង់ ដែលជាហេតុធ្វើឲ្យព្រះមានសេចក្ដីក្រោធជាខ្លាំង។+ ២០ ឯពួកសង្ឃដែលបម្រើនៅទីខ្ពស់ពិសិដ្ឋ គាត់បានសម្លាប់ពួកគេនៅលើទីបូជាទាំងនោះទៅ។ គាត់ក៏ដុតឆ្អឹងមនុស្សនៅលើទីបូជាទាំងនោះដែរ។+ ក្រោយមក គាត់វិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ។
២១ បន្ទាប់មក ស្ដេចបានបង្គាប់បណ្ដាជនទាំងអស់ថា៖ «ចូរធ្វើបុណ្យរំលង+ជូនព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ដូចដែលបានត្រូវកត់ទុកក្នុងសៀវភៅនៃកិច្ចព្រមព្រៀងនេះ»។+ ២២ តាំងពីគ្រាពួកអ្នកសម្រេចក្ដីលើស្រុកអ៊ីស្រាអែល រហូតដល់គ្រាស្ដេចស្រុកអ៊ីស្រាអែលនិងគ្រាស្ដេចស្រុកយូដា មិនដែលមានបុណ្យរំលងណាដូចបុណ្យរំលងនេះឡើយ។+ ២៣ នៅឆ្នាំទី១៨ក្នុងរាជ្យយ៉ូសៀស គេបានធ្វើបុណ្យរំលងជូនព្រះយេហូវ៉ានៅក្រុងយេរូសាឡិម។
២៤ យ៉ូសៀសបានបណ្ដេញគ្រូខាបនិងគ្រូទាយ+ទាំងអស់ចេញពីក្រុងយេរូសាឡិមនិងស្រុកយូដា។ បន្ថែមទៅទៀត គាត់ក៏បានបំផ្លាញរូបសំណាកធេរ៉ាភីម+ រូបព្រះគួរឲ្យខ្ពើមរអើម និងអ្វីៗផ្សេងទៀតដែលគួរឲ្យស្អប់ខ្ពើមដែរ។ គាត់ធ្វើដូច្នេះឲ្យស្របតាមអ្វីដែលបានចែងទុកក្នុងច្បាប់ម៉ូសេ+ ក្នុងសៀវភៅដែលហ៊ីលគីយ៉ាជាសម្ដេចសង្ឃបានរកឃើញក្នុងវិហារព្រះយេហូវ៉ា។+ ២៥ មុននោះ គ្មានស្ដេចណាដូចយ៉ូសៀស ដែលបានបែរមករកព្រះយេហូវ៉ា ដោយអស់ពីកម្លាំងកាយចិត្ត+ តាមគ្រប់ទាំងច្បាប់របស់ម៉ូសេឡើយ ហើយក្រោយគាត់ក៏គ្មានដែរ។
២៦ ទោះជាយ៉ាងនោះក៏ដោយ ព្រះយេហូវ៉ានៅតែមានសេចក្ដីក្រោធជាខ្លាំងចំពោះបណ្ដាជនយូដា ដោយសារអំពើអាក្រក់ទាំងប៉ុន្មានដែលម៉ាណាសេបានប្រព្រឹត្តទាស់នឹងលោក។+ ២៧ ព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ «ខ្ញុំនឹងដកយូដាចេញពីមុខខ្ញុំ+ ដូចខ្ញុំបានដកអ៊ីស្រាអែលដែរ។+ ខ្ញុំនឹងលែងទទួលស្គាល់ក្រុងយេរូសាឡិមជាក្រុងដែលខ្ញុំបានជ្រើសរើស ព្រមទាំងវិហារដែលខ្ញុំធ្លាប់និយាយថា៖ ‹ទីនោះជាតំណាងនាមរបស់ខ្ញុំ›»។+
២៨ រីឯកិច្ចការទាំងប៉ុន្មានដែលយ៉ូសៀសបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកយូដា។ ២៩ ក្នុងរាជ្យយ៉ូសៀស ផារ៉ូណេកូជាស្ដេចស្រុកអេហ្ស៊ីបបានចេញទៅជួយស្ដេចស្រុកអាស៊ីរីនៅក្បែរទន្លេអឺប្រាត។ ពេលនោះ ស្ដេចយ៉ូសៀសបានចេញទៅច្បាំងនឹងផារ៉ូណេកូ។ ពេលផារ៉ូណេកូឃើញយ៉ូសៀស គាត់ក៏សម្លាប់យ៉ូសៀសនៅមេគីដោទៅ។+ ៣០ ក្រោយមក ពួកអ្នកបម្រើយ៉ូសៀសបានដឹកសពគាត់ពីមេគីដោទៅក្រុងយេរូសាឡិម ហើយបញ្ចុះសពគាត់នៅកន្លែងបញ្ចុះសព។ រួចមក បណ្ដាជនបានចាក់ប្រេងតែងតាំង យេហូអាហាសជាកូនឲ្យឡើងធ្វើជាស្ដេចបន្ទាប់ពីឪពុកគាត់។+
៣១ ពេលយេហូអាហាស+គ្រងរាជ្យ គាត់មានអាយុ២៣ឆ្នាំ។ គាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមបានបីខែ។ ម្ដាយរបស់គាត់ឈ្មោះហាមូថល+ជាកូនយេរេមាជាអ្នកក្រុងលិបណា។ ៣២ យេហូអាហាសបានប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត តាមគន្លងរបស់បុព្វបុរសគាត់។+ ៣៣ ក្រោយមក ផារ៉ូណេកូ+បានចាប់គាត់យកទៅដាក់គុកនៅក្រុងរីបឡា+ក្នុងទឹកដីហាម៉ាត ដើម្បីកុំឲ្យគាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមទៀត។ ពេលនោះ ផារ៉ូណេកូបានតម្រូវឲ្យបណ្ដាជនស្រុកយូដាបង់សួយអាករជាប្រាក់ចំនួន១០០ថាលិន* និងមាសចំនួនមួយថាលិន។+ ៣៤ រួចមក ផារ៉ូណេកូតែងតាំងអេលាគីមជាកូនយ៉ូសៀសឲ្យធ្វើជាស្ដេចជំនួសវិញ ហើយក៏ប្ដូរឈ្មោះអេលាគីមទៅជាយេហូយ៉ាគីម។ ចំណែកឯយេហូអាហាសវិញ ផារ៉ូណេកូបាននាំយកទៅស្រុកអេហ្ស៊ីប។+ ក្រោយមក យេហូអាហាសបានស្លាប់នៅទីនោះ។+ ៣៥ យេហូយ៉ាគីមបានបង់សួយអាករជាមាសប្រាក់ដល់ផារ៉ូតាមការទាមទាររបស់គាត់។ ដើម្បីបានប្រាក់គ្រប់គ្រាន់បង់ឲ្យផារ៉ូណេកូ យេហូយ៉ាគីមបានបង្ខំបណ្ដាជនឲ្យបង់ពន្ធតាមតម្លៃដីរបស់ពួកគេរៀងខ្លួន។
៣៦ ពេលយេហូយ៉ាគីម+បានគ្រងរាជ្យ គាត់មានអាយុ២៥ឆ្នាំ។ គាត់គ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល១១ឆ្នាំ។+ ម្ដាយរបស់គាត់ឈ្មោះសេបាយដាជាកូនភេដាយ៉ាជាអ្នកក្រុងរូម៉ា។ ៣៧ យេហូយ៉ាគីមតែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត+ តាមគន្លងរបស់បុព្វបុរសគាត់។+